៥. លោកសូលប្រែចិត្តគំនិត
នៅឆ្នាំ៣៤ នៃគ.ស
«ពេលលោកសូលធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ
ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។
គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖
“សាអ៊ូលអើយ សាអ៊ូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?”។
លោកសូលសួរវិញថា៖ “លោកម្ចាស់អើយ! តើលោកជានរណា?”។
សំឡេងនោះក៏ឆ្លើយឡើងថា៖ “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ។”
រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម
រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។
ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។»
(កក ៩,៣-៩)
លោកសូលដួល ងងឹតភ្នែក និងអត់បាយអត់ទឹក

ក្រុងដាម៉ាស គឺជាទីក្រុង ដែលស្ថិតនៅខាងភាគខាងលិចឆៀងខាងត្បូងនៃប្រទេសស៊ីរីសព្វថ្ងៃ។ ការធ្វើដំណើរដោយថ្មើរជើងមានចម្ងាយប្រវែងប្រមាណ២៧០គីឡូម៉ែត្រ ដោយចំណាយពេលបីថ្ងៃ ដើម្បីធ្វើដំណើរថ្មើរជើងពីទីក្រុងយេរូសាឡឹម។ នៅឆ្នាំ៣៤នៃគ.ស ពេលលោកសូលទទួលបានសិទ្ធិ និងអំណាចក្នុងដៃឱ្យតាមចាប់ក្រុមសាវ័ករបស់ព្រះយេស៊ូនៅទីក្រុងដាម៉ាស លោកបានចេញដំណើរភ្លាមដោយមិនបង្អង់ឡើយ។ ប៉ុន្តែ នៅពេលលោកធ្វើដំណើរជិតដល់ទីក្រុងដាម៉ាស មានព្រឹត្តិការណ៍ដ៏អស្ចារ្យមិននឹកស្មានបានកើតឡើង គឺមានពន្លឺមួយចែងចាំងឱ្យលោកដួល ហើយលោកបានឮសំឡេងព្រះយេស៊ូមានព្រះបន្ទូលមកកាន់លោកដោយផ្ទាល់។ បន្ទាប់មក លោកបានងងឹតភ្នែក និងអត់បាយអត់ទឹកអស់រយៈពេលបីថ្ងៃ។ នៅក្នុងព្រឹត្តិការណ៍តាមផ្លូវជិតក្រុងដាម៉ាសនេះ គឺជាហេតុការណ៍ដ៏សំខាន់បំផុត ដែលបានកែប្រែជីវិតលោកសូលទាំងស្រុង ពីព្រោះជាទីសម្គាល់ឆ្លុះបញ្ចាំងឱ្យដឹងថា បេសកកម្មរបស់លោកសូលដែលតាមកំទេចសាវ័កព្រះយេស៊ូត្រូវទទួលបរាជ័យ ដ្បិតលោកបានបាត់បង់ជំហរ ពិការ និងលែងមានកម្លាំង។ លោកប្រែក្លាយពីមនុស្សម្នាក់ដែលមានអំណាច មានកម្លាំងខ្លាំងពូកែ និងមានឆន្ទៈបម្រើសាសនាយូដាយ៉ាងមោះមុតនោះ បែរទៅជាបាត់បង់ទីពឹង ធ្លាក់ខ្លួនទន់ខ្សោយ និងអស់សង្ឃឹម ពោលគឺលោកកំពុងជួបប្រទះទាំងវិបត្តិផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណនៅក្នុងជីវិត។ ប៉ុន្តែ ព្រះយេស៊ូបានសម្តែងព្រះអង្គឱ្យលោកស្គាល់ និងបានត្រាស់ហៅលោកឱ្យកែប្រែចិត្តគំនិត ហើយស្តាប់តាមព្រះបន្ទូលព្រះអង្គវិញ។ ព្រះយេស៊ូបានចាត់លោកអណាញ៉ាសជាសាវ័កម្នាក់ ដែលបាននិមិត្តឃើញព្រះអង្គឱ្យចូលទៅដាក់ដៃលើលោកសូល ដើម្បីឱ្យមើលឃើញវិញ។ ព្រះយេស៊ូក៏បំភ្លឺឱ្យលោកអណាញ៉ាសដឹងថា ព្រះអង្គជ្រើសរើសលោកសូលឱ្យធ្វើជាគ្រីស្តទូតសម្រាប់ជាតិសាសន៍នានា ហើយលោកត្រូវរងទុក្ខលំបាកជាច្រើនព្រោះតែព្រះនាមរបស់ព្រះអង្គ (កក ៩,១-១៦)។
«”បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ
នៅតាមផ្លូវបងធ្វើដំណើរមកនោះ ព្រះអង្គបានចាត់ខ្ញុំមក
ដើម្បីឱ្យបងអាចមើលឃើញឡើងវិញ និងឱ្យបងបាន
ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ”។
រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល
លោកក៏មើលឃើញឡើងវិញ
លោកក្រោកឡើងទទួលពិធីជ្រមុជទឹក។
បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។
លោកស្នាក់នៅជាមួយពួកសាវ័ក ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។»
(កក ៩,១៧-១៩)
ពិធីដាក់ដៃ ពិធីជ្រមុជទឹក និងការទទួលទានអាហារ ដែលលោកសូលបានទទួលពីលោកអណាញ៉ាស គឺជាពិធីបីដ៏សំខាន់នៅក្នុងគ្រីស្តសាសនា ដែលនៅពេលក្រោយព្រះសហគមន៍បានចាត់ចែងជាអគ្គសញ្ញាបីដ៏សំខាន់ផងដែរ គឺអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ ដើម្បីប្រោសឱ្យក្លាយទៅជាគ្រីស្តបរិស័ទពេញទី។ ពេលលោកសូលបានទទួលពិធីទាំងបីនេះ លោកបានកែប្រែចិត្តគំនិត និងទទួលបទពិសោធជំនឿថ្មីទាំងស្រុង។ ដ្បិតតាមរយៈពិធីទាំងបីនេះ លោកបានទទួលការសង្គ្រោះ ដែលព្រះយេស៊ូគ្រីស្តបានស្រោចស្រង់ ស្តារ និងប្រោសឱ្យលោកបានជាសះស្បើយ មានកម្លាំង និងមានចិត្តគំនិតថ្មី ជាពិសេសក្លាយទៅជាមនុស្សថ្មី ដែលរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធណែនាំ ដូចលោកបានផ្តល់សក្ខីភាពនៅក្នុងលិខិតដែលលោកបានសរសេរ។
ពិធីជ្រមុជទឹក
«យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រីស្ដយេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រីស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឱ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឱ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។»
(រ៉ូម ៦,៣-៤; កាឡ ២,២០; ភល ៣,១០-១១)
ពិធីដាក់ដៃ
«ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្ដយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រីស្ដយេស៊ូ បានរំដោះខ្ញុំឱ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។ ព្រះអង្គធ្វើដូច្នេះ ដើម្បីប្រោសយើងឱ្យសុចរិត ស្របតាមការតម្រូវរបស់វិន័យ គឺចំពោះយើងដែលមិនរស់នៅតាមលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ។ រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោស មេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។»
(រ៉ូម ៨,១-២.៤; កាឡ ៥,២២-២៣)
ពិធីអរព្រះគុណ
«ប្រសិនបើអ្នកណាពិសានំបុ័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ ដូច្នេះ ម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ ដ្បិតអ្នកណាពិសានំបុ័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។»
(១ករ ១១,២៧-២៩)
ឥទ្ធិពលរបស់វិន័យនិងជំនឿ

បន្ទាប់ពីប្រែចិត្តគំនិត លោកសូលតែងតែនឹកចាំអំពីព្រឹត្តិការណ៍នៅតាមផ្លូវជិតក្រុងដាម៉ាសនេះពេញមួយជីវិត។ ដ្បិតលោកបានជួបព្រះយេស៊ូដោយផ្ទាល់នៅក្នុងហេតុការណ៍នោះ។ ព្រះអង្គបានសម្តែងឱ្យលោកមានបទពិសោធអំពីព្រះហឫទ័យមេត្តាករុណា និងសប្បុរស។ ជាក់ស្តែង ព្រះអង្គមិនមែនជាព្រះកាចសាហាវ ដែលធ្វើទារុណកម្ម ឬសងសឹងនោះទេ។ ព្រះយេស៊ូសម្តែងឱ្យលោកដឹងថា ព្រះជាម្ចាស់សម្តែងព្រះពិរោធប្រឆាំងនឹងមនុស្សដោយប្រែចិត្តគំនិតគេក្នុងសេចក្តីស្រឡាញ់ ថ្នាក់ថ្នម និងដោយព្រះហឫទ័យប្រណីសន្តោស មិនមែនបំផ្លិចបំផ្លាញឡើយ។ លោកសូលបានយល់យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តគំនិតអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលបានសម្តែងឱ្យលោកស្គាល់ច្បាស់ក្នុងអង្គព្រះយេស៊ូគ្រីស្ត គឺជាសេចក្តីស្រឡាញ់ដែលពុំអាចមានអ្វីមកបំបែកចេញពីព្រះអង្គបានឡើយ ទោះបីសេចក្ដីស្លាប់ក្តី ជីវិតក្តី (រ៉ូម ៨,៣៩)។ មិនតែប៉ុណ្ណោះ ដោយសារតែសេចក្តីស្រឡាញ់របស់ព្រះគ្រីស្តនេះហើយ ដែលផ្តល់ឱ្យលោកសូលរកឃើញអត្ថន័យថ្មីនៃជីវិត និងបុព្វហេតុនៃការរស់ជាថ្មី ពោលគឺលែងរស់នៅសម្រាប់តែខ្លួនឯងទៀតហើយ គឺរស់នៅសម្រាប់ព្រះអង្គវិញ (២ករ ៤,១៤-១៥)។ នេះគឺជាការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដែលចាប់កំណើតជាមនុស្សក្នុងអង្គព្រះយេស៊ូ ដើម្បីគង់នៅក្នុងមនុស្សដែលមានជំនឿ និងថ្វាយជីវិតលើព្រះអង្គ ដូចព្រះអង្គសម្តែងវត្តមាននៅក្នុងក្រុមសាវ័ក ដែលលោកសូលធ្លាប់តាមបៀតបៀនកាលពីមុន “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន”។ ដូច្នេះ លក្ខណៈពិសេសរបស់ព្រះសហគមន៍ គឺជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។ រីឯគ្រីស្តបរិស័ទ គឺជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (១ករ ៦,១៩)។ នេះជាសេចក្តីដែលលោកសូលបានយល់ច្បាស់នៅក្រោយពេលប្រែចិត្តគំនិត។ ហេតុនេះហើយ បានជាលោកសូលនឹកស្តាយកំហុស ដែលបានបៀតបៀនគ្រីស្តបរិស័ទកាលពីមុន តែទោះបីយ៉ាងណា ការប្រណីសន្ដោសរបស់ព្រះជាម្ចាស់ គឺល្មមគ្រប់គ្រាន់ហើយសម្រាប់លោក (២ករ ១២,៩) ដើម្បីឱ្យលោកធ្វើជាគំរូសម្រាប់អ្នកដទៃ ដូចលោកបានសរសេរបញ្ជាក់ថា៖
«ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ប៉ុន្តែ ព្រះអម្ចាស់នៃយើង មានព្រះហឫទ័យប្រណីសន្ដោសមកលើខ្ញុំច្រើនពន់ប្រមាណ ព្រះអង្គប្រោសឱ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ ពាក្យនេះគួរឱ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រីស្តយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។ ព្រះជាម្ចាស់ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឱ្យព្រះគ្រីស្តយេស៊ូសម្ដែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឱ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។»
(១ធម ១,១៣-១៦)
ការបៀតបៀន និងការប្រែចិត្តគំនិតរបស់លោសូលមានសារៈសំខាន់ ដែលនាំឱ្យលោកយល់ច្បាស់អំពីលក្ខណៈខុសប្លែកពីគ្នារវាងគម្ពីរវិន័យរបស់លោកម៉ូសេ និងអំពីជំនឿលើព្រះយេស៊ូគ្រីស្ដថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យសុចរិត ដោយការប្រព្រឹត្តតាមវិន័យទេ គឺសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រីស្តវិញ (កាឡ ២,១៦; រ៉ូម ៣,២៨)។ ដូច្នេះ ឥទ្ធិពលនៃវិន័យរបស់លោកម៉ូសេ ប្រៀបដូចជាចំហាយកំដៅថ្ងៃដែលចែងចាំងធ្វើឱ្យភ្នែករបស់គាត់ខ្វាក់ តែការកែប្រែចិត្ដគំនិតជឿលើព្រះយេស៊ូគ្រីស្ត ប្រៀបដូចចំហាយទឹកត្រជាក់ ដែលប្រោសឱ្យភ្នែករបស់គាត់មើលឃើញវិញ។ មូលហេតុ ដោយសារតែព្រះយេស៊ូបានបំពេញឱ្យគម្ពីរវិន័យរបស់លោកម៉ូសេទទួលអត្ថន័យពិតប្រាកដ និងពេញលក្ខណៈ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ។ បើមិនដូច្នោះទេ គម្ពីរនេះនៅតែលាក់បាំងអត្ថន័យដដែល ដូចគ្រីស្តទូតប៉ូលបានសរសេរអះអាងនៅក្នុងលិខិត២ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូសថា៖
«មកទល់សព្វថ្ងៃនេះ ពេលគេអានគម្ពីររបស់លោកម៉ូសេ មានស្បៃមួយនៅបាំងចិត្តគេមិនឱ្យយល់ ក៏ប៉ុន្តែ «នៅពេលគេបែរចិត្តគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ» ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះ ក៏មានសេរីភាពដែរ។ យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឱ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។»
(២ករ ៣,១៥-១៨)
នៅមុនពេល លោកសូលប្រែចិត្តគំនិត លោកយល់ថា ខ្លួនជាម្ចាស់លើជីវិតខ្លួនឯង ប៉ុន្តែចាប់ពីពេលលោកប្រែចិត្តគំនិត លោកមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ គឺមានម្នាក់ទៀតដែលដឹកនាំជីវិតរបស់លោក និងជាអ្នកដែលណែនាំលោកឱ្យបំពេញកិច្ចការ គឺព្រះគ្រីស្ត ដូចលោកបានថ្លែងថា៖ «មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ»។ ដូច្នេះ គំរូនៃការប្រែចិត្តគំនិតរបស់លោកសូលញ៉ាំងឱ្យលោកលែងប្រព្រឹត្តតាមវិន័យ និងតាមចិត្តរបស់ខ្លួនឯងទៀតហើយ ពោលគឺមិនមែនខ្លួនទីពឹងខ្លួនទៀតទេ តែត្រូវស្តាប់តាមបង្គាប់ និងតាមគម្រោងការរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តវិញ។ ការកែប្រែចិត្តគំនិតនេះមិនបញ្ចប់ត្រឹមហ្នឹងនោះទេ គឺជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយលោកត្រូវទទួលរងទុក្ខលំបាកគ្រប់យ៉ាង និងរហូតដល់បូជាជីវិតថ្វាយព្រះគ្រីស្ត ដូចលោកស្ទេផាន និងក្រុមសាវ័កដែលលោកធ្លាប់បានបៀតបៀនកាលពីមុនផងដែរ។

