ថ្ងៃសៅរ៍ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១-១១

បងប្អូនជាទីស្រឡាញ់!
ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូឥត​មាន​ទោស‌ពៃរ៍​ទៀត​ឡើយ​ ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះ‌គ្រីស្ដ‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឱ្យរួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។ ការ​ណា​ដែល​វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើឱ្យវិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជាម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះ‌អង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់ឱ្យ​យាង​មក មាន​ជាតិ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប ក្នុង​ឋានៈ​ជា​មនុស្ស។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើងឱ្យសុចរិត ស្រប​តាម​ការ​តម្រូវ​របស់​វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់‌ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ គិត​តែ​ពី​ខាង​ព្រះ‌វិញ្ញាណ។ ការ​គិត​ខាង​លោកីយ៍​នាំ​ឱ្យស្លាប់ រីឯ​ការ​គិត​ខាង​ព្រះ‌វិញ្ញាណ​នាំ​ឱ្យមាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​វិញ ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​ព្រះ‌ជាម្ចាស់ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថ‌ភាព​នឹង​ចុះ​ចូល​បាន​ផង។ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​លោកីយ៍ ពុំ​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ឡើយ។ ចំពោះ​បង‌ប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន បង‌ប្អូន​មិន​នៅ​ខាង​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ដ អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន​បើ​ព្រះ‌គ្រីស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ទោះ​បី​រូប​កាយ​របស់​បង‌ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិតឱ្យ​បង‌ប្អូន​ដែរ មក​ពី​ព្រះ‌ជាម្ចាស់​ប្រោស​បង‌ប្អូន​ឱ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​មែន​នោះ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ដ​ឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រទាន​ឱ្យ​រូប​កាយ​របស់​បង‌ប្អូនដែល​តែង‌តែ​ស្លាប់​នេះ មាន​ជីវិត​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។

ទំនុកតម្កើងលេខ ២៤,(២៣),១-៦ បទពាក្យ៧

អ្វីៗដែលនៅលើដែនដីកើតមកច្រើនក្រៃមីរដេរដាស
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ជាស្នាព្រះហស្ដនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ដ
គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្ដោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងអស់នេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៣៣,១១

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបបាត់បង់ជីវិតឡើយ គឺទ្រង់សព្វព្រះហប្ញទ័យឱ្យគេចាកចេញពីផ្លូវអាក្រក់របស់ខ្លួនវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១-៩

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូអំពី​អ្នក​ស្រុក​កាលី‌ឡេដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​ អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ? ទេ មិន‌មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ‌ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច​គេ​មិន​ខាន។ ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឯ​ទៀតៗ​ឬ? ទេ មិន‌មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ‌ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរមួយ​ដើម​ដុះ​ក្នុង​ចម្ការ​បុរស​ម្នាក់។ ម្ចាស់​ចម្ការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ គាត់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។ អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ ហើយ​ដាក់​ជី។ ឆ្នាំ​ក្រោយ​ប្រហែល​ជា​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។

55 Views

Theme: Overlay by Kaira