(រំឭកចាំបាច់)

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពួកមរណសាក្សីទាំងឡាយ (អាលេលូយ៉ា!)។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១ ៖ ព្រះអម្ចាស់យេស៊ូគ្រីស្តរបស់ខ្ញុំ បានបំពាក់ចិញ្ចៀនរបស់ព្រះអង្គឱ្យខ្ញុំ។ ព្រះអង្គបំពាក់ឱ្យខ្ញុំ ដូចកូន​ក្រមុំតែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។

ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។
ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។
ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ
ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។
ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់យេស៊ូគ្រីស្តរបស់ខ្ញុំ បានបំពាក់ចិញ្ចៀនរបស់ព្រះអង្គឱ្យខ្ញុំ។ ព្រះអង្គបំពាក់ឱ្យខ្ញុំ ដូចកូន​ក្រមុំតែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២ ៖ ខ្ញុំបានរៀបការនឹងព្រះអង្គដែលមានពួកទេវទូតគោរពបម្រើ។ ព្រះអាទិត្យ និងព្រះចន្ទ ឈរមាំយ៉ាងអស្ចារ្យក្នុងសោភណភាពរបស់ព្រះអង្គ។

(បទកាកគតិ)

៥៧-គ្រប់ស្នាព្រះហស្តព្រះម្ចាស់ទាំងអស់នៅមិនរបូត
ជារៀងដរាបសូមនាំគ្នាស្មូតតម្កើងរហូត
អស់កល្បអន្លាយ
៥៨-ឱផ្ទៃមេឃអើយកុំនៅកន្តើយហាក់ដូចជិនណាយ
ស្មូតបទតម្កើងដោយចិត្តសប្បាយអស់កល្បអន្លាយ
តទៅកុំឈប់
៥៩-សូមឱ្យទេវទូតតម្កើងរហូតទាំងថ្ងៃទាំងយប់
ព្រះម្ចាស់ថ្កុំថ្កើងអស់កល្បអស់កប្បតម្កើងកុំឈប់
តទៅរាល់ថ្ងៃ
៦០-ចូរទឹកទាំងឡាយអបអរសប្បាយលើនភាល័យ
នាំគ្នាសរសើរតម្កើងម្ចាស់ថ្លៃកុំបង្អង់អី
អស់កល្បអង្វែង
៦១-ហ្វូងតារារះនៃព្រះអម្ចាស់នាំគ្នាសម្ដែង
តម្កើងព្រះអង្គសរសើរស្ញប់ស្ញែងគ្រប់ទីកន្លែង
តទៅឥតដាច់
៦២-សូមព្រះអាទិត្យព្រះចន្ទមានឫទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ
៦៣-សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ
៦៤-សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើកតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា
៦៥-ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីកន្លែងតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង
៦៦-ចូរឱ្យកម្ដៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់
៦៧-ចូរឱ្យខ្យល់ក្តៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ
៦៨-សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូតបទតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច
៦៩-ចូរថ្ងៃនិងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូតបទតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត
៧០-ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានឫទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា
៧១-អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត
៧២-សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងកុំបីរវាតកុំឱ្យឃ្លាងឃ្លាត
រហូតតទៅ
៧៣-សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូតរហូតទៅ
អស់កល្បយូរលង់
៧៤-សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា
៧៥-សូមឱ្យភ្នំធំកុំនៅសំងំភ្នំតូចផងណា
ស្មូតបទតម្កើងព្រះម្ចាស់រាល់គ្នាថ្កើងព្រះនាមា
អស់កល្បជានិច្ច
៧៦-សព្វអស់អ្វីៗដែលដុះលើដីកុំបីមានភ្លេច
ចូរលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បអន្លាយ
៧៧-ចូរសមុទ្រស្ទឹងទន្លេល្វើយល្វឹងតូចធំទាំងឡាយ
នាំគ្នាតម្កើងដោយក្តីរីករាយសរសើរម្ចាស់ថ្លៃ
ឱ្យលាន់រងំ
៧៨-ចូរប្រភពទឹកមានច្រើនសន្ធឹកព្រែកទាំងតូចធំ
ទឹកហូរពីជ្រោះទឹកធ្លាក់ពីភ្នំកុំនៅសំងំ
តម្កើងព្រះអង្គ
៧៩-ចូរអស់ទាំងត្រីតូចធំម្តេចក្តីនិងសត្វរស់ក្នុង
ទន្លេសមុទ្រតាមព្រែកបួរបឹងកុំសំងំឈឹង
តម្កើងព្រះម្ចាស់
៨០-សូមបក្សីសត្វដែលរស់ខ្វែងខ្វាត់ច្រើនមីរដេរដាស
ស្មូតបទតម្កើងព្រះជាអម្ចាស់កុំបីចន្លោះ
អស់កល្បយូរលង់
៨១-សូមឱ្យសត្វស្រុករស់នៅអែអុកទាំងសត្វព្រៃផង
នាំគ្នាសរសើរតម្កើងព្រះអង្គអស់កល្បយូរលង់
តទៅអន្លាយ
៨២-ចូរឱ្យមនុស្សទាំងស្រីទាំងប្រុសកុំបីឃ្លាតឆ្ងាយ
សរសើរព្រះអង្គជាព្រះម្ចាស់ថ្លៃរៀងរាល់យប់ថ្ងៃ
កុំបីអល់អែក
៨៣-ឱអ៊ីស្រាអែលអ្នកជាជាតិដែលវិសុទ្ធពន់ពេក
ចូរលើកតម្កើងព្រះខ្ពស់អនេកហួសទាំងផ្ទៃមេឃ
កុំសំងំនៅ
៨៤-អស់បូជាចារ្យទាំងឡាយនាំគ្នាឆ្ពោះតម្រង់ទៅ
តម្កើងព្រះអង្គទាំងថ្ងៃយប់ជ្រៅកុំសំងំនៅ
សរសើរកុំឈប់
៨៥-ចូរអ្នកទាំងឡាយដែលតែងខ្វល់ខ្វាយបម្រើគោរព
ស្មូតតម្កើងព្រះទាំងថ្ងៃទាំងយប់កុំឈរកុំឈប់
នៅស្ងៀមឱ្យសោះ
៨៦-ចូរវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ប៉ុន្មានកុំបីចន្លោះ
ព្រលឹងនៃអ្នកសុចរិតទាំងអស់តម្កើងដោយស្មោះ
កុំនៅកន្តើយ
៨៧-អស់អ្នកគោរពប្រណិប័តន៍គ្រប់ព្រះអម្ចាស់អើយ
និងអ្នកដាក់ចិត្តជាអ្នកខ្សត់ហើយកុំបង្អង់ឡើយ
តម្កើងព្រះអង្គ
៨៨-លោកអណានីយ៉ារួមជាមួយគ្នាអសារីយ៉ាផង
និងមីកាអែលតម្កើងព្រះអង្គស្មូតតម្កើងផង
តទៅដរាប
ព្រះអង្គរំដោះយើងខ្ញុំឱ្យរស់ផុតពីក្តីស្លាប់
ហើយទ្រង់សង្គ្រោះខ្ញុំជាប្រញាប់រួចផុតទុក្ខសព្វ
ទាំងភ្លើងសន្ធៅ

បន្ទរ ៖ ខ្ញុំបានរៀបការនឹងព្រះអង្គដែលមានពួកទេវទូតគោរពបម្រើ។ ព្រះអាទិត្យ និងព្រះចន្ទ ឈរមាំយ៉ាងអស្ចារ្យក្នុងសោភណភាពរបស់ព្រះអង្គ។

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់ ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣ ៖ សូមរីករាយ និងអរសប្បាយជាមួយនឹងនាងខ្ញុំ ដ្បិតនាងខ្ញុំបានទទួលកន្លែងជាមួយសន្តបុគ្គលទាំងឡាយ ក្នុងព្រះរាជ្យនៃពន្លឺ។

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!
ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!
ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!
ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ
ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!
សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច
ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ
ហើយ​យក​ច្រវាក់​ចង​ស្តេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។
ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមរីករាយ និងអរសប្បាយជាមួយនឹងនាងខ្ញុំ ដ្បិតនាងខ្ញុំបានទទួលកន្លែងជាមួយសន្តបុគ្គលទាំងឡាយ ក្នុងព្រះរាជ្យនៃពន្លឺ។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ជា​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ព្រះ‌អង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឱ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រីស្ត​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាមរយៈ​ព្រះ‌គ្រីស្តកាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ព្រះអម្ចាស់នឹងជួយនាង *ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នឹងគង់នៅជាមួយនាង។ បន្ទរឡើងវិញ៖…
—ព្រះអង្គស្ថិតនៅក្នុងនាង នាងនឹងមិនជំពប់ជើងដួលឡើយ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ អ្វីដែលនាងខ្ញុំប្រាថ្នាចង់បាន ឥឡូវនេះ ខ្ញុំឃើញហើយ អ្វីដែលនាងខ្ញុំសង្ឃឹមទុក ឥឡូវនេះ ខ្ញុំមានហើយ។ នៅស្ថានបរមសុខ ខ្ញុំបានរៀបការនឹងព្រះអង្គ ដែលខ្ញុំបានស្រឡាញ់អស់ពីដួងចិត្តនៅលើផែនដី។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ អ្វីដែលនាងខ្ញុំប្រាថ្នាចង់បាន ឥឡូវនេះ ខ្ញុំឃើញហើយ អ្វីដែលនាងខ្ញុំសង្ឃឹមទុក ឥឡូវនេះ ខ្ញុំមានហើយ។ នៅស្ថានបរមសុខ ខ្ញុំបានរៀបការនឹងព្រះអង្គ ដែលខ្ញុំបានស្រឡាញ់អស់ពីដួងចិត្តនៅលើផែនដី។

យើងខ្ញុំសូមកោតសរសើរព្រះសង្គ្រោះដែលបានបំភ្លឺភពផែនដី ដោយ​មាន​ព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តសុភាព​រាបសារ​ថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គណែនាំយើងខ្ញុំ ឱ្យស្គាល់សេចក្តីពិតផង។

ឱព្រះយេស៊ូជាអម្ចាស់អើយ ! នៅពេលព្រឹកនេះ យើងខ្ញុំសូមលើក​តម្កើង​ព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ ប្រកបដោយសិរីរុងរឿង
—យើងខ្ញុំសង្ឃឹម​លើសិរីរុងរឿងរបស់ព្រះអង្គដែលរះបំភ្លឺនៅថ្ងៃនេះ។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទទួលពាក្យអធិដ្ឋាន និងពាក្យអង្វរយើងខ្ញុំដោយអនុគ្រោះ
—ទុកជាផលផ្លែដំបូងនៃការងាររបស់យើងខ្ញុំផង។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គព្រះមេត្តាប្រទានឱ្យយើងខ្ញុំ រឹតតែមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គ
—ហើយសូមប្រទានឱ្យយើងខ្ញុំ ចេះរួបរួមគ្នាប្រព្រឹត្តតែអំពើល្អ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃផង។ (បន្ទរ)

សូមព្រះអង្គធ្វើឱ្យពន្លឺរបស់យើងខ្ញុំបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ នៅមុខមនុស្សលោក
—នោះពិភពលោកនឹងឃើញពីកិច្ចការដ៏ល្អប្រពៃរបស់យើងខ្ញុំ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតា។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គតែងតែគាំទ្រមនុស្សទន់ខ្សោយឱ្យមានកម្លាំង ហ៊ានប្រឈមមុខនឹងអ្នកមានអំណាច។ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យកំណើតនៅស្ថានបរមសុខរបស់សន្តីអាញេស ដែលបានបូជាជីវិតថ្វាយព្រះអង្គ។ សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានដូចសន្តីអាញេស។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

58 Views

Theme: Overlay by Kaira