រដូវសែសិបថ្ងៃ
(សន្តអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ)
ថ្ងៃសុក្រ អាទិត្យទី៤
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤៥
ការសរសើរតម្កើងព្រះចេស្តារបស់ព្រះជាម្ចាស់
«បពិត្រព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយព្រះអង្គវិនិច្ឆ័យទោស ដោយយុត្តិធម៌មែន! (វវ ១៦,៥)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។
(ក)
១ | បពិត្រព្រះនៃទូលបង្គំ! ឱព្រះមហាក្សត្រនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! |
២ | ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! |
៣ | ព្រះអម្ចាស់ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ |
៤ | សូមឱ្យមនុស្សនៅគ្រប់ជំនាន់លើកតម្កើងស្នាព្រះហស្តរបស់ព្រះអង្គ សូមឱ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។ |
៥ | ទូលបង្គំរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ |
៦ | គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឱ្យស្ញែងខ្លាចរបស់ព្រះអង្គ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។ |
៧ | គេនឹងលើកតម្កើងព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គ គេនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
៨ | ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណាយ៉ាងលើសលប់។ |
៩ | ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។
បន្ទរទី២ ៖ ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម ព្រះអង្គគង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ។
(ខ)
(បទកាកគតិ)
១០- | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្ត្រទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ | ។ | ||
១១- | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
ព្រះអង្គនៅគង់ | ។ | ||
១២- | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង | |
ចិញ្ចែងចិញ្ចាច | ។ | ||
១៣- | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
ស្ថិតនៅយូរយារ | ។ | ||
ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
អ្វីដែលទ្រង់ធ្វើ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
ករុណាអាសូរ | ។ | ||
១៤- | ព្រះអង្គលើកអ្នក | ហេវខ្សោះអួលអាក់ | ដួលយំស្រែកថ្ងូរ |
ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ | |
ឱ្យល្អវិញបាន | ។ | ||
១៥- | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | ចាំមិនហ៊ានខាន |
ដោយចិត្តសង្ឃឹម | ពួកគេនឹងបាន | អាហារគ្រប់ប្រាណ | |
តាមពេលកំណត់ | ។ | ||
១៦- | ទ្រង់មានព្រះទ័យ | ទូលាយពេកក្រៃ | ពេញដោយអំណត់ |
ព្រះអង្គប្រទាន | ដល់អ្នកក្រខ្សត់ | បានឆ្អែតគ្រប់មាត់ | |
តាមចិត្តប្រាថ្នា | ។ | ||
១៧- | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា | |
ទ្រង់បានប្រព្រឹត្ត | ។ | ||
១៨- | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
នឹងអ្នកអង្វរ | ដោយក្តីសុទ្ធចិត្ត | រកព្រះអង្គពិត | |
មិនយាងទៅណា | ។ | ||
១៩- | ទ្រង់បានសម្រេច | តាមបំណងចិត្ត | ដែលគេប្រាថ្នា |
របស់អស់អ្នក | កោតខ្លាចចេស្តា | ព្រះអង្គស្ទុះស្ទា | |
ហើយសង្គ្រោះគេ | ។ | ||
២០- | អ្នកដែលស្រឡាញ់ | ព្រះអម្ចាស់ពេញ | ឥតក្រឡះប្រែ |
ទ្រង់នឹងគ្រប់គ្រង | ការពារថ្នមថែ | ហើយទ្រង់តែងតែ | |
បំផ្លាញមនុស្សខូច | ។ | ||
២១- | ខ្ញុំសូមថ្លែងឡើង | សរសើរតម្កើង | គ្មានចិត្តលាក់លួច |
តម្កើងព្រះម្ចាស់ | សត្វលោកធំតូច | ទាំងអស់ជួយលើក | |
ព្រះនាមព្រះអង្គ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម ព្រះអង្គគង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។
៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ? តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៥,១៦.១៩-២០)
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិដ្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។ បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់ឲ្យវិលត្រឡប់មកវិញ តោងដឹងថា អ្នកដែលនាំមនុស្សបាបឲ្យងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេឲ្យរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។
បន្ទរ ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គ ដោយចិត្តរាបសារថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !
ឱព្រះសង្រ្គោះនៃពិភពលោក ! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)
នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)
ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានឱ្យអ្នកបម្រើព្រះអង្គនូវព្រះអំណោយទាននៃការស្តាប់បង្គាប់ និងមានចិត្តស៊ូទ្រាំ។ (បន្ទរ)
សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)
ធម៌ “ឱ ព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យជួយឧបត្ថម្ភយើងខ្ញុំជាមនុស្សទន់ខ្សោយ។ ដោយសារជំនួយនេះ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំបានជាសះស្បើយ និងមានអំណរសប្បាយ ហើយរស់នៅតាមរបៀបសុចរិត។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។