ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់​តាម​វិន័យរបស់ព្រះអង្គ (១យហ ៥,៣)។

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ
ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់
អ្នកនោះមានសុភមង្គលហើយ!។
អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ
ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!
អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ
គេដើរតាមមាគ៌ារបស់ព្រះអង្គ។
ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។
សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។
ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ
នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។
ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់
ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។
ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ
សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យ​បាន​ពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

(បទពុំនោល)

២-បពិត្រព្រះអម្ចាស់អើយតើនៅកន្តើយព្រងើយនឹងខ្ញុំដល់ណា?
ម្តេចនៅតែងាកភក្ត្រាចេញពីកាយាទូលបង្គំដល់ណាទៀត?
៣-តើទ្រូងខ្ញុំត្រូវចង្អៀតកង្វល់ឥតឃ្លាតក្នុងចិត្តរហូតដល់ណា?
តើចិត្តខ្ញុំត្រូវខ្លោចផ្សារកើតក្តីទុក្ខាអាត្មាព្រួយដល់អង្កាល់?
តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាលលើខ្ញុំអង្កាល់ទើបស្រាលនឹងបានល្ហែល្ហើយ?
៤-ឱព្រះជាអម្ចាស់អើយសូមទតហើយឆ្លើយចម្លើយមកទូលបង្គំ ។
សូមមេត្តាប្រោសឱ្យខ្ញុំឃើញពន្លឺចំសូមកុំទុកខ្ញុំឱ្យស្លាប់ ។
៥-ក្រែងខ្មាំងសត្រូវបង្អាប់ថា “អញសម្លាប់អញចាប់បានឈ្នះវាហើយ” ។
ពួកសត្រូវឥតកន្តើយត្រេកអរសប្បាយព្រោះតែខ្ញុំបរាជ័យ ។
៦-ចំពោះរូបខ្ញុំឃ្មៀតខ្មីទុកចិត្តហឫទ័យប្រណីរបស់ព្រះអង្គ ។
សូមឱ្យខ្ញុំត្រេកអរផងពីព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ ។
សូមឱ្យខ្ញុំច្រៀងរងំសរសើរឧត្តមដល់ខ្ញុំព្រះអង្គប្រណី ។
កោតសរសើរព្រះបិតាព្រះរាជ្យបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គទ្រង់គង់នៅតាំងតែពីដើមហើយជាដរាបរៀងទៅ ។

នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោស​របស់​ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត (រ៉ូម ៥,២០)។

មនុស្សលេលាតែងតែនឹកគិតថា “គ្មានព្រះជាម្ចាស់ទេ”
គេនាំគ្នាប្រព្រឹត្តអំពើថោកទាបគួរឱ្យស្អប់ខ្ពើម
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោក
ក្រែងលោឃើញនរណាម្នាក់មានប្រាជ្ញា ហើយស្វែងរកព្រះអង្គ។
ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ហើយរួមគ្នាប្រព្រឹត្តអំពើទុច្ចរិត
គ្មាននរណាប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ?
ពួកគេរកស៊ីចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង
ពួកគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
ពួកគេនាំគ្នាភ័យញ័រ ដ្បិតព្រះអម្ចាស់ជួយគាំទ្រមនុស្សសុចរិត។
អ្នករាល់គ្នាធ្វើឱ្យមនុស្សទុគ៌តបាត់បង់សេចក្តីសង្ឃឹម
ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។
សូមព្រះអង្គដែលគង់នៅបុរីស៊ីយ៉ូនសង្គ្រោះប្រជាជនអ៊ីស្រាអែល។
នៅពេលដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ
ដែលជាប់ជាឈ្លើយឱ្យត្រឡប់មកស្រុកវិញ
ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង
ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ឱព្រះអម្ចាស់យើងខ្ញុំអើយ ! មានតែព្រះអង្គទេ ដែលអាចប្រោសឲ្យមនុស្សទៅជាបុត្រធីតារបស់ព្រះអង្គ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំមានចិត្តខ្ជាប់ខ្ជួន ប្រាថ្នាធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ សូមប្រោសឲ្យប្រជារាស្រ្តដែលបម្រើព្រះអង្គ កាន់តែរីកចម្រើនឡើងផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

14 Views

Theme: Overlay by Kaira