ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បង‌ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង‌ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ (២ករ ១,៧)។

បន្ទរ៖ នៅពេលពួកគាត់រកព្រះយេស៊ូមិនឃើញ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។

ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នកដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ
យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។
យើង​សើច​សប្បាយ​ជា‌និច្ច យើង​ស្រែក​ជយ‌ឃោស
ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា:
«ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។
ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យចំពោះ​យើង​មែន
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​ប្រទាន​ឲ្យយើង​ខ្ញុំ​បាន​ចម្រុង​ចម្រើន​ឡើង​វិញ
ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងមាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។
អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក
អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។
អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក
អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បង‌ប្អូន​ជា​ដំណាក់​ដែល​ព្រះ‌អង្គ​បាន​សង់ (១ករ ៣,៩)។

(បទពាក្យ ៧)

១-ប្រសិនបើព្រះជាអម្ចាស់មិនជួយសង់ផ្ទះនោះទេណា
អ្នកសង់ខំប្រឹងឥតបានការគឺគ្មានវាសនាខ្វះលំនឹង
បើព្រះអម្ចាស់មិនរក្សាទីក្រុងទេណាឲ្យរឹងប៉ឹង
អ្នកយាមទីក្រុងដែលខំប្រឹងយាមរាល់ថ្ងៃហ្នឹងអត់អសារ
២-អ្នករាល់គ្នាក្រោកពីព្រលឹមរកស៊ីចិញ្ចឹមជន្មជីវ៉ា
ខំទាំងលំបាកគ្រប់កាយាតែឥតបានការផលចំណេញ
ព្រះជាអម្ចាស់បានប្រទានអាហារធនធានច្រើនពាសពេញ
ដល់អ្នកដែលព្រះអង្គស្រឡាញ់ក្នុងពេលយប់យន់គេនិន្ទ្រា
៣-ព្រះអម្ចាស់ប្រទានកូនចៅស្ថិតស្ថេរគង់នៅចាត់ទុកជា
ចំណែកមរតកដ៏មហិមាជាពរជ័យាពីព្រះអង្គ
៤-កូនប្រុសៗដែលកើតចេញមកពេលដែលឪពុកពេញកម្លាំង
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំងនៃអ្នកចម្បាំងពេលប្រយុទ្ធ
៥-អ្នកដែលមានកូនប្រុសយ៉ាងច្រើននោះនឹងចម្រើនសុខបំផុត
ពេលមានបច្ចាមកប្រយុទ្ធគេមិនតក់ស្លុតមិនអាម៉ាស
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)។

អ្នក​ណា​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ !
អ្នក​នឹង​ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​បាន​ធ្វើ
អ្នក​នឹង​មាន​សុភមង្គល ហើយ​ចម្រុង‌ចម្រើន
នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើមទំពាំង‌បាយ‌ជូរ
ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំ‌វិញ​តុ
កូន​ប្រុសៗ​របស់​អ្នកក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។
អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់នឹង​ទទួល​ព្រះ‌ពរ​បែប​នេះ។
សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន
ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម
អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែលបាន​ប្រកប​ដោយ​សេចក្ដីសុខ‌សាន្ត !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅពេលពួកគាត់រកព្រះយេស៊ូមិនឃើញ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។

អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រមែង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ក៏​តែង​តែ​ប្រតិបត្តិតាម​មាគ៌ា​របស់​ព្រះ‌អង្គ​ដែរ។ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រមែង​ខិត​ខំ​ឲ្យ​បាន​គាប់​ព្រះ‌ហប្ញទ័យ​ព្រះ‌អង្គ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ក៏​តែង​តែ​យក​វិន័យ​របស់​ព្រះ‌អង្គ​ធ្វើជា​អាហារ​ដែរ។

បន្ទរ៖ ដោយ​ព្រះ‌អង្គ​សង្គ្រោះព្រះ‌រាជា​បាន​ទទួល​សិរី‌រុង​រឿង​យ៉ាង​ខ្លាំង
—ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទ្រង់បាន​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

30 Views

Theme: Overlay by Kaira