ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធសណ្ឋិត​លើ​គាត់ ហើយ​សម្ដែង​ឱ្យ​គាត់​ដឹង​ថាគាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រីស្ដ ដែល​ព្រះ‌អម្ចាស់​ចាត់​ឱ្យ​មក​ទេ​នោះ។

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំ ដូច​ត​ទៅ​នេះ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជារាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា:
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធសណ្ឋិត​លើ​គាត់ ហើយ​សម្ដែង​ឱ្យ​គាត់​ដឹង​ថាគាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រីស្ដ ដែល​ព្រះ‌អម្ចាស់​ចាត់​ឱ្យ​មក​ទេ​នោះ។

បន្ទរទី២ ៖ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា តាម​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ចែង​ទុក​មក “គឺ​ថ្វាយ​លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ” ។

(បទពាក្យ៧)

១-បពិត្រព្រះជាអម្ចាស់អើយខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
២-សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
៣-បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
៤-ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
៥-ខ្ញុំទុកចិត្តលើព្រះអម្ចាស់ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់មិនឈរមិនឈប់ទេព្រះអង្គ
៦-ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រងរួចផុតទុក្ខផងមួយរាត្រី
៧-ឱអ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
៨-ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា តាម​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ចែង​ទុក​មក “គឺ​ថ្វាយ​លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ” ។

បន្ទរទី៣ ៖ ដ្បិត​ភ្នែក​ទូល‌បង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់។

១២ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្តរីករាយ
ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឱ្យ​បង‌ប្អូនមាន​សមត្ថភាព
អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធនៅ​ក្នុង​ពន្លឺ។
១៣ព្រះ‌អង្គ​បាន​រំដោះ​យើង​ឱ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដីងងឹត
ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
១៤ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង
និង​លើក‌លែង​ទោស​យើង​ឱ្យ​រួច​ពី​បាប។
១៥ព្រះ‌គ្រីស្ត​ជា​តំណាង​របស់​ព្រះ‌ជាម្ចាស់ដែល​យើង​មើល​ពុំ​ឃើញ
ព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក
១៦ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើក្នុង​អង្គ​ព្រះ‌គ្រីស្ត
ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ
ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវរាជ
ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
ព្រះ‌ជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក
ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត។
១៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់
ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា ដោយ‌សារ​ព្រះ‌អង្គ​ដែរ។
១៨ព្រះអង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ គឺ​ព្រះ‌សហគមន៍
ព្រះ‌អង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះជន្មរស់​ឡើង​វិញ​មុន​គេ
ដើម្បី​ធ្វើជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
១៩ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឱ្យគ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រីស្ត។
២០ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែន‌ដី
និង​នៅ​ស្ថាន​បរម‌សុខ ឱ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ
ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះគ្រីស្ត
គឺ​ព្រះជាម្ចាស់​បាន​ធ្វើឱ្យ​មាន​សន្តិភាព
ដោយ​ព្រះបុត្រា​បង្ហូរ​ព្រះ‌លោហិតនៅ​លើ​ឈើ​ឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​ភ្នែក​ទូល‌បង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់។

ដ្បិត​យើង​មាន​មហា​បូជា‌ចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះ‌អង្គ​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ប្រកបដោយ​ព្រះហឫទ័យ​ប្រណីសន្ដោស ទាំង​ទុក​ចិត្ត ដើម្បី​ឱ្យ​ព្រះ‌អង្គ​មេត្តា​ករុណា និង​ប្រណី‌សន្ដោស​យើង ព្រម​ទាំង​ជួយ​យើង​នៅ​ពេល​ណា​យើង​ត្រូវ​ការ។

បន្ទរ៖ ព្រះ‌អម្ចាស់​បាន​បង្ហាញ *ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
—ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជាជាតិ​ទាំង​អស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ នៅថ្ងៃនេះ ព្រះនាងព្រហ្មចារិនីម៉ារីបានបង្ហាញព្រះឱរសយេស៊ូក្នុងព្រះវិហារ។ លោកតាស៊ីម៉ូនពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានយកព្រះអង្គមកបីត្រកង រួចអរព្រះគុណព្រះជាម្ចាស់។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ នៅថ្ងៃនេះ ព្រះនាងព្រហ្មចារិនីម៉ារីបានបង្ហាញព្រះឱរសយេស៊ូក្នុងព្រះវិហារ។ លោកតាស៊ីម៉ូនពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានយកព្រះអង្គមកបីត្រកង រួចអរព្រះគុណព្រះជាម្ចាស់។

នៅថ្ងៃនេះ ព្រះសង្រ្គោះរបស់យើងបានបង្ហាញខ្លួនក្នុងព្រះវិហារ។ ចូរយើងនាំគ្នាលើកតម្កើងព្រះអង្គ ដោយទូលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យភ្នែករបស់យើងខ្ញុំមើលឃើញការសង្រ្គោះរបស់ព្រះអង្គ !

បពិត្រព្រះគ្រីស្តយេស៊ូ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គចាំងពន្លឺលើអស់អ្នកដែលមិនស្គាល់ព្រះអង្គ ដើម្បីឱ្យគេមកជឿលើព្រះអង្គ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយ។ (បន្ទរ)

ព្រះអង្គជាព្រះប្រោសលោះ និងជាសិរីរុងរឿងរបស់ប្រជាជនអ៊ីស្រាអែល
—សូមឱ្យព្រះសហគមន៍ប្រកាសពីការសង្រ្គោះរបស់ព្រះអង្គ រហូតដល់ចុងបំផុតនៃផែនដី។ (បន្ទរ)

បពិត្រព្រះយេស៊ូ! ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ។ លោកតាស៊ីម៉ូន ជាមនុស្សសុចរិត មានអំណរសប្បាយយ៉ាងខ្លាំង ដោយបានឃើញព្រះអង្គយាងមក
—សូមព្រះអង្គណែនាំមនុស្សទាំងអស់ឱ្យចេះទទួលស្គាល់ថា ព្រះអង្គនៅតែយាងមករកពួកគេ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! នៅពេលព្រះអង្គបង្ហាញខ្លួនក្នុងព្រះវិហារ លោកតាស៊ីម៉ូនបានទស្សន៍ទាយថា មានដាវនៃទុក្ខលំបាកមួយនឹងចាក់ទម្លុះដួងចិត្តរបស់មាតាព្រះអង្គ
—សូមព្រះអង្គពង្រឹងយើងខ្ញុំ ឱ្យចេះទទួលយកទុក្ខលំបាក ឱ្យយើងខ្ញុំចេះស៊ូទ្រាំ ដើម្បីជាប្រយោជន៍ដល់ព្រះនាមព្រះអង្គ។ (បន្ទរ)

បពិត្រព្រះគ្រីស្តយេស៊ូ ! ព្រះអង្គជាអំណរសប្បាយនៃសន្តបុគ្គលទាំងឡាយ។ លោកតាស៊ីម៉ូនចង់ឃើញព្រះអង្គមុនពេលគាត់ស្លាប់ ហើយព្រះអង្គបានឆ្លើយតបនឹងពាក្យអធិដ្ឋានរបស់គាត់
—សូមព្រះអង្គសណ្តាប់ពាក្យអង្វរដែលយើងខ្ញុំទូលសម្រាប់មរណបុគ្គលទាំងឡាយ ដែលនៅតែប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គផ្ទាល់នឹងភ្នែកផង។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកប្រសូត្រជាមនុស្ស។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាដែលនាងម៉ារី និងលោកយ៉ូសែប យកទៅថ្វាយព្រះអម្ចាស់ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ដោយព្រះហឫទ័យប្រណីសន្តោស សូមព្រះអង្គប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គ ដោយចិត្តបរិសុទ្ធផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

54 Views

Theme: Overlay by Kaira