ត្រៃទិវានៃបុណ្យចម្លង
ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២០
ការចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន (រ៉ូម ១២,១២)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។
១ | នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
២ | ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? |
៤ | គឺមានតែទទួលព្រួញរបស់អ្នកចម្បាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ! |
៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ |
៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២១ (១២០)
ព្រះជាម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
(បទពាក្យ ៧)
១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
ថាតើនរណានឹងជួយខ្ញុំ | ឲ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឲ្យជើងអ្នកធ្លោយរងរបួស | |
ករុណាអាសូរជួយសង្គ្រោះ | កុំឲ្យមានគ្រោះឬត្រូវដួល | ។ | |
៤- | ព្រះអង្គដែលថែទាំការពារ | ស្រាអែលគ្រប់គ្នាបានសុខស្រួល | |
ព្រះអង្គសង្គ្រោះមិនឲ្យដួល | ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ | ។ | |
៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
៦- | ព្រះអាទិត្យរះក្នុងពេលថ្ងៃ | មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់ | |
ឯព្រះច័ន្ទចរនៅពេលយប់ | ទុក្ខសោកក៏ឈប់ដល់អ្នកដែរ | ។ | |
៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឲ្យកើតក្បែររូបអ្នកឡើយ | ។ | |
៨- | ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ | អ្វីៗសព្វគ្រប់មិនកន្តើយ | |
កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២២
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធ
បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ (ហប ១២,២២)។
១ | ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ |
២ | ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ ! |
៣ | យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ |
៤ | កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ |
៥ | នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ដ្រ ដោយយុត្តិធម៌ដែរ។ |
៦ | ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះអាចរស់នៅយ៉ាងសុខសាន្ត! |
៧ | សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុងបានប្រកបដោយសេចក្ដីសុខ សូមឲ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។ |
៨ | ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្ដីសុខសាន្ត! |
៩ | ដោយយល់ដល់ព្រះដំណាក់របស់ព្រះជាអម្ចាស់នៃយើង ខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៣,២-៣)
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។ លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។
បន្ទរ៖ យើងខ្ញុំសូមកោតសរសើរព្រះគ្រីស្ត ! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ !
—ព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !