ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ​ ទ្រង់គ្រប់លក្ខណ៍យ៉ាង​ណា​ សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ​ (មថ ៥,៤៨)។

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត​ ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
១០ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់​
១១គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
១២ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ​
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
១៣គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត​ ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។
១៤សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!​
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ​
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។​

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។

(ក)

(បទពាក្យ ៧)​

២-ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំសូមពឹងហើយលើព្រះអង្គ
សង្គ្រោះរំដោះនិងទ្រទ្រង់រួចពីអន្លង់អ្នកបៀតបៀន
៣-ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំដោយស្រេកឃ្លាន
នោះគ្មាននរណាអាចនឹងហ៊ានរំដោះឱ្យបានរួចជីវិត
៤-ឱព្រះអម្ចាស់ទូលបង្គំប្រសិនបើខ្ញុំបានប្រព្រឹត្ត
ដូចពាក្យគេថាដោយគ្មានគិតប្រឡាក់ដាមដិតក្តីកខ្វក់
៥-ប្រសិនបើទូលបង្គំបានប្រព្រឹត្តសាមាន្យចិត្តអាក្រក់
តបនឹងមិត្តភក្តិដោយគំរក់រឹបអូសលួចឆក់យកទ្រព្យា
៦-សូមឱ្យសត្រូវខ្មាំងដេញទាន់និងឱ្យគេជាន់ឈ្លីប្រហារ
ព្រមទាំងកិត្តិយសខ្ញុំនេះណាទម្លាក់អាត្មាក្នុងភក់ចុះ
៧-ឱព្រះអម្ចាស់សូមតើនឡើងពិរោធឱ្យប៉ើងតបចំពោះ
អំពើឃោរឃៅសត្រូវនោះដ្បិតអង្គសប្បុរសតែងតាំងច្បាប់
៨-សូមឱ្យប្រជាជាតិនានាចោមរោមនាំគ្នាមកត្រងត្រាប់
ជុំវិញព្រះអង្គល្អគួរគាប់លើអស់មនុស្សសព្វសត្វនានា
៩-ព្រះអង្គជាចៅក្រមវិនិច្ឆ័យប្រជាប្រុសស្រីគ្រប់អង្គា
ព្រះអម្ចាស់អើយសូមមេត្តាទូលបង្គំនេះណាអ្នកស្លូតត្រង់
១០-សូមឈប់ធ្វើអំពើទុច្ចរិតជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង
បពិត្រព្រះដ៏សុចរិតថ្កើងសូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

១១ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
១២ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែដាក់ទោស អ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
១៣មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
១៤គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
១៦អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
១៧អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) វវ ១,១៧-១៨

ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដីស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កូឡ ២,៩.១២

ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រីស្ត។ ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្តឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ២,៨.១១

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​មាន​ជីវិត​រស់រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គជាប្រភពនៃជីវិតគ្រប់បែបយ៉ាង ហើយប្រទានសញ្ញាសម្គាល់នានាឱ្យមនុស្សលោកបានស្គាល់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំជាប់ចិត្តនឹងព្រះអង្គជានិច្ច កុំឱ្យយើងខ្ញុំយកទ្រព្យសម្បត្តិ ការភ្លើតភ្លើន ឬព្រះក្លែងក្លាយមកគោរពឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

3 Views

Theme: Overlay by Kaira