• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូសឡើយ។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១ ៖ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើងថ្វាយបង្គំព្រះនាម​ព្រះអង្គ។

ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។
ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។
ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ
ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។
ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើងថ្វាយបង្គំព្រះនាម​ព្រះអង្គ។

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២ ៖ យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ច្រៀង និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ! ។

(បទកាកគតិ)

៥៧-គ្រប់ស្នាព្រះហស្តព្រះម្ចាស់ទាំងអស់នៅមិនរបូត
ជារៀងដរាបសូមនាំគ្នាស្មូតតម្កើងរហូត
អស់កល្បអន្លាយ
៥៨-ឱផ្ទៃមេឃអើយកុំនៅកន្តើយហាក់ដូចជិនណាយ
ស្មូតបទតម្កើងដោយចិត្តសប្បាយអស់កល្បអន្លាយ
តទៅកុំឈប់
៥៩-សូមឱ្យទេវទូតតម្កើងរហូតទាំងថ្ងៃទាំងយប់
ព្រះម្ចាស់ថ្កុំថ្កើងអស់កល្បអស់កប្បតម្កើងកុំឈប់
តទៅរាល់ថ្ងៃ
៦០-ចូរទឹកទាំងឡាយអបអរសប្បាយលើនភាល័យ
នាំគ្នាសរសើរតម្កើងម្ចាស់ថ្លៃកុំបង្អង់អី
អស់កល្បអង្វែង
៦១-ហ្វូងតារារះនៃព្រះអម្ចាស់នាំគ្នាសម្ដែង
តម្កើងព្រះអង្គសរសើរស្ញប់ស្ញែងគ្រប់ទីកន្លែង
តទៅឥតដាច់
៦២-សូមព្រះអាទិត្យព្រះចន្ទមានឫទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ
៦៣-សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ
៦៤-សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើកតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា
៦៥-ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីកន្លែងតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង
៦៦-ចូរឱ្យកម្ដៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់
៦៧-ចូរឱ្យខ្យល់ក្តៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ
៦៨-សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូតបទតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច
៦៩-ចូរថ្ងៃនិងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូតបទតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត
៧០-ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានឫទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា
៧១-អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត
៧២-សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងកុំបីរវាតកុំឱ្យឃ្លាងឃ្លាត
រហូតតទៅ
៧៣-សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូតរហូតទៅ
អស់កល្បយូរលង់
៧៤-សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា
៧៥-សូមឱ្យភ្នំធំកុំនៅសំងំភ្នំតូចផងណា
ស្មូតបទតម្កើងព្រះម្ចាស់រាល់គ្នាថ្កើងព្រះនាមា
អស់កល្បជានិច្ច
៧៦-សព្វអស់អ្វីៗដែលដុះលើដីកុំបីមានភ្លេច
ចូរលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បអន្លាយ
៧៧-ចូរសមុទ្រស្ទឹងទន្លេល្វើយល្វឹងតូចធំទាំងឡាយ
នាំគ្នាតម្កើងដោយក្តីរីករាយសរសើរម្ចាស់ថ្លៃ
ឱ្យលាន់រងំ
៧៨-ចូរប្រភពទឹកមានច្រើនសន្ធឹកព្រែកទាំងតូចធំ
ទឹកហូរពីជ្រោះទឹកធ្លាក់ពីភ្នំកុំនៅសំងំ
តម្កើងព្រះអង្គ
៧៩-ចូរអស់ទាំងត្រីតូចធំម្តេចក្តីនិងសត្វរស់ក្នុង
ទន្លេសមុទ្រតាមព្រែកបួរបឹងកុំសំងំឈឹង
តម្កើងព្រះម្ចាស់
៨០-សូមបក្សីសត្វដែលរស់ខ្វែងខ្វាត់ច្រើនមីរដេរដាស
ស្មូតបទតម្កើងព្រះជាអម្ចាស់កុំបីចន្លោះ
អស់កល្បយូរលង់
៨១-សូមឱ្យសត្វស្រុករស់នៅអែអុកទាំងសត្វព្រៃផង
នាំគ្នាសរសើរតម្កើងព្រះអង្គអស់កល្បយូរលង់
តទៅអន្លាយ
៨២-ចូរឱ្យមនុស្សទាំងស្រីទាំងប្រុសកុំបីឃ្លាតឆ្ងាយ
សរសើរព្រះអង្គជាព្រះម្ចាស់ថ្លៃរៀងរាល់យប់ថ្ងៃ
កុំបីអល់អែក
៨៣-ឱអ៊ីស្រាអែលអ្នកជាជាតិដែលវិសុទ្ធពន់ពេក
ចូរលើកតម្កើងព្រះខ្ពស់អនេកហួសទាំងផ្ទៃមេឃ
កុំសំងំនៅ
៨៤-អស់បូជាចារ្យទាំងឡាយនាំគ្នាឆ្ពោះតម្រង់ទៅ
តម្កើងព្រះអង្គទាំងថ្ងៃយប់ជ្រៅកុំសំងំនៅ
សរសើរកុំឈប់
៨៥-ចូរអ្នកទាំងឡាយដែលតែងខ្វល់ខ្វាយបម្រើគោរព
ស្មូតតម្កើងព្រះទាំងថ្ងៃទាំងយប់កុំឈរកុំឈប់
នៅស្ងៀមឱ្យសោះ
៨៦-ចូរវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ប៉ុន្មានកុំបីចន្លោះ
ព្រលឹងនៃអ្នកសុចរិតទាំងអស់តម្កើងដោយស្មោះ
កុំនៅកន្តើយ
៨៧-អស់អ្នកគោរពប្រណិប័តន៍គ្រប់ព្រះអម្ចាស់អើយ
និងអ្នកដាក់ចិត្តជាអ្នកខ្សត់ហើយកុំបង្អង់ឡើយ
តម្កើងព្រះអង្គ
៨៨-លោកអណានីយ៉ារួមជាមួយគ្នាអសារីយ៉ាផង
និងមីកាអែលតម្កើងព្រះអង្គស្មូតតម្កើងផង
តទៅដរាប
ព្រះអង្គរំដោះយើងខ្ញុំឱ្យរស់ផុតពីក្តីស្លាប់
ហើយទ្រង់សង្គ្រោះខ្ញុំជាប្រញាប់រួចផុតទុក្ខសព្វ
ទាំងភ្លើងសន្ធៅ

បន្ទរ ៖ យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ច្រៀង និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ! ។

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់ ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣ ៖ ដ្បិត​ព្រះអម្ចាស់​គាប់​ព្រះហឫទ័យនឹង​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់ទាប ដោយ​សង្គ្រោះ​ពួក​គេ។

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!
ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!
ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!
ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ
ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!
សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច
ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ
ហើយ​យក​ច្រវាក់​ចង​ស្តេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។
ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​ព្រះអម្ចាស់​គាប់​ព្រះហឫទ័យនឹង​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់ទាប ដោយ​សង្គ្រោះ​ពួក​គេ។

បុណ្យ​ដ៏​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អង្គ មាន​ដូច​ត​ទៅ: នៅ​ខែ​ទី​មួយ ថ្ងៃ​ទី​ដប់‌បួន ក្រោយ​ពេល​ថ្ងៃ​លិច ជា​បុណ្យ​ចម្លងថ្វាយ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​ទី​ដប់‌ប្រាំក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំបុ័ង​ឥត​មេ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំព្រះ‌អម្ចាស់ កុំ​ធ្វើការ​អ្វីនឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអើយ! *សូមអាណិតអាសូរយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវរងរបួស ព្រោះតែបទល្មើសយើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ» ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ» ។

ចូរយើងកោតសរសើរព្រះសង្រ្គោះដ៏ជាទីស្រឡាញ់នៃយើង ដែលបានប្រោសប្រទានរដូវនៃព្រះហឫទ័យប្រណីសន្តោសមកយើង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមបង្កើតវិញ្ញាណថ្មីក្នុងយើងខ្ញុំផង !

ព្រះគ្រីស្តជាជីវិតយើងខ្ញុំ ! ដោយអគ្គសញ្ញាជ្រមុជទឹក យើងបានបញ្ចុះទៅក្នុងផ្នូរ និងរស់ឡើងវិញរួមជាមួយព្រះអង្គ
—សូមឱ្យយើងខ្ញុំរស់នៅក្នុងជីវិតថ្មីនៅថ្ងៃនេះផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបាននាំព្រះពរមកឱ្យមនុស្សលោក
—សូមព្រះអង្គចែករំលែកក្តីកង្វល់របស់ព្រះអង្គមកយើងខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់បានសេចក្តីសុខ។ (បន្ទរ)

សូមឱ្យយើងធ្វើការរួមគ្នាដើម្បីកសាងទីក្រុងនៅលើផែនដី
—ដោយកែវភ្នែកសម្លឹងឆ្ពោះទៅក្រុងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ (បន្ទរ)

ឱគ្រូពេទ្យដែលព្យាបាលទាំងព្រលឹង និងរូបកាយ ! សូមព្រះអង្គព្យាបាលជំងឺខាងវិញ្ញាណរបស់យើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចរីកលូតលាស់នៅក្នុងភាពដ៏វិសុទ្ធ តាមរយៈការថែទាំជាប្រចាំរបស់ព្រះអង្គ។ (បន្ទរ)

បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! សូមព្រះអង្គជួយយើងខ្ញុំឲ្យប្រាថ្នាដើរតាមផ្លូវនៃធម៌មេត្តាករុណារបស់ព្រះបុត្រាព្រះអង្គ ដែលស្រឡាញ់មនុស្សលោករហូតដល់សោយទិវង្គត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

14 Views

Theme: Overlay by Kaira