ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

៤១ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
៤២សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៤៣សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។
៤៤ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។
៤៥ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។
៤៦ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា
ទូលបង្គំនឹងមិនខ្មាស់ឡើយ។
៤៧ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។
៤៨ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ
ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់
ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។

(ក)

(បទពាក្យ ៧)

២-ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលំអៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
៣-ព្រះអង្គយកខ្ញុំពីរណ្តៅពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ថែទាំទុកដាក់ខ្ញុំរុងរឿង
៤-ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្កើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
៥-មនុស្សណាដែលបានផ្ញើជីវិតលើព្រះមានឫទ្ធិដ៏អង់អាច
មិនបែរគោរពទៅខ្លបខ្លាចព្រះមានអំណាចព្រះបោកប្រាស
៦-បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំព្រះអង្គឧត្តមប្រសើរណាស់
ការអស្ចារ្យទ្រង់ច្រើនដេរដាសជាព្រះសង្គ្រោះមិនបែកបែរ
ព្រះអង្គក៏មានគម្រោងការច្រើនឥតឧបមាឥតងាករេ
គ្មាននរណាស្មើព្រះអង្គទេការអស្ចារ្យទ្វេរាប់មិនអស់
៧-ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតំរិះនៃព្រះអង្គ
៨-ដូច្នេះទូលបង្គំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
៩-ទូលបង្គំពេញចិត្តធ្វើតាមព្រះហឫទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

១០ទូល‌បង្គំបាន​ប្រកាស​ឱ្យ​អង្គ​ប្រជុំដ៏​ធំ ដឹង​អំពី​សេចក្ដី​សុចរិត​របស់ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
១១ទូល‌បង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ទូល‌បង្គំ​ទាល់​តែ​សោះ
ទូល‌បង្គំតែង‌តែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំពុំ​អាច​នៅ​ស្ងៀម មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
នៅ​កណ្ដាល​អង្គ​ប្រជុំធំ​បាន​ឡើយ។
១២ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំដឹង​ថា​
ព្រះ‌អង្គ​តែង‌តែអាណិត​មេត្តា​ទូល‌បង្គំឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​ តែង‌តែ​តាម​ការ‌ពារ​ទូល‌បង្គំជា‌និច្ច។
១៣មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូល‌បង្គំ
កំហុស​របស់​ទូល‌បង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូល‌បង្គំ
ធ្វើ​ឱ្យ​ទូល‌បង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ
កំហុស​ទូល‌បង្គំ​មាន​ចំនួន​ច្រើន​ជាងសរសៃ​សក់​របស់​ទូល‌បង្គំ​ទៅ​ទៀត
ទូល‌បង្គំ​លែង​មាន​កម្លាំងប្រឈម​មុខ​ទៀត​ហើយ។
១៤ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
១៧រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឱ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!
សូម​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ
ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
១៨ទូល‌បង្គំជា​មនុស្ស​កំសត់​ទុរគត
តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំអើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អគ ៣៣,១០ខ.១១ក

អ្នក​រាល់​គ្នា​តែង​ពោល​ថា “អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​សង្កត់​លើ​យើង​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ តើ​ធ្វើម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​រស់​រាន​មាន​ជីវិត​បាន?” ។ ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយា‌មារយាទ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ព្រះអង្គសព្វព្រះហឫទ័យប្រគល់ព្រះកាយព្រះអង្គ ទុកជាយញ្ញបូជា
—ព្រះអង្គមិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ១៨,២០ខ

សូម​ព្រះ‌អង្គ​នឹក​ចាំ​ថា ទូល‌បង្គំ​បាន​ឈរនៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់ព្រះ‌អង្គ ដើម្បី​ទូល‌អង្វរ​សម្រាប់​ពួក​គេ សូម​ព្រះ‌អង្គ​បង្វែរ​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​គេ។

បន្ទរ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង
—លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យរ ៣១,២.៣ខ.៤ក

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថាន យើង​បាន​សម្ដែង​ការ​ប្រណី​សន្ដោស​ដល់ប្រជាជន ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។ ព្រះ‌អង្គ​មាន​ព្រះបន្ទូល មក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្បជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។ នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ។

បន្ទរ៖ ចូរយើងគោរពថ្វាយបង្គំព្រះឈើឆ្កាង
—យើងខ្ញុំបានទទួលអគ្គសញ្ញានៃការសង្រ្គោះ ដោយសារព្រះឈើឆ្កាង។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំនាំគ្នារំឭកដល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្ស លោក។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំដែលជាមនុស្សទន់​ខ្សោយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

6 Views

Theme: Overlay by Kaira