រដូវធម្មតា
(សន្តឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយ)
ថ្ងៃចន្ទ អាទិត្យទី១៦
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៦
ទំនុកតម្កើងនៃបុណ្យចម្លង
យើងកោតសរសើរព្រះជាម្ចាស់ ដោយរំឭកឡើងវិញនូវកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានប្រព្រឹត្ត (Cassiodorus)។
បន្ទរទី១ ៖ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!។
(ក)
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | ចូរលើកតម្កើងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្តុង្គឧត្តមបំផុត ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៥ | ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៦ | ព្រះអង្គបានដាក់ផែនដីពីលើផ្ទៃទឹក ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៧ | ព្រះអង្គបានបង្កើតដុំពន្លឺធំៗ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៨ | គឺព្រះអាទិត្យឱ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៩ | ព្រះចន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ១០ | ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ១១ | ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ១២ | ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!។
បន្ទរទី២ ៖ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់ !
(ខ)
(បទកាកគតិ)
| ១២- | ដោយឫទ្ធិបារមី | តេជះខ្លាំងក្រៃ | អានុភាពផង |
| ដ្បិតធម៌មេត្តា | ករុណាកន្លង | នៅជាប់ឥតហ្មង | |
| ស្ថិតស្ថេរពេញទី | ។ | ||
| ១៣- | ទ្រង់ញែកសមុទ្រ | គ្មានព្រឺតក់ស្លុត | ចែកចេញជាពីរ |
| ដោយធម៌មេត្តា | ករុណាសំភី | តាំងជាប់នៅទី | |
| អស់កល្បគ្មានផុត | ។ | ||
| ១៤- | ទ្រង់នាំជនជាតិ | អ៊ីស្រាអែលដើរកាត់ | តាមបាតសមុទ្រ |
| ដោយធម៌មេត្តា | ករុណាបំផុត | នៅមិនរលត់ | |
| អស់កល្បកប្បហោង | ។ | ||
| ១៥- | ព្រះអង្គធ្វើឱ្យ | ស្តេចផារ៉ោនធ្លោយ | ទាំងកងទ័ពផង |
| លង់ក្នុងសមុទ្រ | ស្លាប់គ្រានេះម្តង | ករុណាព្រះអង្គ | |
| ស្ថិតនៅឥតស្រាន្ត | ។ | ||
| ១៦- | ព្រះអង្គណែនាំ | ប្រជាឱ្យទ្រាំ | តាមរហោស្ថាន |
| ដោយធម៌មេត្តា | ករុណាថ្កើងថ្កាន | ស្ថិតគ្មានអវសាន | |
| អស់កល្បមានជោគ | ។ | ||
| ១៧- | ទ្រង់ប្រហារស្តេច | ពេញដោយអំណាច | ច្រើនអង្គដួលស្តូក |
| ដោយធម៌មេត្តា | ករុណាមានមក | ស្ថិតនៅលើលោក | |
| អស់កល្បកន្លង | ។ | ||
| ១៨- | ព្រះអង្គប្រហារ | ស្តេចខ្លាំងមហិមា | ឱ្យក្ស័យគ្រប់អង្គ |
| ដោយធម៌មេត្តា | ករុណាត្រចង់ | ស្ថិតនៅគង់វង្ស | |
| អស់កល្បគ្រប់ទី | ។ | ||
| ១៩- | គឺមានព្រះបាទ | ស៊ីហុនសោយរាជ្យ | លើអាម៉ូរី |
| ដ្បិតទ្រង់មេត្តា | ករុណាប្រណី | សន្តោសពេកក្រៃ | |
| រហូតតទៅ | ។ | ||
| ២០- | និងព្រះបាទអុក | គ្រប់គ្រងលើស្រុក | បាសាននោះនៃ |
| ព្រោះតែព្រះអង្គ | ទ្រង់មានព្រះទ័យ | ស្មោះស្ម័គ្រមេត្រី | |
| អស់កល្បស្ថិតស្ថេរ | ។ | ||
| ២១- | ព្រះអង្គប្រទាន | អ៊ីស្រាអែលបាន | ដីទុកជាកេរ |
| ដ្បិតព្រះហឫទ័យ | ករុណាឥតប្រែ | ព្រះអង្គស្ថិតស្ថេរ | |
| អស់កល្បតទៅ | ។ | ||
| ២២- | ព្រះអង្គប្រទាន | កូនចៅឱ្យមាន | ស្រុករស់និត្យនៅ |
| ដោយធម៌មេត្តា | ករុណាពេកកូវ | ព្រះអង្គស្ថិតនៅ | |
| ជាអចិន្ត្រៃយ៍ | ។ | ||
| ២៣- | ពេលយើងមានទុក្ខ | វេទនាគ្រប់មុខ | ទ្រង់តែងប្រណី |
| ដោយធម៌មេត្តា | ករុណាឥតបី | ប្រសើរពេកក្រៃ | |
| គ្រប់សម័យកាល | ។ | ||
| ២៤- | ព្រះអង្គរំដោះ | យើងផុតពីគ្រោះ | លែងភ័យជ្រួលច្រាល |
| ដោយព្រះហឫទ័យ | ករុណាត្រកាល | ស្ថិតនៅរៀងរាល់ | |
| រហូតឥតឈប់ | ។ | ||
| ២៥- | ព្រះអង្គប្រទាន | អាហារឱ្យបាន | ឆ្អែតឆ្អន់គ្រប់រូប |
| ដោយធម៌មេត្តា | ករុណាលើសលប់ | ស្ថិតនៅតាំងជាប់ | |
| ឥតបីរលត់ | ។ | ||
| ២៦- | ចូរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | គ្មានទីបំផុត |
| ដោយធម៌មេត្តា | ករុណាវិសុទ្ធ | ស្ថិតមិនរលត់ | |
| អស់កល្បកប្បហោង | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់ !
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
បន្ទរទី៣ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៣,១២-១៣)
សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឱ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឱ្យបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!។
បន្ទរ៖ សូមឱ្យពាក្យអធិស្ឋានរបស់ទូលបង្គំ *ឡើងទៅដល់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដូចផ្សែងគ្រឿងក្រអូប។ បន្ទរ៖ *.…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់។
ពាក្យអង្វរសកល
ព្រះយេស៊ូមិនបានលះបង់អស់អ្នកដែលបានជឿសង្ឃឹមលើព្រះអង្គឡើយ ហេតុនេះហើយ បានជាយើងខ្ញុំសូមទូលអង្វរទៅព្រះអង្គ ដោយចិត្តសុភាពរាបសារថា ៖
បន្ទរ៖ ឱព្រះជាអម្ចាស់យើងខ្ញុំអើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់យើងខ្ញុំផង។
ព្រះគ្រីស្តជាពន្លឺរបស់យើងខ្ញុំ សូមព្រះអង្គបំភ្លឺព្រះសហគមន៍ដោយពន្លឺយ៉ាងត្រចះត្រចង់
—ដើម្បីឱ្យជាតិសាសន៍នានាបានឃើញសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ក្នុងអគ្គសញ្ញាដែលព្រះសហគមន៍ប្រារឰជារៀងរាល់ថ្ងៃផង។ (បន្ទរ)
សូមព្រះអង្គទតមើលអស់លោកបូជាចារ្យ និងអស់អ្នកដែលមានមុខងារបម្រើព្រះសហគមន៍
—ដើម្បីឱ្យអស់លោកនៅមានភាពស្មោះត្រង់ក្នុងការបម្រើព្រះអង្គ ក្រោយពីពួកគាត់បានប្រៀនប្រដៅដល់អ្នកដទៃផង។ (បន្ទរ)
តាមរយៈព្រះលោហិតរបស់ព្រះអង្គ ទ្រង់បានប្រទានសន្តិភាពដល់ពិភពលោក
—សូមព្រះអង្គបង្វែរអំពើបាបដែលមកពីការឈ្លោះគ្នា និងការវាយប្រហារដោយសារសង្រ្គាមផង។ (បន្ទរ)
សូមព្រះអង្គជួយដល់គូស្វាមីភរិយាជាមួយនឹងព្រះអំណោយទានដ៏បរិបូណ៌
—ដើម្បីឱ្យពួកគេអាចធ្វើជាសញ្ញាសម្គាល់នៃការអាថ៌កំបាំងរបស់ព្រះសហគមន៍។ (បន្ទរ)
សូមព្រះអង្គលើកលែងទោសរាល់អំពើបាបរបស់អស់អ្នក ដែលបានទទួលមរណភាព ដោយព្រះហឫទ័យមេត្តាករុណា
—ដើម្បីឱ្យពួកគេអាចទៅរួមរស់ជាមួយសន្តបុគ្គលរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូជាអម្ចាស់ ! សូមព្រះអង្គគង់នៅជាមួយយើង ដ្បិតពេលល្ងាចជិតមកដល់ហើយ។ សូមព្រះអង្គធ្វើជាដៃគូរួមដំណើរជាមួយយើងខ្ញុំ ដើម្បីបង្កាត់ភ្លើងក្នុងដួងចិត្តរបស់យើងខ្ញុំជាមួយនឹងសេចក្តីសង្ឃឹមថ្មី។ សូមជួយឱ្យយើងខ្ញុំចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គនៅក្នុងចំណោមយើង នៅក្នុងព្រះគម្ពីរដែលយើងខ្ញុំអាន និងនៅពេលយើងខ្ញុំកាច់នំប៉័ងផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យ រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
