ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ដូច្នេះ​ សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១២៩ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់
ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។
១៣០ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង
ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។
១៣១ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៣២សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង
ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ
កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។
១៣៤សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
១៣៥សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
១៣៦ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។

(បទពាក្យ ៧)

១-ព្រះម្ចាស់គង់ក្នុងអង្គប្រជុំនៃស្ថានបរមសុខពេកក្រៃ
ទ្រង់តែងតែយាងមកកាត់ក្តីក្នុងចំណោមនៃពួកទេវតា
២-ពេលណាទើបអ្នកឈប់កាត់ក្តីដោយចិត្តអប្រីយ៍ដូច្នេះណា
ឱ្យមនុស្សអាក្រក់ចិត្តឫស្យាឈ្នះគេដល់ទៅពេលណាទៀត
៣-ព្រះម្ចាស់មានព្រះបន្ទូលថាចូររកយុត្តិធម៌កុំរវាត
ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិកូនកំព្រាអត់មានឪម៉ែ
៤-ចូរកុំនៅស្ងៀមចេញរំដោះអ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ
ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែជនអាក្រក់តែងតែធ្វើបាប
៥-តែគេមិនដឹងមិនយល់សោះចិត្តគេទុយ៌សជាដរាប
អំពើយុត្តិធម៌ក៏សូន្យសាបដែលទុកសម្រាប់គ្រឹះផែនដី
៦-យើងនឹងប្រកាសថាអស់អ្នករាល់គ្នាពិតជាក់ជាបុត្រី
បុត្រារបស់ម្ចាស់ផែនដីជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់
៧-តែអ្នកត្រូវស្លាប់ដូចមនុស្សលោកដែលដួកដេកស្តូកពុំអាចរស់
ស្លាប់ដូចជាមនុស្សទូទាំងអស់ដូចអ្នកធំខ្ពស់បាត់តំណែង
៨-ឱព្រះម្ចាស់អើយសូមតើនឡើងវិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង
ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯងជារាស្ត្រឥតក្លែងនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។
ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។
ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ
ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!
អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ?
គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ!
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។
ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) វវ ១,១៧-១៨

ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដីស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កូឡ ២,៩.១២

ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រីស្ត។ ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្តឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ២,៨.១១

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​មាន​ជីវិត​រស់រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណា ! ព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្រ្គោះមនុស្សលោកឱ្យរួចពីបាប។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំជាព្រះសហគមន៍ប្រកាសពីការសង្គ្រោះនេះដល់អ្នកដទៃ។ សូមព្រះអង្គប្រមែ ប្រមូលមនុស្សទាំងអស់ឱ្យទៅជាមហាគ្រួសារតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

34 Views

Theme: Overlay by Kaira