ត្រៃទិវានៃបុណ្យចម្លង
ថ្ងៃសៅរ៍ពិសិដ្ឋ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២៦
សេចក្តីសង្ឃឹមលើព្រះជាម្ចាស់
បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន ព្រះអង្គគង់នៅទីនោះក្នុងសេចក្តីសុខសាន្ត។
១ | ពេលព្រះអម្ចាស់នាំអស់អ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ |
២ | យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ |
៣ | ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ |
៤ | ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានឲ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែងមានទឹកហូរឡើងវិញយ៉ាងនោះដែរ។ |
៥ | អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ |
៦ | អ្នកណាយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២៧ (១២៦)
ប្រសិនបើគ្មានព្រះជាម្ចាស់ ការងារដែលយើងប្រឹងធ្វើ គឺគ្មានតម្លៃអ្វីទាំងអស់
បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។
(បទពាក្យ ៧)
១- | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
អ្នកសង់ខំប្រឹងឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ||
បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឲ្យរឹងប៉ឹង | ||
អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងអត់អសារ | ||
២- | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
ខំទាំងលំបាកគ្រប់កាយា | តែឥតបានការផលចំណេញ | ||
ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិន្ទ្រា | ||
៣- | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ||
៤- | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ||
៥- | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស | ||
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
ទំនុកតម្កើងលេខ ១២៨
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)។
១ | អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ ! |
២ | អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន |
៣ | នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នកក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ |
៤ | អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់នឹងទទួលព្រះពរបែបនេះ។ |
៥ | សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម |
៦ | អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកបដោយសេចក្ដីសុខសាន្ត ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន ព្រះអង្គគង់នៅទីនោះក្នុងសេចក្តីសុខសាន្ត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,៨ខ-១០)
ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។ អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។
បន្ទរ៖ ពួកគេបានបញ្ចុះសពព្រះអម្ចាស់ និងបានបិទមាត់ផ្នូរ
—ពួកគេចាត់ចែងទាហានឱ្យទៅយាមផ្នូរនៅទីនោះ។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !