បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់នៅខាងស្តាំព្រះបិតា អាលេលូយ៉ា!
១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឲ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា: «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់នៅខាងស្តាំព្រះបិតា អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៤៧
បន្ទរទី២៖ ព្រះជាម្ចាស់យាងឡើងទៅ ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខអមដោយសំឡេងត្រែ អាលេលូយ៉ា!
(បទកាកគតិ)
២- | ឱជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
ដោយចិត្តរីករាយ | ។ | ||
៣- | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
លើដីទាំងអស់ | ។ | ||
៤- | ព្រះអង្គបង្ក្រាប | គ្រប់ជាតិឱ្យរាប | មកជាចំណុះ |
មិនឱ្យរួចខ្លួន | ជាតិណាមួយសោះ | ស្ម័គ្រចិត្តស្រួលស្រុះ | |
ក្រោមអំណាចយើង | ។ | ||
៥- | ព្រះអង្គជ្រើសរើស | ទឹកដីគ្រប់ទិស | ជាមរតកថ្កើង |
ឱ្យយើងខ្ពស់មុខ | គ្មានអ្វីកើតឡើង | វិសេសរុងរឿង | |
យ៉ាកុបល្អឯក | ។ | ||
៦- | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញារអនេក |
ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក | |
ស្នូរត្រែតន្ត្រី | ។ | ||
៧- | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្ត្រី | |
ថ្វាយព្រះនៃយើង | ។ | ||
៨- | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង | |
ស្មូតកំណាព្យថ្វាយ | ។ | ||
៩- | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ | |
រាស្រ្តបានសុខសាន្ត | ។ | ||
១០- | ពួកមេដឹកនាំ | មកមីរជួបជុំ | ឥតមានខកខាន |
ជាប្រជាជន | វិសុទ្ធថ្កើងថ្កាន | ព្រះដ៏ចំណាន | |
អប្រាហាំថ្លៃ | ។ | ||
ដ្បិតមហាក្សត្រ | ម្ចាស់ផែនដីស្ថិត | ក្រោមម្លប់បារមី | |
អំណាចព្រះម្ចាស់ | ខ្លាំងលើសអ្វីៗ | ក្នុងនាលោកីយ៍ | |
គ្មានអ្វីស្មើផង | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះជាម្ចាស់យាងឡើងទៅ ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខអមដោយសំឡេងត្រែ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
បន្ទរទី៣៖ «ឥឡូវនេះ បុត្រមនុស្សបានសម្ដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ អាលេលូយ៉ា!
១៧ | «បពិត្រព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្ដែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គ ត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ»។ |
១០ | «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ |
១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ «ឥឡូវនេះ បុត្រមនុស្សបានសម្ដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,១៨.២១-២២)
សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ នេះជានិមិត្តរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវទូត ព្រមទាំងវត្ថុស័ក្តិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
បន្ទរ៖ ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រះមហាក្សត្រដែលមានជ័យជម្នះ ! ឱព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងអំណាចចេស្តា ! នៅថ្ងៃនេះ ព្រះអង្គបានយាងឡើងស្ថានបរមសុខប្រកបដោយសិរីរុងរឿង។ សូមកុំបោះបង់ចោលយើងខ្ញុំឱ្យនៅកំព្រាឡើយ តែសូមព្រះអង្គផ្ញើព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះអំណោយតាមព្រះបន្ទូលសន្យានៃព្រះបិតាផង អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ឱព្រះមហាក្សត្រដែលមានជ័យជម្នះ ! ឱព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងអំណាចចេស្តា ! នៅថ្ងៃនេះ ព្រះអង្គបានយាងឡើងស្ថានបរមសុខប្រកបដោយសិរីរុងរឿង។ សូមកុំបោះបង់ចោលយើងខ្ញុំឱ្យនៅកំព្រាឡើយ តែសូមព្រះអង្គផ្ញើព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះអំណោយតាមព្រះបន្ទូលសន្យានៃព្រះបិតាផង អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងប្រកាសអំពីព្រះគ្រីស្ត ដែលគង់នៅខាងស្តាំព្រះបិតា ដោយអំណរសប្បាយខាងវិញ្ញាណថា ៖
បន្ទរ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គជាព្រះមហាក្សត្រនៃសិរីរុងរឿង !
ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ ដើម្បីលើកតម្កើងសិរីរុងរឿងនៅស្ថានបរមសុខ សូមព្រះអង្គដកអំពើបាបចេញពីពិភពលោក
—និងសូមស្តារយើងខ្ញុំនូវភាពគ្មានទោស ដែលជារបស់យើងឡើងវិញ មុនពេលយើងធ្លាក់ក្នុងអំពើបាប។ (បន្ទរ)
ព្រះអង្គបានយាងចុះពីស្ថានបរមសុខ មកធ្វើធម្មយាត្រានៃសេចក្តីស្រឡាញ់
—សូមប្រោសឱ្យយើងខ្ញុំដើរតាមផ្លូវដូចគ្នានឹងព្រះអង្គ ដើម្បីចូលទៅកាន់ព្រះភក្រ្តព្រះអង្គ។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំណាម្នាក់ ឃ្លាតចេញឆ្ងាយពីព្រះកាយព្រះអង្គឡើយ។ (បន្ទរ)
កន្លែងដែលព្រះអង្គយាងទៅមុនយើងខ្ញុំ ក្នុងសិរីរុងរឿង
—សូមឱ្យយើងខ្ញុំដើរតាមព្រះអង្គអស់ពីចិត្ត និងគំនិត។ (បន្ទរ)
បពិត្រព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដ ! យើងខ្ញុំទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអង្គ ប្រៀបដូចជាចៅក្រមរបស់យើង
—សូមឱ្យយើងខ្ញុំមើលឃើញសិរីរុងរឿង និងធម៌មេត្តាករុណារបស់ព្រះអង្គនៅជាមួយមរណបុគ្គលទាំងអស់ផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះបុត្រាយាងឡើងស្ថានបរមសុខ នៅពេលក្រុមសាវ័កកំពុងតែសម្លឹងមើល។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកិត្តិយសដ៏ខ្ពស់ ដោយប្រោសឱ្យព្រះយេស៊ូគង់នៅជាមួយយើងខ្ញុំ ក្នុងពេលដែលយើងខ្ញុំរស់នៅលើផែនដីនេះ និងនៅពេលយើងខ្ញុំនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។