ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ នៅមុនពេលថ្ងៃរះ ឬពេលវេលាចាប់ផ្តើម ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា ជាព្រះអម្ចាស់សង្រ្គោះនៃយើង បានបង្ហាញរូបរាងនៅលើផែនដីក្នុងថ្ងៃនេះ។

(ក)

ហាលេលូយ៉ា! ចូរ​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។
ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពូជ‌ពង្ស​លោក​យ៉ាកុប
ហើយ​ព្រះអង្គ​យក​ជន​ជាតិ​អ៊ីស្រាអែលធ្វើ​ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះ‌អង្គ។
ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។
បើ​ព្រះអម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី
ព្រះ‌អង្គ​នឹង​សម្រេច​ការ​នោះនៅ​លើ​ផ្ទៃ​មេឃ និង​ផែន‌ដី
នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។
ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់
ហើយ​ព្រះ‌អង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ឲ្យ​បក់​បោក​មក​ដែរ។
ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយនៅ​ស្រុក​អេស៊ីប
គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។
ព្រះអង្គ​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗនៅ​ស្រុក​អេស៊ីប
ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្តេច។
១០ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជាជាតិ​ជា​ច្រើន ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ស្តេច​ដ៏​ខ្លាំង​ពូកែ
១១គឺ​ព្រះបាទ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី ព្រះ‌បាទ​អុក​ជា​ស្តេច​ស្រុក​បាសាន
និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​កាណាន
១២ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គទុក​ជា​មត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នៅមុនពេលថ្ងៃរះ ឬពេលវេលាចាប់ផ្តើម ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា ជាព្រះអម្ចាស់សង្រ្គោះនៃយើង បានបង្ហាញរូបរាងនៅលើផែនដីក្នុងថ្ងៃនេះ។

បន្ទរទី២៖ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

(ខ)

(បទកាកគតិ)

១៣-បពិត្រព្រះម្ចាស់ព្រះនាមរបស់ព្រះអង្គគង់វង្ស
ជារៀងរហូតល្បីល្បាញយូរលង់ត្រចះត្រចង់
អស់កល្បគ្រប់គ្រា
១៤-ដ្បិតព្រះអង្គរកយុត្តិធម៌នាំមកឲ្យរាស្រ្តប្រជា
ព្រះអង្គអាណិតអាសូរគ្រប់គ្នាអស់កូនចៅជា
អ្នកស្ម័គ្របម្រើ
១៥-ព្រះផ្សេងឯទៀតជាព្រះមិនពិតកើតពីមនុស្សធ្វើ
ពីមាសពីប្រាក់ពីស្ពាន់ពីឈើអ្វីសព្វសារពើ
ជាព្រះក្លែងក្លាយ
១៦-ព្រះនោះមានមាត់បើកបិទមិនកើតមិនអាចនិយាយ
មាត់ដែលជាងឆ្លាក់គេដាក់មកឲ្យភ្នែកដែលមានហើយ
តែបើកមិនរួច
១៧-ត្រចៀកក៏មានតែស្តាប់មិនបានដូចត្រចៀកខូច
ស្រេចតែជាងធ្វើតាមធំតាមតូចខ្យល់ចូលមិនរួច
ដង្ហើមក៏គ្មាន
១៨-សូមឲ្យអស់អ្នកដែលខំសូនឆ្លាក់ឥតមានស្រាកស្រាន្ត
ធ្វើព្រះក្លែងក្លាយមានទាំងប៉ុន្មានឲ្យពួកគេបាន
ដូចព្រះទាំងនោះ
១៩-អ៊ីស្រាអែលអើយកុំនៅកន្តើយនាំគ្នាទាំងអស់
ខំលើកតម្កើងព្រះជាអម្ចាស់ទាំងពូជរបស់
លោកអរ៉ុនផង
២០-គ្រួសារលេវីចូរមកមូលមីរសរសើរផ្គូផ្គង
និងអ្នកដែលធ្លាប់គោរពព្រះអង្គសរសើរថ្កើងថ្កាន
ព្រះម្ចាស់នៃយើង
២១-ចូរយើងនាំគ្នាគ្រប់ៗអង្គាមូលផ្តុំតម្កើង
ព្រះជាអម្ចាស់គង់ភ្នំស៊ីយ៉ូននិងនៅក្នុងក្រុង
យេរូសាឡឹម
សូមកោតសរសើរដល់ព្រះបិតាព្រះរាជបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

បន្ទរទី៣ ៖ ពន្លឺផ្កាយរះឡើងប្រៀបដូចជាអណ្តាតភ្លើងឆេះឡើង ដែលចង្អុលបង្ហាញផ្លូវទៅកាន់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រលើមហាក្សត្រនានា។ ពួកហោរាចារ្យបានឃើញទីសម្គាល់ ហើយនាំយកដង្វាយរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រដ៏ប្រសើរឧត្តម នៅផ្ទះដែលព្រះអង្គគង់ស្នាក់។

១៦ព្រះគ្រីស្ត​យាង​មក​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​សុចរិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ
ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ទេវទូត​ឃើញ គេ​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​ចំណោមជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះ‌អង្គ​ឡើងឲ្យ​មាន​សិរី‌រុង​រឿង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ពន្លឺផ្កាយរះឡើងប្រៀបដូចជាអណ្តាតភ្លើងឆេះឡើង ដែលចង្អុលបង្ហាញផ្លូវទៅកាន់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រលើមហាក្សត្រនានា។ ពួកហោរាចារ្យបានឃើញទីសម្គាល់ ហើយនាំយកដង្វាយរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រដ៏ប្រសើរឧត្តម នៅផ្ទះដែលព្រះអង្គគង់ស្នាក់។

ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ។ ព្រះ‌គ្រីស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ ដោយ‌សារ​ដំណឹង‌ល្អ។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ នឹង​បាន ទទួលពរដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
—ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ នៅពេលឃើញផ្កាយ ពួកហោរាចារ្យបាននិយាយគ្នាថា៖ ផ្កាយនេះច្បាស់ជាទីសម្គាល់នៃកំណើតរបស់ព្រះមហាក្សត្រដ៏ប្រសើរឧត្តមណាមួយហើយ។ ចូរយើងនាំគ្នាទៅស្វែងរកព្រះអង្គ ហើយនាំយកដង្វាយមាស គ្រឿងក្រអូប និងជ័រល្វីងទេស ទៅថ្វាយព្រះអង្គផង។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ នៅពេលឃើញផ្កាយ ពួកហោរាចារ្យបាននិយាយគ្នាថា៖ ផ្កាយនេះច្បាស់ជាទីសម្គាល់នៃកំណើតរបស់ព្រះមហាក្សត្រដ៏ប្រសើរឧត្តមណាមួយហើយ។ ចូរយើងនាំគ្នាទៅស្វែងរកព្រះអង្គ ហើយនាំយកដង្វាយមាស គ្រឿងក្រអូប និងជ័រល្វីងទេស ទៅថ្វាយព្រះអង្គផង។

នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះជនក្រីក្រកំសត់ទុគ៌តផង !

ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! ព្រះអង្គបានត្រាស់ហៅពួកហោរាចារ្យឱ្យមកក្រាបថ្វាយបង្គំព្រះអង្គ ប្រៀបដូចជាតំណាងរបស់ប្រជាជាតិនានា មុនគេបង្អស់
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានវិញ្ញាណនៃការគោរពប្រណិប័តន៍ និងបម្រើព្រះអង្គផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គវិនិច្ឆ័យទោសប្រជារាស្រ្ត របស់ព្រះអង្គ ដោយយុត្តិធម៌
—សូមព្រះអង្គប្រទានឱ្យមនុស្សលោកមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៍ផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃយុគសម័យ ! ព្រះអង្គបានអត់ធ្មត់ពីជំនាន់មួយទៅជំនាន់មួយ
—សូមផ្ញើព្រះបន្ទូលព្រះអង្គមកក្នុងដួងចិត្តរបស់យើងខ្ញុំ ប្រៀបដូចជាភ្លៀងធ្លាក់នៅនិទាឃរដូវ។ (បន្ទរ)

ឱព្រះមហាក្សត្រនៃយុត្តិធម៌ ! ព្រះអង្គសព្វព្រះហឫទ័យដោះលែងជនក្រខ្សត់ដែលគ្មានមេធាវីការពារ ឱ្យមានសេរីភាព
—សូមព្រះអង្គអាណិតអាសូរដល់អ្នកដែលមានទុក្ខព្រួយ និងសោកសៅផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! មនុស្សគ្រប់ជំនាន់កោតសរសើរព្រះនាមព្រះអង្គ
—សូមសម្តែងឫទ្ធិចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ឱ្យបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយផង។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

76 Views

Theme: Overlay by Kaira