១. ព្រះយេស៊ូគ្រីស្ត

ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហឹម ក្នុងស្រុកយូដា ប្រទេសអ៊ីស្រាអែលសព្វថ្ងៃ។ ព្រះអង្គប្រសូតនៅប្រហែល៣ឆ្នាំមុនគ្រីស្តសករាជ និងបានចាប់ផ្តើមប្រកាសព្រះបន្ទូលព្រះជាម្ចាស់នៅឆ្នាំ២៨នៃគ.ស ក្នុងអំឡុងពេលប្រមាណពីរឆ្នាំកន្លះ។ មេដឹកនាំសាសនាយូជាបានចាប់ព្រះអង្គបញ្ជូនទៅឱ្យអាជ្ញាធររ៉ូម៉ាំងកាត់ទោស ធ្វើទារុណកម្ម និងធ្វើគតព្រះអង្គដោយឆ្កាងលើឈើ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ៣០។ ប៉ុន្តែ ព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ ព្រឹត្តិការណ៍ដែលព្រះយេស៊ូរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបីហៅថា ការអាថ៌កំបាំងនៃបុណ្យចម្លង (PASCHAL MYSTERY) ដែលជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិជំនឿរបស់គ្រីស្តសាសនា។ ជារៀងរាល់ឆ្នាំ ព្រះសហគមន៍ប្រារព្វត្រៃទិវានៃបុណ្យចម្លងដើម្បីនឹករំឭកដល់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនេះ គឺថ្ងៃព្រហស្បតិ៍ពិសិដ្ឋ បុណ្យព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក ថ្ងៃសុក្រពិសិដ្ឋ បុណ្យព្រះអម្ចាស់សោយទិវង្គត និងថ្ងៃសៅរ៍ពិសិដ្ឋ គឺជារាត្រីបុណ្យចម្លង បុណ្យលើកតម្កើងព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ ការអាថ៌កំបាំងនៃបុណ្យចម្លងរបស់ព្រះយេស៊ូកើតឡើងស្របតាមសេចក្តី ដែលព្រះអង្គបានសម្តែងឱ្យក្រុមសាវ័កដឹងនៅពេលព្រះអង្គនៅមានព្រះជន្មក្នុងលោកនេះនៅឡើយ។ នៅពេលព្រះយេស៊ូនៅជាមួយក្រុមសាវ័ក ព្រះអង្គមានព្រះបន្ទូលសួរពួកគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?» លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ។» (មថ ១៦,១៥-១៦; មក ៨,២៩; លក ៩,២០)។ ចម្លើយរបស់លោកស៊ីម៉ូនសិលាចំពោះសំណួររបស់ព្រះយេស៊ូនៅទីនេះ គឺជាការប្រកាសជំនឿឱ្យស្គាល់អំពីអត្តសញ្ញាណដ៏ពិតប្រាកដរបស់ព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលយាងមកស្របតាមសេចក្តីដែលមានថ្លែងទុកពីព្រះអង្គនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១ ទាំងគម្ពីរវិន័យ និងគម្ពីរព្យាការីពិតប្រាកដមែន។
«បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។
ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ
នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។
ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ។»
(មថ ១៦,២១; មក ៨,៣១; លក ៩,២២)។
ដោយឡែក ជនជាតិយូដាដែលមិនជឿលើព្រះយេស៊ូ ក៏ព្រោះតែពួកគេមិនជឿគម្ពីរវិន័យដែរ។ កាលព្រះយេស៊ូនៅមានព្រះជន្មក្នុងលោកនេះនៅឡើយ ព្រះអង្គបានជជែកជាមួយជនជាតិយូដាដោយសម្តែងព្រះអង្គឱ្យពួកគេដឹងថា ព្រះគម្ពីរដែលពួកគេអាន គឺគម្ពីរសម្ពន្ធមេត្រីទី១ធ្វើជាបន្ទាល់ឱ្យព្រះអង្គ។ ប៉ុន្តែ ដោយហេតុពួកគេមិនជឿលើពាក្យដែលលោកម៉ូសេបានសរសេរទុកក្នុងព្រះគម្ពីរស្តីអំពីព្រះអង្គ ទើបពួកគេក៏មិនជឿលើព្រះអង្គដែរ។
«អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថានឹងបានជីវិតអស់កល្បជានិច្ច
ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឱ្យខ្ញុំ។
ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន
ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្ដីអំពីខ្ញុំ
ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ
ធ្វើម្ដេចនឹងឱ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន។»
(យហ ៥,៣៩.៤៦-៤៧)។
នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានធ្វើដំណើររួមជាមួយសាវ័កពីរនាក់ដែលកំពុងតែធ្វើដំណើរទៅភូមិអេម៉ាអ៊ូលទាំងចិត្តសោកសៅ និងអស់សង្ឃឹម តែពួកគេមិនបានស្គាល់ព្រះអង្គទេ។ ពួកគេបានសង្ឃឹមថា ព្រះអង្គនឹងរំដោះជនជាតិអ៊ីស្រាអែលពីខ្មាំងសត្រូវតាមអំណាចនយោបាយ ផ្ទុយទៅវិញ ព្រះអង្គបែរជាបរាជ័យ ដោយសារត្រូវគេឆ្កាង និងសោយព្រះទិវង្គតយ៉ាងអាម៉ាស់ទៅវិញ បណ្តាលឱ្យពួកគេខកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញបានស្តីបន្ទោសពួកគេថា ជាមនុស្សខ្វះប្រាជ្ញា និងមិនងាយជឿលើសេចក្តីទាំងប៉ុន្មានដែលក្រុមព្យាការីបានថ្លែងឡើយ។ ជាពិសេស ពួកគេមិនជឿសេចក្តីដែលព្រះយេស៊ូផ្ទាល់បានថ្លែងថា ព្រះគ្រីស្ដត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ។ នៅទីបំផុត ព្រះអង្គបានបកស្រាយសេចក្ដីដែលមានចែងទុកអំពីអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេរហូតដល់គម្ពីរព្យាការីទាំងអស់ ថែមទាំងធ្វើពិធីកាច់នំប៉័ងនៅចំពោះមុខពួកគេ ទើបពួកគេយល់ និងស្គាល់ព្រះអង្គ ហើយមានចិត្តរំភើបយ៉ាងខ្លាំង (លក ២៤,២៧.៣០-៣២)។ បន្ទាប់មក ព្រះយេស៊ូយាងមកគង់នៅកណ្ដាលចំណោមសាវ័កទាំងអស់ដែលកំពុងតែជួបជុំគ្នា ព្រះអង្គបានបំភ្លឺចិត្តគំនិតគេឱ្យយល់អត្ថន័យគម្ពីរ ដោយព្រះអង្គមានព្រះបន្ទូលថា៖
«ហេតុការណ៍នេះកើតឡើង
ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន
គឺព្រះគ្រីស្ដត្រូវរងទុក្ខលំបាក
ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។»
(លក ២៤,៤៥)

ក្រុមសាវ័កជឿលើព្រះយេស៊ូ នៅពេលដែលព្រឹត្តិការណ៍អាថ៌កំបាំងនៃបុណ្យចម្លងពិតជាបានកើតឡើងស្របតាមព្រះបន្ទូលដែលព្រះអង្គបានសម្តែងឱ្យក្រុមសាវ័កដឹងជាមុន។ ក៏ប៉ុន្តែ មានអ្នកខ្លះក៏នៅមានចិត្តសង្ស័យផងដែរ។ ចំពោះយើងជាគ្រីស្តបរិស័ទ យើងជឿលើព្រះយេស៊ូក៏ព្រោះតែព្រះអង្គបានបំពេញអត្ថន័យស្របតាមព្រះគម្ពីរដែលមានថ្លែងទុកអំពីព្រះអង្គជាមុន នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ពិតប្រាកដមែន។ ដូច្នេះ ដើម្បីស្គាល់ព្រះយេស៊ូគ្រីស្ត លុះត្រាតែយើងស្គាល់ព្រះគម្ពីរ ដូចសន្តយេរ៉ូម (៣៤២-៤២០ នៃគ.ស) ថ្លែងថា៖ «អ្នកណាមិនស្គាល់គម្ពីរទេ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ។»។ ជាពិសេស ត្រូវស្គាល់អំពីព្រះជន្ម អំពីព្រះបន្ទូល និងអំពីកិច្ចការដែលព្រះអង្គបានប្រព្រឹត្តនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី។ ដ្បិតក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីទាំងមូលចែងអំពីព្រះអង្គ ដែលជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិជំនឿគ្រីស្តសាសនា។ កណ្ឌគម្ពីរដំណឹងល្អទាំងបួន គឺម៉ាថាយ ម៉ាកុស លូកា យ៉ូហាន និងកិច្ចការគ្រីស្តទូតជំពូក១ ខ១ដល់ខ៨ មានកត់ត្រាទុកអំពីព្រះជន្មរបស់ព្រះយេស៊ូនៅក្នុងលោកនេះ តាំងពីព្រះអង្គប្រសូតរហូតដល់ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ និងនៅពេលព្រះជាម្ចាស់លើព្រះអង្គឡើង។ បន្ទាប់មក ព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធលើក្រុមគ្រីស្តទូត ហើយចាត់ពួកគេឱ្យទៅធ្វើសាក្សីនៅក្រុងយេរូសាឡឹម ស្រុកយូដាទាំងមូល ស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
ក្រោយពេលក្រុមគ្រីស្តទូតបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ គ្រីស្តទូតសិលាក្នុងឋានៈជាប្រធានបានថ្លែងសន្ដរកថាជាសាធារណៈឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងច្បាស់ថា៖
«លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង
ព្រះជាម្ចាស់បានតែងតាំងលោកឡើង
ជាព្រះអម្ចាស់ និងជាព្រះគ្រីស្ដហើយ។»
(កក ២,៣៦)។
សេចក្ដីប្រកាសនេះ គឺជាគ្រឹះនៃជំនឿរបស់ក្រុមគ្រីស្តទូតអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូជាព្រះគ្រីស្ដពិតប្រាកដ នៅក្រោយពេលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ សាវ័កដើមដំបូងតែងចងចាំ និងប្រកាសអំពីព្រឹត្តិការណ៍អាថ៌កំបាំងនៃបុណ្យចម្លង ដែលជាគោលគ្រឹះនៃជំនឿនេះជានិច្ច។ ក្នុងភាសាក្រិក គេប្រើពាក្យគន្លឹះ (គេរីម៉ា KÉRYGMA) មានន័យថា ការប្រកាសឱ្យលាន់ឮឡើង។ គេតែងតែប្រើពាក្យនេះក្នុងបរិបទនៃការប្រកាសជំនឿ នៅក្នុងសម័យព្រះសហគមន៍ដើមដំបូង ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីដ៏សំខាន់ក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលហូរមកពីក្រុមគ្រីស្តទូតជាអ្នកប្រកាស និងជាអ្នកបញ្ជូនបន្តដល់អស់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ។ ក្នុងលិខិតទី១ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស គ្រីស្តទូតប៉ូលបានសរសេរបញ្ជាក់អំពីសេចក្តីដែលក្រុមគ្រីស្តទូតបានជម្រាបជូននូវគោលលទ្ធិគ្រឹះនៃជំនឿដល់លោកផងដែរថា៖
«បងប្អូនអើយ
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល
គឺថាព្រះគ្រីស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើងស្របតាមគម្ពីរ។
គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ
ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបីស្របតាមគម្ពីរ។»
(១ករ ១៥,៣-៤)។
ក្នុងធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្តទូត និងធម៌ប្រកាសជំនឿក្នុងអង្គមហាសន្និបាតនានា ដែលគ្រីស្តបរិស័ទសូត្រក្នុងអភិបូជារៀងរាល់ថ្ងៃអាទិត្យ គឺយោងតាមឃ្លាព្រះគម្ពីរខាងលើនេះ។ តាមរយៈឃ្លាព្រះគម្ពីរនេះ គ្រីស្តទូតប៉ូលរម្លឹកសេចក្តីសង្ខេបនៃលទ្ធិជំនឿរបស់ព្រះសហគមន៍ គឺលោកប្រកាសសេចក្តីដែលលោកបានទទួលពីក្រុមគ្រីស្ដទូតមក មិនមែនលោកប្រឌិតឡើងដោយខ្លួនឯងនោះទេ។ គ្រីស្ដទូតប៉ូលជម្រាបសេចក្តីដែលសាវ័កមុនៗបានទទួលពីព្រះយេស៊ូ ដ្បិតព្រះអង្គផ្ទាល់ថ្លែងតែសេចក្តីណាដែលទ្រង់ព្រះសណ្ដាប់ឮពីព្រះបិតាមក (យហ ៨,២៦-២៩; ១២,៤៨-៥០)។
.jpg)
តាមប្រពៃណីព្រះសហគមន៍ហៅការជម្រាបជូននេះថា ការបញ្ជូនបន្ត (Traditio) តាមភាសាឡាតាំង និងពាក្យ (Tradition) ក្នុងភាសាអង់គ្លេស។ ពាក្យបញ្ជូនបន្តនេះមានពីរប្រភេទ គឺការបញ្ជូនបន្ដផ្ទាល់មាត់ (Oral Tradition) ដែលក្រុមសាវ័កដើមដំបូងជម្រាបជូនពីមាត់មួយទៅត្រចៀកមួយក្នុងសម័យដែលពុំទាន់មានគម្ពីរសម្ពន្ធមេត្រីថ្មីនៅឡើយ។ បន្ទាប់មក គេបានសរសេរជាលាយលក្ខណ៍អក្សរក្រោមកិច្ចអន្តរាគមន៍របស់ព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីបញ្ជូនបន្តពីមួយជំនាន់ទៅមួយជំនាន់គ្រប់សម័យកាលទាំងអស់។ គេហៅថាការបញ្ជូនបន្ដបែបនេះថា សំណេរបញ្ជូនបន្ដ (Written Tradition)។ ចុងក្រោយ ព្រះសហគមន៍បានប្រមែប្រមូលចងក្រងជាកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី។ ហេតុនេះ ការបញ្ជូនបន្តផ្ទាល់មាត់ និងការគោរពប្រណិប័តន៍របស់គ្រីស្ដបរិស័ទដើមដំបូងបានដើរតួនាទីជាចម្បង មុននឹងមានសំណេរកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មីកើតឡើង។ លិខិតទាំងអស់របស់គ្រីស្តទូតប៉ូល គឺជាសំណេរដែលបានសរសេរមុនគេបង្អស់ក្នុងគម្ពីសម្ពន្ធមេត្រីថ្មី។ ដោយសារតែសំណេរបញ្ជូនបន្ដទាំងអស់នេះហើយ ទើបខ្លឹមសារនៃដំណឹងល្អបានមកដល់យើង ដើម្បីឱ្យយើងជឿសម្រាប់ការសង្គ្រោះដែលជាទីដៅនៃជីវិតរបស់យើង និងដល់វេនដែលយើងត្រូវបញ្ជូនបន្តដល់មនុស្សគ្រប់ជំនាន់ ដើម្បីឱ្យពួកគេបានជឿ និងបានទទួលការសង្គ្រោះផងដែរ។
នៅពេលអានគម្ពីរ យើងនឹងជួបសាក្សីជាច្រើន គឺអ្នកនិពន្ធ កវី អ្នកប្រាជ្ញ អ្នកប្រកាសដំណឹងល្អ គ្រីស្តទូត មរណសាក្សី និងសន្តសន្តីបុគ្គលជាដើម ដែលសុទ្ធតែជាសាក្សីរបស់ព្រះជាម្ចាស់ ជាសាក្សីនៃព្រះបន្ទូលរបស់ព្រះអង្គ និងជាសាក្សីអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សគ្រប់ៗរូប ដូចព្រះអង្គបានសម្តែងឱ្យយើងដឹងតាមរយៈព្រះយេស៊ូ ជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងជាព្រះអម្ចាស់។
«ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឱ្យយើងយ៉ាងនេះទៅហើយ
យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង
និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ
តាមព្រះអម្ចាស់ដាក់ឱ្យយើងរត់។ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ
ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ។
ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ
ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។
ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាប
ដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ
ដើម្បីកុំឱ្យបងប្អូននឿយណាយ បាក់ទឹកចិត្តឡើយ។»
(ហប ១២,១-៣)។