រដូវធម្មតា
សន្តីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
(រំឭកចាំបាច់)
ថ្ងៃពុធ សប្ដាហ៍ទី៤
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង?
បន្ទរទី១ ៖ ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
១៤៥ | បពិត្រព្រះអម្ចាស់ ! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ ! |
១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។ |
១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ៩៤
ព្រះអម្ចាស់នឹងសងសឹកឱ្យមនុស្សសុចរិត
…ព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ…។ ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឱ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឱ្យយើងវិសុទ្ធវិញ (១ថស ៤,៦-៧)។
បន្ទរទី២ ៖ ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោកច្បាស់ណាស់ ! គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់ !
(ក)
(បទព្រហ្មគីតិ)
១- | បពិត្រព្រះអម្ចាស់ | ទ្រង់តែងប្រោសរកយុត្តិធម៌ | |
ព្រះនាមល្បីខ្ទារខ្ទ័រ | ដោយចេស្តាឫទ្ធិបារមី | ។ | |
២- | ព្រះដែលជាចៅក្រម | ដ៏ឧត្តមលើផែនដី | |
តើនឡើងដាក់ទោសពៃរ៍ | មនុស្សអប្រីយ៍តាមអំពើ | ។ | |
៣- | ឱព្រះអម្ចាស់អើយ | តើទុកឱ្យមនុស្សល្ងីល្ងើ | |
អាក្រក់មានជ័យលើ | រូបខ្ញុំនេះដល់ពេលណា? | ។ | |
៤- | គេពោលពាក្យក្អេងក្អាង | អួតបំប៉ោងឫកសង្ហា | |
ចូលចិត្តពាក្យមុសា | គេនាំគ្នាធ្វើទុច្ចរិត | ។ | |
៥- | បពិត្រព្រះជាម្ចាស់ | ពួកគេជិះជាន់សង្កត់ | |
ប្រជាជនសុចរិត | ទាំងទឹកដីឱ្យអន្តរាយ | ។ | |
៦- | ពួកវាកាប់សម្លាប់ | ដោយសំអប់ស្រីមេម៉ាយ | |
អន្តោប្រវេសន៍ក្ស័យ | ហើយប្រល័យក្មេងកំព្រា | ។ | |
៧- | គេថាព្រះអម្ចាស់ | ទតមិនច្បាស់មិនបានការ | |
ព្រះយ៉ាកុបនេះណា | មិនបានការមិនយល់អ្វី | ។ | |
៨- | ពួកមនុស្សល្ងីល្ងើអើយ | អ្នកនេះហើយប្រាជ្ញាខ្លី | |
ចិត្តខ្មៅជួរអប្រីយ៍ | មិនដឹងអីមិនចេះគិត | ។ | |
៩- | ព្រះអង្គបង្កើតភ្នែក | ឱ្យក្រឡេកមើលឆ្ងាយជិត | |
តើទ្រង់មិនចេះគិត | មិនចេះទតអ្វីទេឬ? | ។ | |
ឯត្រចៀកមនុស្ស | ទាំងស្រីប្រុសឱ្យស្តាប់ឮ | ||
ព្រះអង្គធ្វើបញ្ឈឺ | ឬមិនចេះស្តាប់សំឡេង | ។ | |
១០- | ព្រះអង្គវាយប្រដៅ | មនុស្សល្ងង់ខ្លៅឱ្យចេះដឹង | |
ម្តេចក៏ទ្រង់មិនខឹង | ទ្រង់មិនដាក់ទោសអីទេ | ។ | |
១១- | ទ្រង់ជ្រាបគំនិតអស់ | របស់មនុស្សលើលោកីយ៍ | |
គំនិតពួកគេខ្លី | ព្រោះពួកគេជាមនុស្សខ្លៅ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោកច្បាស់ណាស់ ! គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់ !
បន្ទរទី៣ ៖ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ។
(ខ)
១២ | បពិត្រព្រះអម្ចាស់ ! អ្នកណាដែលព្រះអង្គវាយប្រដៅ ហើយយកវិន័យមកអប់រំ អ្នកនោះមានសុភមង្គលហើយ ! |
១៣ | នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានឱ្យគេមានចិត្តស្ងប់ ពេលនោះ មានរណ្តៅបម្រុងទុកសម្រាប់កប់មនុស្សពាល |
១៤ | ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គមិនចោលចំណែកមរតកផ្ទាល់របស់ព្រះអង្គ។ |
១៥ | ពេលនោះ ចៅក្រមនឹងកាត់ក្តីដោយយុត្តិធម៌ឡើងវិញ អស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមគន្លងយុត្តិធម៌។ |
១៦ | តើនរណាក្រោកឡើងការពារខ្ញុំជំទាស់នឹងមនុស្សអាក្រក់? តើនរណាឈរជាមួយខ្ញុំប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត? |
១៧ | ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ |
១៨ | បពិត្រព្រះអម្ចាស់! ពេលណាទូលបង្គំពោលថា ខ្ញុំដួលឥឡូវហើយ! ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាមកជួយទ្រទូលបង្គំ។ |
១៩ | ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ ព្រះអង្គសម្រាលទុក្ខទូលបង្គំ នឹងប្រទានឱ្យទូលបង្គំមានអំណរសប្បាយ។ |
២០ | តើព្រះអង្គពាក់ព័ន្ធជាមួយនឹងចៅក្រមដ៏ទុច្ចរិតទាំងនេះ ដែលលើកយកសេចក្តីអយុត្តិធម៌ឬទេ? |
២១ | ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។ |
២២ | ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រកសម្រាប់ខ្ញុំ។ |
២៣ | ព្រះអង្គសងទៅពួកគេវិញ សមតាមអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ព្រះអង្គធ្វើឱ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឱ្យពួកគេវិនាសសូន្យទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១០,២៤.៣១
កុំឱ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
—សរសើរតម្កើងព្រះអង្គជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កូឡ ៣,១៧
ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។
—ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! នៅពេលថ្ងៃត្រង់នេះ ជាពេលវេលាដែលព្រះអង្គប្រទានឱ្យយើងខ្ញុំ បានឈប់សម្រាក។ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំធ្វើ ឱ្យបង្កើតបានផលផ្លែល្អ ហើយឱ្យយើងខ្ញុំបញ្ចប់កិច្ចការទាំងនេះ ដោយគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,២៣-២៤
គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឱ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះអម្ចាស់ទុកជាកម្រៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រីស្ត ចូរបម្រើព្រះអង្គទៅ។
—អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!