នរវិទ្យា
អ្វីទៅជាមនុស្ស?
និពន្ធដោយលោកបូជាចារ្យ Bernard Sesboué,
« L’homme, merveille de Dieu »
បព្វជិតក្រុមគ្រួសារសហជីវិនព្រះយេស៊ូ (Jesuit)
កែសម្រួលដោយលោកបូជាចារ្យ
ហ្រ្វង់ស័រ អេមេល្សដាល (MEP)
ទំនុកតម្កើងរបស់ស្តេចដាវីឌ៖ សិរីរុងរឿងរបស់ព្រះជាម្ចាស់និងកិត្តិយសរបស់មនុស្ស (៨)
១ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល!
២ ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
៣ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និង ទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឲ្យវិនាសសាបសូន្យទៅ។
៤ ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះច័ន្ទ និង ហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
៥ ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ?
៦ ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាងទេវតា តែបន្តិចប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង និង កិត្តិយសដល់គេ ទុកជាមកុដរាជ្យ។
៧ ព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ
៨ គឺទាំងចៀម ទាំងគោ និង សត្វព្រៃទាំងប៉ុន្មាន
៩ ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និង សត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០ បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល!
សេចក្ដីផ្តើម
សូមមិត្តអ្នកអានកុំភ្លេចយក ព្រះគម្ពីរ លទ្ធិគ្រីស្តសាសនា និងឯកសារ “អំណរ និងសេចក្ដីសង្ឃឹម” Gaudium et Spes ដើម្បីយល់មេរៀនរបស់យើងអោយបានកាន់តែច្បាស់។
តាំងពីពេលដែលមានមនុស្សនៅលើផែនដី មនុស្សទាំងអស់តែងតែសួរខ្លួនឯង អំពីអត្តសញ្ញាណរបស់ខ្លួនឯង៖ តើមនុស្សជានរណា? អ្វីទៅជាមនុស្ស? តើមនុស្សមកពីណា និងទៅណា? មនុស្សជាអាឋ៌កំបាំងសម្រាប់ខ្លួនឯង គឺមនុស្សស្វែងរកអំពីខ្លួនឯងជារៀងរហូត ដោយមិនចេះឈប់ ដើម្បីយល់អំពីខ្លួនឯងកាន់តែស៊ីជម្រៅៗ។
តាំងពីសតវត្សរ៍ទី១៩ ជាពិសេសនៅសតវត្សរ៍ទី២០ អ្នកស្រាវជ្រាវជាច្រើនបានបង្កើតមុខវិជ្ជាផ្សេងៗ ដើម្បីស្វែងរកអំពីអត្ថន័យ និងគោលដៅនៃជីវិតរបស់មនុស្ស។
១. មុខវិជ្ជាផ្សេងៗដែលសិក្សាអំពីអត្តសញ្ញាណរបស់មនុស្ស
១. វិទ្យាពេទ្យ៖ វិទ្យាពេទ្យជាសិល្បៈ និងជាវិទ្យសាស្រ្ត ដើម្បីជួយបម្រើសុខភាពរបស់មនុស្ស។ តាំងពីសតវត្សរ៍ទី២០ ដោយសារវិជ្ជាពេទ្យបានរីកចម្រើនជាច្រើន សព្វថ្ងៃ ពួកលោកគ្រូពេទ្យអាចធ្វើអោយអ្នកចាស់ជរា ឬអ្នកជំងឺ ដែលមិន ដឹងខ្លួន នៅតែមានជីវិតនៅឡើយ ឬពួកគេអាចធ្វើអោយមនុស្សបង្កើតកូន ដោយប្រើវិទ្យាសាស្រ្តប៉ុណ្ណោះ ដោយមិនចំបាច់អោយមនុស្សប្រុស និងមនុស្សស្រីរួមរស់ជាមួយគ្នា។ ដូច្នេះ វិជ្ជាពេទ្យនាំអោយមនុស្សសួរខ្លួនឯងអំពីអត្ថសញ្ញាពិតប្រាកដរបស់ខ្លួនឯង។
២. ប្រវិត្តិសាស្រ្ត៖ មនុស្សស្វែងរកអំពីប្រវត្តិសាស្រ្តរបស់ខ្លួនឯងតាំងពីកំណើតអារ្យធម៌មកម្លេះ។ អ្នកស្រាវជ្រាវខាងប្រវត្តិសាស្រ្តមិនគ្រាន់តែចង់ស្គាល់អំពីអតីតកាល ប៉ុន្តែ ពួកគេចង់ផ្តល់អត្ថន័យដល់ហេតុការផ្សេងៗនៃអតីតកល។ ពេលនោះ អ្នកស្រាវជ្រាវខាងប្រវត្តិសាស្រ្តអាចទៅជាទស្សនវិទូ គឺពួកគេផ្តល់អត្ថន័យដល់ជីវិតមនុស្សដែរ។
៣. បុរាណវិទ្យា៖ អ្នកបុរាណវិទ្យា ដូចជា លោក André Leroi-Gourhan (1911-1986) ចង់សិក្សាអំពីមនុស្ស ដោយប្រៀបធៀបមនុស្ស និងសត្វ។ តើមនុស្សជាសត្វ ឬទេ? តើមនុស្សប្លែកពីសត្វត្រង់ណា? សព្វថ្ងៃ អ្នកខ្លះអះអាងថា មនុស្សមិនសូវខុសគ្នាប៉ុន្មានពីសត្វស្វាម្យ៉ាង។
៤. វប្បកម្ម៖ អ្នកស្រាវជ្រាវខាងវប្បធម៌ចង់យល់អំពីវប្បធម៌ផ្សេងៗរបស់មនុស្សគ្រប់សម័យ ក្នុងពិភពលោកទាំងមូល។ លោក Claude Lévi-Strauss (1908-2009) ចង់ប្រៀបធៀបមនុស្សជាមួយមនុស្ស តាមប្រទេសរៀងៗខ្លួន ដោយសិក្សាអំពីរបៀបរស់នៅជាមួយគ្នា អំពីភាសា អំពីច្បាប់នានា អំពីរបៀបរៀបអាពាហ៍ពិពាហ៍ ល។ល។ ពួកអ្នកស្រាវជ្រាវវប្បធម៌ចង់យល់អំពីរបៀបរស់នៅផ្សេងៗរបស់មនុស្ស។
៥. ចិត្តវិទ្យា៖ ជាមួយលោក Sigmund Freud (1856-1939) អ្នកស្រាវជ្រាវខាងចិត្តវិទ្យាបានសិក្សាអំពីសតិសម្បជញៈរបស់មនុស្ស។ សព្វថ្ងៃ អ្នកខ្លះអះអាងថា យើងអាចពន្យល់អំពីអាកប្បកិរិយារបស់មនុស្ស ដោយសារតែសតិសម្បជញ្ញៈ របស់គេ។
៦. ជីវិតខាងផ្លូវភេទ៖ សព្វថ្ងៃ មានអ្នកវិទ្យាសាស្រ្តខ្លះអះអាងថា មនុស្សម្នាក់ទៅជាមនុស្សប្រុស ឬមនុស្សស្រី ដោយសារសង្គម និងវប្បធម៌ ដោយមិនរាប់អំពីអត្តសញ្ញាណខាងផ្លូវកាយរបស់ខ្លួន (Gender)។ ម្យ៉ាងទៀត យើងសួរខ្លួនឯងកាន់តែច្រើនៗអំពីបញ្ហាផ្សេងៗទាក់ទងនឹងជីវិតខាងផ្លូវភេទ -ឧ. ហេតុអ្វី បានជាមានប្រុសស្រលាញ់ប្រុស ឬស្រីស្រឡាញ់ស្រី? ល។ល-។
៧. វិទ្យសាស្រ្តខាងសាសនា៖ អ្នកស្រាវជ្រាវខាងសាសនាចង់សិក្សាអំពីទំនាក់ទំនងរវាងមនុស្ស និងព្រះ ដែលជាលក្ខណៈពិសេសមួយរបស់មនុស្ស។ មានលោក Mircea Eliade (1907-1986) និងលោក Gérard Van der Leeuw (1890-1950)។
លោក Karl Rahner ធ្លាប់និយាយថា អ្នកស្រាវជ្រាវទាំងអស់នោះ សិក្សាអំពីមនុស្ស តាមលក្ខណៈមុខវិទ្យានីមួយៗ៖ ពួកគេចង់យល់អំពីអត្តសញ្ញាណរបស់មនុស្សខាងប្រវត្តិសាស្រ្ត ខាងផ្លូវពេទ្យ ខាងសាសនា ជាដើម។ ប៉ុន្តែ មានពេលខ្លះ អ្នកស្រាវជ្រាវខ្លះ ចង់យកមុខវិជ្ជារបស់ខ្លួន ដើម្បីពន្យល់អំពីអត្តសញ្ញាណទាំងស្រុងរបស់មនុស្ស រហូតដល់ទៅជាមនោគមវិជ្ជា។ តាមការពិត ពុំមានមុខវិជ្ជាតែមួយទេ ដែលអាចពន្យល់អំពីអាថ៌កំបាំងរបស់មនុស្ស។
ក្នុងសៀវភៅ “ក្បូនមូលដ្ឋាននៃជំនឿ” (Fundamental Treaty of Faith) លោកប្រើមុខវិជ្ជាទាំងប៉ុន្មានខាងលើនេះ ដើម្បីប្រកាសដំណឹងល្អ អោយមនុស្សម្នា ដែលមានចិត្តទូលាយ អាចទទួលស្គាល់សេចក្ដីពិត។ លោកចាប់ផ្តើមពីជម្រៅចិត្តរបស់មនុស្ស ដែលមានបទពិសោធន៍អំពីលក្ខណៈហួសពីធម្មជាតិរបស់ខ្លួន ដើម្បីបង្ហាញថា ព្រះជាម្ចាស់ត្រាស់ហៅមនុស្សអោយរួមរស់ជាមួយព្រះអង្គ។
២. អ្វីទៅជាមនុស្ស? ទស្សនវិទ្យា និងទេវវិទ្យា
ពួកទស្សនវិទូ និងពួកទេវវិទូ មានសំណួរដូចៗគ្នា៖ អ្វីទៅជាមនុស្ស? ហេតុអ្វី បានជាមានមនុស្សនៅលើផែនដី? ហេតុអ្វី បានជាមនុស្សចេះតែមានសំណួរអំពីខ្លួនឯង? តើមនុស្សមានសេរីភាពពេញលេញ ឬតើមនុស្សជាប្រដាប់លេងរបស់សតិសម្បជញ្ញៈរបស់ខ្លួនឯង? ហេតុអ្វី បានជាមនុស្សអាចស្រឡាញ់ និងអាចធ្វើអំពើអាក្រក់? ល។ល។
ប៉ុន្តែ ពួកទស្សនវិទូមិនព្រមឆ្លើយនឹងសំណួរទាំងអស់នោះ ដោយយកជំនឿទៅលើព្រះណាមួយជាជំនួយ។ ពួកទស្សនវិទូរិះគិតអំពីមនុស្ស ដោយប្រើប្រាជ្ញាតែប៉ុណ្ណោះ។ ប្រាជ្ញាជាកត្តារួម ដែលមនុស្សគ្រប់ៗរូប គ្រប់អារ្យធម៌ គ្រប់សាសនា អាចទទួលបាន ដើម្បីជួយឆ្លើយនឹងសំណួរទាក់ទងនឹងអត្ថសញ្ញាណរបស់មនុស្ស។ ជំនឿប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេង ដោយសារយើងមិនអាចបង្ហាញភស្តុតាងតាមវិទ្យាសាស្រ្តអំពីវត្តមានរបស់ព្រះ។
ចំពោះពួកទេវវិទូវិញ ពួកគេឆ្លើយនឹងសំណួរខាងលើទាំងអស់នោះ ដោយយកជំនឿទៅលើព្រះជាជំនួយ។ ពួកគេយល់ឃើញថា មានអ្វីមួយក្នុងដួងចិត្តរបស់មនុស្ស ដែលធ្វើអោយមនុស្សប្លែកពីសត្វ ហើយដែលធ្វើអោយមនុស្សមានតម្លៃដ៏លើសលប់ និងដ៏សក្ការៈ។ លោក ប៉ាស្កាល ធ្លាប់និយាយថា “មនុស្សហួសពីមនុស្ស” គឺលោកចង់និយាយថា មនុស្សជាសត្វ ដែលមានប្រាជ្ញា ធ្វើអោយមនុស្សតែងតែស្វែងរកអំពីអត្ថន័យនៃអ្វីៗទាំងអស់។ ទាល់តែបានរកឃើញអត្ថន័យ ទើបមនុស្សមានសុភមង្គល។ ជាពិសេស សម្រាប់យើងជាគ្រីស្តបរិស័ទ ក្នុងសៀវភៅនេះ យើងនឹងរិះគិតអំពីអត្តសញ្ញាណរបស់មនុស្ស ដោយយកជំនឿទៅលើព្រះយេស៊ូគ្រីស្តជាចម្លើយ ដ្បិតយើងជឿថា ព្រះជាម្ចាស់យាងមកក្នុងលោកនេះ ដើម្បីបង្ហាញអំពីអ្វីទៅជាមនុស្ស។ យើងជឿថា៖ ព្រះជាម្ចាស់បង្កើតមនុស្ស ដើម្បីព្រះអង្គ។ ព្រះអង្គសព្វព្រះហឬទ័យត្រាស់ហៅមនុស្សអោយទទួលព្រះជន្មរបស់ព្រះអង្គផ្ទាល់។ ទោះបីមនុស្សបានប្រព្រឹត្តអំពើបាបក៏ដោយ ក៏ព្រះ អង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីសង្រ្គោះគាត់។ មានតែនៅក្នុងអង្គព្រះគ្រីស្តនេះហើយ ដែលមនុស្សមានសុភមង្គលពេញលេញ។ ព្រះជាម្ចាស់ចាប់អារម្មណ៍នឹងមនុស្ស ព្រះអង្គក៏ស្រលាញ់មនុស្សរហូតដល់ប្រគូលព្រះបុត្រានេះអោយមនុស្ស។ នៅក្នុងអង្គព្រះគ្រីស្ត មនុស្សជាស្នូលនៃគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។
៣. ធម្មនុញ្ញ “អំណរ និងសេចក្ដីសង្ឃឹម” (Gaudium et Spes)
ដោយយាងមកក្នុងលោកនេះ ព្រះជាម្ចាស់មិនគ្រាន់តែសម្ដែងអំពីព្រះអង្គផ្ទាល់ (ព្រះជាម្ចាស់ជាព្រះត្រៃឯក) តែព្រះអង្គបង្ហាញអំពីអ្វីទៅជាមនុស្ស។ ដោយសារព្រះគ្រីស្ត យើងមិនអាចស្គាល់មនុស្ស បើយើងមិនស្គាល់ព្រះជាម្ចាស់ ហើយយើងមិនអាចស្គាល់ព្រះជាម្ចាស់ ដោយមិនស្គាល់មនុស្ស។ តាមមហាសន្និបាតវ៉ាតីកង់ទី២ នៅឆ្នាំ១៩៦៥៖
“ក៏ប៉ុន្តែ អ្វីទៅមនុស្ស? មនុស្សយើងបានផ្តល់យោបល់ផ្សេងៗជាច្រើនអំពីខ្លួនផ្ទាល់ ជួនកាលជាចម្លើយផ្ទុយគ្នា គឺថា ជួនកាលមនុស្សលើកតម្កើងខ្លួនឯង ទុកជាក្បួនវិន័យដាច់ខាតលើអ្វីៗទាំងអស់ ជួនកាលមនុស្សបន្ទាបខ្លួនរហូតដល់អស់សង្ឃឹម។ ហេតុនេះហើយ បានជាមនុស្សនៅតែមានចិត្តសង្ស័យ និងតប់ប្រមល់។ ព្រះសហគមន៍ក៏ចាប់អារម្មណ៍យ៉ាង ខ្លាំងនឹងការពិបាកទាំងនោះ។ ព្រះសហគមន៍មានសមត្ថភាពអាចតបចម្លើយបានទៅសំណួរទាំងនោះ ព្រោះព្រះជាម្ចាស់បានបង្រៀនព្រះសហគមន៍ ដោយសម្តែងសេចក្តីពិតអំពីព្រះអង្គឲ្យស្គាល់តាមព្រះគម្ពីរ។ តាមព្រះគម្ពីរមានចែងអំពីលក្ខណៈដ៏ពិតប្រាកដរបស់មនុស្ស គឺមានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សទន់ខ្សោយមែនហើយ តែនៅពេលជាមួយ គ្នានេះ ត្រូវទទួលស្គាល់យ៉ាងត្រឹមត្រូវ នូវតម្លៃដ៏ថ្លៃថ្នូរ និងគោលដៅនៃជីវិតរបស់គាត់ តាមព្រះជាម្ចាស់កំណត់ទុក”[1]។
ហេតុនេះ ព្រះសហគមន៍ ដែលជា “អ្នកជំនាញក្នុងការស្គាល់មនុស្សជាតិ” តាមពាក្យរបស់សម្ដេចប៉ាប ប៉ូលទី៦ នៅឆ្នាំ១៩៦៥ អះអាងថា ព្រះគ្រីស្តសម្ដែងអំពីអត្តសញ្ញាណរបស់មនុស្សយើង។ យើងអាចមានបទពិសោធន៍បញ្ជាក់អំពី អ្វីដែលព្រះជាម្ចាស់សម្ដែងអោយយើងស្គាល់ (GS ១៣, ក)។ ពេលនោះ យើងអាចយល់ឃើញថា អ្វីដែលព្រះជាម្ចាស់សម្ដែងជាសេចក្ដីពិត ។
ដូច្នេះហើយ បានជាយើងអាចនិយាយថា នរវិទ្យាដូចជា “ទេវវិទ្យានៃមនុស្ស” គឺយើងនឹងសិក្សាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស ដើម្បីយល់អំពីមនុស្ស។ យើងនឹងប្រើឯកសារ “អំណរ នឹងសេចក្ដីសង្ឃឹម” របស់សន្និបាតវ៉ាទីកង់ទី២ ដើម្បីជួយបំភ្លឺយើង។ ឯកសារនេះ មានចំពោះមនុស្សទាំងអស់ ទោះបីពួកជាគ្រីស្តបរិស័ទ ឬទេ អោយតែពួកគេ មានចិត្តទូលាយ។
៤. រចនាសម្ព័ន្ធនៃមេរៀនរបស់យើង
ការសិក្សាររបស់យើងនឹងចែកជាបីភាគ៖
១. មនុស្ស ដែលព្រះជាម្ចាស់បង្កើត៖ តាមគម្រោងការណ៍ដើមរបស់ព្រះជាម្ចាស់ តើមនុស្សជានរណា? ហេតុអ្វី បានជាព្រះជាម្ចាស់បានបង្កើតមនុស្ស? តើព្រះជាម្ចាស់បានបញ្ចប់បង្កើតមនុស្ស ឬទេ? តើមនុស្សមកពីណា? ទៅណា? តើមនុស្សជាសត្វលោកដូចសត្វលោកឯទៀតៗ ឬទេ?
២. មនុស្ស ដែលប្រព្រឹត្តអំពើបាប៖ មនុស្សយើងគ្រប់គ្នាដកពិសោធន៍អំពីទុក្ខលំបាក និងអំពើបាប។ មនុស្ស យើងចង់បានសុភមង្គល និងជីវិតដ៏ពេញលក្ខណៈ ប៉ុន្តែ យើងយល់ឃើញថា យើងមិនអាចសម្រេចតាមគោលដៅនេះ បានឡើយ ព្រោះកំណត់ព្រំដែនរបស់យើងជាសត្វលោក ឬព្រោះតែអំពើបាបរបស់យើង។ ហេតុអ្វី បានជាមានជំងឺ សង្រ្គាម អំពើហិង្សារ និងសេចក្ដីស្លាប់? ហេតុអ្វី បានជាមនុស្សយើងធ្វើអំពើអាក្រក់?
៣. មនុស្ស ដែលព្រះជាម្ចាស់សង្រ្គោះ៖ តាមជំនឿរបស់យើងជាគ្រីស្តបរិស័ទ យើងជឿថា លោកយេស៊ូពីភូមិណាសារែតជាព្រះគ្រីស្ត គឺព្រះយេស៊ូជាព្រះសង្រ្គោះ។ តើព្រះយេស៊ូសង្រ្គោះយើងពីអ្វីខ្លះ? តើព្រះអង្គសង្រ្គោះយើងយ៉ាងដូចម្ដេច? តើព្រះយេស៊ូជានរណា និងបំភ្លឺយើងអំពីអត្តសញ្ញាណរបស់យើងផ្ទាល់យ៉ាងដូចម្ដេច?
[1] អំណរ និង សេចក្តីសង្ឃឹម Gaudium et Spes ១២, ខ
ភាគទី១៖
មនុស្សដែលព្រះជាម្ចាស់បង្កើតមក
ជំពូកទី១៖
“កាលពីដើមដំបូងបង្អស់”
១. កំណើតរបស់មនុស្សតាមព្រះគម្ពីរ
ពេលយើងបើកព្រះគម្ពីរ មានអត្ថបទរៀបរាប់អំពីដើមកំណើតនៃពិភពលោក និងមនុស្ស៖ កណ ១-២។ យើងអាចសង្កេតឃើញថា មានអត្ថបទពីរ (កណ ១, ១-២,៤ក និង កណ ២, ៤ខ-២៥) ដែលមានលក្ខណៈផ្សេង ឬផ្ទុយពីគ្នា។ ម្យ៉ាងទៀត យើងអាចយល់ឃើញថា អត្ថបទទាំងពីរនោះ រៀបរាប់អំពីកំណើតពិភពលោក និងមនុស្ស តាមរបៀបផ្សេងពីការស្រាវជ្រាវតាមវិទ្យាសាស្រ្ត បច្ចុប្បន្នកាល៖ គឺតាមអ្នកស្រាវជ្រាវ អ្វីៗទាំងអស់កើតមកពីការផ្ទុះឡើងដើមដំបូង (Big Bang) ហើយបានវិវត្តបន្តិម្តងៗជារាប់លានឆ្នាំមករហូតដល់សព្វថ្ងៃ។
តាមការពិត អ្នកប្រាជ្ញជនជាតិអ៊ីស្រាអែល ដែលបាននិពន្ធអត្ថបទទាំងពីរនោះ ពុំមានបំណងចង់ពន្យល់កំណើតពិភពលោកតាមវិទ្យសាស្រ្ត ប៉ុន្តែ ពួកគេបានបង្កើតរឿងប្រឌិត ដើម្បីព្យាយាមពន្យល់ និងផ្តល់អត្ថន័យដល់កំណើតពិភពលោក និងមនុស្ស។ តាមវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវចង់ឆ្លើយនឹងសំណួរថា៖ តើពិភពលោក និងមនុស្សកើតមកយ៉ាងដូចម្ដេច? ប៉ុន្តែ តាមព្រះគម្ពីរ អ្នកនិពន្ធចង់ឆ្លើយនឹងសំណួរថា៖ ហេតុអ្វី បានជា មានពិភពលោក និងមនុស្ស?
១.១. កណ ១, ១-២, ៤ក
តាម កណ ១, ១-២, ៤ក អ្នកនិពន្ធបានសសេរអត្ថបទនេះប្រហែលជា៦០០ឆ្នាំក្រោយ អត្ថបទទីពីរ (កណ ២, ៤ខ-២៥)។ កណ ១ ជាពាក្យកំណាព្យដ៏ពិរោះមួយ ដែលមាន៦វគ្គ ហើយដែលមានបន្ទរមួយ “ល្អប្រសើរ” និង “ល្អប្រសើរបំផុត”។ ព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ ដោយវែកញែកពន្លឺ និងភាពងងឹត ទឹក និងដី... គឺព្រះអង្គរៀបចំអ្វីៗទាំងអស់ ដោយមានសណ្ដាប់ធ្នាប់ (“នៅគ្រានោះផែនដីគ្មានរូបរាង”)។ មនុស្សជាកំពូល និងគោលដៅនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គាត់ ដ្បិតមនុស្សជា “រូបតំណង និងមានលក្ខណៈ” ដូចព្រះអង្គ (១,២៦)។ ម្យ៉ាងទៀត ព្រះអង្គបង្កើតមនុស្សជាបុរស ជាស្រ្តី ដែលមានលក្ខណៈប្លែកពីគ្នា ដូចនៅក្នុងអង្គព្រះអង្គដែរ (“យើង”)។ ព្រះជាម្ចាស់បញ្ជាអោយមនុស្សកើនឡើងដូចសត្វដែរ ប៉ុន្តែព្រះអង្គប្រោសមនុស្សអោយមានអំណាចលើអ្វីៗទាំងអស់ គឺអោយមនុស្សចេះទទួលខុសត្រូវ និងថែទាំអ្វីៗទាំងអស់អោយបានល្អ (១,២៨)។ ទីបញ្ចប់ ព្រះជាម្ចាស់សម្រាកថ្ងៃទីប្រាំពីរ គឺមនុស្សត្រូវគោរពថ្ងៃសម្រាកនេះ។
១.២. កណ ២, ៤ខ-២៥
កណ ២, ៤ខ-២៥ ជាអត្ថបទបុរាណជាងគេ។ នៅទីនេះ ព្រះជាម្ចាស់បង្កើតមនុស្សមុននឹងសត្វ។ ព្រះជាម្ចាស់ដូចជាអ្នកថែទាំសួនច្បារ ព្រះអង្គសូនមនុស្សដោយដី និងផ្លុំខ្យល់ដង្ហើមអោយ (មនុស្សជារូបកាយផង ជាវិញ្ញាណផង)។ ព្រះអង្គប្រគល់សួនច្បារដ៏ល្អឥតខ្ចោះអោយមនុស្ស ដោយមានដើមឈើពិសេសមួយ គឺដើមឈើ ដែលនាំអោយស្គាល់ល្អ និងស្គាល់អាក្រក់ (មានកំណត់ព្រំដែន)។ ក្រោយពីបានបង្កើតសត្វ ព្រះអង្គបង្កើតមនុស្សស្រី ដើម្បីជាជំណួយ។ ព្រះអង្គធ្វើអោយមនុស្សដេកលង់លស់បាត់ស្មារតី (ស្រ្តីជាព្រះអំណោយទាន) យកឆ្អឹងជំនីរមួយ (គឺដូចបេះដូង) របស់គាត់។ ពេលដឹងខ្លួនឡើងវិញ មនុស្សប្រុសពោលឡើងថា៖ “លើកនេះពិតជាឆ្អឹង ដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ” (ស្រ្តីមានតម្លៃស្មើនឹងបុរស)។ ហេតុនេះបុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ នៅទីនេះដែរ ព្រះជាម្ចាស់បង្កើតមនុស្សប្រុស និងមនុស្សស្រី ដើម្បីអោយគេស្រលាញ់គ្នា រៀបការ រួមរស់ជាមួយគ្នា និងបង្កើតក្រុមគ្រួសារ។
២. តាមលទ្ធិគ្រីស្តសាសនា
សូមអានលទ្ធិគ្រីស្តសាសនាពីលេខ ២៧៩ ដល់លេខ ៣២៤ ហើយពីលេខ ៣៣៧ ដល់លេខ ៣៨៤
៣. មនុស្សមិនមែនជាដើមកំណើតរបស់ខ្លួនឯង
៣.១. មានតែព្រះជាម្ចាស់ទេ ដែលមានព្រះជន្ម
ពេលយើងអានអត្ថបទគម្ពីរទាំងពីរខាងលើនេះ យើងយល់ឃើញថា មនុស្សជាសត្វលោករបស់ព្រះជាម្ចាស់ ហើយទោះបីមនុស្សជាកំពូលនៃអ្វីៗទាំងអស់ ក៏មនុស្សគ្រាន់តែជាសត្វលោក។ មនុស្សយើងបានទទួលអ្វីៗទាំងអស់ តាំងពីកំណើតមកម្លេះ យើងមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯង សម្បីតែឈ្មោះរបស់យើង ក៏យើងមិនបានជ្រើសរើសដែរ។ នៅពេលជាមួយគ្នានេះ យើងមានបទពិសោធន៍ថា យើងមានបំណងប្រាថ្នា ដែលគ្មានព្រំដែន យើងចង់បានជីវិតអមតៈ យើងចង់បានអ្វីៗទាំងអស់ ដូចជាអំណាច កិត្តិយស ទ្រព្យសម្បត្តិ ជាដើម។ សរុបសេចក្ដី យើងចង់ទៅជាព្រះ ប៉ុន្តែ យើងមិនអាចធ្វើបានឡើយ។
ព្រះជាម្ចាស់បានបង្កើតមនុស្ស មានន័យថា មនុស្សមិនមែនជាព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេ ដែលមានព្រះជន្ម (សរ ៣, ១៤)។ ក្រៅពីព្រះជាម្ចាស់ គ្មានអ្វីទាល់តែសោះ។ សន្តី Catherine de Sienne ធ្លាប់និយាយថា ព្រះជាម្ចាស់ មានព្រះបន្ទូលទៅគាត់ថា “យើងមានព្រះជន្មគង់នៅ ឯនាងក៏គ្មានជីវិតក្រៅពីយើង”។ ព្រះជាម្ចាស់បង្កើតមនុស្ស ដោយ មិនប្រើអ្វីសោះ (ex nihilo)។ ព្រះជាម្ចាស់បង្កើតមនុស្ស ដូចនៅពេលសមុទ្រដកចេញ ធ្វើអោយមានឆ្នេរ។
ហេតុនេះហើយ បានជាមនុស្សអាចមានការព្រួយបារម្មណ៍ ឬតប់ប្រមល់ ដ្បិតយើងមិនយល់អំពីអត្តសញ្ញាណ ឬគោលដៅរបស់ខ្លួនង៖ “នៅពេលជាមួយគ្នានេះ មនុស្សម្នាក់ៗនៅតែមិនសួរអំពីអត្ថន័យនៃជីវិតរបស់ខ្លួនជាសំណួរ ដែលគេយល់ឃើញយ៉ាងស្រពិចស្រពិល” (GS ២១, ឃ)។ ម្យ៉ាងទៀត មនុស្សគ្រប់ៗរូបចង់បានសុភមង្គល ប៉ុន្តែ គ្មាននរណា ម្នាក់អាចសម្រេចតាមគោលដៅ។ មនុស្សចង់សង្រ្គោះខ្លួនឯង ដោយពឹងផ្អែកលើខ្លួនឯង គឺយើងមិនចង់អោយម្នាក់ផ្សេងជួយ។ យើងចង់បានសេរីភាព និងឯករាជ្យ។ តាមការពិត ដូចលោក Rahner ធ្លាប់សសេរ៖ យើងមិនយល់ថា អ្នកណាយកព្រះជាម្ចាស់ជាទីពឹង អ្នកនោះមានសេរីភាពពេញលេញ។ ក៏ប៉ុន្តែ ពេលយើងមើលឃើញព្រះគ្រីស្ត មានតែព្រះអង្គទេ ដែលមានសេរីភាពពេញលេញ ដោយសារព្រះអង្គសុខចិត្តពឹងផ្អែកទាំងស្រុងលើព្រះជាម្ចាស់។
៣.២. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សអោយទៅជាព្រះគ្រីស្ត
ព្រះជាម្ចាស់សម្ដែងអោយយើងយល់ឃើញថា ព្រះអង្គបានបង្កើតមនុស្ស ដើម្បីយើងផ្ទាល់។ ព្រះអង្គមិនត្រូវការមនុស្សទេ។ ព្រះអង្គជាព្រះត្រៃឯក គឺព្រះបិតាស្រលាញ់ព្រះបុត្រានៅក្នុងអង្គព្រះវិញ្ញាណ មិនត្រូវការស្រលាញ់មនុស្ស ឬមិនត្រូវការអោយមនុស្សស្រលាញ់ព្រះអង្គឡើយ។ ប៉ុន្តែ ព្រះអង្គសព្វព្រះហឬទ័យបង្កើតមនុស្ស ដោយសារតែព្រះអង្គជាព្រះដ៏សប្បុរស។ ព្រះជាម្ចាស់បង្កើតមនុស្សព្រោះតែព្រះអង្គសព្វព្រះហឬទ័យស្រលាញ់មនុស្ស ហើយសព្វព្រះហឬទ៍យអោយមនុស្សស្គាល់ និងស្រលាញ់ព្រះអង្គ។ ហេតុនេះហើយ បានជាមានចែងថា អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើត “ល្អប្រសើរ ហើយល្អប្រសើរបំផុត”។
ព្រះជាម្ចាស់បានបង្កើតមនុស្ស ដើម្បីអោយយើង “ឃើញ” ព្រះអង្គ៖ តាមព្រះគម្ពីរ អ្នកណា “ឃើញ” អ្នកនោះ ស្គាល់ និង ស្រលាញ់។ សន្ត អ៊ីរេណេ de Lyon ធ្លាប់និយាយថា៖ “មនុស្ស ដែលមានជីវិតរស់រវើក បង្ហាញសិរីរុងរឿងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សមានជីវិតរស់រវើក នៅពេលគាត់ឃើញព្រះជាម្ចាស់”។ តាមការពិត សន្ត អ៊ីរេណេយកព្រះគម្ពីររបស់សន្ត យ៉ូហានឡើងវិញ៖ “យើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្ដែង ឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែនៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណាយើងនឹងឃើញព្រះអង្គយ៉ាងនោះ” (១ យហ ៣, ២)។ សន្ត អូគូស្ទីន មានប្រសាសន៍ថា ព្រះបុត្រាប្រសូតជាមនុស្ស ដើម្បីអោយមនុស្សឃើញព្រះ អង្គ (យហ ១៤,៩៖ “អ្នកណាបានឃើញខ្ញុំ អ្នកនោះបានឃើញព្រះបិតាដែរ”)។ លោក Rahner នឹងប្រាប់ថា មនុស្សជា សត្វលោក ដែលមានបំណងប្រាថ្នា ហើយបំណងប្រាថ្នានេះ ពុំមានកំណត់ព្រំដែន។ មនុស្សដូចជាខ្វាក់អ្វីម្យ៉ាង ដែលនាំ អោយគាត់ចង់រីកចម្រើនជានិច្ច ក្នុងគ្រប់វិស័យ ជាពិសេសមនុស្សចង់ស្រលាញ់កាន់តែខ្លាំងៗ។ សន្ត អូគូស្ទីន ធ្លាប់សសេរថា “ព្រះជាម្ចាស់បានបង្កើតយើង ដើម្បីព្រះអង្គ ហើយចិត្តគំនិតយើងគ្មានពេលសម្រាក ទាល់តែបានឃើញព្រះអង្គ”។
មនុស្សនៅតែជាអាឋ៌កំបាំងសម្រាប់ខ្លួនឯង។ មានតែព្រះគ្រីស្តទេ ដែលជាអ្នកសម្ដែងមនុស្សអោយខ្លួនឯងស្គាល់៖ “តាមពិត ប្រសិនបើយើងចង់យល់ខ្លះៗអំពីការអាថ៌កំបាំងរបស់មនុស្ស យើងត្រូវតែរិះគិតក្នុងពន្លឺនៃគម្រោងការដ៏អស្ចារ្យរបស់ព្រះបន្ទូលដែលប្រសូតជាមនុស្ស គ្មានផ្លូវផ្សេងទៀតទេ។ លោកអាដំាជាមនុស្សមុនគេជាប្រផ្នូលរបស់មនុស្សម្នាក់ដែលត្រូវមកខាងក្រោយ ពោលគឺ ជាប្រផ្នូលរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ (រម ៥, ១៤) ព្រះអង្គពិតជាលោកអដាំថ្មី។ ពេលព្រះគ្រីស្តសម្តែងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបិតា និងការអាថ៌កំបាំងនៃព្រះហឫទ័យស្រឡាញ់របស់ ព្រះអង្គទ្រង់ក៏សម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំឲ្យគេស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់បានកំណត់ទុក។ យើងមិនត្រូវឆ្ងល់ដោយសេចក្តីពិតទាំងប៉ុន្មាននៅខាងលើ មានប្រភពចេញពីព្រះគ្រីស្ត និងទៅដល់កំពូលដោយសារព្រះគ្រីស្តផងដែរ” (GS ២២, ក) ។
សរុបសេសចក្ដី គឺព្រះជាម្ចាស់ត្រាស់ហៅមនុស្សអោយទៅជាព្រះគ្រីស្ត៖ “ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និង សម្រាប់ព្រះគ្រីស្ត” (គឡ ១, ១៦)។ “ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ” (អភ ១, ៤) ឬ “ព្រះអង្គបានតម្រូវយើងទុកជាមុនឲ្យធ្វើជាបុត្រធីតារបស់ព្រះអង្គដោយសារព្រះយេស៊ូគ្រីស្ត” (អភ ១, ៥)។
ជំពូកទី២៖
ព្រះគ្រីស្តជាមនុស្សស្របតាមព្រះហឬទ័យព្រះជាម្ចាស់
ពេលព្រះជាម្ចាស់បង្កើតពិភពលោក ព្រះគ្រីស្តក៏គង់នៅជាមួយព្រះអង្គហើយ គឺព្រះគ្រីស្តមិនគ្រាន់តែជាព្រះបន្ទូល ដែល បង្កើតអ្វីៗទាំងអស់ ប៉ុន្តែព្រះគ្រីស្តជាគោលដៅនៃកំណើតពិភពលោក និងមនុស្សដែរ។
(១ ករ ៨, ៦ ; ហប ១, ៣ ; កឡ ១, ១៦ ; យហ ១, ៣)៖ អ្វីៗទាំងអស់មកពីព្រះគ្រីស្ត ហើយបានកើតមកសម្រាប់ព្រះ គ្រីស្ត។ ព្រះគ្រីស្តជាកំពូលនៃអ្វីៗទាំងអស់។
១. តាមសន្តប៉ូល
សន្តប៉ូលបានសសេរអត្ថបទជាច្រើន ដើម្បីបង្ហាញថា ព្រះគ្រីស្តជាស្នូលនៃគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ សន្តប៉ូលប្រៀបធៀបលោកអដាំ ដែលបានប្រព្រឹត្តអំពើបាបមុនគេ និងព្រះគ្រីស្ត ដែលយាងមកទូទាត់អំពើបាប (រម ៥, ១៤)។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្កើតលោកអដាំសម្រាប់ព្រះគ្រីស្ត គឺដោយបង្កើតមនុស្ស ព្រះជាម្ចាស់មានគម្រោងការណ៍សម្ដែងព្រះគ្រីស្ត។ ព្រះគ្រីស្តជាលោកអដាំថ្មី។ ព្រះគ្រីស្តជាគោលដៅនៃអ្វីៗទាំងអស់ ហើយបំពេញអ្វីៗទាំងអស់ (១ ករ ១៥, ៤៥-៤៩)។ ព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ ដើម្បីបង្កើតពិភពលោក និងមនុស្សថ្មី។ ព្រះអង្គមានគោលដៅប្រោសមនុស្សលោកអោយទៅជាដូចព្រះគ្រីស្ត។ មនុស្សលោករួមស្លាប់ជាមួយលោកអដាំយ៉ាងណា យើងក៏នឹងរួមរស់ជាមួយព្រះគ្រីស្តយ៉ាងនោះដែរ។ ភល ២, ៩-១១ បង្ហាញថា ព្រះគ្រីស្តជាស្នូលនៃព្រះហឬទ័យរបស់ព្រះជាម្ចាស់ នៅពេលព្រះអង្គបង្កើតអ្វីៗទាំងអស់។ គឡ ១, ១៥-២០ បង្ហាញថា ព្រះគ្រីស្តជាអ្នកបង្កើតសត្វលោក និងជាគោលដៅរបស់សត្វលោកទាំងអស់នោះ។ ព្រះអង្គជា “រៀមច្បងនៃសត្វលោកទាំងអស់” មានន័យថា ព្រះគ្រីស្តជាដើមកំណើតនៃអ្វីៗទាំងអស់ ជាអ្នកដែលមានព្រះជន្មថ្មីមុនគេបង្អស់។
ដូច្នេះ ព្រះគ្រីស្តជាគំរូសម្រាប់មនុស្សទាំងអស់។ គឡ ៣, ១០ ព្រះគ្រីស្តជាមនុស្សដ៏ល្អឥតខ្ចោះ ដែលបង្ហាញគោលដៅ របស់ព្រះជាម្ចាស់នៅពេលព្រះអង្គបង្កើតមនុស្ស គឺអោយយើងទៅជាមនុស្សថ្មី នៅក្នុងអង្គព្រះគ្រីស្ត៖ “គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងនៅក្នុងអង្គព្រះគ្រីស្ត”។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រទានពរអោយមនុស្ស៖ អភ ១, ៣-៥ និង ៩-១០។
២. តាមបិតាព្រះសហគមន៍
២.១. សន្ត អ៊ីរេណេ
តាមសន្ត អ៊ីរេណេ ព្រះជាម្ចាស់បង្រួបបង្រួម អ្វីៗទាំងអស់ក្រោមអំណាចរបស់ព្រះគ្រីស្ត គឺព្រះគ្រីស្តសង្ខេបអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក។ សន្ត អ៊ីរេណេ យល់ឃើញថា ព្រះជាម្ចាស់បង្រួបបង្រួមអ្វីៗទាំងអស់ក្នុងអង្គព្រះគ្រីស្ត តាមបីដំណាក់កាល៖ ១. ពេលព្រះជាម្ចាស់បង្កើតមនុស្សលោក ព្រះអង្គក៏មានគម្រោងការណ៍បង្រួបបង្រួមអ្វីៗទាំងអស់ក្នុងអង្គព្រះគ្រីស្ត។ ២. ដោយព្រះគ្រីស្តយាងមកនៅលើផែនដី សោយទិវង្គត និងមានព្រះជន្មថ្មី ព្រះជាម្ចាស់សម្រេច គម្រោងការណ៍របស់ព្រះអង្គ។ ៣. នៅពេលព្រះគ្រីស្តនឹងយាងមកវិញពោរពេញដោយសិរីរុងរឿង ព្រះអង្គក៏នឹងបំពេញអ្វីៗទាំងអស់។
ព្រះគ្រីស្តជាគោលដៅនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើត ព្រះអង្គក៏ជាគោលដៅនៃអ្វីៗទាំងអស់ ដែលត្រូវការទទួលការសង្រ្គោះដែរ។ ព្រះជាម្ចាស់បង្កើតអដាំហាក់ដូចជាព្រះអង្គចាប់ផ្ដើម “បង្កើត” ព្រះគ្រីស្ត។ ពេលយើងឃើញព្រះគ្រីស្ត យើងយល់អំពីពាក្យថា “មនុស្សជារូបតំណងរបស់ព្រះជាម្ចាស់”។ សន្ត អ៊ីរេណេ សសេរថា “កាលពីមុន យើងធ្លាប់និយាយថា ព្រះជាម្ចាស់បានបង្កើតមនុស្សជារូបតំណងរបស់ព្រះអង្គ ប៉ុន្តែ យើងមិនទាន់យល់សេចក្ដីនេះ ដ្បិតព្រះបន្ទូល ដែលយើងមើលមិនឃើញ មិនទាន់បានលេចឡើង។ នៅពេលព្រះបន្ទូលប្រសូតជាមនុស្ស យើងយល់ឃើញអំពីព្រះជាម្ចាស់ផង អំពីមនុស្សផង”។ បានសេចក្ដីថា ពេលព្រះគ្រីស្តយាងមកនៅលើផែនដី ព្រះអង្គបង្ហាញអំពីអ្វីទៅជាមនុស្ស និងអំពីលក្ខណៈរបស់ព្រះជាម្ចាស់ផង។ យហ ១៤, ៩។
២.២. លោក Tertullien
លោក Tertullien សម្គាល់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ដោយសារព្រះបន្ទូល៖ “ព្រះអង្គមានព្រះបន្ទូល ហើយអ្វីៗទាំងអស់កើតឡើង”។ ប៉ុន្តែ ព្រះជាម្ចាស់បង្កើតមនុស្សដោយបន្ទាបខ្លួន ស្លៀពាក់កន្សែងចងចង្កេះ និងប្រឡាក់ព្រះហស្តយកដីសូនមនុស្ស។ ពេលនោះ ព្រះអង្គកំពុងតែគិតអំពីព្រះគ្រីស្ត ដែលជារូបតំណងរបស់មនុស្សថ្មី។ ពេលនោះ ព្រះបន្ទូលប្រសូតជាមនុស្សនៅតែជាដី។ ពេលនោះ ព្រះបិតាមានព្រះបន្ទូលទៅព្រះបុត្រាថា “ចូរបង្កើតមនុស្សជារូបតំណងរបស់យើង”។ អ្វីដែលព្រះជាម្ចាស់សូន ព្រះអង្គធ្វើ “ដោយមានលក្ខណៈដូចព្រះអង្គ” គឺព្រះគ្រីស្ត”។
ដូចសន្ត អ៊ីរេណេ លោក Tertullien បង្ហាញថា ព្រះបន្ទូលប្រសូតជាមនុស្ស ដែលមានសាច់ មានឈាម ដូចយើងបេះបិត ដ្បិតនៅសម័យនោះ មាននិកាយក្លែងក្លាយផ្សេងៗជាច្រើន ដែលមិនព្រមទទួលស្គាល់ថា ព្រះជាម្ចាស់មានសាច់ មានឈាម។ ម្យ៉ាងទៀត សម្រាប់ពួកគេ មនុស្សពិតប្រាកដ មនុស្សថ្មី ដែលព្រះជាម្ចាស់ត្រាស់ហៅ គឺជាមនុស្ស ដែលមានព្រលឹងវិញ្ញាណសុទ្ធ គឺជាមនុស្ស ដែលគ្មានរូបកាយ ដ្បិតព្រះជាម្ចាស់ផ្ទាល់ជាវិញ្ញាណ។ បានជាពួកគេប្រមាទមើលងាយរូបកាយរបស់មនុស្ស។ ប៉ុន្តែ បើព្រះយេស៊ូពុំមានសាច់ និងឈាមដូចយើង ធ្វើដូចម្ដេចអោយព្រះអង្គជួយសង្រ្គោះមនុស្សលោកបាន? “នៅលើផែនដីនេះ ព្រះគ្រីស្តសង្រ្គោះមនុស្ស ដោយប្រោសគាត់អោយបានជាពីជំងឺផ្សេងៗ។ ព្រះសហគមន៍បន្តកិច្ចការទាំងអស់នោះ តាមរយៈអគ្គសញ្ញានានា គឺដោយសាអគ្គសញ្ញា ព្រះជាម្ចាស់នៅតែសង្រ្គោះមនុស្សក្នុងរូបកាយរបស់គាត់។ ម្យ៉ងទៀត ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាក និងសោយទិវង្គត ក្នុងរូបកាយព្រះអង្គ ដើម្បីអោយរូបកាយមនុស្សអាចរស់ឡើងវិញបាន”។
៣. មជ្ឈិមសម័យ
មុននឹងមហាសន្និបាតនៅទីក្រុង Nicée បិតាព្រះសហគមន៍មានគោលដៅបង្ហាញថា ព្រះជាម្ចាស់បង្កើតមនុស្ស ដើម្បីត្រាស់ហៅគាត់អោយរួមរស់ជាមួយព្រះអង្គ គឺអោយគាត់ទៅជាព្រះ។ សន្ត អ៊ីរេណេ រួមជាមួយបិតាព្រះសហគមន៍ជាច្រើន ជាពិសេសនៅបូព៌ាប្រទេស សសេរថា ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីអោយមនុស្សទៅជាបុត្រធិតារបស់ព្រះអង្គ គឺអោយមនុស្សទៅជាព្រះដែរ”។
ប៉ុន្មានឆ្នាំក្រោយមក បិតាព្រះសហគមន៍ត្រូវតែប្រឈមមុខនឹងនិកាយក្លែងក្លាយជាច្រើន ដែលមិនព្រមទទួលស្គាល់ថា ព្រះគ្រីស្តពិតជាព្រះជាម្ចាស់ផង ពិតជាមនុស្សផង។ នៅពេលជាមួយគ្នា ពួកគាត់រិះគិតអំពីអំពើបាបដើមដំបូងកាន់តែជ្រៅៗ។ នៅបស្ចិមប្រទេស ពួកគាត់សង្កត់ធ្ងន់ថា ព្រះគ្រីស្តប្រសូតជាមនុស្ស ដើម្បីប្រោសមនុស្សលោកអោយរួចពីអំពើបាប។ តាមសន្ត អូគូស្ទីន “បើសិនជាមនុស្សមិនបានស្លាប់ ដោយសារអំពើបាប បុត្រមនុស្សនឹងមិនបានយាងមក”។
នៅម្ឈិមសម័យ ព្រះសហគមន៍សួរខ្លួនឯងថា ហេតុអ្វី បានជាព្រះគ្រីស្តប្រសូតជាមនុស្ស? បើសិនជាមនុស្សមិនបានប្រព្រឹត្តអំពើបាប តើព្រះគ្រីស្តនឹងបានប្រសូត ឬទេ? ព្រះគម្ពីរឆ្លើយតបនឹងសំណួរទីមួយ ដែលជាសំណួរត្រឹមត្រូវ។ ប៉ុន្តែ គ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរទីពីរ ជាសំណួរ ដែលមិនទាក់ទងនឹងបទពិសោធន៍របស់យើង។ ទោះជាយ៉ាងណា ក៏ដោយ ក្រុមបព្វជិតរបស់សន្ត Dominique រួមជាមួយនឹងសន្ត ថូម៉ាស ធ្លាប់ឆ្លើយថា “បើមនុស្សមិនបានប្រព្រឹត្តអំពើបាប ព្រះគ្រីស្តមិនបានប្រសូតជាមនុស្ស” ឯក្រុមបព្វជិតរបស់សន្ត ហ្វ្រង់ស័រ អះអាងថា “ទោះបីមនុស្សមិនបានប្រព្រឹត្ត បាប ព្រះជាម្ចាស់ក៏នឹងបានប្រសូតជាមនុស្សដែរ”។ តាមការពិត ក្រុមនិមួយៗត្រឹមត្រូវម្យ៉ាង ដោយដឹងថា តាមព្រះគម្ពីរ ព្រះជាម្ចាស់បានត្រាស់ហៅយើងនៅក្នុងអង្គព្រះគ្រីស្ត “មុននឹងសម័យកាលទាំងអស់ ដើម្បីទៅជាបុត្រធិតារបស់ព្រះអង្គ” - អភ។ ព្រះជាម្ចាស់បានត្រាស់ហៅយើង មុននឹងយើងបានប្រព្រឹត្តអំពើបាប។ ព្រះជាម្ចាស់មានព្រះហឬទ័យសង្រ្គោះ យើងមានន័យថា អោយយើងទៅជាបុត្រធិតារបស់ព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែជួយសង្រ្គោះយើងអោយរួចពីបាប។ ប៉ុន្តែ យើងមិនត្រូវភ្លេចថា យើងមិនអាចស្រមៃឃើញមនុស្សជាតិ ដែលពុំមានអំពើបាបដែរ។
ជំពូកទី៣៖
មនុស្សជារូបតំណងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គ
ដោយយកអត្ថបទព្រះគម្ពីរខ្លះ ដើម្បីជួយរិះគិត កណ ១, ២៦ / ១ យហ ២, ៣ / រម ៨, ២៩ / គឡ ៣, ១០ ពួកបិតាព្រះសហគមន៍បានសួរខ្លួនឯងអំពីលក្ខណៈពិសេសរបស់មនុស្ស។ ពួកគាត់យល់ឃើញថា ព្រះជាម្ចាស់មិនបាន បង្កើតមនុស្ស ដើម្បីអោយមនុស្សទៅជាសត្វលោកតែប៉ុណ្ណោះ។ ព្រះជាម្ចាស់បង្កើតមនុស្សដោយមានគោលដៅអោយគាត់ទៅជារូបតំណងរបស់ព្រះអង្គ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សអោយរួមរស់ជាមួយព្រះអង្គ បានជាព្រះអង្គបង្កើតមនុស្ស។ បើព្រះជាម្ចាស់មិនបានត្រាស់ហៅមនុស្សអោយទទួលលក្ខណៈជាព្រះដូចព្រះអង្គ ព្រះអង្គក៏មិនបានបង្កើត មនុស្សឡើយ។
១. សន្ត អ៊ីរេណេ
សន្ត អ៊ីរេណេ មានប្រសាសន៍ថា មនុស្សមានលក្ខណៈអាចទទួលព្រះជាម្ចាស់៖ មនុស្ស Capax Dei។ មនុស្សអាចទទួលព្រះបន្ទូលប្រសូតជាមនុស្សបាន។ ហេតុនេះហើយ បានជាយើងអាចយល់អំពីអ្វីទៅជាមនុស្ស លុះត្រាតែយើងយល់ឃើញថា មនុស្សជាមនុស្សពេញលក្ខណៈ នៅពេលដែលមនុស្សមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ ធម្មជាតិមនុស្សមានលក្ខណៈអាចទទួលព្រះហឬទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្កើតធម្មជាតិមនុស្សអោយទៅជាធម្មជាតិហួសធម្មជាតិ៖ ព្រះជាម្ចាស់មានគោលដៅអោយមនុស្សទៅជាបុត្រធិតារបស់ព្រះអង្គ។
តាម ១ ថស ៥, ២៣ សន្ត អ៊ីរេណេ បន្ថែម៖ “ព្រះជាម្ចាស់នឹងទទួលសិរីរុងរឿង នៅពេលមនុស្សនឹងទៅជាដូចព្រះបុត្រា របស់ព្រះអង្គ។ ដ្បិតដោយសារព្រះហស្តរបស់ព្រះបិតា គឺព្រះបុត្រា និងព្រះវិញ្ញាណ មនុស្សទាំងស្រុងនឹងទៅជារូបតំណងរបស់ព្រះជាម្ចាសើ។ ព្រលឹងវិញ្ញាណ និងរូបកាយរបស់មនុស្សអាចទៅជាចំណែកមួយរបស់មនុស្ស ប៉ុន្តែ មិនអាចទៅជាមនុស្សពេញលក្ខណៈបានឡើយ។ មនុស្សល្អឥតខ្ចោះ គឺជាព្រលឹងវិញ្ញាណរបស់មនុស្ស ដែលលាយ ជាមួយនឹងដី ដែលព្រះអង្គបានសូន គឺរូបកាយ រួមនឹងព្រះវិញ្ញាណរបស់ព្រះបិតា។ បើព្រលឹងវិញ្ញាណ និងរូបកាយរបស់មនុស្សពុំមានព្រះវិញ្ញាណ មនុស្សជារូបតំណងរបស់ព្រះជាម្ចាស់ ប៉ុន្តែ ពុំមានលក្ខណៈដូចព្រះអង្គ”។ ដោយសារព្រះវិញ្ញាណ ព្រះ ជាម្ចាស់ធ្វើអោយមនុស្សពេញលក្ខណៈ។ មនុស្ស ដែលមិនរួមរស់ជាមួយព្រះជាម្ចាស់ គ្រាន់តែជារូបកាយ ដែលមានព្រលឹងវិញ្ញាណ ប៉ុន្តែ មិនទាន់មានលក្ខណៈដូចព្រះជាម្ចាស់។
២. លោក Origène
លោក Origène បង្ហាញថា មានតែមនុស្សទេ ដែលជារូបតំណងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គ ធ្វើអោយគាត់ប្រសើរជាងសត្វលោកឯទៀតៗទាំងអស់។ ប៉ុន្តែ លោកសសេរថា៖ “មនុស្សជារូបតំណងរបស់ព្រះជាម្ចាស់ មិនមែនមកពីមនុស្សមានរូបកាយ។ មនុស្សមានលក្ខណៈដូចព្រះជាម្ចាស់ មកពីចិត្តគំនិត វិញ្ញាណ ប្រាជ្ញា គឺអ្វីដែលយើងមើលមិនឃើញ ដ្បិតព្រះជាម្ចាស់ជាវិញ្ញាណសុទ្ធ។ ប៉ុន្តែ លោកដូចជាភ្លេចព្រះគ្រីស្តប្រសូតជាមនុស្ស ដែលមានរូបកាយដូចយើង។
លោក Origène ពន្យល់ថា ព្រះជាម្ចាស់បានបង្កើតមនុស្សអោយទៅជារូបតំណងរបស់ព្រះសង្រ្គោះ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារូបតំណងរបស់ព្រះអង្គ៖ “អ្នកណាបានឃើញខ្ញុំ អ្នកនោះបានឃើញព្រះបិតា។ ហេតុនេះហើយ បានជាព្រះសង្រ្គោះរបស់យើង ដែលជារូបតំណងរបស់ព្រះជាម្ចាស់ ប្រសូតជាមនុស្ស ដោយមានលក្ខណៈដូចមនុស្ស។ ព្រះគ្រីស្តពោរពេញដោយព្រះហឬទ័យអាណិតអាសូរចំពោះមនុស្ស ដោយសារគាត់បានយកលក្ខណៈរបស់មារធ្វើជាលក្ខណៈរបស់ខ្លួន៖ “ព្រះអង្គមានឋានៈជាព្រះជាម្ចាស់ តែទ្រង់ពុំបានក្ដោបក្ដាប់ឋានៈ ស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាអ្នកបម្រើវិញ គឺព្រះអង្គទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ព្រះអង្គបន្ទាបព្រះកាយ ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង” ភល ២, ៦-៨។
៣. សន្ត Grégoire de Nysse
សន្ត Grégoire de Nysse សសេរថា “ព្រះជាម្ចាស់ ដែលជាព្រះបន្ទូល ព្រះប្រាជ្ញាញ្ណាណ និងឬទ្វិនុភាព ទ្រង់បានបង្កើតធម្មជាតិមនុស្ស។ គ្មាននរណាម្នាក់ ឬគ្មានអ្វីបានបង្ខំព្រះអង្គទេ។ មានតែសេចក្ដីស្រលាញ់ដ៏លើសលប់របស់ព្រះ អង្គ ដែលបានជម្រុញព្រះអង្គអោយបង្កើតមនុស្ស។ មនុស្សជាសក្សីនៃពន្លឺ និងសិរីរុងរឿងរបស់ព្រះអង្គដ៏សប្បុរស។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ធ្វើអោយធម្មជាតិមនុស្សអាចរួមចំណែកជាមួយព្រះអង្គ។ ដោយសារធម្មជាតិ ភ្នែក មនុស្សអាចមើលឃើញពន្លឺយ៉ាងណា ធម្មជាតិមនុស្សមានលក្ខណៈអាចរួមរស់ជាមួយព្រះជាម្ចាស់យ៉ាងនោះដែរ។ មនុស្សមានជីវិត មានប្រាជ្ញា មានប្រាជ្ញាញ្ញាណ ដើម្បីអោយគាត់មានបំណងប្រាថ្នាមានទំនាក់ទំនងជាមួយព្រះជាម្ចាស់”។
មនុស្សជាអាថ៌កំបាំងសម្រាប់ខ្លួនឯង ពីព្រោះគាត់មានលក្ខណៈរបស់ព្រះជាម្ចាស់ ដែលទ្រង់ជាអាថ៌កំបាំអដែរ។ ហេតុនេះ មនុស្ស និងព្រះជាម្ចាស់មានលក្ខណៈ ឬមានធម្មជាតិដូចគ្នាម្យ៉ាងដែរ។ បើមនុស្សអាចយល់ខ្លួនឯង មនុស្សមិនមែន ជារូបតំណងរបស់ព្រះជាម្ចាស់។ បើមនុស្សចង់ស្គាល់ខ្លួនឯង គាត់ត្រូវស្គាល់ព្រះជាម្ចាស់ដែរ។ សន្ត Grégoire បន្ថែម ទៀតថា ព្រះជាម្ចាស់បានប្រោសប្រទានអោយធម្មជាតិមនុស្សមានលក្ខណៈល្អៗគ្រប់យ៉ាងដូចជា សីលធម៌ ប្រាជ្ញា បំណងប្រាថ្នាចង់បានយុត្តិធម៌ សមត្ថភាពអាចគិត និងនិយាយបាន ជាពិសសេសេរីភាព ដែលធ្វើអោយមនុស្សជាសត្វ លោក ដែលមិនពឹងផ្អែកលើអំណាចណាមួយ”។ ចំពោះ សន្ត Grégoire មានលក្ខណៈតែមួយ ដែលធ្វើអោយព្រះជាម្ចាស់ និងមនុស្សប្លែកពីគ្នា គឺព្រះជាម្ចាស់មានព្រះជន្មគង់នៅដោយខ្លួនព្រះអង្គ ឯមនុស្សទទួលជីវិតពីព្រះអង្គ។
៤. សន្ត អូគូស្ទីន
សន្ត អូគូស្ទីន ធ្លាប់និយាយថា នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាប គាត់នៅតែជារូបតំណងរបស់ព្រះជាម្ចាស់។ លោកសសេរថា “រូបតំណងនេះ ដូចជាកខ្វក់ ងងឹត ឬមិនសូវច្បាស់ ប៉ុន្តែ រូបតំណងនេះ នៅតែមាន”។ លោកចង់និយាយថា ទោះបីមនុស្សយើងជាអ្នកបាប មានតែព្រះជាម្ចាស់ទេ ដែលនៅតែអាចបំពេញចិត្តគំនិតរបស់យើង។ ម្យ៉ាងទៀត សម្រាប់សន្ត អូគូស្ទីន មនុស្សជារូបតំណងរបស់ព្រះជាម្ចាស់ ពីព្រោះគាត់អាចស្គាល់ព្រះអង្គ គឺគាត់អាចដឹងថា ព្រះជាម្ចាស់ស្រលាញ់គាត់ - ១ ករ ៨, ៣។ ព្រះជាម្ចាស់ស្រលាញ់ខ្ញុំ ទើបខ្ញុំស្វែងរកចង់ស្គាល់ព្រះអង្គ។ យើងស្វែងរក ដើម្បីរកឃើញ។ ពេលរកឃើញហើយ យើងស្វែងរកម្តងទៀត។ ចលនានេះមិនចេះឈប់ ដ្បិតយើងមិនដែលស្គាល់ព្រះជាម្ចាស់អោយបានពេញលេញ៖ “យើងស្វែងរកព្រះជាម្ចាស់ ដលម្បីរកឃើញព្រះអង្គ។ ប៉ុន្តែ ព្រះជាម្ចាស់ជាអាថ៌កំបាំង ដែលមិនអាចយល់ទាំងស្រុងបានឡើយ។ ហេតុនេះ យើងស្វែងរកឥតឈប់ឈរ។ យើងស្វែងរក ដើម្បីស្វែងរក។ យើងចង់ស្គាល់ព្រះជាម្ចាស់ ដើម្បីស្វែងរកព្រះអង្គ”។
៤.១. សេរីភាព និងព្រះហឬទ័យប្រណីសន្តោស
សម្រាប់សន្ត អូគូស្ទីន ពេលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គប្រោសប្រទានព្រះហឬទ័យប្រណីស្តោសអោយគាត់ មានសេរីភាពទៅរកព្រះអង្គ។ មនុស្សមិនត្រូវការព្រះហឬទ័យប្រណីស្តោសរបស់ព្រះអង្គ ដោយសារតែគាត់បានប្រព្រឹត្តអំពើបាប ប៉ុន្តែ មនុស្សត្រូវការព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីទៅជាខ្លួនឯង គឺដើម្បីទៅជាមនុស្សដ៏ពេញលក្ខណៈ។ ធម្មតា យើងធ្លាប់យល់ថា អ្នកណាមានសេរីភាព អ្នកនោះអាចយល់ព្រម ឬបដិសេធប្រព្រឹត្តល្អ ឬប្រព្រឹត្ត អាក្រក។ ប៉ុន្តែ សន្ត អូគូស្ទីន យល់ឃើញថា៖ ១. មនុស្ស ដែលព្រះជាម្ចាស់បានបង្កើតមានសេរីភាពពីខាងក្នុង គឺសេរីភាព ដែលមកពីព្រះហឬទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ មនុស្សមានអំណាចមិនអាចប្រព្រឹត្តអំពើបាប។ ២. ពេលយើងប្រព្រឹត្តអំពើបាប យើងលែងមានសេរីភាពនេះ។ យើងជាប់នឹងបាប។ ដោយពឹងលើកម្លាំងរបស់ខ្លួនឯង យើងប្រព្រឹត្តអំពើបាបជាដាច់ខាត។ ៣. មនុស្ស ដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត រួចផុតពីអំណាចនៃអំពើបាប ប៉ុន្តែ គាត់នៅតែមានចិត្តចង់ធ្វើបាប។ ព្រះជាម្ចាស់សព្វព្រះហឬទ័យសង្រ្គោះយើង ដោយយើងរួមចំណែកជាមួយព្រះអង្គ ក្នុងការសង្រ្គោះនេះ។ ដូច្នេះ មនុស្សនៅតែអាចប្រព្រឹត្តអំពើបាប។ ៤. មនុស្សពោរពេញដោយសិរីរុងរឿងមានសេរីភាពពេញលេញ គឺគាត់មិនអាចប្រព្រឹត្តអំពើបាបបានឡើយ។ ពេលនោះ យើងត្រូវយល់អោយច្បាស់ថា អ្នកណា ដែលមិនអាចប្រព្រឹត្តអំពើបាប អ្នកនោះមានសេរីភាពពេញលេញ។ ព្រះយេស៊ូមានសេរីភាពពិតប្រាកដ ពីព្រោះព្រះអង្គ មិនអាចប្រព្រឹត្តអំពើអាក្រក់បានឡើយ! មនុស្សមានសេរីភាពនៅពេលគាត់ប្រព្រឹត្តល្អតែប៉ុណ្ណោះ។
ដើមដំបូង ព្រះជាម្ចាស់ប្រោសមនុស្សអោយមានព្រះហឬទ័យប្រណីសន្តោស អាចរួមចំណែកជាមួយព្រះជាម្ចាស់ ដែលមានសេរីភាពពេញលេញ។ ហេតុនេះហើយ បានជាព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ស្រ្តីជនជាតិសាម៉ារីថា “ទឹក ដែលខ្ញុំនឹងផ្តល់អោយនឹងផុសឡើង ដើម្បីបានជីវិតអស់កល្បជានិច្ច”។ មនុស្សត្រូវការព្រះហឬទ័យប្រណីសន្តោស ដើម្បីមានសេរីភាពពេញលេញ។ សម្រាប់លោក ដោយសារសេរីភាព មនុស្សយល់ព្រមទទួលយកព្រះហឬទ័យសន្តោសរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ដោយសារ អំពើបាប មនុស្សបានបាត់បង់សេរីភាពនេះ សល់តែសេរីភាពអាចធ្វើល្អ ឬអាក្រក់ (Libre-arbitre)។ សម្រាប់លោក Pélage ក្រោយពីព្រះជាម្ចាស់បានបង្កើតមនុស្ស គាត់មានសេរីភាពធ្វើអំពើល្អ ដោយខ្លួនគាត់ផ្ទាល់។ ផ្ទុយទៅវិញ សម្រាប់ អូគូស្ទីន ដោយសារព្រះហឬទ័យប្រណីសន្តោស ព្រះជាម្ចាស់នៅតែជួយ មនុស្សអោយធ្វើអំពើល្អ។
បើមិនដូច្នេះទេ មនុស្សនឹងទៅជាព្រះដោយខ្លួនឯង។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាប គាត់បាត់បង់សេរីភាព ដែលមកពីព្រះហឬទ័យប្រណីសន្តោសពីដើមដំបូង។ មនុស្សនៅតែទទួលខុសត្រូវនឹងកិច្ចការរបស់ខ្លួន ប៉ុន្តែ គាត់លែងមានសេរីភាព ដ្បិតព្រះហឬទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បានចាកចេញពីគាត់។ មនុស្សមិនទៅរកព្រះជាម្ចាស់ ដែលជាសេក្ដីល្អដ៏ពេញលេញ។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាប គាត់បាត់បង់សេរីភាព។ ដើម្បីបានសេរីភាពឡើងវិញ គាត់ត្រូវការព្រះអំណោយទានថ្មីរបស់ព្រះជាម្ចាស់។ ព្រះគ្រីស្តយាងមក ដើម្បីប្រោសមនុស្សអោយមានសេរីភាពឡើងវិញ។
៤.២. ព្រលឹង រូបកាយ និងវិញ្ញាណ
សម្រាប់សន្ត អូគូស្ទីន មនុស្សជារូបកាយ ព្រលឹង ដែលមានព្រះវិញ្ញាណជួយណែនាំ។ ព្រលឹងជាជីវិតមនុស្សយ៉ាងណា ព្រះវិញ្ញាណជាជីវិតរបស់ព្រលឹងយ៉ាងនោះដែរ។ នៅពេលយើងមិនរស់នៅស្របតាមព្រះវិញ្ញាណ យើងដូចជាស្លាប់ហើយ។ សេចក្តីស្លាប់ខាងរូបកាយជាទីសម្គាល់បញ្ជាក់ថា មនុស្សបោះបង់ចោលទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ លោកសសេរថា “ពេលយើងនិរទេសពីព្រះជាម្ចាស់ យើងស្លាប់ហើយ ពេលយើងត្រលប់ទៅរកព្រះអង្គវិញ យើងក៏រស់ឡើងវិញ ហើយពេលយើងរស់នៅជាមួយព្រះអង្គ យើងមានជីវិត” ឬ “ព្រះអង្គស្គាល់ខ្ញុំច្បាស់ជាងខ្ញុំស្គាល់ខ្លួនខ្ញុំ ព្រះអង្គ គង់នៅក្នុងដួងចិត្តខ្ញុំ ច្រើនជាងខ្ញុំនៅខាងក្នុងខ្លួនខ្ញុំ”។ សម្រាប់លោក បើមនុស្សពុំមានទំនាក់ទំនងដ៏រស់រវើកជាមួយព្រះ ជាម្ចាស់ យើក៏មិនមែនជាមនុស្សដ៏ពេញលក្ខណៈ។ យើងអាចយល់អំពីលក្ខណៈជាមនុស្ស លុះត្រាតែយើងស្វែងរកចង់ យល់អំពីព្រះជាម្ចាស់ដែរ។
ប៉ុន្តែ លោកអូគូស្ទីនមានគំនិតស្រដៀងនឹងគំនិតរបស់លោក Origène គឺលោកអះអាងថា មនុស្សជារូបតំណងរបស់ព្រះ ជាម្ចាស់ ព្រោះគាត់ជាវិញ្ញាណ ហើយអាចមានជីវិតនៅខាងក្នុង។ សម្រាប់លោក រូបកាយមានលក្ខណៈល្អ ដ្បិតព្រះគ្រីស្តទទួលយករូបកាយជាមនុស្ស ប៉ុន្តែ ក្រោយពីមនុស្សបានប្រព្រឹត្តអំពើបាប រូបកាយដូចជាគុក ឬទណ្ឌកម្មម្យ៉ាង។ សន្ត អូគូស្ទីន មានគំនិតដ៏ល្អគួរអោយចាប់អារម្មណ៍អំពីទំនាក់ទំនងរវាងព្រលឹង និងរូបកាយ៖ “រូបកាយសម្ដែងជីវិតខាងវិញ្ញាណ ឬជាទីសញ្ញាសម្គាល់ - ជាអគ្គសញ្ញា - នៃព្រលឹងវិញ្ញាណរបស់មនុស្ស”។ គំនិតនេះ ជួយអោយយើងយល់កាន់ តែស៊ីជម្រៅអំពីអគ្គសញ្ញានានា អំពីកិច្ចការរបស់ព្រះយេស៊ូ ដែលប្រសូត និងសោយទិវង្គត និងអំពីលក្ខណៈជាមនុស្ស៖ អ្វីទៅជាអគ្គសញ្ញា? គឺជាសញ្ញាសម្គាល់ និងជាដើមហេតុ។ រូបកាយរបស់យើងជាទីសម្គាល់ និងជាដើមហេតុនៃព្រលឹងវិញ្ញាណ។ ១. រូបកាយជាទីសម្គាល់ ដ្បិតដោយសាររូបកាយ វិញ្ញាណអាចមានទំនាក់ទំនងជាមួយអ្នកដទៃ - ឧ. យើងញញឹម ដើម្បីបង្ហាញអារម្មណ៍ល្អ។ ២. រូបកាយជាដើមហេតុ ដ្បិតបើយើងមិនបញ្ចេញគំនិតមួយតាមរយៈរូបកាយរបស់យើង គំនិតនេះនៅតែអទត្តពល - ឥតប្រយោជន៍ - រូបកាយជាមធ្យោបាយ ដែលធ្វើអោយវិញ្ញាណស័ក្តិសិទ្ធិ - ដែលធ្វើអោយគំនិតមានប្រយោជន៍។ ហេតុនេះហើយ បានជាសន្តអូគូស្ទីនធ្លាប់សសេរថា ព្រះគ្រីស្តជាអគ្គសញ្ញារបស់ព្រះជាម្ចាស់ ឬបានទៅជាអគ្គសញ្ញានៃការសង្រ្គោះ ដ្បិតតាំងពីដើមដំបូងបង្អស់ មនុស្សមានលក្ខណៈជាអគ្គសញ្ញា។
៥. សន្ត ថូម៉ាស អាគីណាស
សម្រាប់ សន្ត ថូម៉ាស អាគីណាស ដែលយកគំនិតខ្លះពីទស្សនវិទ្យារបស់លោក Aristote មនុស្សជាសត្វ ដែលមានប្រាជ្ញា។ មនុស្សជាសត្វលោករវាងសត្វ និងទេវទូត។ មនុស្សមិនមែនជាទេវទូត ដ្បិតគាត់មានរូបកាយ ដូចសត្វឯទៀតៗ។ មនុស្សមិនមែនជាវិញ្ញាណសុទ្ធប៉ុណ្ណោះ។ ម្យ៉ាងទៀត មនុស្សមិនមែនជាសត្វតែប៉ុណ្ណោះ ព្រោះមនុស្សមានវិញ្ញាណ។ មនុស្សជាសត្វលោក ដែល៖ ១. មានប្រជ្ញា ដែលធ្វើអោយគាត់អាចស្គាល់ ២. មានឆន្ទះ ដែលធ្វើអោយគាត់អាចស្រលាញ់។
ម្យ៉ាងទៀត សម្រាប់លោក មនុស្សមិនមែនជាព្រលឹង ដែលជាប់ក្នុងរូបកាយ (ដូចជាប់ក្នុងគុក៖ សូមអានទស្សនវិទ្យារបស់លោក Platon ឬលោក Origène) ឬព្រលឹង ដែលមានរូបកាយ (សូមអានទស្សនៈរបស់សន្ត អូគូស្ទីន)។ មនុស្សមិនបែកចែកជាពីរ ប៉ុន្តែជាព្រលឹងផង (១០០%) ជារូបកាយផង (១០០%) គឺមនុស្សជាអង្គតែមួយ។ ព្រលឹងជាទម្រង់របស់រូបកាយ (Heliphormism)[1] គឺវិញ្ញាណធ្វើអោយរូបកាយអាចមានទំនាក់ទំនងជាមួយនឹងពិភពលោក សត្វលោក និងមនុស្សឯទៀតៗ។
អ្វីទៅជាព្រលឹង? ព្រលឹង គឺជាគោលនៃជីវិតរបស់សត្វលោក ទោះជាដើមឈើ ដំរី ឬមនុស្សក៏ដោយ។ ព្រលឹងធ្វើអោយរូបកាយមានជីវិត។ ប៉ុន្តែ ព្រលឹងមនុស្សមានលក្ខណៈពិសេស គឺធ្វើអោយមនុស្សអាចស្គាល់ និងស្រលាញ់។ ព្រលឹងមនុស្សមិនគ្រាន់តែធ្វើអោយរូបកាយមានដំណើរការប៉ុណ្ណោះ។ សម្រាប់ថូម៉ាស ព្រលឹងរួមជាមួយនឹងរូបកាយ ដែលធ្វើអោយមនុស្សទៅជាអង្គតែមួយ។ នៅពេលមនុស្សយើងរិះគិតអំពីអ្វីមួយ (ដូចជាដំរី) ព្រលឹងយើងធ្វើអោយយើងគិតអំពីគំនិតរបស់ដំរី ប៉ុន្តែ រូបកាយ (សភាព សារធាតុ) របស់ដំរីនេះមិនចូលក្នុងគួក្បាលរបស់យើងឡើយ។ ដូច្នេះហើយ បានជាព្រលឹងមានលក្ខណៈអមាតៈ មិនអាចស្លាប់បានឡើយ។ ប៉ុន្តែ នៅពេលស្លាប់ ព្រលឹងមនុស្សមិនមែនជា មនុស្សឡើយ គឺជាព្រលឹងដាច់ពីរូបកាយ ហើយដែលទន្ធឹងរង់ចាំរូបកាយរបស់ខ្លួន ដើម្បីទៅជាមនុស្ស។ ហេតុនេះហើយ បានជាព្រះជាម្ចាស់មិនបានបង្កើតមនុស្សដើម្បីស្លាប់។ ដោយសារវាពុំមានរូបកាយ មនុស្សស្លាប់បានបាត់បង់វិញ្ញាណទាំង៥៖ មនុស្សស្លាប់មិនអាចមើលឃើញ ព្រោះវាពុំមានភ្នែក មនុស្សស្លាប់មិនអាចចងចាំ ព្រោះវាពុំមានគួរក្បាល ល។ល។ សម្រាប់លោក នៅពេលស្លាប់ សល់តែប្រាជ្ញា និងសេចក្ដីស្រលាញ់។
ជំពូកទី៤៖
លក្ខណៈខាងធម្មជាតិ និងហួសពីធម្មជាតិរបស់មនុស្ស
នៅមជ្ឈិមសម័យ ទស្សនវិទ្យារបស់លោក Aristote មានឥទ្ធិពលកាន់តែខ្លាំងឡើៗលើទេវវិទូនៅបស្ចិមប្រទេស ដូចជា សន្ត ថូម៉ាស Aquinas ជាដើម។ ដោយហេតុនេះហើយ បានជាទេវវិទូចាប់ផ្តើមបញ្ចេញគំនិតថ្មីមួយ គឺថា មនុស្សមានលក្ខណៈខ្លះ ដែលមកពីធម្មជាតិ ហើយមានលក្ខណៈផ្សេងទៀត ជាលក្ខណៈហួសធម្មជាតិ។ នៅឆ្នាំ១៩៥០ សម្ដេចប៉ាប Pie ទី១២ នឹងថ្លែងលិខិតមួយ Humani Generis ដើម្បីជួយដោះស្រាយវិបត្តិខាងទេវវិទ្យា ដែលបានកើតឡើងតាំងពីយូរឆ្នាំមកហើយ ដោយសារបញ្ហាខាងលើនេះ។
១. ពីធម្មជាតិ ដល់ភាពហួសធម្មជាតិ
១.១. ពាក្យ “ធម្មជាតិ”
ដោយសារទស្សនវិទ្យារបស់លោក Aristote ពួកទេវវិទូចាប់ផ្តើមរិះគិតឡើងវិញ អំពីអាថ៌កំបាំងនៃអត្តសញ្ញាណរបស់ មនុស្ស។ បន្តិចម្តងៗ មានគំនិតថ្មីៗដែលលេចឡើង ជាពិសេសអំពីធម្មជាតិរបស់មនុស្ស។ តាមលោក Aristote ពាក្យ “ធម្មជាតិ” សម្ដៅទៅលើអ្វីមួយ ដែលមានជីវិតដោយឯកឯង ដោយមិនត្រូវការដើមហេតុណាមួយ។ ពួកទេវវិទូចាប់ផ្តើមប្រើពាក្យ “ធម្មជាតិ” សម្ដៅទៅលើមនុស្ស ដើម្បីបង្ហាញថា មនុស្សពឹងលើខ្លួនឯង មិនត្រូវការព្រះជាម្ចាស់ទេ។ ធម្មជាតិរបស់មនុស្សមានឯករាជ្យពេញលេញ។
កាលពីមុន សន្តអូគូស្ទីនធ្លាប់សសេរថា បើយើងចង់យល់អំពីលក្ខណៈជាមនុស្ស យើងក៏ត្រូវសិក្សាអំពីទំនាក់ទំនងរវាង មនុស្ស និងព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្ស សម្រាប់ព្រះអង្គ គឺដើម្បីអោយមនុស្សស្គាល់ ស្រលាញ់ និងមានទំនាក់ទំនងជាមួយព្រះអង្គ។ សម្រាប់លោក ធម្មជាតិមនុស្សពឹងផ្អែកទាំងស្រុងទៅលើព្រះជាម្ចាស់។ ប៉ុន្តែ សម្រាប់លោក Aristote មនុស្សពឹងផ្អែកលើខ្លួនឯង មិនត្រូវការព្រះជាម្ចាស់ទេ។ សន្ត ថូម៉ាស សសេរ៖ “ទាំងទស្សនវិទូ ទាំង ទេវវិទូផង សក្សាអំពីសត្វលោក ប៉ុន្តែ តាមរបៀបប្លែកពីគ្នា។ ទស្សនវិទូសិក្សាអំពីសត្វលោកផ្ទាល់ ដោយមិនប៉ះពាល់នឹងជំនឿ ឯទេវវិទូសិក្សាអំពីសត្វលោក ដែលមកពីព្រះជាម្ចាស់ និងទៅរកព្រះអង្គ”។
បន្តិចម្តងៗ ទស្សនវិទ្យា និងទេវវិទ្យា នឹងបែកពីគ្នា ជាពិសេសជាមួយលោក Descartes នៅសតវតស្សរ៍ទី១៧។ សន្ត ថូម៉ាស នឹងប្រើពាក្យ “ធម្មជាតិ” ដែលមកពីលោក Aristote ដោយផ្តល់អត្ថន័យថ្មីស្របតាមជំនឿនៃគ្រីស្តសាសនា គឺថា ធម្មជាតិមនុស្សនៅតែជាអាថ៌កំបាំង ដ្បិតគាត់មានវិញ្ញាណ។ សម្រាប់សន្តថូម៉ាស ធម្មជាតិរបស់មនុស្សមិនគ្រាន់តែជាធម្មជាតិតាមនិយមន័យរបស់លោក Aristote តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិទូ និងទេវវិទូ នឹងប្រើពាក្យ “ធម្មជាតិ” តាមអត្ថន័យ របស់លោក Aristote ធ្វើអោយមនុស្សបែកជាពីរ៖ ម្ខាងមានមនុស្សឯកឯង ម្ខាងទៀតមានប្រភព និងគោលដៅរបស់មនុស្ស។
១.២. ពាក្យ “ហួសពីធម្មជាតិ”
ដោយសារអ្នកប្រាជ្ញាប្រើពាក្យ “ធម្មជាតិ” សម្ដៅទៅលើមនុស្ស ដែលពឹងលើខ្លួនឯង ទេវវិទូខ្លះបង្កើតពាក្យថ្មី “ហួសធម្មជាតិ”។ ពាក្យនេះ សម្ដៅទៅលើលក្ខណៈរបស់មនុស្ស ដែលមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ ពាក្យថ្មីនេះ មកពី musterion អាថ៌កំបាំង និង charis ព្រះអំណោយទាន ដែលមានក្នុងព្រះគម្ពីរ។ ពាក្យនេះ សម្ដៅទៅលើអ្វី ដែលមកពីខាងលើ epouranios ជាភាសាក្រិក៖ ហប ៣, ១; យហ ៣, ១២; អភ ៤, ២០។
បិតាព្រះសហគមន៍ខាងអារ្យធម៌ក្រិកធ្លាប់ប្រើពាក្យ “ហួសធម្មជាតិ” សម្ដៅទៅលើអ្វី ដែលមានលក្ខណៈដ៏អស្ចារ្យបំផុត ដូចជាពេលព្រះគ្រីស្តប្រសូតពីស្រ្តីព្រហ្មចារី ឬពេលនិយាយអំពីព្រះជាម្ចាស់ ដែលប្រសូតជាមនុស្ស ក្នុងអង្គតែមួយ ឬពេលនំបុ័ងទៅជាព្រះកាយ។
សព្វថ្ងៃ គេប្រើពាក្យ “ហួសធម្មជាតិ” សម្ដៅទៅលើអ្វី ដែលមកពីព្រះជាម្ចាស់ ដែលមនុស្សមិនអាចធ្វើបាន ដោយខ្លួនឯងជាដាច់ខាត។ ឧ. ព្រះហឬទ័យប្រណីសន្តោស ឬព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រោសប្រទានអោយមនុស្ស មានលក្ខណៈហួសធម្មជាតិ។
២. ធ្វើដូចម្ដេចអោយលក្ខណៈខាងធម្មជាតិ និងហួសធម្មជាតិរបស់មនុស្សត្រូវគ្នាបាន?
សម្រាប់ សន្ត ថូម៉ាស ធម្មជាតិមនុស្សជម្រុញអោយគាត់ចង់ឃើញព្រះជាម្ចាស់៖ “ព្រលឹងវិញ្ញានរបស់មនុស្សមានគោលដៅចុងក្រោយតែមួយ គឺឃើញព្រះជាម្ចាស់ ដែលជាសុភមង្គលរបស់គាត់” “មានតែព្រះជាម្ចាស់ទេ ដែលអាចបំពេញចិត្ត របស់គំនិតមនុស្ស” “ទោះបីមនុស្សបានសម្បត្តិលោកីយ៍ទាំងអស់ គាត់នៅតែខ្វាក់ព្រះជាម្ចាស់”។ ប៉ុន្តែ នៅពេលជាមួយគ្នា “មនុស្សមិនអាចសម្រេចគោលដៅចុងក្រោយ ដោយខ្លួនឯងបានឡើយ” “មនុស្សមានថានៈប្រសើរជាងសត្វលោកឯទៀតៗ ដ្បិតគាត់ចង់ស្គាល់ព្រះជាម្ចាស់ ប៉ុន្តែ គាត់មិនអាចស្គាល់ព្រះអង្គ បើព្រះអង្គមិនសព្វព្រះហឬទ័យ”។ ។
ដោយសារធម្មជាតិរបស់ខ្លួន មនុស្សមានបំណងប្រាថ្នាចង់ឃើញព្រះជាម្ចាស់។ ធម្មជាតិរបស់មនុស្សប្លែកពីធម្មជាតិរបស់សត្វលោកឯទៀត ដ្បិតមនុស្សមានប្រាជ្ញា និងវិញ្ញាណ។ មនុស្សមានសុភមង្គលពិតប្រាកដ ទាល់តែបានឃើញព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់បានបង្កើតយើង សម្រាប់ព្រះអង្គ។ ប៉ុន្តែ នៅពេលជាមួយគ្នានេះ មនុស្សមិនអាចសម្រេចតាមគោលដៅ ដោយពឹងលើខ្លួនឯងបានឡើយ។ សម្រាប់សន្ត ថូម៉ាស លក្ខណៈខាងធម្មជាតិជម្រុញមនុស្សអោយ ឃើញព្រះជាម្ចាស់ ប៉ុន្តែ គាត់ត្រូវការព្រះអំណោយទានរបស់ព្រះជាម្ចាស់ (លក្ខណៈហួសធម្មជាតិ) ដើម្បីបានសម្រេចគោលដៅរបស់ខ្លួន។
សេចក្ដីនេះ ធ្វើអោយមនុស្សជាច្រើនជំទាស់នឹងគម្រោងការណ៍របស់ព្រះជាម្ចាស់៖ បើព្រះជាម្ចាស់មិនអោយមនុស្សទៅដល់គោលដៅចុងក្រោយរបស់ខ្លួន ដោយខ្លួនឯង តើមនុស្សមានសេរីភាពយ៉ាងដូចម្ដេច? ព្រះជាម្ចាស់បង្កើតមនុស្ស និងត្រាស់ហៅគាត់អោយរួមជាមួយព្រះអង្គ ប៉ុន្តែ បើមនុស្សបដិសេធមិនព្រមធ្វើតាមព្រះអង្គ គាត់ប្រព្រឹត្តអំពើបាប ហើយពុំមានសុភមង្គល។ តើព្រះជាម្ចាស់កហុកមនុស្ស ឬទេ? មនុស្សមិនអាចរស់នៅតែម្នាក់ឯង ដោយមិនពឹងផ្អែកលើព្រះជាម្ចាស់។ បើព្រះជាម្ចាស់បង្កើតមនុស្ស ដោយព្រះអង្គស្រលាញ់គាត់ ហេតុអ្វី បានជាមនុស្សនៅតែត្រូវការព្រះអង្គ ដើម្បីបានសុភមង្គល? បានជាមនុស្សពុំមានសេរីភាពឡើយ។
ដូច្នេះហើយ បានជាបន្តិចម្តងៗ ទេវវិទូខ្លះវែកញែកលក្ខណៈខាងធម្មជាតិរបស់មនុស្ស និងលក្ខណៈហួសធម្មជាតិរបស់គាត់៖ ព្រះជាម្ចាស់បានបង្កើតមនុស្ស ដើម្បីអោយគាត់បានទៅជាសត្វលោកដ៏ពេញលក្ខណៈដោយខ្លួនឯង។ មនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ គាត់មិនចូលរួមចំណែកក្នុងព្រះជន្មរបស់ព្រះអង្គ។ បើមិនដូច្នេះទេ ធម្មជាតិរបស់មនុស្សមិនគ្រប់។ ហេតុននេះហើយ បានជាមនុស្សមិនត្រូវការព្រះជាម្ចាស់ ដើម្បីបានសម្រេចគោលដៅចុងក្រោយរបស់ខ្លួន គឺមនុស្សមានសេរីភាព។ ប៉ុន្តែ តើលក្ខណៈហួសធម្មជាតិមានប្រយោជន៍អ្វី? តើព្រះជាម្ចាស់បង្កើតមនុស្សខ្លះ ដើម្បីរស់នៅដូចជាសត្វលោកឯទៀតៗ ដោយមានសុភមង្គល ទោះបីគាត់មិនឃើញព្រះអង្គ?
នៅឆ្នាំ១៩៥០ សម្ដេចប៉ាប Pie ទី១២ សសេរលិខិត Humani generis ប្រឆាំងនឹងការវែកញែកមនុស្សតាមលក្ខណៈ ធម្មជាតិ និងលក្ខណៈហួសធម្មជាតិ។ ព្រះជាម្ចាស់បង្កើតមនុស្ស និងត្រាស់ហៅគាត់អោយឃើញព្រះអង្គ ហើយមនុស្ស មានសេរីភាពពេញលេញផង។
៣. លោក Karl Rahner
លោក Karl Rahner ព្យាយាមដោះស្រាយបញ្ហារវាងលក្ខណៈធម្មជាតិ និងហួសធម្មជាតិរបស់មនុស្ស៖
សម្រាប់លោក Karl Rahner មនុស្សជាសត្វលោក ដែលសួរអំពីអត្តសញ្ញាណរបស់ខ្លួនឯង។ គាត់ជាទស្សនវិទូ។ គាត់យល់ឃើញថា ខ្លួនគាត់គ្រាន់តែជាសត្វលោក ប៉ុន្តែ គាត់មានបំណងប្រាថ្នាដ៏គ្មានកំណត់ព្រំដែនឡើយ។ ម្យ៉ាងទៀត គាត់មិនអាចទៅដល់សុភមង្គលដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ក៏ដោយសារគាត់ដឹងខ្លួនអំពីស្ថានភាព របស់ខ្លួន គាត់មានតម្លៃដ៏គ្មានកំណត់ព្រំដែន។ លោក បាស្កាល ធ្លាប់និយាយថា “មនុស្សហួសមនុស្ស”។ លោក Rahner ហៅបទពិសោជន៍នេះថា “បទពិសោធន៍លើសធម្មជាតិ” (Transcendental experience)។ ទោះបីមនុស្សចង់បានតែការសប្បាយយ៉ាងណាក៏ដោយ ក៏គាត់មិនអាចគេចផុតពីសំណួរទាំងអស់នោះ។ បានជាគាត់មានការព្រួយបារម្មណ៍។ ប៉ុន្តែ គាត់យល់ឃើញថា ដោយសារគាត់ចង់បានសុភមង្គល ជីវិតរបស់គាត់ត្រូវតែមានអត្ថន័យ។ លោក ហៅការស្វែងរកអត្ថន័យនៃជីវិតនេះថា ការស្វែងរកព្រះជាម្ចាស់។ ទោះបីមនុស្សមិនទាន់ស្គាល់ព្រះជាម្ចាស់ក៏ដោយ។
នៅពេលជាមួយគ្នានេះ ព្រះជាម្ចាស់យាងមករកមនុស្ស។ នៅក្នុងដួងចិត្តមនុស្ស។ នៅពេលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គធ្វើអោយមនុស្សមានរចនាសម្ពន្ធអាចទទួលព្រះជាម្ចាស់បាន (សភាវៈហួសធម្មជាតិ៖ Supernatural existential)។ ព្រះជាម្ចាស់ប្រោសប្រទានព្រះអង្គផ្ទាល់អោយមនុស្ស (autocommunication of God)។ ហេតុនេះហើយ បានជាមនុស្សមានបំណងហួសធម្មជាតិចង់ឃើញព្រះជាម្ចាស់។ បំណងរបស់មនុស្សមកពីព្រះជាម្ចាស់តាំងពីកំណើតមនុស្សមកម្លេះ។ មនុស្សជាសត្វលោក ដែលមានព្រះហឬទ័យប្រណីសន្តោសនៅក្នុងខ្លួនគាត់ផ្ទាល់តាំងពីកំណើត។
៤. លទ្ធិគ្រីស្តសាសនា លេខ ១៩៩៦ ដល់ លេខ ២០០៥
១៩៩៦៖ ព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិតមកពីព្រះអង្គប្រណីសន្តោសយើង។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស បានសេចក្ដីថា ព្រះអង្គប្រទានព្រះអំណោយទានសង្រ្គោះយើង ដើម្បីអោយ យើងអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ គឺអោយយើងក្លាយទៅជាបុត្រធីតារបស់ព្រះអង្គ (យហ ១,១២-១៨) (រម ៨,១៤-១៧) មានលក្ខណៈជាព្រះជាម្ចាស់ (២ពត្រ ១,៣-៤) និងអោយយើងទទួលជីវិតអស់កល្បជានិច្ច (យហ ១៧,៣)។
១៩៩៨៖ ព្រះជាម្ចាស់ត្រាស់ហៅយើងអោយទទួលជីវិតអស់កល្បជានិច្ច ជាការត្រាស់ហៅហួសធម្មជាតិ ដែលពឹងផ្អែកទាំងស្រុងលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដ្បិតមានតែព្រះអង្គទេ ដែលអាចសម្ដែងព្រះអង្គ និងប្រទានព្រះកាយព្រះអង្គផ្ទាល់។ ទោះបីមនុស្ស ឬសត្វលោកណាមួយមានបំណងយ៉ាងណាក៏ដោយ ក៏គេពុំមានសមត្ថភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ឆ្លើយតបនឹងព្រះជាម្ចាស់ ដែលត្រាស់ហៅគេឡើយ (១ករ ២,៧-៩)។
១៩៩៩៖ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តជាព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រទានមកយើង ដោយប្រោសព្រះជន្មរបស់ព្រះអង្គ ដែលព្រះវិញ្ញាណចាក់បង្ហូរក្នុងព្រលឹងយើង ដើម្បីអោយព្រលឹងនេះ បានរួចពីបាប និងបានវិសុទ្ធ គឺជាព្រះហឫទ័យប្រណីសន្តោស ដែលប្រោសយើងអោយបានវិសុទ្ធ ឬ អោយបានមានលក្ខណៈជាព្រះជាម្ចាស់ ដែលយើងទទួលក្នុងពិធីជ្រមុជទឹក។ ព្រះហឫទ័យប្រណីសន្តោសនេះ ជាប្រភពក្នុងខ្លួនយើង ដែលនាំអោយយើងវិសុទ្ធ (យហ ៤,១៤ ; ៧,៣៨-៣៩)។
២០០១៖ នៅពេលដែលមនុស្សរៀបចំខ្លួនទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ តាមពិតព្រះអង្គបានប្រោសប្រណីគេរួចទៅហើយ។ យើងត្រូវការព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជាចាំបាច់ ដើម្បីជម្រុញ និងទ្រទ្រង់យើងអោយរួមសហការជាមួយព្រះអង្គ ដែលប្រោសយើងអោយបានសុចរិត ដោយសារជំនឿ និងប្រោសយើងអោយបានវិសុទ្ធ ដោយសារសេចក្ដីស្រលាញ់។ ព្រះជាម្ចាស់បង្ហើយកិច្ចការ ដែលព្រះអង្គចាប់ផ្តើមនៅក្នុងខ្លួនយើង ដ្បិត “ព្រះអង្គចាប់ផ្ដើម ដោយធ្វើតាមរបៀបដែលយើងចង់ ព្រះអង្គក៏បង្ហើយកិច្ចការនោះ ដោយរួមសហការជាមួយនឹងបំណងយើង ដែលព្រះអង្គបានកែរួចហើយ” (សន្ត អូគូស្ទីន)។ “តាមពិត យើងធ្វើការដែរ ប៉ុន្តែ យើងគ្រាន់តែធ្វើការជាមួយព្រះជាម្ចាស់ ដែលទ្រង់ធ្វើការ ដ្បិតធម៌មេត្តាករុណារបស់ព្រះអង្គធ្វើការមុនយើង ដើម្បីអោយយើងបានជាសះស្បើយ។ ធម៌មេត្តាករុណាធ្វើការពីក្រោយយើងថែមទៀត ដើម្បីអោយយើងបានជីវិត ក្រោយពីបានជាសះស្បើយ។ ធម៌មេត្តាករុណាធ្វើការមុនយើង ដើម្បីត្រាស់ហៅយើង និងធ្វើការពីក្រោយយើង ដើម្បីអោយយើងទទួលសិរីរុងរឿង។ ធម៌មេត្តាករុណធ្វើការមុន ដើម្បីអោយយើងគោរពប្រណិប័តន៍ព្រះអង្គ និងធ្វើការក្រោយ ដើម្បីអោយយើងរួមជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច ដ្បិតបើព្រះអង្គមិនគង់ជាមួយយើងទេ យើងធ្វើអ្វីមិនកើតឡើយ (សន្ត អូគូស្ទីន)។
២០០២៖ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ផ្ដើមត្រាស់ហៅមនុស្ស អោយស័្មគ្រចិត្តឆ្លើយតបនឹងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ដោយប្រគល់អោយគេមានសេរីភាព និងអាចស្គាល់ និងស្រលាញ់ព្រះអង្គ។ ព្រលឹងរួបរួមជាមួយសេចក្ដីស្រលាញ់ ដោយមានសេរីភាពពេញលេញតែប៉ុណ្ណោះ។ ព្រះជាម្ចាស់ប៉ះពាល់ភ្លាមៗ និងជម្រុញចិត្តមនុស្សតែម្តង។ ព្រះអង្គបានដាក់បំណងប្រថ្នាចង់បានសេចក្ដីពិត និងអ្វីដ៏ល្អក្នុងចិត្តមនុស្ស ហើយមានតែព្រះអង្គទេ ដែលអាចបំពេញបំណងប្រាថ្នានេះ។ ព្រះបន្ទូលសន្យាអំពី “ជីវិតអស់កល្បជានិច្ច” បំពេញបំណងប្រាថ្នានេះ លើសពីសេចក្ដីសង្ឃឹមទៀតទៀត។
២០០៥៖ ដោយសារព្រះហឫទ័យប្រណីសន្តោសហួសធម្មជាតិ យើងមិនអាចដកបទពិសោធន៍អំពីព្រះហឫទ័យប្រណីសន្តោសនេះបានទេ។ មានតែតាមជំនឿទេ ដែលយើងអាចស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងមិនអាចពឹងផ្អែកលើអារម្មណ៍ ឬលើកិច្ចការផ្សេងៗរបស់យើង ដើម្បីសន្និដ្ឋានថា ព្រះជាម្ចាស់បានប្រោសយើងអោយបានសុចរិត និងបានសង្រ្គោះយើង។
ជំពូកទី៥៖
ការជំទាស់របស់សង្គមទំនើប
ការប្រៀនប្រដៅរបស់ព្រះគម្ពីរ និងគ្រីស្តសាសនាអំពីមនុស្ស បង្ហាញថា មនុស្សជាមនុស្សពេញលក្ខណៈ លុះត្រាតែគាត់ មានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ដែលជាអ្នកបង្កើតគាត់ ហើយដែលត្រាស់ហៅគាត់អោយរួមរស់ជាមួយព្រះអង្គ។ ប៉ុន្តែ សព្វថ្ងៃ មនុស្សជាច្រើនបដិសេធមិនព្រមទទួលសេចក្ដីនេះ។ នៅក្នុងសង្គមទំនើប មនុស្សចង់បានសេរីភាព និងឯករាជ្យពីព្រះជាម្ចាស់។ ដើម្បីបានសម្រេចតាមមនោគមវិជ្ជារបស់ពួកគេ ពួកគេមិនព្រមទទួលស្គាល់ថា មនុស្ស ប្លែកពីព្រះជាម្ចាស់ មនុស្សប្រុស និងមនុស្សស្រីប្លែកពីគ្នា និងមនុស្សប្លែកពីសត្វ។
១. ការបដិសេធមិនព្រមជឿថា មានព្រះជាម្ចាស់
សព្វថ្ងៃ មនុស្សសស្ទើរតែទាំងអស់មិនព្រមជឿថា មានព្រះជាម្ចាស់។ គាត់ចាត់ទុកថា បើគ្មានព្រះជាម្ចាស់ មនុស្សមានសុភមង្គល និងរីកចម្រើនកាន់តែខ្លាំងឡើងៗ។ មនុស្សមិនចង់ពឹងផ្អែកលើព្រះជាម្ចាស់ និងចង់បានសេរីភាព។
តាមការពិត មនុស្សមានលក្ខណៈចង់ពឹងផ្អែកលើកម្លាំងរបស់ខ្លួន ដូចកាលពីមុនលោកអដាំចង់ទៅជាព្រះដែរ។ មនុស្ស មានបំណងប្រាថ្នា ដែលពុំមានកំណត់ព្រំដែន ប៉ុន្តែ ចង់សម្រេចតាមគោលដៅដោយខ្លួនឯងប៉ុណ្ណោះ។ ម្យ៉ាងទៀត មនុស្សច្រណែននឹងព្រះជាម្ចាស់ ឬស្មានថា ព្រះជាម្ចាស់ជាគូប្រគូតប្រឆាំងនឹងគាត់។ មនុស្សមិនព្រមជឿថា ព្រះជាម្ចាស់ត្រាស់ហៅគាត់ឆ្ពោះទៅសុភមង្គល។ មនុស្សចង់បោះបង់ចោលព្រះជាម្ចាស់តែម្តង គាត់ចង់តែម្នាក់ឯង។ ប៉ុន្តែ ធ្វើ ដូច្នោះ មនុស្សផ្ងើជីវិតទៅលើព្រះក្លែងក្លាយដូចជាទ្រព្យសម្បតិ្ត កិត្តិយស ការរួមភេទ ជាដើម។
យើងត្រូវសួរខ្លួនឯងថា តើមនុស្ស ដែលមិនព្រមជឿថា មានព្រះជាម្ចាស់ មានសុភមង្គលពិតប្រាកដមែន ឬទេ? តើគាត់ នៅតែមានសីលធម៌ត្រឹមត្រូវ ឬទេ? ហេតុអ្វី? បើគ្មានព្រះជាម្ចាស់ ហេតុអ្វី បានជាមនុស្សពុំមានសិទ្ធិធ្វើតាមអំពើចិត្តរបស់ខ្លួនឯង? ហេតុអ្វី បានជាមនុស្សត្រូវតែគោរពគ្នាទៅវិញទៅមក? បើគ្មានព្រះជាម្ចាស់ តើឋានៈរបស់មនុស្សខុសប្លែកពីសត្វត្រង់ណាខ្លះ? បើគ្មានព្រះជាម្ចាស់ ហេតុអ្វី បានជាមនុស្សនៅតែមានបំណងចង់រស់? បើពេលស្លាប់ហើយមនុស្សពុំមានអនាគត តើជីវិតនៅលើផែនដីនេះ មានប្រយោជន៍អ្វី?
តាមលទ្ធិគ្រីស្តសាសនា លេខ ២១២៤៖ ទ្រឹស្តីហៅថា “លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់” មានប្រភេទផ្សេងពីគ្នាជាច្រើន។ ក្នុងចំណោមទ្រឹស្តីទាំងអស់នោះ អ្នកកាន់លទ្ធិសម្ភារៈនិយមកំណត់តម្រូវការ និងបំណងប្រាថ្នារបស់ខ្លួន អោយអាកាស និងវេលាតែប៉ុណ្ណោះ។ អ្នកកាន់លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ ហើយជាមនុស្សពឹងលើខ្លួនឯងយល់ខុសថា “មនុស្សជាទីដៅរបស់ខ្លួនផ្ទាល់ មានតែមនុស្សទេ ដែលបង្កើត និងណែនាំប្រវត្តិសាស្រ្តរបស់ខ្លួនបាន” (GS ២០,១)។ លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ មានរបៀបផ្សេងមួយទៀត ដែលរង់ចាំការរំដោះរបស់មនុស្ស ដែលជាការរំដោះខាងវិស័យសេដ្ឋកិច្ច និងសង្គម។ លទ្ធិនេះ “ជំទាស់នឹងសាសនា ដែលនាំអោយមនុស្សពឹងផ្អែកលើសេចក្ដីសង្ឃឹម ដែលជាការបោកបញ្ឆោតថា គេនឹងមានជីវិតនៅលោកខាងមុខ បណ្តាលអោយមនុស្សមិនរវីរវល់នឹងសាងសង់ពិភពលោកនៅលើផែនដីនេះ” (GS ២០,២)។
២១២៦៖ ជារឿយៗ អ្នកកាន់លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់មានគំនិតខុសចង់អោយមនុស្សពឹងលើខ្លួនឯង រហូតដល់បដិសេធមិនព្រមពឹងផ្អែកលើព្រះជាម្ចាស់ (GS ២០,១)។ ក៏ប៉ុន្តែ “ការទទួលស្គាល់ព្រះជាម្ចាស់មិនជំទាស់នឹងតម្លៃដ៏ថ្លៃថ្នូររបស់មនុស្សត្រង់ណាសោះឡើយ ដ្បិតតម្លៃដ៏ថ្លៃថ្នូរនេះ មកពីព្រះជាម្ចាស់ផ្ទាល់ គឺព្រះអង្គនេះហើយជាគ្រឹះនៃតម្លៃដ៏ថ្លៃថ្នូរនេះ និងធ្វើអោយតម្លៃដ៏ថ្លៃថ្នូរនេះបានពេញលក្ខណៈ” (GS ២១,៣)។ “ព្រះសហគមន៍ដឹងច្បាស់ថា សាររបស់ខ្លួនត្រូវនឹងជម្រៅចិត្តដ៏អាថ៌កំបាំងរបស់មនុស្ស” (GS ២១,៧)។
២. ការជំទាស់អំពីកំណើតពិភពលោក
តាំងពីមិនសូវយូរប៉ុន្មាន អ្នកស្រាវជ្រាវបានយល់ឃើញថា ផែនដី និងអ្វីៗទាំងអស់កើតមក ដោយសារហិតុការដើមមួយ ដែលគេហៅថា ការផ្ទុះឡើង (Big Bang) ហើយមនុស្សមកពីសត្វលោកបានវិវត្តបន្តិចម្តងៗ។ ហេតុនេះ ហើយបានជាមនុស្សជាច្រើនជំទាស់នឹងគ្រីស្តសាសនា ដោយសារអត្ថបទព្រះគម្ពីរអំពីគំណើតពិភពលោក ប្រឆាំងនឹងវិទ្យាសាស្រ្ត។ តើព្រះគម្ពីរបង្រៀនសេចក្ដីពិត ឬទេ?
តាមការពិត ពីសតវត្សរ៍មួយដល់សតវត្សរ័មួយ ព្រះសហគមន៍បានយល់ឃើញថា អ្នកនិពន្ធព្រះគម្ពីរពុំមានបំណងពន្យល់កំណើតពិភពលោកតាមវិទ្យាសាស្រ្តទេ។ នៅសម័យនោះ ពួកអ្នកនិពន្ធពុំមានឧបការណ៍ទំនើបៗដូចសព្វថ្ងៃ ដើម្បីយល់អំពីកំណើត និងការវិវិត្តនៃអ្វីៗទាំងអស់។ ជាពិសេស ពួកគាត់មិនចង់ឆ្លើយនឹងសំណួរតាវិទ្យាសាស្រ្ត ដែលសួរថា “អ្វីៗទាំងអស់កើតមកយ៉ាងដូចម្ដេច?”។ ផ្ទុយទៅវិញ ពួកគាត់ចង់ឆ្លើយនឹងសំណួរថា “ហេតុអ្វី បានជាមានពិភពលោក និងមនុស្ស?”។ ពួកគាត់ចង់ប្រកាសជំនឿរបស់ខ្លួនឯងថា ព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់។ ប៉ុន្តែ ពួកគាត់ មិនដឹងថា តើព្រះជាម្ចាស់បានធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើតអ្វីៗទាំងអស់។
ក៏ប៉ុន្តែ យូរៗទៅរហូតដល់សព្វថ្ងៃ មនុស្សភាគច្រើនចាប់ផ្ដើមចាត់ទុកថា ពិភពលោក និងមនុស្សកើតមក ដោយឯកឯង។ ពួកគេមិនព្រមយល់ថា ពិភពលោក និងមនុស្សជាទីសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់។ ពួកគេមិនព្រមទទួលស្គាល់ថា ព្រះជាម្ចាស់អោយមនុស្សស្វែងរកព្រះអង្គតាមរយៈអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើត។
តាមលទ្ធិគ្រីស្តសាសនា លេខ ៣២ និងលេខ ៣៣៖ “មនុស្សយើងអាចស្គាល់ព្រះជាម្ចាស់ជាប្រភព និងទីបព្ចាប់នៃសកលលោក ដោយរិះគិត អំពីចលនា ការប្រែប្រួល អនិមិត្ត សណ្ដាប់ធ្នាប់ និងសោភណភាពនៃពិភពលោក។ សន្ត ប៉ូលមានប្រសាសន៍អំពីសាសន៍ដទៃថា៖ “អ្វីៗដែលមនុស្សលោកអាចស្គាល់អំពីព្រះជាម្ចាស់បាននោះ មានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្ដែងអោយគេឃើញ (...) តាំងពីកំណើតពិភពលោកមកម្ល៉េះ នៅពេលដែលគេរិះគិតអំពីស្នាព្រះហស្តរបស់ព្រះអង្គ” (រម ១,១៩-២០) ។ មនុស្សអាចទទួលស្គាល់សេចក្ដីពិត និងសោភណភាព អាចស្គាល់អ្វីល្អ មានសីលធម៌ សេរីភាព និងមនសិការ ហើយគេចង់បានជីវិតដែលគ្មានព្រំដែន និងសេចក្ដីសុខសាន្ត ទើបគេសួរខ្លួនឯងអំពីព្រះជាម្ចាស់។ គេអាចយល់ឃើញថា អ្វីៗទាំងអស់នោះ បង្ហាញបញ្ជាក់អំពីឋានៈនៃព្រលឹងវិញ្ញាណរបស់គេ ។ មនុស្ស “មានពូជនៃជីវិតអស់កល្បជានិច្ចកប់ក្នុងខ្លួន ពូជនៃជីវិតនេះមិនគ្រាន់តែកើតតាមធម្មជាតិទេ” (GS ១៨,១ ; ១៤,២) មានតែព្រះជាម្ចាស់ទេ ជាប្រភពនៃព្រលឹងរបស់មនុស្ស។
៣. ព្រះជាម្ចាស់បង្កើតមនុស្សជាមនុស្សប្រុស ជាមនុស្សស្រី
នៅឆ្នាំ១៩៤៩ លោកស្រី Simone de Beauvoir សសេរថា៖ “គាត់បានទៅជាមនុស្សស្រី ដោយគ្មាននរណាម្នាក់បានសួរគាត់ថា ចង់ ឬមិនចង់”។ លោកស្រី de Beauvoir ជាអ្នកនាំពាក្យរបស់មនុស្សជាច្រើន ដែលបដិសេធមិនព្រមទទួលស្គាល់ថា ព្រះជាម្ចាស់បង្កើតមនុស្សជាមនុស្សប្រុស ជាមនុស្សស្រី។ ពួកគេមិចង់ពឹងផ្អែកលើលក្ខណៈធម្មជាតិរបស់ មនុស្ស។ តាមការពិត អ្នកទាំងអស់នោះ ទាមទារអោយមានឯករាជ្យពីព្រះជាម្ចាស់ ជាអ្នកផ្តល់លក្ខណៈជាមនុស្សប្រុស ឬជាមនុស្សស្រីអោយយើងម្នាក់ៗ។
យើងបានរៀនថា ព្រះជាម្ចាស់បានបង្កើតមនុស្សអោយទៅជាមនុស្សប្រុស និងមនុស្សស្រី។ ទាំងពីរនាក់ដូចគ្នាផង និងប្លែកពីគ្នាផងដែរ។ ដោយសារហេតុនេះហើយ បានជាមនុស្សអាចស្រលាញ់ ហើយជារូបតំណងរបស់ព្រះជាម្ចាស់ ជាព្រះត្រៃឯក។ ម្យ៉ាងទៀត ដោយសារមនុស្សប្រុស និងមនុស្សស្រីរៀបអាពាហ៍ពិពាហ៍ តែពីរនាក់ គាត់មិនមែនដូចសត្វឯទៀតៗប៉ុណ្ណោះទេ។ ការរួមភេទបង្ហាញអំពីទំនាក់ទំនងដ៏ពិសេស និងដ៏អាឋកំបាំងរវាងមនុស្ស។ ការរួមភេទបង្ហាញថា មនុស្សប្រុសរស់នៅ ដោយសារ សម្រាប់ និងដើម្បីមនុស្សស្រី។ មនុស្សស្រីមានជីវិត ដោយសារ សម្រាប់ និងដើម្បីមនុស្សប្រុស។ មនុស្សប្រុសជាមនុស្សប្រុសដ៏ពេញលក្ខណៈលុះត្រាតែមានមនុស្សស្រី។ មនុស្សស្រីជាមនុស្សស្រីដ៏ពេញលេញលុះត្រាតែមានមនុស្សប្រុស។ ពេលប្តី ប្រពន្ធរួមជាមួយគ្នា ពួកគាត់បង្ហាញថា ពួកគាត់ប្រគូលគ្នាទៅវិញទៅមក ដោយមានសេរីភាពពេញទី។ ការរួមភេទជួយអោយមនុស្សពីរនាក់ស្រលាញ់គ្នាកាន់តែខ្លាំងឡើងៗ ប៉ុន្តែមិនមែនជាគោលដៅចុងក្រោយ និងសំខាន់លើអ្វីៗទាំងអស់ របស់មនុស្សឡើយ។
មនុស្សមានចិត្តស្រលាញ់ពិតប្រាកដចង់ស្រលាញ់ដៃគូរបស់ខ្លួនតែម្នាក់នេះគត់ ទាំងស្រុង ជារៀងរហូត ហើយសេចក្ដីស្រលាញ់នេះ នឹងបង្កើតផលផ្លែជាមិនខាន។ បើយើងរួមភេទដោយមិនស្រលាញ់ដៃគូរបស់ខ្លួនយ៉ាងពិតប្រាកដ យើងមិនអាចឈានទៅដល់សុភមង្គល ស្របតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់ជាអ្នកបង្កើតយើង។
នៅពេលដែលសន្តប៉ូលមិនព្រមអោយមនុស្សមានភេទដូចគ្នារួមជាមួយគ្នា (រម ១, ២៦-២៧) លោកមិនប្រកាន់ អ្នកទាំងអស់នោះ។ ប៉ុន្តែ លោកចាត់ទុកថា ការរួមភេទរវាងប្រុស និងប្រុស ឬរវាងស្រី និងស្រី ផ្ទុយពីធម្មជាតិ និងមិនអាចបង្កើតផលបានឡើយ។ នៅក្នុងសង្គមបច្ចុប្បន្ន ទោះបីរដ្ឋអំណាចត្រូវការពារសិទ្ធិសេរីភាពរបស់មនុស្ស ដែលស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏យើងមិនអាចអោយពួកគាត់រៀបការដូចមនុស្សប្រុស និងមនុស្សស្រីបានឡើយ។ ម្យ៉ាងទៀត កូនក្មេងទាំងអស់ត្រូវការទាំងឪពុកម្នាក់ ទាំងម្តាយម្នាក់ ដើម្បីរីកចម្រើន និងលូតលាស់អោយបានត្រឹមត្រូវ។ ទោះបីព្រះសហគមន៍យល់អំពីទុក្ខលំបាករបស់អស់អ្នក ដែលមិនអាចបង្កើតកូនយ៉ាងណាក៏ដោយ ក៏កូនជាព្រះអំណោយទាន ដែលមកពីព្រះជាម្ចាស់។ ទោះបីយើងអាចបង្កើតកូនតាមវិទ្យាសាស្រ្តក៏ដោយ ក៏ឪពុកម្តាយពុំមានសិទ្ធិទាមទារអោយមានកូនបានឡើយ។
៤. មនោគមវិជ្ជាថា មនុស្សអាចជ្រើសរើសភេទរបស់ខ្លួនឯង Gender
សព្វថ្ងៃ ក្នុងសង្គមទំនើប មនុស្សជាច្រើនអះអាងថា យើងអាចជ្រើសរើសភេទរបស់ខ្លួនឯង តាមអារម្មណ៍របស់ខ្លួន។ ហេតុនេះ បើសិនជាមនុស្សប្រុសម្នាក់មានអារម្មណ៍ថា ខ្លួនជាស្រី គាត់មានសិទ្ធិដូរភេទតាមវិទ្យាសាស្រ្ត ហើយមានសិទ្ធិ ទាមទារអោយសង្គមទទួលស្គាល់ថា គាត់ពិតជាមនុស្សស្រីមែន។ មនុស្សទាំងអស់នោះធ្លាប់និយាយថា យើងទៅជាប្រុស ឬស្រី ដោយសារតែសង្គមជម្រុញកូនប្រុសម្នាក់អោយទៅជាបរុស ហើយកូនស្រីម្នាក់អោយទៅជាស្រី្ត (ឧ. ឪពុកម្តាយអោយកូនប្រុសលេងជាមួយឡានតូចៗ ឬបង្រៀនកូនស្រីអោយចេះត្បាញ)។ មនុស្សទៅជាប្រុស ឬស្រីតាមវប្បធម៌ និងការអប់រំប៉ុណ្ណោះ។ អ្នកទាំងអស់នោះ ប្រាប់ថា យើងគួរ ទុកអោយកូនម្នាក់ៗមានសេរីភាពជ្រើសរើសភេទរបស់ខ្លួន តាមអារម្មណ៍របស់គេ។ ពេលខ្លះ ពួកគេនិយាយថា យើងត្រូវធ្វើអោយមនុស្សលែង ទៅជាមនុស្សប្រុស និងមនុស្សស្រី ហើយបង្កើតកូនតាមវិទ្យាសាស្រ្តប៉ុណ្ណោះ! លោកស្រី Elisabeth Badinter សសេរថា៖ “យើងមិនចង់បានពិភពមួយ ដែលប្រកាន់មនុស្សជាបរុស ជាស្រី្ត ទៀតឡើយ”។ ស្រ្តីនិយមខ្លះនិយាយថា ដោយសារភេទផ្សេងៗពីគ្នា មនុស្សប្រុសមានអំណាចលើមនុស្សស្រី បានជាពួកគេចង់អោយមានភាពស្មើគ្នា ដោយគ្មានមនុស្សប្រុស ឬមនុស្សស្រីទៀតទេ។
តាមការពិត តាំងពីយូរឆ្នាំមកហើយ សង្គមមនុស្សភាគច្រើនពិតជាមិនបានគោរពសិទ្ធិមនុស្សស្រី ឬមនុស្សស្រលាញ់ភេទដូចគ្នា អោយបានត្រឹមត្រូវ បានជាសព្វថ្ងៃ អ្នកទាំងអស់នោះទាមទារអោយមានភាពស្មើគ្នា។ ទោះជាយ៉ាងណាក៏ ពុំសូវមានមនុស្ស ដែលនិយាយគាំទ្រសិទ្ធិ និងតម្លៃរបស់ក្រុមគ្រួសារ និងក្មេងៗ ដែលដូចជាឧបសគ្គក្នុងការ រួមភេទអោយសប្បាយៗតាមអំពើចិត្ត។ មនុស្សភាគច្រើនក្នុងសង្គមទំនើបបច្ចុប្បន្នកាលមិនចង់យល់ពីលក្ខណៈដ៏ខ្ពង់ខ្ពស់នៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា ដែលទាមទារអោយមានដៃគូតែពីរនាក់អស់មួយជីវិត។ មនុស្សភាគច្រើនចង់ពឹងផ្អែកលើតណ្ហា អារម្មណ៍ និងកម្លាំងរបស់ខ្លួនឯង។ មនុស្សជាច្រើនបដិសេធមិនព្រមបង្កើតកូន និងកសាងក្រុមគ្រួសារតាមគម្រោងការណ៍របស់ព្រះជាម្ចាស់ ជាអ្នកផ្ដល់ទិស និងគោលដៅដល់អ្វី ដែលព្រះអង្គបង្កើត។ ហេតុនេះហើយ បានជាមនុស្សយើងយកលេសថា ពុំមានភាពស្មើគ្នារវាងមនុស្សប្រុស មនុស្សស្រី និងមនុស្សស្រលាញ់ភេទដូចគ្នា ដើម្បីធ្វើជាម្ចាស់លើខ្លួនឯង និងតាមអ្វីខ្លួនស្មានថា ជាការល្អ។
យើងដូចជាកូនក្មេងម្នាក់ ដែលដោះគ្រឿងកង់គាត់ចេញ ដើម្បីបានសប្បាយ មុននឹងយល់ឃើញថា គាត់មិនចេះកសាងឡើងវិញ។ បើយើងលុបបំបាត់អត្តសញ្ញាណខាងភេទរបស់មនុស្ស យើងក៏លុបបំបាត់អត្តសញ្ញាណទាំងស្រុងរបស់យើងតែម្តង។ យើងចង់កសាងមនុស្សតាមអារម្មណ៍ ឬតណ្ហារបស់ខ្លួន។ យើងបដិសេធមិនព្រមធ្វើតាមលក្ខណៈ រៀងៗខ្លួន។ យើងបដិសេធមិនព្រមទទួលកំណត់ព្រំដែនរបស់ខ្លួន។ យើងមិនព្រមធ្វើតាមព្រះជាម្ចាស់តែម្តង។
៥. មនុស្សប្លែកពីសត្វត្រង់ណា?
តាំងពីប៉ុន្មានឆ្នាំមកហើយ អ្នកខាងវិទ្យសាស្រ្តជាច្រើនបានយល់ឃើញថា មនុស្ស និងសត្វមិនសូវខុ សគ្នាប៉ុន្មានទេ។ ដូចមនុស្ស សត្វមានប្រាជ្ញា អាចរស់នៅជាមួយគ្នា មានភាសារួម ជាដើម។ ឧ. តាមជីវវិទ្យា មនុស្ស និងសត្វស្វាដូចគ្នា៩៩%! បានជាពួកគេសន្និដ្ឋានថា មនុស្សគ្រាន់តែ ជាសត្វដូចសត្វឯទៀតៗ។ លោក Changeux ធ្លាប់អះអាង ថា មនុស្សគ្រាន់តែជាសត្វឯកទេសខាងភាសា។
អ្នកទាំងអស់នោះមិនព្រមទទួលការប្រៀប្រដៅនៃព្រះគម្ពីរ ដែលបង្រៀនថា មនុស្សជាគំពូលនៃអ្វីៗទាំងអស់ ព្រោះគាត់ជារូបតំណងរបស់ព្រះជាម្ចាស់ ហើយមានលក្ខណៈដូចព្រះអង្គ។ ម្យ៉ាងទៀត ពេលព្រះជាម្ចាស់បង្កើតមនុស្ស គ្មានសត្វណាមួយបានបំពេញចិត្តរបស់គាត់ បានជា ព្រះអង្គបង្កើតស្រ្តី។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ប្រសូតជាមនុស្ស មិនមែនទៅជាសត្វ។
ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេគួរត្រូវទទួលស្គាល់ថា មានតែមនុស្សយើងទេ ដែលសួរសំណួរអំពីអត្ថសញ្ញាណរបស់ខ្លួន មានតែមនុស្សយើងទេ ដែលមានសេរីភាព មានតែមនុស្សយើងទេ ដែលដឹងខ្លួនថា គាត់នឹងស្លាប់។
[1] សូមរិះគិតអំពីរូបចម្លាស់ ដែលធ្វើពីថ្ម ហើយដែលមានរូបរាងជាសត្វលោកមួយ (ដូចជាដំរី)
ភាគទី២៖
មនុស្សដែលប្រព្រឹត្តអំពើបាប
តាមភាគទី១ ព្រះជាម្ចាស់បានបង្កើតពិភពលោក និងមនុស្ស ហើយអ្វីៗទាំងអស់នោះ “ល្អប្រសើរ” ហើយ “ល្អប្រសើរបំផុត”។ ប៉ុន្តែ ជារៀងរាល់ថ្ងៃ មនុស្សយើងដកពិសោធន៍អំពីអំពើអាក្រក់។ អំពើបាបប៉ះពាល់ជីវិតរបស់មនុស្សគ្រប់ជាតិគ្រប់សាសន៍ គ្រប់សម័យកាល។ គ្មាននរណាម្នាក់អាចគេចផុតពីអំពើអាក្រក់បានឡើយ។
តាមជំនឿរបស់យើងជាគ្រីស្តបរិស័ទ ព្រះជាម្ចាស់មិនបានបង្កើតអំពើអាក្រក់ទេ។ ក្នុងការសិក្សាររបស់យើង យើងត្រូវបែកចែកអំពើបាប ដែលមកពីឪពុកម្តាយដើមដំបូងរបស់យើង (Peccatum originans) នឹងអំពើបាប ដែលមនុស្សទាំងអស់ប្រព្រឹត្ត (Peccatum originatum)។ ដោយសារអំពើបាបទីពីរ យើងត្រូវតែសួរខ្លួនឯងអំពីអំពើបាបទីមួយ។
យើងមិនអាចយល់អំពីអំពើបាបបានឡើយ។ អំពើបាបបំផ្លាញគម្រោងការណ៍ពោរពេញដោយសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងធ្វើអោយមនុស្សទាំងអស់របួស។ សន្ត អូគូស្ទីន ធ្លាប់និយាយថា អំពើបាបដូចជាភាពងងឹត ដែលយើងមិនអាចដោះសាបានឡើយ។ អំពើអាក្រក់គ្មានសភាវៈតែម្តង ដូចជាអាថ៌កំបាំង ដែលគ្មានហេតុផលសោះ។
ក្នុងសៀវភៅរបស់លោក Soljenitsyne ដែលមានចំណងជើងថា “ផ្ទះតូចរបស់អ្នកជំងឺមហារីក” តួឯក ដែលមានឈ្មោះ ថា អូលេង ដើរលេងនៅក្នុងសូនសត្វមួយ។ ពេលដើរខាងមុខទ្រុងសត្វស្វា គាត់ឃើញប្លាកមួយ ដែលមានគេបានសសេរ៖ “សត្វស្វា ដែលធ្លាប់ស្នាក់នៅទីនេះ បានទៅជាខ្វាក់ភ្នែក ព្រោះមនុស្សម្នាក់ បានចោលថ្នាំក្នុងភ្នែកសត្វស្វានេះ”។ ពេលនោះ ស្រាប់តែ អូលេង អួសចិត្ត ចង់ស្រែកអោយមនុស្សទាំងអស់មកមើល៖ “ហេតុអ្វី? ហេតុអ្វី បានជាគេ បានចោលថ្នាំក្នុងភ្នែកសត្វស្វានេះ? ហេតុអ្វី? គ្មានមូលហេតុទេ!”។ យើងមិនអាចយល់អំពីអំពើអាក្រក់បានឡើយ។ យើងមិនអាចយល់អំពីអំពើអាក្រក់ ដ្បិតអំពើអាក្រក់គ្មានមូលហេតុតែម្តង។
ក្នុងការសិក្សាររបស់យើង យើងត្រូវយល់ថា មានអំពើបាបចេញពីមនុស្សម្យ៉ាង ហើយមានអំពើអាក្រក់ (ដូចជាគ្រោះធម្មជាតិ) ដែលមនុស្សមិនបានប្រព្រឹត្ត។ ប៉ុន្តែ មានពេលខ្លះ ព្រំដែនរវាងអំពើបាប និងអំពើអាក្រក់ ដូចជាពិបាកវែកញែក។ ឧ. ពេលខ្ញុំកើតមហារីក ដោយសារផ្សែងបារីរបស់អ្នកដទៃ។ ម្យ៉ាងទៀត យើងត្រូវសួរខ្លួនឯងថា តើអំពើអាក្រក់មកពីបាបរបស់យើង ឬមានអំពើអាក្រក់ខ្លះមកពីយើងគ្រាន់តែជាសត្វលោក? ព្រះជាម្ចាស់ត្រាស់ហៅមនុស្សអោយទៅជាមនុស្សពេញលក្ខណៈ ប៉ុន្តែ មនុស្សមានកំណត់ព្រំដែន មិនអាចធ្វើអ្វីៗទាំងអស់ បានជាពេលខ្លះមនុស្សមិនបានសម្រេច តាមគោលដៅ។ ហេតុនេះហើយ បានជាមានអំពើអាក្រក់។ ប៉ុន្តែ បើដូច្នេះ មនុស្សលែងទៅជាអ្នកទទួលខុសត្រូវនៃអំពើ បាបរបស់ខ្លួន។
ហេតុអ្វីព្រះជាម្ចាស់មិនបានបង្កើតមនុស្សអោយបានពេញលក្ខណៈ ដែលមិនចេះប្រព្រឹត្តអំពើបាប តាំង ពីកំណើតមក? លោក Rahner ធ្លាប់និយាយថា “មនុស្សមានសេរីភាពជ្រើសរើសខ្លួនង ដោយជ្រើសរើសព្រះជាម្ចាស់ ឬទេ” បានជាព្រះជាម្ចាស់បានបង្កើតមនុស្ស ដែលមិនមែនជាមនុស្សពេញលក្ខណៈភ្លាមៗ។ ប៉ុន្តែ ហេតុអ្វី បានជាទេវទូត លូស៊ីហ្វែរ (Lucifer) បានបែរមុខចេញពីព្រះជាម្ចាស់? ទេវទូតនេះជាសត្វលោកល្អឥតខ្ចោះ ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់ ដែលស្គាល់ព្រះអង្គជាសេចក្ដីល្អជាទីបុះផុត។ ហេតុអ្វី បានជាអ្វីមួយដ៏ល្អជាដើមហេតុនៃអំពើអាក្រក់មួយ? “ហេតុអ្វីសត្វលោកល្អបង្កើតផលអាក្រក់?” (សន្ត អូគូស្ទីន)។
សព្វថ្ងៃ មនុស្សមិនមែនដូចសន្ត អូគូស្ទីន ឬលោក លូធែរ ឬលោកប៉ាស្កាល គឺយើងលែងខ្លាចព្រះជាម្ចាស់។ ដោយសារយើងពុំមានជំនឿលើព្រះជាម្ចាស់ យើងក៏មិនសូវយល់អំពីអំពើបាបដែរ។ ឥឡូវនេះ យើងមិនសួរថា ហេតុអ្វី បានជាមនុស្សបានប្រព្រឹត្តបាប ប៉ុន្តែ យើងចោទព្រះជាម្ចាស់វិញ។ មនុស្សលែងទៅជាអ្នកប្រព្រឹត្តអំពើបាប ប៉ុន្តែ យើងជាជនរងគ្រោះនៃអំពើបាបវិញ។ បានជាយើងចោទប្រកាន់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ដោយសារចិត្តវិទ្យា យើងលែងយល់ឃើញ ថា យើងជាអ្នកប្រព្រឹត្តបាប។ មនុស្សជាច្រើនធ្លាប់និយាយថា មនុស្សប្រព្រឹត្តបាប មិនមែនមកពីគាត់ចង់ធ្វើបាប៖ គាត់ប្រព្រឹត្តបាបមកពីមូលហេតុផ្សេងៗដែលមិនពឹងផ្អែកលើបំណងពិតប្រាកដរបស់គាត់ (ឧ. គេផឹកស្រា មកពីនៅពេលគេនៅតែជាកុមារ ឪពុកគេធ្លាប់ផឹកដែរ)។ ប៉ុន្តែ បើមនុស្សមិនទទួលខុសត្រូវលើបាបរបស់ខ្លួន គាត់បានទៅជាមនុស្សយន្ត ដែលពុំមានសេរីភាព។
មនុស្សប្រព្រឹត្តអំពើបាប នៅពេលដែលគាត់បដិសេធមិនព្រមមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ បើគ្មានព្រះជាម្ចាស់ មនុស្សមិនដែលប្រព្រឹត្តបាប។ ហេតុនេះ យើងមិនអាចយល់អំពីអំពើបាប បើយើងមិនព្រមទទួលសេចក្ដីថា៖ ព្រះជាម្ចាស់ស្រលាញ់យើង។ ពេលព្រះគ្រីស្តសោយទិវង្គតនៅលើឈើឆ្កាង យើងអាចយល់ឃើញអំពីអំពើបាបរបស់យើង ប៉ុន្តែ នៅពេលជាមួយគ្នានេះ យើងអាចយល់ឃើញថា ព្រះជាម្ចាស់ស្រលាញ់យើង។ យើងយល់ថា យើងជាអ្នកបាប ដោយសារព្រះជាម្ចាស់ស្រលាញ់យើង។ ព្រះអង្គបានបង្កើតយើង និងបានសង្រ្គោះយើងពីអំពើបាប។ អំពើបាបជួយយើងម្យ៉ាងអោយយល់ថា ព្រះជាម្ចាស់ស្រលាញ់យើង។
ជំពូកទី១៖
ព្រះគម្ពីរសម្ដែងថា មនុស្សជាអ្នកបាប
តាមព្រះគម្ពីរ ព្រះជាម្ចាស់បង្កើតមនុស្ស “ល្អប្រសើរបំផុត” ក្នុងពិភពមួយដ៏ “ល្អប្រសើរ”។ ប៉ុន្តែ យើងមិនដែលដកពិសោធន៍អំពីសេចក្ដីនេះ។ យើងរស់នៅក្នុងពិភពមួយ ដែលស្ទើរតែមានជំងឺ សេចក្ដីស្លាប់ ហើយសម្រាប់មនុស្សជាច្រើន មានភាពក្រីក្រ ការអត់ឃ្លាន និងសង្រ្គាម។ នៅសតវត្សរ៍ទី២០ ក៏មានអំពើហិង្សាកាន់តែសហាវ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ។ នៅសតវត្សរ៍ដដែល ក៏មានសង្រ្គាមសកលលោកពីរ មានការសម្លាប់រង្គាលនៅ ប្រទេសរ្វាន់ដា ឬនៅស្រុកខ្មែរនៅសម័យក្មែរក្រហុម។ យើងត្រូវសួរខ្លួនឯងថា តើព្រះគម្ពីរបង្រៀនយើងអ្វីខ្លះ ដែលមនុស្សសម័យឥឡូវអាចទទួលបាន?
ប្រហែលជាយើងត្រូវយល់ និងជឿថា នៅក្នុងអង្គព្រះគ្រីស្ត ដែលសោយទិវង្គតនៅលើឈើឆ្កាង ព្រះជាម្ចាស់យាងមករស់នៅជាមួយយើង ដើម្បីទទួលយកទុក្ខលំបាករបស់យើង។ ព្រះជាម្ចាស់មិនមែនយាងមក ដើម្បីអោយយើងយល់ថា យើងជាអ្នកបាប។ ព្រះអង្គយាងមក ដើម្បីអោយយើងជឿថា ព្រះអង្គជាសេចក្ដីស្រលាញ់ លើកលែងទោសអំពើបាប និងរំដោះយើងអោយរួចពីអំពើអាក្រក់។ ប៉ុន្តែ ធ្វើដូចម្ដេច ដើម្បីទទួលសេចក្ដីនេះបាន?
១. អំពើបាបតាមសម្ពន្ធមេត្រីចាស់
“ពស់ជាសត្វក្នុងចំណោមសត្វព្រៃទាំងអស់ ដែលព្រះជាអម្ចាស់បង្កើតមក។ វាញេលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនឧទ្យានមែនឬ?។ ស្ត្រីញេលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន រីឯដើមឈើ ដែលស្ថិតនៅកណ្តាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា "កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះញល់ដែរ បើពុំនោះទេអ្នកទាំងពីរនឹងស្លាប់ជាមិនខាន" ។ពេលនោះពស់ប្រាប់ស្ត្រីថា៖ «ទេ!អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណា អ្នកបរិភោគផ្លែឈើនោះភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ ស្ត្រីមើលទៅដើមឈើឃើញថាមានរសជាតិឆ្ងាញ់ពិសាគួរអោយគយគន់ ហើយថែមទាំងអាចធ្វើអោយមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគព្រមទាំងចែកអោយប្តី ដែលនៅជាមួយហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថាគេនៅខ្លួនទទេ។អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ”។
ពេលយើងអាន កណ ៣, ១-៥ យើងអាចសួរសំណួរថា តើសត្វពស់ជានរណា? តាមអ្នកនិពន្ធ សត្វពស់តំណងមារ ឬ សេចក្ដីអាក្រក់ ដែលនៅក្នុងពិភពលោក មុននឹងមនុស្សកើតមកទៀត។ វាជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ និងរបស់មនុស្សផងដែរ។ តាមប្រពៃណីព្រះសហគមន៍ ដើមដំបូង មានទេវទូតខ្លះ បានបដិសេធមិនព្រមធ្វើតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់។ ទេវទូតទាំងអស់នោះជាប្រភពនៃអំពើបាប។ តាមការពិត មនុស្សយើងធ្លាប់ដកពិសោធន៍ថា មុនយើងកើតមក មានអំពើអាក្រក់។ សត្វពស់ចាប់ផ្តើមល្បួងស្រ្តី ដោយនិយាយកហុកផង និយាយការពិតផង។ ព្រះជាម្ចាស់បានអោយមនុស្សអ្វីៗទាំងអស់ លើកលែងតែដើមឈើតែមួយ ប៉ុន្តែ សត្វពស់កហុកថា ព្រះអង្គមិនអោយអ្វីៗទាំង អស់។ បានជាមនុស្សចាប់ផ្ដើមយល់ខុសថា ព្រះជាម្ចាស់ជាព្រះមួយអង្គ ដែលមិនអោយ ដែលបដិសេធ ដែលមិនជឿទុកចិត្ត។ ស្រ្តីចាប់ផ្តើមឆ្លើយតបនឹងសត្វពស់៖ គាត់បានចាញ់ហើយ! គាត់និយាយថា ដើមឈើនេះ “ស្ថិតនៅកណ្តាលសួន” ដូចជាការហាមប្រាមរបស់ព្រះជាម្ចាស់សំខាន់ជាងអ្វីៗទាំងអស់។ សត្វពស់ថែមទៀតថា ព្រះជាម្ចស់ជាព្រះមួយអង្គ ដែលច្រណែន មិនសព្វព្រះហឬទ័យអោយមនុស្សមានជីវិតពេញលក្ខណៈ (បើដូច្នេះមែន ហេតុអ្វីបានជាព្រះជាម្ចាស់បានបង្កើតមនុស្ស?)។ នៅពេលជាមួយគ្នានេះ សត្វពស់ធ្វើអោយស្រ្តីមានចិត្តចង់ទៅជា “ដូចព្រះ”។ ពេលនោះ ស្រ្តីជឿលើពស់។ នេះជាអំពើបាបដើមដំបូង៖ មិនជឿថា ព្រះជាម្ចាស់បង្កើតមនុស្ស ដើម្បីអោយមនុស្សទៅជាព្រះ ដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គ។ មនុស្សយើងមិនជឿថា ព្រះជាម្ចាស់ស្រលាញ់យើង ហើយយើងចង់ទៅជាព្រះ ដោយពឹងផ្អែកលើខ្លួនឯងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះគ្រីស្ត ទោះបីព្រះអង្គមានលក្ខណៈជាព្រះ ទ្រង់ “បានទៅជាមនុស្សដូចមនុស្សឯទៀតៗ... ព្រះអង្គបានធ្វើតាមព្រះបញ្ជា...” (ភល ២, ៧)។
ស្រ្តីចាញ់ការល្បួង និងអោយផ្លែឈើដល់ស្វាមី។ ពេលនោះ ទាំងពីរនាក់យល់ឃើញថា ពួកគាត់ខ្លួនទទេ។ អំពើបាបខាងផ្លូវភេទគ្រាន់តែជាលទ្ធផលនៃអំពើបាបដើមដំបូង របស់លោកអដាំ និងភរិយា ដែលចង់ទៅជាដូចព្រះ (កណ ៣, ៦-៧)។ ក្រោយមកទៀត ពីរនាក់ចង់លាក់ខ្លួនចំពោះមុខព្រះជាម្ចាស់ ហើយចោទគ្នាទៅវិញទៅមក៖ ឥឡូវនេះ ទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ ហើយរវាងមនុស្ស និងមនុស្សបានបាក់បែកគ្នាហើយ (កណ ៣, ១១-១៣)។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដាក់បណ្តាសាលើសត្វពស់ប៉ុណ្ណោះ (កណ ៣, ១៤)។ ពេលស្រ្តីនឹងមានផ្ទៃពោះ គាត់នឹងមានការឈឺចាប់ ប្តីប្រពន្ធពីរនាក់នឹងឈ្លោះគ្នា។ មនុស្សត្រូវធ្វើការដី ដោយអស់កម្លាំង។ ម្យ៉ាងទៀត មនុស្សត្រូវតែស្លាប់។ សរុបសេចក្ដី ទុក្ខលំបាកទាំងអស់របស់មនុស្ស មកពីអំពើបាបដើមដំបូង។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែមានសេចក្ដីសង្ឃឹមដោយអាន កណ ៣, ១៥ គឺនៅទីបញ្ចប់ ស្រ្តីនឹងឈ្នះពស់។ បិតាព្រះសហគមន៍នឹងយល់ឃើញថា កណ ៣, ១៥ ដូចជាដំណឹងល្អទុកជាមុន។
តាមមហាសន្និបាតវ៉ាទីកង់ទី២៖ “ព្រះជាម្ចាស់តែងតាំងមនុស្សមានសភាពសុចរិត។ ប៉ុន្តែ មារដ៏មានកលល្បិចជាងគេបញ្ឆោតមនុស្សបណ្តាលឲ្យគាត់ប្រើសេរីភាពរបស់ខ្លួនហួសហេតុ លើកខ្លួនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងមានបំណងចង់បានសេចក្តីសុខដោយមិនត្រូវការព្រះអង្គសោះ... ព្រះជាម្ចាស់សម្តែងឲ្យយើងដឹងសេចក្តីនេះ យើងក៏មានបទពិសោធន៍ដូច្នេះដែរ” (GS ១៣, ក)។ អំពើអាក្រក់មកពីហេតុការដើមដំបូងមួយ ដែលមនុស្សបានប្រព្រឹត្ត ដោយមិនព្រម ធ្វើតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។
ក្រោយមក អំពើបាបដើមដូចជានាំមនុស្សអោយប្រព្រឹត្តអំពើបាបផ្សេងៗកាន់តែខ្លាំងឡើងៗ៖ មនុស្សសម្លាប់គ្នាទៅវិញទៅមក (កណ ៤) រហូតដល់ទឹកជំនន់ធំ (កណ ៦)៖ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកណូអេ និងអោយមនុស្ស សម្លាប់សត្វ ដើម្បីបរិភោគពួកវា។ អ្នកនិពន្ធសម្ពន្ធមេត្រីចាស់ពុំមានសេចក្ដីប្រៀនប្រដៅ ឬអត្ថាទិបាយអំពីអំពើបាប ដូច សម្ពន្ធមេត្រីថ្មី សន្តអូគូស្ទីន និងបិតាព្រះសហគមន៍នឹងបង្រៀនអោយយើងយល់នៅពេលក្រោយ។ នៅពេលឥឡូវនេះ យើងគ្រាន់តែដឹងថា ព្រះជាម្ចាស់មិនបានបង្កើតអំពើអាក្រក់។ ព្រះអង្គបានបង្កើតមនុស្ស និងពិភពលោកដ៏ “ល្អប្រសើរ” ប៉ុន្តែ មនុស្សមិនព្រមធ្វើតាមព្រះបព្ជារបស់ព្រះអង្គ គាត់ចង់ទៅជាព្រះ ដោយពឹងលើខ្លួនឯង។
គួរអោយកត់សម្គាល់ថា រឿងរបស់លោកអដាំ និងនាងអេវ៉ា ជារឿងរបស់ប្រជាជនអ៊ីស្រាអែលដែរ។ ក្រោយពីលោកតាអាប្រាហាំ ប្រជាជនអ៊ីស្រាអែលនឹងក្បត់លោកម៉ូសេ នៅវាលរហោស្ថាន។ ទោះបីព្រះជាម្ចាស់ណែនាំប្រជាជននេះ និងប្រោសប្រទានធម៌វិន័យ ទឹកដីថ្មី និងស្តេចក៏ដោយ ក៏ពួកគេនឹងនៅតែមិនព្រមធ្វើតាមព្រះបញ្ជាព្រះអង្គ រហូតដល់ការនិរទេសនៅស្រុកបាប៊ីឡូនដែរ។
២. អំពើបាបតាមសន្តប៉ូល
តាម រម ១, ១៦-១៧ ដល់ ៣, ២៣-២៦ សន្តប៉ូលប្រកាសថា ព្រះជាម្ចាស់ប្រោសមនុស្សទាំងអស់អោយបានសុច្ចរិត ដោយសារជំនឿ។ មនុស្សទាំងអស់ត្រូវទទួលស្គាល់ថា ពួកគេជាមនុស្សបាប សមនឹងព្រះពិរោចរបស់ព្រះជាម្ចាស់។ សន្តប៉ូលស្តីបន្តោសសាសន៍ដទៃ ដែលមិនព្រមទទួលស្គាល់ព្រះជាម្ចាស់ និងបានគោរពព្រះក្លែងក្លាយ ដោយសារបាប របស់គេ (រម ១, ២០-២១ និង រម ១, ២៩-៣១)។ ចំពោះជនជាតិយូដា សន្តប៉ូលចង់បង្ហាញថា ពិធីកាត់ស្បែក និង ការគោរពវិន័យអោយបានត្រឹមត្រូវមិនអាចសង្រ្គោះគេបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្រប់ជាតិ គ្រប់ សាសន៍ គ្រប់សម័យ បានប្រព្រឹត្តអំពើបាប។ ព្រះជាម្ចាស់នឹង “ដាក់ទោស” លើមនុស្សទាំងអស់។
ក្រោយមក សន្តប៉ូលប្រៀបធៀបលោកអដាំ និងព្រះយេស៊ូ៖ “តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោកហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។ មុនពេលមានគម្ពីរវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានគម្ពីរវិន័យនៅឡើយ។ ក៏ប៉ុន្តែ តាំងពីសម័យលោកអដំាមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើសដូចលោកអដំាជានិមិត្តរូបនៃព្រះគ្រីស្ត ដែលត្រូវយាងមកនោះក៏ដោយ។ ប៉ុន្តែកំហុសរបស់លោកអដំានិងព្រះអំណោយទានរបស់ព្រះជាម្ចាស់មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទូទៅត្រូវស្លាប់ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ និងព្រះអំណោយទាននៃការប្រណីសន្តោសក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រីស្តយ៉ាងនោះដែរ” រម ៥, ១២-១៥។
សន្តប៉ូលសសេរថា អំពើបាបមកពីមនុស្សតែម្នាក់ ហើយមនុស្សទាំងអស់បានប្រព្រឹត្តអំពើបាប។ ប៉ុន្តែ យើងមិនអាចសន្និដ្ឋានថា អំពើបាបរបស់លោកអាដាំជាដើមហេតុនៃអំពើបាបរបស់មនុស្សទាំងអស់។ យើងគ្រាន់តែដឹងថា៖ ១. ដោយសារអំពើបាបរបស់លោកអដាំ បាបបានចូលក្នុងពិភពលោក។ ២. មនុស្សទាំងអស់រួមសមាគ្គីក្នុងការប្រព្រឹត្តបាប។ លោក Stanislas Lyonnet សសេរថា លោកអដាំជាប្រភពនៃអំពើបាប ប៉ុន្តែ បើមនុស្សទាំងអស់មិនបានប្រព្រឹត្តបាប អំពើបាបដើមដំបូងនោះ នឹងមិនបានបង្កើតផល។ ដូច្នេះហើយ បានជាអំពើអាក្រក់មិនគ្រាន់តែមកពីលោកអដាំប៉ុណ្ណោះទេ ប៉ុន្តែ មកពីមនុស្សទាំងអស់បានប្រព្រឹត្តបាបដេរ។ អំពើបាបរបស់លោកអាំជាដើមហេតុនៃអំពើអាក្រក់ ប៉ុន្តែ អំពើអាក្រក់នេះ មកពីមនុស្សទាំង អស់បានប្រព្រឹត្តបាបដែរ។ លោក Walter Kasper សសេរថា៖ “តាមព្រះគម្ពីរ មានអំពើបាបមកពីមនុស្សម្នាក់ៗរួមសមាគ្គី (រួមសភាព) ជាមួយនឹងមនុស្សទាំងអស់ ហើយគាត់ខ្លួនឯងប្រព្រឹត្តបាបដែរ”។
ក្រោយមកទៀត សន្តប៉ូលបន្ថែមថា ដោយសារធម៌វិន័យ មនុស្សយល់ឃើញថា គាត់ជាអ្នកបាប។ គាត់ចង់ធ្វើអំពើល្អ ប៉ុន្តែ មិនអាចធ្វើបាន ព្រោះអំពើល្អនេះ ហួសសមត្ថភាព និងហួសកម្លាំងរបស់គាត់។ មនុស្សយើងចង់ធ្វើល្អ ប៉ុន្តែ បាប ដែលនៅក្នុងខ្លួនយើង មិនអោយយើងធ្វើល្អ (រម ៧)។ ដោយសារបាបរបស់លោកអដាំ មនុស្សនឹងប្រព្រឹត្តបាប ជាដាច់ខាត ទាំងមានសេរីភាព! បើសន្តប៉ូលមិនបានប្រកាសអំពីព្រះហឬទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត យើងក៏អស់សង្ឃឹមដែរ! តាមការពិត គឺដោយសារព្រះគ្រីស្តនេះហើយ បានជាមនុស្សយើងយល់ឃើញអំពីបាបរបស់ខ្លួនឯង។ នៅលើឈើឆ្កាង ព្រះគ្រីស្តសម្ដែងបាបរបស់មនុស្ស។ នៅពេលជាមួយគ្នា ព្រះអង្គផ្តល់អត្ថន័យដល់ទុក្ខលំបាករបស់យើង ធ្វើអោយយើងនៅតែមានសេចក្ដីសង្ឃឹមជានិច្ច។ លើសពីនេះទៅទៀត ព្រះអង្គផ្តល់កម្លាំងអោយយើងអាចរួចពីបាបបាន។ ទីបញ្ចប់ អំពើបាបបង្ហាញថា ព្រះជាម្ចាស់បង្កើតមនុស្សអោយមានសេរីភាព។ ព្រះគ្រីស្តយាងមក ដើម្បីរំដោះសេរីភាពរបស់យើងអោយយើងអាចធ្វើតាមបញ្ជារបស់ព្រះអង្គបាន។
ជំពូកទី២៖
អំពើបាបតាមបិតាព្រះសហគមន៍
ក្នងសៀវភៅរបស់យើង យើងនឹងប្រៀបធៀបបិតាព្រះសហគមន៍ពីរនាក់ សន្ត អ៊ីរេណេ និងសន្ត អូគូស្ទីន ដែលទាំងពីរ នាក់បានសិក្សាជាច្រើនអំពីអំពើបាប។
១. អំពើបាប និងសេរីភាពតាមសន្ត អ៊ីរេណេ
ក្នុងសៀវភៅ “ប្រឆាំងនឹងលទ្ធិក្លែងក្លាយ” សន្ត អ៊ីរេណេ ឆ្លើយតបនឹងលទ្ធិក្លែងក្លាយ “ចំណេះដឹងនិយម” អំពីសេរីភាពរបស់មនុស្ស។ សន្ត អ៊ីរេណេ សសេរថា៖
១. តាំងពីដើមដំបូង ព្រះជាម្ចាស់បានបង្កើតមនុស្សអោយមានសេរីភាព គឺគាត់មាន “ឯករាជ្យ ពឹងផ្អែកលើខ្លួនឡង ដើម្បីស្តាប់ឧវាទរបស់ព្រះជាម្ចាស់ ដោយចេតនា” ដ្បិតព្រះជាម្ចាស់មិនបង្ខំមនុស្សឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់ផ្តល់យោបល់ដ៏ល្អដល់មនុស្សទាំងអស់ គឺមនុស្សមានសេរីភាពធ្វើល្អ ឬទេ។ ព្រះអង្គក៏ផ្តល់អំណាចធ្វើល្អ ឬបែកចែកពីពន្លឺរបស់ព្រះ ជាម្ចាស់។ “ព្រះជាម្ចាស់អោយមនុស្សធ្វើល្អ... អស់អ្នក ដែលនឹងប្រព្រឹត្តអំពើល្អក៏នឹងទទួលសិរីរុងរឿង និងកិត្តិយស ដោយសារគេបានធ្វើល្អ ទោះបីគេអាចធ្វើអាក្រក់។ រីឯអស់អ្នក ដែលបានធ្វើអាក្រក់ ទោះបីគេអាចធ្វើល្អ នឹងទទួលទោស”។
២. ប៉ុន្តែ គេធ្លាប់សួរសន្ត អ៊ីរេណេ ថា ហេតុអ្វី បានជាព្រះជាម្ចាស់បានបង្កើតមនុស្សអោយមានសេរីភាព? “ព្រះជាម្ចាស់មិនគួរបង្កើតទេវទូត អោយគាត់មិនធ្វើតាមព្រះបញ្ជាព្រះអង្គ ឬមនុស្ស អោយគាត់ទៅជាកូនអកតញ្ញូ”។ សន្ត អ៊ីរេណេ ឆ្លើយតបថា “បើដូច្នេះ សេចក្ដីល្អនឹងពុំមានតម្លៃ ការរួមរស់ជាមួយព្រះជាម្ចាស់ ក៏ពុំមានរសជាតិផងដែរ”។ យើងក៏ត្រូវតែខឹតខំធ្វើល្អ ដើម្បីអោយសេចក្ដីល្អទៅជាល្អពិតប្រាកដមែន។ លោក Charles Péguy ធ្លាប់និយាយថា ព្រះជាម្ចាស់មិនសព្វព្រះហឬទ័យអោយមនុស្សយន្តថ្វាយបង្គំព្រះអង្គទេ”។
៣. ដូច្នេះ គេសួរសន្ត អ៊ីរេណេ ថា “ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានបង្កើតមនុស្សដ៏ល្អឥតខ្ចោះភ្លាមៗ?” សម្រាប់សន្ត អ៊ីរេណេ គាត់ប្រាប់ថា ព្រះជាម្ចាស់អាចធ្វើបាន ព្រោះព្រះអង្គមានឬទ្ធិនុភាពសព្វប្រការ។ ប៉ុន្តែ មនុស្សមិនអាចទៅជាមនុស្សឥតខ្ចោះភ្លាមៗទេ៖ “មនុស្សស្គាល់សេចក្ដីល្អ ក្រោយពីបានដកពិសោធន៍អំពីសេចក្ដីអាក្រក់។ ក្រោយពីបាន ប្រព្រឹត្តអំពើអាក្រក់ មនុស្សមានបំណងចង់ធ្វើតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់ ដ្បិតសេចក្ដីអាក្រក់នាំអោយមនុស្សវិនារហន្តរាយ”។ ប៉ុន្តែ បើដូច្នេះ តើមនុស្សជាអ្នកបាបមកពីកំណត់ព្រំដែនរបស់គាត់ ក្នុងឋានៈជាសត្វលោក ឬគាត់ជាអ្នកបាប ដោយសារតែគាត់បានប្រព្រឹត្តបាប? សន្ត អ៊ីរេណេ ប្រាប់ថា ក្នុងឋានៈជាសត្វលោក មនុស្សមានសេរីភាពធ្វើល្អ ឬធ្វើអាក្រក់។ គាត់ត្រូវមានបទពិសោធន៍អំពីអំពើបាប ដើម្បីបែរមុខទៅរកអំពើល្អ។ ព្រះជាម្ចាស់មានធម៌មេត្តាករុណា និងគរុកោសល្យបង្កើតមនុស្សអោយមានសេរីភាព ដោយដឹងថា គាត់នឹងប្រើសេរីភាពនេះ ដើម្បីធ្វើអាក្រក់។
៤. ព្រះជាម្ចាស់បង្កើតមនុស្សអោយមានសេរីភាពធ្វើល្អ ឬធ្វើអាក្រក់។ ប៉ុន្តែ ដោយសារមនុស្សបានធ្វើបាប គាត់បានបាត់បង់សេរីភាពពិតប្រាកដរបស់គាត់។ ទោះបីគាត់ចង់ធ្វើល្អ (ដែលជាសេរីភាពពិតប្រាកដ) គាត់មិនអាចធ្វើបានឡើយ។ ព្រះគ្រីស្តយាងមក ដើម្បីរំដោះសេរីភាពរបស់មនុស្ស គឺអោយយើងអាចប្រព្រឹត្តល្អ តាមព្រះហឬទ័យរបស់ព្រះជាម្ចាស់។ ដោយមើលឃើញព្រះគ្រីស្ត យើងអាចយល់ឃើញថា មានតែព្រះអង្គទេ ដែលមានសេរីភាពពិតប្រាកដ។ យើងត្រូវយល់ថា អ្នកណាធ្វើល្អ ធ្វើតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់ ហើយមានសេរីភាពពិតប្រាកដ។ ប៉ុន្តែ មនុស្ស ភាគច្រើនយល់ខុសថា ព្រះជាម្ចាស់ប្រឆាំងនឹងសេរីភាពរបស់មនុស្ស។ បើខ្ញុំជាប់នឹងព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗ ខ្ញុំក៏ មានសេរីភាពកាន់តែច្រើនផងដែរ!
២. អំពើបាបដើមដំបូង តាមសន្តអូគូស្ទីន
លទ្ធិអំពីអំពើបាបដើមដំបូងតាមសន្ត អូគូស្ទីន មានឥទ្ធិផលដ៏ខ្លាំងលើទស្សនវិទ្យា និងទេវវិទ្យានៅបស្ចិមប្រទេស។ លោករិះគិតអំពីបញ្ហានេះ ក្នុងបីសៀវភៅ៖ “ទីក្រុងរបស់ព្រះជាម្ចាស់” “ព្រះត្រៃឯក” និង “កំណើតពិភពលោក”។ សម្រាប់លោក មុននឹងមនុស្សប្រព្រឹត្តបាប ទេវទូតបានប្រព្រឹត្តបាបហើយ ធ្វើអោយមនុស្សមានការល្បួង។
២. ១. អំពើបាបដើមដំបូងជាដើមហេតុ
តាម រម ៥ សម្រាប់លោក ដោយសារលោកអដាំប្រានប្រព្រឹត្តបាប បាបបានចូលក្នុងពិភពលោក។ មនុស្សបានឆ្លើយតបនឹងព្រះហឬទ័យស្រលាញ់របស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើបាប។ រឿងនេះ ជារឿងរបស់យើងម្នាក់ៗដែរ។ យើងម្នាក់ៗដូចលោកអដាំ មិនព្រមធ្វើតាមព្រះជាម្ចាស់ ដោយមានសេរីភាព។ ប៉ុន្តែ យើងប្លែកពីលោកអដាំ ដ្បិតពេលយើងកើតមក មានអំពើបាបរួចស្រេចទៅហើយ។
១. សម្រាប់អូគូស្ទីន អំពើបាបទីមួយមកពីលោកអដាំចង់ទៅជាព្រះ ធ្វើអោយគាត់ចង់បានអ្វីៗទាំងអស់។ ប៉ុន្តែ ដោយសារខ្ញុំមិនមែនជាព្រះជាម្ចាស់ ខ្ញុំនឹងបំផ្លាញខ្លួនឯង៖ “មនុស្សបានធ្លាក់ក្នុងកណ្ដាប់ដៃមារ ដ្បិតគាត់បានស្រលាញ់ខ្លួនឯងច្រើនពេក”។ ខ្ញុំស្រលាញ់ខ្ញុំច្រើនជាងខ្ញុំស្រលាញ់ព្រះជាម្ចាស់ ហើយខ្ញុំស្រលាញ់ខ្ញុំប្រឆាំងនឹងព្រះអង្គទៅទៀត។ ក្រោយមក ខ្ញុំចង់បានអ្វីៗទាំងអស់ ទោះបីខ្ញុំត្រូវសម្លាប់គេ ដើម្បីបានសម្រេចតាមគោលដៅរបស់ខ្ញុំ។ ប៉ុន្តែ ពេលធ្វើដូច្នេះ ខ្ញុំនៅតែម្នាក់ឯង។ សន្ត បាស៊ីល ធ្លាប់ប្រៀបធៀបអ្នកបាបនឹងអ្នកមានម្នាក់ ដែលជួលគ្រប់ទីកន្លែង ដើម្បីមើលឃើញល្ខោនតែម្នាក់ឯង។ ផ្ទុយទៅវិញ បើខ្ញុំមិននឹកគិតដល់ខ្លួនឯងតែប៉ុណ្ណោះ ខ្ញុំក៏អាចជួបអ្នកដទៃ ធ្វើអោយខ្ញុំទៅជាអ្នកមាន... ពោរពេញដោយសេចក្ដីស្រលាញ់។ ប៉ុន្តែ ទោះបីមនុស្សបានប្រពឹត្តបាបក៏ដោយ ក៏គាត់នៅតែជារូបតំណង របស់ព្រះជាម្ចាស់។ ព្រះអង្គនៅតែត្រាស់ហៅគាត់អោយរួមរស់ជាមួយព្រះអង្គដែរ។
២. ផលផ្លែនៃអំពើបាប៖ ដោយប្រើអត្ថបទព្រះគម្ពីរ ដែលរៀបរាប់អំពីអំពើបាបរបស់ស្ដេចដាវីឌជាមួយនឹងនាងបាតសេបា (២ សម ១១) លោកអូគូស្ទីន និយាយថា ព្រះជាម្ចាស់មិនដាក់ទោសអ្នកបាបទេ ប៉ុន្តែ អំពើបាបនាំមនុស្សអោយប្រព្រឹត្តបាបថែមទៀត។ នេះគឺជាផលផ្លែពិតប្រាកដនៃអំពើបាប។ អំពើបាបធ្វើអោយមនុស្សរបួស មិនអាចចាកចេញពីបាប ដោយខ្លួនឯងបានឡើយ។ មនុស្សចង់ទៅជាព្រះ ប៉ុន្តែ ដោយសារគាត់ប្រព្រឹត្តបាប គាត់ធ្លាក់ក្នុងខ្លួនឯង មិនអាចឡើងខាងលើបាន! ម្យ៉ាងទៀត អំពើបាបនាំមនុស្សបែរមុខទៅរកសត្វលោកឯទៀតៗ ដើម្បីបានសុភមង្គល។ គាត់ចាត់ទុកសត្វលោកណាមួយជាព្រះ ដែលអាចផ្តល់សុភមង្គលដល់គាត់។ ប៉ុន្តែ “គ្មានអ្វីអាចបំពេញចិត្តគំនិតមនុស្សទេ ដ្បិតព្រលឹងវិញ្ញាណរបស់មនុស្សបានចាកចេញពីព្រះជាម្ចាស់ ជាសុភមង្គលពិតប្រាកដតែមួយរបស់មនុស្ស”។ មនុស្សបានទៅជាទាសកររបស់សត្វលោក៖ គ្រឿងញ្ញៀន ការរួមភេទ ទ្រព្យសម្បត្តិ កិត្តិយស ល។ល។ លោក បាស្កាល ធ្លាប់និយាយថា មនុស្សចង់បំភ្លេចខ្លួនឯងក្នុងការសប្បាយៗ។
៣. ប៉ុន្តែ លោកអូគូស្ទីននឹងប្រាប់ថា តណ្ហាក្នុងការរួមភេទជាការអាក្រក់ ដែលនាំមនុស្សប្រព្រឹត្តបាប។ សម្រាប់ លោកការរួមភេទជាការល្អ ដែលព្រះជាម្ចាស់បានបង្កើត ដើម្បីអោយប្តីប្រពន្ធស្រលាញ់គ្នា។ ការរួមភេទមានប្រយោជន៍បី៖ បង្កើតកូន (Proles) ពង្រឹងសេចក្ដីស្រលាញ់រវាងប្តីប្រពន្ធ (Fides) និងបង្ហាញសេចក្ដីស្រលាញ់របស់ព្រះគ្រីស្តចំពោះព្រះសហគមន៍ (Sacramentum)។ ដូច្នេះ ដើមដំបូង ការរួមភេទជាការល្អ។ ប៉ុន្តែ ដោយសារតណ្ហាក្នុងការរួមភេទ មនុស្សលែងទៅជាម្ចាស់លើរូបកាយរបស់ខ្លួន និងទៅជាទាសករ។ អំពើបាបខាងរូបកាយជាទីសម្គាល់នៃអំពើបាបខាងវិញ្ញាណ។ ដោយសារបទពិសោធន៍របស់លោក តណ្ហាបង្ហាញថា មានអំពើបាបដើមដំបូង។ សម្រាប់សន្តអូគូស្ទីន “អ្នកណាប្រើតណ្ហា ក្នុងការរួមភេទ ប្រើអ្វីមួយដ៏អាក្រក់”។ ឯព្រះសហគមន៍រួមជាមួយលោក Julien d’Eclane អះអាងថា “អ្នកណាប្រើតណ្ហា ក្នុងការរួមភេទ ដោយចេះទប់ខ្លួន អ្នកនោះប្រើអ្វីមួយដ៏ល្អ”។ សម្រាប់លោក d’Eclane តណ្ហាជាការល្អ ដែលមកពីព្រះជាម្ចាស់ ដើម្បីបង្កើតកូន។ ប្តីប្រពន្ធពីរនាក់មានតណ្ហាជម្រុញ និងជួយអោយគេស្រលាញ់គ្នា។ បើពួកគេចេះគ្រប់គ្រងតណ្ហា ពួកគេមិនប្រព្រឹត្តបាបក្នុងពេលរួមរាក់ជាមួយគ្នា ហើយសេចក្ដីស្រលាញ់ខាងរូបកាយជាទីសម្គាល់នៃសេចក្ដីស្រលាញ់ខាងវិញ្ញាណរបស់ពួកគេ។
២.២. អំពើបាបដើមដំបូងក្នុងខ្លួនយើង
នៅសម័យរបស់សន្ត អូគូស្ទីន លោក Pelagius អះអាងថា មនុស្សមិនរួមជាមួយគ្នាក្នុងការប្រព្រឹត្តអំពើបាបយ៉ាងណា គាត់មិនរួមជាមួយគ្នាក្នុងអង្គព្រះគ្រីស្តដែរ។ សម្រាប់លោក លោកអដាំ និងព្រះគ្រីស្តគ្រាន់តែជាគំរូប៉ុណ្ណោះ។ សម្រាប់ សន្តអូគូស្ទីន លោក Pelagius ជា “ខ្មាំងសត្រូវនៃឈើឆ្កាងរបស់ព្រះគ្រីស្ត”។ ក្រោយពីលោកអូគូស្ទីន ពួកលោកអភិបាលព្រះសហគមន៍នឹងរិះគិតអំពីបញ្ហានេះ នៅមហាសន្និបាតនៅ Carthage Orange និង Trente។
១. សម្រាប់លោកអូគូស្ទីន ព្រះគ្រីស្តយាងមកសង្រ្គោះមនុស្សទាំងអស់ ព្រមទាំងកូនក្មេងផងដែរ។ លោកនិយាយដូច្នេះ ដោយសង្កេតឃើញថា ព្រហសហគមន៍ជ្រមុជទឹកកូនក្មេង ដែលមិនបានប្រព្រឹត្តបាបផ្ទាល់ខ្លួន។ កូនក្មេង ទាំងអស់នោះ មានតែអំពើបាបដើមដំបូង។ យើងត្រូវយល់ចិត្តរបស់លោក Pelagius៖ ធ្វើយ៉ាងដូចម្ដេច ដើម្បីយល់ និង ទទួលថា កិច្ចការរបស់មនុស្សម្នាក់ ដែលបានស្លាប់នៅលើឈើឆ្កាង២០០០ឆ្នាំមុន ទាក់ទងនឹងជីវិតរបស់ខ្ញុំផ្ទាល់? ម្យ៉ាងទៀត មនុស្សមិនព្រមទទួលស្គាល់ថា គាត់មានអំពើបាប ដែលមកពីហេតុការណ៍មួយ ដែលបានកើតឡើង នៅកំណើត ពិភពលោក។
២. ចាប់ពីឆ្នាំ៤១២ លោកអូគូស្ទីនរិះគិតអំពី រម ៥, ១២៖ “តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្ដីស្លាប់រាលដាល ដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប”។ ប៉ុន្តែ នៅសម័យលោកអូគូស្ទីន គេបានបកប្រែអត្ថបទនេះថា “... ហេតុនេះហើយ បានជាបាបរាលដាល...”។ លោកវែកញែកបាប ដែលម្នាក់ៗប្រព្រឹត្តដោយដឹងខ្លួន និងដោយចតេនា និងអ្វី ដែលជាផលផ្លែនៃអំពើបាប។ នៅក្នុងពិភពលោកមានបាប ដែលមកពីអំពើបាបដើម ហើយដែលផ្លាស់ប្តូសភាវៈ និងសេរីភាពរបស់មនុស្ស។ បាបដើមនេះ បង្ខូចវិញ្ញាណ ប្រាជ្ញា ឆន្ទះរបស់មនុស្ស ហើយធ្វើអោយមនុស្សទាំងអស់មានចិត្តលម្អៀងប្រព្រឹត្តបាប។ ចាប់ពីពេលនេះទៅ មនុស្សចាប់ផ្តើមប្រព្រឹត្តបាបកាន់តែច្រើនៗ ដែលទៅជាធម្លាប់អាក្រក់ ដែលយើងមិនអាចបោះបង់ចោលបានឡើយ។ លោកអូគូស្ទីនសន្និដ្ឋានថា៖ “មនុស្សម្នាក់ៗជាលោកអដាំ ដ្បិតគាត់ម្នាក់ៗបដិសេធមិនព្រមធ្វើតាមព្រះជាម្ចាស់ ដូចលោកអដាំដែរ”។
៣. ប៉ុន្តែ តើយើងអាចយល់ថា បាបបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងដូចម្ដេចបាន? តើបាបបាន ដែលបានចូលក្នុងពិភពលោក ប៉ះពាល់នឹងមនុស្សទាំងអស់យ៉ាងដូចម្ដេច?
- លោកអូគូស្ទីនអះអាងថា មនុស្សទាំងអស់ស្ថិតនៅក្នុងលោកអដាំ។ សម្រាប់លោកអូគូស្ទីន លោកអដាំ និងមនុស្សជាតិទាំងមូល ជាអង្គតែមួយ។ ហេតុនេះ លោកអដាំមិនគ្រាន់តែជាអ្នក ដែលបានប្រព្រឹត្តបាបមុនគេ ថែមទាំងជាអ្នកបាបតែម្នាក់គត់។ ព្រះសហគមន៍មិនអាចទទួលគំនិតនេះបានឡើយ។ គំនិតនេះ បាននាំលោកអូគូស្ទីនអះអាងថា មនុស្សជាច្រើននឹងធ្លាក់នរក (Massa damnata) ដោយសារតែគេមិនបានជ្រមុជទឹក។
- ដើម្បីប្រឆាំងនឹងលោក Pelagius សន្តអូគូស្ទីននិយាយថា អំពើបាបដើមដំបូង ដែលបញ្ជូលបន្តជាមួយលក្ខណៈធម្មជាតិរបស់មនុស្ស “មិនមែនដោយយកតម្រាប់តាម ប៉ុន្តែដោយរាលដាល” ទើបបាបនេះជាបាប “មនុស្សគ្រប់រូប” ប៉ុន្តែ លោកបន្ថែមទៀតថា បាបដើមដំបូងនេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ “ដោយសារចលនានៃតណ្ហាក្នុងការរួមភេទ”។ ហេតុនេះ សម្រាប់លោក ទោះបីឪពុកម្តាយបានជ្រមុជទឹក ក៏ពួកគេបង្កើតកូន ដែលនៅជាប់នឹងបាប។ បានជាព្រះយេស៊ូត្រូវប្រសូតពីស្រ្តីព្រហ្មចារីយ៍កុំអោយព្រះអង្គជាប់នឹងបាបដើម! “ហេតុនេះហើយ បានជាអស់អ្នក ដែលកើតមកពីកិលេសតណ្ហា (ពីការរួមភេទ) ធ្លាក់ ក្នុងកណ្តាប់ដៃរបស់មារ”។
តាមការពិត ព្រះជាម្ចាស់មិនបានបង្កើតមនុស្ស ដោយមានបាបស្រេចទៅហើយ។ បាបជាលក្ខណៈនៃសភាពជាមនុស្ស ដែលមកពីសេរីភាពរបស់មនុស្ស ហើយជាកិច្ចការរបស់មនុស្ស ដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្ត តៗគ្នាពីម្នាក់ទៅម្នាក់ទៀត។ មនុស្សម្នាក់ៗមានចិត្តលម្អៀងប្រព្រឹត្តបាប ហើយស្ម័គ្រចិត្តប្រព្រឹត្តបាបនេះហើយ (ដោយចេតនា និងដោយដឹងខ្លួន)។ សរុបសេចក្ដី មនុស្សដើមបានប្រព្រឹត្តបាប ដែលបង្ខូចធម្មជាតិមនុស្ស។ ហេតុនេះ ដោយសារធម្មជាតិរបស់មនុស្ស ត្រូវរបួស ធម្មជាតិនេះ បង្ខូចមនុស្ស និងសេរីភាពរបស់គាត់។ នៅទីនេះ ពាក្យ “ធម្មជាតិ” មានន័យថា សភាវៈ ឬសភាពជាមនុស្ស គឺសេរីភាព និងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់។ កូនក្មេងកើតមក ដោយពុំមានសេចក្ដីសុច្ចរិតដើម គឺគាត់ពិបាកទៅរកព្រះជាម្ចាស់ និងធ្វើតាមព្រះអង្គ។ អំបើបាបនេះ មិនមែនជាអំពើបាប ដែលគេបានប្រព្រឹត្តម្នាក់ៗផ្ទាល់ ប៉ុន្តែ បាបនេះ មកពីសភាពជាមនុស្ស។ កូនក្មេងនេះ នឹងបញ្ជាក់ស្ថានភាពនេះ ដោយប្រព្រឹត្តអំពើបាបផ្ទាល់ ជាមិនខាន។ មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ មិនមែនមកពីធម្មជាតិរបស់គាត់ផ្ទាល់ តែមកពីធម្មជាតិគាត់ខូចរួចស្រេចទៅហើយ។
ជំពូកទី៣៖
អំពើបាបនៅសម័យទំនើប
នៅបស្ចិមប្រទេស រហូតដល់សព្វថ្ងៃ សន្តអូគូស្ទីនមានឥទ្ធិផលជាខ្លាំង។ ដោយសារលោក Luther ព្រះសហគមន៍នឹងកំណត់លទ្ធិអំពីបាបដើមដំបូង នៅសន្និបាត Trente។
១. ព្រះសហគមន៍កាតូលិក និងបងប្អូនប្រូតេស្តង់
នៅសម័យនៃសន្និបាត Trente ពួកលោកអភិបាលគិតថា កណ ៣ មានលក្ខណៈជាអត្ថបទខាងប្រវត្តិសាស្រ្ត។ សម្រាប់ ពួកលោក លោកអដាំពិតជាបានរស់នៅលើផែនដី។ សម្រាប់យើងសព្វថ្ងៃ ដោយសារការរីកចម្រើនរបស់វិទ្យាសាស្រ្ត និងការសិក្សារបស់អ្នកស្រាវជ្រាវខាងព្រះគម្ពីរ យើងយល់ថា កណ ៣ មិនមែនជាអត្ថបទខាងប្រវត្តិសាស្រ្ត ឬខាងវិទ្យសាស្រ្តទេ។ ព្រះគម្ពីរមិនប្រឆាំងនឹងវិទ្យាសាស្រ្ត។ ជំនឿ មិនប្រឆាំងនឹងប្រាជ្ញា។
ម្យ៉ាងទៀត សព្វថ្ងៃ មនុស្សភាគច្រើនជំទាស់ថា អំពើបាបរបស់មនុស្សតែម្នាក់ បានឆ្លងទៅមនុស្សទាំងអស់ រហូតដល់យើងម្នាក់ៗ។ ពួកគេមិនព្រមទទួលថា យើងម្នាក់ៗជាអ្នកបាប មកពីលោកតែម្នាក់ទេ។ ការនេះប្រឆាំងនឹងយុត្តិធម៌ និងសេរីភាព។ ក៏ប៉ុន្តែ សម្រាប់ពួកលោកអភិបាលនៅទីក្រុង Trente ចំណត់នេះ មិនមែនជាបញ្ហា។ ពួកលោករិះគិតអំពី លក្ខណៈ និងផលផ្លែនៃអំពើបាបដើម។
លោក Joseph Moingt សសេរថា៖ “តាមការពិត ត្រូវតែសួរខ្លួនឯងថា តើបាបរបស់លោកអដាំជាដើមហេតុ នៃទុក្ខវេទនារបស់យើង ឬ គ្រាន់តែជាការចាប់ផ្ដើម ? បាបរបស់យើងមកពីលោកអដាំបានប្រព្រឹត្តអំពើបាប ឬបាបរបស់លោកអដាំមកពីគាត់ជា មនុស្ស? លទ្ធិនៃអំពើបាបដើមដំបូងនិទានហេតុការណ៍ ដែលកើតឡើងក្នុងប្រវត្តិសាស្រ្ត និងផលនៃហេតុការណ៍នេះ (គឺថា មនុស្សតែម្នាក់បានប្រព្រឹត្តបាប ដែលប៉ះពាល់នឹងមនុស្សទាំងអស់) ឬនិទានប្រវត្តិសាស្រ្តរបស់យើងម្នាក់ៗ និងសេរីភាពរបស់មនុស្ស?”។
នៅឆ្នាំ១៥៤០ ពួកកាតូលិក និងពួកប្រូតេស្តង់ចុះកិច្ចព្រមព្រៀងមួយ នៅទីក្រុង Worms អំពីបាបដើម៖ ដោយសារបាបដើមដំបូង មនុស្សបានបាត់បង់សេចក្ដីសុច្ចរិតដើម ហើយមានចិត្តលម្អៀងប្រព្រឹត្តបាប។ ពួកកាតូលិក រួមជាមួយសន្តថូម៉ាស ឬសន្ត Anselme សង្កត់ធ្ងន់ថា មនុស្សលែងទៅជាមនុស្សសុច្ចរិតទៀតទេ គាត់ពិបាកមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់។ ឯសម្រាប់ពួកប្រូតេស្តង់ ពួកគាត់សង្កត់ធ្ងន់ថា បាបដើមដំបូង គឺជាចិត្តលម្អៀងប្រព្រឹត្តបាប ដែលធ្វើអោយធម្មជាតិមនុស្សផ្ទាល់គិតតែពីខ្លួនឯង មានចិត្តចង់បាន។ សម្រាប់ពួកគេ ចិត្តលម្អៀងប្រព្រឹត្តអំពើបាប ដូចជាអំពើបាបដើមដំបូង។
ក្រោយពីបានជ្រមុជទឹក៖ សម្រាប់ពួកកាតូលិក អគ្គសញ្ញាជ្រមុជទឹកបានបំផ្លាញបាបដើម ធ្វើអោយមនុស្សអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ សល់តែចិត្តលម្អៀងប្រព្រឹត្តបាប ចិត្តលម្អៀងប្រព្រឹត្តបាបមកពីបាបដើម ជាផលផ្លែនៃបាបដើម ធ្វើអោយមនុស្សរបួស។ ក្រោយពីបានជ្រមុជទឹក នៅតែមានចិត្តលម្អៀងធ្វើអាក្រក់ ដើម្បីអោយមនុស្សចូលរួម ក្នុងការសង្រ្គោះរបស់ខ្លួនឯង (សម្រាប់ព្រះសហគមន៍កាតូលិក ចិត្តលម្អៀងធ្វើអាក្រក់ មិនមែនជាអំពើបាប)។ ប៉ុន្តែ ដោយសារមនុស្សនៅតែមានចិត្តលម្អៀងប្រព្រឹត្តបាប ទោះបីគាត់បានជ្រមុជទឹក លោក Luther អះអាងថា មនុស្សនៅតែជាអ្នកជាប់នឹងបាបដើមដំបូង។ មនុស្សនៅតែមានចិត្តដដែល មិនព្រមបែរមុខទៅរកព្រះជាម្ចាស់ មិនអាចធ្វើល្អទាល់តែសោះ។ ដូច្នេះ តើពិធីជ្រមុជទឹកមានប្រយោធន៍អ្វីខ្លះ?
២. តាមលទ្ធិគ្រីស្តសាសនា
៣៨៧៖ មានតែពន្លឺរបស់ព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គ ទើបអាចជួយបំភ្លឺយ៉ាងពិតប្រាកដអំពើបាប ជាពិសេសអំពើបាបដើម។ ប្រសិនបើព្រះជាម្ចាស់មិនសម្ដែងព្រះអង្គអោយយើងស្គាល់ទេ យើងមិនអាចយល់យ៉ាងច្បាស់អំពើបាប ហើយយើងអាចចាត់ទុកថា អ្នកប្រព្រឹត្តអំពើបាបនេះ មកពីគេមិនបានលូតលាស់បានគ្រប់លក្ខណៈ ឬមកពីភាពទន់ខ្សោយខាងផ្លូវចិត្តរបស់គេ ឬគេភ័ន្តច្រឡំបានជាប្រព្រឹត្តកំហុស ឬមកពីផលវិបាកដែលមិនអាចជៀសវាងបាននៃរចនាសម្ព័ន្ធមិនត្រឹមត្រូវ នៅក្នុងសង្គម ល។ល។ មានតែពេលយើងស្គាល់គម្រោងការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក ទើបយើងយល់ថា អ្នកប្រព្រឹត្តអំពើបាបមកពីគេបំពានសេរីភាព ដែលព្រះអង្គប្រទានអោយសត្វលោក ដើម្បីអោយគេអាចស្រលាញ់ព្រះអង្គ និងស្រលាញ់គ្នាទៅវិញទៅមក។
៣៩០៖ ទោះបីជារឿងនិទានដែលថ្លែងអំពីអំពើបាបដើម (កណ ៣) ប្រើនិមិត្តរូបយ៉ាងណាក៏ដោយ ក៏រឿងនេះ អះអាងថា មានហេតុការណ៍មួយ ដែលកើតឡើង នៅពេលដើមដំបូង គឺនៅពេលប្រវត្តិសាស្រ្តរបស់មនុស្សលោកចាប់ផ្ដើម (GS ១៣,១)។ ព្រះជាម្ចាស់សម្ដែងអោយយើងជឿជាក់យ៉ាងច្បាស់ថា ប្រវត្តិសាស្រ្តមនុស្សលោកបានទទួលផលវិបាកនៃអំពើបាបដើម ដែលឪពុកម្ដាយដើមយើងបានប្រព្រឹត្ត ដោយខ្លួនឯងផ្ទាល់ (DS ១៥១៣ ; DS ៣៨៩៧)។
៤០២៖ មនុស្សទាំងឡាយជាប់បាបរបស់លោកអដាំ។ សន្តប៉ូលមានប្រសាសន៍ថា៖ “មនុស្សទាំងអស់ជាប់បាបដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់” (រម ៥,១៩)។ “តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប” (រម ៥,១២)។ តាមគ្រីស្តទូតប៉ូល ទោះបីមនុស្សទាំងអស់រួមគ្នាក្នុងអំពើបាប និងសេចក្ដីស្លាប់ក៏ដោយ ក៏មនុស្សទាំងអស់រួមគ្នាក្នុងការសង្រ្គោះនៅក្នុងអង្គព្រះគ្រីស្តដែរ៖ “ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងទទួលជីវិតយ៉ាងនោះដែរ” (រម ៥,១៨)។
៤០៣៖ ព្រះសហគមន៍តែងតែបង្រៀនតាមសន្តប៉ូលថា បើយើងមិននឹកគិតដល់អំពើបាបរបស់លោកអដាំ ដែលបានបញ្ជូនបាបមកយើង តាំងពីកំណើតមក ហើយដែលនាំអោយព្រលឹងបានស្លាប់ យើងក៏មិនអាចយល់ទុក្ខលំបាកដ៏សែនវេទនាដែលជិះជាន់មនុស្សលោក និងចិត្តលម្អៀងរបស់គេអោយប្រព្រឹត្តអំពើបាប ដែលទាក់ទាញគេទៅរកសេចក្ដីស្លាប់ (DS ១៥១២)។ ដោយសារសេចក្ដីនៃជំនឿនេះ ព្រះសហគមន៍ក៏ផ្ដល់អគ្គសញ្ញាជ្រមុជទឹកអោយរួចពីបាប សូម្បីតែអោយក្មេងតូចៗ ដែលមិនបានប្រព្រឹត្តអំពើបាបផ្ទាល់ខ្លួនដែរ (DS ១៥១៤)។
៤០៤៖ តើបាបរបស់លោកអដាំក្លាយទៅជាបាបនៃកូនចៅរបស់លោកយ៉ាងដូចម្ដេច? នៅក្នុងលោកអដាំ មនុស្សជាតិទាំងអស់ដូចជា “រូបកាយតែមួយរបស់មនុស្សតែម្នាក់” (សន្ត ថូម៉ាស)។ ដោយសារ “ឯកភាពរបស់មនុស្សជាតិ” មនុស្សទាំងអស់ចូលរួមក្នុងបាបរបស់លោកអដាំ ដូចពួកគេចូលរួមក្នុងសេច្ដីសុចរិតរបស់ព្រះគ្រីស្តដែរ។ ក៏ប៉ុន្តែ យើងមិនអាចយល់ដឹងច្បាស់អំពីការបញ្ជូនអំពើបាបដើមដូចម្ដេចទេ ដែលជារឿងលាក់កំបាំង។ ព្រះជាម្ចាស់សម្ដែងអោយយើងដឹងថា លោកអដាំបានទទួលភាពដ៏វិសុទ្ធ និងបានសុចរិតដើមដំបូង មិនគ្រាន់តែសម្រាប់ខ្លួនគេតែម្នាក់ឯងទេ គឺសម្រាប់មនុស្សលោកទាំងអស់៖ នៅពេលពួកគេចាញ់មេល្បង លោកអដាំ និងនាងអេវ៉ាប្រព្រឹត្តអំពើបាបរៀងៗខ្លួន ប៉ុន្តែ អំពើបាបនេះប៉ះពាល់នឹងសភាពជាមនុស្ស ដែលគេនឹងបញ្ជូន ក្នុងលក្ខណៈជាអ្នកបាប (DS ១៥១១-១៥១២)។ បាបនេះនឹងរាលដាលដល់មនុស្សលោកទាំងអស់ គឺគេនឹងបញ្ជូនសភាពជាមនុស្ស ដែលលែងមានភាពដ៏វិសុទ្ធ និងសេចក្ដីសុចរិតទៀតហើយ។ ហេតុដូច្នេះ ហើយបានជាគេហៅ“បាប” អំពើបាបដើមដំបូង មិនមែនមកពីមនុស្សទាំងអស់បាន “ប្រព្រឹត្ត” អំពើបាប តែគេបាន “ទទួល” អំពើបាបដើមដំបូង បានសេចក្ដីថា បាបដើមដំបូងមានលក្ខណៈជាសភាពការណ៍ តែមិនមែនជាកិច្ចការឡើយ។
៤០៥៖ ទោះបីកូនចៅលោកអដាំបានទទួលបាបដើមដំបូងតាមលក្ខណៈរៀងៗខ្លួនក៏ដោយ (DS ១៥១៣) ក៏គេមិនបានប្រព្រឹត្តកំហុសដោយខ្លួនគេផ្ទាល់ដែរ។ មនុស្សលោកបានបាត់បង់ភាពដ៏វិសុទ្ធ និងសេចក្ដីសុចរិតដើមដំបូង ប៉ុន្តែ សភាពជាមនុស្សមិនខូចទាំងស្រុងទេ គឺមនុស្សលោករងអវិជ្ជា រងទុក្ខលំបាក ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ និងមានចិត្តលម្អៀងប្រព្រឹត្តអំពើបាប។ បុណ្យជ្រមុជទឹក ដែលផ្ដល់ព្រះជន្មរបស់ព្រះគ្រីស្ត លប់បំបាត់អំពើបាបដើមដំបូង និងធ្វើអោយមនុស្សវិលទៅរកព្រះជាម្ចាស់វិញ ប៉ុន្តែផលវិបាកនៅតែស្ថិតក្នុងសភាពជាមនុស្ស និងបណ្តាលអោយគេទន់ខ្សោយ និងលម្អៀងប្រព្រឹត្តអំពើបាប ហើយត្រាស់ហៅគេអោយប្រយុទ្ធប្រឆាំងខាងផ្លូវវិញ្ញាណ។
៤០៦៖ ព្រះសហគមន៍បានលម្អិតគោលការណ៍អំពីការបញ្ជូនបាបដើម នៅសតវត្សទីប្រាំ ក្រោយពីសន្ត អូគូស្ទីន បានរិះគិតពិចារណាប្រឆាំងនឹងលោក Pelagius ហើយនៅសតវត្សទីដប់ប្រាំមួយ ដើម្បីប្រយុទ្ធប្រឆាំងនិងការកែតម្រង់របស់ពួកប្រូតេស្តង់។ លោក Pelagius អះអាងថា មនុស្សអាចមានរបៀបរស់នៅល្អត្រឹមត្រូវ តាមសីលធម៌ ដោយពឹងលើកម្លាំងរបស់ខ្លួនឯង និងដោយមិនត្រូវការអោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ មកជួយគេ ឡើយ។ គិតដូច្នោះ លោកអដាំលែងជាអ្នកបាប គ្រាន់តែជាគំរូមិនល្អប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកប្រូតេស្តង់បង្រៀនថា ដោយសារអំពើបាបដើម មនុស្សជាប់បាបជាដាច់ខាត យ៉ាងស៊ីជម្រៅជាទីបំផុត បណ្តាលអោយគេគ្មានសេរីភាពទាល់តែសោះ។ ពួកគេច្រឡំបាបដើម ដែលមនុស្សបានទទួលតាំងពីលោកអដាំ និងចិត្តលម្អៀងធ្វើបាប (concupiscentia ) ដែលមនុស្សអាចពុះពាបាន។ ព្រះសហគមន៍បានពន្យល់ យ៉ាងច្បាស់ អំពីអត្ថន័យនៃអំពើបាបដើមដំបូង នៅមហាស្និបាតទីពីរ នៅទីក្រុង Orange នៅឆ្នាំ៥២៩ និងនៅមហាស្និបាត នៅទីក្រុងTrente នៅឆ្នាំ១៥៤៦។
៣. អំពើបាបដើមតាមទស្សនវិទូតសព្វថ្ងៃ
មនុស្សជាច្រើនបានរិះគិតអំពីបញ្ហានៃអំពើបាបដំបូង ដោយយកព្រះគម្ពីរ កណ ៣ ជាពន្លឺ ទោះជាអ្នកទាំងអស់នោះ ភាគច្រើនមិនមែនជាគ្រីស្តបរិស័ទ។ យើងគួរស្តាប់ពួកគេ ដើម្បីយល់កាន់តែជ្រៅអំពីបាប។
៣.១. លោក អេម៉ាណូអែល Kant (១៧២៤១៨០៤)៖ អំពើបាប និងសេរីភាព
លោក Kant ចង់យល់អំពីដើមហេតុនៃអំពើបាប (ដែលខុសប្លែកពីអំពើអាក្រក់៖ សូមអានមេរៀនខាងលើ)។ ដើមដំបូង មនុស្សដូចជាសត្វម្យ៉ាង គឺគាត់ពុំមានទោស។ ប៉ុន្តែ ពេលគាត់ចាប់ផ្តើមមានប្រាជ្ញា គាត់ធ្លាក់ខ្លួនក្នុងអំពើបាប ព្រោះប្រាជ្ញារបស់គាត់នៅខ្សោយ។ មនុស្សប្រើសេរីភាពនិងប្រាជ្ញា ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន។ “ធម្មជាតិមនុស្សល្អ ដ្បិតគាត់ជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ប៉ុន្តែ មនុស្សប្រើសេរីភាព ដើម្បីប្រព្រឹត្តអាក្រក់”។ តាមការពិត សម្រាប់លោក មនុស្សធ្វើបាប ព្រោះគាត់គ្រាន់តែជាសត្វលោក។ ពេលអាន កណ ៣ លោក Kant សសេរថា៖ ១. អំពើអាក្រក់មកពីប្រាជ្ញារបស់មនុស្សនៅខ្សោយ។ បាបដូចជាកំហុស តែប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់លោក ចម្លើយនេះ មិនគ្រប់គ្រាន់ទេ។ ២. តណ្ហាផ្សេងៗរបស់មនុស្សជាការល្អ។ មនុស្សប្រព្រឹត្តបាប ដោយសារគាត់មានសេរីភាព។ ចម្លើយនេះ មិនត្រឹមត្រូវផង។ ៣. ប្រភពនៃអំពើបាប មកពីមនុស្សស្ម័គ្រចិត្តធ្វើបាប ដោយមានសេរីភាព។ មនុស្សជ្រើសរើសប្រព្រឹត្តអំពើបាប សម្រាប់ខ្លួនឯង ហើយប្រឆាំងនឹងផលប្រយោជន៍រួម។ រឿងរបស់លោកអដាំជារឿងរបស់មនុស្សគ្រប់ៗរូបដែរ។ ប៉ុន្តែ យើងមិនអាចដឹងថា ហេតុអ្វី បានជាមនុស្ស ជ្រើសរើសប្រព្រឹត្តបាបបានឡើយ។ លោកស្របតាមព្រះសហគមន៍ ពេលគាត់និយាយថា សេរីភាពមនុស្សជាប្រភពនៃអំពើបាប ដែលមកពីហេតុការណ៍ដើមមួយ។ ម្យ៉ាងទៀត គាត់និយាយត្រឹមត្រូវដែរ នៅពេលគាត់សសេរថា យើងមិនអាចយល់មូលហេតុនៃអំពើបាប។
៣.២. លោក Hegel (១៧៧០-១៨៣១)៖ អំពើបាបជាដំណាក់កាលចំបាច់
សម្រាប់លោក Hegel មុនដំបូង មនុស្ស និងពិភពលោករួមជាមួយគ្នា។ មនុស្សនៅតែដូចជាកូនក្មេង។ នៅពេលដែលគាត់ធំឡើង គាត់ធ្លាក់ខ្លួនក្នុងអំពើបាប ព្រោះគាត់បែកចែកពីពិភពលោក និងអ្នកដទៃ។ គាត់ដឹងខ្លួនអំពីខ្លួនឯង។ អំពើ បាបជាដំណាក់កាលចំបាច់ ដើម្បីអោយមនុស្សរីកចម្រើន។ បន្តិចម្តងៗ យើងដឹងខ្លួនថា យើងគិតតែពីខ្លួនឯង។ ប៉ុន្តែ យើងត្រូវស្គាល់សេចក្ដីអាក្រក់ ដើម្បីស្គាល់សេចក្ដីល្អ។ បាបចូលក្នុងពិភពលោក ហើយរាលដាល ប៉ុន្តែ អំពើបាបនឹង បង្កើតអំពើល្អធំជាងទៅទៀត។ ហេតុនេះ សម្រាប់លោក Hegel យើងអាចយល់អំពើបាប។ បាបមានហេតុផល គឺ ដោយសារបាប មនុស្សអាចរីកចម្រើនបានម្យ៉ាង។
៣.៤. លោក Karl Marx (១៨១៨១៨៨៣)៖ អំពើបាបដើមដំបូងជាអំពើបាបខាងសេដ្ឋកិច្ច
នៅសម័យរបស់លោក Karl Marx មនុស្សមួយចំនួនតិចតួចសង្កត់ជិះជាន់អ្នកដទៃ ដែលជាកម្មកររោងចក្រ។ ព្រះសហគមន៍រួមជាមួយអ្នកធំ ឬអ្នកកាន់អំណាច ដោយមិនស្តីបន្តោសពួកគេ។ ព្រះជាម្ចាស់បានសោយទិវង្គត ព្រោះតែអ្នកមានប្រើអ្នកក្រ ដើម្បីជាប្រយោជន៍ផ្ទាល់។ “ការប្រមូលទ្រព្យសម្បត្តិក្នុងសេដ្ឋកិច្ច ដូចជាអំពើបាបដើមក្នុងទេវវិទ្យា... ព្រះ អម្ចាស់បានដាក់ទោសមនុស្សអោយធ្វើការដោយបែកញើស ប៉ុន្តែ អំពើបាបខាងសេដ្ឋកិច្ចបង្ហាញថា មានអ្នកខ្លះ រួចខ្លួន ពីការដាក់ទោសនេះហើយ”។ សង្គមចែកជាពីរក្រុម៖ មនុស្ស “ត្រឹមត្រូវ” ដែលមានកាន់តែច្រើន ហើយមនុស្ស “អាក្រក់” ដែលត្រូវធ្វើការអស់ពីកម្លាំងកាយចិត្ត ទាំងទៅជាអ្នកក្រដដែល។
៣.៥. លោក Sigmund Freud (១៨៥៦១៩៣៩)៖ ការសម្លាប់ដើមរបស់លោកឪពុក
ក្នុងសៀវភៅ “លោកម៉ូសេ និងការជឿលើព្រះតែមួយ” លោក Freud ស្រមើស្រមៃថា ដើមដំបូង កូនៗទាំងប៉ុន្មានបាន សម្លាប់ឪពុករបស់ពួកគេ ដើម្បីធ្វើតាមតណ្ហាខាងផ្លូវភេទរបស់ខ្លួន។ ហេតុនេះហើយ បានជាមនុស្សទាំងអស់មានអារម្មណ៍ថា ពួកគេជាអ្នកបាប។ ក្រោយមក កូនប្រុសម្នាក់ផ្សេងទៀតសុខចិត្តស្លាប់ ដើម្បីលោះការសម្លាប់ដើមរបស់លោកឪពុក។ ប្រហែលជាលោក Freud មិនសូវបានយល់ប៉ុន្មានអំពីសក្ការៈបូជារបស់ព្រះគ្រីស្ត ប៉ុន្តែ គំនិតរបស់លោក អំពីអំពើបាបដើមដូចជាមានអត្ថន័យដែរ។
ជំពូកទី៤៖
សេចក្ដីស្លាប់ និងអំពើបាបដើម
១. អ្វីទៅជាសេចក្ដីស្លាប់?
មនុស្សមានសុភមង្គល ពេលគាត់មានជីវិត។ ហេតុនេះហើយ បានជាយើងចង់រស់នៅរហូត។ ប៉ុន្តែ យើងក៏ត្រូវតែស្លាប់ ទាំងអស់គ្នាជាមិនខាន។ លោកទស្សនវិទូត Heidegger ធ្លាប់និយាយថា មនុស្ស “មានគោលដៅស្លាប់”។ ក្នុងចំណោម សត្វលោកទាំងអស់នៅលើផែនដី មានតែមនុស្សយើង ដែលដឹងថា យើងនឹងស្លាប់។ ប៉ុន្តែ មនុស្សធ្វើគ្រប់បែបយ៉ាង កុំអោយគិតថា ខ្លួននឹងស្លាប់ ហើយគាត់ធ្វើគ្រប់យ៉ាង កុំអោយស្លាប់មែន។ ពេលម្នាក់ ដែលយើងស្រលាញ់ ស្លាប់ យើងក៏ពិបាកចិត្ត។ យើងព្រួយបារម្មណ៍ដែរ ព្រោះយើងនឹកគិតដល់អំពីថ្ងៃស្លាប់របស់យើងផងដែរ។ ជាដំបូង សេចក្ដីស្លាប់ដូចជាគ្មានអត្ថន័យសោះ។ សេចក្ដីស្លាប់ដូចជាសុញ្ញភាព។ ក្នុងចំណោមទុក្ខវេទនាទាំងប៉ុន្មានរបស់យើង សេចក្ដីស្លាប់ពិតជាធំជាងគេ។
សព្វថ្ងៃ យើងសសើរតម្កើងអ្នកស្រាវជ្រាវខាងពេទ្យវិទ្យា ដែលធ្វើអោយមនុស្សមានជីវិតកាន់តែយូរអង្វែង។ នៅបស្ចិម ប្រទេស នៅឆ្នាំ១៩៧០-១៩៨០ មនុស្សភាគច្រើនស្លាប់អាយុ៧០ឆ្នាំ។ ឥឡូវនេះ ២០ឆ្នាំក្រោយមក ពួកគេស្លាប់ជាមធ្យមអាយុ៩០ឆ្នាំ។ ដូច្នេះ ពេលមនុស្សឡើងចាស់ គាត់ចូលនិវត្តន៍ និងអាចចាប់ផ្តើមជីវិតថ្មី។ អ្នកស្រាវជ្រាវខ្លះ សន្យាជាផ្លូវការថា នៅឆ្នាំ២០៥០ មនុស្សយើងអាចរស់នៅដល់អាយុ១០០០ឆ្នាំទៅទៀត! មនុស្សនឹងទៅជាមនុស្ស “ហួសមនុស្ស” (Transhumanism)។ មនុស្សដដែលនោះ ប្រាប់យើងថា ដោយសារការរីកចម្រើនខាងពេទ្យវិទ្យា និង ខាងវិទ្យាសាស្រ្ត មនុស្សយើងមិនធ្លាក់ខ្លួនឈឺទៀតទេ។
បើដូច្នេះ យើងអាចសួរខ្លួនឯងថា ហេតុអ្វីបានជាមនុស្សនឹងនៅតែបង្កើតកូន? ហេតុអ្វីបានជាមនុស្សនឹងនៅតែស្វែងរកគំនិតថ្មីៗ និងអត្ថន័យនៃអ្វីៗទាំងអស់? ជាពិសេស តើមនុស្សនឹងនៅតែមានបំណងចង់រស់? តើមនុស្សនឹងនៅតែជាមនុស្ស? តាមការពិត សេចក្ដីស្លាប់ផ្តល់អត្ថន័យដល់ជីវិតរបស់យើងនៅលើផែនដីនេះ។ តាមលទ្ធិគ្រីស្តសាសនា លេខ ១០០៧៖ “មរណភាពជាទីបញ្ចប់នៃជីវិតនៅលើផែនដី ។ ពេលវេលាជាចង្វាក់នៃជីវិតរបស់យើង យើងផ្លាស់ប្តូរទៅជាចាស់ ហើយដូចសត្វលោកទាំងអស់នៃផែនដី សេចក្ដីស្លាប់ជាទីបញ្ចប់ធម្មតានៃជីវិត។ លក្ខណៈនៃមរណភាពជម្រុញយើងអោយនឹកគិតថា ត្រូវតែស្លាប់ យើងក៏រំលឹកខ្លួនឯងថា ជីវិតយើងមានពេលកំណត់ ដើម្បីយើងបានសម្រេច”។
តាមគ្រីស្តសាសនា តើយើងអាចយល់សេចក្តស្លាប់យ៉ាងដូចម្ដេច? សព្វថ្ងៃ មនុស្សភាគច្រើនមិនព្រមទទួលស្គាល់ថា សេចក្តីស្លាប់ និងអំពើបាបជាប់ចំណងគ្នា។ យើងធ្លាប់និយាយថា សេចក្ដីស្លាប់មកពីធម្មជាតិមនុស្សតែប៉ុណ្ណោះ ហើយ មិនទាក់ទងនឹងអំពើបាបសោះ។ ក៏ប៉ុន្តែ បើយើងអានព្រះគម្ពីរឡើងវិញ យើងយល់ឃើញថា សេចក្ដីស្លាប់ និងអំពើបាប ជាប់នឹងគ្នា៖ កណ ២, ១៦១៧; កណ ៣, ១៩; រម ៥, ១២; រម ៦, ២៣; យក ១, ១៥។ តាមការពិត សេចក្ដីស្លាប់ខាងរូបកាយជាទីសម្គាល់នៃសេចក្ដីស្លាប់អស់កល្បជានិច្ច ខាងវិញ្ញាណ។ សេចក្ដីស្លាប់មកពីអំពិបាប។ ដោយសោយទិវង្គត ព្រះគ្រីស្តក៏រំដោះយើងពីសេចក្ដីស្លាប់នេះ។ សេចក្ដីស្លាប់មិនមែនមកពីព្រះជាម្ចាស់ដាក់ទោសលើមនុស្សទេ ប៉ុន្តែ មកពីអំពើបាបផ្ទាល់តែម្តង។ ប៉ុន្តែ យើងមិនអាចដឹងថា បើយើងមិនបានប្រព្រឹត្តបាប តើយើងនឹងស្លាប់ ឬទេ? បើស្លាប់មែន ស្លាប់ដោយរងទុក្ខលំបាក ឬទេ? នាងម៉ារីបានឡើងស្ថានបរមសុខ ដោយមិនបានរងទុក្ខលំបាក...
តាមលទ្ធិគ្រីស្តសាសនា លេខ ១០០៨៖ “មរណភាពជាលទ្ធផលនៃអំពើបាប ។ ដោយបកស្រាយយ៉ាងពិតប្រាកដព្រះគម្ពីរដ៏វិសុទ្ធ (កណ ២,១៧ ; ៣,៣ ; ៣,១៩) ការបញ្ជូនបន្ត និងក្រុមណែនាំព្រះសហគមន៍បង្រៀនថា មរណភាពចូលក្នុងពិភពលោកដោយសារអំពើបាបរបស់មនុស្ស។ ទោះបីមនុស្សមានលក្ខណៈត្រូវតែស្លាប់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យអោយគេស្លាប់ដែរ។ មរណភាពប្រឆាំងនឹងគម្រោងការរបស់ព្រះជាម្ចាស់ ជាព្រះបង្កើត ហើយមរណភាពចូលក្នុងពិភពលោក ដោយសារអំពើបាប (ប្រាញ ២,២៣-២៤)។ “មនុស្សរមែងតែងតែស្លាប់ខាងរូបកាយ ព្រោះតែអំពើបាប” ហើយសេចក្ដីស្លាប់នេះ ជា “សត្រូវចុងក្រោយបង្អស់” (១ករ ១៥.២៦) របស់មនុស្ស ដែលព្រះជាម្ចាស់ត្រូវតែឈ្នះជាពុំខាន”។
មានតែសេចក្ដីស្លាប់របស់ព្រះគ្រីស្តទេ ដែលជាចម្លើយចុងក្រោយអំពីសេចក្ដីស្លាប់របស់យើង។ ដំបូង ព្រះយេស៊ូសុខចិត្ត ប្រឈមមុខនឹងផលផ្លែនៃអំពើបាប។ ព្រះអង្គក៏សុខចិត្តសោយទិវង្គត ដូចមនុស្សយើង តាមរបៀបដ៏អាក្រក់ទៅទៀត។ ទោះបីព្រះយេស៊ូពុំមានទោសក៏ដោយ ក៏ព្រះអង្គសោយទិវង្គត ដោយសារអំពើហិង្សារបស់យើង។ លើសពីនេះទៅទៀត សេចក្ដីស្លាប់របស់ព្រះអង្គដូចជាពុំមានអត្ថន័យសោះ។ ហេតុនេះហើយ បានជាយើងអាចនិយាយថា ព្រះជាម្ចាស់យាងមករងទុក្ខលំបាកជាមួយមនុស្សយើង។ ប៉ុន្តែ ដោយសារព្រះគ្រីស្តសុខចិត្តសោយទិវង្គត ព្រះអង្គក៏បានឈ្នះសេចក្ដីស្លាប់។ ជ័យចំណេះនេះ មិនមែនជាផលផ្លែនៃវិទ្យាសាស្រ្ត ប៉ុន្តែ ជាជ័យចំណេះរបស់មនុស្សម្នាក់ ដែលស្រលាញ់គេ រហូតដល់ទីបំផុត។ ហេតុនេះហើយ បានជាយើងក៏អាចផ្តល់អត្ថន័យថ្មីដល់សេចក្ដីស្លាប់របស់យើង៖ ទោះបីយើងជាអ្នក បាប យើងអាចជឿសង្ឃឹមថា យើងនឹងស្លាប់រួមជាមួយព្រះគ្រីស្ត។ បើយើងសុខចិត្តបូជាជីវិតរបស់យើង ដើម្បីព្រះជា ម្ចាស់ និងអ្នកដទៃ យើងអាចរស់នៅក្នុងអង្គព្រះគ្រីស្តជារៀងរហូត។
តាមលទ្ធិ លេខ ១០០៩៖ “ព្រះគ្រីស្តផ្លាស់ប្ដូរមរណភាព ។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់បានរងទុក្ខពីសេចក្ដីស្លាប់ ដែលជាលក្ខណៈរបស់មនុស្សដែរ។ ក៏ប៉ុន្តែ ទោះបីព្រះអង្គព្រួយព្រះហឫទ័យយ៉ាងខ្លាំងចំពោះមរណភាពក្ដី ក៏ទ្រង់សុខចិត្តទទួលយកសេចក្ដីស្លាប់ ដោយគាប់ព្រះហឫទ័យទាំងស្រុងនឹងព្រះបិតារបស់ព្រះអង្គ និងដោយគ្មានការបង្ខិតបង្ខំ។ ដោយសារព្រះយេស៊ូបានស្តាប់បង្គាប់ ព្រះអង្គក៏បានផ្លាស់ប្ដូរបណ្ដាសានៃមរណភាពអោយទៅជាការប្រសិទ្ធិពរទៅវិញ (រម ៥,១៩-២១)”។
១០១០៖ “ដោយសារព្រះគ្រីស្ត មរណភាពខាងគ្រីស្តសាសនាមានអត្ថន័យវិជ្ជមាន។ “ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ” (ភីល ១,២១)។ “ពាក្យនេះ គួរអោយជឿថា ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់រួមជាមួយព្រះអង្គដែរ” (២ធម ២,១១)។ មរណភាពខាងគ្រីស្តសាសនាមានលក្ខណៈថ្មី គឺដោយសារបុណ្យជ្រមុជទឹក គ្រីស្តបរិស័ទបាន “ស្លាប់រួមជាមួយព្រះគ្រីស្ត” (តាមរបៀបអគ្គសញ្ញា) រួចហើយ ដើម្បីមានជីវិតថ្មី ហើយបើយើងស្លាប់ក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត មរណភាពខាងរូបកាយបញ្ចប់ការ “រួមស្លាប់ជាមួយព្រះគ្រីស្ត” នេះ ហើយយើងក៏រួមចំណែកនៅក្នុងអង្គព្រះអង្គក្នុងកិច្ចសង្រ្គោះយើង ជាស្ថាពរ”។
២. តើធ្វើដូចម្ដេច ដើម្បីនិយាយអំពីអំពើបាបដើមដំបូងសព្វថ្ងៃ?
សព្វថ្ងៃ មនុស្សភាគច្រើនមិនព្រមទទួលស្គាល់ថា ពួកគេជាអ្នកបាប។ ម្យ៉ាងទៀត មនុស្សយើងមិនយល់ថា តើអំពើបាប របស់មនុស្សតែម្នាក់អាចប៉ះពាល់ដល់ជីវិតរបស់យើង? យើងរស់នៅហាក់ដូចជាយើងគ្មានបាបទាល់តែសោះ។ ប៉ុន្តែ យើងមិនអាចប្រកាសអំពីការសង្រ្គោះ បើយើងមិនប្រឈមមុខនឹងអំពើបាប។ យើងមិនអាចរីកចម្រើនបាន បើយើងមិន ទទួលស្គាល់ការពិត។ តើត្រូវធ្វើដូចម្ដេច ដើម្បីអោយមនុស្សសម័យឥឡូវនេះ អាចយល់ និងទទួលស្គាល់លទ្ធិនៃអំពើ បាបដើមដំបូង? ប្រហែលជាយើងគួរចាប់ផ្តើមពីស្ថានភាពបច្ចុប្បន្នកាល ឬពីបទពិសោធន៍របស់មនុស្សយើង ដោយមិនចំបាច់ប្រើពាក្យ “បាប” ទេ។
២.១. បទពិសោធន៍របស់មនុស្ស
១. សេចក្ដីស្លាប់ គ្រោះធម្មជាតិ និងជំងឺផ្សេងៗ បង្ហាញថា មនុស្សរងទុក្ខលំបាក ដោយសារធម្មជាតិ។ ទោះបីវិទ្យាសាស្រ្ត ឬពេទ្យវិទ្យា រីកចម្រើនក៏ដោយ ក៏យើងនឹងនៅតែមានបញ្ហាដដែលៗជាមួយនឹងបរិដ្ឋានរបស់យើង។ សព្វថ្ងៃ អ្នកវិទ្យសាស្រ្តព្រមានថា បើយើងមិនផ្លាស់ប្តូររបៀបរស់នៅទាំងស្រុង យើងនឹងបំផ្លាញផែនដី។ ២. មនុស្ស យើងពិបាករស់នៅជាមួយគ្នានៅក្នុងសង្គម។ នៅក្នុងក្រុមគ្រួសារ មានការឈ្លោះប្រកែកគ្នា ប្តីប្រព្ធជាច្រើនលែងគ្នា ។ ក្នុងពិភពលោក មានអំពើហិង្សាគ្រប់យ៉ាង មានសង្រ្គាម មានការសម្លាប់រង្គាលដែរ។ មនុស្សយើងពិបាកស្ដាប់គ្នាទៅវិញទៅមក យើងមិនសូវយល់ចិត្តគ្នា។ ទំនាក់ទំនងដ៏លំបាករវាងគ្នា និងគ្នាធ្វើអោយមនុស្សបាក់បែកគ្នា។ ៣. នៅក្នុងខ្លួនយើងផ្ទាល់ ក៏មានការបាក់បែកគ្នាផងដែរ។ បើខ្ញុំមានចិត្តស្មោះត្រង់ ខ្ញុំក៏ត្រូវទទួលស្គាល់ថា ខ្ញុំជាមនុស្សម្នាក់មិនសូវល្អប៉ុន្មានទេ។ មនុស្សយើងដកពិសោធន៍អំពីអំពើអាក្រក់ ដែលយើងប្រព្រឹត្ត ទោះបីយើងមិនចង់។ លោក Racine ធ្លាប់និយាយ ថា “ខ្ញុំដូចជាមានពីរនាក់នៅក្នុងខ្លួនខ្ញុំ”។ សូម្បីតែកូនក្មេងតូចៗ ក៏ពួកវាគិតតែពីខ្លួនឯង។ ៤. ម្យ៉ាងទៀត មនុស្សយើង មានអារម្មណ៍ថា ដូចជាឃ្លាតឆ្ងាយពីព្រះ ឬព្រះឃ្លាតឆ្ងាយពីយើង។ យើងមិនដឹងច្បាស់ថា តើមានព្រះ ឬទេ? ធ្វើអោយ យើងសួរខ្លួនឯងអំពីអត្ថន័យនៃជីវិត។ សង្គមយើងភាគច្រើនគ្មានគោលដៅច្បាស់លាស់។ យើងរកលុយ និងទ្រព្យសម្បត្តិ ប៉ុន្តែ តើមានប្រយោជន៍អ្វីខ្លះ? លោក ប៉ូល Ricoeur បានសសេរថា៖ “ក្នុងសង្គមបច្ចុប្បន្នកាល យើងបានរីកចម្រើនគ្រប់វិស័យ ប៉ុន្តែ អត្ថន័យនៃជីវិតបានថយក្រោយ។ សព្វថ្ងៃ យើងមានអ្វីៗទាំងអស់ លើកលែងតែអត្ថន័យនៃអ្វី ដែលយើងកំពុងធ្វើ”។ ៥. ទីបញ្ចប់ យើងត្រូវទទួលស្គាល់ថា មនុស្សយើងរួមសមាគ្គីក្នុងការប្រព្រឹត្តអំពើបាប។ នៅពេល ដែលយើងកើតមកក្នុងពិភពលោក យើងយល់ឃើញថា មានអំពើអាក្រក់រួចស្រេចទៅហើយ។ ប៉ុន្តែ យើងអាចយល់ឃើញថា យើងចូលរួមចំណែកក្នុងការកសាងអំពើអាក្រក់ទាំងអស់នេះដែរ។
២.២. គ្រីស្តសាសនាបំភ្លឺយើងអំពីបាបនៃពិភពលោក
នៅពេលយើងរិះគិតអំពីស្ថានភាពរបស់យើង ឬមួយយើងលែងស្វែងរកអត្ថន័យដល់ជីវិតរបស់យើង ឬមួយទៀតយើងអាចនៅតែព្យាយាមស្វែងរកអត្ថន័យមួយ។ តាំងពីដំបូង មនុស្សយើងផ្តល់ចម្លើយផ្សេងៗជាច្រើន ដើម្បីជួយដោះស្រាយបញ្ហានៃអំពើអាក្រក់។ លោក ម៉ានី (Manicheism) ធ្លាប់ពន្យល់ថា មនុស្សជាតិជាជនរងគ្រោះនៃសង្រ្គាមរវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់។ អ្នកផ្សេងពន្យល់ថា អំពើអាក្រក់ មកពីមនុស្សគ្រាន់តែជាសត្វលោកប៉ុណ្ណោះ។ អ្នកផ្សេងទៀតអះអាងថា អំពើអាក្រក់ជួយមនុស្សយើងអោយរីកចម្រើន។ ល។ល។ គ្រីស្តសាសនាអះអាងថា អំពើអាក្រក់មិនមែនមកពីកំហុស ឬការខ្វាក់ខាតរបស់មនុស្ស ប៉ុន្តែ មកពីមនុស្សប្រព្រឹត្តអំពើបាប។ មនុស្សមិនព្រមធ្វើតាមព្រះហឬ័ទយរបស់ព្រះជាម្ចាស់ ដោយចេតនា ដោយដឹងខ្លួន និងដោយ មានសេរីភាព។ ទោះជាសេចក្ដីនេះពិបាកទទួលយ៉ាងណាក៏ដោយ ក៏ព្រះសហគមន៍មិនលាក់លៀមសេចក្ដីពិត ដូចជាគ្រូពេទ្យម្នាក់ ដែលត្រូវដឹងអំពីមូលហេតុពិតប្រាកដនៃជំងឺ ដើម្បីអាចជួយព្យាបាលអ្នកជំងឺបាន។
តាមលទ្ធិនៃគ្រីស្តសាសនា៖
៣១០៖ ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានបង្កើតពិភពមួយដ៏ល្អឥតខ្ចោះ ដែលគ្មានអំពើអាក្រក់ មកបៀតបៀន? ដោយសារឫទ្ធានុភាពសព្វប្រការរបស់ព្រះជាម្ចាស់ ព្រះអង្គអាចបង្កើតអ្វីមួយដ៏ល្អប្រសើរបំផុត (សន្ត ថូម៉ាស)។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌ ដែលគ្មានព្រំដែន ទ្រង់សព្វព្រះហឫទ័យបង្កើតពិភពមួយ ដែលកំពុង “ធ្វើដំណើរ” ឆ្ពោះទៅភាពល្អឥតខ្ចោះជាទីបំផុត។ ក្នុងការធ្វើដំណើរនេះ តាមគម្រោងការរបស់ព្រះជាម្ចាស់ សត្វលោកខ្លះត្រូវតែលេចឡើង សត្វលោកខ្លះផ្សេងទៀតត្រូវតែវិនាស មានទាំងភាពល្អឥតខ្ចោះ មានទាំងភាពមិនល្អឥតខ្ចោះ មានទាំងការសាងសង់ មានទាំងការបំផ្លាញនៃធម្មជាតិផងដែរ។ ហេតុនេះហើយ បានជាកើតមានអំពើអាក្រក់ រហូតដល់ព្រះជាម្ចាស់ណែនាំការបង្កើតអោយបានល្អគ្រប់លក្ខណៈ (សន្ត ថូម៉ាស)។
៣១១៖ ពួកទេវទូត និងមនុស្សលោក ជាសត្វលោក ដែលមានប្រាជ្ញា និងសិរីភាព ត្រូវតែធ្វើដំណើរឆ្ពោះទៅគោលដៅចុងក្រោយបំផុតរបស់ខ្លួន ដោយមានសេរីភាពក្នុងការជ្រើសរើស ព្រមទាំងសេចក្ដីស្រលាញ់ផង។ ដូច្នេះ ពួកគេអាចវង្វេងផ្លូវបាន។ តាមការពិត ពួកគេបានប្រព្រឹត្តអំពើបាបរួចទៅហើយ ជាហេតុនាំអោយអំពើបាបចូលក្នុងពិភពលោក។ អំពើបាបនេះធ្ងន់ធ្ងរខ្លាំងជាងអំពើអាក្រក់ទៅទៀត មិនអាចកំរិតបានទេ។ ព្រះជាម្ចាស់មិនមែនជាដើមហេតុនៃអំពើបាបទាល់តែសោះ (សន្ត អំប្រ័រ) ប៉ុន្តែ ព្រះអង្គបណ្តោយអោយមានអំពើបាប ដោយបំប្រែអោយមានអំពើល្អចេញពីអំពើបាបនោះ ដោយគោរពសេរីភាពនៃសត្វលោករបស់ព្រះអង្គ។ “ដ្បិតព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ (...) ប្រកបដោយព្រះហឫទ័យសប្បុរសដ៏ខ្ពង់ខ្ពស់បំផុត មិនដែលអោយមានអំពើអាក្រក់ណាមួយស្ថិតនៅក្នុងសត្វលោករបស់ព្រះអង្គ បើព្រះអង្គមិនអាចធ្វើអោយអំពើល្អចេញពីអំពើអាក្រក់នោះបានឡើយ” (សន្ត អូគូស្ទីន)។
៣១២៖ ដូច្នេះហើយ បានជាបន្តិចម្តងៗ យើងអាចយល់ឃើញថា ព្រះជាម្ចាស់ ដែលមានឧបការគុណ ប្រកបដោយឫទ្ធានុភាពសព្វប្រការ អាចបំប្រែអោយអំពើល្អចេញមកពីអំពើអាក្រក់ ទោះជាអំពើបាប ដែលសត្វលោកបានប្រព្រឹត្តក៏ដោយ។ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗរបស់គាត់ថា៖ “ពុំមែនពួកបងទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនអោយមកទីនេះ (...) ពួកបងបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើអោយការនោះ ប្រែក្លាយទៅជាល្អ (...) គឺព្រះអង្គសង្រ្គោះជីវិតប្រជាជនមួយចំនួនធំ” (កណ ៤៥,៨ ; ៥០,២០) (តប ២,១២-១៨)។ ម្យ៉ាងទៀត ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ (រម ៥,២០) ទ្រង់បានបំប្រែអោយមានផលល្អជាទីបំផុត ចេញពីអំពើបាបអាក្រក់ជាងគេជាទីបំផុត គឺព្រះជាម្ចាស់បានប្រោសព្រះបុត្រារបស់ព្រះអង្គអោយមានព្រះជន្មថ្មីដ៏រុងរឿង និងបានសង្រ្គោះយើង ចាប់ពីការមិនទទួលស្គាល់ និងការសម្លាប់ព្រះបុត្រាព្រះអង្គនេះ ដោយអំពើបាបរបស់មនុស្សទាំងឡាយ។ ក៏ប៉ុន្តែ អំពើអាក្រក់មិនមែនជាអំពើល្អទេ។
៣១៣៖ “អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីអោយអស់អ្នកស្រលាញ់ព្រះជាម្ចាស់បានទទួលផលល្អ” (រម ៨,២៨)។ សក្ខីភាពរបស់សន្តបុគ្គលនៅតែបញ្ជាក់សេចក្ដីពិតនេះ៖ ហេតុនេះហើយ ទើបសន្តី កាតឺរីន នៅស៊ីយ៉ែន ពោលថា ចំពោះ “អស់អ្នក ដែលទាស់ចិត្ត និងបះបោរប្រឆាំងនឹងអ្វីៗដែលកើតមានដល់ពួកគេ”៖ “អ្វីៗទាំងអស់កើតចេញមកពីសេចក្ដីស្រលាញ់ អ្វីៗទាំងអស់កើតឡើងដើម្បីសង្រ្គោះរបស់មនុស្សលោក ព្រះជាម្ចាស់មានព្រះហឫទ័យនេះតែមួយគត់”។ ចំណែក សន្ត ថូម៉ាស ម័រ មុនពេលលោកក្លាយទៅជាមរណៈសាក្សី បានលួងលោមកូនស្រីលោកថា៖ “បើមិនមែនជាព្រះហឫទ័យព្រះជាម្ចាស់ទេ អ្វីក៏មិនអាចកើតមានដែរ។ ទោះបីយើងយល់ថា អាក្រក់ក៏ដោយ បើជាព្រះហឫទ័យរបស់ព្រះអង្គនោះ ជាការល្អប្រសើរបំផុតសម្រាប់យើងហើយ”។ ឯលោកស្រី ជូលាន នៃន័រវិច៖ “ដោយសារព្រះជាម្ចាស់បានប្រោសប្រណីមកខ្ញុំ ខ្ញុំបានយល់ថា ត្រូវតែមានជំនឿមាំមួន ហើយជឿជាក់ថា អ្វីៗទាំងអស់សុទ្ធតែល្អ... ហើយអ្នក នឹងឃើញថា អ្វីៗទាំងអស់សុទ្ធតែល្អមែន” (“Thou shall see thyself that all MANNER of thing shall be well”)។
៣១៤៖ យើងជឿជាក់ថា ព្រះជាម្ចាស់ណែនាំពិភពលោក និងប្រវត្តិសាស្រ្តមនុស្សលោក។ ប៉ុន្តែ យើងមិនសូវស្គាល់ផ្លូវនៃឧបការគុណរបស់ព្រះអង្គឡើយ។ មានតែនៅពេលចុងក្រោយបំផុត នៅពេលយើងនឹងឃើញព្រះអង្គ “ទល់មុខគ្នា” (១ករ ១៣,១២) ទើបយើងនឹងលែងស្គាល់ព្រះអង្គព្រាលៗ ហើយយើងនឹងស្គាល់យ៉ាងច្បាស់ៗផ្លូវ ដែលព្រះជាម្ចាស់ប្រើប្រាស់ ដើម្បីណែនាំសត្វលោករបស់ព្រះអង្គ តាមរយៈវិនាដកម្មនៃអំពើអាក្រក់ និងអំពើបាប រហូតដល់ថ្ងៃសប្ប័ទ (កណ ២,២) ជាថ្ងៃសម្រាកចុងក្រោយបំផុត ជាគោលដៅរបស់ព្រះជាម្ចាស់ ដែលបានបង្កើតមេឃនិងដី។
ភាគទី៣៖
មនុស្សដែលព្រះជាម្ចាស់សង្រ្គោះ
ជំពូកទី១៖
សុភមង្គល និងការសង្រ្គោះ
មនុស្ស ដែលព្រះជាម្ចាស់បានបង្កើត ដើម្បីស្គាល់ និងស្រលាញ់ព្រះអង្គ បានឃ្លាតឆ្ងាយពីព្រះអង្គ និងរងទុក្ខលំបាក។ តើរឿងរបស់យើងឈប់ត្រង់នេះ? ទេ! ដោយសារព្រះហឬ័យស្រលាញ់របស់ព្រះជាម្ចាស់ ដែលគ្មានកំណត់ព្រំដែន ព្រះ អង្គក៏បានយាងមក ដើម្បីសង្រ្គោះមនុស្សលោកពីអំពើបាបរបស់គាត់។
ប៉ុន្តែ សព្វថ្ងៃ មនុស្សភាគច្រើនសួរថា៖ ហេតុអ្វី បានជាយើងត្រូវការការសង្រ្គោះ? សង្រ្គោះពីអ្វីខ្លះ? ដើម្បីអ្វី? អ្នកខ្លះនិយាយថា ព្រះយេស៊ូរស់ឡើងវិញ ប៉ុន្តែ ហេតុការណ៍នេះមានប្រយោជន៍អ្វី ក្នុងជីវិតខ្ញុំផ្ទាល់? មនុស្សភាគច្រើនចង់បានសុភមង្គល ប៉ុន្តែ មិនយល់អំពីការសងរ្គោះ។ សំណួរនោះ អាចធ្វើអោយយើងឆ្ងល់ ដ្បិតមនុស្សជាច្រើនយល់ឃើញថា ពួកគេមិនបានសម្រេចគោលដៅនៃជីវិតរបស់គេ។ មនុស្សជាច្រើនឆ្លងកាត់ឧបសគ្គជាច្រើន មនុស្សជាច្រើនបរជ័យ ដោយសារគ្រោះថ្នាក់ ជំងឺ ឬទុក្ខលំបាកផ្សេងៗ។ នៅពេលទទួលមរណភាព ពួកគេមើលឃើញជីវិតរបស់ពួកគេឡើងវិញ ដោយមានការសោកស្តាយជាច្រើន និងការព្រួយបារម្មណ៍។ លោក Raymond Aron ធ្លាប់សសេរថា៖ “ខ្ញុំនឹកគិតដល់នៅពេលខ្ញុំអាយុ២០ឆ្នាំ។ ពេលនោះ ខ្ញុំនៅតែសួរខ្លួនឯងថា ធ្វើយ៉ាងដូចម្ដេច ដើម្បីបាន សម្រេចជីវិតរបស់ខ្ញុំ?”។ ប្រវត្តិសាស្រ្តរបស់មនុស្សលោក ឬសាសនានិមួយៗបង្ហាញថា មនុស្សស្វែងរកការសង្រ្គោះ។ ទស្សនវិទូស្ទើតែទាំងអស់ស្វែងរកអត្ថន័យនៃជីវិត។
- អ្វីទៅជាការសង្រ្គោះ?
តាមព្រះគម្ពីរ យើងអាចយល់ឃើញថា ការសង្រ្គោះ មានពីរយ៉ាង៖ ១. ព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែលអោយរួច ពីខ្មាំងសត្រូវរបស់គេ។ ព្រះជាម្ចាស់លោះមនុស្សលោកអោយចេញពីអំពិបាប ទុក្ខលំបាក និងសេចក្ដីស្លាប់។ យើងបានទទួលការសង្រ្គោះ នៅពេលដែលយើងបានគេចផុតពីអ្វីមួយដ៏អាក្រក់។ ២. ប៉ុន្តែ ព្រះជាម្ចាស់មិនគ្រាន់តែរំដោះយើងពី សេចក្ដីអាក្រក់ប៉ុណ្ណោះទេ។ ព្រះអង្គប្រោសប្រទានអោយយើងមានសេចក្ដីសុខសាន្តថែមទៀត។ ព្រះអង្គក៏ប្រោសប្រទានទឹកដីថ្មី និងដ៏ល្អដល់ប្រជាជនអ៊ីស្រាអែល ព្រះអង្គក៏ប្រទានធម៌វិន័យ និងស្ដេចអោយពួកគេ... ព្រះយេស៊ូក៏ប្រោសប្រទានជីវិតថ្មី ពោរពេញដោយអំណរសប្បាយដល់អស់អ្នក ដែលដើរតាមព្រះអង្គ។
លោក បាស្កាល សសេរថា៖ “មនុស្សគ្រប់រូប ដោយគ្មានការលើកលែង ចង់បានសុភមង្គល។ ពួកគេប្រើមធ្យោបាយផ្សេងៗពីគ្នា ប៉ុន្តែ ទាំងអស់គ្នាចង់បានសម្រេចតាមគោលដៅនេះ។ សូម្បីតែអ្នក ដែលសម្លាប់ខ្លួន ចង់បានសុភមង្គលដែរ”។ តាមកាតពិត គ្មាននរណាធ្លាប់សួរថា៖ “ហេតុអ្វី បានជាយើងចង់បានសុភមង្គល” ដ្បិតចម្លើយនឹងសំណួរនេះ ជាសុភមង្គលតែម្តង។ តាមលោក Aristote សុភមង្គលជា “សេចក្ដីល្អដ៏ខ្ពង់ខ្ពស់ជាទីបំផុត”។ អ្វីៗទាំងអស់ ដែលយើងប្រព្រឹត្តមានគោលដៅតែមួយ គឺសុភមង្គល។
ប៉ុន្តែ មនុស្សយើងមិនដែលអស់ចិត្ត។ យើងចង់បានសុភមង្គលជានិច្ច ដោយមិនដែលសម្រេចតាមគោលដៅ។ យើងដូចជាមានសុភមង្គលតូចៗម្យ៉ាងជារៀងរហូត ប៉ុន្តែ យើងតែងតែចង់បានសុភមង្គលធំជាង ដែលយើងមិនអាចទៅដល់ បានឡើយ។ បំណងប្រាថ្នារបស់យើងគ្មានកំណត់ព្រំដែនសោះ។ យើចង់សម្រេចជីវិតរបស់យើងអោយបានគ្រប់លក្ខណៈ គ្រប់វិស័យ៖ ក្រុមគ្រួសារ ការងារ... អោយគេសសើរយើង... អោយយើងពេញចិត្តនឹងខ្លួនយើង ល។ល។ ប៉ុន្តែ ទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ ក៏យើងនៅតែខកចិត្តនឹងរឿងផ្សេងៗ ហើយទីបញ្ចប់យើងបរជ័យ ព្រោះតែសេចក្ដីស្លាប់។ ហេតុនេះហើយ បានជាយើងបែរមុខទៅរកព្រះក្លែងក្លាយ ដោយសង្ឃឹមថា ពួកវានឹងបំពេញចិត្តរបស់យើង។ យើងលែងស្វែងរកសុភមង្គល ដើម្បីស្វែងរកការសប្បាយ។
- អ្វីទៅជាសុភមង្គល?
តាម មថ ៥, ៣១១ ព្រះជាម្ចាស់ប្រោសប្រទានសុភមង្គលដល់អស់អ្នក ដែលដាក់ចិត្តជាអ្នកក្រ ដែលមានចិត្តមេត្តា ករុណា ដែលមានចិត្តស្លូតបូត ដែលស្រេកឃ្លាននឹងសេចក្ដីសុច្ចរិត និងយុត្តិធម៌ ហើយដល់អស់អ្នក ដែលត្រូវគេបៀតបៀន...។ ព្រះបន្ទូលរបស់ព្រះយេស៊ូពិតជាខុសស្រឡះនឹងគំនិតរបស់មនុស្សទូទៅអំពីសុភមង្គល! សន្តអូគូស្ទីន ធ្លាប់និយាយថា ពេលយើងបូជាខ្លួនឯង សម្រាប់ព្រះជាម្ចាស់ និងអ្នកដទៃ ពេលនោះ យើងមានសុភមង្គលពិតប្រាកដ។ ពេលនោះ យើងបានឆ្លងពីសេចក្ដីស្លាប់ទៅរួមរស់ជាមួយព្រះជាម្ចាស់ទៅហើយ។ ដោយធ្វើតាមព្រះបន្ទូលនេះ ព្រះយេស៊ូនឹងបង្ហាញថា ព្រះអង្គផ្ទាល់ជាសុភមង្គលពិតប្រាកដនៃមនុស្សលោក។ ព្រះយេស៊ូផ្ទាល់ជាព្រះរាជ្យ ថ្មីរបស់ព្រះជាម្ចាស់។ ក្នុងអត្ថបទដំណឹងល្អ មានព្រះបន្ទូលផ្សេងទៀតអំពីសុភមង្គល៖ លក ១, ៤៥ / មថ ១៦, ១៧ / មថ ១៣, ១៦ / មថ ២៤, ៤៦ / យហ ២០, ២៩។
“ព្រះជាម្ចាស់ដែលមនុស្សមើលមិនឃើញ សម្តែងព្រះអង្គឲ្យមនុស្សលោកស្គាល់ គឺព្រះអង្គប្រកបដោយព្រះហឫទ័យ ស្រឡាញ់ដ៏ទូលំទូលាយ ទ្រង់មានព្រះបន្ទូលមករកមនុស្ស ដូចជាមករកមិត្តសម្លាញ់ ព្រះអង្គសន្ទនាជាមួយពួកគេ អញ្ជើញគេឲ្យរួមរស់ជាមួយ និងប្រោសរំលែកព្រះជន្មផ្ទាល់របស់ព្រះអង្គឲ្យគេ” (ព្រះបន្ទូលរបស់ព្រះជាម្ចាស់ Dei Verbum)។ ដើម្បីសន្ទនាជាមួយមនុស្សលោក ព្រះជាម្ចាស់ចាត់ព្រះបុត្រារបស់ព្រះអង្គ ជាព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូសង្រ្គោះយើង ព្រោះនៅក្នុងអង្គព្រះអង្គផ្ទាល់ ព្រះអង្គសម្ដែងសេចក្ដីពិតអំពីមនុស្ស។ ព្រះយេស៊ូជាមនុស្សពិត ប្រាកដ ហើយជាមនុស្សសុច្ចរិតផង គឺព្រះអង្គមានព្រះបន្ទូល និងប្រព្រឹត្តកិច្ចការស្របតាមគម្រោងការណ៍របស់ព្រះជា ម្ចាស់។ នៅពេលមើលឃើញព្រះយេស៊ូ មនុស្សយើងមានអារម្មណ៍ថា ចង់រស់នៅដូចព្រះអង្គដែរ។ ព្រះយេស៊ូសង្រ្គោះ យើង ដ្បិតព្រះអង្គបង្ហាញរបៀបរស់នៅពិតប្រាកដរបស់មនុស្ស។ ពេលឃើញព្រះយេស៊ូ មនុស្សគ្រប់រូបចង់រស់នៅដូចព្រះអង្គ។ ព្រះយេស៊ូផ្ទាល់ជាដំណឹងល្អ ហើយជាព្រះរាជ្យរបស់ព្រះជាម្ចាស់។
ហេតុនេះហើយ បានជានរវិទ្យាខាងគ្រីស្តសាសនាឆ្លើយតបនឹងការព្រួយបារម្មណ៍របស់មនុស្សលោកអំពីអត្ថន័យនៃជីវិត។ ព្រះគម្បីរដូចជាសំបុត្រស្នេហា ដែលព្រះជាម្ចាស់បានថ្លែង ដើម្បីមនុស្សយើង។ ព្រះជាម្ចាស់ជាព្រះមួយអង្គ ដែល ចាប់អារម្មណ៍នឹងមនុស្សលោក ព្រះអង្គយាងមករស់នៅដូចជាមនុស្សយើងបេះបិត។ តាមការពិត ដោយបង្កើតមនុស្ស លោកហើយ ព្រះជាម្ចាស់មានព្រះហឬទ័យសង្រ្គោះមនុស្សអោយរួចពីបាប។
យើងធ្លាប់និយាយថា ព្រះយេស៊ូជាព្រះសង្រ្គោះ ដ្បិតព្រះអង្គនាំផ្លូវអោយយើងទៅជាបុត្រធិតារបស់ព្រះជាម្ចាស់ គឺអោយយើងទៅជាព្រះ។ ប៉ុន្តែ សូមកុំភ្លេចថា ព្រះយេស៊ូសង្រ្គោះយើង ព្រោះព្រះអង្គបង្ហាញអោយយើងដឹងថា អ្វីទៅជាមនុស្សពិតប្រាកដតាមព្រះហឬទ័យដើមដំបូងរបស់ព្រះជាម្ចាស់។ មុនណែនាំយើងអោយទៅជាព្រះ ព្រះយេស៊ូបង្រៀនយើង អោយទៅជាមនុស្ស។ មុននឹងប្រកាសដំណឹងល្អអំពីជីវិតអស់កល្បជានិច្ច ប្រហែលជាយើងគួរបង្ហាញរបៀបរស់នៅ របស់ព្រះយេស៊ូអោយបងប្អូនយើងសព្វថ្ងៃ។ មនុស្សភាគច្រើនមិនសូវចង់បានជីវិតអស់កល្បជានិច្ចតែម្តង ប៉ុន្តែ ពួកគេចង់រស់នៅលើផែនដីនេះ អោយបានពេញលក្ខណៈ។ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ព្រះអង្គ ព្រះយេស៊ូសម្ដែង អោយយើងដឹងថា អ្វីទៅជាមនុស្សពិតប្រាកដ? ដោយឃើញព្រះយេស៊ូ មនុស្សភាគច្រើនចង់ធ្វើតាមព្រះអង្គ។
លក្ខណៈខ្លះៗរបស់ព្រះយេស៊ូ៖
- ១. ទំនាក់ទំនងជាមួយព្រះបិតា
- ២. ទំនាក់ទំនងជាមួយអ្នកដទៃ
- ៣. ទំនាក់ទំនងជាមួយខ្លួនព្រះអង្គ
ជំពូកទី២៖
“អំណរ និងក្តីសង្ឍឹម”
ក្នុងធម្មនុញ្ញ “អំណរ និងក្តីសង្ឃឹម” ព្រះសហគមន៍ចង់មានទំនក់ទំនងជាមួយនឹងមនុស្សលោកបច្ចិប្បន្នកាល ដើម្បីស្នើរសុំអោយពួកគាត់យល់អំពីអាថ៌កំបាំងរបស់មនុស្ស តាមពន្លឺនៃជំនឿរបស់គ្រីស្តសាសនា។
សភាពការណ៍មនុស្ស ក្នុងពិភពលោកនាបច្ចុប្បន្នកាល
៤. សេចក្តីសង្ឃឹមនិងការតប់ប្រមល់របស់មនុស្ស
ក. ព្រះសហគមន៍មានភារកិច្ចពិនិត្យមើលសញ្ញាសម្គាល់នៃពេលវេលាជានិច្ច និងបកស្រាយអត្ថន័យនៃសញ្ញាសម្គាល់ទាំងនោះ តាមពន្លឺនៃដំណឹងល្អរបស់ព្រះគ្រីស្ត ដើម្បីអាចបំពេញមុខងារនេះបាន។ ធ្វើដូច្នេះ ព្រះសហគមន៍អាចតបឆ្លើយនឹងសំណួរដែល មនុស្សចេះតែចោទជានិច្ចជាកាល ឲ្យបានស្របនឹងជំនាន់នីមួយៗ គឺថា តើជីវិតមនុស្សនាបច្ចុប្បន្នកាលនិងជីវិតនៅលោកខាងមុខមានអត្ថន័យយ៉ាងណា ? តើជីវិតទាំងពីរបែបនេះមានទំនាក់ទំនងយ៉ាងដូចម្តេច ? ព្រះសហគមន៍ត្រូវតែស្គាល់និងយល់ពិភពលោកនេះ ជាពិភពដែលយើងរស់នៅ ត្រូវស្គាល់និងយល់អំពីសេចក្តីដែលមនុស្សលោកកំពុងរង់ចាំ សេចក្តីប៉ងប្រាថ្នារបស់គេ និងសភាពការណ៍នាបច្ចុប្បន្ន ដែលអាចនាំឲ្យពិភពលោកវិនាសអន្តរាយបាន។ នេះជាលក្ខណៈដ៏សំខាន់ៗខ្លះនៃពិភពលោកនាបច្ចុប្បន្នកាល តាមយើងអាចយល់ឃើញបាន។
ខ. សព្វថ្ងៃ មានយុគសម័យថ្មីកើតឡើងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺមានការផ្លាស់ប្តូរយ៉ាងជ្រៅ និងយ៉ាងលឿនបំផុតសាយបន្តិចម្តងៗក្នុងពិភពទាំងមូល។ ការផ្លាស់ប្តូរទាំងនេះ កើតមកពីប្រាជ្ញា និងពីសកម្មភាពរបស់មនុស្ស ដែលចេះតែបង្កើតអ្វីៗផ្សេងៗ។ ការផ្លាស់ប្តូរទាំងនោះក៏មានឥទិ្ធពលលើមនុស្សផ្ទាល់ លើការរិះគិតពិចារណា លើសេចក្តីប៉ងប្រាថ្នា របស់គេទាំងលើបុគ្គលម្នាក់ៗ ទាំងលើសង្គមទាំងមូល។ ការផ្លាស់ប្តូរទាំងនោះ មានឥទិ្ធពលលើរបៀបរិះគិតនិងលើរបៀបប្រព្រឹត្តចំពោះអ្វីៗទាំងអស់ និងចំពោះមនុស្សដូចគ្នា។ យើងពិតជាអាចនិយាយថា សង្គមនិងវប្បធម៌កំពុងតែប្រែប្រួលប្រាកដមែន។ ការប្រែប្រួលនេះមានឥទ្ធិពលរហូតដល់របៀបអនុវត្តតាមសាសនាទៀតផង។
គ. ការផ្លាស់ប្រែនៃពិភពលោកបែបនេះ ប្រៀបដូចជាវិបត្តិនានានៅពេលខ្លួនចម្រើនធំធាត់ដែរ គឺបណ្តាលឲ្យកើតការពិបាកដ៏ធ្ងន់ធ្ងរជាច្រើន។ មនុស្សចេះតែលាតសន្ធឹងអំណាចរបស់ខ្លួនឲ្យកាន់តែឆ្ងាយទៅៗ ក៏ប៉ុន្តែ ខ្លួនមិនទាន់មានសមត្ថភាពធ្វើជាម្ចាស់នៃអំណាចនេះគ្រប់ពេលវេលានៅឡើយទេ។ ទោះបីមនុស្សចេះស្ទង់ថាមពលកប់យ៉ាងជ្រៅបំផុតក្នុងចិត្តគេក្តី ក៏មនុស្សជាច្រើននៅតែមានចិត្តសង្ស័យលើខ្លួនឯង។ បន្តិចម្តងៗមនុស្សទទួលស្គាល់បទដ្ឋាននៃការរស់នៅក្នុងសង្គមឲ្យកាន់តែច្បាស់ឡើងៗ ក៏ប៉ុន្តែគេនៅតែស្ទាក់ស្ទើរអំពីទិសដៅ ដែលត្រូវកំណត់ដាក់ឲ្យសង្គមនោះ។
ឃ. មនុស្សលោកនាបច្ចុប្បន្នមានធនធានហូរហៀរ មានសមត្ថភាព និងមានកម្លាំងសេដ្ឋកិច្ច ដែលតាមប្រវត្តិសាស្រ្តកាលពីដើមរៀងមកមិនដែលមានទេ ក៏ប៉ុន្តែមានមនុស្សមួយចំនួនធំនៅតែខ្វះស្បៀងអាហារ រស់នៅជាជនកម្សត់ទុរគត និងមានមនុស្សជាច្រើនរាប់មិនអស់មិនចេះអក្សរ។ មនុស្សនាបច្ចុប្បន្នកាលមានបំណងប្រាថ្នាចង់បានសេរីភាពដែលមិនដែលមានដូចកាលពីពេលមុនក៏ប៉ុន្តែនៅពេលជាមួយគ្នានេះ ក៏កើតមានរបៀបរស់នៅបែបថ្មី គឺបណ្តាលឲ្យមនុស្សទៅជាទាសករខាងសង្គមនិងខាងចិត្តគំនិតទៅវិញ។ មនុស្សលោកភ្ញាក់ស្មារតីយ៉ាងខ្លាំងថា គេត្រូវរួមគ្នាជាធ្លុងតែមួយត្រូវការពឹងពាក់គ្នាទៅវិញទៅមក និងត្រូវការសាមគ្គីជាចំាបាច់។ ប៉ុន្តែនៅពេលដដែលនេះ មនុស្សលោកនៅតែមានការប្រទាញប្រទង់គ្នា ប្រឆាំងជំទាស់ដណ្តើមអំណាចដោយមានថាមពលផ្សេងៗ ហើយគេក៏នៅតែមានការបាក់បែកយ៉ាងខ្លាំងខាងនយោបាយ ខាងសង្គម ខាងសេដ្ឋកិច្ច ខាងជាតិសាសន៍ និងខាងមនោគមវិជ្ជានៅឡើយ។ គេខ្លាច កើតសង្គ្រាមដែលអាចបំផ្លាញពិភពលោកទាំងមូលឲ្យវិនាសថែមទៀតផង។ មនុស្សផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកកាន់តែច្រើនឡើងៗ ក៏ប៉ុន្តែ ពាក្យសម្រាប់បញ្ចេញគំនិតយោបល់ដ៏សំខាន់ៗមានអត្ថន័យប្លែកៗពីគ្នាតាមមនោគមវិជ្ជា ប្លែកពីគ្នាដែរ។ មិនតែប៉ុណ្ណោះ មនុស្សយកចិត្តទុកដាក់ខិតខំចាត់ចែងរចនាសម្ពន្ធឲ្យកាន់តែប្រសើរឡើងៗ ក៏ប៉ុន្តែ ការខិតខំចាត់ចែងរចនាសម្ពន្ធនេះ គ្មានការចម្រើនខាងផ្លូវវិញ្ញាណទេ។
ង. ដូច្នេះ មនុស្សជាច្រើននៅសម័យឥឡូវភ្ញាក់ផ្អើលដោយសារសភាពការណ៍ដ៏ស្មុគស្មាញនេះ គេពិបាកពិចារណាថា អ្វីៗជាតម្លៃថ្លៃថ្នូរដ៏អចិន្រៃ្តយ៍ អាចទៅជាគោលណែនាំជីវិតមនុស្សលោក។ ទន្ទឹមនឹងនេះ គេមិនដឹងធ្វើយ៉ាងណា ដើម្បីឲ្យតម្លៃដ៏ថ្លៃថ្នូរទាំងនេះបានសមស្របនឹងអ្វីៗដែលគេនិងបង្កើតថ្មីៗទេ។គេព្រួយបារម្ភទាំងមានចិត្តសង្ឃឹម ទាំងតប់ប្រមល់ មិនដឹងថា ត្រូវយល់យ៉ាងណាអំពីការវិវឌ្ឍន៍នៃពិភពលោកសព្វថ្ងៃ ។ ការវិវឌ្ឍន៍នៃពិភពលោកសព្វថ្ងៃ ដូចជាប្រកួតប្រជែងជាមួយតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ឬបើនិយាយតាមរបៀបផ្សេងទៀត ការវិវឌ្ឍន៍នោះ គឺបង្ខំមនុស្សឲ្យរកចម្លើយដោះស្រាយបញ្ហានៃការវិវឌ្ឍន៍វិញ។
៥- ការផ្លាស់ប្តូរយ៉ាងខ្លាំង
ក. សព្វថ្ងៃ មនុស្សមានចិត្តគំនិតរំជើបរំជួលនឹងសភាពការណ៍ជីវភាព ភ្ជាប់នឹងការផ្លាស់ប្តូរជាទូទៅក្នុងសង្គមដែរ។ តាមការផ្លាស់ប្តូររួមនេះ វិទ្យាសាស្ត្រ គណិតវិទ្យា ជីវវិទ្យា និងមនុស្សសាស្រ្ត មានប្រៀបលើវិជ្ជាឯទៀតៗទាំងអស់ ក្នុងការអប់រំចិត្តគំនិតយុវជន។ បច្ចេកទេសដែលកើតចេញពីវiជ្ជាទាំងប៉ុន្មាននោះ ក៏មានប្រៀបលើការរស់នៅដែរ។ ចិត្តគំនិតអប់រំតាមវិទ្យាសាស្រ្តបែបនេះ បានធ្វើឲ្យវប្បធម៌និងរបៀបរិះគិតប្លែកពីវប្បធម៌ និងរបៀបរិះគិតកាលពីមុន។ ការអភិវឌ្ឍន៍នៃបច្ចេកទេសបានប្រែទ្រង់ទ្រាយនៃផែនដីរួចទៅហើយ រហូតដល់មនុស្សចង់ទៅដណ្តើមយកអាកាសវេហាស៍ទៀតផង ហើយគេក៏ទៅដល់ស្ថានព្រះច័ន្ទរួចហើយដែរ។
ខ. មនុស្សហាក់ដូចជា លាតអំណាចនៃប្រាជ្ញារបស់ខ្លួន រហូតដល់ធ្វើជាម្ចាស់លើពេលវេលាគឺមនុស្សបច្ចុប្បន្នមានចំណេះស្គាល់ព្រឹត្តការណ៍ដែលកើតពីអតីតកាលដោយសារប្រវត្តិសាស្រ្តគេក៏មានគម្រោងការ និងសេចក្តីព្រាងសម្រាប់ពេលអនាគតដែរ។ ការអភិវឌ្ឍន៍ជីវវិទ្យា ចិត្តវិទ្យា និងសង្គមវិទ្យា មិនគ្រាន់តែផ្តល់ឱកាសឲ្យមនុស្សស្គាល់ខ្លួនកាន់តែច្បាស់ឡើងៗប៉ុណ្ណោះទេ តែផ្តល់មធ្យោបាយឲ្យមនុស្សអាចមានឥទ្ធិពលទៅលើជីវិតរបស់មនុស្សក្នុងសង្គមនានាថែមទៀត ដោយយកបចេ្ចកទេសស្របតាមសង្គមនោះមកប្រើ។ នៅពេលជាមួយគ្នានេះ មនុស្សជាតិខិតខំគ្រោងទុកអំពីចំនួនមនុស្សក្នុងប្រទេសនីមួយៗ ព្រមទាំងត្រួតត្រាចំនួនទាំងនោះផងដែរ។
គ. ចលនានៃប្រវត្តិសាស្រ្តកាន់តែលឿនទៅៗ បណ្តាលឲ្យម្នាក់ៗពិបាកនឹងតាមទាន់។ វាសនាសហគមន៍មនុស្សទាំងមូលត្រឡប់ទៅជាវាសនារួមតែមួយ មិនបែកពីគ្នាដូចសម័យមុនៗ ពោលគឺ មិនដូចកាលដែលប្រទេសនីមួយៗមានប្រវត្តិសាស្រ្តដាច់ៗពីគ្នា។ សរុបសេចក្តីមក ពិភពលោកឆ្លងពីសភាពការណ៍នឹងន ទៅជាសភាពការណ៍ដែលមានចលនានិងវិវឌ្ឍន៍ឡើង។ ហេតុនេះហើយ បានជាកើតរបៀបរិះគិតថ្មីអំពីបញ្ហាដ៏ធំទូលំទូលាយបណ្តោយឲ្យអ្នកប្រាជ្ញត្រូវធ្វើវិភាគនិងសំយោគថ្មី។
៦- ការប្រែប្រួលខាងសង្គម
ក. ដោយសភាពការណ៍មនុស្សលោកប្រែប្រួលដូច្នេះ សហគមន៍នានាដែលកាន់តាមប្រពៃណីពីបុរាណ គឺបក្ខសម្ពន្ធ កុលសម្ពន្ធដែលមានចាស់ព្រឹទ្ធាចារ្យត្រួតត្រា សហគមន៍ភូមិ និងក្រុមឯទៀតៗ ព្រមទាំងទំនាក់ទំនងក្នុងសង្គម ក៏ប្រែប្រួលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃដែរ។
ខ. សង្គមបែបឧស្សាហកម្ម ក៏លាតសន្ធឹងក្នុងពិភពលោកបន្តិចម្តងៗ បណ្តាលឲ្យប្រទេសខ្លះមានសេដ្ឋកិច្ចជឿនលឿនមានធនធានច្រើនហូរហៀរ ប្រែទស្សនៈនិងរបៀបរស់នៅក្នុងសង្គមទាំងស្រុង ឲ្យបានប្លែកពីទស្សនៈនិងរបៀបរស់នៅដែលគេមានតាំងពីយូរសតវត្សមក។ តាមរបៀបដដែលនេះ វប្បធម៌នៃការរស់នៅក្នុងទីក្រុង កាន់តែមានឥទ្ធិពលទាក់ទាញចិត្តអ្នកស្រែចម្ការ គឺបណ្តាលឲ្យកើតមានទីក្រុងថ្មីៗជាច្រើន ដែលមានមនុស្សកាន់តែច្រើនរស់នៅ ព្រមទាំងបណ្តាលឲ្យរបៀបរស់នៅបែបអ្នកក្រុង ភាយចូលទៅក្នុងស្រុកស្រែចម្ការទៀតផង។
គ. មានមធ្យោយបាយទូរគមនាគមន៍ថ្មីៗក្នុងសង្គមកាន់តែល្អប្រសើរឡើង ជួយឲ្យប្រជាជននៅគ្រប់កន្លែងដឹងយ៉ាងឆាប់រហ័សបំផុត នូវព្រឹត្តិការណ៍ដែលកើតឡើងក្នុងពិភពលោកទាំងមូល។ មធ្យោយបាយទាំងនោះក៏ជួយផ្សព្វផ្សាយគំនិត និងមនោសញ្ចេតនាផ្សេងៗ បណ្តាលឲ្យកើតប្រតិកម្មតៗគ្នាជាច្រើន។
ង. ត្រូវចាប់អារម្មណ៍ទៀតថា ដោយមូលហេតុផ្សេងៗ មានមនុស្សជាច្រើនត្រូវចាកចេញពីភូមិស្រុករបស់ខ្លួនទៅរស់នៅ ជាអន្តោប្រវេសន៍ក្នុងប្រទេសផ្សេងទៀត ហើយក៏ផ្លាស់ប្តូររបៀបរស់នៅដែរ។
ច. និយាយរួមទៅ មនុស្សមានទំនាក់ទំនងជាមួយនឹងមនុស្សដូចគ្នា កាន់តែច្រើនឡើងៗ រីឯចលនានាំឲ្យមនុស្សរស់នៅជាមួយគ្នាកាន់តែច្រើនឡើង (ហៅថា"សង្គមនីយកម្ម”) បង្កើតចំណងទំនាក់ទំនងថ្មីៗជាច្រើន ប៉ុន្តែ ជួនកាលមិនជួយអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗឲ្យបានពេញលេញឡើយ គឺមិនជួយបង្កើតទំនាក់ទំនង ដែលពិតជាទំនាក់ទំនងរវាងនុស្សនិងមនុស្ស ពោលគឺឲ្យមាន "បុគ្គលិកូបនីយកម្ម” (កិច្ចនាំឲ្យមនុស្សម្នាក់ៗទៅជាបុគ្គលដ៏ពេញលក្ខណៈដោយមានទំនាក់ទំនងជាមួយអ្នកដទៃ)។
ឆ. តាមពិត ការវិវឌ្ឍន៍សង្គមបែបនេះ កើតឡើងជាពិសេសក្នុងប្រជាជាតិដែលបានទទួលផលពីការជឿនលឿនខាងសេដ្ឋកិច្ចនិងខាងបច្ចេកទេសរួចហើយ។ ប៉ុន្តែ ការការវិវឌ្ឍន៍សង្គមបែបនេះក៏ចាប់ផ្តើមកើតឡើងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែរ គឺប្រជាជនប្រទេសទាំងនោះចង់ទទួលចំណែកផលនៃឧស្សាហូបនីយកម្ម (ការផ្លាស់កសិកម្មវទៅជា ឧស្សាហកម្ម) និងនៃនគរូបនីយកម្ម (អ្នកជនបទផ្លាស់ទីមករស់នៅទីក្រុង)។ ប៉ុន្តែ ប្រជាជនទាំងនោះ ជាពិសេសទោះជាប្រជាជនដែលផ្ចង់ចិត្តនឹងប្រពៃណីបូរាណជាងគេ ក៏មានបំណងចង់ប្រើសេរីភាពរបស់គេ តាមបែបមនុស្សពេញវ័យ និងតាមរបៀបជាបុគ្គលផ្ទាល់ខ្លួន។
៧- ការផ្លាស់ប្តូរខាងចិត្តសាស្រ្ត ខាងសីលធម៌ និងខាងសាសនា
ក. ការផ្លាស់ប្តូរចិត្តគំនិតនិងការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងសង្គម បណ្តាលឲ្យមនុស្ស ជាពិសេសយុវជន រិះគន់និងមានចិត្តសង្ស័យអំពីតម្លៃនៃប្រពៃណីដែលគេបានទទួលពីដូនតាមក ហើយមិនសុខចិត្តរស់នៅតាមសភាពការណ៍ពីមុនទៀតឡើយ។ លើសពីនេះទៅទៀត ដោយគេព្រួយបារម្ភ គេនាំគ្នាបះបោរប្រឆាំងនឹងសង្គម។នៅពេលជាមួយគ្នានេះ គេយល់ច្បាស់អំពីសារៈសំខាន់របស់ខ្លួនក្នុងសង្គម ហើយចង់ធ្វើម្ចាស់ការលើសង្គមនោះ ដោយមិនបង្អង់ឡើយ។ ហេតុនេះហើយបានជាទាំងឪពុកម្តាយ ទាំងអ្នកអប់រំ តែងតែជួបប្រទះការពិបាកកាន់តែខ្លាំងឡើងៗ ក្នុងការបំពេញមុខងារអប់រំ គេ។
ខ. ជួនកាល ក្របខ៍័ណ្ឌនៃការរស់នៅច្បាប់ របៀបរិះគិតពិចារណា និងរបៀបយល់ឃើញ ដែលហូរមកពីអតីតកាល ដូចជាមិនសូវស្របនឹងសភាពការណ៍នាបច្ចុប្បន្នកាល។ ហេតុនេះមនុស្សជ្រួលច្របល់ក្នុងចិត្ត មិនដឹងថា ខ្លួនត្រូវមានកិរិយាមារយាទយ៉ាងណានោះទេ សូម្បីតែអំពីសីលធម៌និងវិន័យណែនាំ។
គ. របៀបរស់នៅបែបថ្មីៗទាំងនោះ ក៏មានឥទ្ធិពលលើរបៀបអនុវត្តតាមសាសនាដែរ។ ម្យ៉ាង ដោយមនុស្សជាប់ក្នុងការរិះគិតពិចារណាកាន់តែជ្រៅទៅៗ គេលែងគិតគូរអំពីពិភពលោកតាមរបៀបមន្តអាគម និងតាមអបិ្បយជំនឿទៀតដែរ តែគេត្រូវភ្ជាប់ចិត្តនឹងលទ្ធិនៃជំនឿដោយខ្លួនឯងផ្ទាល់យ៉ាងសកម្ម។ ដូច្នេះមានមនុស្សកាន់តែច្រើនមានទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់ទុកជាព្រះដែលមានព្រះជន្មគង់នៅ។ ម្យ៉ាងទៀត មានមនុស្សកាន់តែច្រើនឡើងៗលែងចូលរួមពិធីគោរពណ្រណិប័តន៍តាមសាសនា។ កាលពីមុន មានតែមនុស្សមួយចំនួនតូច ដែលបដិសេធមិនព្រមទទួលព្រះជាម្ចាស់បោះបង់ចោលសាសនា ឬមិនរវីរវល់នឹងសាសនា។ ប៉ុន្តែអ្នកទាំងនោះត្រូវចោទថា ប្លែកពីគេ។ ផ្ទុយទៅវិញសព្វថ្ងៃ មនុស្សទូទៅចូលចិត្តនិយាយថា អ្នកប្រព្រឹត្តដូច្នេះ ពិតជាប្រព្រឹត្តស្របតាមការអភិវឌ្ឍន៍នែវិទ្យាសាស្រ្ត ឬតាមលទ្ធិមនុស្សនិយមរបៀបថ្មី។ កាលពីមុនមានតែទស្សនវិទូប៉ុណ្ណោះទេ ដែលមិនរវីរវល់នឹងសាសនា។ តែសព្វថ្ងៃ ក្នុងតំបន់ជាច្រើន អ្នកនិពន្ធអក្សរសាស្រ្ត អ្នកសិល្បៈ អ្នកបកស្រាយតាមមនុស្សសាស្រ្ត និងអ្នកបកស្រាយប្រវត្តិសាស្រ្ត សូម្បីតែអ្នកកាន់ច្បាប់រដ្ឋ ក៏មិនអើពើហើយបដិសេធព្រះជាម្ចាស់ដែរ។ ហេតុនេះហើយបានជាមនុស្សជាច្រើនវិលវល់ក្នុងចិត្តនិងជ្រួលច្របល់ជាខ្លាំង។
៨-ការបង្ខូចតុល្យភាព និងសតិមនុស្សក្នុងពិភពលោកទំនើប
ក. ការវិវឌ្ឍន៍យ៉ាងលឿនបែបនេះ ជួនកាលកើតឡើងដោយគ្មានរបៀបរៀបរយ ជាពិសេសការភ្ញាក់ស្មារតីកាន់តែច្បាស់ថា មនុស្សលោកបែកខ្ញែកគ្នា បណ្តាលឲ្យកើតទំនាស់ និងបង្ខូចតុល្យភាពក្នុងសង្គមព្រមទាំងបង្ខូចសតិមនុស្ស កាន់តែធ្ងន់ទៅៗ។
ខ. ចំពោះបុគ្គលម្នាក់ៗ ជួនកាល ខូចសតិដោយសារប្រាជ្ញាខាងបចេ្ចកទេសទំនើបរបស់ខ្លួន មិនសីុចង្វាក់និងទស្សនៈអរូបីអំពីជំនឿដែលគេបានទទួលពីមុនមក ហើយគេគ្មានសមត្ថភាពធ្វើសំយោគនូវចំណេះដឹងទាំងប៉ុន្មានរបស់ខ្លួនឲ្យបានសមរម្យ។ គេក៏ខូចសតិ ដោយមតិទំនើបៗដែលខ្វល់ខ្វាយចង់តែធ្វើការឲ្យសម្រេចបានជាលទ្ធផល តែមិនរវីរវល់នឹងមនសិការ ដែលបញ្ជាឲ្យប្រព្រឹត្តតាមសីលធម៌។ សភាពការណ៍ក្នុងការរស់នៅរួម មិនសីុចង្វាក់នឹងការរិះគិតដោយម្នាក់ឯង នេះក៏បណ្តាលឲ្យខូចសតិដែរ។ មនុស្សធ្វើការតែមួយមុខតាមឯកទេសរបស់ខ្លួន តែគ្មានទស្សនៈរួមទូទៅ នេះក៏បណ្តាលឲ្យខូចសតិដែរ។
គ. ក្នុងរង្វង់គ្រួសារមានទាស់ទែងគ្នា មិនចុះសម្រុងគ្នា បណ្តាលមកពីមានមនុស្សច្រើនពេក ពីសភាពការណ៍សេដ្ឋកិច្ច ពីសភាពការណ៍ក្នុងសង្គម ពីទំនាស់តណនិងតណ ឬមកពីទំនាក់ទំនងថ្មីក្នុងសង្គមរវាងបុរស និងស្រ្តី។
ង. ដោយជាតិសាសន៍បែកខ្ញែកទាស់ទែងគ្នា វណ្ណៈឋានៈ ប្រទេសមានធនធានស្តុកស្តម្ភនិងប្រទេសមានធនធានតិចជាង ទាស់ទែងគ្នា បណ្តាលឲ្យខូចដល់តុល្យភាពក្នុងសង្គមនិងក្នុងពិភពលោក។ ស្ថាប័នអន្តរជាតិកើតឡើងដោយប្រជាជាតិនានា ក្នុងគោលបំណងចង់ស្វែងរកសន្តិភាព ប៉ុន្តែដោយមានការឃោសនាមនោគមវិជ្ជាផ្សេងៗ មានប្រជាជាតិនិងក្រុមឯទៀតៗដែលគិតតែពីប្រយោជន៍របស់ខ្លួន គឺបណ្តាលឲ្យទាស់ទែងគ្នា។
ច. ដោយមនុស្សមិនទុកចិត្តគ្នានិងស្អប់គ្នាទៅវិញទៅមក បណ្ដាលឲ្យកើតជម្លោះ និងមហន្តរាយ គឺមនុស្សផ្ទាល់ជាមូល ហេតុនៃការបង្កើតជម្លោះ និងមហន្តរាយទាំងនោះ ហើយក៏ជាអ្នករងគ្រោះដែរ។
៩- មនុស្សជាតិមានសេចក្តីប៉ងប្រាថ្នាកាន់តែសកល
ក. ក្នុងពេលជាមួយគ្នានេះ មានមនុស្សកាន់តែច្រើនយល់ឃើញថា មនុស្សជាតិអាច (និងត្រូវ)ពង្រឹងម្ចាស់ការលើបរិស្ថាននិងលើសត្វលោកទាំងឡាយ។ មនុស្សក៏អាច (ហើយត្រូវ) ចាត់ចែងរបៀបរៀបរយក្នុងកិច្ចការនយោបាយក្នុងសង្គម និងក្នុងសេដ្ឋកិច្ច ឲ្យមានសណ្តាប់ធ្នាប់ដែរ ក្នុងបុព្វហេតុបម្រើមនុស្សកាន់តែខ្លាំងឡើងៗ និងផ្តល់ឲ្យមនុស្សម្នាក់ៗ និងឲ្យក្រុមនីមួយៗ អាចប្រកាសបញ្ជាក់និងពង្រឹងតម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន។
ខ. ដោយមូលហេតុនេះ មនុស្សជាច្រើនភ្ញាក់ស្មារតីកាន់តែច្បាស់ថា មានអយុត្តិធម៌ក្នុងពិភពលោក គ្មានចែកធនធានរួមឲ្យបានស្មើ ហើយយល់ឃើញថាគេរងអយុត្តិធម៌ នាំគ្នាតវ៉ាទាមទារតម្លៃដ៏ថ្លៃថ្នូររបស់ខ្លួនយ៉ាងឃោរឃៅ។ ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឃន៍ មានប្រទេសដែលទើបបានទទួលឯករាជ្យជាដើម ចង់ទទួលចំណែកផលនៃអរិយធម៌ទំនើបក្នុងវិស័យ សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងចង់មានតួនាទីក្នុងឆាកអន្តរជាតិផង។ ក៏ប៉ុន្តែប្រជាជាតិទាំងនោះ និងប្រជាជាតិដែលមានធនធានស្តុកស្តម្ភ ហើយអភិវឌ្ឍន៍លឿនជាង កាន់តែមានគម្លាតឆ្ងាយពីគ្នា។ នៅពេលជាមួយគ្នានេះ ជាញឹកញយណាស់ ប្រជាជាតិទាំងនោះស្ថិតនៅក្រោមចំណុះប្រជាជាតិដែលស្តុកស្តម្ភកាន់តែខ្លាំងឡើង សូម្បីតែក្នុងវិស័យសេដ្ឋកិច្ច។ ប្រជាជនដែលស្រេកឃ្លានតែងចោទប្រកាន់ប្រជាជាតិដែលមានសម្បូណ៌ហូរហៀរ។ នៅប្រទេស ណាដែលស្រ្តីមិនទាន់មានសិទ្ធិស្មើនឹងបុរស ស្រ្តីក៏នាំគ្នាទាមទារសិទ្ធិនោះ និងសូមឲ្យរដ្ឋអនុវត្តតាមទៀតផង។ ប្រជាពលករ គឺកម្មករនិងកសិករ មិនគ្រាន់តែចង់បានប្រាក់បៀវត្ស៍សម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែមានបំណងចង់ពង្រឹងកិត្តិយសនៃបុគ្គលិកលក្ខណៈរបស់ខ្លួន ដោយសារកិច្ចការរបស់គេ។ ប្រសើរជាងនេះទៅទៀត គេក៏ចង់ចូលរួមក្នុងការចាត់ចែងជីវិតសេដ្ឋកិច្ច ជីវិតក្នុងសង្គម ជីវិតនយោបាយ និងវប្បធម៌ផងដែរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលមនុស្សជាតិទាំងមូលហ៊ានគិតថា ប្រជាជាតិទាំងអស់អាច(នឹងត្រូវ)ទទួលផលផ្លែពីអរិយធម៌យ៉ាងពិតប្រាកដ។
គ. ប៉ុន្តែ មនុស្សមានសេចក្តីប៉ងប្រាថ្នាជ្រៅជាង និងសកលជាងសេចក្តីប៉ងប្រាថ្នាទាំងនោះទៅទៀត គឺមនុស្ស និងក្រុមនានាស្រេកឃ្លានចង់បានជីវិតយ៉ាងពេញលេញប្រកបដោយសេរីភាព ចង់រស់នៅយ៉ាងថ្លៃថ្នូរសមនឹងឋានៈខ្លួនជាមនុស្ស អាចប្រើប្រាស់លទ្ធភាពដ៏ទូលំទូលាយទាំងប៉ុន្មាននៃពិភពលោកនាបច្ចុប្បន្នមកបម្រើខ្លួនដែរ។ ចំពោះប្រជាជាតិនានា គេនៅតែខិតខំដោយក្លាហាន ដើម្បីឲ្យរួបរួមគ្នាជាសហគមន៍សកលម្យ៉ាង។
ង. ដូច្នេះ យើងអាចសង្កេតឃើញថា ពិភពលោកទំនើបមានអំណាចខ្លាំងផង និងទន់ខ្សោយផង អាចប្រព្រឹត្តអ្វីដ៏ល្អប្រសើរជាងគេបំផុតផង និងអ្វីដ៏អាក្រក់ជាងគេបំផុតផង ហាក់ដូចជាមានផ្លូវពីរនៅពីមុខ គឺផ្លូវទៅកាន់សេរីភាពផង និងផ្លូវទៅកាន់ភាពជាទាសករផង អាចអភិវឌ្ឍន៍បាន ឬថយក្រោយវិញបានដែរ ទៅកាន់ភាតរភាព ឬទៅកាន់ការស្អប់គ្នា។ ម្យ៉ាងទៀត មនុស្សបានធ្វើឲ្យថាមពលចាប់ផ្តើមមានចលនាផ្សេងៗ។ តែមនុស្សភ្ញាក់ស្មារតីថាឥឡូវខ្លួនអាចតម្រង់ថាមពលទាំងនោះទៅទិសល្អ ស្រេចតែចិត្ត គឺបណ្តោយឲ្យថាមពលទាំងនោះកម្ទេចខ្លួន ឬបម្រើខ្លួនក៏បានដែរ។ ហេតុនេះហើយបានជាមនុស្សចោទសួរខ្លួនឯង។
១០- មនុស្សជាតិចោទសួរយ៉ាងជ្រៅ
ក. តាមពិត ការបង្ខូចតុល្យភាពក្នុងពិភពលោកសព្វថ្ងៃ ជាប់នឹងការបង្ខូចតុល្យភាពជាគ្រឹះដែលមានប្ញសក្នុងចិត្តមនុស្សតែម្តង។ ក្នុងចិត្តមនុស្ស មានកត្តាជាច្រើនប្រទាញប្រទង់គ្នា។ ណាមួយ ក្នុងឋានៈខ្លួនជាសត្វលោក មនុស្សមានព្រំដែនជាច្រើន។ ណាមួយទៀត ខ្លួនប៉ងប្រាថ្នាចង់បានជីវិតដ៏ប្រសើរបំផុត ដែលពិតជាទិសដៅរបស់ខ្លួន។ មានបំណងជាច្រើនទាក់ទាញចិត្ត ហើយខ្លួនត្រូវជ្រើសរើសជានិច្ចថា ធ្វើតាមបំណងទាំងនេះក៏បាន ឬលះបង់ក៏បានដែរ។ អាក្រក់ជាងនេះទៅទៀត ដោយខ្លួនទន់ខ្សោយនិងជាអ្នកបាប ជាញឹកញាប់មនុស្សចេះតែប្រព្រឹត្តអំពើអាក្រក់ដែលខ្លួនមិនចង់ធ្វើ តែមិនប្រព្រឹត្តអំពើល្អដែលខ្លូន ចង់ធ្វើនោះទេ (រម ៧, ១៤.២១)។ សរុបសេចក្តីមក មនុស្សបាក់បែកគ្នាឯងពីខាងក្នុងចិត្ត ជាមូលហេតុបង្កបង្កើតទំនាស់ទាស់ទែងគ្នាជាច្រើននិងយ៉ាងធ្ងន់ធ្ងរ។ តាមពិត មានមនុស្សជាច្រើនបែរចិត្តឆ្ងាយ មិនយល់ឃើញសភាពការណ៍ដ៏សែនពិបាកនេះយ៉ាងជាក់ច្បាស់ទេ ព្រោះគេរស់នៅតាមលទ្ធិសម្ភារៈនិយម ដែលជ្រួតជ្រាបក្នុងការរស់នៅរបស់គេស្រាប់។ មានមនុស្សមួយចំនួនទៀត រងគ្រោះដោយភាពក្រីក្រតោកយ៉ាក មិនអាចចាប់អារម្មណ៍នឹងសេចក្តីនេះបាន។ មានចំនួនមនុស្សរឹតតែច្រើនទៅទៀតស្មានថា បានសេចក្តីសុខសាន្ត ដោយទទួលសេចក្តីអត្ថាធិប្បាយផ្សេងៗអំពីពិភពលោក តាមតែសង្គមផ្តល់ឲ្យ។ មានក្រុមខ្លះសង្ឃឺមថា មនុស្សជាតិអាចមានសេរីភាពដ៏ពិតប្រាកដនិងយ៉ាងពេញលេញ ដោយសារតែខ្លួនខិតខំប្រឹងប្រែងប៉ុណ្ណោះ។ គេបញ្ចុះបញ្ចូលខ្លួនឯងថា រាជ្យរបស់មនុស្សនៅលើផែដី នឹងអាចបំពេញសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានដែលខ្លួនចង់បាននោះ។ មានក្រុមអ្នកខ្លះទៀតអស់សង្ឃឹម ដោយយល់ឃើញថាជីវិតគ្មានន័យសោះ។ គេនាំគ្នាលើកតម្កើងអ្នកក្លាហានមោះមុត ដែលផ្តល់អត្ថន័យទាំងស្រុងដល់ជីវិត តាមខ្លួនយល់ឃើញវិញ។ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សកាន់តែច្រើនឡើងៗនៅពេលឃើញការវិវឌ្ឍន៍នៃពិភពលោកសព្វថ្ងៃ នាំគ្នាចោទសួរសំណួរជាគ្រឹះ ឬនឹកគិតអំពីសំណួរទាំងនោះតាមរបៀបមោះមុតជាថ្មីថា តើអ្វីទៅមនុស្ស? តើទុក្ខវេទនា សេចក្តីអាក្រក់ មរណភាព មានអត្ថន័យយ៉ាងណា? ទោះបីមានការអភិវឌ្ឃន៍ច្រើនយ៉ាងណាក្តី ក៏ទុក្ខវេទនា សេចក្តីអាក្រក់ មរណភាព ស្ថិតនៅរហូតដែរ។ តើជ័យជម្នះទាំងប៉ុន្មានក្នុងវិស័យជាច្រើនបានប្រយោជន៍អ្វី បើត្រូវបង់ខាតថ្លៃច្រើនយ៉ាងនេះ? តើមនុស្សអាចយកអ្វីមកជួយសង្គមបាន? តើមនុស្សអាចរង់ចាំទទួលអ្វីពីសង្គម? ផុតពីជីវិតនេះ តើនឹងទៅជាយ៉ាងណាដែរ?
ខ. ចំពោះព្រះសហគមន៍វិញ ព្រះសហគមន៍ជឿថា ព្រះគ្រីស្តដែលសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿងដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់ (២ករ ៥,១៥) ព្រះអង្គប្រទានពន្លឺនិងកម្លាំងឲ្យមនុស្ស ដោយសារព្រះវិញ្ញាណព្រះអង្គ ដើម្បីឲ្យមនុស្សអាចតបឆ្លើយស្របតាមទិសដៅដ៏ខ្ពង់ខ្ពស់របស់ខ្លួន គឺតាមព្រះជាម្ចាស់ត្រាស់ហៅ។ ព្រះសហគមន៍ជឿថា នៅក្រោមមេឃនេះក្រៅពីព្រះគ្រីស្តយេស៊ូ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្សដើម្បីសង្គ្រោះយើងនោះឡើយ (កក ៤, ១២)។ ព្រះសហគមន៍ក៏ជឿថា អត្ថន័យដ៏សំខាន់ និងទិសដៅនៃប្រវត្តិសាស្រ្តទាំងមូលរបស់មនុស្ស ស្ថិតនៅក្នុងអង្គព្រះអម្ចាស់ និងព្រះបរមគ្រូរបស់ខ្លួន។ ព្រះសហគមន៍បញ្ជាក់ទៀតថា ទោះបីមានការផ្លាស់ប្តូរជា ច្រើនយ៉ាងណាក្តី ក៏មានសេចក្តីខ្លះនៅស្ថិតស្ថេរនៅឡើយ គឺអ្វីៗដែលមានគ្រឹះនៅក្នុងអង្គព្រះគ្រីស្ត គឺព្រះអង្គមិនប្រែប្រួលឡើយពីដើម នៅពេលសព្វថ្ងៃ និងនៅរហូតដល់អស់កល្បជានិច្ចព្រះអង្គនៅតែដដែល (ហប ១៣, ៨)។ ហេតុនេះហើយបានជាមហាសន្និបាត ក្រោមពន្លឺរបស់ព្រះគ្រីស្តជារូបតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញជារៀមច្បងនៃសត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក (កូឡ១,១៥) មានបំណងនិយាយសន្ទនាជាមួយ មនុស្សទាំងអស់ ដើម្បីបំភ្លឺការអាថ៌កំបាំងរបស់មនុស្ស និងជួយមនុស្សជាតិឲ្យរកដំណោះស្រាយចំពោះបញ្ហាដ៏សំខាន់ៗនាបច្ចុប្បន្ននេះ។
១. មនុស្សក្នុងឋានៈជាបុគ្គល
ដើម្បីយល់អំពីព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ បិតាព្រះសហគមន៍បានបង្កើតពាក្យ “អង្គ” ឬ “បុគ្គល”។ ពាក្យនេះ សម្ដៅទៅលើលក្ខណៈពិសេសរបស់អង្គនិមួយៗ និងទំនាក់ទំនង ដែលអង្គនិមួយៗមានជាមួយអង្គឯទៀតៗ។ ក្រោយមក ទស្សនវិទូតបានយក់ពាក្យនេះឡើងវិញ សម្ដៅទៅលើមនុស្សម្នាក់ៗ។ មនុស្សទៅជាបុគ្គល ដែលមានលក្ខណៈពិសេសប្លែកពីអ្នកដទៃ។ មនុស្សមានប្រាជ្ញា អាចទទួលសេចក្ដីពិត គាត់មានមនសិការ ហើយមានសេរីភាព។ អ្វីៗទាំងអស់នោះ បង្ហាញថា មនុស្សជារូបតំណងរបស់ព្រះជាម្ចាស់ ហើយមានលក្ខណៈដូចព្រះអង្គដែរ។
តាម “អំណរ និងក្តីសង្ឃឹម”៖
១២- មនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់
ក. អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ និងអ្នកដែលមិនផ្ញើជីវិតលើព្រះអង្គជាច្រើន មានយោបល់ស្របគ្នាអំពីចំណុចនេះថា អ្វីៗទាំងអស់នៅលើផែនដីទាំងមូល មានទិសដៅនិងអត្ថន័យដោយសារមនុស្ស ដែលជាស្នូលនិងជាកំពូលនៃពិភពលោក។
ខ. ក៏ប៉ុន្តែ អ្វីទៅមនុស្ស? មនុស្សយើងបានផ្តល់យោបល់ផ្សេងៗជាច្រើនអំពីខ្លួនផ្ទាល់ ជួនកាលជាចម្លើយផ្ទុយគ្នា គឺថា ជួនកាលមនុស្សលើកតម្កើងខ្លួនឯង ទុកជាក្បួនវិន័យដាច់ខាតលើអ្វីៗទាំងអស់ ជួនកាល មនុស្សបន្ទាបខ្លួនរហូតដល់អស់សង្ឃឹម។ ហេតុនេះហើយបានជាមនុស្សនៅតែមានចិត្តសង្ស័យ និងតប់ប្រមល់។ ព្រះសហគមន៍ក៏ចាប់អារម្មណ៍យ៉ាង ខ្លាំងនឹងការពិបាកទាំងនោះ។ ព្រះសហគមន៍មានសមត្ថភាពអាចតបចម្លើយបានទៅសំណួរទាំងនោះ ព្រោះព្រះជាម្ចាស់បានបង្រៀនព្រះសហគមន៍ ដោយសម្តែងសេចក្តីពិតអំពីព្រះអង្គឲ្យស្គាល់តាមព្រះគម្ពីរ។ តាមព្រះគម្ពីរមានចែងអំពីលក្ខណៈដ៏ពិតប្រាកដរបស់មនុស្ស គឺមានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សទន់ខ្សោយមែនហើយ តែនៅពេលជាមួយ គ្នានេះ ត្រូវទទួលស្គាល់យ៉ាងត្រឹមត្រូវ នូវតម្លៃដ៏ថ្លៃថ្នូរ និងគោលដៅនៃជីវិតរបស់គេ តាមព្រះជាម្ចាស់កំណត់ទុក។
គ. ក្នុងព្រះគម្ពីរមានចែងថា ព្រះជាម្ចាស់ប្រតិស្ឋានមនុស្ស “ឲ្យមានលក្ខណៈដូចព្រះអង្គ” អាចស្គាល់ និងស្រឡាញ់ព្រះអាទិកររបស់ខ្លួន ព្រះអង្គតែងតាំងមនុស្សទុកជាម្ចាស់នៃសត្វលោកទាំងអស់នៅលើផែនដី (កណ ១,២៦ ប្រាញ ២, ២៣) ដើម្បីឲ្យមានអំណាចលើសត្វលោកទាំងនោះ និងប្រើប្រាស់សត្វលោក ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ (បស ១៧, ៣.១០)។ “តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ? ព្រះអង្គបានប្រោសឲ្យគេមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និង កិត្តិយសដល់គេទុកជាមកុដរាជ្យព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានប្រតិស្ឋានមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ” (ទន ៨, ៥.៧)។
ង. ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រតិស្ឋានមនុស្សឲ្យនៅតែម្នាក់ឯងទេ តែតាំងពីដើមរៀងមក “ព្រះអង្គប្រតិស្ឋានមនុស្សជាបុរសជាស្រ្តី” (កណ ១, ២៧)។ សង្គមដែលមានបុរសនិងស្ត្រីនេះ ជារបៀបដើមដំបូង ដើម្បីបញ្ជាក់ថា បុគ្គលទាំងអស់ត្រូវតែរួបរួមគ្នា។ តាមលក្ខណៈដ៏ជ្រៅបំផុតរបស់ខ្លួន មនុស្សជាបុគ្គលមួយ ដែលរស់នៅក្នុងសង្គម។ ប្រសិនបើមនុស្សគ្មានទំនាក់ទំនងជាមួយអ្នកដទៃ គេមិនអាចរស់នៅបានទេ ហើយគេក៏មិនអាចធ្វើឲ្យទេពកោសល្យរបស់ខ្លួនចម្រើនឡើងបានដែរ។
ច. ហេតុនេះហើយ ក្នុងព្រះគម្ពីរមានចែងទៀតថា “ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គ ប្រតិស្ឋានមកនោះ ទ្រង់ឈ្វេងយល់ថាល្អប្រសើរបំផុតហើយ”។ (កណ ១, ៣១)។
១៣- អំពើបាប
ក. ព្រះជាម្ចាស់តែងតាំងមនុស្សមានសភាពសុចរិត។ ប៉ុន្តែ មារដ៏មានកលល្បិចជាងគេបញ្ឆោតមនុស្សបណ្តាលឲ្យគាត់ ប្រើសេរីភាពរបស់ខ្លួនហួសហេតុ លើកខ្លួនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងមានបំណងចង់បានសេចក្តីសុខដោយមិន ត្រូវការព្រះអង្គសោះ។ ទោះបីមនុស្សលោកស្គាល់ព្រះជាម្ចាស់ក្តី ក៏ “គេពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឲ្យ សមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ (…) ផ្ទុយទៅវិញចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។គេនាំគ្នាថ្វាយ បង្គំនិងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់ប្រតិស្ឋានមកជំនួសការគោរពបម្រើព្រះដែលបានប្រតិស្ឋានសត្វលោកទាំងនោះវិញ”(រម ១,២១.២៥)។ ព្រះជាម្ចាស់សម្តែងឲ្យយើងដឹងសេចក្តីនេះ យើងក៏មានបទពិសោធន៍ដូច្នេះដែរ។ ប្រសិនបើមនុស្សយើងពិនិត្យមើលចិត្តគំនិតរបស់ខ្លួន យើងមុខជានឹងយល់ឃើញថា ខ្លួនមានលម្អៀងទៅប្រព្រឹត្តអំពើបាប មានតណ្ហាជាច្រើនចង់ពន្លិចស្មារតីរបស់យើង។ តណ្ហាទាំងប៉ុន្មាននេះមិនមែនបណ្តាលមកពីព្រះអាទិកររបស់ យើងដែលមានព្រះហឫទ័យសប្បុរសទេ។ មនុស្សលោកមិនព្រមទទួលស្គាល់ព្រះជាម្ចាស់ទុកជាដើមកំណើតរបស់ខ្លួនឡើយ។ ធ្វើដូច្នេះគេបាក់បែកសណ្តាប់ធ្នាប់ដែលតម្រង់ខ្លួនទៅរកទីដៅចុងក្រោយបំផុតនៃជីវិតរបស់គេ។ នៅពេលជាមួយគ្នានេះ មនុស្សកើតតណ្ហាាប្រទាញប្រទង់នឹងខ្លួនឯង ដែលបណ្តាលឲ្យបំបែកទំនាក់ទំនងជាមួយមនុស្សឯទៀតៗនិងជាមួយសត្វលោកទាំងឡាយយ៉ាងស្រួល។
ខ. ហេតុនេះ យើងយល់ឃើញថា មនុស្សបាក់បែកពីប្រភពខាងក្នុង។ ការរស់នៅរបស់មនុស្សយើង ទោះជាការរស់នៅរបស់បុគ្គលម្នាក់ៗក្តី ឬជាការរស់នៅរួមក្តី ច្បាស់ជាការតយុទ្ធដ៏ឃោរឃៅ គឺសេចក្តីល្អតយុទ្ធនិងសេចក្តីអាក្រក់ ពន្លឺតយុទ្ធនិងភាពងងឹត។ លើសពីនេះទៅទៀត មនុស្សយើងឃើញថា គឺយើងម្នាក់ៗដឹងខ្លួនថា ដូចជាជាប់ច្រវាក់ដ៏ធ្ងន់។ ប៉ុន្តែ ព្រះអម្ចាស់ផ្ទាល់យាងមកប្រោសឲ្យមនុស្សយើងមានសេរីភាពនិងមានកម្លាំងឡើងវិញ ព្រះអង្គប្រែយើងពីខាងក្នុងឲ្យបានថ្មីដោយបណ្តេញចៅហ្វាយរបស់មនុស្សលោកចេញទៅខាងក្រៅ (យហ ១២, ៣១) គឺចៅហ្វាយដែលបណ្តាលឲ្យមនុស្សធ្វើជាខ្ញុំបម្រើរបស់បាប (យហ ៨, ៣៤)។ បាបក៏បណ្តាលឲ្យមនុស្សអន់ថយ ហើយឃាត់មិនឲ្យទៅជាមនុស្សពេញលក្ខណៈ។
គ. យើងទាំងអស់គ្នា មានបទពិសោធន៍អំពីតម្លៃដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតរបស់មនុស្ស តាមព្រះហឫទ័យព្រះជាម្ចាស់កំណត់ទុក ហើយក៏មានបទពិសោធន៍អំពីទុក្ខដ៏ធ្ងន់ធ្ងររបស់មនុស្សផងដែរ។ ព្រះគម្ពីរសម្តែងអត្ថន័យដ៏ជ្រៅចុងក្រោយបំផុតនៃតម្លៃដ៏ខ្ពង់ខ្ពស់និងនៃទុក្ខទាំងនោះ។
១៤- សភាពរបស់មនុស្ស
ក. ទោះបីមនុស្សមានរូបកាយនិងវិញ្ញាណ តែក៏ជាអង្គតែមួយដែរ។ ក្នុងឋានៈខ្លួនមានរូបកាយ មនុស្សយើងសរុបធាតុ និងអ្វីៗទាំងអស់ដែលមានក្នុងពិភពលោក ដូច្នេះអ្វីៗទាំងនោះអាចលើកតម្កើងសិរីរុងរឿងព្រះអាទិកររបស់ខ្លួនដោយសេរី តាមរយៈមនុស្ស ជាកំពូលនៃពិភពលោក (ដន ៣,៥៧.៩០)។ ហេតុនេះ ត្រូវហាមផ្តាច់មនុស្សយើង កំុឲ្យមាក់ងាយជីវិតរូបកាយជាដាច់ខាត ផ្ទុយទៅវិញ មនុស្សយើងត្រូវតែលើកតម្លៃនៃរូបកាយ និងគោរពរូបកាយដែលព្រះជាម្ចាស់ប្រតិស្ឋានមក ហើយដែលត្រូវទទួលជីវិតថ្មីដ៏រុងរឿងនៅពេលចុងក្រោយបំផុត។ ប៉ុន្តែ ដោយមនុស្សយើងត្រូវរបួសដោយសារអំពើបាប យើងដឹងខ្លួនថា រូបកាយបះបោរប្រឆាំងនឹងវិញ្ញាណ។ ហេតុនេះកិត្តិយសរបស់មនុស្សយើង ទាមទារឲ្យយើងប្រើរូបកាយមកលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ (១ករ ៦,១៣.២០) មិនបណ្តាយឲ្យរូបកាយធ្លាក់ទៅធ្វើជាទាសករនៃតណ្ហា ជាលម្អៀងទៅរកសេចក្តីអាក្រក់ដែលកប់ទុកក្នុងចិត្ត។
ខ. តាមពិត យើងមិនយល់ច្រឡំ ដោយទទួលស្គាល់ថា មនុស្សយើងប្រសើរជាងជាតិទាំងឡាយដែលស្ថិតក្នុងខ្លួន និងរាប់ទៀតថា មនុស្សយើងមិនគ្រាន់តែជាចំណែកដ៏តូចនៃធម្មជាតិ ឬជាគ្រឿងអនាមិកនៃសង្គមប៉ុណ្ណោះទេ គឺមនុស្សយើងមានអ្វីលើសកត្តាទាំងនោះ មនុស្សយើងហួសពីវត្ថុទាំងឡាយ ព្រោះខ្លួនមានវិចារណញ្ញាណ នៅខាងក្នុង។នៅពេលយើងនឹកស្មឹងស្មាធិ៍រិះគិតអំពីខ្លួនឯង យើងទៅដល់ទីជម្រៅនៃវិចារណញ្ញាណដែលនៅ ខាងក្នុងនោះ ជាកន្លែងព្រះជាម្ចាស់រង់ចាំជួបយើង គឺព្រះជាម្ចាស់ដែលស្ទង់ចិត្តគំនិត (១ពង្ស ១៦, ៧; យរ ១៧, ១០)។ មនុស្សយើងក៏សម្រេចអំពីវាសនារបស់ខ្លួនដោយផ្ទាល់ខ្លួននៅទីជម្រៅនៃចិត្តគំនិតនោះ ដោយ ព្រះជាម្ចាស់ប្រោសប្រណីផង។ដូច្នេះ ពេលណាយើងទទួលស្គាល់ថាខ្លួនមានវិញ្ញាណដ៏អមតៈ ពេលនោះយើងយល់ដល់ទីជម្រៅនៃសេចក្តីដ៏ពិតប្រាកដអំពីខ្លួន គឺយើងលែងគិតថាយើងជាគ្រឿង ដែលកើតមកតែពីធម្មជាតិ ឬដោយសង្គម ដូចគេស្រមៃឃើញទៀតហើយ។
១៥- ប្រាជ្ញាមានតម្លៃដ៏ថ្លៃថ្នូរ
ក. មនុស្សយើងទទួលប្រាជ្ញាជាចំណែកនៃពន្លឺរបស់ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ហេតុនេះហើយបានជាយើងយល់ដឹងយ៉ាងត្រឹមត្រូវថា ខ្លួនប្រសើរជាងអ្វីៗទាំងអស់ក្នុងពិភពលោក ព្រោះយើងមានប្រាជ្ញា។ ពីសតវត្សមួយទៅ សតវត្សមួយ មនុស្សព្យាយាមខិតខំប្រើប្រាជ្ញារបស់ខ្លួនធ្វើឲ្យវិទ្យាសាស្រ្តនៃបទពិសោធន៍ បច្ចេកទេស និងវិចិត្រសិល្បៈ ចម្រើនឡើងជាលំដាប់។ នៅសម័យឥឡូវ មនុស្សយើងបានជ័យជម្នះយ៉ាងអស្ចារ្យ ដោយបានរកឃើញអ្វីៗខាងសម្ភារៈ និងបានបង្រ្កាបពិភពសម្ភារៈនោះ យកមកប្រីប្រាស់។ ប៉ុន្តែ ជានិច្ចជាកាល មនុស្សបានស្វះស្វែងរកសេចក្តីពិតដ៏ ជ្រៅជាង ហើយបានរកឃើញផង ដ្បិតប្រាជ្ញាមនុស្សមិនគ្រាន់តែចេះពិនិត្យមើលអ្វីៗដែលអាចមើលឃើញបានប៉ុណ្ណោះទេ តែអាច រិះគិតនិងយល់យ៉ាងជាក់ច្បាស់នូវអ្វីដ៏ពិតប្រាកដដែលមានកប់នៅខាងក្នុងអ្វីទាំងនោះ តាមតែអាចយល់បាន ទោះបីអំពើបាបបានបន្សល់ទុកភាពងងឹតនិងភាពទន់ខ្សោយក្នុងប្រាជ្ញាមនុស្សយើងក៏ដោយ។
ខ. ក្នុងឋានៈខ្លួនមានប្រាជ្ញា បុគ្គលម្នាក់ៗសែ្វងរក (ហើយត្រូវតែស្វែងរក) ធ្វើឲ្យខ្លួនបានពេញលក្ខណៈដោយសារគតិបណ្ឌិត។ គតិបណ្ឌិតតែងតែទាក់ទាញវិញ្ញាណរបស់មនុស្សយ៉ាងខ្លាំង និងយ៉ាងថ្នាក់ថ្នម ឲ្យស្វះស្វែងរក និងស្រឡាញ់ សេចក្តីពិតនិងអ្វីដ៏ល្អប្រសើរ។ មនុស្សណាដែលមានគតិបណ្ឌិតជ្រួតជ្រាប ពិតជាឆ្លងពីពិភព ដែលមើលឃើញទៅពិភពដែលមើលមិនឃើញពុំខាន។
គ. មនុស្សសម័យឥឡូវត្រូវការគតិបណ្ឌិតនេះជាចំាបាច់ ច្រើនជាងមនុស្សសម័យឯទៀតៗទាំងអស់ ដើម្បីធ្វើឲ្យអ្វីៗ ដែលមនុស្សបានរកឃើញនិងបង្កើត ពិតជាមានលក្ខណៈជាមនុស្សអាចបម្រើមនុស្យបាន។ ប្រសិនបើគ្មានមនុស្សប្រកបដោយគតិបណ្ឌិតទេ ពិភពលោកពិតជាគ្មានអនាគត។គួរឲ្យបន្ថែមសេចក្តីកំណត់នេះថា គឺមានប្រទេសជាច្រើនក្រីក្រខាងធនធានសម្ភារៈ តែបែរទៅជាមានខាងគតិបណ្ឌិត គេអាចជួយប្រទេសឯទៀតៗយ៉ាងខ្លាំងឲ្យបានគតិបណ្ឌិតនោះ។
ច. ដោយព្រះអំណោយទាននៃព្រះវិញ្ញាណជួយបំភ្លឺចិត្តគំនិត មនុស្សអាចយល់ស្មឹងសា្មធិ៍និងក្រេបជញ្ជក់ឱជារសនៃគម្រោងការដ៏អស្ចារ្យនៃព្រះហប្ញទ័យព្រះជាម្ចាស់ ដោយសារជំនឿ (បស ១៧, ៧.៨)។
១៦- មនសិការខាងសីលធម៌មានតម្លៃដ៏ថ្លៃថ្នូរ
នៅពេលមនុស្សយើងរិះគិត យើងមុខជានឹងរកឃើញក្បួនវិន័យដែលខ្លួនមិនបានកំណត់ខ្លួនឯងកប់នៅខាងជម្រៅនៃមនសិការរបស់ខ្លួន គឺក្បួនវិន័យដែលយើងត្រូវតែអនុវត្តតាម។ សម្លេងនេះនៅតែជំរុញយើងឲ្យមានចិត្តស្រឡាញ់ ឲ្យប្រព្រឹត្តអំពើល្អ និងជៀសវាងមិនឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលលាន់ឮក្នុងជម្រៅចិត្តតាមកាលៈទេសៈថា “ចូរប្រព្រឹត្តអំពើនេះ កុំប្រព្រឹត្តអំពើនោះ”។ ព្រះជាម្ចាស់ចារក្បួនវិន័យនោះក្នុងចិត្តមនុស្ស។ មនុស្សមានកិត្តិយសដោយអនុវត្តតាម ហើយក្បួនវិន័យនោះក៏នឹងវិនិច្ឆ័យមនុស្សដែរ (រម ២,១៤.១៦)។ក្នុងមនុស្ស មនសិកាជាមណ្ឌលដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែងដ៏សក្ការៈដែលមនុស្សនៅតែម្នាក់ឯងជាមួយព្រះជាម្ចាស់ ជាកន្លែងព្រះសូរសៀងរបស់ព្រះអង្គលាន់់ឮឡើង (មថ ២២, ៣៧-៤០; កាឡ ៥, ១៤)។ មនសិការរកឃើញយ៉ាងអស្ចារ្យនូវវិន័យស្តីអំពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះបងប្អូន ដែលជាវិន័យកំពូល (មថ ២២, ៣៧-៤០; កឡ ៥, ១៤)។
ដោយគ្រីស្តបរិស័ទស្មោះត្រង់នឹងមនសិការ រួមជាមួយមនុស្សឯទៀតៗទាំងអស់ គេត្រូវរួមគ្នាស្វែងរកសេចក្តីពិត និងដោះស្រាយយ៉ាងត្រឹមត្រូវនូវបញ្ហាខាងសីលធម៌ ដែលការរស់នៅរបស់បុគ្គលម្នាក់ៗ និងការរស់នៅក្នុងសង្គមចេះតែចោទឡើង។ មនសិការទៀងត្រង់កាន់តែខ្លាំងយ៉ាងណា បុគ្គលឬក្រុមមនុស្សអាចសម្រេចសេចក្តីឲ្យកាន់តែច្បាស់ និងឲ្យបានស្របនឹងច្បាប់សីលធម៌ដែលមិនអាចប្រកែកបានយ៉ាងនោះដែរ។ក៏ប៉ុន្តែ ទោះបីមនសិការវង្វេង ជាញឹកញាប់ដោយមនុស្សមិនអាចឈ្នះអវិជ្ជាក្តី ក៏មនសិការនៅតែរក្សាទុកតម្លៃដ៏ថ្លៃថ្នូរដដែល។ ផ្ទុយទៅវិញ បើមនុស្សមិនរវីរវល់ស្វែងរកសេចក្តីពិត និងអ្វីដ៏ល្អប្រសើរ ហើយមានទម្លាប់ប្រព្រឹត្តអំពើបាប យូរៗទៅមនសិការរបស់គេហាក់ដូចជាខា្វក់។
១៧- សេរីភាពមានតម្លៃដ៏ឧត្តុង្គឧត្តម
មនុស្សបែរទៅរកអ្វីដ៏ល្អ ដោយប្រើសេរីភាពរបស់ខ្លួនជានិច្ច។ មនុស្សសម័យឥឡូវចូលចិត្តនឹងសេរីភាពនេះយ៉ាងខ្លាំង ហើយក៏ខិតខំចង់បានយ៉ាងក្លៀវក្លាផង។ គេស្វែងរកដូច្នេះត្រឹមត្រូវហើយ។ ក៏ប៉ុន្តែជាញឹកញាប់ គេស្រឡាញ់សេរីភាពតាមរបៀបមិនទៀងត្រង់ទេ ហាក់ដូចជាគេយល់ថាមានសិទ្ធិធ្វើអ្វីក៏បាន សូម្បីតែអំពើអាក្រក់ក៏ធ្វើបានដែរ ឲ្យតែខ្លួនចូលចិត្តនិងសប្បាយប៉ុណ្ណោះ។ រីឯសេរីភាពដ៏ពិតប្រាកដវិញ ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថាមនុស្សមានលក្ខណៈដូចព្រះជាម្ចាស់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យទុកឲ្យមនុស្សអាចស្វែងរកព្រះអាទិកររបស់ខ្លួន ដោយសម្រេចខ្លួនឯងបាន (បស ១៥, ១៤) ហើយប្រសិនបើគេផ្ញើជីវិតលើព្រះអង្គដោយប្រើសេរីភាពនោះ គេក៏អាចបានពេញលក្ខណៈយ៉ាងសែន សុខសាន្តបានដែរ។ ហេតុនេះ កិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្សទាមទារឲ្យមនុស្សប្រព្រឹត្តកិច្ចការអ្វីៗ ដែលខ្លួនបានជ្រើសរើសដោយដឹងខ្លួន ដោយសេរីភាព គឺសម្រេចដោយជឿជាក់ដោយខ្លួនឯងផ្ទាល់យ៉ាងជ្រៅក្នុងចិត្ត មិនមែនដោយមានតណ្ហាពុះកញ្រ្ជាល ឬដោយគេបង្ខំឡើយ។ ប្រសិនបើមនុស្សរំដោះខ្លួនឲ្យរួចផុតពីធ្វើជាទាសករនៃតណ្ហាទាំងអស់ គេមុខជាបានកិត្តិយសនេះ ដោយខ្លួនជ្រើសរើសដោយសេរីនឹងប្រព្រឹត្តអំពើល្អ។ពេលនោះគេចាប់ផ្តើមធ្វើដំណើរទៅកាន់ទីដៅនៃជីវិតរបស់ខ្លួន និងប្រើប្រាជ្ញាដ៏វាងវៃដើម្បីខិតខំយ៉ាងពិតប្រាកដនឹងរកមធ្យោបាយទៅកាន់ទីដៅនោះ។ ក៏ប៉ុន្តែសេរីភាពរបស់មនុស្ស អាចតម្រង់ខ្លួនទាំងស្រុងនិងយ៉ាងសកម្មទៅកាន់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ ដោយសារតែព្រះអង្គជួយប្រោសប្រណី ព្រោះអំពើបាបបានធ្វើឲ្យសេរីភាពនោះត្រូវរបួស។ យើងម្នាក់ៗនឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះជាម្ចាស់ដើម្បីឲ្យម្នាក់ៗ ទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្តកាលពីនៅរស់ក្នុងរូបកាយ ទោះបីជាអំពើនោះល្អឬអាក្រក់ក្ដី (២ករ ៥,១០)។
១៨- ការអាថ៌កំបាំងនៃមរណភាព
ក. លក្ខណៈដ៏អាថ៌កំបាំងនៃជីវិតមនុស្សទៅដល់កំពូលនៅពេលមនុស្សប្រឈមមុខនឹងមរណភាព។ មនុស្សមិនគ្រាន់តែជ្រួលច្របល់ដោយខ្លួនខ្លាចរងទុក្ខឈឺចុកចាប់ និងដោយរូបកាយត្រូវអន់ថយទៅៗប៉ុណ្ណោះទេ តែលើសពីនេះទៅទៀត មនុស្សរឹតតែភ័យ ខ្លាចនឹងការវិនាសអន្តរាយរហូតជាស្ថាពរ។ បំណងប្រាថ្នាដ៏ជ្រៅបំផុតនៃចិត្តគំនិតបំភ្លឺយើងយ៉ាងត្រឹមត្រូវថា យើងមិនព្រមអន្តរាយទាំងស្រុងដូចេ្នះជាដាច់ខាត ហើយក្នុងឋានៈជាបុគ្គលម្នាក់ យើងក៏មិនសុខចិត្តទទួលបរាជ័យដ៏ធ្ងន់ធ្ងរនេះឡើយ។ មនុស្សយើងមានពូជនៃជីវិតអស់កល្បជានិច្ចកប់ក្នុងខ្លួន ពូជនៃជីវិតនេះមិនមែនកើតតាមធម្មជាតិទេ។ ដោយយើងមានពូជនៃជីវិតនេះ យើងតែងតែជំទាស់យ៉ាងខ្លាំងនឹងមរណភាព។ មនុស្សយើងខិតខំតាមបច្ចេកទេសទាំងប៉ុន្មានយ៉ាងណា ទោះបីបច្ចេកទេសទាំងនោះមានប្រយោជន៍យ៉ាងណាក៏ដោយ ក៏មិនអាចបន្ធូរការតប់ប្រមល់របស់ខ្លួនឲ្យបានធូរស្រាលឡើយ។ ជីវវិទ្យាអាចបន្តអាយុជីវិតមនុស្សបានតែមិនអាចបំពេញបំណងរបស់មនុស្សដែលចង់បានជីវិតរហូត ដែលនៅតែជាប់ក្នុងជម្រៅចិត្តគេជានិច្ច។
ខ. ប៉ុន្តែ ទោះបីមនុស្សយើងស្រមៃឃើញអំពីមរណភាពយ៉ាងណាក្តី ក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ។ ព្រះសហគមន៍ដែលទទួលសេចក្តីបង្រៀនពីព្រះជាម្ចាស់បានសម្តែងឲ្យដឹង ក៏ប្រកាសបញ្ជាក់ថា ព្រះអង្គប្រតិស្ឋានមនុស្សដើម្បី ឲ្យមានទីដៅដ៏សុខក្សេមក្សាន្តរួចផុតពីទុក្ខវេទនានៃលោកនេះ។ តាមជំនឿរបស់គ្រីស្តបរិស័ទ មនុស្សរមែងតែងតែស្លាប់ព្រោះតែអំពើបាប ប៉ុន្តែ គង់តែថ្ងៃណាមួយ មរណភាពខាងរូបកាយមនុស្សត្រូវចាញ់ជាពុំខាន គឺនៅពេលព្រះសង្គ្រោះដ៏ មានឫទ្ធានុភាពសព្វប្រការ និងប្រកបដោយព្រះហឫទ័យមេត្តាកុណានឹងសង្គ្រោះមនុស្សលោក។មនុស្សបាត់បង់ការសង្គ្រោះនេះ ព្រោះតែអំពើបាបរបស់ខ្លួន។ ព្រះជាម្ចាស់បានត្រាស់ហៅមនុស្ស ហើយនៅតែត្រាស់ហៅគេឲ្យផ្ញើជីវិតទាំងស្រុងលើព្រះអង្គ ដើម្បីឲ្យរួបរួមជាមួយព្រះអង្គក្នុងជីវិតអស់កល្បជានិច្ច ដែលមិនចេះប្រែប្រួលឡើយ។ព្រះគ្រីស្តបានជ័យជម្នះនេះ ដោយមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គក៏រំដោះមនុស្សឲ្យបានរួចពីស្លាប់ ដោយទ្រង់សោយទិវង្គត។ ព្រះសហគមន៍ផ្តល់ឲ្យមនុស្សគ្រប់ៗគ្នាអាចពិនិត្យពិច័យជំនឿដ៏រឹងប៉ឹងរបស់ខ្លួន គឺជំនឿនេះអាចតបឆ្លើយនឹងសំណួរដែលមនុស្សចោទសួរអំពីអនាគតរបស់ខ្លួន ទាំងតប់ប្រមល់។ នៅពេលជាមួយគ្នានេះ ជំនឿក៏ផ្តល់ឲ្យមនុស្សភាពមានលទ្ធអាចរួបរួមជាមួយបងប្អូនដ៏ជាទីស្រឡាញ់ដែលចែកឋានទៅហើយ ក្នុងអង្គព្រះគ្រីស្ត។ ជំនឿក៏ផ្តល់ឲ្យយើងមានសេចក្តីសង្ឃឹមថា បងប្អូនទាំងនោះបានទទួលជីវិតដ៏ពេញលេញនៅក្បែរព្រះអង្គដែរ។
២. ពេលមនុស្សប្រុសជួបមនុស្សស្រី៖ ក្រុមគ្រួសារ
ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រតិស្ឋានមនុស្សឲ្យនៅតែម្នាក់ឯងទេ តែតាំងពីដើមរៀងមក “ព្រះអង្គបង្កើតមនុស្សជាបុរសជាស្រ្តី” (កណ ១, ២៧)។ សេចក្ដីស្រលាញ់រវាងមនុស្សប្រុស និងមនុស្សស្រី បង្ហាញអំពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សដែរ។ មនុស្សប្រុសស្រលាញ់មនុស្សស្រី ហើយសេចក្ដីស្រលាញ់នេះ បង្កើតផលផ្លែ ដូចព្រះបិតា និងព្រះបុត្រា ស្រលាញ់គ្នាទៅវិញទៅមក ហើយព្រះវិញ្ញាណដ៏វិសុទ្ធជាផលផ្លែនៃសេចក្ដីស្រលាញ់នេះ។ ព្រះគម្ពីរទាំងមូលសម្ដែង សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ីស្រាអែល (ព្យាការី ហូសេ អេសាយ... សន្តប៉ូល... អភ ៥, ២៤៣២)។
តាម “អំណរ និងក្ដីសង្ឃឹម”៖
៤៧- អាពាហ៍ពិពាហ៍និងក្រុមគ្រួសារក្នុងពិភពលោកសព្វថ្ងៃ
ក. សន្តិភាពរបស់បុគ្គលម្នាក់ៗ និងសន្តិភាពរបស់សង្គម ទាំងសង្គមមនុស្ស ទាំងសង្គមគ្រីស្តបរិស័ទ ភ្ជាប់យ៉ាងជិតស្និទ្ធនឹងការចម្រើននៃសហគមន៍គូស្វាមីភរិយា និងការចម្រើននៃសហគមន៍ក្រុមគ្រួសារ។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទរួមជាមួយអស់អ្នកដែលរាប់រកសហគមន៍ស្វាមីភរិយា និងសហគមន៍ក្រុមគ្រួសារយ៉ាងខ្លំាង មានអំណរសប្បាយយ៉ាងស្មោះចំពោះអស់អ្នកដែលគាំទ្រគូស្វាមីភរិយានិងក្រុមគ្រួសារតាមរបៀបផ្សេងៗ។ អ្នកទាំងនេះ ជួយណែនាំមនុស្សលោកនាបច្ចុប្បន្នកាល ឲ្យចូលចិត្តរាប់រកកាន់តែខ្លាំងឡើងៗ ចំពោះសហគមន៍នេះ ជាសហគមន៍ប្រកបដោយសេចក្តីស្រឡាញ់ និងជួយណែនាំមនុស្សលោកឲ្យគោរពជីវិតទៀតផង។ គេក៏ជួយគូស្វាមីភរិយានិងឪពុកម្តាយឲ្យបំពេញបេសកកម្មដ៏ប្រសើររបស់ខ្លួនដែរ។ អ្នកទាំងនោះ រង់ចាំទទួលលទ្ធផលកាន់តែល្អឡើងពីការគោរពគូស្វាមីភរិយានិងជីវិតនោះ ព្រមទាំងយកចិត្តទុកដាក់ឲ្យមនុស្សឯទៀតៗធ្វើតាមទៀតផង។
ខ. មនុស្សនៅគ្រប់ទីកន្លែងមិនចាប់អារម្មណ៍ចំពោះកិត្តិយសដ៏ថ្លៃថ្នូរនៃអាពាហ៍ពិពាហ៍និងនៃក្រុមគ្រួសារដូចគ្នាទេ។ ជួនកាលបុរសមានភរិយាច្រើន ឬស្រ្តីមានស្វាមីច្រើន មានការលែងលះគ្នា ដែលប្រៀបដូចជា ជំងឺរាតត្បាតម៉្យាង មានស្នេហាដោយសេរី និងស្នេហាក្លែងក្លាយឯទៀតៗ។ល។ ការទាំងប៉ុន្មាននោះ បង្អាប់បង្អោនកិត្តិយសដ៏ថ្លៃថ្នូរនៃការរស់នៅជាគូស្វាមីភរិយានិងជាក្រុមគ្រួសារ។ ម៉្យាងទៀត អត្តទត្ថបុគ្គលនិយម គឺមនុស្សដែលគិតតែពីខ្លួនឯងអ្នកដែលគិតតែពីការភ្លើតភ្លើនសប្បាយតាមផ្លូវភេទ និងអស់អ្នកប្រព្រឹត្តតាមរបៀបផ្សេងៗខុសវិន័យរារាំងមិនឲ្យកើតកូន សុទ្ធតែបង្អាប់បង្អោនសេចក្តីស្រឡាញ់នៃគូស្វាមីភរិយានេះទៀតផង។ សភាពការណ៍សេដ្ឋកិច្ច សភាពការណ៍ក្នុងសង្គម សភាពការណ៍ចិត្តសាស្រ្ត និងសភាពការណ៍ប្រជាពលរដ្ឋក្នុងប្រទេសនាបច្ចុប្បន្ន ក៏នាំវឹកវរយ៉ាងធ្ងន់ធ្ងរចូលក្នុងរង្វង់ក្រុមគ្រួសារដែរ។ មិនតែប៉ុណ្ណោះ យើងក៏ព្រួយបារម្ភដោយសង្កេតឃើញថា នៅតំបន់ខ្លះក្នុងពិភពលោក ការបង្កើនចំនួនប្រជាជនបណ្តាលឲ្យកើតបញ្ហាផ្សេងៗដែរ។ ការទាំងប៉ុន្មាននោះបណ្តាលឲ្យមនសិការមនុស្សតប់ប្រមល់។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីការផ្លាស់ប្តូរប្រែប្រួលយ៉ាងជ្រៅនៃសង្គមសម័យឥឡូវបណ្តាលឲ្យកើតការពិបាកជាច្រើនក្តី ក៏ការផ្លាស់ប្តូរទាំងនោះសម្តែងជាញឹកណាស់ និងតាមរបៀបផ្សេង អំពីលក្ខណៈដ៏ពិតប្រាកដនៃគូស្វាមីភរិយានិងក្រុមគ្រួសារដែរ។អាពាហ៍ពិពាហ៍និងក្រុមគ្រួសារ នៅតែមាំមួននិងមានកម្លាំងយ៉ាងរឹងប៉ឹងទៀតផង។
គ. ហេតុនេះហើយ បានជាមហាសន្និបាតសូមបរិយាយយ៉ាងច្បាស់នូវចំណុចខ្លះៗនៃលទ្ធិរបស់ព្រះសហគមន៍ ដោយមានបំណងចង់បំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទ និងលើកទឹកចិត្តគេផង ព្រមទាំងបំភ្លឺចិត្តគំនិត និងលើកទឹកចិត្តអស់អ្នកដែលខិតខំថែរក្សាទុកនិងពង្រឹងកិត្តិយសនៃការរស់នៅជាគូស្វាមីភរិយានិងជាក្រុមគ្រួសារ ឲ្យបានដូចកាលពីដើម។ អ្នកទាំងនោះ ក៏នឹងលើកតម្កើងតម្លៃដ៏ថ្លៃថ្នូរពិសេសនិងដ៏សក្ការៈនៃការរស់នៅជាគូស្វាមីភរិយាទៀតផង។
៤៨- ការរស់នៅជាគូស្វាមីភរិយានិងជាក្រុមគ្រួសារមានលក្ខណៈដ៏វិសុទ្ធ
ក. គូស្វាមីភរិយា ពិតជាសហគមន៍ដ៏ជ្រៅម៉្យាង ដោយអ្នកទាំងពីររួមរស់ជាមួយគ្នានិងស្រឡាញ់គ្នា។ ព្រះអាទិករតែងតាំងសហគមន៍នេះ និងប្រទានឲ្យសហគមន៍នេះមានវិន័យផ្ទាល់។សហគមន៍នេះសង់ឡើងលើសម្ពន្ធមេត្រីរវាងគូស្វាមីភរិយា គឺអ្នកទាំងពីរសន្យាថា ម្នាក់ៗយល់ព្រមរស់នៅជាគូស្វាមីភរិយា។ ពាក្យសន្យានេះពុំអាចដាច់និងលប់បំបាត់បានឡើយ។ ពេលគូស្វាមីភរិយាប្រគល់ខ្លួនទៅវិញទៅមក និងទទួលគ្នាទៅវិញទៅមក អ្នកទាំងពីរពិតជាប្រព្រឹត្តកិច្ចមួយដែលមានលក្ខណៈជាមនុស្សសុទ្ធសាធមែន។ ដូច្នេះ កើតស្ថាប័នម៉្យាង គឺអាពាហ៍ពិពាហ៍ដែលធម្មវិន័យរបស់ព្រះជាម្ចាស់ក៏បញ្ជាក់ ហើយសូម្បីតែសង្គមមនុស្ស ក៏ទទួលស្គាល់ដែរ។ ចំណងដ៏សក្ការៈនៃអាពាហ៍ពិពាហ៍នេះ នៅស្ថិតស្ថេរមិនប្រែប្រួលតាមទំនើងចិត្តមនុស្សទេ ដើម្បីជាប្រយោជន៍ដល់គូស្វាមីភរិយា និងជាប្រយោន៍ដល់កូនៗនិងជាប្រយោជន៍ដល់សង្គមទៀតផង។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានបង្កើតការរស់នៅជាគូស្វាមីភរិយាដែលមានសេចក្តីថ្លៃថ្នូរផ្ទាល់និងមានទីដៅផ្សេងៗ។ សេចក្តីទាំងនោះមានសារៈសំខាន់ជាទីបំផុត ដើម្បីបន្តពូជមនុស្សជាតិតទៅទៀត ដើម្បីឲ្យសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារអាចអភិវឌ្ឍចម្រើនឡើងនិងអាចទទួលជីវិតអស់កល្បជានិច្ច ហើយដើម្បីឲ្យក្រុមគ្រួសារ និងសហគមន៍មនុស្សទាំងមូលបានសេចក្តីថ្លៃថ្នូរ នៅស្ថិតស្ថេរ រស់នៅដោយសុខសាន្ត និងចម្រើនឡើង។ លក្ខណៈនៃអាពាហ៍ពិពាហ៍និងលក្ខណៈនៃសេចក្តីស្រឡាញ់របស់គូស្វាមីភរិយា តម្រង់តទៅការបន្តពូជ និងទៅការអប់រំកូន ហាក់ដូចជាកំពូលនៃអាពាហ៍ពិពាហ៍និងនៃសេចក្តីស្រឡាញ់នោះ។ ដោយសម្ពន្ធមេត្រីជាគូស្វាមីភរិយា បុរស និងស្រ្តី “មិនមែនជាបុគ្គលពីរនាក់ទៀតទេគឺជារូបកាយតែមួយវិញ” (មថ ១៩,៦) គេជួយគ្នាគាំទ្រគ្នាទៅវិញទៅមក ដោយរួមបវេណីផង និងដោយមានសកម្មភាពរួមផង។ ដូច្នេះ គេដឹងខ្លួនថា គេរួបរួមគ្នាជាចិត្តថ្លើមតែមួយ និងរួបរួមគ្នាកាន់តែជិតស្និទ្ធឡើងៗផង។អ្នកទាំងពីរប្រគល់ខ្លួនទៅវិញទៅមក ដោយរួមបវេណី ទាមទារឲ្យគូស្វាមី ភរិយា មានចិត្តស្មោះភក្តីទាំងស្រុង និងរួមគ្នាមិនអាចបំបែកបានឡើយ។
ខ. ព្រះគ្រីស្តជាអម្ចាស់បានប្រទានពរយ៉ាងបរិបូរណ៍លើសេចក្តីស្រឡាញ់នោះតាមទីដៅផ្សេងៗ។ សេចក្តីស្រឡាញ់នោះ ហូរចេញមកពីព្រះជាម្ចាស់ជាប្រភពនៃសេចក្តីស្រឡាញ់ និងតែងតាំងតាមនិមិត្តសញ្ញាអំពីព្រះគ្រីស្តរួមជាមួយព្រះសហគមន៍។ កាលពីដើម ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីប្រកបដោយព្រះហឫទ័យស្រឡាញ់និងភក្តី ស្មោះជាមួយប្រជារាស្រ្តព្រះអង្គយ៉ាងណា (ហស ២; យេ ៣,៦-១៣; អគ ១៦ និង២៣; អស ៥៤) សព្វថ្ងៃ ព្រះសង្គ្រោះរបស់មនុស្សលោក ជាព្រះស្វាមីនៃព្រះសហគមន៍ (មថ ៩,១៥; មក ២,១៩-២០; លក ៥,៣៤-៣៥; យហ ៣,២៩; ២ករ១១,២៥-២៧; វវ ១៩,៧-៨; ២១,២ និង ៩)ក៏យាងមកជួបគូស្វាមីភរិយាជាគ្រីស្តបរិស័ទដោយសារអគ្គសញ្ញាអាពាហ៍ពិពាហ៍យ៉ាងនោះដែរ។ ព្រះអង្គនៅតែសណ្ឋិតនៅជាមួយគូស្វាមីភរិយា ដែលប្រគល់រូបកាយគ្នាទៅវិញទៅមក ដើម្បីឲ្យគេអាចស្រឡាញ់គ្នាដោយចិត្តភក្តីស្មោះស្ម័គ្រជានិច្ចរហូត ដូចព្រះអង្គបានស្រឡាញ់ព្រះសហគមន៍ និងបានបូជាព្រះជន្មសម្រាប់ព្រះសហគមន៍ដែរ (អភ ៥, ២៥)។ ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់បានលើកយកសេចក្តីស្រឡាញ់ដ៏ ពិតប្រាកដរបស់គូស្វាមីភរិយាឲ្យចូលរួមជាមួយ។ ឫទ្ធានុភាពរបស់ព្រះគ្រីស្តដែលរំដោះមនុស្សលោក និងព្រះសហគមន៍ ដែលមានសកម្មភាពសង្គ្រោះមនុស្សលោក ក៏ណែនាំសេចក្តីស្រឡាញ់នោះនិងប្រទានឲ្យមានតម្លៃថ្មីទៅទៀត។ ដូច្នេះ សេចក្តីស្រឡាញ់នោះ អាចណែនាំគូស្វាមីភរិយាទៅកាន់ព្រះជាម្ចាស់យ៉ាងស័ក្តិសិទ្ធិ អាចជួយគេ និងអាចជួយពង្រឹងគេក្នុងបេសកកម្មដ៏ប្រសើរបំផុត ជាឪពុកនិងជាម្តាយ(ពន្លឺ ១១,៣៥,៤១)។ ហេតុនេះហើយ បានជាមានអគ្គសញ្ញាមួយដ៏ពិសេសផ្តល់កម្លាំងដល់គូស្វាមីភរិយាជាគ្រីស្តបរិស័ទ ហាក់ដូចជា ប្រសិទ្ធគេ ដើម្បីឲ្យគេអាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យ។ អនុភាពនៃអគ្គសញ្ញានេះ ជួយគេឲ្យបំពេញបេសកកម្មរបស់ខ្លួនជាគូស្វាមីភរិយា និងជាអ្នកណែនាំក្រុមគ្រួសារ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តក៏ជ្រួតជ្រាបក្នុងការរស់នៅទាំងអស់របស់គេ ឲ្យគេមានជំនឿ មានសេចក្តីសង្ឃឹមនិងមានសេចក្តីស្រឡាញ់។ ដូច្នេះ គូស្វាមីភរិយាអាចឈានទៅជាបុគ្គលកាន់តែពេញលក្ខណៈឡើងៗ និងអាចជួយគ្នាទៅវិញទៅមកឲ្យបានវិសុទ្ធទៀតផង។ គេក៏រួមចំណែកលើកតម្កើងសិរីរុរឿងរបស់ព្រះជាម្ចាស់។
គ. ដោយឪពុកម្តាយធ្វើជាគំរូ និងដោយគាត់រួមគ្នាអង្វរព្រះជាម្ចាស់ទុកជាមុនឲ្យកូនៗ ហើយសូម្បីតែ អស់អ្នកដែលរស់នៅក្នុងរង្វង់ក្រុមគ្រួសារ ក៏នឹងមានចិត្តប្រកបដោយមនុស្សធម៌យ៉ាងស្រួល ហើយរកផ្លូវទៅកាន់ការសង្គ្រោះ និងឲ្យបាន វិសុទ្ធយ៉ាងស្រួលដែរ។ រីឯគូស្វាមីភរិយាវិញ គេចម្រើនឡើងដោយមានកិត្តិយសដ៏ថ្លៃថ្នូរបំពេញតួនាទីរបស់ខ្លួនជាឪពុកនិងជាម្តាយ។គាត់ក៏ខិតខំបំពេញភារកិច្ចអប់រំរបស់ខ្លួនដោយយកចិត្តទុកដាក់ គឺជាភារកិច្ចរបស់គាត់ផ្ទាល់ជាពិសេសអប់រំកូនៗខាងផ្លូវសាសនា។
ង. កូនៗជាសមាជិកដ៏រស់រវើកនៃក្រុមគ្រួសារ។ គេជួយឪពុកម្តាយឲ្យបានវិសុទ្ធតាមរបៀបរបស់គេ។ គេអរគុណឪពុកម្តាយ គេគោរពកោតខ្លាចគាត់ និងទុកចិត្តលើគាត់ទៀតផង។ ធ្វើដូច្នេះ គេពិតជាតបឆ្លើយនឹងគុណបុណ្យឪពុកម្តាយ។ ក្នុងឋានៈជាបុត្រធីតាដ៏ល្អ គេជួយឪពុកម្តាយនៅគ្រាពិបាកប្រចាំជីវិត ជាពិសេសគេជួយថែរក្សានៅពេលគាត់ចាស់ជរានៅឯកោ។ មនុស្សទាំងអស់ត្រូវតែគោរពបុរសពោះមាយនិងស្រ្តីមេមា៉យ ដែលមានចិត្តក្លាហានរស់នៅតាមរបៀបព្រះជាម្ចាស់ត្រាស់ហៅឲ្យគេជាគូស្វាមីភរិយាកាលពីមុននោះ (១ ធម ៥,៣)។ ក្រុមគ្រួសារត្រូវចែករំលែកធនធានខាងវិញ្ញាណទៅវិញទៅមក ដោយចិត្តទូលាយ។ ក្រុមគ្រួសារគ្រីស្តបរិស័ទកើតដោយសារអាពាហ៍ពិពាហ៍ ជានិមិត្តសញ្ញា និងទទួលចំណែកក្នុងសម្ពន្ធមេត្រីប្រកបដោយសេចក្តីស្រឡាញ់រវាងព្រះគ្រីស្តនិងព្រះសហគមន៍ (អភ ៥,៣២) ហេតុនេះ ក្រុមគ្រួសារគ្រីស្តបរិស័ទ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញវត្តមានដ៏រស់រវើករបស់ព្រះសង្គ្រោះក្នុងលោកនេះ និងលក្ខណៈដ៏ពិតប្រាកដរបស់ព្រះសហគមន៍។ គេបង្ហាញវត្តមាននេះ ដោយសេចក្តីស្រឡាញ់ជាគូស្វាមីភរិយា ដោយបង្កើតកូនដោយចិត្តទូលាយ ដោយគេមានចិត្តស្មោះភក្តីចំពោះគ្នានឹងគ្នា និងដោយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារនោះចេះសហការគ្នាផង។
៤៩- សេចក្តីស្រឡាញ់ជាគូស្វាមីភរិយា
ក. ព្រះបន្ទូលរបស់ព្រះជាម្ចាស់អញ្ជើញអ្នកភ្ជាប់ពាក្យឲ្យកាន់តាមសេចក្តីសន្យារបស់គេ និងស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងបរិសុទ្ធ។ ព្រះបន្ទូលក៏អញ្ជើញគូស្វាមីភរិយាឲ្យស្រឡាញ់គ្នា ដោយឥតរសាយចិត្តឡើយ (កណ ២, ២២-២៤; សភ៥,១៨-២០; ៣១,១០-៣១; តប ៨,៤-៨ ;ចស ១,១-៣; ២,១៦; ៧,៨-១១ ;១ករ ៧,៤-៦; អភ ៥, ២៥-៣៣)។ មនុស្សជាច្រើននៅសម័យឥឡូវ ក៏លើកតម្កើងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់គូស្វាមីភរិយាដែរដែលគេសម្តែងតាមរបៀបផ្សេងៗ ស្របតាមប្រពៃណីដ៏ត្រឹមត្រូវរបស់ប្រជាជននានា និងស្របតាមអាយុរបស់គេផង។ សេចក្តីស្រឡាញ់នោះពិតជាមានលក្ខណៈជាមនុស្សយ៉ាងវិសេស ព្រោះសេចក្តីស្រឡាញ់នោះ ហូរចេញមកពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ដោយគេសម្រេចចិត្តថា នឹងមានសញ្ចេតនាស្រឡាញ់នោះ។ សេចក្តីស្រឡាញ់នោះ ផ្តល់ សេចក្តីសុខដល់បុគ្គលទាំងស្រុង។ ហេតុនេះ សេចក្តីស្រឡាញ់នោះ អាចផ្តល់តម្លៃពិសេសដល់កាយវិការទាំងប៉ុន្មាន ដែលគូស្វាមីភរិយាប្រព្រឹត្តតាមរូបកាយ និងដល់ជីវិតនៃចិត្តគំនិតដែលបង្ហាញសេចក្តីស្រឡាញ់នោះផង។ សេចក្តីស្រឡាញ់នោះ បណ្តាលឲ្យកាយវិការ និងរបៀបបញ្ចេញមនោសញ្ចេតនាទាំងនោះ ទទួលតម្លៃទុកជាកត្តានិងជាសញ្ញាសម្គាល់នៃការរាប់អានផ្ទាល់ក្នុងលក្ខណៈជាគូស្វាមីភរិយា។ ព្រះអម្ចាស់បានប្រោសព្យាបាលសេចក្តីស្រឡាញ់នោះនិងលើកតម្កើងឲ្យបានពេញលក្ខណៈ ដោយព្រះអង្គប្រោសប្រណីយ៉ាងពិសេសតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។សេចក្តីស្រឡាញ់នោះបង្រួមបង្រួបលក្ខណៈជាមនុស្សផង និងលក្ខណៈជាព្រះជាម្ចាស់ផង និងណែនាំគូស្វាមីភរិយាឲ្យប្រគល់ខ្លួនឲ្យគ្នាទៅវិញទៅមកដោយសេរី។អ្នកទាំងពីរបង្ហាញការប្រគល់ខ្លួននោះដោយបញ្ចេញ មនោសញ្ចេតនា និងដោយធ្វើកាយវិការថ្នាក់ថ្នមគ្នា។ សេចក្តីស្រឡាញ់នោះក៏ជ្រួតជ្រាបដល់ការរស់នៅទាំងស្រុងរបស់គេទៀតផង។ លើសពីនេះទៅទៀតសេចក្តីស្រឡាញ់នោះកាន់តែពេញលក្ខណៈនិងចម្រើនឡើង ដោយគូស្វាមីភរិយា ស្នេហាគ្នាជាញឹកដោយចិត្តទូលាយដែរ។ ដូច្នេះសេចក្តីស្រឡាញ់នេះ ហួសពីតណ្ហា ដែលលម្អៀងទៅរកការភ្លើតភ្លើនតាមតណ្ហាឆ្ងាយណាស់។ ប្រសិនបើគូស្វាមីភរិយាស្រឡាញ់គ្នា ដោយសំអាងតែលើលម្អៀងនៃតណ្ហាភ្លើតភ្លើនធម្មតានោះ សេចក្តីស្រឡាញ់របស់គេមុខជាសាបសូន្យបាត់ទៅយ៉ាងឆាប់ៗ និងយ៉ាងសែនអណោចអធមជាពុំខានឡើយ។
ខ. សេចក្តីស្រឡាញ់នោះសម្តែងចេញតាមរបៀបពិសេសរបស់វា និងសម្រេចដោយគូស្វាមីភរិយាស្នេហាគ្នា ជាកិច្ចផ្ទាល់នៃការរស់នៅជាគូស្វាមីភរិយា។ ហេតុនេះហើយ បានជាកាយវិការទាំងប៉ុន្មានដែលគូស្វាមីភរិយាប្រព្រឹត្តនៅពេលស្នេហាដ៏បរិសុទ្ធនោះ ពិតជាកិច្ចដ៏ល្អប្រកបដោយគុណធម៌ និងសមរម្យថ្លៃថ្នូរទៀតផង។ ប្រសិនបើគូស្វាមីភរិយាស្នេហាគ្នាតាមលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ កាយវិការទាំងនោះទៅជាសញ្ញាសម្គាល់បង្ហាញអំពីការប្រគល់ខ្លួនទៅវិញទៅមក និងជួយសម្រួលការប្រគល់ខ្លួននោះទៀតផង។ ការប្រគល់ខ្លួនទៅវិញទៅមកនោះក៏ផ្តល់ផលប្រយោន៍ដ៏មានតម្លៃដល់គូស្វាមីភរិយា ទាំងមានអំណរសប្បាយ និងអរគុណគ្នាផង។ គូស្វាមីភរិយាធ្វើពិធីទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ខ្លួននឹងស្រឡាញ់គ្នាទៅវិញទៅមក ជាពិសេសព្រះគ្រីស្តប្រោសប្រសិទ្ធិឲ្យសេចក្តីស្រឡាញ់នោះបានវិសុទ្ធថែមទៀតផង ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។ សេចក្តីស្រឡាញ់នោះនៅស្មោះភក្តីរលាយមិនបាន គឺភក្តី ទាំងរូបកាយ ទាំងគំនិត ទាំងនៅគ្រាស្រណុក និងនៅគ្រាវេទនា។ ហេតុនេះសេចក្តីស្រឡាញ់់បែបនេះ ទាមទារមិនឲ្យលែងលះគ្នា និងមិនឲ្យក្បត់ចិត្តគ្នាបានឡើយ។ យើងត្រូវទទួលស្គាល់ថា ពេលគូស្វាមីភរិយាស្នេហាគ្នាយ៉ាងពេញលក្ខណៈនោះ បុរសនិងស្រ្តីមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នាក្នុងឋានៈជាបុគ្គលម្នាក់។ ភាពស្មើគ្នានោះ បង្ហាញយ៉ាងច្បាស់ថា ត្រូវមានគូស្រករតែមួយគត់ដូចព្រះអម្ចាស់បានបញ្ជាក់ស្រាប់ហើយ។ គូស្វាមីភរិយាជាគ្រីស្តបរិស័ទត្រូវមានព្រហ្មវិហារធម៌យ៉ាងខ្លាំង ទើបអាចកាន់ តាមកាតព្វកិច្ចរបស់ខ្លួនដោយចិត្តព្យាយាម តាមតែព្រះជាម្ចាស់ត្រាស់ហៅគេ។ហេតុនេះ បានជាព្រះជាម្ចាស់ប្រោសប្រណី ឲ្យគូស្វាមីភរិយាមានសមត្ថភាពអាចរស់នៅបែបវិសុទ្ធ នោះបាន។ អ្នកទាំងពីរត្រូវតែថែរក្សាសេចក្តីស្រឡាញ់ឲ្យ កាន់តែខ្លាំងឡើងចេះអត់ទោសឲ្យគ្នាដោយចិត្តទូលាយប្រុងខ្លួនបូជាជីវិតសម្រាប់គូរបស់ខ្លួនគឺលះបង់ប្រយោន៍របស់ខ្លួនជានិច្ច។ អ្នកទាំងពីរត្រូវតែអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសឲ្យគេមានសេចក្តីស្រឡាញ់បែបនោះផង។
គ. ត្រូវគោរពស្នេហាដ៏ពិតប្រាកដរបស់គូស្វាមីភរិយាយ៉ាងខ្ពង់ខ្ពស់បំផុត។ ប្រសិនបើ គូស្វាមីភរិយាជាគ្រីស្តបរិស័ទផ្តល់សក្ខីភាពយ៉ាងប្រសើរអំពីចិត្តស្មោះភក្តី អំពីការរស់នៅយ៉ាងសុខដុមរមនា ប្រសិនបើគេស៊ូប្តូរជីវិតអប់រំកូនៗ ប្រសិនបើគេទទួលខុសត្រូវឲ្យរបៀបរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារប្រែជាថ្មីតាមសេចក្តីត្រូវការក្នុងវិស័យវប្បធម៌ ចិត្តសាស្រ្ត និងសង្គម គេពិតជាជួយបង្កើតមតិសាធារណៈដ៏ត្រឹមត្រូវអំពីសេចក្តីស្នេហានោះ។ ត្រូវបង្ហាត់យុវជនឲ្យទាន់ពេលវេលា និងតាមសេចក្តីត្រូវការ អំពីកិត្តិយសដ៏ថ្លៃថ្នូរនៃសេចក្តីស្នេហាជាគូស្វាមីភរិយា អំពីគោលដៅ និងអំពីរបៀប ប្រព្រឹត្តផងដែរ។បើអប់រំយុវជនក្នុងរង្វង់ក្រុមគ្រួសារ ទើបប្រសើរជាងទទួលការបង្ហាត់នៅកន្លែងផ្សេង។ ដូច្នេះយុវជន ដែលទទួលការអប់រំអំពីព្រហ្មចរិយធម៌ ដល់ពេលកំណត់ គេអាចរៀបអាពាហ៍ពិពាហ៍ រស់នៅជាគូស្វាមីភរិយាក្រោយ ពីបានរស់នៅយ៉ាងថ្លៃថ្នូរតាំងពីពេលភ្ជាប់ពាក្យមក។
៥០-គូស្វាមីភរិយាបន្តពូជ
ក. លក្ខណៈផ្ទាល់នៃអាពាហ៍ពិពាហ៍ និងស្នេហាជាគូស្វាមីភរិយាមានគោលដៅតម្រង់ទៅបន្តពូជនិងអប់រំកូន។ កូនៗ ជាអំណោយទានដ៏ប្រសើរបំផុតនៃការរស់ជាគូស្វាមីភរិយា ហើយក៏ជួយផ្តល់សេចក្តីសុខដល់ឪពុកម្តាយយ៉ាងខ្លាំងដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គថា “បើមនុស្សនៅតែឯងមិនស្រួលទេ” (កណ ២,១៨)។ តាំងពីដើមរៀងមក ព្រះអង្គប្រតិស្ឋានមនុស្សជាបុរសនិងជាស្រ្តី (មថ ១៩,៤) ព្រះអង្គក៏សព្វព្រះហឫទ័យឲ្យមនុស្សទទួលចំណែកពិសេសក្នុងកិច្ចប្រតិស្ឋានរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គប្រទានពរឲ្យបុរសនិងស្រ្តីថា “ចូរបង្កើត កូនចៅឲ្យបានកើនច្រើនឡើង” (កណ ១,២៨)។ដូច្នេះ ស្នេហាដ៏ពិតប្រាកដ តាមការយល់ឃើញយ៉ាងត្រឹមត្រូវ ដូចរចនាសម្ពន្ធនៃក្រុមគ្រួសារ ដែលហូរមកពីស្នេហានោះ ក៏តម្រង់ទៅជួយឲ្យគូស្វាមីភរិយាមានចិត្តទូលាយសហការ ជាមួយព្រះហឫទ័យស្រឡាញ់របស់ព្រះអាទិករ និងរបស់ព្រះសង្រ្គោះ គឺព្រះអង្គមានបំណងចង់ពង្រីកមហាគ្រួសាររបស់ព្រះអង្គ និងឲ្យមហាគ្រួសារនោះកាន់តែប្រសើរឡើងៗ ដោយសារគេ។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេច គោលដៅឯទៀតៗនៃការរស់នៅជាគូស្វាមីភរិយាដែរ។
ខ. គូស្វាមីភរិយាមានភារកិច្ចផ្ទាល់នឹងបន្តជីវិត ហើយអប់រំកូន។ ត្រូវចាត់ទុកថាភារកិច្ចនេះជាបេសកកម្មរបស់អ្នកទាំងពីរផ្ទាល់។ គូស្វាមីភរិយាដឹងខ្លួនថា គេជាសហការីនៃព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ជាព្រះអាទិករ ហាក់ដូចជាបកស្រាយព្រះហឫទ័យស្រឡាញ់នោះឲ្យអ្នកដទៃស្គាល់។ ហេតុនេះហើយបានជា គេត្រូវបំពេញបន្ទុកបន្តពូជទាំងទទួលការខុសត្រូវក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង។ ពេលសម្រេចចិត្តបន្តពូជអ្នកទាំងពីរត្រូវតែយល់ព្រមនឹងគ្នា រួមគ្នាខិតខំរិះគិត សម្រេចចិត្តយ៉ាងទៀងត្រង់ ទាំងសុខចិត្តស្តាប់តាមព្រះបញ្ជារបស់ព្រះជាម្ចាស់ដោយគោរព។ អ្នកទាំងពីរត្រូវរិះគិតថ្លឹងថ្លែងសេចក្តីសុខរបស់ខ្លួនផ្ទាល់ សេចក្តីសុខរបស់កូនៗដែលកើតរួចហើយ ហើយសេចក្តីសុខកូនដែលនឹងកើតនៅពេលអនាគត។ គេពិនិត្យពិចារណាអំពីសភាពការណ៍ខាងសម្ភារៈ និងខាងវិញ្ញាណនាសម័យគេរស់នៅនិងអំពីសភាពការណ៍របស់ខ្លួនគេផ្ទាល់។ គេគិតគូរអំពីសេចក្តីសុខក្នុងសហគមន៍ គ្រួសារ អំពីសេចក្តីត្រូវការរបស់សង្គមនៅនាលោកនេះ និងអំពីសេចក្តីត្រូវការរបស់ព្រះសហគមន៍ថែមទៀតផង។ គូស្វាមីភរិយាជាគ្រីស្តបរិស័ទត្រូវសម្រេចចិត្តបន្តពូជ ដោយខ្លួនគេផ្តាល់តែម្តង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ សូមឲ្យគូស្វាមីភរិយាជាគ្រីស្តបរិស័ទដឹងច្បាស់ថា គេមិនអាចរស់នៅនិងប្រព្រឹត្តតាមអំពើចិត្តបានទេ តែគេមានកាតព្វកិច្ចប្រព្រឹត្តតាមមនសិការរបស់ខ្លួនជានិច្ច គឺមនសិការដែលត្រូវស្របតាមធម្មវិន័យរបស់ព្រះជាម្ចាស់។ សូមឲ្យគូស្វាមីភរិយាយកចិត្តទុកដាក់ស្តាប់ការណែនាំព្រះសហគមន៍ ដែលមានអំណាចអាចបកស្រាយធម្មវិន័យនោះ តាមពន្លឺនៃដំណឹងល្អ។ ធម្មវិន័យរបស់ព្រះជាម្ចាស់នេះ សម្តែងយ៉ាងច្បាស់អំពីអត្ថន័យស្នេហារបស់គូស្វាមីភរិយាការពារសេចក្តី ស្រឡាញ់ និងណែនាំសេចក្តីស្រឡាញ់នោះឲ្យមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ។ គូស្វាមីភរិយាត្រូវផ្ញើជីវិតលើព្រះជាម្ចាស់ដែលថែរក្សាពិភពលោក និងត្រូវអប់រំខ្លួនឲ្យមានចិត្តលះបង់បូជាជីវិត (១ករ៧, ៥)។ ហេតុនេះហើយ បានជា ពេលគូស្វាមីភរិយាគ្រីស្តបរិស័ទទទួលការខុសត្រូវបំពេញមុខងាររបស់ខ្លួនជាអ្នកបន្តពូជ គេទទួលការខុសត្រូវដោយចិត្តទូលាយ ក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង។ ពេលនោះ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយតម្រង់ខ្លួនទៅជាមនុស្សពេញលក្ខណៈក្នុងអង្គព្រះគ្រីស្ត។ ក្នុងចំណោមអស់អ្នកដែលបំពេញកិច្ចបន្តពូជដែលព្រះជាម្ចាស់បានផ្ញើទុកឲ្យបំពេញនោះ ត្រូវចាប់អារម្មណ៍យ៉ាងពិសេសចំពោះអ្នកដែលព្រមពៀងគ្នា ក្រោយពីបានពិគ្រោះជាមួយគ្នា សុខចិត្តបង្កើតកូនឲ្យបានច្រើន និងអប់រំឲ្យបានថ្លៃថ្នូរដោយចិត្តទូលាយ។
គ. ប៉ុន្តែ ព្រះជាម្ចាស់តែងតាំងការរស់នៅជាគូស្វាមីភរិយាមិនគ្រាន់តែសម្រាប់បន្តពូជប៉ុណ្ណោះទេ។ លក្ខណៈផ្ទាល់របស់សម្ពន្ធមេត្រីចងបុរសនិងស្រ្តីដែលស្រាយមិនបាន ហើយសេចក្តីសុខរបស់កូនៗ ទាមទារឲ្យសេចក្តីស្រឡាញ់របស់គូស្វាមីភរិយាបានទៀងត្រង់ និងរីកចម្រើនឡើងៗជាលំដាប់។ ហេតុនេះហើយ ត្រូវចាត់ការរស់នៅរបស់គូស្វាមីភរិយាដែលគ្មានកូន ផ្ទុយនឹងបំណងប្រាថ្នាយ៉ាងខ្លាំងរបស់គេ ទុកជាសហគមន៍មួយ និងជាការរួបរួមទាំងស្រុងប្រចាំជីវិតដែលនៅតែមានតម្លៃយ៉ាងថ្លៃថ្នូរ និងមិនអាចស្រាយបានដែរ។
៥១- ស្នេហារបស់គូស្វាមីភរិយានិងការគោរពជីវិត។
ក. មហាសន្និបាតដឹងច្បាស់ថា សព្វថ្ងៃគូស្វាមីភរិយា ដែលមានបំណងចង់ណែនាំការរស់នៅរបស់ខ្លួនយ៉ាងសមរម្យ ត្រូវតែប្រឈមមុខជាញឹកញាប់នឹងសភាពការណ៍ជីវភាពខ្លះៗមិនស្រួល គ្មានលទ្ធភាពអាចបង្កើនចំនួនកូនរបស់ខ្លួនបានឡើយ យ៉ាងហោចណាស់ក្នុងរយៈពេលមួយប៉ុណ្ណោះ។ ហេតុនេះ គេពិបាកប្រព្រឹត្តតាមសេចក្តីស្នេហាដ៏ស្មោះភក្តីរបស់គេ និងរួមរស់យ៉ាងពេញលេញតាមឋានៈជាគូស្វាមីភរិយាដែរ។ ប្រសិនបើគូស្វាមីភរិយាដាច់រួមបវេណី គេប្រហែលពិបាកស្រឡាញ់គ្នាយ៉ាងស្មោះភក្តី ហើយក៏អាចបណ្តាលឲ្យសេចក្តីសុខរបស់កូនៗពិបាកដែរ។ នៅក្នុងករណីនោះ ការអប់រំកូនៗក៏សែនពិបាក ហើយគូស្វាមីភរិយាប្រហែលនឹងខ្វះសេចក្តីក្លាហានទទួលកូននៅពេលក្រោយតទៅទៀត។
ខ. មានគូស្វាមីភរិយាខ្លះ ហ៊ានដោះស្រាយបញ្ហាទាំងនេះតាមរបៀបទុច្ចរិតខុសវិន័យ រហូតដល់ហ៊ានសម្លាប់កូនទៅទៀត។ ព្រះសហគមន៍សូមរំឭកថា វិន័យទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ណែនាំអំពីការបន្តជីវិត និងវិន័យដែលជួយឲ្យសេចក្តី ស្រឡាញ់ដ៏ពិតប្រាកដរបស់គូស្វាមីភរិយាចម្រើនឡើង មិនទាស់ទែងគ្នាឡើយ។
គ. ព្រះជាម្ចាស់ជាប្រភពនៃជីវិត ព្រះអង្គបានផ្ញើមុខងារបន្តជីវិតឲ្យមនុស្សលោក ជាមុខងារដ៏ប្រសើរថ្លៃថ្នូរ។ មនុស្សត្រូវ តែបំពេញមុខងារនេះតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។ ហេតុនេះហើយបានជាត្រូវរក្សាទុកជីវិតតាំងតែពីពេលទារកចាប់ផ្ទៃមក ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ការពន្លូតកូន ឬការធ្វើឃាតកូន ពិតជាបទឧក្រិដ្ឋដ៏អប្រិយគួរឲ្យស្អប់ខ្ពើមណាស់។គុណសម្បត្តិរបស់មនុស្ស ដែលមានភេទ និងដែលមានអំណាចអាចបង្កើតកូនប្រសើរអស្ចារ្យ ច្រើនជាងគុណសម្បត្តិសត្វឯទៀតៗដែលមានជីវិតកម្រិតទាប។ ហេតុនេះហើយ បានជាគូស្វាមីភរិយាត្រូវគោរពកាយ វិការពិសេសដែលខ្លួនប្រព្រឹត្តសម្រាប់បន្តជីវិតយ៉ាងខ្លាំងឲ្យបានស្របតាមតម្លៃថ្លៃថ្នូរដ៏ពិតប្រាកដរបស់មនុស្ស។ ពេលគូស្វាមីភរិយាត្រូវសម្រួលស្នេហា នឹងការបន្តជីវិតក្នុងឋានៈជាអ្នកទទួលខុសត្រូវនោះ ត្រូវនឹកគិតថាចរិយាសីលធម៌ក្នុង ការប្រព្រឹត្តមិនអាស្រ័យតែលើចិត្តគំនិតដ៏ស្មោះត្រង់របស់គេ ឬមិនអាស្រ័យដោយគេថ្លឹងថ្លែងមូលហេតុផ្សេងៗប៉ុណ្ណោះទេ តែត្រូវសម្រេចចរិយាសីលធម៌តាមកត្តាខ្លះដែលប្រកែកមិនបាន ដែលហូរមកពីលក្ខណៈរបស់បុគ្គលនិងសភាព នៃកិច្ចការដែលគេប្រព្រឹត្តនោះវិញ។ លក្ខណៈសម្រាប់ថ្លឹងថ្លែងវិនិច្ឆ័យទាំងនោះ ក៏គោរពអត្ថន័យរបស់គូស្វាមីភរិយា ដែលប្រគល់ខ្លួនឲ្យគ្នាទៅវិញទៅមក និងអត្ថន័យនៃកិច្ចបន្តជីវិត ស្របតាមលក្ខណៈខ្លួនគេជាមនុស្ស ក្នុងបរិយាកាស នៃសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ប្រសិនបើគូស្វាមីភរិយាមិនប្រព្រឹត្តតាមព្រហ្មចារិយធម៌ដោយចិត្តស្មោះទេ គេមិនអាចសម្រេចដូច្នេះបានឡើយ។ អំពីការពន្យារកំណើតកូន បុត្រធីតានៃព្រះសហគមន៍ ដែលអនុវត្តតាមគោលការណ៍ព្រះសហគមន៍ គ្មានសិទ្ធិប្រព្រឹត្តតាមមាគ៌ាដែលការណែនាំព្រះសហគមន៍មិនយល់ព្រមនោះទេ ព្រោះការណែនាំនេះមានតូនាទីបកស្រាយធម្មវិន័យរបស់ព្រះជាម្ចាស់។
ឃ. សូមឲ្យមនុស្សទាំងអស់ជ្រាបយ៉ាងច្បាស់ថា មិនត្រូវនឹកគិតអំពីជីវិតមនុស្ស និងអំពីបន្ទុកបន្តពូជនោះ ដោយនឹកត្រឹមតែ ពីលោកនេះប៉ុណ្ណោះទេ ហើយក៏គ្មានអត្ថន័យយ៉ាងពេញលេញត្រឹមតែក្នុងលោកនេះដែរ។ ត្រូវរិះគិតអំពីជីវិត មនុស្សនិងបន្ទុកនៃការបន្តពូជ ដោយនឹកជានិច្ចដល់វាសនារបស់មនុស្ស ជាវាសនា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។
៥២- មនុស្សទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងតម្លៃនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ
ក. ក្រុមគ្រួសារហាក់ដូចជាសាលាអប់រំមនុស្សឲ្យចម្រើនឡើង។ ក៏ប៉ន្តែ ក្រុមគ្រួសារនេះ ទាមទារឲ្យសមាជិកទាំងអស់រួបរួមគ្នាដោយចិត្តថ្លើមតែមួយ ឲ្យគូស្វាមីភរិយាចែករំលែកគំនិតយោបល់របស់ខ្លួន ហើយក៏ទាមទារឲ្យឪពុកម្តាយយកចិត្តទុកដាក់រួមសហការក្នុងកិច្ចអប់រំកូនៗដែរ ទើបក្រុមគ្រួសារនេះ អាចទៅដល់ជីវិតរបស់ខ្លួនយ៉ាងពេញលេញ និងអាចបំពេញបេសកកម្មរបស់ខ្លួនឲ្យបានពេញលក្ខណៈ។ ឪពុកត្រូវមានវត្តមានយ៉ាងសកម្ម ទើបគាត់អាចជួយជាខ្លាំងក្នុងការអប់រំ កូនបាន។ ក៏ប៉ុន្តែ កូនៗ ជាពិសេសកូនៗតូចជាងគេ ត្រូវការម្តាយជាចំាបាច់។ ហេតុនេះហើយបានជាត្រូវបណ្តោយ ឲ្យម្តាយមានលទ្ធភាពអាចថែទាំក្រុមគ្រួសាររបស់ខ្លួនបាន។ តែមិនត្រូវបំភ្លេចថា សិទ្ធិស្រ្តីកំពុងចម្រើនឡើងក្នុងសង្គមដែរ។ សូមអប់រំកូនៗយ៉ាងណា ដើម្បីឲ្យនៅពេលវាពេញវ័យ វាចេះទទួលខុសត្រូវ អាចតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅគេ។ ប្រសិនបើ ព្រះអង្គត្រាស់ហៅឲ្យគេកាន់សាសនា គេនឹងអាចជ្រើសរើសរបៀបរស់នៅរបស់ខ្លួន។ ប្រសិនបើគេរៀបអាពាហ៍ពិពាហ៍ ឲ្យគេអាចបង្កើតក្រុមគ្រួសាររបស់ខ្លួនផ្ទាល់បាន ដោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមសីលធម៌ តាមសង្គម និងតាមសេដ្ឋកិច្ចទៀតផង។ ឪពុកម្តាយ ឬអាណាព្យាបាល មានភារកិច្ចណែនាំកូនៗដោយទូន្មានគេដោយប្រាជ្ញា ក្នុងការរៀបអាពាហ៍ពិពាហ៍។ ទោះបីយុវជនចូលចិត្តស្តាប់គាត់ក្តី ក៏គាត់ត្រូវប្រយ័ត្ន កុំបង្ខំចិត្តគេដោយត្រង់ៗ ឬដោយប្រយោល ជំរុញគេឲ្យរៀបអាពាហ៍ពិពាហ៍ឬឲ្យជ្រើសរើសគូស្រករ។
ខ. ក្រុមគ្រួសារពិតជាកន្លែងដែលមនុស្សច្រើនតំណអាចជួបគ្នាបាន និងអាចជួយគ្នាទៅវិញទៅមក ឲ្យទទួលប្រាជ្ញាកាន់តែទូលំទូលាយឡើងដែរ។ ក្រុមគ្រួសារក៏ពិតជាកន្លែងសម្រួលសិទ្ធិបុគ្គលម្នាក់ៗ ជាមួយសិទ្ធិបុគ្គលដទៃទៀតក្នុងសង្គមផង។ ហេតុនេះហើយ បានជាក្រុមគ្រួសារពិតជាគ្រឹះនៃសង្គមមែន។ អស់លោកអ្នកដែលមានឥទ្ធិពលលើសហគមន៍នានានិងនៅលើក្រុមផ្សេងៗក្នុងសង្គម ត្រូវយកចិត្តទុកដាក់ពង្រឹងការរស់នៅជាគូស្វាមីភរិយា និងក្រុមគ្រួសារយ៉ាងសកម្ម។ សូមឲ្យរដ្ឋអំណាចទទួលស្គាល់លក្ខណៈដ៏ពិតប្រាកដនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារថែរក្សាការពារ និងធ្វើឲ្យការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារចម្រើនឡើង ការពារសីលធម៌សាធារណៈ និងជួយជីវភាពក្រុមគ្រួសារទៀតផង។ សូមឲ្យរដ្ឋអំណាចចាត់ទុកថា ការទាំងនោះជាកាតព្វកិច្ចដ៏សក្ការៈរបស់ខ្លួន។ ត្រូវធានាសិទ្ធិឪពុកម្តាយឲ្យបង្កើតកូន និងសិទ្ធិឲ្យអប់រំកូនៗក្នុងរង្វង់ក្រុមគ្រួសារដែរ។ត្រូវបង្កើតក្បួនច្បាប់និងឲ្យមានក្រុមផ្សេងៗ ដើម្បីការពារនិងផ្តល់ជំនួយតាមសេចក្តីត្រូវការ ដល់អស់អ្នកដែលបាត់បង់ក្រុមគ្រួសារ ដែលគួរឲ្យអាណិត។
គ. គ្រីស្តបរិស័ទចេះប្រើប្រាស់ពេលវេលា (អភ ៥,១៦ កូឡ ៤,៥) ត្រូវវែកញែកអ្វីៗដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច និងអ្វីៗដែលតែងតែប្រែប្រួល ហើយត្រូវពង្រឹងតម្លៃនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារយ៉ាងសកម្ម។ គេនឹងផ្តល់សក្ខីភាពអំពីការរស់នៅរបស់ខ្លួនគេផ្ទាល់ផង និងដោយរួមសហការជាមួយអស់មនុស្ស ដែលមានឆន្ទៈល្អផង។ ធ្វើដូច្នេះគេដកសេចក្តីពិបាកចេញពីក្រុមគ្រួសារ ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ក្រុមគ្រួសារ និងធានាឲ្យក្រុមគ្រួសារទាំងនោះទទួលអត្ថប្រយាជន៍នៃសម័យទំនើបដូចគេដែរ។ គំនិតទូទៅរបស់គ្រីស្តបរិស័ទ មនសិការដ៏ទៀងត្រង់របស់មនុស្សលោកខាងសីលធម៌ ប្រាជ្ញា និងសមត្ថភាពរបស់អស់អ្នកដែលរៀនខាងវិទ្យាសាសនា មុខជានឹងជួយយ៉ាងខ្លាំងឲ្យគោលការណ៍ទាំងនោះបានសម្រេច។
ឃ. អ្នកបច្ចេកទេសខាងវិទ្យាសាស្រ្ត ជាពិសេសអ្នកបច្ចេកទេសខាងជីវវិទ្យា វិជ្ជាពេទ្យ សង្គមវិទ្យា ចិត្តវិទ្យា សុទ្ធតែអាចជួយ ពង្រឹងការរស់នៅជាគូស្វាមីភរិយានិងក្រុមគ្រួសារ និងជួយធ្វើឲ្យមនសិការបានស្ងប់ស្ងៀម។ អ្នកបច្ចេកទេសទាំងនោះ អាចធ្វើការសិក្សាសំដៅទៅទិសដៅតែមួយ និងយកចិត្តទុកដាក់បញ្ជាក់កាន់តែច្បាស់អំពីសភាពការណ៍ ដែលជួយមនុស្សក្នុងកិច្ចពន្យារកំណើតកូនផង។
ង. អស់លោកបូជាចារ្យដែលទទួលការអប់រំអំពីក្រុមគ្រួសារ មានភារកិច្ចជួយគាំទ្រគូស្វាមីភរិយា ឲ្យរស់នៅតាមឋានៈរបស់ខ្លួនជារបៀបរស់នៅដែលព្រះជាម្ចាស់ត្រាស់ហៅគេ។ ត្រូវជួយគេតាមមធ្យាបាយផ្សេងៗនៃការណែនាំ ដោយធ្វើពិធីអត្ថាធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ជូនគេ ដោយធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ និងដោយផ្តល់ជំនួយឯទៀតៗខាងព្រះវិញ្ញាណផង។ត្រូវមានចិត្តមេត្តានិងអត់ធ្មត់ខន្តី ជួយពង្រឹងគេឲ្យឆ្លងកាត់ការពិបាកនានារបស់គេ។ ត្រូវលើកទឹកចិត្តគេដោយចិត្តស្រឡាញ់ ដើម្បីឲ្យគេទៅជាក្រុមគ្រួសារបញ្ចេញរស្មីដ៏ត្រចះត្រចង់អំពីសុខដុមរមនាយ៉ាងពិតប្រាកដ។
ច. មានអង្គការផ្សេងៗ ដូចជាសមាគមក្រុមគ្រួសារ យកចិត្តទុកដាក់បង្រៀនលទ្ធិនៃគ្រីស្តសាសនា និងមានសកម្មភាព បង្រៀនយុវជន និងគូស្វាមីភរិយាជាពិសេសគូស្វាមីភរិយាថ្មីៗ ឲ្យរស់នៅជាក្រុមគ្រួសារ ក្នុងសង្គម និងឲ្យទៅជាគ្រីស្ត ទូតថែមទៀតផង។
ឆ. នៅទីបញ្ចប់ សូមឲ្យគូស្វាមីភរិយា ដែលព្រះជាម្ចាស់ប្រតិស្ឋានឲ្យមានលក្ខណៈដូចព្រះអង្គដែលមានព្រះជន្មគង់នៅ គឺគូស្វាមីភរិយាដែលរស់នៅតាមរបៀបរៀបរយដ៏ពិតប្រាកដ សូមរួមគ្នាដោយចិត្តថ្លើមតែមួយ មានគំនិតតែមួយ ជួយគ្នាឲ្យបានវិសុទ្ធទៅវិញទៅមក។ សូមដើរតាមព្រះគ្រីស្ត ជាដើមកំណើតនៃជីវិត (រម ៥,១៥ និង១៨ ៦,៥-១១; កាឡ ២,២០)ទាំងឆ្លងកាត់អំណរសប្បាយ ទាំងបូជាជីវិតតាមតែព្រះជាម្ចាស់ត្រាស់ហៅឲ្យរស់នៅជាគូស្វាមីភរិយានោះ។ ដោយសេចក្តីស្រឡាញ់ដ៏ស្មោះភក្តីថែមទៀត សូមឲ្យគូស្វាមីភរិយាទាំងនោះទៅជាសាក្សីអំពីគម្រោងការដ៏អស្ចារ្យនៃព្រះហឫទ័យស្រឡាញ់ ដែលព្រះអម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់ ដោយព្រះអង្គសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង។ (ភាគទី២)
៣. មនុស្សរស់នៅក្នុងសង្គម
មនុស្សជាបុគ្គលមួយ ដែលរស់នៅក្នុងសង្គម។ ប្រសិនបើមនុស្សគ្មានទំនាក់ទំនងជាមួយអ្នកដទៃ គេមិនអាចរស់នៅបានទេ ហើយគេក៏មិនអាចធ្វើឲ្យទេពកោសល្យរបស់ខ្លួនចម្រើនឡើងបានដែរ។ មនុស្សយើងទៅជាមនុស្សពេញលក្ខណៈអោយតែយើងចេះរួមជាមួយគ្នាក្នុងសង្គម។
តាម “អំណរ និងក្តីសង្ឃឹម”៖
២៤- ព្រះជាម្ចាស់បានត្រាស់ហៅមនុស្សឲ្យមានលក្ខណៈជាសង្គម
ក. ព្រះជាម្ចាស់ជាព្រះបិតា ថែរក្សាការពារមនុស្សទាំងអស់ជាបុត្រធីតារបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់ចូលរួមជាមហាគ្រួសារតែមួយ និងរាប់គ្នាទុកជាបងប្អូនទៅវិញទៅមក។ ព្រះអង្គបានប្រតិស្ឋានមនុស្សទាំងអស់ឲ្យមានលក្ខណៈដូចព្រះអង្គ “ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល” (កក ១៧,២៦)។ ព្រះជាម្ចាស់ត្រាស់ហៅឲ្យមនុស្សទាំងអស់មានទិសដៅតែមួយគត់ គឺព្រះអង្គតែម្តង។
ខ. ហេតុនេះហើយបានជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់និងចំពោះអ្នកដទៃ ជាវិន័យទីមួយដ៏សំខាន់ជាងគេ។ ក្នុងព្រះគម្ពីរមានចែងថាការស្រឡាញ់ព្រះជាម្ចាស់ មិនអាចបែកចេញពីការស្រឡាញ់អ្នកដទៃទេ។ វិន័យឯទៀតៗសង្ខេបមកជាវិន័យតែមួយនេះថា “ចូរស្រឡាញ់អ្នកឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ...”។ “សេចក្ដីស្រឡាញ់នាំឲ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ” (រម ១៣,១០; ១យហ ៤,២០)។ សេចក្តីនេះមានសារៈសំខាន់ជាទីបំផុតនិង ជាក់ស្តែងសម្រាប់មនុស្សលោកដែលកាន់តែពឹងផ្អែកគ្នាទៅវិញទៅមក ក្នុងពិភពលោក ដែលកាន់តែរួមគ្នាជាធ្លុងតែមួយ។
គ. សូមរិះគិតឲ្យបានជ្រៅជាងទៅទៀត។ ពេលព្រះអម្ចាស់យេស៊ូអង្វរព្រះបិតា ព្រះអង្គ“សូមឲ្យមនុស្សទាំងអស់រួមជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ” (យហ ១៧,២១.២២)។ព្រះយេស៊ូប្រទានទស្សនៈមួយ ដែលប្រាជ្ញាមនុស្សលោកគិតមិនដល់ គឺព្រះអង្គដូចជាផ្តល់គំនិតថា ពេលបុត្រធីតារបស់ព្រះជាម្ចាស់រួបរួមគ្នាក្នុងសេចក្តីពិត និងក្នុងសេចក្តីស្រឡាញ់គឺគេរួបរួមគ្នាម្យ៉ាងដូចព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ។ ដោយមនុស្សបានដូចព្រះត្រៃឯក ដូច្នេះ មនុស្សមានសមត្ថភាពនឹងស្គាល់លក្ខណៈរបស់ខ្លួនបានយ៉ាងពេញលេញ ហើយលុះត្រាតែគេប្រគល់ខ្លួនឲ្យអ្នកដទៃ ដោយមិនរកប្រយោជន៍ផ្ទាល់ខ្លួនសោះ (លក ១៧,៣៣) ព្រោះព្រះជាម្ចាស់សព្វព្រះហឫទ័យប្រតិស្ឋានមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ ខុសប្លែកពីសត្វលោកឯទៀតៗទាំងអស់។
២៥- បុគ្គលម្នាក់ៗនិងសង្គមមនុស្សជំពាក់ជំពិនជាមួយគ្នា
ក. មនុស្សមានលក្ខណៈជាសង្គម។ លក្ខណៈនោះបង្ហាញយ៉ាងជាក់ច្បាស់ថា ការអភិវឌ្ឍន៍បុគ្គលម្នាក់ៗ និងការអភិវឌ្ឍន៍សង្គមជំពាក់ជំពិនគ្នាទៅវិញទៅមក។ បុគ្គលម្នាក់ៗតាមសភាពរបស់ខ្លួនជាមនុស្ស ត្រូវរស់នៅក្នុងសង្គម ជាតម្រូវការដ៏ចាំបាច់។ប៉ុន្តែ មនុស្សជា (និងត្រូវជា) ដើមកំណើត ជាប្រធាន និងជាទិសដៅរបស់ស្ថាប័នទាំងអស់។ ការរស់នៅក្នុងសង្គមមិនមែនបន្ថែមអ្វីលើលក្ខណៈមនុស្សទេ។ មនុស្សចម្រើនឡើងគ្រប់វិស័យ នឹងអាចទៅដល់ទិសដៅកំណត់របស់ខ្លួនបាន លុះត្រាតែខ្លួនមានទំនាក់ទំនងជាមួយអ្នកដទៃ ជួយបម្រើគ្នាទៅវិញទៅមក និងនិយាយសន្ទនាជាមួយមនុស្សជាបងប្អូន។
ខ. មនុស្សត្រូវការចំណងខាងសង្គមជាចំាបាច់ ដើម្បីបុគ្គលិកលក្ខណៈរបស់ខ្លួនចម្រើនឡើង។ ក្នុងចំណោមចំណងទាំងនោះក្រុមគ្រួសារនិងសហគមន៍រស់នៅក្នុងភូមិស្រុក ទាក់ទិនចំៗនឹងលក្ខណៈដ៏ជ្រៅរបស់មនុស្ស។ មានចំណងខ្លះមកពីសេរីភាពនៃសេចក្តីប៉ងប្រាថ្នារបស់ខ្លួន។ សព្វថ្ងៃមានកត្តាផ្សេងៗបណោ្តយឲ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងការ ជំពាក់ជំពិនទៅវិញទៅមក មានកាន់តែច្រើនឡើងឥតឈប់ឈរ។ ហេតុនេះហើយ បានជាកើតសមាគម និងស្ថាប័នផ្សេងៗតាមសិទ្ធិឯកជនឬសិទ្ធិសាធារណៈ។ យើងតែងតែហៅការនេះថា “សង្គមនិយកម្ម”។ គង់តែ “សង្គមនិយកម្ម”នេះបណ្តាលឲ្យកើតវិបត្តិខ្លះក៏ប៉ុន្តែនាំប្រយោជន៍ជាច្រើន ដែលផ្តល់លទ្ធភាពឲ្យមនុស្សពង្រឹងបុគ្គលិកលក្ខណៈរបស់ខ្លួន និងបណ្តាលឲ្យគុណសម្បត្តិរបស់គេចម្រើនឡើង ហើយធានាសិទ្ធិថែមទៀត។
គ. បុគ្គលម្នាក់ៗទទួលផលប្រយោជន៍ជាច្រើនពីការរស់នៅក្នុងសង្គម ដើម្បីឲ្យខ្លួនសម្រេចតាមគោលដៅនៃជីវិតដែលព្រះជាម្ចាស់បានកំណត់ទុក សូម្បីតែគោលដៅខាងសាសនាក្តី ក៏ការរស់នៅក្នុងសង្គមជួយដែរ។ក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថា មនុស្សជាច្រើនបែរចេញពីការប្រព្រឹត្តអំពើល្អ ទៅប្រព្រឹត្តអំពើអាក្រក់វិញ ដោយសារការទាក់ទាញពីបរិស្ថានក្នុងសង្គម ជាកន្លែងគេធ្លាប់រស់នៅតាំងពីកើតមក។ យើងឃើញជាញឹកញាប់ថា គេប្រព្រឹត្តខុសគន្លងក្នុងការរស់នៅក្នុងសង្គម មកពីមានការតឹងតែងក្នុងរចនាសម្ពន្ធសេដ្ឋកិច្ច នយោបាយនិងសង្គម។ ប៉ុន្តែ បើយើងរកមូលហេតុយ៉ាង ជ្រៅជាង គឺគេប្រព្រឹត្តខុសគន្លងមកពីមនុស្សមានអំណួត និងគេគិតតែពីខ្លួនឯង បណ្តាលឲ្យខូចដល់បរិយាកាសក្នុងសង្គម។ តាំងពីកើតមក មនុស្សមានទំនោរ ដែលនាំឲ្យប្រព្រឹត្តអំពើបាបរួចហើយ ប៉ុន្តែបើអំពើបាបបានបង្ខូចរបៀបរៀបរយរបស់ពិភពលោកថែមទៀត គេមានមូលហេតុថ្មីៗ ទាក់ទាញឲ្យគេប្រព្រឹត្តអំពើបាប។ប្រសិនបើគេមិនខិតខំយ៉ាងខ្លាំង ហើយបើគ្មានព្រះជាម្ចាស់ជួយប្រោសប្រណី គេមិនអាចឈ្នះទំនោរអាក្រក់ទាំងនោះបានឡើយ។
២៦- ត្រូវគិតគូររកប្រយោជន៍រួម
ក. ចំណងមនុស្សនឹងមនុស្សរឹតតែខ្លាំងឡើងបន្តិចម្តងៗ ហើយលាតសន្ធឹងទៅលើពិភពលោកទាំងមូល។ ហេតុនេះហើយបានជា ប្រយោជន៍រួមក៏លាតត្រដាងទៅលើពិភពលោកទាំងមូលកាន់តែសកល ហើយពាក់ព័ន្ធនឹងសិទ្ធនិង ភារកិច្ចរបស់មនុស្សជាតិទាំងមូល។ ពាក្យ “ប្រយោជន៍រួម” មានន័យថា លក្ខណៈទាំងប៉ុន្មានក្នុងសង្គម ដែលហុចឲ្យទាំងក្រុមផ្សេងៗ ទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាចបានពេញលក្ខណៈកាន់តែពេញលេញនិងកាន់តែស្រួលឡើង។ក្រុមនីមួយៗត្រូវយល់ដល់សេចក្តីត្រូវការ និងដល់សេចក្តីប៉ងប្រាថ្នាដ៏ត្រឹមត្រូវនៃក្រុមឯទៀតៗហើយក៏ត្រូវ យល់ដល់ប្រយោជន៍រួមនៃក្រុមគ្រួសារមនុស្សទាំងអស់។
ខ. នៅពេលជាមួយគ្នានេះ មនុស្សយល់កាន់តែច្បាស់អំពីកិត្តិយសដ៏ថ្លៃថ្នូរបំផុតរបស់បុគ្គលម្នាក់ៗ ដែលមានតម្លៃលើសអ្វីៗទាំងអស់ ហើយដែលមានសិទ្ធិនិងភារកិច្ចនៅគ្រប់កន្លែងក្នុងពិភពលោក គ្មាននរណាមានសិទ្ធិរំលោភបាន។ ហេតុនេះហើយ ត្រូវរកមធ្យោបាយធ្វើយ៉ាងណា ឲ្យមនុស្សអាចឈានទៅដល់អ្វីៗ ដែលខ្លួនត្រូវការ ដើម្បីរស់នៅតាមរបៀបសមនឹងឋានៈខ្លួនជាមនុស្សដ៏ពិតប្រាកដ។ ឧបមាថា ឲ្យគេមានចំណីអាហារ សម្លៀកបំពាក់ ផ្ទះនៅសិទ្ធិជ្រើសរើសរបៀបរស់នៅដោយសេរី បង្កើតក្រុមគ្រួសារ សិទ្ធិរៀនសូត្រ មានការងារធ្វើ មានកេរ្តិ៍ឈ្មោះ សិទ្ធិឲ្យគេគោរព ឲ្យមានពត៌មានដ៏សមរម្យ ឲ្យមានសិទ្ធិប្រព្រឹត្តតាមមនសិការដ៏ត្រឹមត្រូវរបស់ខ្លួន ឲ្យមានសិទ្ធការពារការរស់នៅផ្ទាល់ខ្លួន និងឲ្យមានសេរីភាពត្រឹមត្រូវ មានសេរីភាពខាងសាសនាជាដើម។
គ. ហេតុនេះរបៀបរៀបរយក្នុងសង្គមនិងការអភិវឌ្ឍន៍សង្គម ត្រូវបែរទៅរកប្រយោជន៍របស់បុគ្គលជានិច្ច ព្រោះវត្ថុត្រូវស្ថិតនៅក្រោមចំណុះរបស់បុគ្គល បុគ្គលមិនត្រូវស្ថិតនៅក្រោមចំណុះរបស់វត្ថុទេ។ ព្រះអម្ចាស់ប្រទានយោបល់ដោយមានព្រះបន្ទូលថា “ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទដើម្បីជាប្រយោជន៍ដល់មនុស្សព្រះអង្គមិនបានបង្កើតមនុស្សដើម្បីឲ្យបម្រើថ្ងៃសប្ប័ទឡើយ” (មក ២,២៧)។ ត្រូវយកព្រះបញ្ជានេះ មកអនុវត្តក្នុងវិស័យផ្សេងៗ គឺត្រូវយកសេចក្តីពិតធ្វើជាគ្រឹះក្នុងការកសាងសង្គមតាមយុត្តិធម៌។ ព្រះបញ្ជានេះ ត្រូវមានជីវិតរស់រវើកដោយសេចក្តីស្រឡាញ់ ហើយឲ្យកាន់តែស្របតាមលក្ខណៈជាមនុស្សដែលប្រកបដោយសេរីភាព។ យើងត្រូវខិតខំប្រែចិត្តគំនិតមនុស្ស ហើយផ្លាស់ប្តូរសង្គមស្ទើរតែទាំងស្រុង។
ង. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំពេលវេលា និងប្រែទ្រង់ទ្រាយនៃផែនដី តាមព្រះហឫទ័យមេត្តាករុណាថែរក្សាពិភពលោកជានិច្ច។ ព្រះវិញ្ញាណស្ថិតនៅការវិវឌ្ឍន៍នោះ។ ដំណឹងល្អដែលប្រៀបដូចជាមេក្នុងម្សៅ គឺបានបង្កើត និងនៅតែបង្កើត ឲ្យមនុស្សមានបំណងទាមទារកិត្តិយសដ៏ថ្លៃថ្នូរឃាត់មិនបាន។
៤. ព្រះគ្រីស្តសម្ដែងព្រះជាម្ចាស់ផង មនុស្សផង
ព្រះគ្រីស្តយាងមក ដើម្បីសម្ដែងឋានៈថ្លៃថ្នូររបស់មនុស្ស។ ដោយសារព្រះគ្រីស្តបន្ទាប់ខ្លួន មនុស្សក៏ត្រូវគេលើកតម្កើង។ ព្រះគ្រីស្តមិនមែនជាគូប្រឆាំងនឹងមនុស្ស ប៉ុន្តែបំភ្លឺជីវិតរបស់មនុស្សទៅវិញ។ ព្រះគ្រីស្តជាមនុស្សថ្មីស្របតាមគម្រោង ការណ៍ដើមរបស់ព្រះជាម្ចាស់។ អ្នកណាឃើញព្រះគ្រីស្ត អ្នកនោះក៏ឃើញមនុស្សថ្មីដែរ។ ព្រះគ្រីស្តសម្ដែងអោយយើងយល់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងអោយទៅជាព្រះគ្រីស្តថ្មីម្នាក់ៗ ដើម្បីទទួលការសង្រ្គោះ។
តាម “អំណរ និងក្តីសង្ឃឹម”៖
២២- ព្រះគ្រីស្តជាមនុស្សថ្មី
ក. តាមពិត ប្រសិនបើយើងចង់យល់ខ្លះៗអំពីការអាថ៌កំបាំងរបស់មនុស្ស យើងត្រូវតែរិះគិតក្នុងពន្លឺនៃគម្រោងការដ៏អស្ចារ្យរបស់ព្រះបន្ទូលដែលប្រសូតជាមនុស្ស គ្មានផ្លូវផ្សេងទៀតទេ។ លោកអាដំាជាមនុស្សមុនគេជាប្រផ្នូលរបស់មនុស្សម្នាក់ដែលត្រូវមកខាងក្រោយ ពោលគឺ ជាប្រផ្នូលរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ (រម ៥, ១៤) ព្រះអង្គពិតជាលោកអាដាំថ្មី។ពេលព្រះគ្រីស្តសម្តែងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបិតា និងការអាថ៌កំបាំងនៃព្រះហឫទ័យស្រឡាញ់របស់ ព្រះអង្គទ្រង់ក៏សម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំឲ្យគេស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់បានកំណត់ទុក។ យើងមិនត្រូវឆ្ងល់ដោយសេចក្តីពិតទាំងប៉ុន្មាននៅខាងលើ មានប្រភពចេញពីព្រះគ្រីស្ត និងទៅដល់ កំពូលដោយសារព្រះគ្រីស្តផងដែរ។
ខ. “ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ (កូឡ ១,១៥ ២ករ ៤៤)។ កាលពីដើមដោយលោកអាដាំប្រព្រឺត្តអំពើបាប លោកបង្ខូចមនុស្ស ឲ្យលែងបានដូចព្រះជាម្ចាស់។ តែព្រះគ្រីស្ត ដែលជាមនុស្សដ៏ពេញលក្ខណៈបានប្រោសឲ្យពូជពង្សរបស់លោកអាដាំបានដូចព្រះជាម្ចាស់វិញ។ ព្រះគ្រីស្តយកសភាពជាមនុស្សយ៉ាងពិតប្រាកដ មិនមែនជាព្រះជាម្ចាស់ប្រែក្រឡាជាមនុស្សទេ គឺព្រះអង្គលើកសភាពមនុស្សយើង ដើម្បីឲ្យសភាពមនុស្សយើងទទួលតម្លៃដ៏ថ្លៃថ្នូរយកអ្វីមកប្រៀបផ្ទឹមពំុបាន។ ដោយព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស ទ្រង់ដូចជាភ្ជាប់ព្រះអង្គជាមួយមនុស្សគ្រប់ៗរូប។ ព្រះអង្គបានធ្វើការចិញ្ចឹមជីវិតដោយផ្ទាល់ដៃជាមនុស្ស ព្រះអង្គបានរិះគិតដោយមានប្រាជ្ញាជាមនុស្សព្រះអង្គបានប្រព្រឹត្តកិច្ចការទាំងអស់ដោយសម្រេចសេចក្តីតាមរបៀបមនុស្ស ព្រះអង្គបានស្រឡាញ់ដោយមានចិត្តជាមនុស្ស។ព្រះអង្គប្រសូតដោយសារព្រះនាងព្រហ្មចារីនីម៉ារី ហើយបានទៅជាមនុស្សដូចយើងបិះបិទក្នុងគ្រប់ប្រការទាំងអស់ តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយ (ហប ៤,១៥)។
គ. ព្រះគ្រីស្តជាកូនចៀមដែលគ្មានទោសតែបានជីវិតជូនមកយើង ដោយព្រះអង្គសព្វព្រះហឫទ័យបូជាព្រះជន្មដោយគ្មាន នរណាបង្ខំឡើយ។ព្រះជាម្ចាស់បានសម្រុះសម្រួលយើងក្នុងអង្គព្រះគ្រីស្ត ឲ្យជានានឹងព្រះអង្គព្រមទាំងឲ្យជានាគ្នានឹង គ្នាផង (២ករ៥,១៨.១៩ កូឡ ១,២០,២២)។ ព្រះគ្រីស្តបានដកយើងឲ្យរួចពីធ្វើទាសកររបស់មារនិងរបស់បាប។ដូច្នេះ យើងម្នាក់ៗអាចនិយាយរួមជាមួយគ្រីស្តទូតប៉ូលថា៖ “ព្រះបុត្រារបស់ព្រះជាម្ចាស់បានស្រឡាញ់ខ្ញុំនិងបានបូជាព្រះជន្មសម្រាប់ខ្ញុំ” (កាឡ ២,២០)។ ដោយព្រះអង្គរងទុក្ខសម្រាប់យើង ព្រះអង្គមិនគ្រាន់តែធ្វើជាគំរូឲ្យយើងដើរតាម លំអានព្រះអង្គប៉ុណ្ណោះទេ (១សល ២,២១ មថ ១៦,២៤ លក ១៤, ២៧) តែព្រះអង្គបានបើកមាគ៌ាមួយ។ ប្រសិនបើយើងដើរតាមមាគ៌ានោះ ជីវិត និងសេចក្តីស្លាប់របស់មនុស្សយើងបានវិសុទ្ធ និងទទួលអត្ថន័យថ្មីផង។
ឃ. គ្រីស្តបរិស័ទយើងបានត្រឡប់ឲ្យទៅដូចជាព្រះបុត្រាជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន។(រម ៨,២៩ កូឡ ១, ១៨) និង “បានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ” (រម៨,២៣) ដែលប្រោសឲ្យយើងមានសមត្ថភាពអាចប្រព្រឹត្តតាមធម្មវិន័យថ្មី គឺតាមសេចក្តីស្រឡាញ់ (រម ៨,១.១១; ២ករ ៤,១៤)។ មនុស្សប្រែជាថ្មីទាំងស្រុងពីខាងក្នុង ដោយសារព្រះវិញ្ញាណនេះដែល “បញ្ចាំចិត្តយើង “(អភ ១, ១៤) ទាំងរង់ចាំព្រះជាម្ចាស់លោះរូបកាយយើង (រម ៨,២៣) គឺថា “ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មថ្មីដ៏រុងរឿងទ្រង់សណ្ឋិតនៅ ក្នុងបងប្អូនមែននោះព្រះអង្គដែលបានប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសឲ្យរូបកាយរបស់ បងប្អូនដែលរមែងតែងតែស្លាប់នោះមានជីវិតដោយសារព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ ៉(រម ៨,១១) ក៏ប៉ុន្តែ គ្រីស្តបរិស័ទមានកាតព្វកិច្ចត្រូវប្រឆាំងនឹងសេចក្តីអាក្រក់ជាចាំបាច់មែន ទោះបីខ្លួនត្រូវប្រឈមមុខនឹងទុក្ខជាច្រើននិងសេចក្តីស្លាប់ក៏ដោយ។ ដោយយើងរួមជាមួយព្រះយេស៊ូដែលសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង នៅពេលយើងស្លាប់យើងនឹងបានដូចព្រះគ្រីស្តហើយមានសេចក្តីសង្ឃឹមពង្រឹងចិត្តយើង។ដូច្នេះយើងក៏ធ្វើដំណើរទៅ ទទួលជីវិតថ្មីដ៏រុងរឿងដែរ (ភល ៣, ១០; រម ៨, ១៧)។
ង. សេចក្តីនេះមិនគ្រាន់តែសំដៅទៅដល់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តប៉ុណ្ណោះទេ តែសំដៅទៅដល់មនុស្សទាំងអស់ដែលមានឆន្ទៈល្អ ដោយមានព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់បំពេញសកម្មភាពក្នុងគេដោយមើលមិនឃើញ (ពន្លឺ ១៦)។ ដោយព្រះគ្រីស្តសោយទិវង្គតដើម្បីមនុស្សទាំងអស់ (រម ៨,៣២) និងដោយព្រះជាម្ចាស់កំណត់ទីដៅតែមួយឲ្យជីវិតមនុស្សយ៉ាងពិតមែននោះ ពោលគឺឲ្យរួមរស់ជាមួយព្រះអង្គ យើងត្រូវតែយល់ថា ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យមនុស្ស ទាំងអស់អាចរួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង តាមរបៀបដែលព្រះជាម្ចាស់ស្គាល់។
ច. ការអាថ៌កំបាំងនៃជីវិតមនុស្សពិតជាមានតម្លៃដ៏អស្ចារ្យយ៉ាងនេះមែន។ ព្រះគ្រីស្តសម្តែងតម្លៃដ៏អស្ចារ្យនៃការអាថ៌កំបាំងរបស់ជីវិតមនុស្សបែបនេះ ឲ្យអ្នកផ្ញើជីវិតលើព្រះអង្គស្គាល់។ ហេតុនេះហើយបានជា ដោយសារព្រះគ្រីស្ត និងដោយរួមក្នុងអង្គព្រះគ្រីស្ត យើងអាចយល់អំពីបញ្ហាដ៏អាថ៌កំបាំងនៃទុក្ខនិងនៃសេចក្តីស្លាប់ ដែលសង្កត់ពីលើមនុស្សយើង។ ក្រៅពីដំណឹងល្អរបស់ព្រះគ្រីស្ត គ្មាននរណាអាចយល់អំពីអាថ៌កំបាំងទាំងនោះបានឡើយ។ ព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង។ ដោយព្រះអង្គសោយទិវង្គត ព្រះអង្គបានឈ្នះសេចក្តីស្លាប់ និងប្រទានជីវិតឲ្យយើងយ៉ាងបរិបូណ៌ ដើម្បីឲ្យយើងទៅជាបុត្រធីតារួមក្នុងអង្គព្រះបុត្រា និងបន្លឺសម្លេងដោយរួមក្នុងអង្គព្រះវិញ្ញាណថា “អប្បា! ឪ! ព្រះបិតា!” (រម ៨,១៥; កឡ ៤,៦; យហ ១,១២; ១យហ ៣,២ ១)។
៥. សំណួរ៖
១. ព្រះជាម្ចាស់បានបង្កើត និងត្រាស់ហៅយើង។ យើងម្នាក់ៗជាមនុស្សម្នាក់។ ប៉ុន្តែ អ្វីទៅជាមនុស្ស? យើងមិនអាចឆ្លើយនឹងសំណួរនេះ ដូចជាយើងនឹងឆ្លើយចំពោះសម្ភារៈណាមួយ (តុ ឡាន...) ដ្បិតមនុស្សជារូបតំណងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គ ដែលជាអាថ៌កំបាំង។ ប៉ុន្តែ យើងអាចបង្ហាញលក្ខណៈពិសេសខ្លះៗរបស់មនុស្ស ដែលធ្វើអោយគេមានឋានៈដ៏ថ្លៃថ្នូរ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សអោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ។ មនុស្សយើងមានសេរីភាព ដោយសារយើងមានប្រាជ្ញា ធ្វើអោយយើងចេះទទួលខុសត្រូវ ចេះស្តាប់មនសិការរបស់ខ្លួន ដើម្បីអាចមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ មនុស្សទាំងស្រុងជារូបកាយ ព្រឡឹង និងវិញ្ញាណ។
- តើខ្ញុំដឹងខ្លួនយ៉ាងដូចម្ដេចថា ខ្ញុំទទួលជីវិតពីព្រះជាម្ចាស់?
- តើការនេះផ្លាស់ប្តូរអ្វីខ្លះក្នុងជីវិតខ្ញុំ?
- តើព្រះជាម្ចាស់ ដែលប្រោសប្រទានជីវិតអោយខ្ញុំ ត្រាស់ហៅខ្ញុំអោយធ្វើអ្វីខ្លះ?
- នៅពេលដែលខ្ញុំដឹងខ្លួនអំពីព្រះជាម្ចាស់ ជាអ្នកបង្កើតខ្ញុំ តើខ្ញុំគិតអ្វីខ្លះអំពីព្រះអង្គ?
- តើខ្ញុំយល់ថា ព្រះជាម្ចាស់ជាព្រះបិតាយ៉ាងដូចម្ដេច?
២. ដោយសារមនសិការ មនុស្សអាចស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាតាំងពីដើមរៀងមក មនុស្សគ្រប់ជាតិសាសន៍រិះគិតអំពីអត្ថន័យនៃសកលលោកទាំងមូល ជីវិតមនុស្ស និងអំពីព្រះជាម្ចាស់ផង។ ទោះបីមនុស្សជាប់បាបក៏ដោយ ក៏មនុស្សនៅតែអាចមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដែរ។ ព្រះគ្រីស្តយាងមកសម្ដែងថា មនុស្សគ្រប់ៗរូប ទោះជាក្រក៏ដោយ អាចស្គាល់ព្រះជាម្ចាស់។ មនុស្សគ្រប់ៗរូបស្វែងរកយុត្តិធម៌ សេចក្ដីពិត និងអ្វីដ៏ល្អ។
- តើខ្ញុំយល់ថា ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំអោយចូលរួមក្នុងគម្រោងការណ៍របស់ព្រះអង្គយ៉ាងដូចម្ដេច?
- អ្វីទៅជាមនសិការ? តើខ្ញុំអាចយល់ថា “មនសិការជាទីស្ងាត់កំបាំងរបស់មនុស្ស ជាទីសក្ការៈ ដែលមនុស្សនៅជាមួយព្រះជាម្ចាស់តែពីរនាក់?” យ៉ាងដូចម្ដេច?
- មនុស្សគ្រប់ៗរូបស្វែងរកអ្វីដ៏ល្អ សេចក្ដីពិត សោភណភាព។ ចំពោះខ្ញុំវិញ?
៣. ព្រះជាម្ចាស់មិនត្រាស់ហៅមនុស្សអោយប្រគួតប្រឆែងទៅជាមនុស្សល្អឥតខ្ចោះ។ ព្រះអង្គស្រលាញ់យើង ទោះជាយើងជាមនុស្សខ្សោយ។ តាម យហ ១៩,៥ ព្រះយេស៊ូ ដែលត្រូវគេវាយ ជា “មនុស្ស”។ ព្រះយេស៊ូយាងមករកយើង ទោះបីយើងជាអ្នកតូចតាច ចាស់ជរា ពិការ ល។ល។
- តើខ្ញុំមានលក្ខណៈខ្សោយអ្វីខ្លះ? តើខ្ញុំធ្វើយ៉ាងដូចម្ដេច ដើម្បីទទួលលក្ខណៈខ្សោយទាំងអស់នោះ?
- សូមអានលទិ្ធ ១៩៣៤ ដល់ ១៩៣៨៖ តើកំណត់ព្រំដែនរបស់អ្នកដទៃជាឪកាសអោយខ្ញុំធ្វើអ្វីខ្លះ?
- អ្វីទៅជាជីវិតដ៏ពេញលក្ខណៈ? ជោគជ័យ? តាមលោកីយ៍? តាមជំនឿ? តាមខ្ញុំ?
- តើខ្ញុំសុខចិត្តបន្ទាបខ្លួនរួមជាមួយព្រះគ្រីស្តយ៉ាងដូចម្ដេច?
៤. ពីដើមកំណើតដល់ស្លាប់ មនុស្សមានឋានៈដ៏ថ្លៃថ្នូរ ជាកំពូលនៃអ្វីៗទាំងអស់។ មនុស្សមិនគ្រាន់តែជាសត្វទេ។ ទោះបីមនុស្សជាអ្នកវិកលចរិត ឬជាអ្នកប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏មនុស្សនៅតែមានឋានៈជាបុត្រធិតារបស់ព្រះជាម្ចាស់ដែរ។ ពេលមនុស្សរងទុក្ខលំបាក យើងស្វែងរកអត្ថន័យដល់ទុក្ខលំបាកទាំងអស់នោះ។ ការស្វែងរកអត្ថន័យនេះ បង្ហាញថា យើងប្លែកពីសត្វ។
- តើខ្ញុំយល់ថា មនុស្សជាអ្នកថែរក្សារអ្វីៗទាំងអស់នៅលើផែនដី (កណ ១) យ៉ាងដូចម្ដេច?
- តើខ្ញុំមានទំនាក់ទំនងយ៉ាងដូចម្ដេចជាមួយអ្នកដ៏ទៃ? តើខ្ញុំទាក់ទងជាមួយនឹងអ្នកធំ អ្នកមាន តែប៉ុណ្ណោះ ឬទេ?
- ធ្វើដូចម្ដេច ដើម្បីការពារ និងថែរក្សារអស់អ្នក ដែល “គ្មានប្រយោជន៍” តាមគំនិតលោកីយ៍?
សេចក្ដីបន្ថែម៖
នរវិទ្យាតាមពុទ្ធសាសនា
សព្វថ្ងៃ មនុស្សយើងបានរីកចម្រើនខាងវិទ្យសាស្រ្តជាខ្លាំង៖ មនុស្សយន្តខាងពេទ្យវិទ្យា ប្រាជ្ញាសិប្បនិមិ្មត ជីវិតអមាតៈ ល។ល។ តើពុទ្ធសាសនាឆ្លើយតបយ៉ាងដូចម្ដេច ចំពោះការរីកចម្រើនខាងវិទ្យាសាស្រ្តទាំងអស់នោះ? តើមនុស្សអាច ប្រើប្រោសវិទ្យសាស្រ្ត តាមអំពើចិត្ត ឬទេ? តើវិទ្យសាស្រ្តទាក់ទងនឹងអត្តសញ្ញាណជាមនុស្សយ៉ាងដូចម្ដេច?
១. ចំពោះពុទ្ធសាសនា តើមនុស្សជាសត្វលោកដូចសត្វលោកឯទៀតៗ ឬទេ? តើសភាពជាមនុស្សប្លែកពីសភាពជាសត្វត្រង់ណាខ្លះ? ចំពោះព្រះពុទ្ធ មនុស្សយើងមានលក្ខណៈពិសេសប្លែកពីសត្វ គឺយើងអាចប្រព្រឹត្តកិច្ចការ ពោរពេញដោយសេចក្ដីស្រលាញ់ យុត្តិធម៌ និងធម៌មេត្តាករុណា ប៉ុន្តែយើងក៏អាចធ្វើអាក្រក់ផងដែរ រហូតដល់ធ្វើបាបគេ ដោយគ្មានគោលដៅ។ ម្យ៉ាងទៀត មនុស្សជាសត្វលោកពិសេស ព្រោះគាត់ដឹងខ្លួនអំពីស្ថានភាពរបស់ខ្លួន ធ្វើអោយគាត់អាចកែខ្លួន និងដើរតាមព្រះពុទ្ធ ដើម្បីអោយបានរួចពីការវិលវល់នៃលោកនេះ។
២. តើមនុស្សដូចជាមនុស្សយន្ត ឬទេ? ជាពិសេស តើស្ថានភាពនៃវិញ្ញាណពឹងផ្អែកទៅលើកោសិការផ្សេងៗនៃរូបកាយរបស់យើង ឬទេ? ចំពោះព្រះពុទ្ធ សត្វលោកទាំងអស់ដូចជាម៉ាស៊ីនកុំព្យូទ័រ ដែលមានគ្រឿទន់ (Logiciel) ជួយណែនាំ។ មនុស្សមិនគ្រាន់តែជារូបកាយ។ គាត់មានវិញ្ញាណផងដែរ។ វិញ្ញាណនេះ ជួយគ្រប់គ្រងរូបកាយ។ ប៉ុន្តែ វិញ្ញាណ រូបកាយ ឬរូបធាតុ ជាស្ថានភាពក្នុងពេលផ្សេងៗនៃថាមពលដដែល។
៣. តាមព្រះពុទ្ធ អ្វីៗទាំងអស់ផ្លាស់ប្តូរជានិច្ច។ តើមនុស្សនឹងវិនាសបាត់បង់នៅអនាគត ឬទេ? បើដូច្នេះ តើមនុស្សមានគោលដៅអ្វីខ្លះ? សត្វលោកទាំងអស់កើត ស្លាប់ និងកើតមកសាជាថ្មីជានិច្ច។ បើសិនជាមនុស្សទាំងអស់ស្លាប់នៅពេលតែមួយ ក៏ពួកគេនឹងកើតមកសាជាថ្មីនៅកន្លែងផ្សេង ទោះជាកន្លែងនេះ ស្ថិតនៅក្នុងពិភពផ្សេងក៏ដោយ។ ជីវិតក្នុងលោក នេះវិលវល់ដោយគ្មានគោលដៅ។ ព្រះពុទ្ធជួយយើងអោយចូលក្នុងនិព្វាន ដោយរួចពីតណ្ហា។
៤. តើមនុស្សមានសិទ្ធិផ្លាស់ប្តូររូបកាយរបស់គាត់ផ្ទាល់ តាមតម្រោវការ ឬតាមអំពើចិត្ត ឬទេ? តើគាត់មានសិទ្ធិ ប្រើប្រោសវិទ្យាសាស្រ្ត ដើម្បីធ្វើតាមបំណងប្រាថ្នា អារម្មណ៍ ឬតណ្ហារបស់ខ្លួនឯង? បើយើងប្រើវិទ្យសាស្រ្ត ដើម្បីបានទ្រព្យសម្ប្បត្តិ កិត្តិយស ឬដើម្បីបានសប្បាយកាន់តែខ្លាំងឡើងៗ យើងនៅតែជាប់នឹងតណ្ហា។ ប៉ុន្តែ បើយើងប្រើវិទ្យសាស្រ្ត ដើម្បីរីកចម្រើនខាងវិញ្ញាណស្របតាមគោលដៅរបស់ព្រះពុទ្ធ យើងក៏ធ្វើត្រឹមត្រូវដែរ។
៥. សម្រាប់ព្រះពុទ្ធ មនុស្សយើងពុំមានព្រលឹងវិញ្ញាណ។ បើមនុស្សម្នាក់មានជំងឺធ្ងន់ ឬស្លាប់ទៅហើយ តើយើងមានសិទ្ធិ “កសាង” គាត់ឡើងវិញ ដោយប្រើវិទ្យសាស្រ្ត ដើម្បីជាប្រយោជន៍ដល់គាត់ ឬក្រុមគ្រួសាររបស់គាត់ ឬដល់សង្គម? តាមការពិត ព្រះពុទ្ធបង្រៀនថា មានព្រលឹងវិញ្ញាណ ប៉ុន្តែ ព្រលឹងវិញ្ញាណនេះ មិនមែនអហង្ការ (Absolute)។ ហេតុនេះហើយ បានជាយើងអាចប្រើវិទ្យសាស្រ្ត ដើម្បីជួយមនុស្សម្នាក់អោយរីកចម្រើនតាមផ្លូវរបស់ព្រះពុទ្ធបាន។
៦. ចំពោះព្រះពុទ្ធ តើយើងអាចប្រើវិទ្យាស្រ្ត ដើម្បីពង្រឹងប្រាជ្ញា ឬសមត្ថភាពរបស់យើងបាន ឬទេ? បាន! អោយតែការប្រើប្រោសវិទ្យាសាស្រ្តនេះ មិនប៉ះពាល់សុខភាព។ យើងអាចប្រើវិទ្យសាស្រ្ត ដើម្បីអោយមានប្រាជ្ញាកាន់តែប្រសើរ ដ្បិត ប្រាជ្ញារបស់មនុស្សជួយគាត់អោយដើរតាមព្រះពុទ្ធកាន់តែល្អៗ។ ប្រាជ្ញាជាឧបករណ៍ ដើម្បីមើលឃើញភាពពិតប្រាកដ នៃអ្វីៗទាំងអស់ ស្របតាមអ្វីដែលព្រះពុទ្ធធ្លាប់ប្រៀនប្រដៅកាលពីមុន។
៧. ពុទ្ធសាសនាដូចជាផ្លូវមួយ កុំអោយមនុស្សរងទុក្ខលំបាក។ តើយើងអាចប្រើថ្នាំបំបាត់ការឈឺចាប់គ្រប់យ៉ាង ដើម្បីជួយមនុស្សកុំអោយឈឺ ឬទេ? បាន! យើងអាចប្រើថ្នាំ ដើម្បីបំបាត់ការឈឺចាប់ ប៉ុន្តែ យើងត្រូវប្រយ័ត្នកុំធ្វើអោយអ្នកជំងឺនេះ ញៀននឹងថ្នាំនោះឡើយ។ ម្យ៉ាងទៀត យើងមិនគួរភ្លេចថា ទោះជាយ៉ាងណាក៏ដោយ ក៏មនុស្សយើងនៅតែរងទុក្ខលំបាក ដោយសារតែស្ថានភាពជាមនុស្សរបស់យើង។
៨. តើព្រះពុទ្ធគិតថា មនុស្សត្រូវស្វែងរកអោយបានជីវិតអមាតៈ ឬទេ? ដោយសារមនុស្សចេះតែកើត ស្លាប់ និងកើតសាជាថ្មីជានិច្ច យើងមានជីវិតអមាតៈស្រេចទៅហើយ។ ដោយសារការឈឺចាប់នៃសេចក្ដីស្លាប់ យើងគ្រាន់តែបានភ្លេចជីវិតអតីតៈរបស់យើង។ ការជួយមនុស្សអោយមានជីវិតអមាតៈនៅលើលោកនេះ ពុំសូវមានប្រយោជន៍។ យើងគួរជួយមនុស្សអោយដឹងខ្លួនថា ពេលគាត់ស្លាប់ គាត់នឹងចាប់ជាតិ ក្នុងស្ថានភាពផ្សេងតែប៉ុណ្ណោះ។