រដូវធម្មតា
ថ្ងៃអាទិត្យ សប្ដាហ៍ទី២
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
បទចម្រៀងនៃអំណរសប្បាយក្នុងការសង្រ្គោះ
ព្រះអង្គហ្នឹងហើយជា“ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ (កក ៤,១១)។
បន្ទរទី១៖ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់។ អាលេលូយ៉ា!
១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៥ | នៅពេលតប់ប្រមល់ ខ្ញុំអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏ឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។ |
៦ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? |
៧ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយគាំទ្រខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ |
៨ | ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើមនុស្ស។ |
៩ | ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើអ្នកធំ។ |
១០ | ប្រជាជាតិទាំងប៉ុន្មាន នាំគ្នាមកឡោមព័ទ្ធខ្ញុំ ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
១១ | ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំគ្រប់ទិសទី ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
១២ | ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេត្រូវឆេះអស់ទៅ ដូចភ្លើងដែលឆេះបន្លា ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
១៣ | គេបានច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំដួល តែព្រះអម្ចាស់យាងមកជួយខ្ញុំ។ |
១៤ | ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំស្រែករកព្រះនាមព្រះអង្គ នៅពេលចេញទៅច្បាំង ព្រះអង្គសង្គ្រោះខ្ញុំ។ |
១៥ | មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោរ នៅក្នុងជំរំរបស់ខ្លួន ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព! |
១៦ | ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។ |
១៧ | ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់។ |
១៨ | មែនហើយ! ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្តោយឱ្យខ្ញុំស្លាប់ឡើយ។ |
១៩ | ចូរនាំគ្នាបើកទ្វារសម្រាប់មនុស្សសុចរិត ដើម្បីឱ្យចូលទៅលើកតម្កើងព្រះអម្ចាស់។ |
២០ | នេះនែ៎! ទ្វារដែលនាំទៅគាល់ព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ |
២១ | ទូលបង្គំលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ |
២២ | ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ |
២៣ | ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ |
២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! |
២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈ |
២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់។ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥២-៥៧)
ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
…សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! (រ៉ូម ១,២៥)។
បន្ទរទី២ ៖ សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!។ អាលេលូយ៉ា!
(បទកាកគតិ)
៥២- | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
អស់កល្បតទៅ | ។ | ||
ខ្ញុំសូមតម្កើង | លើកព្រះខ្ពស់ឡើង | ពុំមានអាស្រូវ | |
សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
សរសើរព្រះអង្គ | ។ | ||
៥៣- | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
កុំនៅទីមទាម | ។ | ||
៥៤- | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូតទាំងញញឹម | |
តម្កើងជានិច្ច | ។ | ||
៥៥- | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
កុំប្រែក្រឡះ | ។ | ||
៥៦- | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
ព្រះអង្គរហូត | ។ | ||
៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
អស់កល្បអន្លាយ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!។ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៥០
ចូរសរសើរតម្កើងព្រះអម្ចាស់!
សូមឱ្យចិត្ត និងគំនិត ស្ថិតក្នុងបទចម្រៀងរបស់អ្នក។ នេះគឺជាការលើកតម្កើងព្រះជាម្ចាស់ ដោយខ្លួនអ្នកផ្ទាល់ (Hesychius)។
បន្ទរទី៣ ៖ ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្តុង្គឧត្ដម រកអ្វីប្រៀបផ្ទឹមស្មើពុំបាន អាលេលូយ៉ា!។
១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ! |
២ | ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ! ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្ដមបំផុត! |
៣ | ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ ចូរសរសើរតម្កើងព្រះអង្គ ដោយដេញចាប៉ី និងដេញពិណ! |
៤ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ! |
៥ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរយ៉ាងពីរោះ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរឲ្យលាន់ឮរំពង! |
៦ | ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្តុង្គឧត្ដម រកអ្វីប្រៀបផ្ទឹមស្មើពុំបាន អាលេលូយ៉ា!។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៦,២៥-២៧)
យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឱ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឱ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឱ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឱ្យអ្នករាល់គ្នាមានចិត្តអាណិត អាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចធ្វើតាមដំបូន្មាន ហើយកាន់តាមវិន័យរបស់យើង។
បន្ទរ៖ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់ *យ៉ាងអស់ពីចិត្ត។ បន្ទរឡើងវិញ៖…
—ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យដែលព្រះអង្គបានធ្វើ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ពួកសិស្សក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ពួកសិស្សក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ។
ពាក្យអង្វរសកល
យើងខ្ញុំសូមអរព្រះគុណចំពោះព្រះសង្គ្រោះរបស់យើងខ្ញុំ ដែលបានយាងមកជាព្រះវត្តមានរបស់ព្រះជាម្ចាស់ ក្នុងចំណោមយើងខ្ញុំនៅលើភពផែនដីនេះ។ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ ៖ ឱព្រះគ្រីស្តដែលជាស្តេចនៃសិរីរុងរឿងអើយ! សូមប្រោសប្រទាននូវពន្លឺ និងអំណរសប្បាយដល់យើងខ្ញុំផង !
ព្រះយេស៊ូជាព្រះអម្ចាស់ និងជាព្រះសុរិយាដែលរះចែងចាំង។ ព្រះអង្គជាទិន្នផលដំបូងនៃការរស់ឡើងវិញនាពេលខាងមុខ
—សូមកុំបណ្តោយឱ្យយើងខ្ញុំរស់នៅក្រោមម្លប់នៃសេចក្តីស្លាប់ឡើយ តែសូមឱ្យយើងខ្ញុំរស់នៅក្រោមពន្លឺនៃជីវិតវិញ។ (បន្ទរ)
សូមព្រះអង្គបង្ហាញឱ្យយើងខ្ញុំឃើញនូវវត្តមាននៃព្រះហឫទ័យដ៏សប្បុរសរបស់ព្រះអង្គក្នុងសា្នព្រះហស្តទាំងប៉ុន្មានដែលព្រះអង្គបានបង្កើត
—ដើម្បីឱ្យយើងខ្ញុំចេះលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ទីកន្លែងផង។ (បន្ទរ)
នៅថ្ងៃនេះ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ
—តែសូមប្រទានឱ្យយើងខ្ញុំឈ្នះការល្បួង តាមរយៈឫទ្ធានុភាពរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានទទួលអគ្គសញ្ញាជ្រមុជទឹកនៅក្នុងទន្លេយ័រដាន់ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ
—នៅថ្ងៃនេះ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើងខ្ញុំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលនៅលើមេឃ និងផែនដីទាំងមូល។ សូមព្រះអង្គមេត្តាព្រះសណ្តាប់ពាក្យអង្វរប្រជារាស្រ្តព្រះអង្គ និងផ្តល់សុខសន្តិភាពដល់យើងខ្ញុំសព្វថ្ងៃនេះ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។