បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ» អាលេលូយ៉ា!
១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ តាំងពីពេលនេះរហូតតទៅ! |
៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
៨ | ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
៩ | ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ» អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៧
បន្ទរទី២៖ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ ឱ្យគង់នៅខាងស្ដាំព្រះអង្គ អាលេលូយ៉ា!
(បទពាក្យ៧)
១- | ឱប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកតម្កើង | |
អស់ប្រជារាស្រ្តឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
២- | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ ឱ្យគង់នៅខាងស្ដាំព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
បន្ទរទី៣៖ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្សប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក អាលេលូយ៉ា!
១៧ | «បពិត្រព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្ដែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គ ត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ»។ |
១០ | «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ |
១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្សប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,៤-៦)
ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឱ្យយើងមានជីវិតរស់ រួមជាមួយព្រះគ្រីស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។ ព្រះអង្គបានប្រោសយើងឱ្យរស់ឡើងវិញ រួមជាមួយព្រះគ្រីស្តយេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។
បន្ទរ៖ ព្រះជាម្ចាស់យាងឡើងទៅ ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ទូលបង្គំបានសម្ដែងព្រះនាមរបស់ព្រះអង្គឱ្យអស់អ្នក ដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ ទូលបង្គំសូមអង្វរព្រះអង្គឱ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឱ្យមនុស្សលោកឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ទូលបង្គំបានសម្ដែងព្រះនាមរបស់ព្រះអង្គឱ្យអស់អ្នក ដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ ទូលបង្គំសូមអង្វរព្រះអង្គឱ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឱ្យមនុស្សលោកឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងប្រកាសអំពីព្រះគ្រីស្តដែលគង់នៅខាងស្តាំព្រះបិតា ដោយអំណរសប្បាយខាងវិញ្ញាណថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រនៃសិរីរុងរឿង !
ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ ដើម្បីលើកតម្កើងសិរីរុងរឿងនៅស្ថានបរមសុខ សូមព្រះអង្គដកអំពើបាបចេញពីពិភពលោក
—និងសូមស្តារយើងខ្ញុំនូវភាពគ្មានទោស ដែលជារបស់យើងឡើងវិញ មុនពេលយើងធ្លាក់ក្នុងអំពើបាប។ (បន្ទរ)
ព្រះអង្គបានយាងចុះពីស្ថានបរមសុខ មកធ្វើធម្មយាត្រានៃសេចក្តីស្រឡាញ់
—សូមប្រោសឱ្យយើងខ្ញុំដើរតាមផ្លូវដូចគ្នានឹងព្រះអង្គ ដើម្បីចូលទៅកាន់ព្រះភក្រ្តព្រះអង្គ។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំណាម្នាក់ ឃ្លាតចេញឆ្ងាយពីព្រះកាយព្រះអង្គឡើយ។ (បន្ទរ)
កន្លែងដែលព្រះអង្គយាងទៅមុនយើងខ្ញុំក្នុងសិរីរុងរឿង
—សូមឱ្យយើងខ្ញុំដើរតាមព្រះអង្គអស់ពីចិត្ត និងគំនិត។ (បន្ទរ)
បពិត្រព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដ ! យើងខ្ញុំទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអង្គ ប្រៀបដូចជាចៅក្រមរបស់យើង
—សូមឱ្យយើងខ្ញុំមើលឃើញសិរីរុងរឿង និងធម៌មេត្តាករុណារបស់ព្រះអង្គនៅជាមួយមរណបុគ្គលទាំងអស់ផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះបុត្រាយាងឡើងស្ថានបរមសុខ នៅពេលក្រុមសាវ័កកំពុងតែសម្លឹងមើល។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកិត្តិយសដ៏ខ្ពស់ ដោយប្រោសឱ្យព្រះយេស៊ូគង់នៅជាមួយយើងខ្ញុំ ក្នុងពេលដែលយើងខ្ញុំរស់នៅលើផែនដីនេះ និងនៅពេលយើងខ្ញុំនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។