ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំនិយាយមិន​រលាយ​បាត់​ទេ។

៨១ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំរង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២ទូល‌បង្គំខំប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ
ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?”។
៨៣ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។
៨៤តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
៨៥មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ
គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។
៨៦វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។
៨៧នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។
៨៨សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំនិយាយមិន​រលាយ​បាត់​ទេ។

ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូល‌បង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹងមាំ តទល់​នឹង​ខ្មាំង​សត្រូវ។

(បទកាកគតិ)

២-ឱព្រះម្ចាស់អើយកុំគង់ព្រងើយសូមព្រះសណ្តាប់
យកព្រះទ័យទុកដាក់ហើយត្រង់ត្រាប់ពាក្យអង្វរគាប់
ទូលបង្គំផង
៣-ពេលខ្ញុំនៅឆ្ងាយសន្លឹមអន្លាយហាក់អស់កម្លាំង
ខ្ញុំស្រែកហៅរកព្រះនាមព្រះអង្គសូមដឹកនាំខ្ញុំ
ទៅកាន់ថ្មខ្ពស់
៤-ព្រះអង្គជាទីជម្រករមណីរឹងមាំឥតមោះ
ជាប៉មមាំមួនជាកំពែងខ្ពស់ព្រះជាអម្ចាស់
តទល់សត្រូវ
៥-ទូលបង្គំចង់រស់និត្យនៅក្នុងពន្លាពេកកូវ
របស់ព្រះអង្គរហូតតទៅហើយសូមក្រាបនៅ
ក្រោមម្លប់ព្រះអង្គ
៦-ឱព្រះម្ចាស់អើយព្រះអង្គនេះហើយតែងស្តាប់ពាក្យខ្ញុំ
ព្រះអង្គប្រទានមកទូលបង្គំមរតកដ៏ធំ
បម្រុងទុកឱ្យ
៧-សូមទ្រង់ប្រទានព្រះរាជាមានជន្មាមិនថយ
អាយុយឺនយូរសតវត្សទៅក្រោយជាម្លប់ផ្តល់ឱ្យ
ប្រជាប្រុសស្រី
៨-សូមមហាក្សត្រគ្រងរាជ្យរហូតក្រោមភក្ត្រម្ចាស់ថ្លៃ
រហូតតទៅដោយព្រះហឫទ័យមេត្តាប្រណី
ករុណាស្មោះស្ម័គ្រ
៩-ខ្ញុំនឹងតម្កើងព្រះម្ចាស់ខ្ពស់ឡើងរាល់ថ្ងៃឥតអាក់
ឥតឈប់ឥតឈរឱ្យសមនឹងពាក្យសន្យាលាយល័ក្ខណ៍
ចំពោះព្រះអង្គ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូល‌បង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹងមាំ តទល់​នឹង​ខ្មាំង​សត្រូវ។

ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។

បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ ! ទូល‌បង្គំភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំផង! ។

ឱព្រះជាម្ចាស់អើយ ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង! ។
សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល
សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។
ពួកគេលួចប្រហារមនុស្សទៀងត្រង់
គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។
ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា
“គ្មាននរណាឃើញទេ!” ។
គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា
“ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ! ។
គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។
ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។
១០មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់
សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ
សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះជាម្ចាស់អើយ ! ទូល‌បង្គំភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំផង! ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ២២,២២

យើង​នឹង​ប្រគល់​កូន​សោ​វាំងរបស់​ស្តេច​ដាវីឌ​ឱ្យ​គាត់ បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​នរណា​បើក​បាន​ដែរ។

បន្ទរ៖ «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញលើ​ផែន‌ដី​ទាំង​មូល
—ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព‌លោក»។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១សល ៥,១-២ក

ចំពោះ​ព្រឹទ្ធាចារ្យដែល​នៅ​ក្នុង​ចំណោម​បង‌ប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធាចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង​រឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម​ដែល​ព្រះ‌ជាម្ចាស់​ផ្ញើទុក​នឹង​បង‌ប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ។
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២សល ១,១៦

យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗមក​ណែ‌នាំ​បង‌ប្អូន ឱ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ‌គ្រីស្តជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឱ្យ​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើងរុង‌រឿង​របស់​ព្រះ‌អង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
—ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ។
ពាក្យអធិដ្ឋាន

 

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យតែងតាំងព្រះសហគមន៍ ឱ្យស្ថិតនៅលើថ្មគ្រឹះដ៏រឹងមាំ គឺលើជំនឿរបស់សន្តសិលា។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឱ្យរួចផុតពីអន្តរាយគ្រប់បែបយ៉ាង ដែលរារាំងព្រះសហគមន៍សព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

69 Views

Theme: Overlay by Kaira