គ្រីស្តបរិស័ទរួមរស់ជាមួយព្រះយេស៊ូ ដែលគង់នៅជាមួយខ្លួន។ ហេតុដូច្នេះហើយទើបគ្រីស្តបរិស័ទតែងនិយាយសន្ទនាជាមួយ ព្រះអង្គគ្រប់ពេលវេលា ដូចមិត្តសម្លាញ់សន្ទនាជាមួយមិត្តដែល ខ្លួនស្រឡាញ់យ៉ាងជិតស្និទ្ធដែរ។
ម្យ៉ាងទៀត គ្រីស្តបរិស័ទរួមជាមួយព្រះយេស៊ូ ដែលសន្ទនា ជាមួយព្រះបិតា ដូចកូនតែងនិយាយរឿងរ៉ាវផ្សេងៗជាមួយឪពុក ម្តាយ។ «ព្រះវិញ្ញាណរបស់ព្រះយេស៊ូរួមជាមួយវិញ្ញាណយើង ដើម្បីបន្លឺសម្លេងថា៖ ឱ! ប៉ារ ឱព្រះបិតាអើយ!» (រ៉ូម ៤.១៥)។ ពាក្យសន្ទនានេះ គ្រីស្តបរិស័ទសន្មតថា «អធិដ្ឋាន»។ សៀវភៅ នេះ មានពាក្យអធិដ្ឋានល្អៗជាច្រើន។ យើងសង្ឃឹមថា ពាក្យ អធិដ្ឋានទាំងនេះ ជួយឱ្យបងប្អូនរួមជាមួយព្រះយេស៊ូ និងសន្ទនា ជាមួយព្រះបិតាបាន។

សូមថ្វាយខ្លួន

ខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះបិតាជាអម្ចាស់ សូមព្រះអង្គគង់ជាមួយខ្ញុំ ជួយការពារខ្ញុំគ្រប់ពេលវេលាឱ្យខ្ញុំប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហឫទ័យព្រះអង្គផង។

***

បពិត្រព្រះបិតារបស់មនុស្សទាំងអស់ កូនសូមផ្ញើជីវិតលើព្រះអង្គ ទាំងអរព្រះគុណផង។ សូមព្រះអង្គប្រោសឱ្យកូនលែងសង្ស័យ
សូមប្រោសឱ្យកូនបន្តពន្លឺនៃសេចក្តីសង្ឃឹម ទៅអ្នកដទៃតាមការរស់នៅរបស់កូនផង ។ អាម៉ែន។

***

សូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ឋ! អាម៉ែន។
បពិត្រព្រះបិតាជាអម្ចាស់! សូមព្រះមេត្តាបើកបបូរមាត់កូន ឱ្យកូនច្រៀងលើកតម្កើង
ពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។

***

បពិត្រព្រះយេស៊ូជាអម្ចាស់! ក្នុងថ្ងៃនេះ ខ្ញុំចង់ឱ្យគាប់ព្រះហឫទ័យព្រះអង្គ។ សូមប្រោសឱ្យខ្ញុំប្រព្រឹត្តកិច្ចការទាំងអស់ តាមព្រះអង្គសព្វព្រះហឫទ័យ។ សូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ឋ! អាម៉ែន ។

***

សូមថ្វាយបង្គំព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ! អាម៉ែន។

ឱ! ព្រះបិតាយើងខ្ញុំ

ឱ! ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បងឡើយ
តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច ។

សូមអង្វរព្រះនាងម៉ារី

បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ សូមព្រះនាងមានអំណរសប្បាយ ព្រះអង្គគង់ជាមួយនាង
ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។
ឱ! សន្តីម៉ារី ជាព្រះមាតាព្រះអម្ចាស់ សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប នៅពេលឥឡូវនេះហើយនៅពេលស្លាប់ផង។ អាម៉ែន។

សូមកោតសរសើរ

សូមកោតសរសើរព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណដ៏វិសុទ្ឋ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។

សូមអរព្រះគុណព្រះបិតា

សូមថ្វាយបង្គំព្រះបិតា
ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ! អាម៉ែន។

  • បពិត្រព្រះបិតា កូនសូមអរព្រះគុណព្រះអង្គ! ចំពោះពិភពលោកយើងដ៏ល្អប្រណិត។
  • កូនសូមអរព្រះគុណព្រះអង្គ ដែលប្រទានឱ្យមានព្រះអាទិត្យរះឡើងបំភ្លឺកូន។
  • កូនសូមអរព្រះគុណព្រះអង្គ ដែលប្រទានឱ្យមានព្រះចន្ទ និងផ្កាយទាំងឡាយ។
  • សូមព្រះបិតាប្រទាន ឱ្យកូនមានចិត្តស្រឡាញ់តែព្រះអង្គ និងធ្វើអ្វីៗតាមដែលព្រះអង្គសព្វព្រះហឫទ័យ។ សូមប្រោសប្រទានព្រះអំណោយទានដ៏ប្រសើរបំផុត គឺឱ្យកូនស្រឡាញ់ព្រះអង្គអស់ពីចិត្ត ស្រឡាញ់ព្រះអង្គច្រើនជាងពីថ្ងៃម្សិលម៉ិញ និងស្រឡាញ់អ្នកឯទៀតផង ។
    « ឱ! ព្រះបិតា…បពិត្រព្រះនាងម៉ារី…សូមកោតសរសើរ…»

សូមអង្វរសម្រាប់ថ្ងៃថ្មី

  • បពិត្រព្រះបិតាដ៏សប្បុរស ថ្ងៃថ្មីចាប់ផ្តើមហើយ សូមប្រោសកូនឱ្យរួមជាមួយអ្នកឯទៀតៗ កសាងពិភពលោកថ្មីប្រកបដោយមនុស្សធម៌។
  • សូមប្រោសឱ្យកូនមានចិត្តក្លាហាន សុខចិត្តទៅទាក់ទងនឹងអ្នកដទៃ ឱ្យកូនញញឹមដាក់គេ និងឱ្យកូនបានទទួលស្នាមញញឹមពីគេដែរ ។
  • សូមឱ្យកូនជម្រាបសួរគេ និងឱ្យបានទទួលពាក្យជម្រាបសួរពីគេវិញដែរ ។
  • សូមប្រោសឱ្យកូននិយាយលេងជាមួយអ្នកឯទៀតៗ និងផ្តល់អំណរសប្បាយដែលមកពីព្រះអង្គ ដល់អ្នកទាំងនោះផង។
  • សូមឱ្យអ្នកដទៃមានអំណរសប្បាយ ហើយសូមឱ្យខ្ញុំមានអំណរសប្បាយតាមរយៈបងប្អូនទាំងនោះដែរ ។
    « ឱ! ព្រះបិតា…បពិត្រព្រះនាងម៉ារី… សូមកោតសរសើរ…»

ព្រះអម្ចាស់ប្រទានពរដល់អស់អ្នកកើតទុក្ខព្រួយ

ឱ ព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលរងទុក្ខលំបាកយ៉ាងខ្លាំង
ដល់អស់អ្នកដែលរស់នៅគ្មានញាតិជាទីពឹង ដល់អស់អ្នកដែលធ្វើការហត់នឿយគ្មានពេលសម្រាក
ដល់អស់អ្នកដែលមិនហ៊ាននិយាយពីទុក្ខលំបាករបស់ខ្លួន។
ឱ ព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានពរដល់អស់អ្នកស្លាប់ដោយអត់អាហារ
សូមព្រះអង្គទទួលគាត់ឱ្យចូលក្នុងព្រះរាជ្យព្រះអង្គផង។

ឱ ព្រះអម្ចាស់អើយ! សូមព្រះអង្គកុំឱ្យនរណាម្នាក់នៅលើផែនដីនេះ កើតទុក្ខព្រួយឡើយ។
ឱ ព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលមានអំណរសប្បាយដែរ
សូមព្រះអង្គការពារពួកគាត់ផង។ ចំពោះកូនវិញ ព្រះអង្គមិនបាច់រំដោះកូន
ឱ្យរួចផុតពីទុក្ខព្រួយទេ តែសូមព្រះអង្គប្រទានកម្លាំងឱ្យកូនអាចស៊ូទ្រាំនឹងទុក្ខព្រួយទាំងនោះវិញ។
សន្តី អេឌីត ស្ដាំង

សូមថ្វាយកិច្ចការទាំងអស់របស់សត្វលោក

សូមថ្វាយបង្គំព្រះបិតា
ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ! អាម៉ែន ។

  • បពិត្រព្រះបិតាយើងខ្ញុំ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ដ្បិតព្រះអង្គគង់នៅក្នុងជម្រៅចិត្តកូន ហើយក៏គង់នៅក្នុងជម្រៅចិត្តមនុស្សគ្រប់ៗគ្នាដែរ ព្រះអង្គគង់នៅគ្រប់ទីកន្លែង។
  • រាល់ល្ងាច កូននៅស្ងៀមស្ងាត់ដើម្បីអធិដ្ឋានទៅរកព្រះអង្គ កូនសូមថ្វាយកិច្ចការទាំងអស់របស់សត្វលោក ថ្វាយទាំងអំណរសប្បាយ និងទាំងទុក្ខលំបាកផង។ កូនសូមបន្លឺសូរស័ព្ទតែមួយថា៖
    « ឱ! ព្រះបិតា … បពិត្រព្រះនាងម៉ារី… សូមកោតសរសើរ…

សូមប្រទានសេចក្តីសុខសាន្ត

សូមថ្វាយបង្គំព្រះបិតា … អាម៉ែន។

  • បពិត្រព្រះអម្ចាស់ ក្រោយពីចប់ការងារពេញមួយថ្ងៃ កូនសូមនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
  • សូមទ្រង់ព្រះមេត្តាទទួលអ្វីៗដ៏ល្អ ដែលកូនបានប្រព្រឹត្តក្នុងថ្ងៃនេះ សូមអត់ទោសចំពោះអំពើអាក្រក់ដែលកូនបានប្រព្រឹត្តដែរ។
  • សូមព្រះអង្គលួងលោមអស់បងប្អូនដែលរងការឈឺចាប់ដោយសារកូន។
  • សូមព្រះអង្គប្រទានសេចក្តីសុខសាន្តដល់អស់បងប្អូនដែលរិះគន់ ដាក់ទោសកូន និងចំពោះអស់បងប្អូនដែលបានរាប់អានកូនដែរ ហើយសូមប្រោសប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ថ្នាក់ថ្នមគេ។
  • នៅយប់នេះ សូមព្រះអង្គប្រោសប្រណីដល់កូនទាំងអស់គ្នាឱ្យមានសេចក្តីសុខសាន្ត។
  • សូមឱ្យកូនទាំងអស់ទទួលទានដំណេកលង់លក់ស្រួលក្នុងពន្លឺរបស់ព្រះអង្គ។ អាម៉ែន ។
    សូមកោតសរសើរ…

សូមព្រះបិតាគង់នៅជាមួយកូន

សូមថ្វាយបង្គំព្រះបិតា
ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ! អាម៉ែន។

  • បពិត្រព្រះបិតាដែលគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត កូនសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
    ជាព្រះបុត្រាជាទីស្រឡាញ់របស់ព្រះអង្គ ដែលគង់នៅជាមួយកូនក្នុងថ្ងៃនេះ។
  • កូនសូមធ្វើកាយ និងអ្វីៗទាំងអស់ក្នុងព្រះហស្ថរបស់ព្រះអង្គ។ សូមព្រះបិតាចាត់ទេវទូតមកការពារកូន កុំឱ្យមារកំណាចមានអំណាចលើកូនឡើយ ។ អាម៉ែន ។
  • រួមជាមួយព្រះយេស៊ូគ្រីស្ត និងគ្រីស្តបរិស័ទទូទាំងពិភពលោក កូនហ៊ានសូត្រថា៖
    «ឱ! ព្រះបិតាយើងខ្ញុំ…»(ទំព័រ ៥)

ព្រះបិតាជាជម្រករបស់កូន

សូមថ្វាយបង្គំព្រះបិតា
ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ! អាម៉ែន ។

  • បពិត្រព្រះអម្ចាស់! ព្រះអង្គជាជម្រកដ៏រឹងមាំរបស់កូន សូមព្រះអង្គយាងមកសង្គ្រោះកូន សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលមានចិត្តស្រឡាញ់អ្នកដទៃ និងដល់អស់អ្នកដែលគ្មាននរណាស្រឡាញ់គេផងដែរ។
  • រួមជាមួយព្រះយេស៊ូគ្រីស្ត និងគ្រីស្តបរិស័ទទូទាំងពិភពលោក កូនហ៊ានសូត្រថា៖ « ឱ! ព្រះបិតាយើងខ្ញុំ…» (ទំព័រ ៥)
    «បពិត្រព្រះនាងម៉ារី… សូមកោតសរសើរ…» (ទំព័រ ៦)

ព្រះបិតាជ្រាបគ្រប់កិច្ចការ

  • យប់មកដល់ហើយ! បពិត្រព្រះបិតា ព្រះអង្គជ្រាបច្បាស់ហើយថា ថ្ងៃនេះ កូនជួបបញ្ហាជាច្រើន កូនបានទទួលភ្ញៀវ ហើយក៏បានរំលែកសុខទុក្ខពីគេ កូនបានស្តាប់ ហើយក៏បាននិយាយជាមួយគេដែរ។ ពេលនោះ ព្រះអង្គគង់នៅជាមួយកូន គឺដូចជាព្រះអង្គបានទទួលគេតាមរយៈកូន។
  • សូមអរព្រះគុណព្រះបិតា ដែលគង់នៅជាមួយកូន មានតែព្រះអង្គទេដែលទ្រង់ជ្រាបគ្រប់កិច្ចការទាំងអស់។ កូនសូមទូលថ្វាយព្រះអង្គនូវពាក្យចុងក្រោយ ក្នុងថ្ងៃនេះ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត និងគ្រីស្តបរិស័ទទូទាំងពិភពលោក ដោយសូត្រថា៖
    «ឱ! ព្រះបិតាយើងខ្ញុំ…» ទំព័រ ៥)

អធិដ្ឋានរួមក្នុងគ្រួសារ

  • មានមេគ្រួសារម្នាក់ជាអ្នកណែនាំអធិដ្ឋាន (ឧបមា ឪពុក ឬម្តាយ ឬបង…)។ កូនម្នាក់ដុតទៀន ហើយទាំងអស់គ្នាចាប់ផ្តើមលើកដៃប្រណម្យ៖
  • សូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ឋ! អាម៉ែន ។
  • មេគ្រួសារ៖ «សូមតាំងចិត្តនឹកដល់ព្រះបិតា» បពិត្រព្រះបិតាជាអម្ចាស់! ព្រះអង្គត្រាស ត្រាស់ហៅកូនទាំងអស់គ្នាឱ្យស្គាល់
    និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ព្រះអង្គក៏ប្រោសកូនទាំងអស់គ្នាឱ្យជួបជុំគ្នា រួមជាមួយព្រះអង្គដែរ។
  • សូមទ្រង់ព្រះមេត្តាប្រោសឱ្យកូនទាំងអស់គ្នាចេះស្តាប់ និងធ្វើតាមព្រះបន្ទូលព្រះអង្គ ដូចសន្តបុគ្គលទាំងឡាយដែលធ្វើតាមព្រះហឫទ័យព្រះអង្គដែរ ។
  • យើងខ្ញុំសូមសន្តបុគ្គលទាំងឡាយដែលរស់នៅមុនយើងខ្ញុំ ដែលជួយឱ្យយើងខ្ញុំមានជំនឿ សូមជួយអង្វរព្រះបិតាឱ្យយើងខ្ញុំ
    សូមថែរក្សាក្រុមគ្រួសារយើងខ្ញុំផង។
  • មេគ្រួសារអង្វរសន្តបុគ្គល៖
  • សូមសន្តីម៉ារីជាព្រះមាតាព្រះយេស៊ូ និងសន្តយ៉ូសែប ជាស្វាមី
    បន្ទរ៖ «សូមជួយអង្វរព្រះបិតាឱ្យយើងខ្ញុំផង»
  • សូមសន្តទេវទូត មីកាអែល សន្តទេវទូត កាត្រីអែល សន្តទេវទូត រ៉ាហ្វាអែល និងសន្តទេវទូតទាំងឡាយ បន្ទរ
  • សូមសន្តីអេលីហ្សាប៊ែត និងសន្តសាការី បន្ទរ
  • សូមសន្តយ៉ូហានបាទីស្ត បន្ទរ
  • សូមសន្តសិលា និងសន្ត ប៉ូល បន្ទរ
  • សូមអស់គ្រីស្តទូតទាំងឡាយ បន្ទរ
  • ម្នាក់ៗអាចអង្វរដល់សនៈ សន្តិរបស់ខ្លួន ព្រមទាំងដល់ដូនតា ឬនរណាម្នាក់ដែលចែកឋានទៅហើយបានដែរ។ នៅពេលចុងក្រោយមេគ្រួសារសូត្រថា៖
  • សូមសន្តបុគ្គលទាំងអស់
    ជួយអង្វរព្រះបិតាឱ្យយើងខ្ញុំផង។
  • ឱ! ព្រះបិតា….។ បពិត្រព្រះនាងម៉ារី ។
  • សូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណជីវិសុទ្ធ! អាម៉ែន ។

សូមអរព្រះគុណព្រះបិតា

  • កូនសូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ឋ! អាម៉ែន ។
  • បពិត្រព្រះបិតាជាអម្ចាស់
    ថ្ងៃនេះ កូនសូមអរព្រះគុណព្រះអង្គ ចំពោះ (ឪពុក ឬម្តាយ បងប្អូន មិត្ត…) ដែលបាន (ធ្វើអ្វីមួយដ៏ល្អដល់ខ្លួន)
  • សូមព្រះអង្គលើកលែងទោសឱ្យកូនដែលបានប្រព្រឹត្តកំហុសចំពោះ (……………)
  • កូនសូមទូលព្រះអង្គអំពី «មិត្តរបស់ខ្ញុំ….. ដែលបាន (ធ្វើអ្វីមួយដ៏ល្អដល់ខ្លួន)
  • ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត និងគ្រីស្តបរិស័ទទូទាំងពិភពលោក កូនសូមសូត្រថា៖
    «ឱ! ព្រះបិតាយើងខ្ញុំ…(ទំព័រ ៥)
    បពិត្រព្រះនាងម៉ារី… (ទំព័រ ៦)
    សូមកោតសរសើរព្រះបិតា … អាម៉ែន ។»

សូមព្រះអម្ចាស់បំភ្លឺចិត្តគំនិតកូន!

– បពិត្រព្រះអម្ចាស់ជាម្ចាស់របស់កូន! កូនមើលផ្លូវដែលនៅពីខាងមុខមិនឃើញ កូនមិនអាចរៀបចំខ្លួនឱ្យបានត្រឹមត្រូវ កូនមិនដឹងថា កូនត្រូវទៅទីណាឡើយ។

  • កូនស្គាល់ខ្លួនឯងមិនច្បាស់ទេ នៅពេលកូននិយាយថា កូនជឿ និងដើរតាមព្រះអង្គ ប្រហែលពេលនោះកូនមិនបានប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គនោះទេ។
    – កូនសូមផ្ញើជីវិតលើព្រះអង្គ ហើយកូនក៏ចង់ឱ្យគាប់ព្រះហឫទ័យព្រះអង្គដែរ។ កូនសង្ឃឹមថា អ្វីៗដែលកូនបានប្រព្រឹត្តនោះនឹងគាប់ព្រះហឫទ័យព្រះអង្គ។
  • កូនជឿទុកចិត្តលើព្រះអង្គជារៀងរហូត ទោះបីកូនអស់សង្ឃឹមក្តី ដើរក្នុងទីងងឹតក្តី កូនមិនខ្លាចអ្វីសោះ ព្រោះព្រះអង្គគង់នៅជាមួយកូនជានិច្ច ព្រះអង្គមិនទុកកូនចោលឱ្យជួបគ្រោះថ្នាក់ទេ។ ថូម៉ាសមែរតុន
    « – បពិត្រព្រះនាងម៉ារី… – សូមកោតសរសើរ…»(ទំព័រ ៦)

សូមអរព្រះគុណព្រះជាអម្ចាស់
ចំពោះអាហារថ្ងៃនេះ ហើយសូមប្រទានឱ្យយើង
និងមនុស្សទាំងឡាយ បានបរិភោគរាល់ថ្ងៃ។

*****

អស់មួយជីវិត ខ្ញុំច្រៀងសរសើរព្រះយេស៊ូគ្រីស្ត
ឱ! ព្រះម្ចាស់អើយ មួយជីវិតខ្ញុំ ខ្ញុំលើកតម្កើងតែព្រះនាមនេះ។

*****

អរគុណព្រះម្ចាស់ អរព្រះគុណទាំងអស់គ្នា ព្រោះទ្រង់
ការពារយើងរាល់គ្នាឱ្យផុតទុក្ខ ឱ្យរស់ស្រណុកនៅក្នុងសុខ
សន្តិភាព ហើយផ្តល់កម្លាំងក្នុងជីវិតរស់នៅសព្វថ្ងៃ។

*****

ពេលនេះឱ្យយើងច្រៀង ពេលនេះឱ្យយើងរាំ ពេលនេះ
ឱ្យយើងច្រៀងកោតសរសើរព្រះជាអម្ចាស់ កោតសរសើរ
ព្រះជាអម្ចាស់ យើងលើកតម្កើងព្រះនាមព្រះអង្គ
សូមឱ្យមនុស្ស គ្រប់ជាតិសាសន៍លើកតម្កើងព្រះជាម្ចាស់។

*****

បងប្អូនធ្វើអ្វីក៏ដោយ ចូរធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។

*****

  • បពិត្រព្រះបិតា! ព្រះអង្គប្រមែប្រមូលកូនទាំងអស់ឱ្យទទួលទានអាហាររួមគ្នា។
  • សូមប្រោសឱ្យកូនរួបរួមគ្នាដោយចិត្តស្រឡាញ់ សូមបង្ហាត់ឱ្យកូនចេះចែកអាហារដល់គ្នាទៅវិញទៅមកផង។

*****

  • កូនទាំងអស់គ្នាមានអំណរសប្បាយ ដោយបានរួមតុអាហារជាមួយគ្នា សូមឱ្យថ្ងៃណាមួយ កូនទាំងអស់គ្នាបានរួមតុជាមួយគ្នា ក្នុងព្រះរាជ្យរបស់ព្រះអង្គ។
  • កូនទាំងអស់គ្នាសូមអង្វរព្រះបិតាដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។

*****

  • ពេលនេះ យើងរួមគ្នាអរព្រះគុណព្រះបិតាជាអម្ចាស់ ព្រះអង្គសូមឱ្យយើងរួមគ្នា ឱ្យយើងស្រឡាញ់បងប្អូនទាំងអស់ ឱ្យយើងរួមគ្នាអរព្រះគុណព្រះអង្គ ។

*****

  • បពិត្រព្រះបិតា! យើងខ្ញុំសូមអរព្រះគុណចំពោះអាហារ ពេលនេះ។ សូមព្រះអង្គប្រោសប្រទានអាហារដល់អ្នកក្រីក្រទាំងឡាយ
    ហើយក៏សូមប្រមូលយើងខ្ញុំឱ្យរួមតុ ក្នុងព្រះរាជ្យរបស់ព្រះអង្គដែរ។
  • យើងខ្ញុំសូមអង្វរព្រះអង្គរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។

*****

  • បពិត្រព្រះបិតា ព្រះអង្គស្រឡាញ់ជីវិត ព្រះអង្គចិញ្ចឹមអស់បក្សាបក្សីនៅលើមេឃ និងប្រទានឱ្យផ្កាមានសម្រស់ល្អ និងក្លិនក្រអូបដែរ។
  • សូមកោតសរសើរព្រះបិតា ចំពោះអាហារដែលយើងខ្ញុំហៀបនឹងទទួលទាន។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យមនុស្សលោកមានអាហារបរិភោគគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃផង។
  • យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។

*****

អធិដ្ឋានរួមជាមួយព្រះនាងម៉ារី

– ខ្ញុំមានចិត្តត្រេកអរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ។

  • ព្រះអង្គទតមើលមកខ្ញុំជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណឹះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន។ ខ្ញុំសូមអរព្រះគុណព្រះបិតា
    • ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការដ៏ប្រសើរអស្ចារ្យចំពោះរូបខ្ញុំ ។
  • ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ឋមែន! ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ។
    • ទ្រង់បានសម្តែងឫទ្ធិបារមីកម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
  • ទ្រង់បានប្រទានទ្រព្យសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
    • ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណាដល់
      លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំឥតភ្លេចសោះឡើយ។

កូនស្រឡាញ់ព្រះបិតា!

– បពិត្រព្រះបិតាជាអម្ចាស់! កូនស្រឡាញ់ព្រះអង្គ កូនមានបំណងស្រឡាញ់ព្រះអង្គតែមួយគត់អស់មួយជីវិត។

  • ឱ! ព្រះអម្ចាស់អើយ! ខ្ញុំស្រឡាញ់ព្រះអង្គណាស់ ហើយកូនសូមព្រះអង្គប្រទានព្រះអំណោយទានតែមួយគត់ គឺសូមឱ្យកូនស្រឡាញ់ព្រះអង្គរហូតអស់កល្បជានិច្ចផង។
    • បពិត្រព្រះបិតា! ទោះបីជាកូនមិនអាចអះអាងថា កូនស្រឡាញ់ព្រះអង្គគ្រប់ពេលយ៉ាងណាក៏ដោយ ក៏ក្នុងចិត្តកូនតែងនឹកចង់ស្រឡាញ់ព្រះអង្គគ្រប់ដង្ហើមចេញចូលដែរ។
  • បពិត្រព្រះបិតាអើយ! សូមព្រះអង្គប្រោសឱ្យកូនស្រឡាញ់ព្រះអង្គជានិច្ចផង ទោះបីនៅពេលកូនរងទុក្ខលំបាកក៏ដោយ។
  • ឱ! ព្រះសង្គ្រោះរបស់ខ្ញុំអើយ! ខ្ញុំស្រឡាញ់ព្រះអង្គ ដ្បិតព្រះអង្គរងទុក្ខលំបាកលើឈើឆ្កាង ដោយសារតែខ្ញុំ។ ខ្ញុំស្រឡាញ់ព្រះអង្គណាស់ ដ្បិតព្រះបិតានាំកូនមកទីនេះ ឱ្យរងទុក្ខលំបាករួមជាមួយព្រះអង្គដែរ។
    សនៈ យ៉ូហាន ម៉ារីរិយ៉ាណេ

សូមកោតសរសើរព្រះបិតា

– បពិត្រព្រះបិតាដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានឫទ្ធានុភាពសព្វប្រការ មានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប!

  • កូនសូមលើកតម្កើងព្រះអង្គ សូមកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ សូមលើកតម្កើងព្រះអង្គរួមជាមួយសត្វលោកទាំងឡាយ
    ដែលកើតមក។
    – កូនសូមលើកតម្កើងព្រះបិតា ដែលប្រទានបងសុរិយាដ៏ល្អប្រសើរ ឱ្យបញ្ចេញរស្មីភ្លឺថ្លាដ៏ចិញ្ចាចចិញ្ចែងរុងរឿង។
  • សូមលើកតម្កើងព្រះបិតា ដែលប្រទានបងចន្ទ្រា និងបងតារាទាំងឡាយឱ្យភ្លឺនៅពេលយប់។
    – សូមលើកតម្កើងព្រះបិតា ដែលប្រទានបងវាយោ និងបងពពកដ៏ត្រជាក់ត្រជុំ។
  • សូមលើកតម្កើងព្រះបិតា ដែលប្រទានបងគង្គា ដែលមានប្រយោជន៍ និងមានតម្លៃដ៏ពិសេស។
  • សូមលើកតម្កើងព្រះបិតា ដែលប្រទានបងអគ្គី មកបំភ្លឺភាពងងឹតអន្និកា។
  • សូមលើកតម្កើងព្រះបិតា ដែលប្រទានឱ្យបងប្អូនអត់ទោសដល់គ្នា ព្រោះខ្លួនស្រឡាញ់ព្រះអង្គ។
  • សូមលើកតម្កើងព្រះបិតាដែលប្រទានបងមច្ចុរាជ។
  • សូមសត្វលោកទាំងឡាយលើកតម្កើងព្រះបិតា សូមដាក់ខ្លួនបម្រើព្រះអង្គដោយចិត្តស្មោះ។
    សនៈ ហ្វ្រង់ស្វ័រ នៅអាស៊ីសី

កូនសូមលះបង់ខ្លួនថ្វាយព្រះអង្គ

  • ឱ! ព្រះបិតាអើយ! កូនសូមលះបង់ខ្លួនថ្វាយព្រះអង្គ កូនក៏សូមធ្វើជីវិតទាំងស្រុងលើព្រះអង្គដែរ។
  • ឱ! ព្រះបិតាអើយ! សូមព្រះអង្គប្រព្រឹត្តចំពោះកូនតាមព្រះហឫទ័យព្រះអង្គ ព្រះអង្គប្រព្រឹត្តអ្វីក៏បានដែរ កូនសូមអរព្រះគុណព្រះអង្គជានិច្ច។
  • កូនសូមអរព្រះគុណព្រះអង្គចំពោះអ្វីៗទាំងអស់ កូនក៏សូមត្រៀមខ្លួននឹងធ្វើអ្វីៗគ្រប់យ៉ាងដែរ ។ កូនក៏យល់ព្រមនឹងអ្វីៗទាំងអស់ជានិច្ច ឱ្យតែព្រះអង្គសម្រេចព្រះហឫទ័យ ។ កូនមិនចង់បានអ្វីក្រៅពីឱ្យគាប់ព្រះហឫទ័យព្រះអង្គទេ កូនសូមប្រគល់ខ្លួទាំងស្រុងទៅក្នុងព្រះហស្ថព្រះអង្គ។
    • កូនសូមថ្វាយខ្លួនដោយស្មោះអស់ពីដួងចិត្ដ ព្រោះកូនស្រឡាញ់ព្រះអង្គ ហើយព្រោះតែសេចក្តីស្រឡាញ់នោះ កូនត្រូវតែប្រគល់ខ្លួនទាំងស្រុងលើព្រះអង្គ និងផ្ញើជីវិតកូននៅក្នុងព្រះហស្ថព្រះអង្គ ដោយគ្មានស្ទាក់ស្ទើរ។
  • កូនសូមប្រគល់ខ្លួនកូនទៅក្នុងព្រះហស្ថព្រះអង្គ ដោយផ្ញើជីវិតទាំងស្រុងលើព្រះអង្គ ព្រោះព្រះអង្គជាព្រះបិតារបស់កូន។

ព្រះគ្រីស្តបន្ទាបព្រះកាយ និងទទួលសិរីរុងរឿង

  • ព្រះគ្រីស្តមានឋានៈជាព្រះជាម្ចាស់ ព្រះអង្គពុំបានក្ដោបក្ដាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាអ្នកបម្រើ។
  • ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
  • ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ទាំងនៅលើមេឃ ទាំងនៅលើផែនដីទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
    តាមភីលីព ២

សូមកោតសរសើរព្រះយេស៊ូគ្រីស្ត

ឱ ព្រះយេស៊ូអើយ! ព្រះអង្គជាតំណាងរបស់ព្រះបិតាដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានសូនមក
ដ្បិតព្រះជាម្ចាស់បានធ្វើអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងអារក្ខ អ្នកតា ទេវតាព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
ឱ ព្រះយេស៊ូអើយ! ព្រះអង្គមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏ស្ថិតនៅរួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះសហគមន៍ដែលជាព្រះកាយរបស់ព្រះអង្គ។

ឱ ព្រះយេស៊ូគ្រីស្តអើយ! ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់ក្នុងចំណោយមនុស្សស្លាប់។ ព្រះអង្គមានព្រះជន្មមុនគេដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតក្នុងព្រះគ្រីស្ត។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
ព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។
តាមកូឡូស១

ចូរនឹកដល់ព្រះយេស៊ូគ្រីស្ត

– ចូរនឹកដល់ព្រះយេស៊ូគ្រីស្ត ដែលព្រះបិតាលើកឡើងទៅគង់ខាងស្តាំព្រះអង្គ ព្រះអង្គជាប់ព្រះញាតិវង្សព្រះបាទដាវីឌ។

  • ប្រសិនបើយើងស្លាប់ជាមួយព្រះអង្គ យើងក៏មានជីវិតរស់រួមជាមួយព្រះអង្គដែរ។
    • ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។
  • ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។
    • ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គមិនអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។
      ២ ធម ២

ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ

បន្ទរ៖ ព្រះយេស៊ូ សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ។ ព្រះយេស៊ូមិនដែលបោះបង់អស់អ្នកដែលកើតទុក្ខឡើយ។ (បន្ទរ)
ព្រះយេស៊ូស្តាប់បង្គាប់ព្រះបិតា រហូតសោយទិវង្គត ។ (បន្ទរ)
ព្រះយេស៊ូត្រូវគេចាក់ទម្លុះព្រះឱរ៉ា និងព្រះហស្តរបស់ព្រះអង្គ ។ (បន្ទរ)
ព្រះយេស៊ូជាព្រះបុត្រា និងជាសិរីរុងរឿងនៃព្រះបិតា ។ (បន្ទរ)

ចូរនឹកដល់ព្រះយេស៊ូគ្រីស្ត

*បន្ទរ ក្រោយឃ្លានីមួយៗ៖ សូមអាណិតអាសូរយើងខ្ញុំ ឬ យើងខ្ញុំកោតសរសើរព្រះយេស៊ូ។

-ព្រះយេស៊ូគ្រីស្ត ជាសិរីរុងរឿងនៃព្រះបិតា – ព្រះយេស៊ូគ្រីស្ត ជាពន្លឺបំភ្លឺជីវិតយើងខ្ញុំ – ព្រះយេស៊ូគ្រីស្ត ជាព្រះបុតាព្រះនាងព្រហ្មចារិនីម៉ារី – ព្រះយេស៊ូគ្រីស្ត មានឫទ្ធានុភាពដ៏មហិមា – ព្រះយេស៊ូគ្រីស្ត មានព្រះហឫទ័យអត់ធ្មត់ក្រៃលែង – ព្រះយេស៊ូគ្រីស្ត ស្រឡាញ់អ្នកមានចិត្តមេត្តាករុណា – ព្រះយេស៊ូគ្រីស្ត ស្រឡាញ់យើងខ្ញុំ – ព្រះយេស៊ូគ្រីស្ត ប្រទានសុខសន្តិភាព – ព្រះយេស៊ូគ្រីស្ត ជាគំរូនៃអំពើល្អទាំងឡាយ – ព្រះយេស៊ូគ្រីស្ត ស្រឡាញ់មនុស្សទាំងអស់ – ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង – ព្រះយេស៊ូគ្រីស្ត ជាទីពឹងពាក់នៃយើង – ព្រះយេស៊ូគ្រីស្តប្រោសប្រណីអស់អ្នកកម្សត់ទុគ៌តទាំងឡាយ – ព្រះយេស៊ូគ្រីស្ត មានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង – ព្រះយេស៊ូគ្រីស្ត ជាមាគ៌ា និងជាអាយុជីវិតយើង – ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃបុព្វបុរសទាំងឡាយ – ព្រះយេស៊ូគ្រីស្ត ប្រទានឱ្យចិត្តមនុស្សបានបរិសុទ្ឋ – ព្រះយេស៊ូគ្រីស្ត ជាអំណរសប្បាយនៃមរណបុគ្គល – ព្រះយេស៊ូគ្រីស្ត មេត្តាករុណា អាណិតអាសូរយើង – ព្រះយេស៊ូគ្រីស្ត ជាកម្លាំងរបស់យើង – ព្រះយេស៊ូគ្រីស្ត ជាគង្វាលដ៏សប្បុរសនៃមនុស្សទាំងឡាយ។ *****

សូមលើកតម្កើងព្រះកាយព្រះគ្រីស្ត

  • ចូរយើងគ្រប់គ្នាឱនកាយក្រាបថ្វាយបង្គំ អគ្គសញ្ញាពិសិដ្ឋថ្លៃថ្លាឧត្តម គឺព្រះកាយានៃព្រះយេស៊ូ
    ទ្រង់ចងសម្ពន្ធនៃមេត្រីថ្មី ទោះបីជាភ្នែកយើងមើលមិនឃើញ តែយើងជឿពិត ថាទ្រង់គង់នៅទីនេះ។
  • ចូរយើងថ្លែងឡើងសរសើរតម្កើងព្រះម្ចាស់ គឺព្រះបិតា និងព្រះបុត្រាវិសេស ទាំងព្រះវិញ្ញាណជាព្រះត្រៃឯក ទ្រង់មានសិរីរុងរឿងថ្លាថ្លៃ តេជានុភាពពេញទាំងមេឃដី វិសុទ្ឋអស់កាលជាអង្វែងតរៀងទៅ។ សូមលើកតម្កើងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ជាភាសាឡាតាំង
    Tantum ergo sacraméntum venerémur cérnui,
    et antiquum documéntum novo cedat ritui,
    praestet fides suppleméntum sénsuum deféctui. Genitóri Genitóque laus et iubilátio,
    salus, honor, virtus quoque sit et benedictio.
    procedénti ab utroque comper sit laudário. Amen.

សូមថ្វាយបង្គំអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត

  • បពិត្រព្រះបិតា! ដោយអគ្គសញ្ញាអរព្រះគុណ ព្រះអង្គបានប្រោសឱ្យកូនទាំងឡាយរួបរួមជាមួយព្រះបុត្រាដែលបានបូជាព្រះជន្ម និងទទួលព្រះជន្មថ្មី ។
  • សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យគ្រីស្តបរិស័ទទាំងឡាយ រួមជាព្រះកាយតែមួយដែលជាព្រះសហគមន៍ ដើម្បីធ្វើជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្រឡាញ់មនុស្សលោកពិតប្រាកដមែន។

យើងលើកតម្កើងព្រះបិតា

បពិត្រព្រះបិតាជីវិសុទ្ឋ នៅពិធីជប់លៀងចុងក្រោយបំផុត ព្រះយេស៊ូបានបូជាព្រះជន្មថ្វាយព្រះអង្គ ទុកជាកូនចៀមដ៏ឥតសៅហ្មង។
ពេលកូនទាំងអស់គ្នាចូលរួមថ្វាយសក្ការបូជានេះ ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យកូនទាំងអស់គ្នា ជាសញ្ញាសម្គាល់បញ្ជាក់ថា មនុស្សគ្រប់គ្នាអាចចូលរួមក្នុងមហាគ្រួសារតែមួយ ។

សូមលើកតម្កើងព្រះអម្ចាស់

បពិត្រព្រះយេស៊ូជាអម្ចាស់! គេឆ្កាងព្រះអង្គមានទឹក និងព្រះលោហិតហូរមកតាមស្នាមរបួស។ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ ពាក្យអង្វររបស់ព្រះសហគមន៍ ជាព្រះមហេសីរបស់ព្រះអង្គ។
បន្ទរ៖ សូមអាណិតអាសូរយើងខ្ញុំ។
ព្រះយេស៊ូ ដែលស្តាប់បង្គាប់ព្រះបិតារហូតដល់សោយទិវង្គត គេយកលំពែងចាក់ទម្លុះព្រះឱរ៉ា ហើយរំព្រះសពនឹងសំពត់ស្នប (បន្ទរ)
ព្រះយេស៊ូ ជាផ្លូវរបស់អស់អ្នកវង្វេង ព្រះអង្គប្រទានព្រះជន្មព្រះបិតាឱ្យយើង (បន្ទរ)
ព្រះយេស៊ូ ជាសេចក្តីសុខសាន្ត និងជាស្ពានមេត្រីរបស់យើង ព្រះអង្គដកបន្ទុកពីអ្នកបាប (បន្ទរ)
ព្រះយេស៊ូ ជាមិត្ដសម្លាញ់របស់មនុស្សទាំងអស់ ព្រះអង្គជារៀមច្បងរបស់អ្នកក្រីក្រ (បន្ទរ)
ព្រះយេស៊ូ ជាព្រះវិហារដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រះអង្គជាទ្វារចូលស្ថានបរមសុខ (បន្ទរ)

ព្រះអម្ចាស់យេស៊ូ ផ្តល់ជីវិតឱ្យយើង

បន្ទរ៖ សូមលើកតម្កើងព្រះកាយនិងព្រះលោហិត។ ព្រះគ្រីស្ត សូមឱ្យយើងអរព្រះគុណនិងនឹករឭកដល់ព្រះអង្គ។
– សូមប្រោសឱ្យយើងខ្ញុំរក្សាជំនឿ និងចូលរួមក្នុងពិធីដ៏អស្ចារ្យរបស់ព្រះអង្គផង។ (បន្ទរ) ព្រះគ្រីស្ត ជាមហាបូជាចារ្យ រួមជាមួយព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
– សូមប្រោសឱ្យអ្នកបម្រើពិធីបុណ្យបានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ) ព្រះគ្រីស្ត ប្រោសឱ្យអស់អ្នកចូលរួមថ្វាយអភិបូជា
ចូលក្នុងព្រះកាយតែមួយរបស់ព្រះអង្គ។
– សូមឱ្យយើងខ្ញុំរួមគ្នាជាធ្លុងតែមួយផង។ (បន្ទរ) ព្រះគ្រីស្តជាអាហារមកពីព្រះបិតាប្រោសឱ្យយើងជាសះស្បើយ។
– សូមឱ្យយើងខ្ញុំបានសេចក្តីសុខសាន្តទាំងខាងរូបកាយ ទាំងខាងវិញ្ញាណផង។ (បន្ទរ) ព្រះគ្រីស្ត សូមឱ្យយើងទទួលព្រះកាយនិងប្រកាសអំពីព្រះអង្គដែលសោយទិវង្គតនិងទទួលព្រះជន្មថ្មីដ៏រុងរឿង។
– សូមឱ្យយើងខ្ញុំទទួលជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)

សូមកោតសរសើរ

សូមកោតសរសើរព្រះបិតាជាព្រះជាម្ចាស់! សូមកោតសរសើរព្រះនាមព្រះអង្គ!
សូមកោតសរសើរព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដដែរ!
សូមកោតសរសើរព្រះនាមព្រះយេស៊ូ!
សូមកោតសរសើរព្រះហឫទ័យដ៏វិសុទ្ធរបស់ព្រះអង្គ!
សូមកោតសរសើរព្រះលោហិតដ៏វិសុទ្ធរបស់ព្រះអង្គ!
សូមកោតសរសើរព្រះយេស៊ូដែលគង់នៅជាមួយយើង តាមអគ្គសញ្ញាដ៏វិសុទ្ឋ!
សូមកោតសរសើរព្រះវិញ្ញាណដ៏វិសុទ្ឋដែលលួងលោមចិត្តយើង
សូមកោតសរសើរសន្តីព្រហ្មចារីម៉ារីជាព្រះមាតាព្រះយេស៊ូ!
សូមកោតសរសើរសន្តីម៉ារីដ៏និមលគ្មានជំពាក់បាប!
សូមកោតសរសើរសន្តីម៉ារីយាងឡើងស្ថានបរមសុខ!
សូមកោតសរសើរសន្តយ៉ូសែបជាស្វាមីព្រះនាងម៉ារី! សូមកោតសរសើរព្រះជាម្ចាស់ ដែលប្រោសឱ្យមានទេវទូត និងសន្តបុគ្គលទាំងឡាយ ។

សូមយាងមក ឱ! ព្រះវិញ្ញាណ

ឱ! ព្រះវិញ្ញាណ សូមយាងមក ឱ្យយើងពោរពេញ ដោយភ្លើងនៃក្តីស្រឡាញ់! ឱ! ព្រះវិញ្ញាណ សូមយាងមកៗ។

ភ្លើងនៃក្តីស្រឡាញ់

ភ្លើង! ភ្លើង! ភ្លើង!
នៃក្តីស្រឡាញ់មកសណ្ឋិតលើពួកយើង
ឱ្យពួកយើងពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ឋ។
បន្ទរ៖ ឱ! ព្រះយេស៊ូគ្រីស្តអើយ! ប្រទានភ្លើងឱ្យយើងខ្ញុំ
ឱ! ព្រះយេស៊ូគ្រីស្តអើយ! ប្រទានភ្លើងក្នុងចិត្តយើងខ្ញុំ។

សូមអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ

សូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណជីវិសុទ្ធ! អាម៉ែន។

  • បពិត្រព្រះបិតា! សូមប្រោសប្រទានព្រះវិញ្ញាណមកបំភ្លឺយើងខ្ញុំ ឱ្យប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហឫទ័យព្រះអង្គ និងឱ្យយើងខ្ញុំមានអំណរតរៀងទៅ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមអង្វរព្រះវិញ្ញាណ បទពាក្យ ៧

ឱ! ព្រះវិញាណព្រះបវរសូមយាងកុះករក្នុងដួងចិត្ត
សូមចាត់ពន្លឺរស្មីពិតឱ្យមកតាំងស្ថិតលើអស់យើង
ឱ! ព្រះបិតាអ្នកកម្សត់ ក្រីក្រទុគ៌តបិតាថ្កើង
យាងមកប្រទានកុំបីឆ្មើង អំណោយតិចច្រើនកូនទទួល
សូមយាងមកបំភ្លឺគំនិតបំភ្លឺដួងចិត្តកុំឱ្យជ្រួល
ទប់ឱ្យនឹងនមិនរំជួលរស់នៅសុខស្រួលក្នុងអំណោយ
ព្រះអង្គលួងលោមដួងចិត្តខ្ញុំទ្រង់គង់សំងំមិនមែនខ្សោយ
ព្រះអង្គជាម្លប់ពីមុខក្រោយត្រជាក់ត្រជុំពេលខ្ញុំហត់
ព្រះអង្គប្រទានឱ្យសម្រាកកុំឱ្យលំបាកហួសកំណត់
ក្តៅហួតក្តៅហែងហេវកម្សត់ព្រះអង្គជាផ្លិតបក់ត្រជាក់
កាលណាយើងខ្ញុំកើតទុក្ខព្រួយព្រះអង្គលើកស្ទួយមិនស្ទើរស្នាក់
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យក្សឥតបីមានញាក់ស្លុតរន្ធត់
ឱ! ពន្លឺភ្លឺចែងត្រចះត្រចង់ឥតខ្វះមិនរលត់
យាងមកបំភ្លឺនិងបំពត់អ្នកជឿសង្ឃឹមលើព្រះអង្គ
កុំតែព្រះអង្គយាងមកប្រោសយាងមកសន្តោសគ្មានបង្អង់
កុំអីមនុស្សលោកគ្មានផ្លូវត្រង់គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ
កិច្ចការទាំងអស់ដែលគេធ្វើជំពាក់បាបស្ទើរពុំដែលស្បើយ
សូមទ្រង់យាងមកលាងឱ្យហើយអ្វីៗក្រខ្វក់ចេញឱ្យអស់
១០សូមទ្រង់ស្រោចលើចិត្តហែងហួតកុំឱ្យក្រៀមស្ងួតសោះកក្រោះ
និងចិត្តដែលមានស្នាមរបួសឱ្យមានសម្រស់ស្រស់បំព្រង
១១សូមបន្ទន់ចិត្តកាយវាចាកុំឱ្យឫស្យាមានសៅហ្មង
សូមប្រទានតាមព្រះបំណងហឫទ័យថ្លាយង់កុំខានណា
១២សូមតម្រង់ចិត្តកោងវេរវៀចចិត្តខូចកាចកៀចដោយហិង្សា
ខន្តីអំណត់តាមមាគ៌ាតាមចិត្តប្រាថ្នាហឫទ័យត្រង់
សូមទ្រង់ប្រទានអំណោយសព្វឱ្យមានភពភ័ព្វបែបទំនង
ដល់អ្នកជឿផងតាមបំណងចិត្តជឿលើទ្រង់ជាអម្ចាស់
  • បពិត្រព្រះនាងម៉ារី! កូននឹករឭក និងសូមអរគុណព្រះនាង កូនសូមអរគុណព្រះនាងដែលបានបង្កើត និងចិញ្ចឹមព្រះយេស៊ូ
    គឺព្រះអង្គដែលសោយទិវង្គតដើម្បីយើងទាំងអស់គ្នា។
    • កូននឹករឭកព្រះនាងម៉ារី កូនសូមកោតសរសើរព្រះនាង កូនសូមកោតសរសើរ ដោយព្រះនាងមានជំនឿរឹងមាំ ដោយព្រះនាងអធិដ្ឋានយ៉ាងស្ងៀមស្ងាត់ ដោយព្រះនាងរស់នៅតាមព្រះបន្ទូលព្រះអម្ចាស់។
  • បពិត្រព្រះនាងម៉ារី កូននឹករឭកដល់ព្រះនាង សូមព្រះនាងម៉ារី ជួយឱ្យកូនស្គាល់ព្រះយេស៊ូ ឱ្យកូនស្តាប់ការត្រាស់ហៅរបស់ព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គផង។

សូមពឹងផ្អែកលើព្រះនាងម៉ារី

ឱ! ព្រះនាងព្រហ្មចារិនីម៉ារី ដ៏មានធម៌មេត្តាអើយ តាំងពីដើមរៀងមកពុំដែលឮថា ព្រះនាងបានលះបង់ចោលអ្នកណា
ដែលចូលមកសូមព្រះនាងជួយការពារឡើយ។
ឱ! ព្រះនាងម៉ារី ជាមាតាខ្ញុំអើយ ថ្វីបើខ្ញុំមានបាបច្រើន ក៏ខ្ញុំមានចិត្តសង្ឃឹមយ៉ាងមាំមួន ហើយចូលមកប្រណម្យទៀប
បាទាព្រះនាងដែរ។
ឱ! ព្រះមាតាព្រះយេស៊ូអើយ សូមកុំលះបង់ខ្ញុំឡើយ តែសូមទ្រង់ព្រះមេត្តាសណ្តាប់ពាក្យអង្វររបស់ខ្ញុំ
ដោយព្រះហឫទ័យប្រោសប្រណីផង។

ទេវទូតជូនដំណឹងព្រះនាងម៉ារី

ពេលព្រឹក ពេលថ្ងៃត្រង់ ពេលល្ងាច គ្រីស្តបរិស័ទតែងតែនឹក សញ្ជឹង ដោយរួមគំនិតជាមួយព្រះនាងម៉ារី អំពីព្រះគ្រីស្តប្រសូតមកជាមនុស្ស។
* ព្រះជាម្ចាស់បានចាត់ទេវទូតមកជូនដំណឹងដល់នាងម៉ារី
– នាងម៉ារីមានគភ៌ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ឋ។
– បពិត្រព្រះនាងម៉ារី…
* នាងខ្ញុំជាអ្នកបម្រើព្រះអម្ចាស់
– សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គ។
– បពិត្រព្រះនាងម៉ារី
* ព្រះបុត្រាបានកើតមកជាមនុស្ស
– ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។
– បពិត្រព្រះនាងម៉ារី

  • សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំផង
  • ដើម្បីឱ្យយើងខ្ញុំទទួលជីវិតថ្មីតាមព្រះបន្ទូលសន្យារបស់ព្រះយេស៊ូគ្រីស្ត។

សូមតាំងចិត្តអធិដ្ឋាន៖

  • ឱ! ព្រះជាម្ចាស់យើងខ្ញុំអើយ សូមព្រះអង្គប្រទានព្រះអំណោយទានដ៏ថ្លៃថ្លារបស់ព្រះអង្គ ឱ្យយើងខ្ញុំដែលទទួលដំណឹងពីទេវទូតមកថា ព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ ទ្រង់យាងមកប្រសូតជាមនុស្ស។
    • ដោយព្រះមហាករុណាទិគុណរបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់បានសោយទុក្ខលំបាក និងសោយទិវង្គតឰដ៏ឈើឆ្កាង។
  • សូមព្រះអង្គប្រទានឱ្យយើងខ្ញុំ បានសិរីរុងរឿងជាមួយព្រះយេស៊ូដែលមានព្រះជន្មថ្មី និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។អាម៉ែន។

សម្តេចក្សត្រីនៃស្ថានបរមសុខ

(នៅរដូវបុណ្យចម្លង)

  • សូមកោតសរសើរសម្តេចក្សត្រីនៃស្ថានបរមសុខ ទ្រង់អរសប្បាយឡើង អាលេលូយ៉ា
  • ដ្បិតព្រះយេស៊ូគ្រីស្តជាបុត្រារបស់ព្រះនាង អាលេលូយ៉ា។
  • ព្រះអង្គ រស់ឡើងវិញ តាមព្រះបន្ទូលសន្យា អាលេលូយ៉ា។
  • សូមព្រះនាងជួយអង្វរព្រះជាអម្ចាស់ឱ្យយើងខ្ញុំផង អាលេលូយ៉ា។
  • ឱ! ព្រះនាងម៉ារី សូមសប្បាយរីករាយឡើង អាលេលូយ៉ា
  • ដ្បិតព្រះបុត្រាព្រះនាងទទួលព្រះជន្មជាថ្មី អាលេលូយ៉ា។
    សម្តេចក្សត្រីនៃស្ថានបរមសុខ
    Regína cæli lætáre, allelúia,
    quia quem meruísti portáre, allelúia,
    ressurréxit sicut dixit, alleluia;
    ora pro nobis Deum, allelúia.

សូមតាំងចិត្តអធិដ្ឋាន៖
ឱ ព្រះបិតាអើយ!ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សលោកទាំងអស់
បានអំណរសប្បាយ ដោយសារព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលបានទទួលព្រះជន្មជាថ្មី។
យើងខ្ញុំសូមអង្វរព្រះអង្គតាមរយៈព្រះនាងព្រហ្មចារិនីម៉ារី ជាមាតាព្រះយេស៊ូ សូមព្រះអង្គប្រោសប្រទាន
ឱ្យយើងខ្ញុំបានអំណរសប្បាយនិងមានជីវិតអស់កល្បជានិច្ច រួមជាមួយព្រះយេស៊ូ ជាព្រះអម្ចាស់យើងខ្ញុំ។អាម៉ែន។

អធិដ្ឋានតាមមាលា

  • ពិធីសូត្រផ្តាំ ឬមាលា មានគោលដៅណែនាំគ្រីស្តបរិស័ទ ឱ្យរួមចិត្ត គំនិតជាមួយព្រះនាងម៉ារី ដែលជាគ្រីស្តបរិស័ទគំរូ នាំគ្នានឹកសញ្ជឹង អំពីព្រឹត្តិការណ៍សំខាន់ៗ នៃការសង្គ្រោះ និងនាំគ្នាអធិដ្ឋានផង។
    ១. យើងចាប់ផ្តើម៖
    “សូមថ្វាយបង្គំព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណដ៏វិសុទ្ឋ”។
    ២. យើងអាន ឬសញ្ជឹងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែល
    ព្រះជាម្ចាស់បានប្រព្រឹត្ត ដើម្បីសង្គ្រោះមនុស្សលោក។
    ៣. បន្ទាប់មកសូត្រធម៌ “ឱ ព្រះបិតា” ១ ដង “បពិត្រព្រះនាងម៉ារី”
    ១០ ដង “សូមកោតសរសើរ ១ ដង ។
    ៤. ពេលសូត្រធម៌ទាំងនេះរួច ត្រូវនឹកសញ្ជឹងតទៅព្រឹត្តិការណ៍មួយទៀត។ ព្រឹត្តិការណ៍ទាំងអស់មាន ៤ គឺ៖

I. ព្រឹត្តិការណ៍នាំឱ្យព្រះនាងម៉ារីអរសប្បាយ
1-ព្រះជាម្ចាស់ចាត់ទេវទូតមកជូនដំណឹងដល់ព្រះនាងម៉ារី
2-ព្រះនាងម៉ារីទៅជម្រាបសួរនាងអេលីសាបិត
3- ព្រះនាងម៉ារីប្រសូតព្រះយេស៊ូ
4- ព្រះនាងម៉ារីបីព្រះឱរសយេស៊ូទៅថ្វាយព្រះជាម្ចាស់
5- ព្រះនាងម៉ារីនិងលោកយ៉ូសែបរកឃើញព្រះកុមារយេស៊ូ។

II. ព្រឹត្តិការណ៍នៃព្រះពន្លឺ
1-ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
2- ព្រះយេស៊ូប្រែទឹកឱ្យក្លាយជាស្រា
3-ព្រះយេស៊ូប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
4-ព្រះជាម្ចាស់បង្ហាញសិរីរុងរឿងរបស់ព្រះយេស៊ូ
5-ព្រះយេស៊ូបូជាព្រះជន្មសម្រាប់មនុស្សលោក ។

III. ព្រឹត្តិការណ៍នៃទុក្ខលំបាក
1-ព្រះយេស៊ូស្លុតរន្ធត់នៅក្នុងសួនឧទ្យានកេតសេម៉ានី
2-គេវាយព្រះយេស៊ូនឹងរំពាត់
3-គេបំពាក់មកុដបន្ទាលើព្រះសិរសាព្រះយេស៊ូ
4-គេឆ្កាងព្រះយេស៊ូ
5-ព្រះយេស៊ូសោយទិវង្គត ។

IV. ព្រឹត្តការណ៍នៃសិរីរុងរឿង
1-ព្រះយេស៊ូមានព្រះជន្មជាថ្មី
2-ព្រះយេស៊ូយាងឡើងស្ថានបរមសុខ
3- ព្រះវិញ្ញាណយាងមកសណ្ឋិតលើក្រុមសាវ័ក
4- ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
5-ព្រះជាម្ចាស់ប្រទានសិរីរុងរឿងឱ្យព្រះនាងម៉ារី ។

ព្រះសហគមន៍អធិដ្ឋានរួមជាមួយព្រះនាងម៉ារី

  • បពិត្រព្រះនាងម៉ារី! ព្រះនាងអធិដ្ឋានថា៖ «ព្រះអម្ចាស់បានសម្រេចការអស្ចារ្យចំពោះនាងខ្ញុំ» ពេលនេះព្រះសហគមន៍ទាំងមូលក៏អធិដ្ឋានរួមជាមួយព្រះនាងដែរ។
  • ពិតមែន! ព្រះអង្គបានសម្រេចការអស្ចារ្យ មែន! គឺ ចំពោះព្រះអង្គ អ្នកតូចតាចមានតម្លៃខ្លាំងជាងគេ ហើយព្រះអង្គក៏រំដោះយើងឱ្យរួចពីចំណងនានាដែរ។
  • ព្រះជាម្ចាស់នៃពិភពលោកទាំងមូលបានសម្រេចការអស្ចារ្យមែន! គឺព្រះអង្គប្រោសជីវិតយើងឱ្យទៅជាពន្លឺ បំភ្លឺមនុស្ស
    លោក។
  • ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ មែន! គឺព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះយើង ព្រោះទ្រង់ស្រឡាញ់យើង
  • ព្រះអង្គប្រោសឱ្យយើងចម្រើនឡើង ដោយទ្រង់គង់នៅជាមួយយើងជារៀងរហូតតទៅ។

សូមក្រាបសំពះសម្តេចក្សត្រី ម៉ារី

  • សូមក្រាបសំពះសម្តេចក្សត្រីម៉ារី ជាព្រះមាតាដ៏មានធម៌មេត្តាជាពុំនឹង ហើយជាទីសង្ឃឹមរបស់យើង។ យើងខ្ញុំជាកូនចៅអេវ៉ា នៅនាស្ថានដ៏លំបាកនេះ ស្រែកដង្ហោយហៅព្រះនាង។ កាលណាយើងខ្ញុំលាចាកលោកនេះទៅ សូមព្រះនាងនាំយើងខ្ញុំ ឱ្យបានចូលរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាដ៏ប្រសើររបស់ព្រះនាង។
  • ឱ! ព្រះនាងព្រហ្មចារិនីម៉ារី ដ៏ពោរពេញដោយព្រះហឫទ័យមេត្តាករុណាប្រោសប្រណី និងសុភាពរាបសា សូមជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង ។

ឱ ព្រះបិតាអើយ!
សូមប្រណីសន្តោសកូនផង
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
សូមលើកលែងទោសឱ្យកូនបានរួចពីបាបផង
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាដ៏ទូលំទូលាយ។
ឱ ព្រះបិតាអើយ !
សូមកុំទតមើលអំពើបាបរបស់កូនឡើយ
តែសូមលុបបំបាត់បាបទាំងប៉ុន្មានរបស់កូនវិញ។

ខ្ញុំសូមទទួលសារភាព

ខ្ញុំសូមទទួលសារភាពចំពោះព្រះដ៏មានតេជានុភាពសព្វប្រការ
ហើយចំពោះអស់បងប្អូនផងថា
ខ្ញុំជាអ្នកមានបាបច្រើន ដោយកាយ វាចា ចិត្ត
និងដោយខានប្រព្រឹត្តកិច្ចការរបស់ខ្ញុំ
ទោសខ្ញុំអើយ ទោសខ្ញុំអើយ ទោសខ្ញុំអើយ ធ្ងន់ណាស់។
ហេតុនេះ សូមព្រះនាងព្រហ្មចារិនីម៉ារី អស់ទេវទូត
និង សន្តបុគ្គលទាំងឡាយ ព្រមទាំងអស់បងប្អូន
សូមជួយអង្វរព្រះអម្ចាស់ឱ្យខ្ញុំផង។

កូនសោកស្តាយណាស់

ព្រះជាម្ចាស់ជាព្រះបិតារបស់កូនអើយ! កូនសោកស្តាយណាស់ដោយបានប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះហឫទ័យព្រះអង្គ។
សូមព្រះអង្គទ្រង់មេត្តាលើកលែងទោសឱ្យកូនរួចពីបាបផង សូមប្រទានកម្លាំងឱ្យកូនជៀសវាងអំពើបាបតរៀងទៅ។ អាម៉ែន។

យើងអង្វរជូនអ្នកជំងឺធ្ងន់

ទោះបីគ្រីស្តបរិស័ទមានជំនឿមាំមួនយ៉ាងណាក៏ដោយ ក៏នៅពេលជិតផុតដង្ហើម គេតែងតប់ប្រមល់ ឯបងប្អូនញាតិសន្តាន អ្នកជិតខាង ក៏ព្រួយបារម្ភចំពោះគេវិញដែរ។ ដូច្នេះគ្រីស្តបរិស័ទ គួរតែជួយលើកទឹក ចិត្តអ្នកជិតផុតដង្ហើមកុំខានឱ្យសោះ។ ក្នុងពេលនោះ ប្រសិនបើអាចធ្វើបាន គួរអានអត្ថបទគម្ពីរខ្លីៗ ដូច ខាងក្រោម និងនិយាយពាក្យផ្អែមល្ហែមអំពីឪពុក អំពីម្ដាយ អំពីមិត្តសម្លាញ់ អំពីបងប្អូនដែលចែកស្ថានទៅហើយ ព្រមទាំងអំពីព្រះបិតាដែលចាំទទួលគាត់នៅឯស្ថានបរមសុខ។

  • ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោស​គេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ»។ (យហ ៦, ៥៤-៥៥)
  • ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតានិងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ»។ (យហ ១៤, ២៣)
  • «នៅឯព្រះបិតាខ្ញុំមានដំណាក់ជាច្រើន បើពុំដូច្នេះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នាឡើយ។ ពេលខ្ញុំរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។ (យហ ១៤, ២៩-៤)

ខ្ញុំអង្វរពេលខ្ញុំឈឺធ្ងន់

  • បពិត្រព្រះយេស៊ូជាអម្ចាស់! ខ្ញុំធ្លាក់ខ្លួនឈឺ ខ្ញុំអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដែរ។ ខ្ញុំតប់ប្រមល់ក្នុងចិត្តយ៉ាងខ្លាំង ដ្បិតខ្ញុំមិនដឹងថាខ្លួននឹងទៅជាយ៉ាងណា? ពេលនេះ ដូចអ្នកជំងឺឯទៀតដែរ គឺខ្ញុំព្រួយចិត្តយ៉ាងខ្លាំង។ តែពេលនេះក៏មានបងប្អូនជាច្រើន
    មកចោមរោមលើកទឹកចិត្តខ្ញុំ។ ចំពោះព្រះអង្គវិញ ពេលរងទុក្ខលំបាក បែរជាមានមនុស្សឃោរឃៅមកចោមរោមវាយធ្វើបាប និងប្រមាថព្រះអង្គវិញ។
  • ឱ ព្រះយេស៊ូអើយ! ខ្ញុំមិនអង្វរសូមឱ្យព្រះអង្គប្រទានការអស្ចារ្យណាមួយ ធ្វើឱ្យខ្ញុំបានជាសះស្បើយឡើយ តែខ្ញុំសូមឱ្យខ្លួនខ្ញុំស្ថិតនៅជាប់នឹងព្រះឫទ័យប្រណីសន្តោសរបស់ព្រះអង្គគ្រប់ពេលវេលាវិញ ដើម្បីឱ្យទុក្ខលំបាកទាំងអស់របស់ខ្ញុំបានរួមជាមួយនឹងទុក្ខលំបាករបស់ព្រះអង្គ។
  • បពិត្រព្រះយេស៊ូជាអម្ចាស់ សូមប្រោសឱ្យខ្ញុំឈប់ភ័យខ្លាច សូមព្រះអង្គទទួលយកទុក្ខលំបាកពីខ្ញុំ សូមព្រះអង្គទទួលយកជីវិតរបស់ខ្ញុំ ឱ្យបានរួមក្នុងព្រះជន្មរបស់ព្រះអង្គផង។

យើងអង្វរជូនអ្នកជំងឺ (១)

  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គទតមើលទុក្ខលំបាករបស់យើងខ្ញុំ ហើយសូមព្រះអង្គទទួលយកការឈឺចាប់របស់យើងខ្ញុំផង។
  • សូមព្រះអង្គស្តាប់ពាក្យអង្វររបស់យើងខ្ញុំ ដែលរស់នៅសព្វថ្ងៃនេះ! សូមព្រះអង្គអាណិតអាសូរដល់លោកតា/លោកយាយ/
    មា/មីង/បង/ប្អូន(ឈ្មោះ..ដែលគាត់កំពុងឈឺ(ឈឺអ្វី?) គាត់អស់កម្លាំងយ៉ាងខ្លាំង។ គាត់មានចិត្តជឿសង្ឃឹមលើព្រះអង្គ។ ដោយសារជំនឿនោះ សូមឱ្យគាត់មានចិត្តក្លាហាន មានសេចក្តីសង្ឃឹម ដើម្បីបន្តដំណើរតទៅមុខទៀត។ បពិត្រព្រះយេស៊ូជាអម្ចាស់! សូមអាណិតអាសូរយើងខ្ញុំផង។

យើងអង្វរជូនអ្នកជំងឺ (២)

  • បពិត្រព្រះអម្ចាស់ ជាព្រះបិតានៃយើងខ្ញុំ! ព្រះអង្គមិនលះបង់ចោលសត្វលោកណាមួយដែលព្រះអង្គសូនមក ឱ្យដាច់ចេញពីព្រះហឫទ័យដ៏សប្បុរសរបស់ព្រះអង្គនោះឡើយ! ពេលនេះ សូមព្រះអង្គទតដោយព្រះហឫទ័យអាណិតមេត្តាដល់លោកតា/លោកយាយ/មា/មីង/បង/ប្អូន… (ឈ្មោះ) ដែលកំពុងឈឺ…(ឈឺអ្វី?)នេះផង។
  • សូមព្រះអង្គប្រទានកម្លាំង និងសេចក្តីសង្ឃឹមដល់គាត់។
  • សូមព្រះអង្គប្រោស (ឈ្មោះ) ឱ្យគាត់មានចិត្តនឹងនរផង។
  • សូមព្រះអង្គប្រទានឱ្យគាត់មានចិត្តក្លាហាន និងឱ្យមានសេចក្តីសុខសាន្ត ដោយឱ្យទុក្ខលំបាករបស់គាត់បានរួមជាមួយនឹងទុក្ខលំបាករបស់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ។

ជូនព្រះកាយព្រះគ្រីស្តដល់អ្នកជំងឺ

គ្រីស្តបរិស័ទដែលកាន់ព្រះកាយព្រះគ្រីស្ត គោរពអ្នកជំងឺ និងអ្នកនៅ ជុំវិញខ្លួន តាមរបៀបសាមញ្ញ និងភាតរភាព។

ទាំងអស់គ្នាច្រៀង
“ទីណាមានមេត្តា” ឬ “ព្រះគ្រីស្តជាគង្វាលការពារខ្ញុំ” ឬ “ព្រះជាម្ចាស់ទ្រង់ជាពន្លឺ”។

សូមព្រះជាម្ចាស់រំដោះបាបឱ្យយើងខ្ញុំ

ខ្ញុំសូមទទួលសារភាពចំពោះព្រះដ៏មានតេជានុភាពសព្វប្រការ ហើយចំពោះអស់បងប្អូនផងថា ខ្ញុំជាអ្នកមានបាបច្រើន ដោយកាយ វាចា ចិត្ត និងដោយខានប្រព្រឹត្តកិច្ចការរបស់ខ្ញុំ ទោសខ្ញុំអើយ ទោសខ្ញុំអើយ ទោសខ្ញុំអើយ ធ្ងន់ណាស់។ ហេតុនេះ សូមព្រះនាងព្រហ្មចារិនីម៉ារី អស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ព្រមទាំងអស់បងប្អូន សូមជួយអង្វរព្រះអម្ចាស់ឱ្យខ្ញុំផង។

អ្នកណែនាំអានអត្ថបទព្រះគម្ពីរមួយ នៅទំព័រ ៦៥

ពាក្យអង្វ

ឱ! ព្រះជាម្ចាស់អើយ យើងខ្ញុំសូមអង្វរព្រះអង្គ – សូមប្រោសប្រណីអ្នកជំងឺឈ្មោះ…..និងក្រុមគ្រួសារ – សូមប្រោសប្រណីក្មេងៗ និងអ្នកដែលរងគ្រោះថ្នាក់ – សូមប្រោសប្រណីគ្រូពេទ្យទាំងអស់ – សូមប្រោសប្រណីអស់អ្នកទាំងឡាយដែលរងទុក្ខលំបាក – សូមប្រោសប្រណី …។

ទទួលព្រះកាយព្រះគ្រីស្ត

ដូចព្រះយេស៊ូប្រៀនប្រដៅយើងខ្ញុំ ហើយតាមបញ្ជារបស់ព្រះអង្គ យើងខ្ញុំហ៊ានសូត្រថា៖ “ឱ! ព្រះបិតាយើងខ្ញុំ”

  • នេះជាព្រះកាយព្រះគ្រីស្ត ដែលរំដោះបាបមនុស្សលោកីយ៍ អស់អ្នកដែលព្រះជាម្ចាស់អញ្ជើញឱ្យរួមក្នុងពិធីជប់លៀងនេះ ពេលចុងក្រោយបំផុតនៅស្ថានបរមសុខពិតជាបានសុភមង្គល។
  • ឱ! ព្រះអម្ចាស់អើយ ខ្ញុំមិនសមនឹងទទួលព្រះអង្គទេ តែសូមព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្ឋមក នោះខ្ញុំនឹងបានជាសះស្បើយ។ (ជូនព្រះកាយព្រះគ្រីស្ត)
  • ព្រះកាយព្រះគ្រីស្ត
  • អាម៉ែន។ (នៅស្ងៀមស្ងាត់បន្តិច)

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

  • ឱ! ព្រះបិតាជាព្រះជីវិសុទ្ធប្រកបដោយតេជានុភាពសព្វប្រការ ដោយសារបង/ប្អូន…បានទទួលព្រះកាយព្រះលោហិតព្រះយេស៊ូគ្រីស្ត ដែលសោយរាជ្យអស់កល្បជានិច្ច យើងខ្ញុំសូមអង្វរព្រះអង្គ សូមឱ្យបង/ប្អូន…បានជាសះស្បើយជារៀងរហូត អាម៉ែន ។
  • ច្រៀង៖ អស់មួយជីវិត។

ពាក្យអង្វរក្នុងបុណ្យសព (១)

ឱ! ព្រះបិតាជាអម្ចាស់យើងខ្ញុំ សូមទ្រង់ព្រះមេត្តាទទួលវិញ្ញាណក្ខន្ធ (បង/ប្អូន/មា/មីង ឈ្មោះ) ដែលទើបនឹងចែកឋានអម្បាញ់មិញនេះ
សូមឱ្យគាត់បានពោរពេញដោយអំណរសប្បាយនៅឯស្ថានបរមសុខរួមជាមួយព្រះអង្គផង ទោះបីគាត់បានប្រព្រឹត្តអំពើបាយ៉ាងណាក្តី
ក៏សូមទ្រង់ព្រះមេត្តាលើកលែងទោសឱ្យគាត់រួចពីបាប តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលុបរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

ពាក្យអង្វរក្នុងបុណ្យសព (២)

ឱ ព្រះបិតាជាអម្ចាស់ ! យើងខ្ញុំសូមផ្ញើជីវិតបង/ប្អូន/តា/យាយ(ឈ្មោះ) របស់ខ្ញុំ ដែលបានទទួលមរណភាពនេះ ទៅព្រះអង្គដោយមាន
ចិត្តសង្ឃឹមថា អស់អ្នកដែលបានជឿលើព្រះគ្រីស្តនឹងបានសម្រាកដោយសុខសាន្ត ហើយនឹងមានជីវិតដ៏រុងរឿងផង ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ និងប្រោសប្រទានយើងខ្ញុំនៅថ្ងៃណាមួយឱ្យរួមរស់ជាមួយបង/ ប្អូន/ តា/ យាយ (ឈ្មោះ) ទាំងរួមជាមួយព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះបិតា តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។

ពាក្យដាស់តឿនគ្រីស្តបរិស័ទ

អ្នកណែនាំពិធីអាចនិយាយពាក្យខាងក្រោមនេះ ឬពាក្យផ្សេងក៏បាន៖

  • យើងជាគ្រីស្តបរិស័ទជួបជុំគ្នា ចូលរួមរំលែកទុក្ខលោក/អ្នកស្រី(ឈ្មោះ) ដែល(ឪពុក/ម្តាយ/បង/ប្អូន របស់គាត់) ទើបនឹងទទួលមរណភាព។
  • សូមព្រះបិតាសម្រាលទុក្ខគាត់ និងពង្រឹងជំនឿរបស់គាត់ក្នុងថ្ងៃដ៏សែនព្រួយនេះផង។ យើងក៏សូមព្រះអង្គទទួលវិញ្ញាណក្ខ័ន្ធ (ឈ្មោះ…) ដែលបានចែកស្ថានទៅ ឱ្យបាននៅជាមួយព្រះអង្គ គឺឱ្យបានប្រកបដោយបរមសុខគ្រប់យ៉ាងតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ។
  • យើងខ្ញុំសូមអុជទៀននេះ ទុកជាសញ្ញាសម្គាល់បញ្ជាក់ពីជំនឿរបស់យើងខ្ញុំថា មនុស្សស្លាប់នឹងទទួលជីវិតដ៏រុងរឿងរួមជាមួយព្រះគ្រីស្តអស់កល្បជានិច្ចវិញ ។
    «ឱ!ព្រះបិតា… បពិត្រព្រះនាងម៉ារី… សូមកោតសរសើរ…» (ទំព័រ ៥-៦)

សូមព្រះបិតាការពារកូនទាំងអស់គ្នា

ឱ! ព្រះបិតាអើយ! ក្នុងពេលធ្វើដំណើរនេះ សូមព្រះអង្គមេត្តាណែនាំ និងការពារកូនទាំងអស់គ្នាឱ្យរួចផុតពីឧបទ្រពចង្រៃ ព្រមទាំងគ្រោះកាចទាំងឡាយផង។ អាម៉ែន ។

សូមព្រះបិតាប្រណីសន្តោសយើងខ្ញុំ

  • បពិត្រព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង!
  • សូមព្រះអង្គជូនដំណើរកូនទាំងអស់គ្នាឱ្យបានដល់ទីដៅដោយសេចក្តីសុខសាន្ត។
  • សូមព្រះបិតាការពារកូនទាំងអស់គ្នាកុំឱ្យមានគ្រោះថ្នាក់ កុំឱ្យមានទុក្ខព្រួយអ្វីឡើយ។
  • សូមព្រះអង្គអាណិតអាសូរកូនទាំងអស់គ្នា សូមព្រះអង្គមេត្តាស្តាប់ពាក្យអង្វររបស់កូនទាំងអស់គ្នា។
  • សូមកោតសរសើរព្រះបិតាជាអម្ចាស់ សូមព្រះអង្គប្រទានពរ និងថែរក្សាកូនទាំងអស់គ្នា។
  • សូមព្រះអង្គអាណិតមេត្តា និងប្រណីសន្តោសកូនទាំងអស់គ្នា។
  • សូមព្រះបិតាសម្តែងព្រះហឫទ័យសប្បុរស និងប្រទានឱ្យកូនទាំងអស់គ្នាបានប្រកបដោយសេចក្តីសុខសាន្តផង។

ព្រះជាម្ចាស់ស្រឡាញ់យើង

ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះអង្គគង់ជាមួយយើង នៅទីណាក៏មិនខ្លាច ទៅឆ្ងាយក៏មិនភ័យ ព្រោះព្រះជាម្ចាស់ស្រឡាញ់យើង។

ចូរនាំគ្នាទៅ

ចូរនាំគ្នាទៅគ្រប់ទីកន្លែង ក្នុងពិភពលោកទាំមូល ហើយប្រកាសដំណឹងល្អ ដល់មនុស្សលោកទាំងអស់។

ទីណាមានមេត្តា

ទីណាមានមេត្តា និងក្តីស្រឡាញ់
ទីណាមានមេត្តា ព្រះជាម្ចាស់គង់ជាមួយយើង។

ធម៌ប្រកាសជំនឿរបស់គ្រីស្តទូតទាំងឡាយ

  • ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដីមានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃ និងដី។
  • ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា ហើយជាព្រះអម្ចាស់យើងខ្ញុំ។

ព្រះអង្គមានកំណើត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ឋ ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គសោយទុក្ខលំបាកនៅជំនាន់លោកប៉ុនពីឡាត។ ព្រះអង្គត្រូវគេឆ្កាងសោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។ ព្រះអង្គបានយាងចុះទៅស្ថានក្រោម លុះដល់ថ្ងៃទី ៣ ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។ ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់។

  • ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ឋ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ឋ និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។ ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។ អាម៉ែន ។

ខ្ញុំជឿពិតប្រាកដលើព្រះត្រៃឯក

ឱ! ព្រះជាអម្ចាស់អើយ! ខ្ញុំជឿលើព្រះបិតា
ដែលទ្រង់ស្រឡាញ់អស់មនុស្សទាំងឡាយ។
ខ្ញុំជឿលើព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
ដែលទ្រង់សង្គ្រោះមនុស្សលោក។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលគង់ជាមួយយើងខ្ញុំ
ហើយណែនាំយើងខ្ញុំ ក្នុងព្រះសហគមន៍ព្រះអង្គ។

ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់

ឱ ព្រះជាម្ចាស់អើយ!
ខ្ញុំសង្ឃឹមយ៉ាងមាំលើព្រះអង្គ
ដែលទ្រង់ជួយដឹកនាំការពារខ្ញុំគ្រប់ពេលវេលា
ព្រះអង្គមុខជានឹងប្រទានឱ្យខ្ញុំបានរួមជាមួយព្រះយេស៊ូ
គ្រីស្ត នាថ្ងៃព្រះអង្គយាងមកវិញ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។

ខ្ញុំជឿព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណដ៏វិសុទ្ធ

បន្ទរៈខ្ញុំជឿព្រះជាព្រះបិតា
ព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿព្រះជាព្រះបិតា
ទ្រង់បានបង្កើតមេឃនិងដីទ្រង់ស្រឡាញ់មនុស្សទាំងឡាយ។
ខ្ញុំជឿព្រះជាព្រះបុត្រា
ទ្រង់បានយាងមកក្នុងឋានលោកបានសង្គ្រោះមនុស្សទាំងឡាយ។
ខ្ញុំជឿព្រះជាព្រះវិញ្ញាណ
ទ្រង់គង់នៅជាមួយយើងខ្ញុំនាំយើងខ្ញុំទៅព្រះបិតា។

ធម៌លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានសេចក្តីសុខសាន្តនៅលើផែនដី។ ឱ! ព្រះជាអម្ចាស់ជាស្តេចស្ថានបរមសុខ ឱ! ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
យើងខ្ញុំសូមកោតសរសើរព្រះអង្គ លើកតម្កើងព្រះអង្គ ក្រាបប្រណិប័តន៍ព្រះអង្គ លើកតម្កើងសិរីរុងរឿងព្រះអង្គ អរព្រះគុណព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងដ៏ធំទូលំទូលាយ។ ឱ! ព្រះយេស៊ូគ្រីស្តជាអម្ចាស់ ជាព្រះបុត្រាតែមួយ! ឱ! ព្រះជាអម្ចាស់ ជាកូនចៀមរបស់ព្រះជាម្ចាស់ ជាព្រះបុត្រានៃព្រះបិតា! ព្រះអង្គដែលដកបាបចេញពីពិភពលោក សូមអាណិតអាសូរយើងខ្ញុំ! ព្រះអង្គដែលដកបាបចេញពីពិភពលោក សូមទទួលពាក្យអង្វរយើងខ្ញុំ! ព្រះអង្គដែលគង់ខាងស្តាំព្រះបិតា សូមអាណិតអាសូរយើងខ្ញុំ!
ឱ! ព្រះយេស៊ូគ្រីស្តអើយ! មានតែព្រះអង្គទេជាព្រះដ៏វិសុទ្ឋ ជាព្រះអម្ចាស់ ហើយជាព្រះដ៏ឧត្តមបំផុត ព្រះអង្គរួមជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ឋ ក្នុងសិរីរុងរឿងនៃព្រះបិតា។ អាម៉ែន ។

ឱ! ទេវទូតរបស់ព្រះជាម្ចាស់ជាអ្នកការពារជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ព្រះអង្គបានចាត់លោកឱ្យមកមើលថែខ្ញុំ ។ នៅថ្ងៃនេះ សូមលោកនៅក្បែរខ្ញុំដើម្បីបំភ្លឺ និងការពារខ្ញុំ ដើម្បីគ្រប់គ្រង និងណែនាំខ្ញុំ។ អាម៉ែន។

សូមកោតសរសើរព្រះបិតា

  • បពិត្រព្រះអម្ចាស់ជាព្រះបិតា! កូនសូមកោតសរសើរព្រះប្រាជ្ញាញាណព្រះអង្គ ដែលចាត់ចែងមុខងារផ្សេងៗឱ្យទេវទូត និងឱ្យមនុស្សលោកបំពេញ។ សូមព្រះអង្គថែរក្សាកូនដែលរស់នៅលើផែនដីនេះ។ សូមប្រោសកូនឱ្យយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់របស់ព្រះអង្គក្នុងលោកនេះផង។

*****

ទេវទូតជួយថែរក្សាការពារយើងខ្ញុំ

ឱ! ព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំអើយ! ដោយសារព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ទ្រង់បានចាត់ទេវទូតមកជួយថែរក្សា ជួយការពារយើងខ្ញុំទាំងអស់គ្នា។ សូមឱ្យយើងខ្ញុំបានចូលរួមជាមួយទេវទូត ដើម្បីលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
អាម៉ែន។

ទេវទូតការពារយើងខ្ញុំ

  • បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមទូលព្រះអង្គថា៖ ព្រះអង្គជាជម្រក និងជាកំពែងការពារយើងខ្ញុំ ព្រះអង្គជាព្រះនៃយើងខ្ញុំ យើងខ្ញុំសូមផ្ញើជីវិតលើព្រះអង្គ។
  • ព្រះអម្ចាស់ជាជម្រករបស់យើងខ្ញុំ យើងខ្ញុំបានមកជ្រកកោន ក្រោមម្លប់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ គ្មានទុក្ខវេទនាណាមួយកើតមានដល់យើងខ្ញុំបានឡើយ ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់យើងខ្ញុំបានដែរ ដ្បិតព្រះអម្ចាស់បញ្ជាឱ្យពួកទេវទូតជួយយើងខ្ញុំ។
    • ពួកទេវទូតការពារយើងខ្ញុំ នៅគ្រប់ទីកន្លែងដែលយើងខ្ញុំទៅ។ ទេវទូតទាំងនោះនឹងចាំទ្រយើងខ្ញុំមិនឱ្យជើងយើងខ្ញុំប៉ះទង្គិចនឹងថ្មឡើយ។

សូមព្រះបិតាប្រោសប្រទានឱ្យកូនសាងសន្តិភាព

  • ពេលណាមានមនុស្សកើតទុក្ខព្រួយ ពេលនោះសូមឱ្យកូនជួយគេ ឱ្យមានអំណរសប្បាយ។
  • ពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ពេលនោះ យើងទទួលប្រយោជន៍វិញ។
  • ពេលណាយើងលើកលែងទោសឱ្យអ្នកដទៃ ពេលនោះ ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យយើងវិញ។ ពេលណាយើងបាត់បង់ជីវិតក្នុងលោកនេះ ពេលនោះ យើងនឹងមានជីវិតរស់ឡើងវិញ រួមជាមួយព្រះអង្គជានិច្ច។
  • ទីណាមានមនុស្សស្អប់គ្នា ទីនោះសូមឱ្យកូនផ្តល់សេចក្តីស្រឡាញ់ ។
  • ទីណាមានមនុស្សប្រទូស្តរ៉ាយគ្នា ទីនោះ សូមឱ្យកូនជួយគេ ឱ្យលើកលែងទោសគ្នាទៅវិញទៅមក។
  • ទីណាមានមនុស្សបាក់បែកគ្នា ទីនោះសូមឱ្យកូនជួយគេ ឱ្យស្រុះស្រួលគ្នា។
  • ទីណាមានមនុស្សមន្ទិលសង្ស័យ ទីនោះសូមឱ្យកូនជួយគេឱ្យទុកចិត្តគ្នា។
  • ទីណាមានមនុស្សបាត់ក្តីសង្ឃឹម ទីនោះសូមឱ្យកូនជួយគេ ឱ្យមានសង្ឃឹម។
  • ទីណាមានមនុស្សដើរក្នុងផ្លូវងងឹត ទីនោះសូមឱ្យកូនផ្តល់ពន្លឺ។

សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះសហគមន៍

  • បពិត្រព្រះបិតា! ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសមនុស្សលោកទាំងអស់ឱ្យបានស្គាល់ព្រះអង្គដោយសារព្រះគ្រីស្ត។
  • សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់ព្រះសហគមន៍ ដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។
  • សូមប្រោសព្រះសហគមន៍ក្នុងពិភពលោកទាំងមូលឱ្យកាន់ជំនឿតែមួយយ៉ាងរឹងមាំផង។
  • យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។

ធម៌របស់សន្តៈហ្វ្រង់ស្វ័រនៅអាស៊ីស៊ី

ឱ ព្រះជាអម្ចាស់! សូមឱ្យខ្ញុំយកចិត្តទុកដាក់រំលែកទុក្ខអ្នកឯទៀត ជាជាងឱ្យគេរំលែកទុក្ខខ្ញុំ។
សូមឱ្យខ្ញុំចេះយល់ចិត្តអ្នកឯទៀត ជាជាងឱ្យគេយល់ចិត្តខ្ញុំ។
សូមឱ្យខ្ញុំស្រឡាញ់អ្នកឯទៀត ជាជាងឱ្យគេស្រឡាញ់ខ្ញុំ។
ដ្បិតពេលណាយើងស្ម័គ្រចិត្តបូជាជីវិត ពេលនោះ យើងទទួលជីវិតវិញ។
ដ្បិតពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ពេលនោះ យើងទទួលប្រយោជន៍វិញ។
ដ្បិតពេលណាយើងអត់ទោសឱ្យអ្នកដទៃ ពេលនោះ ព្រះជាអម្ចាស់នឹងលើកលែងទោសឱ្យយើងវិញដែរ។
ដ្បិតពេលណាយើងចាកចេញពីលោកនេះទៅ ពេលនោះ យើងនឹងមានជីវិតរស់អស់កល្បជានិច្ច។

សូមអង្វរព្រះជាម្ចាស់

បន្ទរ៖ កូនសូមស្រែកទូល អស់ពីដួងចិត្ត សូមព្រះអម្ចាស់ ស្តាប់សម្លេងកូន។

  • បពិត្រព្រះបិតាជាព្រះអម្ចាស់! សូមព្រះអង្គអាណិតអាសូរដល់ព្រះសហគមន៍ព្រះអង្គ សូមឱ្យព្រះសហគមន៍រីកចម្រើនឡើងក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
  • សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ទទួលស្គាល់ថា មានតែព្រះបិតាទេដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយព្រះអង្គ។ សូមឱ្យមនុស្សលោកទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ពួកគេផង។
  • សូមព្រះអង្គប្រទានពរឱ្យអស់អ្នកដែលយើងខ្ញុំស្រឡាញ់។សូមណែនាំគេឱ្យបានស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ សូមព្រះអង្គប្រោសប្រណីដល់អស់អ្នកដែលចែកឋាន។ទៅហើយ ឱ្យបានឃើញព្រះភក្ត្រព្រះអង្គផង។
  • សូមទ្រង់មេត្តាប្រោសនៅថ្ងៃណាមួយឱ្យយើងខ្ញុំទទួលសុភមង្គលរួមជាមួយព្រះអង្គផង។

ពាក្យអង្វរសកល

  • បពិត្រព្រះបិតាជាអម្ចាស់ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានចាត់ព្រះយេស៊ូជាព្រះបុត្រាឱ្យយាងមកបំភ្លឺយើងខ្ញុំ។
    បន្ទរ៖ ឱ ព្រះជាម្ចាស់ កូនសូមអង្វរ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យកូនផង ដោយអនុគ្រោះ សូមប្រោសប្រណី។
  • សូមឱ្យពន្លឺព្រះគ្រីស្តនាំឱ្យយើងបានអំណរសប្បាយ ពេញមួយថ្ងៃនេះ។
  • សូមព្រះអង្គបង្ហាញធម៌មេត្តាករុណាក្នុងគ្រប់កិច្ចការទាំងអស់ ដែលយើងខ្ញុំប្រព្រឹត្តនៅថ្ងៃនេះ។
  • សូមឱ្យយើងខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈមនុស្សគ្រប់ៗរូប ដែលយើងខ្ញុំជួបនៅថ្ងៃនេះ។
  • សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំបំពេញការងារបានសមរម្យតាមព្រះហឫទ័យរបស់ព្រះអង្គ។
  • សូមឱ្យយើងខ្ញុំទៅជាអ្នកបម្រើដ៏ស្មោះត្រង់ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំផង។

ព្រះយេស៊ូជាព្រះអម្ចាស់

  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គអាណិតអាសូរអស់បងប្អូនដែលរស់នៅតាមតំបន់ព្រៃភ្នំទាំងឡាយ គឺអស់បងប្អូនដែលរស់នៅតាមកុលសម្ព័ននានាផង។ សូមព្រះអង្គប្រទានឱ្យគេមានអាហារទទួលទានជារៀងរាល់ថ្ងៃ និងសូមឱ្យគេរួបរួមគ្នា ទុកគ្នាជាបងប្អូន។
  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គអាណិតអាសូរអស់បងប្អូនដែលរស់នៅដាច់ស្រយាលតាមតំបន់ឆ្នេរនៃមហាសមុទ្រទាំងឡាយ។ សូមព្រះអង្គប្រទានឱ្យរបរនេសាទរបស់គេបានផលបរិបូណ៌ និងសូមឱ្យគេរួបរួមគ្នាជាធ្លុងតែមួយ និងចេះរាក់ទាក់គ្នាផង។
  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គទតមើលអស់បងប្អូនដែលធ្វើការយ៉ាងហត់នឿយនៅក្រោមកម្ដៅនៃព្រះអាទិត្យ សូមឱ្យគេបានទទួលផលយ៉ាងបរិបូណ៌ពីការងាររបស់គេ ហើយឱ្យគេមានអាហារបរិភោគគ្រប់គ្រាន់ផង។
  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គទតមើលអស់បងប្អូនកម្មករ ពលករទាំងឡាយផង សូមឱ្យពួកគេមានអាហារបរិភោគជារៀងរាល់ថ្ងៃ។
  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គទតមើលអស់បងប្អូនកសិករ សូមឱ្យគេទទួលបានផលកសិកម្មបរិបូណ៌ពេញជង្រុក របស់ខ្លួន។
  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គប្រោសឱ្យមនុស្សទាំងអស់ចេះចែករំលែកភោគផលដែលគេបានទទួលពីព្រះអង្គ
    ដល់ជនខ្វះខាតទាំងឡាយផង ។
  • បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គប្រោសឱ្យប្រជាជននៅនៅទ្វីបអាហ្វ្រិក នៅទ្វីបអូសេអានី នៅទ្វីបអាស៊ី នៅទ្វីបអឺរុប និងនៅនៅទ្វីបអាមេរិក រួមគ្នាក្នុងព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គផង។

សូមព្រះជាម្ចាស់ប្រទានពរដល់អស់លោកអ្នកដឹកនាំ

  • បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គឈ្វេងយល់ចិត្តគំនិតមនុស្សទាំងអស់ ហើយទ្រង់តែងការពារសិទ្ធិសេរីភាពប្រជាជនទាំងឡាយ។
  • សូមទ្រង់ព្រះមេត្តាប្រោសអស់លោកអ្នកដឹកនាំប្រទេសនានា ឱ្យខិតខំស្វែងរកប្រយោជន៍រួម ខិតខំស្វែងរកសន្តិភាព និងស្វែងរកសេចក្តីសុខសាន្តនៅលើផែនដីទាំងមូល។ សូមឱ្យអស់លោកអ្នកគោរពសិទ្ធិសេរីភាពខាងជំនឿរបស់ប្រជាជនទាំងឡាយផង។ អាម៉ែន ។

ធម៌ ឱ! ព្រះបិតា ជាភាសាឡាតាំង

Pater noster, qui es in coelis:
sanctificetur nomen tuum; adveniat regnum tuum;
fiat voluntas tua, sicut in coelis et in terra.
Panem nostrum quotidianum da nobis hodie;
et dimitte nobis debita nostra,
sicut et nos dimittimus debitoribus nostris;
et ne nos inducas in tentationem;
sed libera nos a malo.

ធម៌ បពិត្រព្រះនាងម៉ារី ជាភាសាឡាតាំង

Ave Maria gratia plena,
Dominus tecum,
benedicta tu in mulieribus,
et benedictus fructus ventris tui, lesus.
Sancta Maria mater Dei,
ora pro nobis peccatoribus,
nunc et in hora mortis nostrae. Amen.

សូមកោតសរសើរជាភាសាឡាតាំង

Gloria Patri et Filio et Spiritus Sancto
sicut erat in principio et nunc et semper
et in saecula saeculorum. Amen.

អធិដ្ឋានជានិច្ច
នមស្ការព្រះកាយ
អធិដ្ឋានតាមមាលា
ដំណើរផ្លូវឈើឆ្កាង
ការធ្វើសមាធិ
529 Views

Theme: Overlay by Kaira