ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

បន្ទរ៖   អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

បន្ទរ៖ ទេវទូត​កាព្រីអែលចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​ជា​មួយ​នាង»។

បន្ទរ៖   ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)

៥-ពេលខ្ញុំមានទុក្ខតប់ប្រមល់                         ខ្ញុំអង្វរដល់ព្រះឥតប្រែ
ព្រះម្ចាស់ក៏តបមកវិញដែរទ្រង់ថ្នមបំពេរខ្ញុំបានសុខ
៦-បើព្រះអម្ចាស់គង់នឹងខ្ញុំបាត់អស់ទុក្ខធំចេញពីមុខ
លែងភ័យខ្លាចលែងកើតទុក្ខតើមនុស្សអាចធ្វើអ្វីខ្ញុំបាន
៧-ព្រះអម្ចាស់គង់នៅជាមួយទ្រង់ការពារជួយខ្ញុំសុខសាន្ត
ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មានរត់ប្រាសចាកស្ថានដូចចិត្តប៉ង
៨-មានសង្ឃឹមជ្រកនិងពឹងពាក់មានជំនឿជាក់និងបំណង
លើព្រះម្ចាស់ប្រសើរកន្លងជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ 
៩-មានសង្ឃឹមជ្រកនិងពាក់ពឹងមានជំនឿរឹងមាំទាំទៅ
លើព្រះអម្ចាស់ទើបត្រឹមត្រូវជាងយើងពឹងទៅលើអ្នកធំ
១០-ជនជាតិដទៃអ្នកប្រឆាំងបានឡោមព័ទ្ធពាំងលើរូបខ្ញុំ
តែដោយព្រះម្ចាស់អំណាចធំជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១-គេបានរោមជិតរឹតឡោមព័ទ្ធចង់ចូលសង្កត់ឱ្យខ្ញុំប្រែ
តែដោយព្រះអម្ចាស់មើលថែជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២-វាមកឡោមព័ទ្ធខ្ញុំជុំជិតដូចជាហ្វូងឃ្មុំច្រើនដាសដី
តែវាត្រូវឆេះដូចភ្លើងព្រៃខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣-ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំងខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ
រកឱ្យព្រះជួយឆាប់រហ័សពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤-ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក
មានព្រះនាមព្រះផុតទុក្ខសោកព្រះអង្គចេញមកច្បាំងការពារ
១៥-មនុស្សសុចរិតចិត្តអង់អាចមិនចេះកោតខ្លាចស្រែកគ្រប់គ្នា
ច្រៀងថ្វាយព្រះអង្គមានឫទ្ធាសម្តែងចេស្តាអានុភាព
១៦-ព្រះអង្គសម្តែងបារមីខ្ពស់ប្រសើរលើសលស់មិនទន់ទាប
ព្រះអង្គបង្ហាញឱ្យគេជ្រាបឫទ្ធានុភាពអស្ចារ្យក្រៃ
១៧-ខ្ញុំត្រូវនៅរស់មានជីវិតមិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តីស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨-ព្រះអង្គប្រដៅវាយអប់រំទះតប់រូបខ្ញុំប្រាកដណាស់
តែទ្រង់ស្រឡាញ់មិនឱ្យប្រាសមិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩-ចូរនាំគ្នាបើកទ្វារឱ្យមនុស្សសុចរិតស្រីប្រុសមកប្រញាប់
ខ្ញុំនឹងចូលទៅឱ្យបានឆាប់នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០-ទ្វារនេះជាទ្វារព្រះអម្ចាស់សូមជនស្រីប្រុសដើរតម្រង់
អ្នកសុចរិតអើយកុំបង្អង់ទ្វារបើកបម្រុងនៅចាំអ្នក
២១-ខ្ញុំនឹងតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២-ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣-ព្រះអង្គសម្រេចការអស្ចារ្យដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់គួរស្ញប់ស្ញែងណាស់គួរគោរព
២៤-ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់កំណត់ទុកច្បាស់ឱ្យយើងឈប់
នាំគ្នាសប្បាយកុំនៅជ្រប់គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(គ)

២៥ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
សូមឱ្យពរអ្នករាល់គ្នា។
២៧មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

បន្ទរ៖ ទេវទូត​កាព្រីអែលចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​ជា​មួយ​នាង»។

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ឱព្រះបិតាដ៏សប្បុរសយ៉ាងក្រៃលែងអើយ ! ព្រះអង្គបានចាត់ព្រះគ្រីស្តឱ្យយាងមកផ្តល់សេចក្តីសុខគ្រប់យ៉ាង និងប្រោសមនុស្សលោកឱ្យបានរួចពីបាប។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត ដែលកំពុងយាងមករំដោះយើងខ្ញុំ ឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងមែន។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

67 Views

Theme: Overlay by Kaira