ថ្ងៃអាទិត្យ បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ ៖ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
បទចម្រៀងនៃអំណរសប្បាយក្នុងការសង្រ្គោះ
ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។
បន្ទរទី១៖ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជយោ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៥ | នៅពេលតប់ប្រមល់ ខ្ញុំអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏ឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។ |
៦ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? |
៧ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយគាំទ្រខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ |
៨ | ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើមនុស្ស។ |
៩ | ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើអ្នកធំ។ |
១០ | ប្រជាជាតិទាំងប៉ុន្មាន នាំគ្នាមកឡោមព័ទ្ធខ្ញុំ ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
១១ | ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំគ្រប់ទិសទី ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
១២ | ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេត្រូវឆេះអស់ទៅ ដូចភ្លើងដែលឆេះបន្លា ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
១៣ | គេបានច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំដួល តែព្រះអម្ចាស់យាងមកជួយខ្ញុំ។ |
១៤ | ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំស្រែករកព្រះនាមព្រះអង្គ នៅពេលចេញទៅច្បាំង ព្រះអង្គសង្គ្រោះខ្ញុំ។ |
១៥ | មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោរ នៅក្នុងជំរំរបស់ខ្លួន ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព! |
១៦ | ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។ |
១៧ | ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់។ |
១៨ | មែនហើយ! ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្តោយឱ្យខ្ញុំស្លាប់ឡើយ។ |
១៩ | ចូរនាំគ្នាបើកទ្វារសម្រាប់មនុស្សសុចរិត ដើម្បីឱ្យចូលទៅលើកតម្កើងព្រះអម្ចាស់។ |
២០ | នេះនែ៎! ទ្វារដែលនាំទៅគាល់ព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ |
២១ | ទូលបង្គំលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ |
២២ | ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ |
២៣ | ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ |
២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! |
២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈ |
២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជយោ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥២-៥៧)
ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
…សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! (រ៉ូម ១,២៥)។
បន្ទរទី២ ៖ សូមឱ្យយើងខ្ញុំបានរាប់បញ្ចូលទៅក្នុងចំណោមអ្នកជឿលើព្រះអង្គ រួមជាមួយពួកទេវទូត និងកូនក្មេង។ យើងខ្ញុំស្រែកច្រៀងជាមួយពួកគេ ដោយសម្លេងនៃជ័យជម្នះលើសេចក្តីស្លាប់ថា ជយោ! ព្រះអង្គដែលគង់ឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
(បទកាកគតិ)
៥២- | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
អស់កល្បតទៅ | ។ | ||
ខ្ញុំសូមតម្កើង | លើកព្រះខ្ពស់ឡើង | ពុំមានអាស្រូវ | |
សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
សរសើរព្រះអង្គ | ។ | ||
៥៣- | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
កុំនៅទីមទាម | ។ | ||
៥៤- | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូតទាំងញញឹម | |
តម្កើងជានិច្ច | ។ | ||
៥៥- | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
កុំប្រែក្រឡះ | ។ | ||
៥៦- | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
ព្រះអង្គរហូត | ។ | ||
៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
អស់កល្បអន្លាយ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមឱ្យយើងខ្ញុំបានរាប់បញ្ចូលទៅក្នុងចំណោមអ្នកជឿលើព្រះអង្គ រួមជាមួយពួកទេវទូត និងកូនក្មេង។ យើងខ្ញុំស្រែកច្រៀងជាមួយពួកគេ ដោយសម្លេងនៃជ័យជម្នះលើសេចក្តីស្លាប់ថា ជយោ! ព្រះអង្គដែលគង់ឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
ទំនុកតម្កើងលេខ ១៥០
ចូរសរសើរតម្កើងព្រះអម្ចាស់!
សូមឱ្យចិត្ត និងគំនិត ស្ថិតក្នុងបទចម្រៀងរបស់អ្នក។
នេះគឺជាការលើកតម្កើងព្រះជាម្ចាស់ ដោយខ្លួនអ្នកផ្ទាល់ (Hesychius)។
បន្ទរទី៣ ៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ ! សូមសន្តិភាពកើតពីស្ថានបរមសុខមក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ! |
២ | ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ! ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្ដមបំផុត! |
៣ | ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ ចូរសរសើរតម្កើងព្រះអង្គ ដោយដេញចាប៉ី និងដេញពិណ! |
៤ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ! |
៥ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរយ៉ាងពីរោះ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរឲ្យលាន់ឮរំពង! |
៦ | ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ ! សូមសន្តិភាពកើតពីស្ថានបរមសុខមក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ៩,៩)
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើងប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។
បន្ទរ៖ ព្រះអង្គបានលោះមនុស្សយកមកថ្វាយព្រះជាម្ចាស់ *ដោយសារព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ចូរយើងកាន់ធាងទន្សែ រត់ទៅទទួលស្វាគមន៍ព្រះអង្គដែលយាងមក ដោយមានបទចម្រៀង និងការសរសើរតម្កើងព្រះអង្គ ទាំងស្រែក ច្រៀងដោយអំណរសប្បាយថា ៖ សូមសរសើរតម្កើងព្រះអម្ចាស់ !
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ចូរយើងកាន់ធាងទន្សែ រត់ទៅទទួលស្វាគមន៍ព្រះអង្គដែលយាងមក ដោយមានបទចម្រៀង និងការសរសើរតម្កើងព្រះអង្គ ទាំងស្រែក ច្រៀងដោយអំណរសប្បាយថា ៖ សូមសរសើរតម្កើងព្រះអម្ចាស់ !
ពាក្យអង្វរសកល
ដូចព្រះគ្រីស្តបានយាងចូលក្រុងយេរូសាឡឹម ព្រះអង្គទទួលការគោរពដូចជាព្រះមហាក្សត្រ និងព្រះមេស្ស៊ី។ ចូរយើងលើកតម្កើង និងកោតសរសើរព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ !
ជយោ ! ព្រះរាជវង្សព្រះបាទដាវីឌ ជាព្រះមហាក្សត្រនៃយុគសម័យ
—ជយោ ! ព្រះអម្ចាស់ដែលបានឈ្នះលើសេចក្តីស្លាប់ និងអំណាចនៃសេចក្តីងងឹត។ (បន្ទរ)
ព្រះអង្គយាងឡើងទៅក្រុងយេរូសាឡឹម ដើម្បីរងទុក្ខលំបាក មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ
—សូមព្រះអង្គដឹកនាំព្រះសហគមន៍ឱ្យចូលទៅក្នុងបុណ្យចម្លងនៃស្ថានបរមសុខផង។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យឈើឆ្កាងទៅជាដើមឈើនៃជីវិត
—សូមព្រះអង្គប្រោសប្រទានដល់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក អាចបង្កើតផលផ្លែថ្វាយព្រះអង្គ។ (បន្ទរ)
ឱព្រះសង្រ្គោះនៃមនុស្សលោក ! ព្រះអង្គបានយាងមកសង្រ្គោះអ្នកបាប
—សូមព្រះអង្គនាំអ្នកដែលមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ឱ្យចូលក្នុងព្រះរាជ្យព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ហើយសូមប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។