
តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet?
ស្នាព្រះហស្ដក្នុងព្រះគម្ពីរ
អត្ថបទស្តីអំពីស្នាព្រះហស្ដព្រះជាម្ចាស់ នៅក្នុងជំពូកទី២នៃកណ្ឌគម្ពីរកំណើតពិភពលោក បានចែងឱ្យដឹងយ៉ាងច្បាស់ថា មនុស្សយើងគឺជាអ្វី “ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។” (កណ ២,៧) មនុស្សគឺជាវិចិត្តកម្មរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះអង្គបានបង្កើតគេមកពីធូលីដី។ ទោះបីយ៉ាងណា មនុស្សមានលក្ខណៈដ៏អស្ចារ្យ។ រូបកាយមនុស្សមានសាច់មានឈាម។ សាច់អាចដំណើរការបានដោយអាស្រ័យលើសារធាតុចិញ្ចឹមដូចជា ជាតិដែក ក្រូមីញ៉ូម ម៉ាញ៉េស្យូម និងម៉ូលីបេនូម ដែលជាចំហេះកកើតឡើងក្នុងចក្រវាលដ៏មហិមា នៅមុនពេលដែលពួកវាចូលរួមចំណែកក្នុងសព៌ាង្គរបស់យើង។ ឈាមត្រូវការជាតិដែកដើម្បីនាំអ៊ុកស៊ីសែនជុំវិញរាងកាយ បើគ្មានអ៊ុកស៊ីសែនទេ យើងមិនអាចរស់បានឡើយ។
សួនអេដែនគឺជាការឆ្លុះបញ្ចាំងអំពីទឹកដីសម្បូរជីជាតិនៅក្នុងតំបន់វាលរហោឋានក្តៅហួតហែង ដែលមានចែងនៅក្នុងកណ្ឌគម្ពីរទីមួយជាភាសាហេប្រឺ។ អេដែនគឺជាសួនឧទ្យានមួយដែលមានទឹកទន្លេហូរមកស្រោចស្រពដើម្បីបង្កើតឱ្យមានជីវិត និងសម្បូរជីជាតិ (កណ ២,២០) ហើយមានបុរសនិងស្ត្រីមួយគូដំបូងមានតួនាទី “បង្ករបង្កើនផល និងថែរក្សាសួននេះ” (កណ ២,១៥)។
ទោះបី លោកអាដាំ និងនាងអេវ៉ាធ្លាក់ខ្លួនទៅក្នុងអំពើបាបក៏ដោយ ក៏ព្រះជាម្ចាស់បានបង្កើតសម្ពន្ធមេត្រីដើម្បីរួមបញ្ចូលសត្វលោកទាំងអស់ “ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់នៅលើផែនដី” (កណ ៩,១៧)។
ការរិះគិត
ការអានអត្ថបទព្រះគម្ពីរទាក់ទងនឹងស្នាព្រះហស្តព្រះជាម្ចាស់នាំឱ្យយើងចេះអរព្រះគុណ និងចេះបន្ទាបខ្លួន ហើយយើងកាន់តែយល់ដឹងថែមទៀតតាមរយៈវិទ្យាសាស្រ្ត។ ឥឡូវនេះ យើងដឹងថា ភពផែនដី និងទីកន្លែងដែលយើងរស់នៅកំពុងស្ថិតនៅលើគ្រឹះដ៏ទន់ខ្សោយ។ ជីវិតយើងកំពុងបន្តរស់នៅដោយពឹងផ្អែកលើហ្វូងតារា និងភពនានា ដែលអ្នកវិទ្យាសាស្រ្តហៅថា “បាតុភូតចក្រវាល” (cosmic coincidences) គឺភពប្រព័ន្ធព្រះអាទិត្យ ដែលឋិតនៅឆ្ងាយពីភពផែនដី ហើយភពធំៗដូចជា ភពព្រហស្បតិ៍ និងភពសៅរ៍ដើរតួនាទីជាប្រព័ន្ធការពារយើងពីអាចម៍ផ្កាយ ពីបរិយាកាសផុយស្រួយនៃសមាសធាតុរបស់ផែនដី និងពីកត្តាផ្សេងៗជាច្រើនទៀត។
លទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
ព្រះគម្ពីរមានកត់ត្រា និងកត់សម្គាល់ចំនុចជាច្រើនដើម្បីឱ្យយើងរិះគិតអំពីសោភ័ណភាព និងការអស្ចារ្យរបស់ពិភពលោក។ កណ្ឌគម្ពីរទំនុកតម្កើងមានពោរពេញដោយពាក្យលើកតម្កើងអំពីស្នាព្រះហស្ដព្រះជាម្ចាស់ៈ “ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនា ព្រះអង្គធ្វើការទាំងអស់នោះប្រកបដោយព្រះប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។” (ទំន ១០៤,២៤)។ កណ្ឌគម្ពីរក្រុមព្យាការីក៏មានពាក្យសរសើរតម្កើងព្រះជាម្ចាស់ផងដែរៈ “ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាលក៏នាំគ្នាអបអរសាទរដែរ។” (អស ៥៥,១២)។
សន្តប៉ូល បានថ្លែងថា ព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមិនត្រឹមតែរំដោះមនុស្សឱ្យមានសេរីភាពប៉ុណ្ណោះទេ គឺព្រះអង្គក៏រំដោះសត្វលោកទាំងអស់ផងដែរ (អភ ១,១០)។ រីឯកណ្ឌគម្ពីរចុងក្រោយបង្អស់ក៏មានរៀបរាប់អំពីគ្រាចុងក្រោយ ដែលព្រះជាម្ចាស់មានជ័យជំនះលើអំពើបាប និងសេចក្តីស្លាប់ ព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់សុទ្ធតែថ្មី គឺផ្ទៃមេឃ និងផែនដីថ្មី ដែលមិនមែនជាស្នាព្រះហស្តថ្មីនោះទេ (វវ ២១,៥)។
ថែរក្សាការពារភពផែនដី
យើងកំពុងរស់នៅក្នុងយុគសម័យថ្មី គឺនៅក្នុងគ្រាដំបូងនៃជីវិតរបស់យើងដែលមនុស្សអាចមានសមត្ថភាពបំផ្លាញភពផែនដី ឬយ៉ាងហោចណាស់ក៏អាចធ្វើឱ្យភពផែនដីនេះក្លាយទៅជាទីកន្លែង ដែលមនុស្សពិបាករស់នៅ។ ការបំពុលរីករាលដាល វាលរហោឋានកើនឡើង ការខ្ជះខ្ជាយចំណីអាហារ និងធនធានដ៏សម្បើម ការឡើងកម្ដៅក្នុងបរិយាកាសដែលបណ្តាលមកពីចិត្តលោភលន់ និងគេងចំណេញឥតព្រំដែនរបស់មនុស្ស។ អយុត្តិធម៌សម្រាប់ប្រជាជនរាប់លាននាក់ក្នុងបណ្តាប្រទេសក្រីក្រ ដែលទទួលមរណភាពដោយសារគ្រោះទុរ្ភិក្ស និងរងផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ខណៈពេលដែលប្រទេសអ្នកមានបែរជាស្លាប់ដោយសារជំងឺសម្បូហូរហៀរទៅវិញ។ ព្រះជាម្ចាស់បញ្ជាឱ្យលោកអាដាំ និងនាងអេវ៉ាថែរក្សាសួនឧទ្យាន ក៏ជាបញ្ជាដ៏ចាំបាច់ជាបន្ទាន់សម្រាប់យើងនាពេលបច្ចុប្បន្ននេះផងដែរ។ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យធ្វើកិច្ចការគ្រប់យ៉ាងតាមសមត្ថភាព ដើម្បីថែរក្សាពិភពលោក ពីព្រោះយើងជាគ្រីស្តបរិស័ទត្រូវចែករំលែកទស្សនវិស័យ និងការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់ដើម្បីភពផែនដីរបស់យើង។
ពាក្យអធិដ្ឋានសម្រាប់ភពផែនដីរបស់យើង
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ព្រះអង្គមានវត្តមាននៅក្នុងចក្រវាលទាំងមូល និងគង់នៅក្នុងសត្វលោកដ៏តូចតាចបំផុតរបស់ព្រះអង្គ។ ព្រះអង្គថ្នាក់ថ្នមគ្រប់ជីវិតទាំងអស់ដោយព្រះហឫទ័យប្រណីសណ្តោស។ សូមព្រះអង្គចាក់បង្ហូរឫទ្ធានុភាពនៃសេចក្តីស្រឡាញ់ ដើម្បីយើងខ្ញុំចេះការពារជីវិត និងសោភ័ណភាព។ សូមប្រោសឱ្យយើងខ្ញុំបានពោរពេញដោយសេចក្ដីសុខសាន្ត ដើម្បីចេះរស់ជាមួយគ្នាជាបងប្អូន ដោយមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។
ឱព្រះជាម្ចាស់នៃជនកំសត់ សូមជួយយើងខ្ញុំឱ្យចេះសង្គ្រោះអស់អ្នកដែលត្រូវគេបោះបង់ចោល និងអស់អ្នកដែលគេមិនរាប់រកនៅក្នុងលោកនេះ ដែលមានតម្លៃចំពោះព្រះភក្រ្ដព្រះអង្គ។ សូមប្រោសឱ្យជីវិតរបស់យើងខ្ញុំបានជាសះស្បើយ ដើម្បីយើងខ្ញុំចេះការពារ ចេះកសាងសោភ័ណភាព និងមិនបៀតបៀន មិនបំពុល និងមិនបំផ្លិចបំផ្លាញពិភពលោកឡើយ។
សូមព្រះអង្គកែប្រែដួងចិត្តអស់អ្នកដែលជួញដូរជនក្រីក្រ និងផែនដីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ សូមបង្រៀនយើងខ្ញុំឱ្យចេះស្វែងយល់អំពីតម្លៃដែលមាននៅក្នុងអ្វីៗគ្រប់យ៉ាង ឱ្យចេះកោតក្រែង ចេះគយគន់ និងចេះទទួលស្គាល់ថា យើងខ្ញុំពាក់ព័ន្ធគ្នាជាមួយនឹងសត្វលោកទាំងអស់ ដែលកំពុងតែធ្វើដំណើរទៅកាន់ពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គ។
យើងខ្ញុំសូមអរព្រះគុណដែលព្រះអង្គគង់នៅជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ។ នៅក្នុងគ្រាជួបទុក្ខលំបាក សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហានចេះទូលអង្វរព្រះអង្គសម្រាប់យុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្ដីសុខសាន្តផង។
អាមែន។