ថ្ងៃអាទិត្យ បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១៖ លោកត្រូវរងរបួស ហើយលោកបានបន្ទាបខ្លួន ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឱ្យតើនឡើង ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គផ្ទាល់។
១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។ |
២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ លោកត្រូវរងរបួស ហើយលោកបានបន្ទាបខ្លួន ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឱ្យតើនឡើង ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គផ្ទាល់។
ទំនុកតម្កើងលេខ ១១៥
សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។
បន្ទរទី២ ៖ ព្រះលោហិតរបស់ព្រះគ្រីស្តជម្រះយើងខ្ញុំ ដើម្បីបម្រើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
(បទកាកគតិ)
១- | បពិត្រព្រះម្ចាស់ | ខ្ញុំមិនគួរសោះ | ឱ្យគេតម្កើង |
មានតែព្រះអង្គ | ទើបត្រូវលើកឡើង | ឱ្យខ្ពស់ថ្កុំថ្កើង | |
ព្រោះទ្រង់សប្បុរស | ។ | ||
២- | ម្តេចក៏ប្រជា | គ្រប់ជាតិនានា | នាំគ្នាសួរស្រុះ |
មកយើងខ្ញុំថា | “ពួកឯងទាំងអស់ | តើព្រះឯងនោះ | |
ស្ថិតនៅឯណា? “ | ។ | ||
៣- | ព្រះរបស់ខ្ញុំ | នៅទីបរម | សុខឥតឧបមា |
ទ្រង់សព្វព្រះទ័យ | ធ្វើកិច្ចអស្ចារ្យ | អ្វីសព្វប្រការ | |
បានឥតមានទាស់ | ។ | ||
៤- | ឯព្រះពួកអ្នក | ប្រាកដជាជាក់ | ព្រះក្លែងក្លាយស្មោះ |
ខ្លះធ្វើពីឈើ | គគីរកកោះ | ពីប្រាក់ពីមាស | |
ជាព្រះមនុស្សច្នៃ | ។ | ||
៥- | ព្រះនោះមានមាត់ | និយាយមិនកើត | មិនដែលចេញស្តី |
តាមតែជាងឆ្លាក់ | ដាក់មកធ្វើអ្វី | ភ្នែកឥតប្រស្រី | |
មើលអ្វីមិនបាន | ។ | ||
៦- | រីឯត្រចៀក | មានប្រាកដជាក់ | តែមិនចំណាន |
ព្រោះស្តាប់មិនកើត | មិនដឹងដើមដាន | ច្រមុះដែលមាន | |
តែមិនដឹងក្លិន | ។ | ||
៧- | មានសព្វទាំងដៃ | តែមិនអាចលៃ | ប៉ះពាល់ឬកាន់ |
មានជើងនៅស្ងៀម | ព្រោះដើរមិនបាន | បំពង់កមាន | |
តែគ្មានសំឡេង | ។ | ||
៨- | សូមឱ្យអស់អ្នក | ដែលបានដាប់ឆ្លាក់ | រូបព្រះនោះឯង |
ហើយផ្ញើជីវិត | គ្មានគិតកោតក្រែង | ឱ្យគេចំបែង | |
ដូចព្រះទាំងនោះ | ។ | ||
៩- | អ៊ីស្រាអែលអើយ | ចូរកុំកន្តើយ | ជីវិតផ្ញើព្រះ |
នោះទ្រង់នឹងជួយ | អ្នកបានទាំងអស់ | ជាខែលគ្រឿងក្រោះ | |
ពាំងអ្នករាល់គ្នា | ។ | ||
១០- | ពូជពង្សរបស់ | អរ៉ុនទាំងអស់ | ចូរអ្នកម្នីម្នា |
ផ្ញើជន្មជីវ៉ា | លើព្រះនាមា | ទ្រង់នឹងការពារ | |
ឱ្យអ្នកបានសុខ | ។ | ||
១១- | អ្នកដែលកោតខ្លាច | ព្រះមានអំណាច | នឹងមិនជួបទុក្ខ |
បើផ្ញើជីវិត | អ្នកនឹងបានសុខ | ពីនេះទៅមុខ | |
ផុតទុក្ខល្ហើយល្ហែ | ។ | ||
១២- | ព្រះមិនបំភ្លេច | សូម្បីតួចតិច | ដល់ពួកយើងទេ |
ព្រះអង្គឱ្យពរ | យើងកើនឡើងទ្វេ | អ៊ីស្រាអែលដែរ | |
និងលោកអរ៉ុន | ។ | ||
១៣- | ព្រះអង្គប្រទាន | ពរទាំងអ្នកមាន | អ្នកតូចអ្នកធំ |
ដែលចេះកោតខ្លាច | ក្រាបថ្វាយបង្គំ | យកព្រះជាធំ | |
ជាម្លប់ថ្លៃថ្លា | ។ | ||
១៤- | សូមព្រះប្រទាន | ពរនោះឱ្យមាន | ដល់អ្នករាល់គ្នា |
បានចម្រើនឡើង | គ្រប់ពេលវេលា | បានសុខរមនា | |
កូនចៅប្រុសស្រី | ។ | ||
១៥- | សូមអ្នកទទួល | កុំបីអំពល់ | ពីម្ចាស់មេឃដី |
ទ្រង់ប្រទានពរ | បវរសួស្តី | ព្រះអម្ចាស់ថ្លៃ | |
ជាព្រះយើងពិត | ។ | ||
១៦- | ផ្ទៃមេឃផែនដី | សន្លឹមអន្លាយ | គឺជាកម្មសិទ្ធ |
របស់ព្រះម្ចាស់ | តែមួយអង្គគត់ | ព្រះអង្គអាណិត | |
ឱ្យដីមកមនុស្ស | ។ | ||
១៧- | មនុស្សស្លាប់ជាខ្មោច | មានក្លិនអសោច៍ | ពុំអាចថ្កើងយស |
អស់អ្នកដែលចុះ | ទៅស្ថានក្រោមនោះ | ក៏ពុំមានឈ្មោះ | |
តម្កើងសិរី | ។ | ||
១៨- | គឺយើងនេះហើយ | គ្មានអ្នកផ្សេងឡើយ | ដែលរស់លើដី |
បានលើកតម្កើង | ព្រះអង្គរាល់ថ្ងៃ | ឥតមានសំចៃ | |
ជារៀងរហូត | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះលោហិតរបស់ព្រះគ្រីស្តជម្រះយើងខ្ញុំ ដើម្បីបម្រើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
បទលើកតម្កើងតាមលិខិតរបស់សន្តសិលា (១សល ២,២១ខ-២២.២៣ខ-២៤)
ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក
បន្ទរទី៣ ៖ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។
២១ | ព្រះគ្រីស្តក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូ ឲ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ |
២២ | ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ |
២៣ | ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌។ |
២៤ | ព្រះគ្រីស្តបានផ្ទុកបាបរបស់យើង ក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។ បងប្អូនបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៦-៣០)
បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។ កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។
បន្ទរ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ដ្បិតមានចែងទុកមកថាៈ “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ” ។ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា» ។ នៅទីនោះ អ្នករាល់គ្នានឹងឃើញខ្ញុំ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ដ្បិតមានចែងទុកមកថាៈ “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ” ។ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា» ។ នៅទីនោះ អ្នករាល់គ្នានឹងឃើញខ្ញុំ។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គ ដោយចិត្តរាបសារថា ៖
បន្ទរ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !
ឱព្រះសង្រ្គោះនៃពិភពលោក! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)
នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)
ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ហើយសូមប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។