៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
«ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ
ហើយខ្ញុំបានទទួលការអប់រំតាមវិន័យនៃបុព្វបុរសរបស់យើង
យ៉ាងតឹងរ៉ឹង ពីសំណាក់លោកកាម៉ាលីអែល។
ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំ
ក៏ជាអ្នកខាងគណៈផារីស៊ីដែរ។»
(កក ២២,៣ខ; ២៣,៦)។
សព្វថ្ងៃ ក្រុងយេរូសាឡឹមស្ថិតក្នុងប្រទេសអ៊ីស្រាអែល។ ក្រុងនេះមានព្រះវិហារយេរូសាឡឹមជាទីសក្ការៈសម្រាប់សាសនាឯកទេវនិយមទាំងបីនៅលើពិភពលោក គឺសាសនាដែលមានជំនឿលើព្រះជាម្ចាស់តែមួយព្រះអង្គ គឺសាសនាយូដា សាសនាគ្រីស្ត និងសាសនាអ៊ីស្លាម។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងលើកទី១ ដោយព្រះបាទសាឡូម៉ូន នៅឆ្នាំ៩៥៧មុនគ.ស ដើម្បីធ្វើជាដំណាក់ថ្វាយព្រះជាម្ចាស់តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ (១ពង្ស ៨,១-៦៦)។ ព្រះវិហារនេះគឺជាទីកន្លែងសម្រាប់ធ្វើពិធីយញ្ញបូជាថ្វាយព្រះជាម្ចាស់តាមសាសនាយូដា និងជាទីកន្លែងសម្រាប់តម្កល់ហឹបសម្ពន្ធមេត្រី។ នៅឆ្នាំ៥៨៧មុនគ.ស កង់ទ័ពបាប៊ីឡូនបានដុតបំផ្លាញព្រះវិហារនេះ ហើយកៀរប្រជាជនយូដាធ្វើជាឈ្លើយនៅក្នុងស្រុកបាប៊ីឡូន។ នៅឆ្នាំ៥១៥ មុនគ.ស ជនជាតិយូដាដែលរួចពីទាសករនៅស្រុកបាប៊ីឡូនបានធ្វើមាតុភូមិនិវត្ត និងបានសាងសង់ព្រះវិហារនេះជាលើកទី២ រហូតដល់ឆ្នាំ៧០ នៃគ.ស កងទ័ពរ៉ូម៉ាំងបានដុតបំផ្លាញព្រះវិហារនេះ ហើយបន្សល់ទុកនូវជញ្ជាំង ដែលគេហៅថា ជញ្ជាំងសំណោករហូតមកដល់សព្វថ្ងៃ។ ប្រជាជនរស់នៅក្នុងទីក្រុងយេរូសាឡឹមក្នុងសម័យគ្រីស្តទូតប៉ូលមានចំនួនប្រមាណ២៥០០០នាក់។ ប្រវត្តិវិទូសម័យបុរាណដ៏ល្បីល្បាញម្នាក់ឈ្មោះ ផ្លាវីយ៉ូស យ៉ូសែប (Flavius Joseph) បានពិពណ៌នាអំពីទីក្រុងយេរូសាឡឹមថា ជាទីក្រុងមួយដែលខុសប្លែកពីទីក្រុងនានា ពីព្រោះទីក្រុងនេះគឺជាមជ្ឈមណ្ឌលរបស់សាសនាយូដានៅក្នុងពិភពលោកទាំងមូល ដោយសារមានព្រះវិហារយេរូសាឡឹមដ៏ស្គឹមស្គៃ និងជាទីដ៏សក្ការៈបំផុតរបស់សាសនានេះ។ ព្រះវិហារនេះទាក់ទាញបូជនីយេសក៍ពីគ្រប់ទិសទីបន្ទាប់ពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
ព្រះពន្លាសម័យលោកម៉ូសេ
ព្រះវិហារយេរូសាឡឹមសម័យស្តេចសាឡូម៉ូន
ព្រះវិហារយេរូសាឡឹមសម័យព្រះយេស៊ូ
នៅរវាងឆ្នាំ១៦៥ មុនគ.ស មានជនជាតិយូដាមួយក្រុមតូចហៅថា គណៈផារីស៊ីបានយកចិត្តទុកដាក់គោរពធម្មវិន័យរបស់លោកម៉ូសេយ៉ាងហ្មតចត់។ ពួកគេចូលចិត្តប្រតិបត្តិតាមប្រពៃណីដូនតា ហើយស្មានថានឹងបានទៅជាមនុស្សសុចរិតដោយការប្រតិបត្តិតាមវិន័យយ៉ាងតឹងរ៉ឹងនេះ។ នៅសម័យព្រះយេស៊ូ និងសម័យគ្រីស្តទូតប៉ូល ក្នុងសាសនាយូដាមានគណៈតូចៗជាច្រើន ដូចជា គណៈផារីស៊ី (Pharisee) គណៈអេសេញ៉ាំង (Essene) គណៈសាឌូស៊ី (Sadducee) និងក្រុមអ្នកជាតិនិយម (Zealot) ដែលមានរបៀបគោរពប្រណិប័តន៍ផ្សេងៗគ្នា។ គណៈផារីស៊ីមានគោលលទ្ធិខុសប្លែកពីគណៈសាឌូស៊ី ពីព្រោះពួកគេជឿថាមនុស្សស្លាប់រស់ឡើង។ ពួកគេមានសមាជិកច្រើន មានសាលារៀន ស្វាគមន៍ជនក្រីក្រ ជួយជនអន្តោប្រវេសន៍ និងមនុស្សចំណូលថ្មីជាដើម។
គ្រីស្តទូតប៉ូលបានបញ្ជាក់ថា លោកគឺជាសាសនិកយូដា ដែលកាន់តាមគណៈផារីស៊ីនេះ ថែមទាំងបានទទួលការអប់រំតាមវិន័យនៃបុព្វបុរសយ៉ាងតឹងរ៉ឹងពីសំណាក់លោក កាម៉ាលីអែល។ ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតបានរៀបរាប់ឱ្យដឹងថា លោកកាម៉ាលីអែលគឺជាបណ្ឌិតខាងវិន័យដែលប្រជាជនគោរពគ្រប់ៗគ្នា និងជាអ្នកប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាជាន់ខ្ពស់[1]មិនឱ្យធ្វើទុក្ខបុកម្នេញលើគ្រីស្តទូតសិលា និងគ្រីស្តទូតយ៉ូហានឡើយ។ លោកគឺជាមនុស្សមានប្រជាប្រិយភាពដែលមានយោបល់ល្អ ហើយគេយល់ស្របតាមទាំងអស់គ្នា។
«មានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះកាម៉ាលីអែល ជាអ្នកបណ្ឌិតខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឱ្យគេនាំក្រុមគ្រីស្ដទូតចេញពីទីនោះមួយស្របក់ រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឱ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឱ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលីអែលទាំងអស់គ្នា។»
(កក ៥,៣៤-៣៩)។
គ្រីស្តទូតប៉ូលគឺជាមនុស្សដែលបានទទួលការអប់រំខ្ពង់ខ្ពស់។ លោកស្គាល់វប្បធម៌បីដ៏សំខាន់នាសម័យនោះគឺ វប្បធម៌ហេប្រឺ វប្បធម៌ក្រិក និងវប្បធម៌រ៉ូម៉ាំង ហើយលោកក៏ចេះនិយាយភាសាអារ៉ាមេអាំងជាភាសាកំណើតផងដែរ។ ដូច្នេះ លោកអាចនិយាយបួនភាសា និងមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ ដែលផ្តល់ឱ្យលោកងាយស្រួលបំពេញកិច្ចការ និងទំនាក់ទំនង។ ផ្ទុយទៅវិញ ក្រុមគ្រីស្តទូតដើមដំបូងមិនបានរៀនសូត្រខ្ពង់ខ្ពស់នោះទេ។ ពីព្រោះ នៅពេលគេចាប់គ្រីស្តទូតសិលា និងយ៉ូហានទៅឱ្យក្រុមប្រឹក្សាជាន់ខ្ពស់វិនិច្ឆ័យទោស ពួកគេងឿងឆ្ងល់យ៉ាងខ្លាំង ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ (កក ៤,១៣)។
————
[1] ក្រុមប្រឹក្សាជាន់ខ្ពស់ គឺជាសភាប្រជាជនយូដាដែលមានភារកិច្ចវិនិច្ឆ័យរឿងខាងសាសនា និងខាងសង្គម។ ក្រុមប្រឹក្សាជាន់ខ្ពស់មានសមាជិក៧២រូប ហើយនាយកបូជាចារ្យធ្វើជាប្រធាន។

