ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។

បន្ទរទី១ ៖ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្បជានិច្ច។ អាលេលូយ៉ា!

ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។
ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។
ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។
ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ
ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។
ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស
មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃអស់មួយជីវិត។
ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្បជានិច្ច។ អាលេលូយ៉ា!

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

បន្ទរទី២ ៖ នៅថ្ងៃព្រះអង្គយាងមក ព្រះអង្គនឹងសម្ដែងឱ្យមនុស្សលោកឃើញព្រះអង្គក្នុងប្រជាជនដ៏វិសុទ្ធ ដែលពោរពេញទៅដោយពន្លឺរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាច ! អាលេលូយ៉ា ! ។

(ក)

(បទពាក្យ ៧)

២-ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
ឯអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
៣-ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤-គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
៥-បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
៦-ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
៧-ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចំបាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ នៅថ្ងៃព្រះអង្គយាងមក ព្រះអង្គនឹងសម្ដែងឱ្យមនុស្សលោកឃើញព្រះអង្គក្នុងប្រជាជនដ៏វិសុទ្ធ ដែលពោរពេញទៅដោយពន្លឺរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាច ! អាលេលូយ៉ា ! ។

បន្ទរទី៣ ៖ ចូរលាបំណន់របស់អ្នក ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! អាលេលូយ៉ា !

(ខ)

បពិត្រព្រះអង្គ! ព្រះគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំទ្រនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ
ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាននៅលើផែនដី។
១១ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ!
ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង!
ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដី តក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរលាបំណន់របស់អ្នក ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! អាលេលូយ៉ា !

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ៨,១៤

ពេល​នោះ ព្រះអង្គ​ផ្ទាល់នឹង​ធ្វើជា​ទីសក្ការៈ តែ​ព្រះ‌អង្គ​ជា​ថ្ម​ដែល​នាំ​ឱ្យប្រជាជាតិ​អ៊ីស្រាអែល​ទាំង​ពីរ​នគរ​ប៉ះទង្គិច ជា​សិលា​ដែល​នាំ​ឱ្យ​គេ​ជំពប់​ដួល ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ
—ព្រះ‌អង្គ​តែង‌តែ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ៤២,១៣

ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជាជនរបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​យាង​ចេញ​ទៅ​ដូច​វីរជន ដូច​អ្នក​ចម្បាំង​ដ៏​ចំណាន ព្រះ‌អង្គ​បន្លឺព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជម្នះ​លើខ្មាំង​សត្រូវ។

បន្ទរ៖ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទីដាច់​ស្រយាល​នៃ​ផែន‌ដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង
—មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺសំឡេង​តម្កើង​ព្រះអម្ចាស់​ដោយ​អំណរ !
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អស ១២,៥-៦

ចូរ​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះឱ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ដឹង​ផង! អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺសំឡេង​ជយឃោស​ដោយ​អំណរ! ដ្បិតព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាល​ចំណោមអ្នក​រាល់​គ្នា ព្រះ‌អង្គឧត្តុង្គ‌ឧត្ដម!។

បន្ទរ៖ ព្រះ‌អម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង
—ធ្វើឱ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដីសុខ‌សាន្ត។
ពាក្យអធិដ្ឋាន

 

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកប្រសូត្រជាមនុស្ស។ នៅថ្ងៃនេះ យើង ខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាដែលនាងម៉ារី និងលោកយ៉ូសែប យកទៅថ្វាយព្រះអម្ចាស់ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ដោយព្រះហឫទ័យប្រណីសន្តោស សូមព្រះអង្គប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គ ដោយចិត្តបរិសុទ្ធផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

66 Views

Theme: Overlay by Kaira