បុណ្យព្រះអម្ចាស់ទទួលពិធីជ្រមុជទឹក
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៨
ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ
ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ លោកយ៉ូហានព្យាយាមនិយាយការពារព្រះយេស៊ូថា ៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!» ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកយ៉ូហានថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក» ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ នេះជាសក្ខីភាពរបស់លោកយ៉ូហាន ៖ ខ្ញុំបានឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
(ក)
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(ខ)
(បទពាក្យ ៧)
| ៥- | ពេលខ្ញុំមានទុក្ខតប់ប្រមល់ | ខ្ញុំអង្វរដល់ព្រះឥតប្រែ | |
| ព្រះម្ចាស់ក៏តបមកវិញដែរ | ទ្រង់ថ្នមបំពេរខ្ញុំបានសុខ | ។ | |
| ៦- | បើព្រះអម្ចាស់គង់នឹងខ្ញុំ | បាត់អស់ទុក្ខធំចេញពីមុខ | |
| លែងភ័យខ្លាចលែងកើតទុក្ខ | តើមនុស្សអាចធ្វើអ្វីខ្ញុំបាន | ។ | |
| ៧- | ព្រះអម្ចាស់គង់នៅជាមួយ | ទ្រង់ការពារជួយខ្ញុំសុខសាន្ត | |
| ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មាន | រត់ប្រាសចាកស្ថានដូចចិត្តប៉ង | ។ | |
| ៨- | មានសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង | |
| លើព្រះម្ចាស់ប្រសើរកន្លង | ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ | ។ | |
| ៩- | មានសង្ឃឹមជ្រកនិងពាក់ពឹង | មានជំនឿរឹងមាំទាំទៅ | |
| លើព្រះអម្ចាស់ទើបត្រឹមត្រូវ | ជាងយើងពឹងទៅលើអ្នកធំ | ។ | |
| ១០- | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
| តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ | |
| ១១- | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
| តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំបានជ័យ | ។ | |
| ១២- | វាមកឡោមព័ទ្ធខ្ញុំជុំជិត | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
| តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ | |
| ១៣- | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
| ១៤- | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
| ១៥- | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
| ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្តែងចេស្តាអានុភាព | ។ | |
| ១៦- | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
| ១៧- | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
| ១៨- | ព្រះអង្គប្រដៅវាយអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
| តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
| ១៩- | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
| ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ | |
| ២០- | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ | |
| អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក | ។ | |
| ២១- | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
| តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ | ។ | |
| ២២- | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
| ២៣- | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់ | |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ | |
| ២៤- | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
| នាំគ្នាសប្បាយកុំនៅជ្រប់ | គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(គ)
| ២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
| ២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
| ២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ |
| ២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ ! |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ លោកយ៉ូហានព្យាយាមនិយាយការពារព្រះយេស៊ូថា ៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!» ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកយ៉ូហានថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក» ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ នេះជាសក្ខីភាពរបស់លោកយ៉ូហាន ៖ ខ្ញុំបានឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ១១,១-៣
មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឲ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងឲ្យមានអំណរសប្បាយក្នុងការកោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ហើយព្រះអង្គក៏មិនកាត់ក្តីតាមដែលឮគេនិយាយដែរ។
—ខ្ញុំត្រូវតែថយចុះវិញ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ៤២,១
ព្រះអម្ចាស់មានព្រះបន្ទូលថា: លោកនេះហើយជាអ្នកបម្រើដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យ។
—យើងគាប់ចិត្តនឹងព្រះអង្គណាស់! ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អស ៤៩,៦
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើដែលណែនាំកុលសម្ព័ន្ធនៃកូនចៅរបស់លោកយ៉ាកុបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
—ហើយព្រះអង្គនឹងបង្ហាញឱ្យប្រជាជាតិនានា បានឃើញភាពដ៏វិសុទ្ធនៃព្រះជាម្ចាស់។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឲ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលទទួលពិធីជ្រមុជទឹក ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
