រដូវធម្មតា
ថ្ងៃពុធ អាទិត្យទី៥
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៩-១៦
វិន័យរបស់ព្រះអម្ចាស់
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ! សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ។
៩ | តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
១០ | ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ! |
១១ | ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ |
១២ | បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ! សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ! |
១៣ | ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។ |
១៤ | ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។ |
១៥ | ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។ |
១៦ | ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ! សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ១៧
ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់
កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! សូមរក្សាជំហានរបស់ទូលបង្គំឱ្យរឹងមាំតាមមាគ៌ារបស់ព្រះអង្គ។
(ក)
(បទពាក្យ ៧)
២- | ឱព្រះអម្ចាស់សូមសណ្តាប់ | ទូលបង្គំប្រាប់សំណូមពរ | |
ដ៏ត្រឹមល្អត្រូវស្រស់បវរ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ។ | |
សូមយកព្រះហឫទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
៣- | សូមរកយុត្តិធម៌ឱ្យខ្ញុំផង | កុំបីសៅហ្មងឬបង់បោះ | |
សូមព្រះអង្គទតឱ្យច្បាស់ចុះ | អ្វីទៅដែលខុសអ្វីត្រឹមត្រូវ | ។ | |
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ | ហើយព្រះអង្គត្រាស់ពិនិត្យនូវ | ||
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ | មិនឃើញអាស្រូវឬឆ្គាំឆ្គង | ។ | |
៤- | ទូលបង្គំខំយកចិត្តទុកដាក់ | តាមបន្ទូលជាក់ព្រះអង្គផង | |
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មង | ដូចមនុស្សយង់ឃ្នងឯទៀតឡើយ | ។ | |
៥- | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
ក៏បោះជំហានដើរតាមក្រោយ | ដោយមិនថ្លោះធ្លោយលំអៀងបែរ | ។ | |
៦- | ឱព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ | |
៧- | ព្រះអង្គតែងតែសង្គ្រោះអ្នក | ដែលមកជ្រកស្នាក់ដោយមេត្តា | |
ក្រោមម្លប់បារមីដ៏អស្ចារ្យ | ឱ្យរួចពីការគាបសង្កត់ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមរក្សាជំហានរបស់ទូលបង្គំឱ្យរឹងមាំតាមមាគ៌ារបស់ព្រះអង្គ។
បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! សូមតើនឡើង សូមសង្រ្គោះទូលបង្គំផង។
(ខ)
៨ | សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា |
៩ | សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។ |
១០ | អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន |
១១ | ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ |
១២ | ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។ |
១៣ | ឱព្រះអម្ចាស់អើយ! សូមតើនឡើង! សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ! សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។ |
១៤ | ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ ដេញពួកគេចេញពីចំណោមមនុស្សលោក។ សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។ |
១៥ | ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមតើនឡើង សូមសង្រ្គោះទូលបង្គំផង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១សល ១,១៣-១៤
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឱ្យមែនទែន កុំភ្លេចខ្លួនឱ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងថានឹងទទួលព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រីស្តនឹងសម្ដែងព្រះអង្គ ឱ្យមនុស្សលោកឃើញ។ ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គនោះឡើយ។
—សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១សល ១,១៥-១៦
ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ព្រះអង្គវិសុទ្ធយ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។
—ហើយឱ្យប្រជារាស្ដ្ររបស់ព្រះអង្គស្រែកហ៊ោឡើងយ៉ាងសប្បាយ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! នៅពេលសម្រាកថ្ងៃត្រង់នេះ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំបានចាប់ផ្តើម។ សូមកែប្រែការខ្វះខាតរបស់យើងខ្ញុំ ហើយសូមជួយណែនាំកិច្ចការរបស់យើងខ្ញុំឱ្យបានសម្រេច ស្របតាមព្រះហឫទ័យរបស់ ព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យក ៤,៧-៨ក.១០
ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ ចូរបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
—គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាមែន!
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!