រដូវបុណ្យចម្លង
ថ្ងៃព្រហស្បតិ៍ អាទិត្យទី៤
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤៤
ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព
ព្រះគ្រីស្តបានរៀនអំពីសិល្បៈនៃសង្រ្គាម នៅពេលព្រះអង្គមានជ័យជម្នះលើលោកិយ ដូចព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានឈ្នះលោកិយនេះហើយ» (សន្តហ៊ីលឡារី)។
បន្ទរទី១ ៖ ព្រះអម្ចាស់ជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!
(ក)
| ១ | សូមលើកតម្កើងព្រះអម្ចាស់ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ |
| ២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោមអំណាចរបស់ខ្ញុំ |
| ៣ | ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? |
| ៤ | មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ |
| ៥ | ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំ ដើម្បីឱ្យមានផ្សែងហុយឡើង។ |
| ៦ | សូមព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ |
| ៧ | សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឱ្យចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។ |
| ៨ | ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!
បន្ទរទី២ ៖ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត អាលេលូយ៉ា!
(ខ)
(បទព្រហ្មគីតិ)
| ៩- | បពិត្រព្រះម្ចាស់អើយ | ខ្ញុំច្រៀងថ្វាយនូវបទថ្មី | |
| និងប្រគុំតន្ត្រី | ពីរោះក្រៃថ្វាយព្រះម្ចាស់ | ។ | |
| ១០- | ព្រះអង្គបានប្រទាន | ឱ្យស្តេចមានជ័យជម្នះ | |
| ព្រះអង្គបានសង្គ្រោះ | ដាវីឌរស់មានសិរី | ។ | |
| ១១- | សូមសង្គ្រោះរំដោះ | ខ្ញុំឱ្យរស់ផុតពីដៃ | |
| ជនបរទេសអប្រីយ៍ | ដែលនិយាយពាក្យមិនពិត | ។ | |
| ១២- | សូមឱ្យកូនប្រុសៗ | យើងទាំងអស់ស្រស់ប្រណីត | |
| លូតលាស់ល្អម៉ងម៉ត់ | ដូចរុក្ខជាតិស្រស់ខៀវខ្ចី | ។ | |
| ឯកូនស្រីសំណព្វ | ល្អគួរគាប់ស្រស់ប្រិមប្រីយ៍ | ||
| ដូចទេពអប្សរស្រី | ល្អប្រពៃស្រស់ផូរផង់ | ។ | |
| ១៣- | សូមឱ្យក្នុងជង្រុក | យើងមានផ្ទុកភោគផលផង | |
| ចៀមក្នុងហ្វូងត្រសង | កើនច្រើនដងរាប់ម៉ឺនពាន់ | ។ | |
| ១៤- | ហ្វូងគោក៏ចម្រើន | មានកូនច្រើនមិនថយអន់ | |
| គ្មានបាត់គ្មានគេប្លន់ | គ្មានអាសន្នតាមទីផ្សារ | ។ | |
| ១៥- | ប្រជាណាទទួល | ពរនិមលដូច្នេះណា | |
| កើតមានក្តីសុខា | មង្គលថ្លាល្អត្រចះ | ។ | |
| ប្រជាណាគោរព | ព្រះម្ចាស់ទុកធ្វើជាព្រះ | ||
| នោះគេនឹងឃើញច្បាស់ | ជួបប្រទះតែមង្គល | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល អាលេលូយ៉ា!
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,១៨.២២)
សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវទូត ព្រមទាំងវត្ថុស័ក្តិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ «ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ ខ្ញុំមក ដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌» អាលេលូយ៉ា!
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ «ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ ខ្ញុំមក ដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌» អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះបិតាបានចាក់គ្រឹះនៃសេចក្តីសង្ឃឹមគ្រប់យ៉ាងរបស់យើង និងគោលការណ៍នៃការរស់ឡើងវិញ ក្នុងអង្គព្រះគ្រីស្ត។ ចូរយើងមានអំណរសប្បាយក្នុងព្រះគ្រីស្ត ហើយស្រែកទូលព្រះអង្គថា ៖
បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !
បពិត្រព្រះយេស៊ូជាអម្ចាស់ ! ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានយាងចូលស្ថានបរមសុខ ដើម្បីថ្វាយព្រះលោហិតផ្ទាល់របស់ព្រះអង្គ ទុកជាយញ្ញបូជា
—សូមព្រះអង្គនាំយើងខ្ញុំចូលទៅក្នុងសិរីរុងរឿងនៃព្រះបិតាផង។ (បន្ទរ)
ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានបញ្ជាក់ជំនឿរបស់ពួកសាវ័ក ហើយផ្ញើពួកគេឱ្យទៅប្រកាសដំណឹងល្អក្នុងពិភពលោក
—សូមព្រះអង្គប្រោសឱ្យអស់លោកអភិបាល លោកបូជាចារ្យ មានចិត្តស្មោះត្រង់ផ្សាយដំណឹងល្អនេះផង។ (បន្ទរ)
ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានក្លាយទៅជាអ្នកសម្រុះ សម្រួល និងជាសេចក្តីសុខសាន្តរបស់យើងខ្ញុំ
—សូមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក ឱ្យទៅជាធ្លុងតែមួយក្នុងជំនឿ និងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ។ (បន្ទរ)
ដោយការរស់ឡើងវិញរបស់ព្រះអង្គ បុរសពិការនៅមុខក្លោងទ្វារព្រះវិហារបានជាសះស្បើយ
—សូមព្រះអង្គទតមើលមកអ្នកជំងឺ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គក្នុងពួកគេផង។ (បន្ទរ)
ព្រះអង្គជាផលដំបូងពីចំណោមមនុស្សស្លាប់ និងជាផលដំបូងនៃការរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យមរណបុគ្គលដែលជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានធម៌មេត្តាករុណា ! ព្រះអង្គចាត់ព្រះយេស៊ូជាព្រះគ្រីស្តឱ្យយាងមកស្របតាមព្រះបន្ទូលសន្យា ដើម្បីប្រោសមនុស្សលោកឱ្យក្រោកឡើង និងមានកិត្តិយសជាបុត្រធីតាព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឱ្យយល់កាន់តែច្បាស់នូវព្រះអំណោយទានដ៏ថ្លៃថ្លានេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
