សារធិប្បាយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

ព្រះយេស៊ូបានស្រឡាញ់​យើង
Dilexit nos

អំពីសេចក្តីស្រឡាញ់​ក្នុង​​ឋានៈ​ជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់
នៃព្រះបេះដូងដ៏សក្ការៈរបស់ព្រះយេស៊ូគ្រីស្ត

ប្រែសម្រួលដោយលោកបូជាចារ្យ ហ្រ្វង់ស័រ អេមេល្សដាល

***

ក្នុងឱកាសខួប៣៥០ឆ្នាំ ដែលព្រះយេស៊ូគ្រីស្តបានសម្ដែងព្រះបេះដូងដ៏សក្ការៈរបស់ព្រះអង្គចំពោះសន្តី ម៉ាហ្គើរីត ម៉ារី អាឡាកុក (Marguerite-Marie Alacoque) សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសសេរលិខិត “ព្រះយេស៊ូបានស្រឡាញ់​យើង” (Dilexit nos) សម្រាប់ព្រះសហគមន៍កាតូលិកទាំងមូល ដើម្បីជួយលើកទឹកចិត្តគ្រីស្តបរិស័ទ​ឱ្យគោរ​ព​ប្រណិប័តន៍​ព្រះជាម្ចាស់តាមរបៀបនេះ។ ខាងក្រោមនេះ គឺជាសេចក្តីដកស្រង់ពីលិខិតនេះស្តីអំពីសេចក្តីស្រឡាញ់​ក្នុង​​ឋានៈ​ជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់នៃព្រះបេះដូងដ៏សក្ការៈរបស់ព្រះយេស៊ូគ្រីស្ត។

១. ដោយនិយាយអំពីព្រះគ្រីស្ត សន្តប៉ូលមានប្រសាសន៍ថា “ព្រះអង្គបានស្រឡាញ់យើង” (រ៉ូម ៨,៣៧) ទាំងធ្វើឱ្យយើងយល់ថា “គ្មានអ្វីអាចធ្វើឱ្យយើងបែកចេញពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ” (រ៉ូម ៨,៣៩)។ លោកអះអាង​សេចក្ដីនេះទាំងជឿជាក់ ដ្បិតព្រះគ្រីស្តផ្ទាល់មានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា” (យហ ១៥,៩-១២)។ ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ “ខ្ញុំហៅអ្នករាល់គ្នាជាមិត្តសម្លាញ់” (យហ ១៥,១៥)។ ព្រះហឫទ័យ​ដ៏ទូលាយរបស់ព្រះអង្គរង់ចាំយើងទុកជាមុន ដោយគ្មានលក្ខខណ្ឌ ដោយមិនទាមទារអ្វីពីយើងទុកជាមុន ដើម្បី​ស្រឡាញ់​យើង និងប្រោសប្រទានមិត្តភាពរបស់ព្រះអង្គមកយើង៖ “ព្រះអង្គបានស្រឡាញ់យើងទុកជាមុន” (១យហ ៤,១៩)។ ដោយសារព្រះយេស៊ូ “យើងបានទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង ហើយ​យើង​ក៏បានជឿ” (១ យហ ៤,១៦)។

៩. ក្នុងពិភពដ៏មិនទៀងទាត់នេះ យើងត្រូវតែនិយាយអំពីដួងចិត្ត (បេះដូង) សាជាថ្មី ដើម្បីបង្ហាញថា ជាទីលំនៅ ដែលសរុបមនុស្សគ្រប់រូបៗក្នុងឋានៈ ឬលក្ខណៈរៀងៗខ្លួន។ ដួងចិត្តនេះ ជាទីលំនៅ ដែលមនុស្សរកឃើញប្រភព និង​ឫស​នៃកម្លាំង ការជឿជាក់ អារម្មណ៍ និងជម្រើសផ្សេងៗទាំងអស់របស់ខ្លួន។​ ក៏ប៉ុន្តែ យើងវិវត្ដក្នុងសង្គមរបស់អ្នករកស៊ី ដែល​រស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។ ចង្វាក់ និងសម្លេងនៃបច្ចេកវិទ្យាត្រួតត្រាយើង ហើយយើងក៏គ្មានភាពអត់ធ្មត់ ដែល​ត្រូវ​​ការជាចាំបាច់ ដើម្បីបំពេញកិច្ចការស្របតាមជីវិតខាងក្នុង។

១១. បើយើងមិនផ្តល់តម្លៃដល់ជម្រៅចិត្ត យើងក៏មិនផ្តល់តម្លៃ នៅពេលយើងនិយាយ ឬធ្វើការឱ្យអស់ពីចិត្តដែរ។ នៅពេលដែលយើងមិនចាប់អារម្មណ៍អំពីលក្ខណៈពិសេសនៃដួងចិត្ត យើងបាត់បង់ចម្លើយ ហើយបើមាន​តែប្រាជ្ញា​ប៉ុណ្ណោះ មិនអាចផ្តល់ឱ្យយើងជួបអ្នកដទៃយ៉ាងពិតប្រាកដ ព្រមទាំងនាំឱ្យយើងបាត់បង់កំណាព្យនៃជីវិត។ យើងក៏ឆ្លង​កាត់​ប្រវត្តិសាស្រ្តនៃជីវិតរបស់យើង ដ្បិតដំណើរផ្សងព្រេងពិតប្រាកដ ជាដំណើរ ដែលចេញមកពីជម្រៅចិត្ត។ នៅទី​បញ្ចប់​នៃជីវិត មានតែដំណើរនៃជម្រៅចិត្តនេះប៉ុណ្ណោះ ដែលនឹងនៅសេសសល់។

៣០. ក៏ប៉ុន្តែ អ្វីៗទាំងអស់នេះ មិនមានន័យថា យើងត្រូវពឹងលើខ្លួនឯងឡើយ។ ចូរប្រុងប្រយ័ត្ន៖ សូមឱ្យយើងដឹងខ្លួនថា ចិត្តយើងមិនអាចមានឯករាជ្យ ចិត្តយើងខ្សោយ និងត្រូវរបួសដែរ។ ចិត្តយើងមានសេចក្ដីថ្លៃថ្នូរផ្ទាល់ តែក្នុង​ពេលតែមួយនេះ ចិត្តយើងត្រូវស្វែងរកជីវិតដ៏ថ្លៃថ្នូរ។ ចូរយើងទៅរកព្រះបេះដូងរបស់ព្រះគ្រីស្ត ជាស្នូលនៃព្រះអង្គ ជាឡភ្លើងដ៏ក្តៅៗនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ ក្នុងឋានៈជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់ គឺព្រះបេះដូងនេះ ដែលបំពេញមនុស្សយើងឱ្យបានពេញលក្ខណៈ។ ក្នុងព្រះបេះដូងនេះ យើងទទួលស្គាល់ខ្លួនឯង និង​ចេះ​រៀនស្រឡាញ់​ខ្លួនឯង។

៥១. គ្មាននរណាអាចនឹកស្មានថា ការគោរពប្រណិប័តន៍ចំពោះព្រះបេះដូងដ៏សក្ការៈរបស់ព្រះយេស៊ូគ្រីស្តអាចធ្វើឱ្យ​យើង​បែកចេញ ឬឃ្លាតឆ្ងាយពីព្រះអង្គ និងពីសេចក្ដីស្រឡាញ់របស់ព្រះអង្គបានឡើយ។ តាមរបៀបដែលចេញពីដួងចិត្ត​តែ​ម្តង ពេលយើងស្រឡាញ់ព្រះបេះដូងដ៏សក្ការៈរបស់ព្រះគ្រីស្ត ការគោរពប្រណិប័តន៍នេះ តម្រង់យើងឆ្ពោះទៅព្រះអង្គមួយ​អង្គ​គត់ ទ្រង់ដែលត្រាស់ហៅយើងឱ្យទៅជាមិត្តសម្លាញ់ដ៏មានតម្លៃ ដោយនិយាយសន្ទនា ជឿទុកចិត្ត និងក្រាបថ្វាយបង្គំ​ព្រះ​អង្គ។ ព្រះគ្រីស្តនេះ ដែលគេចាក់ទម្លុះព្រះបេះដូង ជាព្រះអង្គដដែល ដែលបានប្រសូតនៅភូមិបេថ្លេហិម ដោយ​សេច​ក្តី​​ស្រឡាញ់​។ ទ្រង់ដែលបានធ្វើដំណើរនៅស្រុកកាលីឡេ ដោយជួយព្យាបាល អង្អែលថ្នាក់ថ្នម និងចាក់បង្ហូរ​ធម៌​មេត្តា​ករុណា គឺជាព្រះអង្គដដែល ដែលបានស្រឡាញ់យើងរហូតដល់ទីបញ្ចប់ ដោយលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ ទីបញ្ចប់ គឺព្រះអង្គដដែល ដែលបានរស់ឡើងវិញ ហើយគង់នៅកណ្តាលយើងពោរពេញដោយសិរីរុងរឿង។

៥៩. ពេលខ្លះ សេចក្តីស្រឡាញ់ និងដួងចិត្តមិនជាប់ទាក់ទិននឹងគ្នាទេ ដ្បិតការស្អប់ ការមិនអើពើ និងការគិតតែពី​ប្រយោជន៍​ផ្ទាល់ខ្លួន អាចគ្រងរាជ្យលើដួងចិត្តមនុស្ស។ ក៏ប៉ុន្តែ យើងមិនទៅជាមនុស្សពេញលក្ខណៈ បើយើងមិនចេញ​ពី​ខ្លួន​ឯង ហើយក៏មិនអាចក្លាយជាខ្លួនឯង បើយើងមិនចេះស្រឡាញ់។ ស្នូលដ៏ស្និទ្ធស្នាលជាងគេរបស់យើង ដែលព្រះ​ជាម្ចាស់​បានបង្កើត សម្រេចគម្រោងការរបស់ព្រះអង្គ នៅពេលដែលយើងស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយ បានជា​និមិត្ត​សញ្ញានៃបេះដូងជារូបតំណាងនៃសេចក្ដីស្រឡាញ់។

៨៣. សេចក្ដីស្រឡាញ់ចំពោះព្រះបេះដូងរបស់ព្រះគ្រីស្តចាំបាច់ចំពោះជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដ្បិតពេលនោះ យើង​បើកចំហដួងចិត្ត ពោរពេញដោយជំនឿ និងដោយក្រាបថ្វាយបង្គំ ចំពោះអាថ៌កំបាំងនៃសេចក្ដីស្រឡាញ់ ក្នុងឋានៈ​ជា​មនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់របស់ព្រះអម្ចាស់ រហូតដល់យើងអាចអះអាងម្តងទៀតថា ព្រះបេះដូងដ៏សក្ការៈ​របស់​​ព្រះគ្រីស្តសង្ខេបដំណឹងល្អ។ យើងត្រូវរម្លឹកថា អ្នកជឿមិនត្រូវតែជឿចំពោះការនិមិត្តឃើញផ្សេងៗខាងវិញ្ញាណ ដែល​​​ព្រះ​ជាម្ចាស់បានសម្ដែងឱ្យជនដ៏វិសុទ្ធខ្លះៗបានដឹង ដូចពួកគេត្រូវតែជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។​ ក្នុង​ចំណោម​​ការនិមិត្តឃើញរបស់ជនដ៏វិសុទ្ធទាំងនោះ មានការគោរពប្រណិប័តន៍ចំពោះព្រះបេះដូងដ៏សក្ការៈ​របស់ព្រះគ្រីស្ត​។​ អ្វីៗទាំងអស់នោះ អាចជំរុញឱ្យធ្វើបានល្អត្រឹមត្រូវ ក៏ប៉ុន្តែ យើងមិនត្រូវបង្ខំនរណាម្នាក់ឱ្យធ្វើតាម បើអ្នកនេះយល់ថា ការគោរពប្រណិប័តន៍បែបនេះ មិនជួយគេឱ្យរីកចម្រើនខាងផ្លូវវិញ្ញាណឡើយ។ ទោះជាយ៉ាងណា សម្ដេចប៉ាប ពីយ៉ូស ទី១២ បានប្រកាសថា “ត្រូវតែចងចាំថា ការគោរពប្រណិប័តន៍នេះ មកពីជនដ៏វិសុទ្ធតែម្នាក់គត់”។

៨៤. ឧទាហរណ៍ ពេលគេបានស្នើសុំឱ្យទទួលព្រះកាយរាល់ថ្ងៃសុក្រដើមខែ គឺជាសារដ៏សំខាន់ នៅសម័យនោះ ដែលមនុស្សជាច្រើនលែងទទួលព្រះកាយ ដ្បិតពួកគេមិនជឿទុកចិត្តលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយចាត់​ទុកថា មានតែអ្នកជឿដ៏ល្អឥតខ្ចោះប៉ុណ្ណោះ ដែលអាចទទួលព្រះកាយបាន។ ក្នុងកាលៈទេសៈនេះ ការគោរពប្រណិប័តន៍ (ឱ្យទទួលព្រះកាយរាល់ថ្ងៃសុក្រដើមខែ) អាចធ្វើបានយ៉ាងល្អ ដោយជួយឱ្យទទួលស្គាល់ថា ក្នុងអគ្គសញ្ញាអរព្រះគុណ ព្រះបេះដូងរបស់ព្រះគ្រីស្តស្រឡាញ់យើងយ៉ាងស្និទ្ធស្នាល ដោយមិនចាំបាច់ឱ្យយើងល្អឥតខ្ចោះ ហើយត្រាស់ហៅយើង​ឱ្យ​រួមរស់​ជា​មួយ​ព្រះអង្គ។ សព្វថ្ងៃ ការគោរពប្រណិប័តន៍នេះ កាន់តែល្អប្រសើរឡើងជាច្រើន ដើម្បីមូលហេតុ​ផ្សេង​មួយ​ទៀតគឺ៖ នៅកណ្តាលខ្យល់កួចនៃពិភពបច្ចុប្បន្ន និងចិត្តលោភលន់របស់យើងចំពោះការដើរលេងសប្បាយៗ ការរកស៊ី ទូរស័ព្ទទំនើប និងបណ្តាញសង្គម នាំយើងឱ្យភ្លេចចិញ្ចឹមជីវិត ដោយទទួលកម្លាំងពីព្រះកាយព្រះគ្រីស្ត។

៨៥. យ៉ាងណាមិញ យើងមិនត្រូវបង្ខំនរណាម្នាក់ឱ្យធ្វើសមាធិមួយម៉ោង នៅថ្ងៃព្រហស្បតិ៍ឡើយ។ ក៏ប៉ុន្តែ គួរលើកទឹក​ចិត្ត​ឱ្យធ្វើតាម! នៅពេលដែលមនុស្សម្នាក់ប្រព្រឹត្តកិច្ចការនេះ ដោយមានចិត្តឆេះឆួល រួមជាមួយអ្នកជឿជាច្រើនទៀត ហើយនៅពេលដែលគេរកឃើញសេចក្ដីស្រឡាញ់ចំពោះព្រះបេះដូងព្រះគ្រីស្ត នៅក្នុងអគ្គសញ្ញាអរព្រះគុណ រួមជាមួយ​ព្រះ​សហគមន៍ គេក្រាបថ្វាយបង្គំនិមិត្តសញ្ញា (ការតាំងព្រះកាយព្រះគ្រីស្ត) និងស្នាមនៃសេចក្ដី​ស្រឡាញ់​របស់​ព្រះជា​ម្ចាស់​ ដែលបានស្រឡាញ់មនុស្សជាតិ ដោយព្រះបេះដូងរបស់ព្រះបន្ទូលប្រសូតជាមនុស្ស។

៨៨.  យើងចង់បន្ថែមទៀតថា នៅពេលជាមួយគ្នា ព្រះបេះដូងរបស់ព្រះគ្រីស្តរម្ដោះយើងឱ្យរួចពីសហគមន៍ និងគង្វាល ដែលប្រព្រឹត្តតែសកម្មភាពខាងក្រៅ ហើយកែទម្រង់រចនាសម្ព័ន្ធផ្សេងៗ ដែលមិនស្របតាមដំណឹងល្អ និងរវល់តែរៀបចំ​អ្វីៗ​ទាំងអស់ឱ្យបានល្អជានិច្ច តាមគម្រោងការលោកីយ៍ ហើយរាល់សំណូមពរទាំងប៉ុន្មាន របស់ពួកគេចង់បង្ខំ​ឱ្យ​មនុស្ស​ទាំងអស់ធ្វើតាម។ ពេលនោះ យើងទៅជាគ្រីស្តបរិស័ទលែងជឿដោយមានចិត្តទន់ភ្លន់ លែងបម្រើដោយមានអំណរ​សប្បាយ លែងមានចិត្តឆេះឆួលប្រកាសដំណឹងល្អ លែងចាប់អារម្មណ៍ចំពោះសោភណភាពរបស់ព្រះគ្រីស្ត លែងចេះ​ដឹង​គុណ​ព្រះអង្គចំពោះមិត្តភាព ដែលព្រះអង្គប្រោសប្រទាន និងអត្ថន័យដែលទ្រង់ប្រទានឱ្យជីវិត។ ពេលនោះ យើង​ជឿ​លើ​ព្រះក្លែង​ក្លាយមួយអង្គ ដែលគង់នៅឆ្ងាយពីមនុស្សលោក។

៨៩. នៅពេលដែលយើងជាប់អន្ទាក់នឹងជម្ងឺនោះ យើងក៏មិនចង់បានជាសះស្បើយទេ ហេតុនេះ ជម្ងឺទាំងអស់នោះ ជំរុញយើងឱ្យស្នើសុំចំពោះព្រះសហគមន៍ទាំងមូលនូវការប្រៀនប្រដៅថ្មីអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ដែលព្រះ​បេះ​ដូងដ៏វិសុទ្ធរបស់ព្រះអង្គជាប្រធានបទ។ នៅទីនោះ យើងទទួលដំណឹងល្អទាំងស្រុង នៅទីនោះ មានសេចក្ដី​សង្ខេប​នៃសេចក្ដីពិត ដែលយើងជឿ នៅទីនោះ មានអ្វីដែលយើងក្រាបថ្វាយបង្គំ និងស្វែងរកក្នុងជំនឿ នៅទីនោះ មាន​អ្វី​ដែល​យើង​ត្រូវការជាចាំបាច់។

១២១. ការទទួលស្គាល់ដ៏ខ្លាំងក្លានៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូគ្រីស្តដែលសន្តីម៉ាហ្គើរីត ម៉ារី បានបញ្ជូន​មកយើង ជំរុញយើងឱ្យរួមរស់ជាមួយព្រះអង្គយ៉ាងខ្លាំង។ ក៏ប៉ុន្តែ យើងមិនត្រូវសុខចិត្ត ឬទទួលយកអ្វីៗទាំងអស់នៃសំណូមពរ​ខាង​វិញ្ញាណ​នេះ ឬដូចជាកិច្ចការរបស់ព្រះជាម្ចាស់លាយឡំនឹងចំណុចរបស់មនុស្សសុទ្ធសាធ ដែលជាប់ទាក់ទិន​នឹង​បំណង​​ប្រាថ្នា ការរវីរវល់ និងការស្រមើស្រមៃរបស់ខ្លួននោះទេ។ យើងត្រូវរិះគិតអំពីសំណូមពរនេះឡើងវិញ ក្រោមពន្លឺ​នៃ​ដំណឹង​ល្អ និងការបញ្ជូនបន្តដ៏អស្ចារ្យរបស់ព្រះសហគមន៍ ទាំងទទួលស្គាល់ថា សំណូមពរនេះ បានធ្វើល្អចំពោះបងប្អូន​ជា​ច្រើន។ ធ្វើដូច្នេះ​ យើងអាចទទួលស្គាល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងបទពិសោធន៍ខាងជំនឿ និង​សេចក្ដី​ស្រឡាញ់នេះ។ ដោយយើងមិនបាច់និយាយលម្អិត និងអាចសង្ខេបស្នូលនៃសារដែលសន្តីម៉ាហ្គើរីត ម៉ារី បានឮ និងបានបញ្ជូនមកយើង ដោយពាក្យទាំងប៉ុន្មាននោះថា៖ “នេះគឺជាព្រះបេះដូង ដែលបានស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ព្រះអង្គមិនបានរក្សាទុកព្រះបេះដូងនេះ។ ព្រះបេះដូងនេះក៏ហត់នឿយ រហូតដល់ទីបំផុត ដើម្បីផ្តល់សក្ខីភាព​អំពី​សេចក្ដីស្រឡាញ់របស់ព្រះអង្គ”។

១២៩. សន្តឆាល ដឺ ហ្វូកូ និងសន្តីថេរេសានៃព្រះកុមារយេស៊ូ បានកែចំណុចខ្លះៗនៃការគោរពប្រណិប័តន៍​ចំពោះ​ព្រះ​បេះ​ដូងព្រះគ្រីស្ត ដោយអចេតនា ធ្វើឱ្យការប្រណិប័តន៍នេះ យល់ស្របតាមដំណឹងល្អកាន់តែល្អប្រសើរ។  សូមគិត​មើល​ថា តើការគោរពប្រណិប័តន៍នេះ បានសម្តែងយ៉ាងដូចម្ដេច ក្នុងជីវិតពួកគាត់? ក្នុងជំពូកក្រោយ យើងនឹងរិះគិតអំពី​ពួក​គាត់​ឡើងវិញ ដើម្បីបង្ហាញលក្ខណៈពិសេសប្លែកពីគ្នាក្នុងការប្រកាសដំណឹងល្អ។

១៣២. ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩០៦ ថ្ងៃដែលបងប្រុសឆាល មិនអាចប្រារព្ធពិធីអភិបូជាតែម្នាក់ឯង គាត់បានសរសេរ​ពាក្យ​សន្យាថា៖ “សូមទុកឱ្យព្រះបេះដូងរបស់ព្រះយេស៊ូរស់នៅក្នុងខ្ញុំ ដើម្បីកុំឱ្យខ្លួនខ្ញុំនៅរស់ តែជាព្រះបេះដូង​របស់​ព្រះ​យេស៊ូ ដែលរស់នៅក្នុងខ្លួនខ្ញុំ ដូចកាលពីព្រះអង្គរស់នៅភូមិណាសារ៉ែតដែរ”។ មិត្តភាពរបស់គាត់ជាមួយព្រះយេស៊ូ (ពីបេះ​ដូង​គាត់រួមជាមួយព្រះបេះដូងព្រះអង្គ) មិនមែនជាការគោរពប្រណិប័តន៍តែពីរនាក់ប៉ុណ្ណោះទេ។ មិត្តភាពនេះ ជា​ឫស​នៃជីវិតសមាញ្ញជាទីបំផុត នៅភូមិណាសារ៉ែត ដែលលោកឆាល ចង់យកតម្រាប់តាមព្រះគ្រីស្ត និងក្លាយ​ដូច​ជា​ព្រះអង្គ។ ការគោរពប្រណិប័តន៍ដ៏ទន់ភ្លន់ចំពោះព្រះបេះដូងរបស់ព្រះគ្រីស្តបានបង្កើតផលផ្លែជាក់ស្ដែងក្នុងរបៀប​រស់នៅ​របស់​គាត់។ លោកបានចិញ្ចឹមជីវិត នៅភូមិណាសារ៉ែត ដោយមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយ​ព្រះបេះ​ដូង​របស់​ព្រះ​គ្រីស្ត។

១៣៧. អស់អ្នកដែលនឹកស្មានថា កាន់សីលធម៌ដ៏ខ្ពង់ខ្ពស់ ហើយដែលអួតខ្លួនថា ចង់រក្សាទុកការគ្រប់​គ្រង​លើធម៌មេត្តា​ករុណា និងការប្រណីសន្តោសនឹងអះអាងថា សន្តីថេរេសានៅលីស៊ីយឺអាចសរសេរសេចក្ដីទាំងប៉ុន្មានរបស់គាត់ ដ្បិត​គាត់​​ជាជនដ៏វិសុទ្ធ ដែលស្រ្តីបាបម្នាក់មិនអាចធ្វើបានឡើយ។ ធ្វើដូច្នេះ ពួកគេមិនឱ្យផ្លូវខាងវិញ្ញាណ​របស់សន្តីថេរេសា ឆ្លុះបញ្ចាំងស្នូលនៃដំណឹងល្អតាមរបៀបថ្មី។ គួរឱ្យស្តាយ! ក្នុងចំណោម​គ្រីស្តបរិស័ទ មានអ្នកខ្លះ ដែលព្យា​យាម​រក្សា​ទុក​ព្រះវិញ្ញាណដ៏វិសុទ្ធ តាមរបៀបដែលពួកគេអាចគ្រប់គ្រង។ ក៏ប៉ុន្តែ បណ្ឌិត​ដ៏មានប្រាជ្ញាញ្ញាណនៃព្រះសហគមន៍នេះ (សន្តីថេរេសា) ធ្វើឱ្យពួកគេបិទមាត់ និងនិយាយផ្ទុយ​ពីការបកស្រាយ​ដ៏​ចង្អៀតចង្អល់របស់ពួកគេ ដោយពាក្យ​ច្បាស់ៗ​នេះថា​៖ “បើខ្ញុំបានប្រព្រឹត្តបទល្មើសដ៏អាក្រក់ជាងគេទាំងអស់ ខ្ញុំក៏នឹង​នៅតែ​ជឿទុកចិត្តដដែល ខ្ញុំដឹងថា ទោសទាំងអស់​នោះនឹងប្រៀបដូចជាដំណក់ទឹកក្នុងឡភ្លើងដ៏ក្តៅ”។

១៤៥. នៅចុងបញ្ចប់នៃការធ្វើសមាធិនៅក្បែរឈើឆ្កាង សន្តអ៊ីញ៉ាស (Ignace) អញ្ជើញអ្នកស្វែងយល់ឱ្យ​និយាយ​សន្ទនា​​យ៉ាងស្និទ្ធស្នាលជាមួយព្រះអម្ចាស់ ដែលត្រូវគេឆ្កាងដូច “មិត្តសម្លាញ់ម្នាក់និយាយជាមួយមិត្តសម្លាញ់ម្នាក់ ឬ​ដូច​អ្នកបម្រើនិយាយជាមួយព្រះអម្ចាស់របស់ខ្លួន” ដោយសួរថា តើព្រះអង្គអាចធ្វើអ្វីខ្លះចំពោះគាត់។ ការធ្វើដំណើរខាង​វិញ្ញាណ​នេះមានកំពូលក្នុងការ “សម្លឹងមើលឆ្ពោះទៅរកសេចក្ដីស្រឡាញ់” ដោយអរព្រះគុណ និងថ្វាយការចងចាំ ប្រាជ្ញា និងឆន្ទៈចំពោះព្រះបេះដូង ដែលជាប្រភពនៃអ្វីៗដ៏ល្អទាំងអស់។ យើងមិនអាចស្គាល់ព្រះអម្ចាស់ពីខាងក្នុង តាម​សមត្ថភាព ឬការខិតខំរបស់យើងបានទេ តែយើងត្រូវតែសូមព្រះអង្គប្រោសប្រទានឱ្យយើងស្គាល់ព្រះអង្គ ដូចជាព្រះអំ​ណោយ​​ទាន។

១៥៤. ការគោរពប្រណិប័តន៍នេះ ហាក់ដូចជាមិនមានគ្រឹះខាងទេវវិទ្យាឱ្យបានគ្រប់គ្រាន់ទេ។ តាមការពិត ព្រះបេះ​ដូង​មានមូលហេតុផ្ទាល់ខ្លួន។ អ្នកជឿម្នាក់ៗមានសមត្ថភាពទទួលស្គាល់អ្វីដែលពិតប្រាកដក្នុងជំនឿ (Sensus fidelium) ហើយយល់ថា មានអ្វីដ៏អាថ៌កំបាំង ហួសពីហេតុផលរបស់មនុស្ស៖ ព្រះគ្រីស្តរងទុក្ខលំបាកមិនគ្រាន់តែ​​ក្នុង​អតីត​កាល​ប៉ុណ្ណោះ យើងក៏អាចរួមចំណែករួមទុក្ខជាមួយព្រះអង្គដោយសារជំនឿដែរ។ ពេលអ្នកជឿស្មិងស្មាធិ៍​អំពី​ព្រះ​គ្រីស្ត ដែល​ថ្វាយ​ខ្លួននៅលើឈើឆ្កាង  ពួកគេមិនគ្រាន់តែចងចាំហេតុការណ៍មួយដែលបានកើតឡើងរួចហើយនោះទេ។ ការជឿជាក់​នេះ​ចាក់ឫសយ៉ាងជ្រៅក្នុងទេវវិទ្យា។ ម្យ៉ាងទៀត យើងដឹងអំពីបាបរបស់ខ្លួន ដែលព្រះអង្គបានទទួល​យក​នៅលើស្មា​របស់​​ព្រះអង្គ ហើយយើងយល់ថា យើងជាមនុស្សទន់ខ្សោយគ្មានសមត្ថភាពចំពោះសេចក្ដី​ស្រឡាញ់​ហួស​ពីការ​ស្មាន​របស់​ព្រះអង្គ។

១៥៦. យើងមិនគ្រាន់តែស្មិងស្មាធិ៍ ឬរម្លឹកលក្ខណៈផ្សេងៗនៃដំណឹងល្អ តែយើងក៏ត្រូវរស់នៅតាមដំណឹងល្អ ដោយ​ប្រព្រឹត្ត​កិច្ចការ​នៃសេចក្ដីស្រឡាញ់ និងដោយមានបទពិសោធន៍ពីខាងក្នុងអំពីដំណឹងល្អ។ ជាពិសេសចំពោះការសោយ​ទិវង្គត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ត។ ទោះជាវិញ្ញាណរបស់យើងបែងចែកពេលវេលា ក៏តាម​បទ​ពិសោធន៍​របស់អ្នកជឿ យើងរួមទុក្ខជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាក ហើយក្នុងពេលតែមួយយើងទទួលកម្លាំង ការ​លួងលោម​ចិត្ត និងមិត្តភាពជាមួយព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញផង។

១៥៨. នៅពេលដែលយើងសម្លឹងមើលអ្វីដែលព្រះគ្រីស្តបានរងសម្រាប់យើង យើងក៏មានបំណងប្រាថ្នាជាចាំបាច់ចង់​លួង​លោម​ព្រះគ្រីស្ត។ បំណងនេះ មកពីយើងទទួលស្គាល់ ដោយមានចិត្តស្មោះត្រង់ថា យើងជាប់ជាទាសករ យើង​មិន​សូវត្រេកអរសប្បាយព្រោះជឿ យើងស្វែងរករឿងអត់ប្រយោជន៍ ហើយលើសពីអំពើបាបជាក់ស្ដែងរបស់យើង ចិត្តយើង​មិន​ត្រូវនឹងសេចក្ដីស្រឡាញ់ និងគម្រោងការរបស់ព្រះអង្គ។ ​បទពិសោធន៍នេះ ជួយបន្សុទ្ធយើង ដ្បិតទឹក​ភ្នែក​ក៏បន្សុទ្ធ​យើង ដើម្បីស្រឡាញ់ ហើយជាទីបញ្ចប់ធ្វើឱ្យយើងស្រេកទឹកនឹងព្រះជាម្ចាស់កាន់តែខ្លាំង ដោយលែង​គិត​អំពី​ខ្លួនឯង។

១៦០. ដូច្នេះ ខ្ញុំសូមកុំឱ្យនរណាម្នាក់សើចចំអកអំពីរបៀបគោរពប្រណិប័តន៍នៃប្រជារាស្រ្តដ៏វិសុទ្ធស្មោះស្ម័គ្ររបស់​ព្រះ​ជា​ម្ចាស់ ដែលចង់លួងលោមព្រះគ្រីស្ត។ ខ្ញុំក៏សូមអញ្ជើញម្នាក់ៗឱ្យសួរខ្លួនឯងថា តើអ្នកជឿដែលចង់លួងលោមព្រះអម្ចាស់ ដោយសម្ដែងសេចក្ដីស្រឡាញ់ តាមរបៀបគោរពប្រណិប័តន៍ មិនមានប្រាជ្ញា មិនកាន់សេចក្ដីពិត និងមិនមាន​ប្រាជ្ញាញ្ញាណច្រើនជាងយើងទេឬ? យើងជាអ្នកដែលប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រឡាញ់ដ៏តូចតាចជាទីបំផុត យើងជា​អ្នក​ដែលរិះគិតពិចារណាទុកជាមុនយ៉ាងយូរ មុននឹងប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រឡាញ់ដ៏តូចតាចនោះ កុំឱ្យខាតពេល​វេលា ឬទ្រព្យសម្បត្តិពេក យើងជាអ្នកដែលស្មានថា យើងជាមនុស្សចាស់ទុំក្នុងជំនឿ។

១៦៣. អ្វីៗទាំងអស់នោះ អញ្ជើញយើងឱ្យស្វែងរកកាន់តែស៊ីជម្រៅនូវលក្ខណៈរួមក្នុងការប្រកាសដំណឹងល្អ​នៃការ​គោរព​ប្រណិប័តន៍ពិតប្រាកដចំពោះព្រះបេះដូងរបស់ព្រះគ្រីស្ត។ នៅពេលមួយ ព្រះបេះដូងព្រះគ្រីស្តណែនាំយើងទៅកាន់​ព្រះ​បិតា និងចាត់យើងទៅរកបងប្អូនយើងដែរ។

១៦៧. យើងត្រូវត្រឡប់ទៅរកព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីទទួលស្គាល់ និងឆ្លើយតបយ៉ាងត្រឹមត្រូវបំផុត​ចំពោះ​សេចក្ដី​ស្រឡាញ់នៃព្រះបេះដូងព្រះគ្រីស្ត យើងក៏ត្រូវស្រឡាញ់បងប្អូនរបស់យើងដែរ។ គ្មានកិច្ចការធំជាងនេះ ដែលយើង​អាច​ថ្វាយ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះយើង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រកាសយ៉ាងច្បាស់ៗ៖ “គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើល្អចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នក​រាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ” (មថ ២៥,៤០)។ សេចក្ដីតែមួយបំពេញធម៌វិន័យទាំងស្រុង៖ “អ្នកត្រូវ​ស្រឡាញ់​បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ”។

១៧០. ដោយជាប់ព្រះហឫទ័យនឹងអ្នកតូចតាចជាងគេបំផុតក្នុងសង្គម (មថ ២៥,៣១-៤៦) ព្រះយេស៊ូបាន​ជួយ​នាំ​យើងឱ្យទទួលស្គាល់ (តាមរបៀបថ្មី) សេចក្ដីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ ជាពិសេសអស់អ្នកដែលត្រូវគេប្រមាថ​មើល​ងាយ។ គោលគំនិតថ្មីនេះ ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ដែលអះអាងថា ត្រូវតែគោរព និងស្រឡាញ់មនុស្សគ្រប់រូប ជាពិសេសមនុស្សទន់ខ្សោយជាងគេ ក្រីក្រជាងគេ និងដែលរងទុក្ខលំបាកជាងគេ (រហូតដល់បាត់បង់​អត្តសញ្ញណ​ជា​មនុស្ស​) បានផ្លាស់ប្តូរពិភពលោក ដោយបង្កើតស្ថាប័ន ដែលយកចិត្តទុកដាក់លើមនុស្សក្នុងស្ថានភាពពិបាក ដូចជា​ទារក ដែលត្រូវគេលះបង់ចោល ក្មេងកំព្រា មនុស្សចាស់ជរា ឬឯកា អ្នកជម្ងឺផ្លូវចិត្ត អ្នកជម្ងឺដែលមិនអាចព្យាបាល អ្នក​ពិការ​​គ្រប់ប្រភេទ និងជនអនាថា។

១៧៧. នៅពេលសន្តប៊ែរណា (Bernard) អញ្ជើញឱ្យរួមរស់ជាមួយព្រះបេះដូងរបស់ព្រះគ្រីស្ត លោកប្រើ​ទ្រព្យ​សម្ប​ត្តិ​​នៃ​របៀបគោរពប្រណិប័តន៍នេះ ដើម្បីស្នើសុំឱ្យផ្លាស់ប្តូររបៀបរស់នៅ ដោយចាក់ឫស​នៃជីវិត​លើ​សេចក្ដី​ស្រឡាញ់​។ លោក​ជឿថា យើងអាចរួចពីទាសភាពនៃកិលេសតណ្ហា មិនមែនដោយស្តាប់បង្គាប់បទបញ្ជាណាមួយ តែដោយឆ្លើយ​តប​​នឹងសេចក្ដីស្រឡាង់ដ៏ទន់ភ្លន់របស់ព្រះគ្រីស្ត។ យើងអាចឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ សេចក្ដីអាក្រក់ចាញ់​សេច​ក្ដីស្រឡាញ់ ដែលចម្រើនឡើងជានិច្ច៖ “ដូច្នេះ ចូរស្រឡាញ់ព្រះអម្ចាស់របស់អ្នក ឱ្យអស់ពីចិត្តគំនិត ចូរស្រឡាញ់​ព្រះ​អង្គ​ឱ្យអស់ពីប្រាជ្ញា និងដោយប្រុងស្មារតី ចូរស្រឡាញ់ព្រះអង្គឱ្យអស់ពីកម្លាំង ដោយមិនខ្លាច​ស្លាប់​សម្រាប់​ព្រះអង្គ​”។

១៧៩. សន្តឆាល ដឺ ហ្វូកូ ចង់យកតម្រាប់តាមព្រះយេស៊ូគ្រីស្ត ដោយរស់នៅដូចព្រះអង្គធ្លាប់រស់នៅ ប្រព្រឹត្តកិច្ចការដូច​ព្រះ​អង្គបានប្រព្រឹត្ត និងតែងតែធ្វើអ្វីដែលព្រះយេស៊ូបានធ្វើដែរ។ ដោយលោកមានបំណងប្រាថ្នាប្រកាសដំណឹងល្អ នាំយកសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះអ្នកក្រីក្រ និងអ្នកតូចតាចជាងគេបំផុត នៅលើផែនដី លោកជ្រើស​រើស​ពាក្យ​ស្លោកថា៖ “សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ” ដោយមានឈើឆ្កាងលើព្រះបេះដូងព្រះគ្រីស្តធ្វើជានិមិត្តសញ្ញា។ បំណង​ប្រាថ្នានេះ ធ្វើឱ្យលោកទៅជាប្អូនរបស់មនុស្សទាំងអស់ បន្តិចម្តងៗ ក្នុងបេះដូងរបស់លោក លោកក៏ចង់​អោប​ថើប​មនុស្សជាតិទាំងមូល ដែលរងទុក្ខលំបាក ដោយទុកឱ្យព្រះបេះដូងព្រះគ្រីស្តកែប្រែលោកផ្ទាល់៖ “បេះដូងយើង ដូច​បេះដូង​ព្រះសហគមន៍ ក៏ដូចព្រះបេះដូងព្រះគ្រីស្ត បេះដូងនេះត្រូវអោបថើបមនុស្សទាំងអស់”។ “សេចក្ដីស្រឡាញ់​នៃ​ព្រះបេះដូងរបស់ព្រះយេស៊ូចំពោះមនុស្ស សេចក្ដីស្រឡាញ់នេះ ដែលព្រះអង្គសម្ដែងពេលទ្រង់រងទុក្ខលំបាក ជាសេចក្ដី​ស្រឡាញ់ ដែលយើងត្រូវតែមានសម្រាប់មនុស្សទាំងអស់”។

១៨២. សន្តយ៉ូហាន ប៉ូល ទី២ មានប្រសាសន៍ថា៖ “យើងអាចកសាងឡើងវិញ នូវអរិយធម៌នៃព្រះបេះដូង​ព្រះគ្រីស្ត​លើ​ដួងចិត្ត ដែលមកពីការស្អប់ និងអំពើហិង្សាបានបំផ្លាញ” ដោយលះបង់ខ្លួនឯងក្នុងព្រះបេះដូងនេះ។ លោកចង់​និយាយ​ថា “យើងអាចស្រឡាញ់ព្រះជាម្ចាស់ ដោយស្រឡាញ់អ្នកដទៃ”។ តាមពិត “ព្រះបេះដូងរបស់ព្រះសង្រ្គោះ​សូមឱ្យ​យើង​ធ្វើ​ដូច្នេះ ដើម្បីជួយកសាងឡើងវិញ”។ ដោយរួមជាមួយព្រះគ្រីស្ត ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យកសាង​អរិយធម៌​ថ្មី​នៃ​សេចក្ដីស្រឡាញ់លើអ្វី ដែលអំពើបាបរបស់យើងបានបំផ្លាញ។ ព្រះបេះដូងព្រះគ្រីស្តរង់ចាំឱ្យយើងធ្វើដូច្នេះ។ ព្រះបេះដូង​ព្រះ​​គ្រីស្ត​សព្វព្រះហឫទ័យត្រូវការឱ្យយើងរួមសហការជាមួយព្រះអង្គ ដើម្បីកសាងសេចក្ដីល្អ និងសោភណភាពឡើង​វិញ លើអ្វីដែលសេចក្ដីអាក្រក់បានបំផ្លាញ។

១៨៣. តាមការពិត អំពើបាបនីមួយៗបំផ្លាញព្រះសហគមន៍ និងសង្គម ហេតុនេះ “យើងអាចចាត់ទុកថា អំពើ​បាប​នីមួយៗ​មានលក្ខណៈរួម”។ សេចក្ដីនេះពិតប្រាកដ ចំពោះអំពើបាបខ្លះ មានលក្ខណៈវាយប្រហារ​អ្នក​ដទៃ​តែម្តង”។ សន្ត​យ៉ូហាន ប៉ូលទី២ ជួយពន្យល់ថា ការប្រព្រឹត្តបាបនោះដដែលៗបង្កើតបន្តិចម្តងៗនូវ “រចនាសម្ពន្ធនៃអំពើបាប” ដែលមិន​ឱ្យ​ប្រជាជាតិរីកចម្រើនបានឡើយ។ ជាទូទៅ យើងចាត់ទុកថា ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងការមិនរវីរវល់ ជា​អ្វី​ធម្មតា ដែលអាចយោគយល់បាន។ សង្គមណា ដែលមានរចនាសម្ពន្ធក្នុងការផលិត និងក្នុងការប្រើប្រាស់របស់របរ មិន​ជួយសម្រួលឱ្យមនុស្សរួមសាមគ្គីជាមួយគ្នា សង្គមនោះជាប់ក្នុងទាសភាព។ ដើម្បីប្រឆាំងនឹងរចនាសម្ពន្ធនោះ យើង​មិន​គ្រាន់តែត្រូវបង្កើតច្បាប់សីលធម៌ តែយើងត្រូវតែកែប្រែចិត្តគំនិត។ នេះគឺជាចម្លើយរបស់យើងចំពោះព្រះបេះដូង​របស់​ព្រះយេស៊ូគ្រីស្ត ដែលស្រឡាញ់យើង និងបង្រៀនយើងឱ្យចេះស្រឡាញ់។

២០០. បងប្អូនអើយ! ខ្ញុំស្នើសុំឱ្យយើងចាក់បង្ហូរភ្លើងនៃព្រះហឫទ័យថ្នាក់ថ្នមរបស់ព្រះអង្គ នៅលើពិភពលោក ដើម្បីតប​ស្នង​ព្រះគុណព្រះបេះដូងព្រះគ្រីស្ត។ បើយើងចង់ទូទាត់បទល្មើស ដែលយើងបានប្រព្រឹត្តប្រឆាំងនឹងសេចក្ដីស្រ​ឡាញ់​របស់ព្រះអម្ចាស់ យើងត្រូវទុកឱ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គលាតត្រដាង ក្នុងលោកនេះ គ្រប់ទីកន្លែង និងគ្រប់ពេល ដែលគេបានបោះបង់ចោល មិនព្រមទទួលសេចក្ដីស្រឡាញ់របស់ព្រះអង្គ។ យើងអាចលួងលោមព្រះគ្រីស្ត ដោយ​ប្រព្រឹត្ត​​កិច្ចការពោរពេញដោយសេចក្ដីស្រឡាញ់ ចំពោះអ្នកដទៃ។ ធ្វើដូច្នេះ យើងនឹងជួយព្យាបាលព្រះសហគមន៍ និង​ពិភពលោកដែលត្រូវរបួស។ ហេតុនេះ យើងនឹងបង្ហាញតាមរបៀបថ្មី ឫទ្ធានុភាពនៃព្រះបេះដូងព្រះគ្រីស្តដែលជួយ​ព្យាបាល។

២០២. ជាធម្មតា យើងរងទុក្ខលំបាក មកពីចិត្តអំនួតយើងត្រូវរបួស។ ប៉ុន្តែ ដោយបន្ទាបខ្លួន ព្រះបេះដូងរបស់ព្រះគ្រីស្ត​បង្ហាញ​ផ្លូវឱ្យយើងបន្ទាបខ្លួនដែរ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យយាងមករកយើង ដោយបន្ទាបខ្លួន។ នៅពេលព្រះគ្រីស្ត​មាន​ព្រះបន្ទូលថា៖ “ចូររៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព” (មថ ១១,២៩) ព្រះអង្គបង្ហាញថា “ព្រះអង្គត្រូវការ​ឱ្យ​យើងបន្ទាបខ្លួន ដើម្បីសម្ដែងព្រះអង្គ”។

២០៣. តាមការពិត ពេលយើងប្រព្រឹត្តកិច្ចការ ដើម្បីស្រឡាញ់អ្នកដទៃ ដោយលះបង់ រងទុក្ខ និងបាត់បង់ជាច្រើន យើងក៏អាចទូទាត់បាបបាន លុះត្រាតែសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្តជួយចិញ្ចឹមកិច្ចការនោះ ដោយប្រោសយើងឱ្យចេះ​ស្រឡាញ់​ដូចព្រះអង្គបានស្រឡាញ់យើងដែរ។ តាមរយៈយើង ព្រះអង្គស្រឡាញ់ និងបម្រើមនុស្សលោក។ ម្ខាង ព្រះអង្គហាក់ដូចជាបន្ទាបខ្លួន ដើម្បីសម្ដែងសេចក្ដីស្រឡាញ់របស់ព្រះអង្គ តាមរយៈកាយវិការរបស់យើង ម្ខាងទៀត ព្រះអង្គសម្ដែងសិរីរុងរឿងនៃព្រះបេះដូង និងឧត្តមភាពរបស់ព្រះអង្គ ក្នុងកិច្ចការដ៏តូចតាចនៃធម៌មេត្តាករុណា។ អ្នកណា ដែលបើកចិត្តឱ្យសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ដោយជឿទុកចិត្តទាំងស្រុងចំពោះព្រះអង្គ អ្នកនោះឱ្យសេចក្ដី​ស្រឡាញ់​របស់ព្រះអង្គរះបំភ្លឺក្នុងជីវិតរបស់គាត់ ធ្វើឱ្យគាត់អាចស្រឡាញ់អ្នកដទៃដូចព្រះអង្គ ដោយបន្ទាបខ្លួន និងទៅជាមិត្តដ៏​ស្និទ្ធ​ស្នាលរបស់មនុស្សទាំងអស់។ ព្រះគ្រីស្តចាក់បង្ហូរភ្លើងនៃព្រះបេះដូងដ៏ថ្នាក់ថ្នមរបស់ព្រះអង្គនៅក្នុងយើងបែបនេះ។

២០៥. អ្នកដទៃអាចចាប់អារម្មណ៍គ្រីស្តសាសនា ពេលគ្រីស្តបរិស័ទរស់នៅតាមរបៀបគ្រីស្តសាសនានេះយ៉ាង​ពិត​ប្រាកដ និងទាំងស្រុង មិនមែននៅពេលពួកគេគ្រាន់តែសម្ដែងអារម្មណ៍មនោសញ្ចេតនា ឬធ្វើពិធីបុណ្យដ៏អស្ចារ្យទេ។ តើយើង​ថ្វាយបង្គំព្រះគ្រីស្តយ៉ាងដូចម្ដេច បើយើងគ្រាន់តែមានទំនាក់ទំនងជាមួយព្រះអង្គពីរនាក់ ដោយមិនចាប់​អារម្មណ៍​​​នឹងអ្នកដទៃ ហើយជួយសម្រាលទុក្ខគេ និងរស់នៅឱ្យបានប្រសើរជាង? តើយើងអាចគាប់ព្រះហឫទ័យ​ព្រះបេះដូង ដែលបានស្រឡាញ់យើងយ៉ាងខ្លាំង ដោយថ្វាយបង្គំព្រះអង្គប៉ុណ្ណោះ តែមិនជួយអ្នកដទៃ យ៉ាងដូចម្ដេច​បាន? ចូរឱ្យមានចិត្តស្មោះត្រង់ និងអានព្រះបន្ទូលព្រះជាម្ចាស់ទាំងស្រុង! ក៏ប៉ុន្តែ យើងមិនត្រូវជួយអភិវឌ្ឍន៍សង្គម ដោយ​មិន​គោរពប្រណិប័តន៍ព្រះជាម្ចាស់ដែរ។ បើធ្វើដូច្នេះ យើងនឹងផ្តល់តម្លៃឱ្យមនុស្សតិចជាងអ្វី​ដែលព្រះជាម្ចាស់​សព្វព្រះ​ហឫទ័យ​ប្រោសប្រទានឱ្យគេ។ ហេតុនេះ យើងត្រូវបញ្ចប់ជំពូកនេះដោយរម្លឹកថា សេចក្ដីស្រឡាញ់​​របស់យើង​ចំពោះព្រះបេះដូងព្រះគ្រីស្តមានលក្ខណៈប្រកាសដំណឹងល្អចំពោះមនុស្សលោកដែរ។

២០៨. សន្តប៉ូលទី៦មានប្រសាសន៍ចំពោះបព្វជិត ដោយលើកទឹកចិត្តឱ្យគោរពប្រណិប័តន៍ព្រះបេះដូងដ៏សក្ការៈនេះថា៖ “គ្មានការសង្ស័យទេថា បើលោកបូជាចារ្យ និងគ្រីស្តបរិស័ទសម្លឹងមើលគំរូនៃសេចក្ដីស្រឡាញ់អស់កល្បជានិច្ច ដែលព្រះគ្រីស្តបានបង្ហាញឱ្យយើង និងតម្រង់ការខិតខំរបស់ពួកគេ ឱ្យមនុស្សទាំងអស់រួមចំណែកក្នុងទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​របស់ព្រះគ្រីស្ត ពួកគេពិតជានឹងជួយបម្រើព្រះសហគមន៍ និងប្រកាសដំណឹងល្អឱ្យបានកាន់តែប្រសើរឡើង”។ ដោយព្រះបេះដូងដ៏សក្ការៈជួយបំភ្លឺ យើងប្រកាសដំណឹងល្អ ព្រោះតែយើងស្រឡាញ់មនុស្សលោក។ ក៏ប៉ុន្តែ ក្នុងការ​ប្រកាស​ដំណឹងល្អនេះ មានពាក្យសម្ដី និងកិច្ចការជាច្រើន ដែលមិនអាចជួយណែនាំមនុស្សឱ្យជួប​សេចក្ដីស្រឡាញ់​របស់​​ព្រះគ្រីស្ត ដែលអោបថើប និងសង្រ្គោះគេបាន។

២០៩. បើយើងយល់ថា ពេលយើងប្រកាសដំណឹងល្អ យើងក៏ធ្វើឱ្យសេចក្ដីស្រឡាញ់នៃ​ព្រះបេះដូង​ព្រះគ្រីស្ត​រះ​បំភ្លឺ​មនុស្ស​លោក យើងក៏ត្រូវតែជាអ្នកប្រកាសដំណឹងល្អ ដែលជាប់ចិត្តនឹងព្រះអង្គ ដែលព្រះគ្រីស្តទាក់ទាញជានិច្ច ហើយ​ដែល​​បញ្ជូនបន្តនូវសេចក្ដីស្រឡាញ់នេះ ដែលបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ដូច្នេះ យើងមិនត្រូវធ្វើឱ្យពួកគេ​ខាត​ពេលវេលា ដោយនិយាយអំពីរឿងអត់ប្រយោជន៍ ឬដោយចង់បង្ខំគេឱ្យគោរពវិន័យ ដែលគ្មានន័យ។ ពួកគេរវល់តែ​បញ្ជូន​បទពិសោធន៍របស់ពួកគេ ជាពិសេសឱ្យមានអ្នកដទៃខ្លះ អាចទទួលយកសប្បុរសធម៌ និងសោភណភាព​របស់​ព្រះអង្គ​ដែល​គួរឱ្យស្រឡាញ់ តាមរយៈការខិតខំដ៏ទន់ខ្សោយរបស់ពួកគេ។

២១៤. ហេតុនេះហើយ បានជាបើយើងប្តេជ្ញាចិត្តនឹងជួយមនុស្សម្នាក់ យើងក៏មិនបំភ្លេចព្រះយេស៊ូដែរ។ ផ្ទុយទៅវិញ យើងជួយព្រះអង្គតាមរបៀបផ្សេង។ នៅពេលដែលយើងព្យាយាមលើកឡើងវិញ និងព្យាបាលមនុស្សម្នាក់ឱ្យបានជា​សះ​ស្បើយ ព្រះយេស៊ូគង់នៅជាមួយ និងនៅក្បែរយើងដែរ។ តាមពិត គួររម្លឹកថា ដោយចាត់ក្រុមសាវ័កទៅប្រកាសដំណឹងល្អ “ព្រះអម្ចាស់ក៏ប្រព្រឹត្តកិច្ចការរួមជាមួយដែរ” (មក ១៦,២០)។ ព្រះអង្គគង់នៅ ធ្វើការ ខិតខំ និងប្រព្រឹត្តកិច្ចការ​ល្អរួម​ជា​មួយ​យើងដែរ។​ តាមរបៀបដ៏អាថ៌កំបាំង ព្រះអង្គសម្ដែងសេចក្ដីស្រឡាញ់របស់ព្រះអង្គ ពេលយើងជួយបម្រើគេ ព្រះអង្គមានព្រះបន្ទូលចំពោះមនុស្សលោក តាមរយៈពាក្យសម្ដីរបស់យើងដែរ។

231 Views

Theme: Overlay by Kaira