ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ (ហប ១២,២២)។

បន្ទរទី១ ៖ សូម​ឱ្យ​សេចក្ដី​សុខសាន្ត​របស់​ព្រះគ្រីស្តសោយ​រាជ្យ​នៅ​ក្នុង​ចិត្ត​បងប្អូន អាលេលូយ៉ា!

នៅពេលគេប្រាប់ខ្ញុំថា ៖ យើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់! ខ្ញុំមានអំណរខ្លាំងណាស់។
ឱក្រុងយេរូសាឡឹមអើយ! យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ!
យេរូសាឡឹមអើយ! អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
កុលសម្ពន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
នៅទីនេះ ក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌ដែរ។
ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
សូមឱ្យអស់អ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្តីសុខ
សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។
ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា ៖ សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្តីសុខសាន្ត!
ដោយយល់ដល់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃយើង
ខ្ញុំសូមឱ្យអ្នកបានប្រកបដោយសុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​ឱ្យ​សេចក្ដី​សុខសាន្ត​របស់​ព្រះគ្រីស្តសោយ​រាជ្យ​នៅ​ក្នុង​ចិត្ត​បងប្អូន អាលេលូយ៉ា!

“បុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឱ្យរួចពីបាបរបស់គេ” (មថ ១,២១)។

បន្ទរទី២ ៖ ព្រះអង្គបានលោះយើងខ្ញុំមកថ្វាយព្រះជាម្ចាស់ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ អាលេលូយ៉ា!

(បទពាក្យ ៧)

១-បពិត្រព្រះជាអម្ចាស់អើយទូលបង្គំស្រែកហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
២-សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
៣-បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មមនុស្សស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
៤-ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
៥-ខ្ញុំទុកចិត្តលើព្រះអម្ចាស់ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់មិនឈរមិនឈប់ទេព្រះអង្គ
៦-ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រងរួចផុតទុក្ខផងមួយរាត្រី
៧-ឱអ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
៨-ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអង្គបានលោះយើងខ្ញុំមកថ្វាយព្រះជាម្ចាស់ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ អាលេលូយ៉ា!

បន្ទរទី៣ ៖ ព្រះ‌គ្រីស្ដត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ» អាលេលូយ៉ា!

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌គ្រីស្ដត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ» អាលេលូយ៉ា!

រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះ‌អង្គ​បាន​ជ្រើសរើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា​ក្សត្រ ជា​ជាតិ​សាសន៍​ដ៏‌វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជាម្ចាស់​បាន​យក​មក​ធ្វើជា​កម្ម‌សិទ្ធិផ្ទាល់​របស់​ព្រះ‌អង្គ ដើម្បី​ឱ្យ​បង‌ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​បាន​ហៅ​បង‌ប្អូន​ឱ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺដ៏​រុងរឿង​របស់​ព្រះ‌អង្គ។ ពី​ដើម បង‌ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ ពី​ដើម បង‌ប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ។

បន្ទរ៖ ពួកសាវ័កសប្បាយ​ចិត្ត​ជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ​ថែម​ទៀត​ផង អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ​​ថែម​ទៀត​ផង អាលេលូយ៉ា!

ដោយការរស់ឡើងវិញ ព្រះគ្រីស្តបានបំផ្លាញអំណាចនៃសេចក្តីស្លាប់ និងបានប្រទានជីវិតសាជាថ្មី។ ចូរយើងស្រែករកព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំ !

ព្រះអង្គជាថ្មដែលជាងសំណង់បោះបង់ចោល ហើយបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាថ្មដ៏មានជីវិត ក្នុងព្រះដំណាក់នៃព្រះសហគមន៍របស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គស្មោះត្រង់ និងជាសាក្សីដ៏ពិតប្រាកដ។ ព្រះអង្គជាផលដំបូងពីចំណោមមនុស្សស្លាប់
—សូមប្រោសឱ្យព្រះសហគមន៍ធ្វើជាសាក្សីអំពីព្រះអង្គឥតឈប់ឈរសោះឡើយ។ (បន្ទរ)

ព្រះអង្គតែមួយគត់ជាកូនកំលោះរបស់ព្រះសហគមន៍ ដែលកើតចេញពីស្នាមរបួសត្រង់ឆ្នឹងជំនីរព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំអាចបង្ហាញអំពីសេចក្តីស្រឡាញ់របស់កូនកំលោះ និងកូនក្រមុំ ទៅកាន់ពិភពលោកផង។ (បន្ទរ)

ព្រះអង្គជាដើមដំបូង និងជាចុងក្រោយបំផុត ព្រះអង្គបានស្លាប់ និងមានជីវិតរស់ឡើងវិញ
—សូមព្រះអង្គថែរក្សាអស់អ្នកដែលបានទទួលពិធីជ្រមុជទឹក ឱ្យមានចិត្តស្មោះត្រង់រហូតដល់ថ្ងៃស្លាប់ ដើម្បីពួកគេអាចទទួលមកុដនៃជ័យជម្នះ។ (បន្ទរ)

ព្រះអង្គជាព្រះពន្លឺ និងជាចង្កៀង ដែលបំភ្លឺក្រុងដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
—សូមបំភ្លឺមិត្តសម្លាញ់របស់ព្រះអង្គ ដែលបានស្លាប់ទៅហើយ ដើម្បីឱ្យពួកគេអាចសោយរាជ្យរួមជាមួយព្រះអង្គជារៀងរហូត។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គតែងតាំងព្រះយេស៊ូជាគង្វាលដ៏ប្រសើរ ដែលប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ទៅជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងព្រះអង្គ និងបម្រើអ្នកដទៃតាមគង្វាលដ៏ប្រសើរនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

12 Views

Theme: Overlay by Kaira