រដូវបុណ្យចម្លង
ថ្ងៃពុធ អាទិត្យទី៦
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៥៧-៦៤
ទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ
បន្ទរ ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
៥៧ | បពិត្រព្រះអម្ចាស់! ទូលបង្គំសូមទូលព្រះអង្គថា ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។ |
៥៨ | ទូលបង្គំខិតខំអស់ពីចិត្ត ឱ្យគាប់ព្រះហឫទ័យព្រះអង្គ សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង ! |
៥៩ | ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។ |
៦០ | ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ ឥតធ្វេសប្រហែសសោះឡើយ។ |
៦១ | មនុស្សអាក្រក់បានធ្វើឱ្យទូលបង្គំជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ។ |
៦២ | នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែការសម្រេចដ៏ត្រឹមត្រូវរបស់ព្រះអង្គ។ |
៦៣ | ទូលបង្គំរួមចិត្តគំនិតជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអ្នកដែលប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ |
៦៤ | បពិត្រព្រះអម្ចាស់! ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមបង្រៀនឱ្យទូលបង្គំស្គាល់វិន័យរបស់ព្រះអង្គ ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៥៥,២-១៥.១៧-២៤
ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត
ព្រះយេស៊ូចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ (មក ១៤,៣៣)។
(ក)
បទពាក្យ ៧
២ | ឱព្រះជាម្ចាស់អើយសូមមេត្តា | សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | |
ដែលខំអង្វរទទូចសុំ | សូមទ្រង់សណ្តាប់កុំគេចចេញ | ។ | |
៣ | ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ | សូមកុំកន្តើយតបមកវិញ | |
ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ | ទុក្ខព្រួយពោរពេញក្នុងអាត្មា | ។ | |
៤ | ពេលឮសម្រែកខ្មាំងសត្រូវ | មនុស្សពាលកំឡៅចិត្តឫស្យា | |
ឱ្យរូបខ្ញុំរងទុក្ខវេទនា | ហើយតាមប្រហារដោយកំហឹង | ។ | |
៥ | ទូលបង្គំតក់ស្លុតពន់ពេកក្រៃ | ញាប់ញ័រភិតភ័យអស់ព្រលឹង | |
ស្រយង់ស្រយុតនៅមិននឹង | ដូចគ្មានព្រលឹងខ្លាចមរណា | ។ | |
៦ | ទូលបង្គំរន្ធត់ពន់ពេកក្រៃ | ដូចជាមានអ្វីផ្តាច់សង្ខារ | |
ព្រឺព្រួចក្នុងចិត្តឥតឧបមា | ដូចមនុស្សជរាឈឺដុនដាប | ។ | |
៧ | ទូលបង្គំតែងនឹកគិតថា | បើខ្ញុំនេះណាប្រែមានស្លាប | |
ខ្ញុំនឹងហោះហើររៀងដរាប | រកទីសម្រាប់ជ្រកលាក់ខ្លួន | ។ | |
៨ | ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយ | ទៅឯទីនាយសំងំពួន | |
ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យ | ក្នុងរហោស្ថានស្មសានស្ងាត់ | ។ | |
៩ | ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយ | មិននៅរៀងអាយទៅឱ្យបាត់ | |
បើទៅឱ្យឆាប់ល្អពេកក្តាត់ | ជៀសឱ្យរួចផុតព្យុះសង្ឃរា | ។ | |
១០ | ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ | សូមជួយកុំឱ្យពួកបច្ចា | |
និយាយស្តាប់បានគ្រប់អាត្មា | ព្រោះតែពួកវាចិត្តអប្រីយ៍ | ។ | |
១១ | ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ | ទាស់ទែងឥតល្ហែមិនដឹងអី | |
អំពើពាលាកាប់ប្រល័យ | សាហាវពេកក្រៃទាំងក្រៅក្នុង | ។ | |
១២ | ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម | រាល់ថ្ងៃខែឆ្នាំមិនរំលង | |
នៅតាមទីផ្សារតាមភូមិផង | ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា | ។ | |
១៣ | ពួកអ្នកដែលតែងជេរតិះដៀល | មិនមែនពួកពាលចិត្តឫស្យា | |
បើវាជាពួកធ្លាប់ផ្តន្ទា | នោះខ្ញុំពាំងវាជាមិនខាន | ។ | |
១៤ | គឺឯងធ្លាប់នៅជាមួយខ្ញុំ | ធ្លាប់នៅជួបជុំសែនសុខសាន្ត | |
ជាអ្នកជិតស្និទ្ធឥតរំខាន | ជាមិត្តកល្យាណធ្លាប់ស្ម័គ្រស្មោះ | ។ | |
១៥ | យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា | គ្រប់ពេលវេលាមិនទំនាស់ | |
ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ | វិសុទ្ធពេកណាស់ក្នុងដំណាក់ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
១៧ | រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។ |
១៨ | ខ្ញុំតប់ប្រមល់ ស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំហើយ។ |
១៩ | ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្តី ក៏ព្រះអង្គរំដោះខ្ញុំឱ្យបានរួចជីវិតដែរ។ |
២០ | ព្រះជាម្ចាស់គ្រងរាជ្យតាំងពីដើមរៀងមក សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ហើយបំបាក់មុខពួកគេទៅ! អ្នកទាំងនោះមិនដូរគំនិតទេ ពួកគេក៏មិនគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។ |
២១ | អ្នកនោះតែងតែវាយប្រហារមិត្តសម្លាញ់ ហើយបំពានលើពាក្យសន្យារបស់ខ្លួនទៀតផង។ |
២២ | ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។ |
២៣ | ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយគាំទ្រអ្នកជាមិនខាន ព្រះអង្គមិនដែលទុកឱ្យមនុស្សសុចរិតត្រូវបរាជ័យឡើយ។ |
២៤ | ឱព្រះជាម្ចាស់អើយ! សូមធ្វើឱ្យពួកគេធ្លាក់រណ្តៅទៅ! ពួកគេសុទ្ធតែជាឃាតករ និងជនបោកប្រាស់ សូមកុំឱ្យពួកគេអាចរស់បានពាក់កណ្តាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៤,២៤ខ-២៥
យើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១យហ ៥,៥-៦ក
តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រីស្តនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងលោហិតផង។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អភ ៤,២៣-២៤
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះជាអម្ចាស់នៃស្ថានបរមសុខ ! ព្រះអង្គលាក់គម្រោងការដ៏អស្ចារ្យមិនឱ្យអ្នកប្រាជ្ញយល់ តែព្រះអង្គបានសម្តែងឱ្យអ្នកតូចតាចយល់វិញ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ យើងខ្ញុំសូមអង្វរព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!