រដូវធម្មតា
សន្តអន់ទន ជាចៅអធិការ
(រំឭកចាំបាច់)
ថ្ងៃសុក្រ សប្ដាហ៍ទី១
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,២៥-៣២
ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ
បន្ទរទី១ ៖ ទូលបង្គំសប្បាយចិត្តនឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឱ្យចិត្តទូលបង្គំបានភ្លឺស្វាង។
២៥ | ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។ |
២៦ | ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។ |
២៧ | សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។ |
២៨ | ទូលបង្គំមានទុក្ខយំសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។ |
២៩ | សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង! |
៣០ | ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។ |
៣១ | ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ! |
៣២ | ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំសប្បាយចិត្តនឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឱ្យចិត្តទូលបង្គំបានភ្លឺស្វាង។
ទំនុកតម្កើងលេខ ២៦
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ (អភ ១,៤)។
បន្ទរទី២ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ!
(បទកាកគតិ)
១- | ឱព្រះអម្ចាស់ | ព្រះអង្គជាព្រះ | ប្រពៃឧត្តម |
សូមរកយុត្តិធម៌ | ឱ្យទូលបង្គំ | ដែលអស់យើងខ្ញុំ | |
ទុកចិត្តព្រះអង្គ | ។ | ||
២- | ឱព្រះអម្ចាស់ | សូមស្ទង់ឱ្យច្បាស់ | លចិត្តមើលផង |
ពិនិត្យរូបខ្ញុំ | ហើយពិសោធល្បង | ចិត្តខ្ញុំឥតហ្មង | |
ស្មោះស្ម័គ្រជានិច្ច | ។ | ||
៣- | ទូលបង្គំស្រមៃ | នឹកពីព្រះទ័យ | ព្រះអង្គឥតភ្លេច |
ហើយបានធ្វើតាម | ឥតមានកែគេច | តាមជាប់ជានិច្ច | |
មិនគេចបែកបែរ | ។ | ||
៤- | ទូលបង្គំមិនធ្លាប់ | អង្គុយអែបជាប់ | ពួកពាលប៉ោឡែ |
ឬពួកខិលខូច | ជនអាវ៉ាសែ | ពុតត្បុតហូរហែ | |
ក៏មិនសេពគប់ | ។ | ||
៥- | ខ្ញុំមិនចូលចិត្ត | ពួកអ្នកប្រព្រឹត្ត | អាក្រក់ងល់ងប់ |
មិនធ្វើល្ងីល្ងើ | អង្គុយរួមរួប | ទោះថ្ងៃឬយប់ | |
នឹងពួកពាលា | ។ | ||
៦- | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | ស្មោះឥតរួញរា |
ទូលបង្គំលាងដៃ | គឺបញ្ជាក់ថា | រូបខ្ញុំគឺជា | |
មនុស្សឥតសៅហ្មង | ។ | ||
៧- | ព្រមទាំងបន្លឺ | សំឡេងរន្ទឺ | អរគុណព្រះអង្គ |
និងរៀបរាប់ពី | ការអស្ចារ្យផង | របស់ព្រះអង្គ | |
មានទាំងប៉ុន្មាន | ។ | ||
៨- | បពិត្រព្រះម្ចាស់ | ខ្ញុំចូលចិត្តណាស់ | ដំណាក់សុខសាន្ត |
របស់ព្រះអង្គ | គឺជាទីស្ថាន | សិរីថ្កើងថ្កាន | |
ព្រះអង្គស្ថិតនៅ | ។ | ||
៩- | សូមកុំទុកឱ្យ | ខ្ញុំស្លាប់ជាមួយ | មនុស្សបាបអាស្រូវ |
កុំដកជីវិត | ទូលបង្គំយកទៅ | នឹងពួកឃោរឃៅ | |
ធ្លាប់បង្ហូរឈាម | ។ | ||
១០- | ពួកនោះចូលចិត្ត | នាំគ្នាប្រព្រឹត្ត | ផ្ទុយពីបំរាម |
អំពើទុច្ចរិត | ដែលព្រះលោកហាម | ខំបង្ហូរឈាម | |
ឬស៊ីសំណូក | ។ | ||
១១- | ឯខ្ញុំចូលចិត្ត | ធ្វើតែសុចរិត | មិនព្រមច្របូក |
ច្របល់នឹងពួក | ធ្លាប់ស៊ីសំណូក | សូមរំដោះយក | |
រូបខ្ញុំនេះផង | ។ | ||
១២- | រូបខ្ញុំឈរនៅ | កន្លែងត្រឹមត្រូវ | សុចរិតទៀងត្រង់ |
ទូលបង្គំនឹងលើក | តម្កើងព្រះអង្គ | ឱ្យខ្ពស់ឧត្តុង | |
ក្នុងប្រជុំធំ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ!
ទំនុកតម្កើងលេខ ២៨,១-៣.៦-៩
ការទូលអង្វរ និងពាក្យអរព្រះគុណ
“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។
បន្ទរទី៣ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។
១ | ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។ ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ! សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង! ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន! |
២ | ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។ |
៣ | សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។ |
៦ | សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។ |
៧ | ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។ |
៨ | ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ |
៩ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង! សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ភីល ២,២ខ-៤
សូមបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មាន ចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗ ថាប្រសើរជាងខ្លួន។ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។
—ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី និងគោរពព្រះបណ្ដាំរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត កាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅពេលអនាគតផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ ជាកន្លែងដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ២ករ ១៣,៤
ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
—សូមប្រោសឱ្យទូលបង្គំបានរស់ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់លើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយនឹងយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១២-១៣
ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តី អត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឱ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឱ្យបងប្អូនយ៉ាងណា ចូរអត់ទោសឱ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
—ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិតពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!