សន្តបាស៊ីល និងសន្តក្រេគ័រ ជាជនដ៏ប្រសើរឧត្តម នៅណាស៊ីយ៉ាង
(បុណ្យរំឭកចាំបាច់)
ថ្ងៃព្រហស្បតិ៍ (សប្តាហ៍ទី១)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះគ្រីស្តបានប្រសូតមកសម្រាប់យើង ! ចូរនាំគ្នាមក យើងលើកតម្កើងព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥៧
ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ
ទំនុកតម្កើងនេះលើកតម្កើងពីទុក្ខលំបាករបស់ព្រះគ្រីស្ដ (សន្តអូគូស្ទីន)។
បន្ទរទី១ ៖ ឱពិណនិងឃឹមរបស់ខ្ញុំអើយ ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង។
២ | ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ |
៣ | ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំនូវអ្វីៗដែលខ្ញុំត្រូវការ។ |
៤ | សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ |
៥ | ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។ |
៦ | ឱព្រះជាម្ចាស់អើយ! សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
៧ | សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។ ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។ |
៨ | បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង |
៩ | ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង |
១០ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា |
១១ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
១២ | ឱព្រះជាម្ចាស់អើយ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុងឧត្តមរបស់ព្រះអង្គ នៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱពិណនិងឃឹមរបស់ខ្ញុំអើយ ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង។
បទលើកតម្កើងតាមព្យាការីយេរេមី (យរ ៣១,១០-១៤)
សុភមង្គលរបស់មនុស្សដែលទទួលការសង្រ្គោះ
ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់ ដែលបានបែកខ្ញែកគ្នា មកចូលរួមជាប្រជាជនតែមួយឡើងវិញ (យហ ១១,៥១.៥២)។
បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្រ្តរបស់យើង។
(បទព្រហ្មគីតិ)
១០- | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ | |
ចូរអ្នកប្រកាសថា | ព្រះដែលជាអ្នកកម្ចាយ | ||
អ៊ីស្រាអែលទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ | |
ព្រះអង្គថែររក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | ||
ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់ | ។ | |
១១- | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ | |
១២- | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញារ | |
ហើយគេក៏នាំគ្នា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ | |
ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | ||
មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ | |
ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | ||
ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ | ។ | |
១៣- | គ្រានោះស្ត្រីក្រមុំ | ចូលមករាំតាមបែបបទ | |
ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ | |
យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | ||
ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ | |
១៤- | អស់លោកបូជាចារ្យ | បានភោក្តាគ្មានសម្រាក | |
សាច់ឆ្ងាញ់មិនស្រាន្តស្រាក | មិនលំបាកដើររុករក | ។ | |
យើងនឹងផ្តល់អំណោយ | ទានទៅឱ្យរាស្ត្រគ្រប់ស្រុក | ||
លែងព្រួយលែងកើតទុក្ខ | រស់បានសុខសាន្តតទៅ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្រ្តរបស់យើង។
ទំនុកតម្កើងលេខ ៤៨
ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជារាស្រ្ត
ទេវទូតនោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ
ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ (វវ ២១,១០)។
បន្ទរទី៣ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង។
២ | ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ |
៣ | ភ្នំរបស់ព្រះជាម្ចាស់ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រដែលនាំឱ្យផែនដីទាំងមូលមានអំណរ។ |
៤ | ព្រះជាម្ចាស់បានសម្តែងឱ្យដឹងថា ព្រះអង្គជាកំពែងដ៏រឹងមាំនៅក្នុងបុរីនោះ។ |
៥ | ស្តេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន |
៦ | ពេលគេឃើញក្រុងស៊ីយ៉ូន គេស្រឡាំងកាំង ភ័យតក់ស្លុត នាំគ្នារត់ចេញទៅវិញ |
៧ | គេភ័យញាប់ញ័រ ឈឺចុកចាប់ ដូចជាស្ត្រីសម្រាលកូន |
៨ | ដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ាបំបែកនាវា។ |
៩ | យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់ នៅក្នុងបុរីរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាបុរីនៃព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះឱ្យបានរឹងមាំរហូតតរៀងទៅ។ |
១០ | បពិត្រព្រះជាម្ចាស់! ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំនឹកអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
១១ | បពិត្រព្រះជាម្ចាស់! ព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ រហូតដល់ស្រុកដាច់ស្រយាលផែនដីយ៉ាងនោះដែរ។ ព្រះអង្គគ្រប់គ្រងដោយសុចរិត។ |
១២ | សូមឱ្យអ្នកក្រុងស៊ីយ៉ូនរីករាយឡើង សូមឱ្យអ្នកក្រុងនៃស្រុកយូដារីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។ |
១៣ | ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! |
១៤ | ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលវិមានបុរីនេះទៅ ដើម្បីឱ្យអ្នករាល់គ្នាយកទៅថ្លែងប្រាប់មនុស្សនៅជំនាន់ក្រោយថា ៖ |
១៥ | “ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច ព្រះអង្គក៏ដឹកនាំយើងជាអង្វែងតរៀងទៅដែរ” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ៧,២៦-៣០)
ព្រះប្រាជ្ញាញាណជារស្មីនៃពន្លឺដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាកញ្ចក់ដ៏ភ្លឺថ្លា ឆ្លុះបញ្ចាំងមហិទ្ធិឫទ្ធិរបស់ព្រះជាម្ចាស់ និងជាតំណាងនៃព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះប្រាជ្ញាញាណមានតែមួយអង្គគត់ តែព្រះអង្គអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះប្រាជ្ញាញាណមិនដែលប្រែប្រួលទេ តែព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មីបាន។ ពីជំនាន់មួយ ទៅជំនាន់មួយ ព្រះប្រាជ្ញាញាណយាងមកសណ្ឋិតក្នុងដួងចិត្តរបស់មនុស្សវិសុទ្ធ ដើម្បីឲ្យគេទៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ និងទៅជាព្យាការី។ ដ្បិតព្រះជាម្ចាស់ ស្រឡាញ់តែអស់អ្នកដែលរួមរស់ជាមួយព្រះប្រាជ្ញាញាណប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណភ្លឺជាងពន្លឺព្រះអាទិត្យ និងកញ្ចុំផ្កាយទាំងឡាយទៅទៀត បើប្រៀបផ្ទឹមនឹងពន្លឺថ្ងៃ ព្រះអង្គភ្លឺហួសប្រមាណ។ យប់រមែងផ្ទេរកន្លែងទៅឲ្យថ្ងៃ ផ្ទុយទៅវិញ ព្រះប្រាជ្ញាញាណឈ្នះសេចក្តីអាក្រក់ជានិច្ច។
បន្ទរ៖ ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ *អាលេលូយ៉ា! អាលេលូយ៉ា! បន្ទរឡើងវិញ៖…
—ដោយព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអង្វរសកល
ព្រះគ្រីស្តជារូបតំណាងនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ដែលមានភាពយុត្តិធម៌ ភាពដ៏វិសុទ្ធ និងអំណាចចេស្តា។ ចូរយើងកោតសរសើរព្រះអង្គ និងទូលអង្វរព្រះអង្គ ដោយមានទំនុកចិត្តថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ដោយព្រះអង្គចាប់កំណើតជាមនុស្ស សូមសង្រ្គោះយើងខ្ញុំផង !
ឱព្រះមហាក្សត្រនៃពិភពលោក ! ពួកគង្វាលរកឃើញព្រះអង្គរុំនឹងសំពត់ស្នប
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានឆន្ទៈចូលរួមក្នុងភាពក្រីក្រ និងភាពសាមញ្ញរបស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់នៃស្ថានបរមសុខ ! ព្រះអង្គបានយាងចុះពីបល្ល័ង្ករបស់ព្រះអង្គមកក្នុងពិភពលោក
—សូមប្រៀនប្រដៅយើងខ្ញុំឱ្យចេះគោរពបងប្អូនដែលក្រីក្រ។ (បន្ទរ)
ព្រះគ្រីស្តជាពន្លឺដ៏ត្រចះត្រចង់អស់កល្បជានិច្ច ព្រះអង្គបានរស់នៅនាលោកនេះ ជាមនុស្សដូចយើងខ្ញុំក្នុងគ្រប់ប្រការ តែព្រះអង្គមិនត្រូវរបួស ឬស្នាមប្រឡាក់នៃអំពើបាបដើមសោះឡើយ
—សូមព្រះអង្គមេត្តាប្រោសឲ្យអ្នកជឿសង្ឃឹមលើព្រះអង្គ ចេះប្រើសម្បត្តិលោកីយ៍នេះ ដើម្បីធ្វើជាប្រយោជន៍សម្រាប់ព្រះកិត្តិនាមដ៏រុងរឿងរបស់ព្រះអង្គជានិច្ចផង។ (បន្ទរ)
ព្រះអង្គជាព្រះស្វាមីនៃព្រះសហគមន៍ ព្រះអង្គគង់នៅក្នុងចំណោមយើងខ្ញុំ ប្រៀបដូចកំពែងការពារ
—សូមព្រះអង្គមេត្តាជួយដល់គ្រីស្តបរិស័ទ ឱ្យចេះតស៊ូក្នុងព្រះសហគមន៍ ធ្វើដំណើរឆ្ពោះទៅកាន់ការសង្រ្គោះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺព្រះសហគមន៍ ដោយសារការប្រៀនប្រដៅ និងការរស់នៅរបស់សន្តបាស៊ីល និងសន្តក្រេគ័រ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ស្វែងរកសេចក្តីពិត និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងខ្ញុំប្រព្រឹត្តនូវអ្វីៗទាំងអស់ ដោយចិត្តសុភាពរាបសារ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។