សប្តាហ៍ព្រះយេស៊ូប្រសូត
ព្រះនាងម៉ារី ជាមាតាព្រះជាម្ចាស់
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២២
បន្ទរទី១៖ “ឱការប្តូរដ៏អស្ចារ្យ ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោកបានទទួលយករូបកាយ និងព្រលឹង ព្រះអង្គសព្វព្រះហឫទ័យប្រសូតពីព្រហ្មចារិនីម្នាក់។ យើងខ្ញុំបានទទួលមត៌ករួមជាមួយព្រះគ្រីស្ត ដោយសារព្រះអង្គបានបន្ទាបខ្លួនចូលមកក្នុងសភាពជាមនុស្សដូចយើងខ្ញុំ” ។
១ | ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា ៖ យើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់! ។ |
២ | ឱក្រុងយេរូសាឡឹមអើយ! យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ! |
៣ | យេរូសាឡឹមអើយ! អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ |
៤ | កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ |
៥ | នៅទីនេះ ក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌ដែរ។ |
៦ | ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត! |
៧ | សូមឱ្យអស់អ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្តីសុខ សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។ |
៨ | ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា៖ សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្តីសុខសាន្ត! |
៩ | ដោយយល់ដល់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃយើង ខ្ញុំសូមឱ្យអ្នកបានប្រកបដោយសុភមង្គល! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ “ឱការប្តូរដ៏អស្ចារ្យ ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោកបានទទួលយករូបកាយ និងព្រលឹង ព្រះអង្គសព្វព្រះហឫទ័យប្រសូតពីព្រហ្មចារិនីម្នាក់។ យើងខ្ញុំបានទទួលមត៌ករួមជាមួយព្រះគ្រីស្ត ដោយសារព្រះអង្គបានបន្ទាបខ្លួនចូលមកក្នុងសភាពជាមនុស្សដូចយើងខ្ញុំ” ។
ទំនុកតម្កើងលេខ ១២៧
បន្ទរទី២៖ ដោយព្រះអង្គបានចាប់កំណើតពីនាងព្រហ្មចារិនី ព្រះអង្គបានបំពេញតាមសេចក្តីដែលមានចែងទុកក្នុងព្រះគម្ពីរ ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! ដ្បិតព្រះអង្គបានយាងចុះមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដូចដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកលើផែនដី។
(បទពាក្យ ៧)
១- | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
អ្នកសង់ខំប្រឹងឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ||
បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឱ្យរឹងប៉ឹង | ||
អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងក៏អសារ | ||
២- | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
ខំទាំងលំបាកគ្រប់អាត្មា | តែឥតបានការផលចំណេញ | ||
ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិទ្រា | ||
៣- | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ||
៤- | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ||
៥- | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស់ | ||
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
បន្ទរ ៖ ដោយព្រះអង្គបានចាប់កំណើតពីនាងព្រហ្មចារិនី ព្រះអង្គបានបំពេញតាមសេចក្តីដែលមានចែងទុកក្នុងព្រះគម្ពីរ ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! ដ្បិតព្រះអង្គបានយាងចុះមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដូចដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកលើផែនដី។
បទលើកតម្កើងតាមលិខិតអេភេសូ ១,៣-១០
បន្ទរទី៣៖ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ! ព្រះនាងជាស្រ្តីដែលមានពរ ហើយផលដែលកើតចេញពីផ្ទៃព្រហ្មចារីរបស់ព្រះនាង ប្រៀបដូចជាអណ្តាតភ្លើងដែលឆេះនៅកណ្ដាលគុម្ពោត តែគុម្ពោតមិនឆេះទេ ឱ្យលោកម៉ូសេបានឃើញនៅលើភ្នំស៊ីណៃ។ សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង។
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ! ព្រះនាងជាស្រ្តីដែលមានពរ ហើយផលដែលកើតចេញពីផ្ទៃព្រហ្មចារីរបស់ព្រះនាង ប្រៀបដូចជាអណ្តាតភ្លើងដែលឆេះនៅកណ្ដាលគុម្ពោត តែគុម្ពោតមិនឆេះទេ ឱ្យលោកម៉ូសេបានឃើញនៅលើភ្នំស៊ីណៃ។ សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៤,៣-៧)
រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រធីតារបស់ព្រះអង្គ។ បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្រធីតារបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រធីតាមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានឲ្យនោះដែរ។
បន្ទរ៖ ព្រះបន្ទូលបានកើតមកជាមនុស្ស *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
—ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ស្ត្រីដែលបានបង្កើតព្រះគ្រីស្ត ព្រមទាំងបានបំបៅព្រះអង្គជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះពិភពលោក ពិតជាមានសុភមង្គលមែន!» អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ «ស្ត្រីដែលបានបង្កើតព្រះគ្រីស្ត ព្រមទាំងបានបំបៅព្រះអង្គជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះពិភពលោក ពិតជាមានសុភមង្គលមែន!» អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តជាអេម៉ានូអែល ដែលព្រះនាងព្រហ្មចារិនីបានផ្តល់កំណើតឱ្យ។ ចូរយើងកោតសរសើរព្រះអង្គ និងសូមទូលថា ៖
បន្ទរ៖ ឱព្រះបុត្រានៃព្រះនាងព្រហ្មចារិនីម៉ារីអើយ ! សូមព្រះសណ្តាប់យើងខ្ញុំផង !
ព្រះអង្គបានប្រោសប្រទានឱ្យព្រះនាងម៉ារីមានអំណរសប្បាយ ក្នុងឋានៈជាមាតា
—សូមព្រះអង្គប្រទានឱ្យឪពុកម្តាយគ្រប់រូប មានអំណរដ៏ពិតប្រាកដ ព្រោះតែកូនៗរបស់ពួកគេផង។ (បន្ទរ)
ឱព្រះមហាក្សត្រនៃសុខសន្តិភាព ! ព្រះរាជ្យរបស់ព្រះអង្គ គឺជាផ្នែកមួយនៃភាពយុត្តិធម៌ និងសេចក្តីសុខសាន្ត
—សូមជួយយើងខ្ញុំឱ្យចេះស្វែងរកផ្លូវនៃសេចក្តីសុខសាន្តផង។ (បន្ទរ)
ព្រះអង្គយាងមកធ្វើឱ្យមនុស្សលោក ក្លាយជាប្រជាជនដ៏វិសុទ្ធរបស់ ព្រះជាម្ចាស់
—សូមព្រះអង្គនាំប្រជាជាតិទាំងអស់ ឱ្យទទួលស្គាល់ពីចំណងមេត្រីភាពនៃសេចក្តីស្រឡាញ់របស់ព្រះអង្គផង។ (បន្ទរ)
ដោយព្រះអង្គប្រសូត ព្រះអង្គបានពង្រឹងចំណងនៃគ្រួសារ
—សូមព្រះអង្គជួយដល់ក្រុមគ្រួសារទាំងអស់ឱ្យចេះស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗផង។ (បន្ទរ)
ព្រះអង្គសព្វព្រះហឫទ័យប្រសូតជាមនុស្ស ក្នុងពេលវេលាដែលមានដែនកំណត់
—សូមប្រោសឱ្យបងប្អូនយើងខ្ញុំដែលបានលាចាកលោកនេះ អាចកើតនៅក្នុងពេលអស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឲ្យព្រះនាងព្រហ្មចារិនីម៉ារី បង្កើតព្រះបុត្រាព្រះអង្គដើម្បីសង្គ្រោះមនុស្សលោក។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំសមនឹងទទួលព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រា ដែលជាប្រភពនៃជីវិតថ្មី។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។