រដូវធម្មតា
សន្តីស្កូឡាស្ទិក ជាព្រហ្មចារិនី
(រំឭកចាំបាច់)
ថ្ងៃចន្ទ អាទិត្យទី៥
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៩,៨-១៥
សូមសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានធម្មវិន័យនៃសេចក្តីស្រឡាញ់មកយើង
ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ (មថ ៥,៤៨)។
បន្ទរទី១ ៖ ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមានកម្លាំងចិត្ត ហើយពន្លឺរបស់ព្រះអង្គ ធ្វើឱ្យភ្នែកបានភ្លឺ។
៨ | ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា |
៩ | បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។ |
១០ | ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។ ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ |
១១ | គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។ |
១២ | ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។ |
១៣ | គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត ដោយអចេតនានោះបានឡើយ សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។ |
១៤ | សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ |
១៥ | ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ! សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមានកម្លាំងចិត្ត ហើយពន្លឺរបស់ព្រះអង្គ ធ្វើឱ្យភ្នែកបានភ្លឺ។
ទំនុកតម្កើងលេខ ៧
ពាក្យអធិដ្ឋានរបស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ដែលត្រូវគេនិយាយមួលបង្កាច់
ដ្បិតព្រះជាម្ចាស់ ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។
បន្ទរទី២ ៖ ព្រះអម្ចាស់នឹងយាងមកជាចៅក្រមដ៏សុចរិតរបស់ប្រជាជន។
(ក)
(បទពាក្យ ៧)
២- | ឱព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំសូមពឹងហើយលើព្រះអង្គ | |
សង្គ្រោះរំដោះនិងទ្រទ្រង់ | រួចពីអន្លង់អ្នកបៀតបៀន | ។ | |
៣- | ក្រែងលោគេហែកទូលបង្គំ | ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន | |
នោះគ្មាននរណាអាចនឹងហ៊ាន | រំដោះឱ្យបានរួចជីវិត | ។ | |
៤- | ឱព្រះអម្ចាស់ទូលបង្គំ | ប្រសិនបើខ្ញុំបានប្រព្រឹត្ត | |
ដូចពាក្យគេថាដោយគ្មានគិត | ប្រឡាក់ដាមដិតក្តីកខ្វក់ | ។ | |
៥- | ប្រសិនបើទូលបង្គំបាន | ប្រព្រឹត្តសាមាន្យចិត្តអាក្រក់ | |
តបនឹងមិត្តភក្តិដោយគំរក់ | រឹបអូសលួចឆក់យកទ្រព្យា | ។ | |
៦- | សូមឱ្យសត្រូវខ្មាំងដេញទាន់ | និងឱ្យគេជាន់ឈ្លីប្រហារ | |
ព្រមទាំងកិត្តិយសខ្ញុំនេះណា | ទម្លាក់អាត្មាក្នុងភក់ចុះ | ។ | |
៧- | ឱព្រះអម្ចាស់សូមតើនឡើង | ពិរោធឱ្យប៉ើងតបចំពោះ | |
អំពើឃោរឃៅសត្រូវនោះ | ដ្បិតអង្គសប្បុរសតែងតាំងច្បាប់ | ។ | |
៨- | សូមឱ្យប្រជាជាតិនានា | ចោមរោមនាំគ្នាមកត្រងត្រាប់ | |
ជុំវិញព្រះអង្គល្អគួរគាប់ | លើអស់មនុស្សសព្វសត្វនានា | ។ | |
៩- | ព្រះអង្គជាចៅក្រមវិនិច្ឆ័យ | ប្រជាប្រុសស្រីគ្រប់អង្គា | |
ព្រះអម្ចាស់អើយសូមមេត្តា | ទូលបង្គំនេះណាអ្នកស្លូតត្រង់ | ។ | |
១០- | សូមឈប់ធ្វើអំពើទុច្ចរិត | ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង | |
បពិត្រព្រះដ៏សុចរិតថ្កើង | សូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់នឹងយាងមកជាចៅក្រមដ៏សុចរិតរបស់ប្រជាជន។
បន្ទរទី៣ ៖ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត និងមានឫទ្ធានុភាពខ្លាំងក្លា ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់។
(ខ)
១១ | ព្រះជាម្ចាស់ជាខែលការពារខ្ញុំ ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។ |
១២ | ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត ព្រះអង្គតែងតែដាក់ទោស អ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។ |
១៣ | មនុស្សអាក្រក់មិនដូរគំនិតទេ គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់ |
១៤ | គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។ |
១៥ | អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។ |
១៦ | អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។ |
១៧ | អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ |
១៨ | ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត និងមានឫទ្ធានុភាពខ្លាំងក្លា ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១៣,៨.១០
មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមគម្ពីរវិន័យសព្វគ្រប់ហើយ។ អ្នកមានចិត្តស្រឡាញ់ មិនដែលប្រព្រឹត្តអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដូច្នេះសេចក្ដីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ។
—ឱព្រះសង្គ្រោះអើយ! សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យក ១,១៩-២០.២៦
បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើនរណាម្នាក់នឹកស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។
—ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១សល ១,១៧ខ-១៩
ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឱ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
—ទូលបង្គំនឹងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គ យាងចុះមកសណ្ឋិតលើអស់អ្នកដែលបានហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!