៤. លោកសូលបៀតបៀនក្រុមសាវ័ក
ឆ្នាំ៣៤ នៃគ.ស
កាលពីដើម គ្រីស្តទូតប៉ូលមិនបានស្គាល់ព្រះយេស៊ូផ្ទាល់ទេ លោកគ្រាន់តែឮអ្នកខ្លះប្រកាសថា មានបុរសម្នាក់ឈ្មោះយេស៊ូ ជា “ព្រះគ្រីស្ដ” ជា “ព្រះបុត្រារបស់ព្រះជាម្ចាស់” និងជា “ព្រះអម្ចាស់”។ ដោយលោកប៉ូលកាន់តាមគម្ពីរវិន័យយ៉ាងតឹងរ៉ឹង លោកជំទាស់នឹងពួកគេយ៉ាងខ្លាំង ព្រោះលោកយល់ថាពួកគេប្រមាថព្រះជាម្ចាស់។ ម្យ៉ាងទៀត ចលនារបស់ក្រុមសាវ័កដើមដំបូងដែលជឿលើព្រះយេស៊ូបានចោទជាក្ដីកង្វល់ ដែលនឹងបង្ករគ្រោះថ្នាក់ដល់សាសនាយូដា។ ដ្បិតក្រុមសាវ័ករបស់ព្រះយេស៊ូកំពុងតែជំទាស់ជាមួយនឹងសាសនាយូដា ជាហេតុនាំឱ្យជនជាតិយូដាបៀតបៀនក្រុមសាវ័កយ៉ាងខ្លាំង ជាពិសេស គឺលោកសូល។
«បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ
គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ
ខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត
ហើយខ្ញុំក៏ចង់កម្ទេចព្រះសហគមន៍នេះទៀតផង។
ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ
និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត
ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។»
(កាឡ ១,១៣-១៤)
នៅសម័យព្រះសហគមន៍ដើមដំបូង លោកស្ទេផានគឺជាសាវ័កទីមួយដែលបានក្លាយជាមរណសាក្សីនៃជំនឿដោយសារជនជាតិយូដាបានយកដុំថ្មគប់សម្លាប់។ នៅក្នុងគម្ពីរវិន័យមានចែងអំពីការគប់ដុំថ្មសម្លាប់មនុស្ស គឺជាវិធីសាស្រ្តដាក់ទោសប្រហារជីវិតទៅលើអ្នកទោសដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មតាមទម្រង់ផ្សេងៗដូចជា ការប្រមាថព្រះជាម្ចាស់ ការគោរពព្រះក្លែងក្លាយ និងអំពើផិតក្បត់ជាដើម។ លោកស្ទេផាន គឺជាសមាជិកម្នាក់ក្នុងចំណោមក្រុមទាំងប្រាំពីររូប ដែលក្រុមគ្រីស្តទូតទាំងដប់ពីររូបបានតែងតាំងឱ្យបំពេញមុខងារចែកម្ហូបអាហារប្រចាំថ្ងៃ (កក ៦,១-៧)។ លោកលូការៀបរាប់ឱ្យដឹងថា លោកមានសំនួនវោហារយ៉ាងប៉ិនប្រសប់ ដែលគ្មាននរណាអាចជជែកឈ្នះលោកឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ (កក ៦,១០)។ ក្រុមអ្នកដែលជជែកចាញ់លោកស្ទេផានបាននាំសាក្សីក្លែងក្លាយមកចោទប្រកាន់ថា លោកនិយាយប្រឆាំងនឹងព្រះវិហារ ប្រឆាំងនឹងគម្ពីរវិន័យឥតឈប់ឈរ (កក ៦,១៣)។ ការធ្វើជាសាក្សីក្លែងក្លាយឆ្លុះបញ្ចាំងអំពីការបំពានលើវិន័យដប់ប្រការរបស់លោកម៉ូសេយ៉ាងធ្ងន់ធ្ងរ ដ្បិតប្រការទីប្រាំបីហាមមិនឱ្យធ្វើសាក្សីក្លែងក្លាយនោះទេ។ ក្នុងសាសនាយូដា ការគោរពគម្ពីរវិន័យ និងគោរពថ្វាយបង្គំព្រះជាម្ចាស់ក្នុងព្រះវិហារយេរូសាឡឹម គឺជាស្នូលនៃជំនឿសាសនាយូដា។
វិន័យលោកម៉ូសេ
វិន័យរបស់លោកម៉ូសេក្នុងគម្ពីរសម្ពន្ធមេត្រីទី១ គឺជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឱ្យប្រជាជនអ៊ីស្រាអែលតាមរយៈលោកម៉ូសេ ដើម្បីដឹកនាំពួកគេឱ្យគោរពបម្រើព្រះអង្គ។ វិន័យនេះនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១មាន៦១៣ប្រការ ហើយសង្ខេបនៅសល់១០ប្រការ។ វិន័យ១០ គឺជាវិន័យសកលដែលមានទិសដៅណែនាំមនុស្សឱ្យរស់នៅក្នុងសុខដុមរមនា។ វិន័យ១០ប្រការនេះពង្រួមនៅសល់តែពីរប្រការសំខាន់ជាងគេ ដែលបែងចែកអំពីទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ និងរវាងមនុស្សនឹងមនុស្ស គឺ«ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» (ទត ៦,៥; លវ ១៩,១៨)។ ប៉ុន្តែ នៅក្នុងសម័យព្រះយេស៊ូ ការគោរពគម្ពីរវិន័យរបស់លោកម៉ូសេតឹងតែង និងពិបាកយ៉ាងខ្លាំង ដែលមិនអាចជួយសម្រាលទុក្ខមនុស្សបានឡើយ ហើយក្លាយជាបន្ទុកធ្ងន់ធ្ងរ ដាក់នៅលើស្មារបស់ប្រជាជនថែមទៀតផង។ ហេតុនេះហើយ បានជាព្រះយេស៊ូប្រកាសឱ្យអស់អ្នកដែលមានទុក្ខលំបាក និងមានបន្ទុកធ្ងន់ធ្ងរមករកព្រះអង្គ ដើម្បីទទួលការសង្រ្គោះ៖
«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ!
ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។
ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន
ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ។»
(មថ ១១,២៨-៣០)។
ក្នុងសម័យរបស់ក្រុមគ្រីស្តទូតក៏ដូចគ្នាផងដែរ។ អង្គមហាសន្និបាតក្រុងយេរូសាឡឹមរវាងឆ្នាំ៥១នៃគ.ស ក្រុមគ្រីស្តទូតជជែកគ្នាយ៉ាងខ្លាំងអំពីវិន័យរបស់លោកម៉ូសេ។ គ្រីស្តទូតខ្លះចង់តម្រូវឱ្យសាសន៍ដទៃដែលក្លាយទៅជាគ្រីស្តបរិស័ទ ត្រូវគោរពតាមវិន័យរបស់លោកម៉ូសេ ប៉ុន្តែគ្រីស្តទូតសិលាបានបដិសេធ មិនព្រមយកវិន័យមកដាក់បន្ទុកលើពួកគេឡើយ។ ពោលគឺមិនចាំបាច់ក្លាយទៅជាគ្រីស្តបរិស័ទដោយឆ្លងកាត់ការគោរពប្រតិបត្តិតាមវិន័យយ៉ាងតឹងរ៉ឹងរបស់លោកម៉ូសេនោះទេ។ គ្រីស្តទូតសិលាបានប្រកាសថា៖ «ហេតុដូចម្ដេចបានជាបងប្អូនជំទាស់នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសាវ័កដែរ!» (កក ១៥,១០)។
ព្រះវិហារយេរូសាឡឹម
ព្រះវិហារយេរូសាឡឹម គឺជាទីសក្ការៈ ដ្បិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលគេតម្កល់ហឹបសម្ពន្ធមេត្រី និងជាកន្លែងសម្រាប់ធ្វើពិធីយញ្ញបូជាលាងជម្រះបាប (សូមមើលលេខ៣)។ ប៉ុន្តែ នៅសម័យព្រះយេស៊ូ គេបែរជាយកទីកន្លែងនេះធ្វើផ្សារដើម្បីប្រកបអាជីវកម្ម ជាពិសេសក្លាយទៅជាសំបុកចោរ បណ្តាលទីកន្លែងសក្ការៈក្លាយទៅជាទីសៅហ្មងទៅវិញ។ ដោយសារតែមូលហេតុនេះហើយ ទើបព្រះយេស៊ូយកខ្សែធ្វើរំពាត់ដេញអ្វីៗទាំងអស់ចេញពីទីនោះ ហើយព្រះអង្គថែមទាំងមានព្រះបន្ទូលប្រៀនប្រដៅគេថា៖
«ក្នុងគម្ពីរមានចែងថា
“ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់អធិស្ឋាន
តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!”»
(មថ ២១,១២-១៣; មក ១១,១៥ខ-១៧; លក ១៩,៤៥-៤៦; យហ ២,១៣-១៧)
លោកសូលរួមគំនិតសម្លាប់លោកស្ទេផាន
លោកស្ទេផានបានថ្លែងសន្តរកថាយ៉ាងវែងដោយសង្ខេបអំពីគម្ពីរវិន័យ និងអំពីព្រះវិហារយេរូសាឡឹម។ ក្នុងសន្តរកថានេះឆ្លុះបញ្ចាំងឱ្យដឹងថា ធម្មវិន័យ និងព្រះវិហារយេរូសាឡឹមមានគោលដៅតម្រង់ទៅរកព្រះគ្រីស្ត ដែលយាងមកតាមព្រះបន្ទូលសន្យាដើម្បីសង្គ្រោះមនុស្សលោក (សូមមើលលេខ១)។ ចុងក្រោយ លោកបានពោលពាក្យប្រឆាំងនឹងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលបានចាប់បញ្ចូនព្រះយេស៊ូទៅឱ្យគេធ្វើគុតព្រះអង្គ។ លោកថែមទាំងចោទថា ពួកគេប្រព្រឹត្តដូចបុព្វបុរសរបស់ខ្លួនដែលតែងតែបៀតបៀនក្រុមព្យាការីដូច្នោះដែរ។ ជាពិសេស ពួកគេបានទទួលធម្មវិន័យរបស់ព្រះជាម្ចាស់តាមរយៈទេវទូត តែពុំបានប្រព្រឹត្តតាមសោះឡើយ។ នៅពេលឮដូច្នេះ បណ្តាលឱ្យសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ខឹងក្រេវក្រោធជាខ្លាំង និងសង្កៀតធ្មេញដាក់លោកស្ទេផាន រហូតទ្រាំពុំបានក៏នាំគ្នាចាប់យកលោកទៅគប់ដុំថ្មសម្លាប់តែម្ដង។ ពេលហៀបនឹងស្លាប់ លោកបានអធិដ្ឋានអង្វរព្រះជាម្ចាស់លើកលែងទោសដល់អ្នកដែលយកដុំថ្មគប់សម្លាប់លោក (កក ៦,៨-៧,៦០)។ ព្រឹត្តិការណ៍នោះរំជើបរំជួលយ៉ាងខ្លាំង។ កាលនោះ គ្រីស្តទូតប៉ូលនៅជាយុវជនមានឈ្មោះថាសូលនៅឡើយ ហើយលោកក៏ស្ថិតនៅក្នុងហេតុការណ៍នេះដែរ។ ក្រុមសាក្សីក្លែងក្លាយបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុកនៅក្បែរជើងរបស់លោក ហើយលោកក៏យល់ស្របនឹងការសម្លាប់លោកស្ទេផាននេះដែរ (កក ៧,៥៨-៨,១)។ លោកស្ទេផានបានទទួលមរណៈភាពនៅឆ្នាំ៣៤ នៃគ.ស។ រឿងរបស់គ្រីស្តទូតប៉ូលចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍នៃការសម្លាប់លោកស្ទេផាននេះ។

«នៅពេលគេសម្លាប់លោកស្ទេផាន
ដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ
ហើយបានយល់ស្របជាមួយពួកគេ
ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នក
ដែលប្រហារជីវិតលោកផងដែរ។»
(កក ២២,២០)
នៅក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតដដែលបានរៀបរាប់ឱ្យដឹងបន្ថែមទៀតថា នៅថ្ងៃដែលគេសម្លាប់លោកស្ទេផាន ព្រះសហគមន៍នៅក្រុងយេរូសាឡឹមត្រូវគេបៀតបៀនយ៉ាងខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមគ្រីស្តទូតចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ ប៉ុន្តែ មរណភាពដ៏ហិង្សារបស់លោកស្ទេផាននេះមិនបានធ្វើឱ្យក្រុមសាវ័ករួញរាឡើយ។ ផ្ទុយទៅវិញធ្វើឱ្យពួកគេបែកខ្ញែកគ្នា ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូល (កក ៨,១-៣)។
«រីឯលោកសូលវិញ លោកខំប្រឹងរំលាយព្រះសហគមន៍
ដោយចូលពីផ្ទះមួយទៅផ្ទះមួយ
ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង
និងសម្លាប់សាវ័ករបស់ព្រះអម្ចាស់ជានិច្ច។
គាត់ទៅជួបលោកមហាបូជាចារ្យ
សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស
ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់
ទោះជាប្រុស ឬស្ត្រីក្តី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។»
(កក ៨,៣; ៩,១-២; ២២,៤-៥; ២៦,៩-១២)។
នៅក្នុងអំឡុងពេលនោះ លោកសូលតាមកំចាត់អ្នកដើរតាមមាគ៌ារបស់ព្រះយេស៊ូយ៉ាងស្រួចស្រាល់ជាទីបំផុត ដ្បិតលោកស្អប់ពួកគេយ៉ាងខ្លាំង។ លោកសូលយល់ឃើញថា ក្រុមគណៈតូចដែលមានជំនឿលើព្រះយេស៊ូនេះ គឺជាជំនឿថ្មីដែលប្រាស់ចាកពីជំនឿសាសនាយូដា ហើយថែមទាំងអាចក្លាយទៅជាគ្រោះរបស់សាសនានេះផងដែរ។ ដ្បិតបើសិនជាជំនឿរបស់អ្នកដើរតាមមាគ៌ារបស់ព្រះយេស៊ូពិតជាត្រឹមត្រូវមែន នោះមានន័យថា មេដឹកនាំសាសនាយូដាដែលបានកាត់ទោសប្រហារជីវិតព្រះអង្គបានប្រព្រឹត្តខុស ហើយធ្វើឱ្យខូចកិត្យានុភាពសាសនាយូដាធ្ងន់ធ្ងរ។ លោកសូលប្រាកដជាយល់ច្បាស់ថា លោកយេស៊ូជាអ្នកភូមិណាសារ៉េតដែលស្លាប់នៅលើឈើឆ្កាងយ៉ាងទន់ខ្សោយ និងសែនអាម៉ាស់នេះ គឺជាព្រះគ្រីស្តក្លែងក្លាយ។ រីឯអស់អ្នកដែលជឿលើព្រះគ្រីស្តនេះ គឺជាមនុស្សវង្វេងចេញពីជំនឿសាសនាយូដា។ ហេតុនេះហើយ បានជាលោកសូលត្រូវតែការពារជំនឿសាសនារបស់ខ្លួន និងរបស់បុព្វបុរសជាដាច់ខាត។ មធ្យោបាយដើម្បីទប់ស្កាត់ និងលុបបំបាត់ចលនារបស់គណៈតូចរបស់ព្រះយេស៊ូនេះ គឺត្រូវតែតាមកំចាត់ពួកគេចោលដោយមិនបង្អង់ និងមិនរួញរាឡើយ ទោះបីត្រូវបង់តម្លៃថ្លៃយ៉ាងណាក៏ដោយ។ លោកសូលពិតជាមានឥទ្ធិពលយ៉ាងខ្លាំងរហូតទទួលបានលិខិតអនុញ្ញាតពីក្រុមមេដឹកនាំសាសនាយូដា គឺលោកមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យ ដើម្បីតាមចាប់ក្រុមសាវ័កដែលនៅឯបរទេសយកទៅឃុំឃាំង និងបង្ខំឱ្យពួកគេលះបង់ជំនឿ។ លោកពិតជាមនុស្សដែលកាន់សាសនាយ៉ាងជ្រុលនិយម ដ្បិតលោកបានប្រើអំពើហិង្សាយ៉ាងខ្លាំងរហូតដល់សម្លាប់គ្រីស្តបរិស័ទ។ ត្រង់នេះ លោកប្រព្រឹត្តល្មើសនឹងវិន័យរបស់លោកម៉ូសេ ដែលហាមមិនឱ្យសម្លាប់មនុស្សក្នុងប្រការទីប្រាំក្នុងវិន័យដប់ប្រការ។ ជាពិសេស ទាស់នឹងវិន័យដែលចែងឱ្យស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង។ ប៉ុន្តែ ការបូជាជីវិតជាមរណៈសាក្សីនៃជំនឿរបស់លោកស្ទេផានលើព្រះយេស៊ូ និងការអធិដ្ឋានរបស់លោកនៅមុនពេលផុតដង្ហើម ពិតជាទទួលបានផល ដ្បិតនៅពេលខាងមុខ ព្រះយេស៊ូត្រាស់ហៅលោកសូលឱ្យជំនួសកន្លែងរបស់លោកវិញ។

