ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏​អស្ចារ្យ​នៃធម្មវិន័យរបស់ព្រះអង្គ។

១៧សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ
នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១៨សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញ
ភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
១៩ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ
សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។
២០ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។
២១ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង
ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។
២២សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឱ្យមានគេត្មះតិះដៀល
និងមើលងាយទូលបង្គំឡើយ ព្រោះទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។
២៣ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ
ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ
នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
២៤ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់
ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏​អស្ចារ្យ​នៃធម្មវិន័យរបស់ព្រះអង្គ។

សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។

បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! សូមណែនាំទូលបង្គំឱ្យស្គាល់សេចក្ដីពិតរបស់​ព្រះអង្គ។

(ក)

(បទពាក្យ ៧)

១-ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្តផ្ចង់ទាំងគំនិតឥតរវាត
ទៅលើព្រះអង្គមិនឃ្លាងឃ្លាតនឹកហើយគិតទៀតមិនបែកចិត្ត
២-បពិត្រព្រះម្ចាស់ទូលបង្គំពេលនេះរូបខ្ញុំផ្ញើជីវិត
កុំឱ្យទូលបង្គំត្រូវខកចិត្តព្រោះខ្មាំងជុំជិតមានជោគជ័យ
៣-អស់អ្នកសង្ឃឹមលើព្រះអង្គនឹងមិនត្រូវបង់ខកចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃទើបខកចិត្តក្រៃអ្វីក៏គ្មាន
៤-ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
៥-សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
៦-ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
៧-សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចសូមមេត្តា
៨-ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
៩-ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០-មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១-ឱព្រះអម្ចាស់ប្រណីប្រោសកុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់
អំពើទុច្ចរិតមានពីមុនសូមក្រាបកាយលន់តួព្រះម្ចាស់
១២-អស់អ្នកគោរពហើយកោតខ្លាចឫទ្ធីអំណាចបានស្គាល់ច្បាស់
ទ្រង់បង្ហាញផ្លូវឥតក្រឡះដែលគេត្រូវជ្រើសតាមចិន្តា
១៣-នោះគាត់បានសុខមានមង្គលឥតមានខ្វាយខ្វល់គ្រប់វេលា
ពូជពង្សកូនចៅទាំងអស់គ្នាគ្រងស្រុកទុកជាកេរមរត៌ក
១៤-ព្រះតែងសម្តែងភក្តីភាពអ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមណែនាំទូលបង្គំឱ្យស្គាល់សេចក្ដីពិតរបស់​ព្រះអង្គ។

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។

(ខ)

១៥ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។
១៦សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ ហើយប្រណីសន្តោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។
១៨សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ
សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន
គេស្អប់ទូលបង្គំខ្លាំងណាស់។
២០សូមការពារជីវិត និងរំដោះទូលបង្គំផង!
ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
២១ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ
ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។
២២ឱព្រះអម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អម ៤,១៣

មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ព្រះ​ដែល​បង្ហាញ​ឱ្យ​មនុស្ស​ស្គាល់ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គព្រះ​ដែល​ធ្វើ​ឱ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែន‌ដី ព្រះ‌អង្គ​មាន​នាម​ថា​ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

បន្ទរ៖ ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!។
—ចូរសរសើរតម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគាត់ជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមប្រោសឱ្យយើងខ្ញុំចេះចែក​រំលែកនូវជីវិត និងសេចក្តីស្រឡាញ់ ដែលព្រះវិញ្ញាណបានផ្តល់ឱ្យយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អម ៥,៨

ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឱ្យភាពអន្ធការប្រែទៅ​ជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឱ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹក​សមុទ្រ​មកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។

បន្ទរ៖ មាន​ពន្លឺ​រស្មីចិញ្ចែង‌ចិញ្ចាចចាំង​ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។
—ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អម ៩,៦

យើង​បញ្ជា​ឱ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែលក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឱ្យ​ជ្រុះ​ដល់​ដី​ដែរ។

បន្ទរ៖ ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុង​រឿងរបស់​ព្រះ‌ជាម្ចាស់។
—អាកាសវេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្ត អំណត់អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹង ការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

47 Views

Theme: Overlay by Kaira