ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ខ្ញុំឱ្យវិន័យ​ថ្មីដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ (យហ ១៣,៣៤)។

បន្ទរទី១ ៖ ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។

៨៩បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។
៩០ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។
៩១អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ
ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។
៩២ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ
ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
៩៣ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ
ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៩៤ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។
៩៥មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ
តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
៩៦ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ
ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។

ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

បន្ទរទី២ ៖ ទូល‌បង្គំបាន​ផ្ញើជីវិត​លើ​ព្រះ‌អង្គ​តាំង​ពី​ក្មេង​មក !

(ក)

(បទពាក្យ ៧)​

១-បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រកក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ទាំងកិត្តិយសផងអាប់អាសារ
២-ដោយព្រះអង្គមានព្រះហឫទ័យសុចរិតប្រពៃសូមមេត្តា
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចាសង្គ្រោះជីវ៉ាឱ្យបានរស់
៣-សូមព្រះអង្គទៅជាថ្មដាលាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោសជីវិតខ្ញុំរស់បានសុខសាន្ត
៤-ឱព្រះជាម្ចាស់សូមរំដោះខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន
រួចផុតពីដៃជនសាមាន្យមនុស្សទាំងប៉ុន្មានប៉ងយាយី
៥-បពិត្រព្រះជាអម្ចាស់អើយទូលបង្គំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
៦-ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែច្នៃខ្ញុំឥតឈប់
៧-មនុស្សម្នាជាច្រើនចេះតែនឹកឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ជីវិតខ្ញុំស្ងប់រៀងរហូត
៨-ទូលបង្គំតែងពោលពាក្យសរសើរព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូតព្រះតែមួយគត់ទាំងយប់ថ្ងៃ
៩-ឥឡូវនេះខ្ញុំចាស់ជរាទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ
មេត្តាកុំបោះបង់ខ្ញុំឡើយកុំទុកខ្ញុំឱ្យនៅឯកា
១០-ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំគេនៅជួបជុំពោលមុសា
អស់អ្នកដែលឃ្លាំចាំប្រហារគេពិភាក្សាយោបល់គ្នា
១១-គេថាព្រះម្ចាស់លែងអើពើលែងការពារមើលថែគាំពារ
ចូរដេញតាមចាប់គាត់គ្រប់គ្នាព្រោះគ្មាននរណាជួយគាត់បាន
១២-ឱព្រះជាម្ចាស់អើយសូមកុំយាងចាកចោលខ្ញុំចេញចាកស្ថាន
សូមយាងមកជួយកុំបីខានឆាប់ៗនឹងបានខ្ញុំធូរស្បើយ
១៣-សូមឱ្យអស់អ្នកដែលប៉ុនប៉ងប្រហារខ្ញុំបង់ត្រូវអន្តរាយ
សាបសូន្យទាំងឈ្មោះបាត់ទាំងកាយកិត្តិយសប្រែក្លាយបាត់សូន្យឈឹង
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ទូល‌បង្គំបាន​ផ្ញើជីវិត​លើ​ព្រះ‌អង្គ​តាំង​ពី​ក្មេង​មក !

បន្ទរទី៣ ៖ ឱ​ព្រះជាម្ចាស់​អើយ ! ឥឡូវ​នេះ ទូល‌បង្គំ​ចាស់​ជរាហើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ។

(ខ)

១៤រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត!
១៥ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ
និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។
១៦បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ
ទូលបង្គំចូលមកក្នុងព្រះដំណាក់
ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
១៧បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ
តាំងពីក្មេងរហូតមកទល់ពេលនេះ
ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។
១៨ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ
ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ
ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។
១៩បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន
បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ!
២០ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ
ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី
ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។
២១ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង
ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
២២បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី
ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល!
ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង!
២៣ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ
ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
២៤ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា
ត្រូវអាប់អោន និងអាម៉ាស់មុខ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះជាម្ចាស់​អើយ ! ឥឡូវ​នេះ ទូល‌បង្គំ​ចាស់​ជរាហើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ២ករ ១៣,១១

បង‌ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឱ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​គ្នា នោះ​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីសុខ‌សាន្ត មុខ​ជា​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

បន្ទរ៖ ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា​អស់​អ្នកដែល​ស្រឡាញ់ព្រះ‌អង្គ។
—ព្រះអង្គ​សណ្តាប់ឮសម្រែករបស់ពួកគេ។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៦,២២

ប៉ុន្ដែ​ ឥឡូវ​នេះ បង‌ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​ព្រះ‌ជាម្ចាស់វិញ។ បង‌ប្អូន​បាន​ផល​ដែល​ធ្វើឱ្យ​បង‌ប្អូន​ទៅ​ជា​វិសុទ្ធ ដើម្បី​ឱ្យ​មាន​ជីវិត​អស់កល្ប‌ជានិច្ច។

បន្ទរ៖ ឱព្រះ‌ជាម្ចាស់​អើយ ! សូម​នាំ​យើង​ខ្ញុំ​មក​វិញ នោះ​យើង​ខ្ញុំ​នឹង​បានរួចជីវិត!។
—ដើម្បី​ឱ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ១,២១-២២

ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ តែឥឡូវនេះ ព្រះអង្គបានសម្រុះ‌សម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឱ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភក្ត្រព្រះអង្គ។

បន្ទរ៖ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់អើយ! ចូរច្រៀងថ្វាយព្រះអម្ចាស់។
—ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះ‌អង្គ​សម្ដែង​ភាពវិសុទ្ធរបស់​ព្រះ‌អង្គ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គ យាងចុះមកសណ្ឋិតលើអស់អ្នក ដែលហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

48 Views

Theme: Overlay by Kaira