ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ព្រះអង្គ​ជា​បូជាចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀបស្តេច​មែលគី‌សេដែក អាលេលូយ៉ា!

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។
សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គ​ជា​បូជាចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀបស្តេច​មែលគី‌សេដែក អាលេលូយ៉ា!

មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។

បន្ទរទី២៖ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ អាលេលូយ៉ា!

(បទកាកគតិ)

១-បពិត្រព្រះម្ចាស់ខ្ញុំមិនគួរសោះឱ្យគេតម្កើង
មានតែព្រះអង្គទើបត្រូវលើកឡើងឱ្យខ្ពស់ថ្កុំថ្កើង
ព្រោះទ្រង់សប្បុរស
២-ម្តេចក៏ប្រជាគ្រប់ជាតិនានានាំគ្នាសួរស្រុះ
មកយើងខ្ញុំថា“ពួកឯងទាំងអស់តើព្រះឯងនោះ
ស្ថិតនៅឯណា? “
៣-ព្រះរបស់ខ្ញុំនៅទីបរមសុខឥតឧបមា
ទ្រង់សព្វព្រះទ័យធ្វើកិច្ចអស្ចារ្យអ្វីសព្វប្រការ
បានឥតមានទាស់
៤-ឯព្រះពួកអ្នកប្រាកដជាជាក់ព្រះក្លែងក្លាយស្មោះ
ខ្លះធ្វើពីឈើគគីរកកោះពីប្រាក់ពីមាស
ជាព្រះមនុស្សច្នៃ
៥-ព្រះនោះមានមាត់និយាយមិនកើតមិនដែលចេញស្តី
តាមតែជាងឆ្លាក់ដាក់មកធ្វើអ្វីភ្នែកឥតប្រស្រី
មើលអ្វីមិនបាន
៦-រីឯត្រចៀកមានប្រាកដជាក់តែមិនចំណាន
ព្រោះស្តាប់មិនកើតមិនដឹងដើមដានច្រមុះដែលមាន
តែមិនដឹងក្លិន
៧-មានសព្វទាំងដៃតែមិនអាចលៃប៉ះពាល់ឬកាន់
មានជើងនៅស្ងៀមព្រោះដើរមិនបានបំពង់កមាន
តែគ្មានសំឡេង
៨-សូមឱ្យអស់អ្នកដែលបានដាប់ឆ្លាក់រូបព្រះនោះឯង
ហើយផ្ញើជីវិតគ្មានគិតកោតក្រែងឱ្យគេចំបែង
ដូចព្រះទាំងនោះ
៩-អ៊ីស្រាអែលអើយចូរកុំកន្តើយជីវិតផ្ញើព្រះ
នោះទ្រង់នឹងជួយអ្នកបានទាំងអស់ជាខែលគ្រឿងក្រោះ
ពាំងអ្នករាល់គ្នា
១០-ពូជពង្សរបស់អរ៉ុនទាំងអស់ចូរអ្នកម្នីម្នា
ផ្ញើជន្មជីវ៉ាលើព្រះនាមាទ្រង់នឹងការពារ
ឱ្យអ្នកបានសុខ
១១-អ្នកដែលកោតខ្លាចព្រះមានអំណាចនឹងមិនជួបទុក្ខ
បើផ្ញើជីវិតអ្នកនឹងបានសុខពីនេះទៅមុខ
ផុតទុក្ខល្ហើយល្ហែ
១២-ព្រះមិនបំភ្លេចសូម្បីតួចតិចដល់ពួកយើងទេ
ព្រះអង្គឱ្យពរយើងកើនឡើងទ្វេអ៊ីស្រាអែលដែរ
និងលោកអរ៉ុន
១៣-ព្រះអង្គប្រទានពរទាំងអ្នកមានអ្នកតូចអ្នកធំ
ដែលចេះកោតខ្លាចក្រាបថ្វាយបង្គំយកព្រះជាធំ
ជាម្លប់ថ្លៃថ្លា
១៤-សូមព្រះប្រទានពរនោះឱ្យមានដល់អ្នករាល់គ្នា
បានចម្រើនឡើងគ្រប់ពេលវេលាបានសុខរមនា
កូនចៅប្រុសស្រី
១៥-សូមអ្នកទទួលកុំបីអំពល់ពីម្ចាស់មេឃដី
ទ្រង់ប្រទានពរបវរសួស្តីព្រះអម្ចាស់ថ្លៃ
ជាព្រះយើងពិត
១៦-ផ្ទៃមេឃផែនដីសន្លឹមអន្លាយគឺជាកម្មសិទ្ធ
របស់ព្រះម្ចាស់តែមួយអង្គគត់ព្រះអង្គអាណិត
ឱ្យដីមកមនុស្ស
១៧-មនុស្សស្លាប់ជាខ្មោចមានក្លិនអសោច៍ពុំអាចថ្កើងយស
អស់អ្នកដែលចុះទៅស្ថានក្រោមនោះក៏ពុំមានឈ្មោះ
តម្កើងសិរី
១៨-គឺយើងនេះហើយគ្មានអ្នកផ្សេងឡើយដែលរស់លើដី
បានលើកតម្កើងព្រះអង្គរាល់ថ្ងៃឥតមានសំចៃ
ជារៀងរហូត
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ អាលេលូយ៉ា!

បន្ទរទី៣ ៖ អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ទាំងតូចទាំងធំអើយ ! ចូរសរសើរតម្កើងព្រះជាម្ចាស់ ! អាលេលូយ៉ា!

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា!
អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ទាំងតូចទាំងធំអើយ ! ចូរសរសើរតម្កើងព្រះជាម្ចាស់ ! អាលេលូយ៉ា!

ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ! យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឱ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឱ្យបានវិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្តីពិត។ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឱ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឱ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។

បន្ទរ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តា *លើអ្វីៗទាំងអស់។ បន្ទរឡើងវិញ៖…
-ព្រះប្រាជ្ញាញាណរបស់ព្រះអង្គ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ នៅ​ទី​នោះ មាន​គេ​រៀប​ពិធី​មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុកកាលី‌ឡេ។ ព្រះយេស៊ូ និងមាតារបស់​ព្រះ‌អង្គ ក៏ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល‌ការ​នោះ​ដែរ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ នៅ​ទី​នោះ មាន​គេ​រៀប​ពិធី​មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុកកាលី‌ឡេ។ ព្រះយេស៊ូ និងមាតារបស់​ព្រះ‌អង្គ ក៏ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល‌ការ​នោះ​ដែរ។

យើងខ្ញុំសូមកោតសរសើរ និងលើកតម្កើងព្រះគ្រីស្ត! ព្រះអង្គគង់នៅអស់កល្បជានិច្ច ដើម្បីទូលអង្វរព្រះបិតាឱ្យយើងខ្ញុំ។ ព្រះអង្គអាចសង្រ្គោះអស់អ្នកដែលចូលទៅជិតព្រះបិតាក្នុងនាមព្រះអង្គ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គនឹករលឹកដល់ប្រជារាស្ត្ររបស់ព្រះអង្គផង។

យើងខ្ញុំហៅរកព្រះនាមព្រះអង្គលើគ្រប់មនុស្សជាតិសាសន៍ ដូចនៅថ្ងៃព្រះអាទិត្យនៃយុត្តិធម៌ជិតមកដល់
—ដើម្បីឱ្យមនុស្សទាំងអស់អាចរីករាយនឹងពន្លឺដែលមិនចេះអាប់រស្មី។ (បន្ទរ)

សូមព្រះអង្គថែរក្សាអនុសញ្ញាដែលព្រះអង្គបានយល់ព្រម ដោយសារព្រះលោហិតរបស់ព្រះអង្គ
—សូមប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធផង។ (បន្ទរ)

ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គនឹកចាំដល់យើងខ្ញុំដែលបានមកជួបជុំគ្នា
—ជាព្រះដំណាក់របស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គជួយណែនាំអ្នកដំណើរឱ្យដើរតាមមាគ៌ានៃសន្តិភាព និងវិបុលភាព
—រហូតដល់ពួកគេបានឈានទៅដល់ទិសដៅ ដោយសុវត្ថិភាព និងអំណរសប្បាយ។ (បន្ទរ)

ឱព្រះអម្ចាស់អើយ! សូមទទួលព្រលឹងអស់អ្នកដែលបានទទួលមរណភាព
—ហើយសូមប្រោសប្រទានឱ្យអ្នកទាំងនោះ បានទទួលសិរីរុងរឿងអស់កល្បជានិច្ច និងសេចក្តីអនុគ្រោះពីព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលនៅលើមេឃ និងផែនដីទាំងមូល។ សូមព្រះអង្គមេត្តាព្រះសណ្តាប់ពាក្យអង្វរប្រជារាស្រ្តព្រះអង្គ និងផ្តល់សុខសន្តិភាពដល់យើងខ្ញុំសព្វថ្ងៃនេះ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

57 Views

Theme: Overlay by Kaira