រដូវធម្មតា
ថ្ងៃពុធ អាទិត្យទី៥
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣៦
អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់
អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។
បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
| ២ | ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា “មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។ |
| ៣ | គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។ |
| ៤ | គេពោលសុទ្ធតែពាក្យកុហកបោកប្រាស គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ |
| ៥ | សូម្បីតែនៅពេលដេក ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។ |
| ៦ | បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៧ | ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ |
| ៨ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ |
| ៩ | ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ |
| ១០ | ដ្បិតព្រះអង្គជាប្រភពនៃជីវិត យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។ |
| ១១ | សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ |
| ១២ | សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ! |
| ១៣ | មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ
គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។
បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន ! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។
(បទកាកគតិ)
| ១- | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងខ្លុយ | ឈឹងស្គរអោនកាយ | |
| សរសើរតម្កើង | ។ | ||
| ១៣- | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន | |
| ខ្លាំងក្លាអស្ចារ្យ | ។ | ||
| ១៤- | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា | |
| ជំទាស់បានឡើយ | ។ | ||
| ១៥- | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ | |
| ក៏ត្រូវអន្តរាយ | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតពេកក្រៃ | |
| អាសូរដល់រាស្ត្រ | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ | |
| កោតខ្លាចព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន ! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។
ទំនុកតម្កើងលេខ ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
| ២ | ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ ! |
| ៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
| ៤ | ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។ |
| ៥ | ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ |
| ៦ | ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ |
| ៧ | ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ! ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង ! |
| ៨ | ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។ |
| ៩ | ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ |
| ១០ | អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់ ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តប ៤,១៥ក.១៦ក.១៨ក.១៩ក)
អ្វីៗដែលកូនមិនចូលចិត្ត ចូរកូនកុំធ្វើការនោះលើអ្នកដទៃឱ្យសោះ! ចូរចែកអាហាររបស់កូនដល់អ្នកដែលឃ្លាន និងចែកសំលៀកបំពាក់ដល់អ្នកដែលគ្មានផង។ ចូរសួរយោបល់ពីអ្នកប្រាជ្ញ។ ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នកគ្រប់កាលៈទេសៈ ចូរទូលអង្វរព្រះអង្គឱ្យតម្រង់ផ្លូវកូន និងប្រោសឱ្យកូនបានសម្រេចគ្រប់កិច្ចការ គ្រប់គម្រោងការរបស់កូន។
បន្ទរ៖ សូមទាក់ទាញចិត្តទូលបង្គំ *ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ហើយឱ្យទូលបង្គំមានជីវិតរស់នៅតាមមាគ៌ារបស់ព្រះអង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសរបស់យើង ហើយគោរពតាមសម្ពន្ធមេត្រីដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ។
| ៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
| ៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
| ៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
| ៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
| ៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
| ៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
| ៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
| ៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
| ៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
| ៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
| ៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
| ៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
| ៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
| ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
| ៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
| ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
| ៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
| ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
| ៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
| និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
| ៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
| ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
| ៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
| នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
| ៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
| ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
| ៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
| ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
| ៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
| ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
| ៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
| ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
| ៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
| ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
| ៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
| ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសរបស់យើង ហើយគោរពតាមសម្ពន្ធមេត្រីដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ។
ពាក្យអង្វរសកល
យើងខ្ញុំសូមអរព្រះគុណព្រះគ្រីស្ត និងសូមលើកតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គបានប្រោសយើងឱ្យបានវិសុទ្ធ និងហៅយើងថាជាបងប្អូនរបស់ព្រះអង្គ។
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយបងប្អូនយើងខ្ញុំ ឱ្យបានរីកចម្រើនឡើងក្នុងភាពដ៏វិសុទ្ធផង។
ដោយរួមចិត្តគំនិតគ្នាតែមួយ យើងខ្ញុំសូមឧទ្ទិសដល់ថ្ងៃចាប់ផ្តើមថ្មីនេះ ដើម្បីលើកតម្កើងព្រះកិត្តិនាមព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តពេញមួយថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ)
ថ្ងៃនីមួយៗសម្តែងនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់សុភមង្គល និងសុខមាលភាពរបស់យើងខ្ញុំ
—សូមឱ្យយើងខ្ញុំបន្តលើកតម្កើងសិរីរុងរឿងព្រះអង្គជារៀងរាល់ថ្ងៃផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គនៅក្នុងមនុស្សទាំងអស់
—ជាពិសេសអ្នកក្រីក្រ និងអស់អ្នកដែលរងទុក្ខលំបាកផង។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំរស់នៅក្នុងសេចក្តីសុខសាន្តជាមួយមនុស្សទាំងអស់
—ដោយមិនប្រព្រឹត្តអំពើអាក្រក់តបនឹងសេចក្តីអាក្រក់ឡើយ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ជាព្រះសង្រ្គោះ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំនៅព្រឹកនេះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យរស់នៅក្នុងពន្លឺ និងសេចក្តីពិតនៅក្នុងព្រះអង្គ។ យើងខ្ញុំបានកើតម្តងទៀត ជាបុត្រធីតានៃពន្លឺ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីរបស់ព្រះអង្គនៅចំពោះមុខមនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
