ថ្ងៃទី០៣ ខែមករា
ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
ពណ៌ស
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ២,១-១១
បងប្អូនអើយ! ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយដោយរួមជាមួយព្រះគ្រីស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឱ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។ ក្នុងចំណោមបងប្អូនម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ព្រះគ្រីស្តយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដីនាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
ទំនុកតម្កើងលេខ ៨,៤-៥.៦-៧.៨-៩
៤ | ពេលទូលបង្គំ | សម្លឹងមើលចំ | ទៅផ្ទៃមេឃា |
មើលហ្វូងតារា | មើលព្រះចន្ទ្រា | ដ៏ស្រស់សោភា | |
ស្នាព្រះហស្តថ្លៃ | ។ | ||
៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហឫទ័យ | |
ទុកដាក់ដូច្នោះ? | ។ | ||
៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្តិយសខ្ពង់ខ្ពស់ |
ទាបជាងទេវតា | បន្តិចប៉ុណ្ណោះ | ទៅដល់មនុស្ស | |
ទុកជាមកុដរាជ្យ | ។ | ||
៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង | រាល់ថ្ងៃព្រឹកល្ងាច |
លើអ្វីទាំងអស់ | ពេញដោយអំណាច | ព្រមទាំងបង្ក្រាប | |
នៅក្រោមជើងគេ | ។ | ||
៨ | ដោយសារអំណាច | អ្វីៗមិនអាច | ផ្លាស់ប្តូប្រួលប្រែ |
ទាំងចៀមទាំងគោ | សត្វព្រៃផងដែរ | ឱ្យមនុស្សមើលថែ | |
ប្រើប្រាស់គ្រប់គ្រង | ។ | ||
៩ | ព្រមទាំងបក្សី | នៅលើផែនដី | នៅលើមេឃផង |
ត្រីក្នុងសមុទ្រ | សព្វសត្វតែម្តង | សត្វលូនវារផង | |
មកនៅជួបជុំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,២១-២៤
ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែកថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវទូតបានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធតាមគម្ពីរវិន័យលោកម៉ូសេបានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ដ្បិតក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ អ្នកទាំងពីរថ្វាយយញ្ញបូជាតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់ដែលបានចែងទុកមក “គឺថ្វាយលលកមួយគូ ឬព្រាបស្ទាវពីរ”។