ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

៦៥ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
៦៦សូម​បង្រៀន​ទូល‌បង្គំឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​លើ​វិន័យ​របស់​ព្រះ‌អង្គ។
៦៧ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ហើយ។
៦៨ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ!
៦៩មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូល‌បង្គំ
តែ​ទូល‌បង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើតាមច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។
៧០អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យរបស់​ព្រះ‌អង្គ​ណាស់។
៧១ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូល‌បង្គំអាច​រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
៧២ចំពោះ​ទូល‌បង្គំ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងនេះ បង្ហាញពីទុក្ខលំបាករបស់ព្រះគ្រីស្ត (សន្តយេរ៉ូម)។

(បទព្រហ្មគីតិ)

២-ឱព្រះម្ចាស់ថ្លាថ្លៃសូមប្រណីហើយមេត្តា
មនុស្សច្រើនណាស់ណាវាយប្រហារទូលបង្គំ
៣-ជារៀងរាល់ខែឆ្នាំសត្រូវចាំចងគំនុំ
ដេញវាយប្រហារខ្ញុំធ្វើឫកធំមកប្រយុទ្ធ
៤-ឱព្រះជាម្ចាស់អើយថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ផ្ញើជីវិតលើព្រះអង្គ
៥-ខ្ញុំកោតសរសើរព្រះបន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
៦-ជារៀងរាល់ថ្ងៃខែគេតែងតែតិះដៀលស្តី
ឱរាខ្ញុំរីងរៃមនុស្សចង្រៃតាមផ្តន្ទា
៧-គេឃ្លាំចាំតាមដានមិនដែលខានរាល់វេលា
រកឱកាសផ្តន្ទាចង់ប្រហារខ្ញុំឱ្យក្ស័យ
៩-ព្រះអង្គជ្រាបយ៉ាងច្បាស់ខ្ញុំរងទុក្ខទោសឥតស្បើយ
ទ្រង់ជ្រាបមិនកន្តើយទឹកភ្នែកខ្ញុំរាល់វេលា
១០-ថ្ងៃខ្ញុំស្រែករកព្រះជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នាខ្ញុំដឹងថាព្រះជួយខ្ញុំ
១១-ខ្ញុំកោតខ្លាចខ្លាំងណាស់សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២-ខ្ញុំទុកចិត្តលើព្រះជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យអាចធ្វើអ្វីរូបខ្ញុំបាន?
១៣-ឱព្រះជាម្ចាស់អើយពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មានដែលខ្ញុំបានពោលបែរបន់
១៤-ដ្បិតទ្រង់បានរំដោះខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្នមិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះរកភក្ត្រព្រះដោយសុខសាន្ត
ក្រោមពន្លឺថ្កើងថ្កានបំភ្លឺស្ថានមនុស្សលោក
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

ក្នុងទំនុកតម្កើងនេះ ប្រាប់យើងអំពីទុក្ខលំបាករបស់ព្រះអម្ចាស់ (សន្តអូគូស្ទីន)។

ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ
ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។
សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ
សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។
ឱព្រះជាម្ចាស់អើយ!
សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។
ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។
បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង
ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង!
ចូរពិណ និងឃឹមរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង
១០បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា
១១ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
១២ឱព្រះជាម្ចាស់អើយ!
សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ហប ៤,១៤-១៥

ដោយ​យើង​មាន​មហា​បូជា‌ចារ្យមួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរម‌សុខ គឺ​ព្រះ‌យេស៊ូជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះឲ្យ​បាន​មាំ‌មួន ដ្បិត​យើង​មាន​មហា​បូជា‌ចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះ‌អង្គ​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។

បន្ទរ៖ ព្រះអង្គសព្វព្រះហឫទ័យប្រគល់ព្រះកាយព្រះអង្គ ទុកជាយញ្ញបូជា
—ព្រះអង្គមិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ហប ៧,២៦-២៧

មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូនេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខទៅ​ទៀត។ ព្រះ‌អង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះ‌អង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។

បន្ទរ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង
—លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ហប ៩,១១-១២

រីឯ​ព្រះ‌គ្រីស្ត​វិញ ព្រះ‌អង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះ‌អង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ ព្រះ‌អង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់​កល្ប‌ជានិច្ច​ផង។

បន្ទរ៖ ចូរយើងគោរពថ្វាយបង្គំព្រះឈើឆ្កាង
—យើងខ្ញុំបានទទួលអគ្គសញ្ញានៃការសង្រ្គោះ ដោយសារព្រះឈើឆ្កាង។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! នៅយប់នេះ ព្រះបុត្រាសព្វព្រះហឫទ័យបូជាព្រះជន្មព្រះអង្គ ដើម្បីឲ្យព្រះសហគមន៍ចេះរួមគ្នាថ្វាយសក្ការបូជានៃសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច និងប្រទានជីវិតថ្មីឲ្យយើងខ្ញុំ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គ និងចេះស្រឡាញ់អ្នកដទៃ ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

6 Views

Theme: Overlay by Kaira