សន្តបាស៊ីល និងសន្តក្រេគ័រ ជាជនដ៏ប្រសើរឧត្តម នៅណាស៊ីយ៉ាង
(បុណ្យរំឭកចាំបាច់)
ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី១
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១៧-២៤
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
| ១៧ | សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៨ | សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។ |
| ១៩ | ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។ |
| ២០ | ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។ |
| ២១ | ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។ |
| ២២ | សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឱ្យមានគេត្មះតិះដៀល និងមើលងាយទូលបង្គំឡើយ ព្រោះទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។ |
| ២៣ | ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។ |
| ២៤ | ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ២៥
ការទូលសុំលើកលែងទោស និងការសង្រ្គោះ
សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។
(ក)
(បទពាក្យ ៧)
| ១- | ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត | ផ្ចង់ទាំងគំនិតឥតរវាត | |
| ទៅលើព្រះអង្គមិនឃ្លាងឃ្លាត | នឹកហើយគិតទៀតមិនបែកចិត្ត | ។ | |
| ២- | បពិត្រព្រះម្ចាស់ទូលបង្គំ | ពេលនេះរូបខ្ញុំផ្ញើជីវិត | |
| កុំឱ្យទូលបង្គំត្រូវខកចិត្ត | ព្រោះខ្មាំងជុំជិតមានជោគជ័យ | ។ | |
| ៣- | អស់អ្នកសង្ឃឹមលើព្រះអង្គ | នឹងមិនត្រូវបង់ខកចិត្តអ្វី | |
| គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ | ទើបខកចិត្តក្រៃអ្វីក៏គ្មាន | ។ | |
| ៤- | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ | |
| ៥- | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ | |
| ៦- | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ | |
| ៧- | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
| នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចសូមមេត្តា | ។ | |
| ៨- | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ | |
| ៩- | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ | |
| ១០- | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
| ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ | |
| ១១- | ឱព្រះអម្ចាស់ប្រណីប្រោស | កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់ | |
| អំពើទុច្ចរិតមានពីមុន | សូមក្រាបកាយលន់តួព្រះម្ចាស់ | ។ | |
| ១២- | អស់អ្នកគោរពហើយកោតខ្លាច | ឫទ្ធីអំណាចបានស្គាល់ច្បាស់ | |
| ទ្រង់បង្ហាញផ្លូវឥតក្រឡះ | ដែលគេត្រូវជ្រើសតាមចិន្តា | ។ | |
| ១៣- | នោះគាត់បានសុខមានមង្គល | ឥតមានខ្វាយខ្វល់គ្រប់វេលា | |
| ពូជពង្សកូនចៅទាំងអស់គ្នា | គ្រងស្រុកទុកជាកេរមរត៌ក | ។ | |
| ១៤- | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ | |
| អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ១៥ | ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។ |
| ១៦ | សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ ហើយប្រណីសន្តោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ |
| ១៧ | ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។ |
| ១៨ | សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។ |
| ១៩ | សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន គេស្អប់ទូលបង្គំខ្លាំងណាស់។ |
| ២០ | សូមការពារជីវិត និងរំដោះទូលបង្គំផង! ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ! |
| ២១ | ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។ |
| ២២ | ឱព្រះអម្ចាស់អើយ! សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អគ ២០,៤១
កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសម្ដែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។
—ព្រះអង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អគ ៣៤,១១-១២
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចាប់ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយផ្ទាល់។ យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអាប់។
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មីក ២,១២
«កូនចៅយ៉ាកុបអើយ យើងនឹងប្រមូលផ្តុំអ្នកទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយ យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។ ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញនៅក្នុងស្រុករបស់អ្នករាល់គ្នា»។
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺព្រះសហគមន៍ ដោយសារការប្រៀនប្រដៅ និងការរស់នៅរបស់សន្តបាស៊ីល និងសន្តក្រេគ័រ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ស្វែងរកសេចក្តីពិត និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងខ្ញុំប្រព្រឹត្តនូវអ្វីៗទាំងអស់ ដោយចិត្តសុភាពរាបសារ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
