• ឱព្រះអម្ចាស់អើយ ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព‌លោក​នេះ ដើម្បី​កុំ​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដីងងឹត (យហ ១២,៤៦)។

បន្ទរទី១ ៖ សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។

ឱព្រះជាម្ចាស់អើយ ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង !
សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ !
សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
បពិត្រព្រះជាម្ចាស់នៃទូលបង្គំ! ព្រះអង្គជាកំពែងការពារទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ
ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!
ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ
ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។
ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ !
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ !
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។

យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ ( វវ ១,១៨)។

បន្ទរទី២ ៖ ឱ​ព្រះអម្ចាស់​អើយ សូមព្រះអង្គយាងមកជួយយើងខ្ញុំជា​រៀងរាល់​ថ្ងៃ អស់​មួយ​ជីវិត។

(បទកាកគតិ)

១០-ខ្ញុំនឹកគិតថានឹងមានវាសនារស់ពាក់កណ្តាល
អាយុនៃមនុស្សមិនត្រេកត្រអាលនៅស្ថានកណ្តាល
ទៅទៀតបានឡើយ
១១-ខ្ញុំនឹកគិតថាលែងឃើញភក្រ្តាអម្ចាស់ទៀតហើយ
លែងឃើញទាំងមុខលែងទាំងឆ្លងឆ្លើយមនុស្សម្នាអើយ
ខ្ញុំលាក្សិណក្ស័យ
១២-ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយទៅផុតអាយុខៃ
ដូចជាគង្វាលរើគ្មានសំចៃជំរំអាស្រ័យ
ស្នាក់នៅពេលមុន
ព្រះម្ចាស់ធ្វើឱ្យជីវិតខ្ញុំផុយនាពេលសាយ័ណ្ហ
ដូចជាងតម្បាញត្បាញចប់គ្រប់គ្រាន់រូតរះបន្ទាន់
មូរក្រណាត់ទុក
១៣-ខ្ញុំត្រូវវិនាសមុនពេលថ្ងៃរះនៅមិនស្រណុក
ឈឺពេញទាំងកាយរស់ដូចទូលទុក្ខដូចសិង្ហសម្រុក
ចាប់ជាចំណី
ឱព្រះម្ចាស់អើយចាប់ពីថ្ងៃហើយលុះដល់រាត្រី
ព្រះអង្គធ្វើឱ្យជីវិតខ្ញុំក្ស័យដេកនៅក្នុងដី
ជារៀងដរាប
១៤-ខ្ញុំស្រែកខ្ញុំយំដូចត្រចៀកកាំខ្ញុំថ្ងូរដូចព្រាប
ភ្នែកខ្ញុំស្រវាំងមើលមិនឃើញទៀតសូមព្រះម្ចាស់ឆ្លៀត
ជួយផងព្រះអើយ
១៧-ឥឡូវទ្រង់ប្រោសឱ្យខ្ញុំជាសះព្រោះទ្រង់អាណិត
ប្រទានឱ្យខ្ញុំរស់មានជីវិតទុក្ខព្រួយខ្ញុំបាត់
សែនអរព្រឺព្រួច
ទ្រង់សព្វព្រះទ័យករុណាប្រណីរំដោះខ្ញុំរួច
ពីដៃមច្ចុរាជអំពើបាបខូចខ្ញុំសែនព្រឺព្រួច
រួចផុតល្ហែល្ហើយ
១៨-មនុស្សស្លាប់អស់ជន្មមិនអាចអរគុណព្រះអង្គបានឡើយ
រួមទាំងមច្ចុរាជទៀតផងក៏ដោយគ្មានសង្ឃឹមឡើយ
ពឹងលើព្រះអង្គ
១៩-មានតែមនុស្សមានជីវិតរស់ស្ថិតស្ថេរគង់វង្ស
ទើបគេអាចលើកតម្កើងព្រះអង្គប្រាប់តកូនផង
ពីព្រះទ័យស្មោះ
២០-ឱព្រះម្ចាស់អើយសូមកុំកន្តើយមេត្តាសង្គ្រោះ
យើងខ្ញុំមិនភ្លេចដំណាក់របស់ព្រះជាអម្ចាស់
លេងភ្លេងរាំថ្វាយ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ឱ​ព្រះអម្ចាស់​អើយ សូមព្រះអង្គយាងមកជួយយើងខ្ញុំជា​រៀងរាល់​ថ្ងៃ អស់​មួយ​ជីវិត។

ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។

បន្ទរទី៣ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។

បពិត្រព្រះជាម្ចាស់!
យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន
យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។
ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច
មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។
កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។
អ្នកដែលព្រះអង្គជ្រើសរើស មានសុភមង្គលហើយ
គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ
នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ!
ព្រះអង្គប្រកបដោយសេចក្តីសុចរិត
ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច
ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។
ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ ដោយសារព្រះចេស្តារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេង បានស្ងប់ឈឹង
ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។
អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច
ស្រែកដោយអំណរសប្បាយដ៏លើសលប់។
១០ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី
ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ
១១គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ
ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ
ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។
១២នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។
១៣រីឯនៅវាលរហោស្ថានមានស្មៅដុះឡើងយ៉ាងបរិបូណ៌
នៅតាមភ្នំនានា ក៏ពោរពេញទៅដោយអំណរដែរ។
១៤វាលស្មៅពោរពេញទៅដោយហ្វូងសត្វ ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។

«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើងដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ចូរ​កែ‌ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ប្រណី​សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ពោរ‌ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដាក់​ទោស​ទេ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឱ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ដ្បិតអ្នកមាន “ព្រះគ្រូ” តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ គឺព្រះគ្រីស្តជាព្រះអម្ចាស់របស់អ្នក។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ដ្បិតអ្នកមាន “ព្រះគ្រូ” តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ គឺព្រះគ្រីស្តជាព្រះអម្ចាស់របស់អ្នក។

ព្រះជាម្ចាស់ជាព្រះបិតាបានប្រទានព្រះបុត្រាតែមួយគត់របស់ព្រះអង្គ គឺព្រះបន្ទូលដែលកើតជាមនុស្ស ដើម្បីធ្វើជាអាហារ និងជីវិតរបស់យើងខ្ញុំ។ ចូរយើងអរព្រះគុណព្រះអង្គ និងទូលថា ៖

បន្ទរ៖ សូមឱ្យព្រះបន្ទូលរបស់ព្រះគ្រីស្ត គង់នៅក្នុងចំណោមយើងរាល់គ្នាយ៉ាងពេញបរិបូណ៌ !

នៅក្នុងរដូវសែសិបថ្ងៃនេះ សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះស្តាប់ព្រះបន្ទូលព្រះអង្គកាន់តែច្រើនឡើង
—ដើម្បីឱ្យយើងខ្ញុំអាចប្រារព្ធបុណ្យចម្លងយ៉ាងឱឡារិក ជាមួយនឹងសេចក្តីស្រឡាញ់ដ៏មហិមាចំពោះព្រះគ្រីស្ត ដែលជាយញ្ញបូជានៃបុណ្យចម្លង។ (បន្ទរ)

សូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធធ្វើជាគ្រូបង្រៀនយើងខ្ញុំ
—ដើម្បីយើងខ្ញុំអាចលើកទឹកចិត្តអស់អ្នកដែលមានចិត្តសង្ស័យ និងមានកំហុស ក្នុងការដើរតាមអ្វីដែលជាសេចក្តីពិត និងសេចក្តីល្អ។ (បន្ទរ)

សូមព្រះអង្គអនុញ្ញាតឱ្យយើងខ្ញុំចូលទៅក្នុងអាថ៌កំបាំងនៃអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេក កាន់តែជ្រៅជាងនេះ
—ដើម្បីឱ្យការរស់នៅរបស់យើងខ្ញុំអាចបង្ហាញពីវត្តមានរបស់ព្រះអង្គ កាន់តែមានប្រសិទ្ធភាព។ (បន្ទរ)

សូមព្រះអង្គបន្សុទ្ធ និងបន្តការសង្រ្គោះព្រះសហគមន៍ព្រះអង្គនាពេលនេះ
—ដើម្បីឱ្យព្រះសហគមន៍ធ្វើជាសាក្សីអំពីព្រះអង្គកាន់តែអស្ចារ្យឡើងថែមទៀត។ (បន្ទរ)

ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ ! ព្រះអង្គថែរក្សាព្រះសហគមន៍របស់ព្រះអង្គជានិច្ច ដោយណែនាំយើងខ្ញុំមិនឱ្យវង្វេងពីមាគ៌ារបស់ព្រះអង្គឡើយ។
សូមព្រះអង្គគាំទ្រយើងខ្ញុំឱ្យជៀសផុតពីសេចក្តីអាក្រក់គ្រប់យ៉ាង និងតម្រង់ចិត្តយើងខ្ញុំឱ្យបែរឆ្ពោះទៅរកព្រះអង្គជាព្រះសង្គ្រោះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

59 Views

Theme: Overlay by Kaira