• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ (២សល ៣,៨)។

បន្ទរទី១ ៖ ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្ដែង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គចំពោះ​យើង​ខ្ញុំ​ផង អាលេលូយ៉ា!

បពិត្រព្រះអម្ចាស់ !
ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ តាំងពីដើមរៀងមក។
មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ
ព្រះអង្គជាព្រះជាម្ចាស់ តាំងពីអស់កល្បរៀងមក។
ព្រះអង្គធ្វើឱ្យមនុស្សលោកវិលត្រឡប់ទៅជាធូលីដីវិញ
គឺព្រះអង្គមានព្រះបន្ទូលថា ពូជពង្សរបស់អដាំអើយ! ចូរវិលទៅវិញទៅ! ”
ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ
ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។
ព្រះអង្គដកជីវិតចេញពីមនុស្សលោក
គឺជីវិតរបស់គេប្រៀបបាននឹងការយល់សប្តិប៉ុណ្ណោះ។
ជីវិតរបស់គេប្រៀបបីដូចជាស្មៅ
នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង
នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។
យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ
យើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។
ព្រះអង្គយកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះព្រះភក្ត្រព្រះអង្គ
ពន្លឺរបស់ព្រះអង្គចាំងឱ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
ដោយសារព្រះអង្គព្រះពិរោធ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ
អាយុជីវិតត្រូវចប់ដូចមួយដង្ហើម។
១០អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំប៉ុណ្ណោះ
អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ
ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងជួបតែទុក្ខលំបាក
អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្តីស្លាប់។
១១តើនរណាស្គាល់កម្លាំងនៃព្រះពិរោធរបស់ព្រះអង្គ?
តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាចព្រះអង្គយ៉ាងត្រឹមត្រូវបាន?
១២សូមណែនាំយើងខ្ញុំឱ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា
ដើម្បីឱ្យយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា។
១៣ឱព្រះអម្ចាស់អើយ ! សូមមេត្តាយាងមកវិញ !
តើព្រះអង្គនៅបង្អង់ដល់ណាទៀត ?
សូមអាណិតមេត្តាយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គផង !
១៤សូមសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
ចំពោះយើងខ្ញុំតាំងពីព្រលឹម
នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយអស់មួយជីវិត។
១៥ព្រះអង្គបានធ្វើឱ្យយើងខ្ញុំកើតទុក្ខអស់រយៈពេលយ៉ាងយូរ
យើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានឱ្យយើងខ្ញុំ
មានអំណរសប្បាយច្រើនឆ្នាំយ៉ាងនោះដែរ។
១៦សូមសម្តែងឱ្យយើងខ្ញុំឃើញការសង្គ្រោះរបស់ព្រះអង្គ
សូមសម្តែងឱ្យយើងខ្ញុំឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។
១៧ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ!
សូមសម្តែងសេចក្តីស្រឡាញ់ចំពោះយើងខ្ញុំផង!
សូមពង្រឹងកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ
សូមជួយពង្រឹងកិច្ចការរបស់យើងខ្ញុំបានខ្ជាប់ខ្ជួនរហូតតទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្ដែង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គចំពោះ​យើង​ខ្ញុំ​ផង អាលេលូយ៉ា!

អ្នក​ទាំង​នេះ​ច្រៀង​ចម្រៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក… (វវ ១៤,៣)។

បន្ទរទី២ ៖ យើង​នឹង​ប្ដូរ​ភាព​ងងឹត​ឱ្យ​ទៅ​ជា​ពន្លឺនៅ​មុខ​ពួក​គេ អាលេលូយ៉ា!

(បទពាក្យ ៧)

១០-ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ទាំងអ្នកដែលរស់នៅទីឆ្ងាយ
ផ្លូវទឹកផ្លូវគោកកោះទាំងឡាយតម្កើងម្ចាស់ថ្លៃកុំបង្អង់
១១-អ្នកភូមិក្នុងវាលរហោស្ថានអ្នកក្រុងប៉ុន្មានស្រែករំពង
ទាំងកុលសម្ពន្ធអ្នកភ្នំផងស្រែកឱ្យខ្លាំងឡើងកុំប្រណី
១២-នាំគ្នាតម្កើងសិរីយសរបស់ព្រះម្ចាស់ទាំងយប់ថ្ងៃ
តាមភូមិកៀនកោះជិតឆ្ងាយក្តីតម្កើងម្ចាស់ថ្លៃដោយរីករាយ
១៣-ព្រះម្ចាស់ស្រឡាញ់ប្រជាជនព្រះអង្គពេកពន់មិនជិនណាយ
ពេលដែលទ្រង់យាងចេញទៅឆ្ងាយព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង
ព្រះអង្គយាងចេញយ៉ាងអង់អាចការពារឥតខ្លាចជារនាំង
វាយសម្រុកលើសត្រូវខ្មាំងទទួលបានទាំងជ័យជម្នះ
១៤-ព្រះអង្គមានព្រះបន្ទូលថាយើងចាំវេលាមកយូរណាស់
ឥឡូវដល់ពេលយើងប្រកាសឱ្យបានដឹងច្បាស់ពេលនេះម្តង
១៥-យើងនឹងបំផ្លាញទាំងភ្នំធំភ្នំតូចរលំមិនសល់ផង
រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹងប្រែជាគោករឹងរីងឥតសល់
១៦-មនុស្សខ្វាក់ប្រាកដជាអាចដើរគេធ្វើដំណើរមិនអំពល់
ទៅតាមផ្លូវដែលគេមិនស្គាល់ជាកន្លែងដែលមិនធ្លាប់ដើរ
យើងនឹងធ្វើឱ្យយប់ងងឹតបែរជាភ្លឺពិតយ៉ាងប្រសើរ
ផ្លូវទួលគន្លុកបានរាបស្មើប្រជាជនដើរទៅសុខហោង
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ យើង​នឹង​ប្ដូរ​ភាព​ងងឹត​ឱ្យ​ទៅ​ជា​ពន្លឺនៅ​មុខ​ពួក​គេ អាលេលូយ៉ា!

បងប្អូនជាប្រជារាស្ត្រដែលព្រះជាម្ចាស់ បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ (១សល ២,៩)។

បន្ទរទី៣ ៖ ព្រះអម្ចាស់មានឫទ្ធានុភាពអាចធ្វើអ្វីៗទាំងអស់បាន តាមព្រះហឫទ័យរបស់ព្រះអង្គ អាលេលូយ៉ា!

អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់ !
ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ !
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ !
អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ!
ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ
ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម
ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។
បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់
ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
ព្រះអង្គនាំពពកចេញពីជើងមេឃ
ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់
ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។
ព្រះអង្គប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប
គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។
ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។
១០ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ
១១គឺព្រះបាទស៊ីហុនជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន
និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។
១២ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេឱ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់មានឫទ្ធានុភាពអាចធ្វើអ្វីៗទាំងអស់បាន តាមព្រះហឫទ័យរបស់ព្រះអង្គ អាលេលូយ៉ា!

«ព្រះ‌បន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ»។ ព្រះ‌បន្ទូល​នេះ​ជា​ព្រះ‌បន្ទូល​ស្ដីអំពី​ជំនឿ​ដែល​យើង​ប្រកាស។ ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះយេស៊ូ​ឱ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់ខ្ញុំ អាលេលូយ៉ា!

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់ខ្ញុំ អាលេលូយ៉ា!

សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា ដោយ​ប្រោស​ព្រះ‌យេស៊ូគ្រីស្តឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ចូរយើងទូលអង្វរព្រះអង្គ ដោយមានទំនុកចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមបំភ្លឺចិត្តគំនិតយើងខ្ញុំផង !

ឱព្រះបិតានៃពន្លឺ ! ព្រះអង្គបានធ្វើឱ្យពិភពលោកមានភាពរុងរឿង នៅពេលព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញក្នុងសិរីរុងរឿង
—សូមព្រះអង្គបំពេញចិត្តគំនិតរបស់យើងខ្ញុំ ដោយពន្លឺនៃជំនឿក្នុងថ្ងៃនេះផង។ (បន្ទរ)

ដោយការរស់ឡើងវិញនៃព្រះបុត្រា ព្រះអង្គបានបើកផ្លូវចូលទៅកាន់ជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ
—សូមព្រះអង្គទ្រទ្រង់យើងខ្ញុំជាមួយសេចក្តីសង្ឃឹមនៃសិរីរុងរឿង ដូចយើងខ្ញុំធ្វើការនៅថ្ងៃនេះ។ (បន្ទរ)

ដោយព្រះបុត្រាមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធមកពិភពលោក
—សូមព្រះអង្គដុតភ្លើងនៃសេចក្តីស្រឡាញ់ខាងវិញ្ញាណក្នុងដួងចិត្តយើងខ្ញុំ។ (បន្ទរ)

សូមព្រះយេស៊ូគ្រីស្តដែលត្រូវគេឆ្កាងរំដោះយើងខ្ញុំឱ្យមានសេរីភាព
—សូមព្រះអង្គសង្រ្គោះ និងប្រោសលោះយើងខ្ញុំនៅថ្ងៃនេះផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណា ! ព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្រ្គោះមនុស្សលោកឱ្យរួចពីបាប។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំជាព្រះសហគមន៍ប្រកាសពីការសង្គ្រោះនេះដល់អ្នកដទៃ។ សូមព្រះអង្គប្រមែប្រមូលមនុស្សទាំងអស់ ឱ្យទៅជាមហាគ្រួសារតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

29 Views

Theme: Overlay by Kaira