ក្រសួងកិច្ចសន្ទនាអន្តរសាសនា

សារលិខិតសម្រាប់បុណ្យវិសាខបូជា ឆ្នាំ២០២៤

គ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ
រួមគ្នាកសាងសន្តិភាពតាមរយៈការសម្រុះសម្រួល និងការអត់ធន់

  • សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ !
  • សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធសាសនិកជាទីមេត្រី!

ពិធីបុណ្យវិសាខបូជា ជាពេលវេលាដ៏វិសេសវិសាលសម្រាប់លោកអ្នក ដែលរំលឹកដល់ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាននៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដែលផ្តល់ឱកាសដ៏ស័ក្តិសមមួយឱ្យយើងខ្ញុំសម្តែងនូវសេចក្តីនឹករលឹកដ៏កក់ក្តៅបំផុតជូនចំពោះបងប្អូនទាំងអស់គ្នា និងរួមគិតពិចារណាជាមួយគ្នាអំពីទំនួលខុសត្រូវរួមរបស់យើងក្នុងនាមជាគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ ក្នុងការលើកកម្ពស់សន្តិភាព ការសម្រុះសម្រួល និងសេចក្តីអត់ធន់ ជាគុណតម្លៃដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណីសាសនារៀងៗខ្លួន។

“ចូរកុំធ្វើសង្គ្រាមម្តងទៀត ចូរកុំធ្វើសង្គ្រាមម្តងទៀត! តែស្វែងរកសន្តិភាព គឺសន្តិភាពដែលត្រូវដឹកនាំជោគវាសនាជាតិសាសន៍ទាំងអស់!” ជាការទទូចសុំដ៏ខ្លាំងរបស់សម្តេចប៉ាប ប៉ូល ទី៦ នៅក្នុងសុន្ទរកថារបស់ព្រះអង្គទៅកាន់អង្គការសហប្រជាជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥។ ការ អង្វរកររបស់សម្តេចប៉ាបនេះតែងត្រូវបានរំលឹកជារឿយៗ នៅក្នុងអង្គប្រជុំអន្តរសាសនាជាច្រើន ក្នុងកំឡុងពេលសព្វថ្ងៃនេះ ដើម្បីថ្កោលទោសចំពោះការបំផ្លិចបំផ្លាញដែលបណ្តាលមកពីសង្គ្រាមនៅទូទាំងពិភពលោក។ យើងសង្កត់ធ្ងន់លើបញ្ហានេះជាច្រើនដងហើយ ប៉ុន្តែការកើនឡើងឥតឈប់ឈរនៃជម្លោះនៅទូទាំងពិភពលោក អំពាវនាវឱ្យយើងយកចិត្តទុកដាក់ជាថ្មីចំពោះការបញ្ចប់ជម្លោះ និងសង្គ្រាម និងការគិតពិចារណាឱ្យកាន់តែស៊ីជម្រៅលើតួនាទីរបស់យើង ក្នុងការជម្នះឧបសគ្គ ដែលកំពុងបាំងផ្លូវនៃការរីកចម្រើនរបស់សន្តិភាព។ បន្ថែមពីលើការអធិដ្ឋាន និងសេចក្តីសង្ឃឹមឥតឈប់ឈររបស់យើង ស្ថានភាពបច្ចុប្បន្ននេះទាមទារឱ្យយើងមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបញ្ចប់នូវការស្អប់ខ្ពើម និងបំណងសងសឹក ដែលនាំទៅដល់សង្គ្រាម។ ដើម្បីព្យាបាលរបួស ដែលសង្គ្រាមបានបង្កដល់មនុស្សជាតិ និងផែនដី ដែលជាលំនៅស្ថានរួមរបស់យើង យើងត្រូវពង្រឹងការប្តេជ្ញាចិត្តក្នុងការរួមគ្នាកសាងសន្តិភាពតាមរយៈការសម្រុះសម្រួល និងសេចក្តីអត់ធន់។

លុះត្រាតែឫសគល់ស៊ីជម្រៅនៃជម្លោះ និងហិង្សាត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ ការរះឡើងនៃសន្តិភាពយូរអង្វែង គ្រាន់តែជាការស្រមើស្រម៉ៃប៉ុណ្ណោះ ព្រោះថាបើគ្មានសមធម៌ និងយុត្តិធម៌ក្នុងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ទេ នោះសន្តិភាព និងការសម្រុះសម្រួលគ្នាមិនអាចកើតឡើងបានឡើយ។ “ការអភ័យទោស និងការសម្រុះសម្រួលមិនមែនមានន័យជាការបំប្លែង ឬបិទបាំងការពិតនោះឡើយ ហើយក៏មិនមែនជាការប្រើពាក្យពេចន៍លួងលោមបិទភ្នែកបិទត្រចៀកនោះទេ។ ការសម្រុះសម្រួលពិតលាតត្រដាងអំពើអាក្រក់ ការរំលោភបំពាន ការឈឺចាប់ ការបន្ទាបបន្ថោក និងសច្ចភាព” (លោកអភិបាលព្រះសហគមន៍អែងគ្លីខិន ដេសមុនដ៍ ទូទូ គ្មានការអភ័យទោស គ្មានអនាគត ២១៨)។

ការបង្រៀនដ៏ថ្លៃថ្នូរនៃសាសនារបស់យើងរៀងៗខ្លួន អរិយបុគ្គល និងសន្តបុគ្គល ដែលយើងគោរពថា ជនគំរូដែលរស់នៅតាមការបង្រៀនដ៏ថ្លៃថ្នូរនោះ ជាសក្ខីភាពចំពោះអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នៃការសម្រុះសម្រួល និងសេចក្តីអត់ធន់។ នៅពេលដែលយើងរកឃើញការអភ័យទោស និងផ្សះផ្សាទំនាក់ទំនង អ្នកដែលបែកបាក់គ្នាត្រូវបានសម្រុះសម្រួល ហើយភាពសុខដុមរមនាត្រូវបានស្ដារឡើងវិញ។ សេចក្តីអត់ធន់ផ្តល់អំណាចដល់បុគ្គល និងសហគមន៍ឱ្យងើបឡើងពីអរិភាព និងស្នាមរបួស ដោយជំរុញសេចក្តីក្លាហាន និងសេចក្តីសង្ឃឹមសម្រាប់អនាគតដ៏ ត្រចះត្រចង់ ព្រោះបានផ្លាស់ប្តូរទាំងជនរងគ្រោះ និងជនបង្កឱ្យនាំទៅរកជីវិតថ្មី។ ការសម្រុះសម្រួល និងសេចក្តីអត់ធន់រួមគ្នាបង្កើតបានកម្លាំងជំរុញដ៏ខ្លាំងក្លា ដែលព្យាបាលរបួសអតីតកាល បង្កើតចំណងដ៏រឹងមាំ និងធ្វើឱ្យយើងប្រឈមមុខនឹងបញ្ហាជីវិតដោយភាពរឹងមាំ និងសុទិដ្ឋិនិយម។

ដូចយើងបានរៀនតាមពិធីបុណ្យ និងការគោរពបូជាតាមប្រពៃណីសាសនារៀងៗខ្លួនរបស់យើង ការសម្រុះសម្រួល និងសេចក្តីអត់ធន់ជាឱសថព្យាបាលវប្បធម៌ហិង្សា។ ជារឿយៗ គេទទួលស្គាល់ថា អំពើហិង្សាជាជម្រើសដ៏គួរឱ្យសោកស្តាយ ក៏ប៉ុន្តែគេតវ៉ាថា អំពើហិង្សាពិតជាចាំបាច់ដើម្បី ឆ្លើយតបចំពោះសកម្មភាពយោធាឈ្លានពាន ឬសកម្មភាពភេរវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការសម្រុះសម្រួល និងសេចក្តីអត់ធន់ផ្តល់កម្លាំងឱ្យយើង ចេះអភ័យទោស និងចេះទទួលយកការអភ័យទោសឱ្យយើងមានសេចក្តីស្រឡាញ់ ហើយមានសេចក្តីសុខក្នុងខ្លួន និងជាមួយអ្នកដទៃ សូម្បីតែអ្នកដែលបានប្រព្រឹត្តខុសចំពោះយើងក្តី។

ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសប្រទាននូវប្រាជ្ញាដ៏វិសេសវិសាលថា៖ «ក្នុងលោកនេះ ពៀរមិនរម្ងាប់ដោយការចងពៀរឡើយ ពៀរតែងរម្ងាប់ដោយចិត្តមេត្តាប៉ុណ្ណោះ នេះជាបវេណីធម៌» (គាថា ធម្មបទ វគ្គ៥)។ ព្រះធម៌នេះស្របនឹងព្រះបន្ទូលរបស់ព្រះយេស៊ូត្រាស់ហៅយើងឱ្យផ្តល់ការអត់ ទោសឱ្យគ្នាទៅវិញទៅមកដោយគ្មានព្រំដែន (ម៉ាថាយ ៦:១៤) ហើយសន្ត ប៉ូល ក៏បានប្រៀនប្រដៅគ្រីស្ដបរិស័ទឱ្យទទួលបេសកកម្មនៃការសម្រុះសម្រួលពីព្រះជាម្ចាស់ក្នុងអង្គព្រះគ្រីស្តផងដែរ (២កូរិនថូស ៥:១១-២១)។

ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជានេះ យើងសូមអនុមោទនាជាមួយពុទ្ធបរិស័ទទាំងឡាយ និងសូមរំលឹកដល់ព្រះឱវាទដ៏វិសេសវិសាលរបស់សម្តេចព្រះមហាឃោសនន្ទ ដែលជាសាក្សីចំពោះភាពភ័យរន្ធត់នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងការបំផុសស្មារតីធម្មយាត្រាសន្តិភាព ដែលដាស់តឿនយើង “ឱ្យដកគ្រាប់មីននៃទោសៈចេញពីក្នុងដួងចិត្តរបស់យើង” (សូមមើល ការអធិដ្ឋាន ដើម្បីសន្តិភាព)។ ដូចគ្នានេះដែរ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ក៏អះអាងចំពោះយើងដែរថា “សំណង និងការសម្រុះសម្រួលនឹងផ្តល់ជីវិតថ្មីដល់យើង ហើយរំដោះយើងទាំងអស់គ្នាឱ្យរួចផុតពីការភ័យខ្លាច” (ភាតរភាព ៧៨)។ ព្រះអង្គទូន្មានដល់អ្នកដែលជាសត្រូវនឹងគ្នាដ៏កាចសាហាវ “ឱ្យរៀនបណ្តុះបណ្តាលការចងចាំដែលទទួលយកអតីតកាល ដើម្បីកុំឱ្យមានវិប្បដិសារីចំពោះបញ្ហា និងផែនការរបស់ពួកគេទៅថ្ងៃខាងមុខ” (ភាតរភាព ២២៦)។ យើងទាំងអស់គ្នាត្រូវបានអំពាវនាវឱ្យស្វែងរកឡើងវិញ និងរក្សាគុណតម្លៃនៅក្នុងប្រពៃណីសាសនាយើងរៀងៗខ្លួន ដើម្បីឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីអរិយបុគ្គលនិងសន្តបុគ្គលដែលបានរក្សាគុណតម្លៃទាំងនេះជាមួយគ្នាដើម្បីកសាងសន្តិភាព។ ហើយពួកយើងរួមដំណើរដោយសេចក្តីប្រកាសក្នុងអធិដ្ឋានទាំងនេះ យើងសូមជូនពរពុទ្ធបរិស័ទទាំងឡាយឱ្យប្រារព្ធពិធីបុណ្យវិសាខបូជាប្រកបដោយផ្លែផ្កា!

បុរីវ៉ាទីកង់, ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤

អគ្គនាយក

លោកកាឌីណាល់ Miguel Ángel Ayuso Guixot, MCCJ

អគ្គលេខាធិការ
លោកអភិបាល Indunil J. Kodithuwakku K.


ក្រសួងកិច្ចសន្ទនាអន្តរសាសនា
DICASTERY FOR INTERRELIGIOUS DIALOGUE

00120 Vatican City
Tel: +39.06.6988 4321
Fax: +39.06.6988 4494
E-mail: dialogo@interrel.va
http://www.pcinterreligious.org

380 Views

Theme: Overlay by Kaira